មន្ត្រី​​ជាន់​ខ្ពស់​​អាមេរិក​​ទាម​ទារ​​ឱ្យ​​រដ្ឋា​ភិបាល​​កម្ពុជា​​ដោះ​លែង​អ្នក​ជាប់​ឃុំ​​ជាង​១០​នា​ក់​

តុលាការ និងច្បាប់ | ទំនាក់ទំនងអន្តរជាតិ | ព័ត៌មានជាតិ | សិទ្ធិមនុស្ស | សេរីភាពបញ្ចេញមតិ | សេរីភាពប្រមូលផ្តុំ
លោក ញឹម សុខន | ១៥ កញ្ញា ២០២០ |ម៉ោង ១៥:១៩
VOD

ក្រុមអ្នកគាំទ្រនិងសាច់ញាតិលោក រ៉ុង ឈុន កាន់បដាពាក្យស្លោកនិងយកញត្តិទៅដាក់នៅស្ថានទូតជប៉ុននិងអាល្លឺម៉ង់ ឱ្យអន្តរាគមន៍ដោះលែងលោក រ៉ុង ឈុន នាព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០។ (ខាន់ លក្ខិណា)

ក្រុមអ្នកគាំទ្រនិងសាច់ញាតិលោក រ៉ុង ឈុន កាន់បដាពាក្យស្លោកនិងយកញត្តិទៅដាក់នៅស្ថានទូតជប៉ុននិងអាល្លឺម៉ង់ ឱ្យអន្តរាគមន៍ដោះលែងលោក រ៉ុង ឈុន នាព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០។ (ខាន់ លក្ខិណា)


​មន្ត្រី​ជាន់ខ្ពស់​ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក ទទូច​ឱ្យ​រដ្ឋាភិបាល​កម្ពុជាដោះលែង​មនុស្ស​ជាង១០នាក់ដែល​បាន​ចាប់​ឃុំខ្លួនកាលពី​ពេល​ថ្មី​ៗនេះ ដោយ​និយាយ​ថា ពួក​គេ​ទាំងនោះ​គ្រាន់តែ​អនុវត្ត​សិទ្ធិ​តប​តាម​រដ្ឋធម្មនុញ្ញ​កម្ពុជា។

ឧបការី​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក​ទទួលបន្ទុក​លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និង​ការងារ លោក Robert A. Destro និយាយ​ក្នុង​បណ្តាញ​សង្គម Twitter របស់​លោក​នៅ​ថ្ងៃទី១៥ ខែកញ្ញា​នេះ​ថា សិទ្ធិ​សម្តែង​មតិនិង​សិទ្ធិ​ជួបជុំ បានការ​ពារ​ដោយ​រដ្ឋធម្មនុញ្ញ​របស់​ប្រទេស​កម្ពុជា។ 

លោក​ថា៖ «សហរដ្ឋអាមេរិកមានការ​ព្រួយបារម្ភ​ជា​ខ្លាំងអំពី​ការ​ចាប់ខ្លួន​អ្នក​អនុវត្ត​សិទ្ធិ​សេរីភាព​ទាំងនេះ ហើយ​យើង​ទទូច​ឱ្យ​រដ្ឋាភិបាល​ [កម្ពុជា​] ដោះលែង​ពួក​គេ​ជាបន្ទាន់និង​អនុញ្ញាត​ឱ្យ​ពួក​គេ​សម្តែង​មតិ»។


ចាប់ពី​ចុងខែ​កក្កដា​មក អ្នក​តវ៉ា​ដោយសន្តិវិធី​សរុប១២នាក់ ត្រូវ​បាន​អាជ្ញាធរ​កម្ពុជា​ចាប់​ឃុំខ្លួន ក្នុង​នោះ​មាន​យុវជន​ខ្មែរ​ថាវរៈ យុវជន​មាតា​ធម្មជាតិ និង​យុវជន​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញ​វន្ត​ខ្មែរ រួម​ទាំង​ព្រះសង្ឃ​មួយ​អង្គ ព្រះនាម កើត សារ៉ាយ។

ការ​ចាប់ខ្លួន​យុវជន​ទាំងនោះ​ជាបន្តបន្ទាប់ បាន​ធ្វើឡើង​ខណៈ​ដែល​ពួក​គេ​បាន​ដាក់​លិខិត​ជូនដំណឹង​ទៅ​រដ្ឋបាល​រាជធានី​ភ្នំពេញ ពី​គម្រោង​ជួបជុំ​តវ៉ានៅ​ទីលាន​ប្រជាធិបតេយ្យ ទាមទារ​ឱ្យ​ដោះលែង​សមាជិក​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក រ៉ុង ឈុន ដែល​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ឃុំខ្លួន​ដោយសារ​និយាយ​រឿង​ព្រំដែន។

មួយវិញទៀត សហរដ្ឋអាមេរិក តាមរយៈ​ស្ថានទូត​របស់​ខ្លួន​ប្រចាំ​កម្ពុជា ក៏បាន​រំឭក​ដែរ​ថា អាមេរិក​គឺជា​ទីផ្សារ​នាំចេញ​ធំជាង​គេ​បំផុត​មួយ​របស់​កម្ពុជា។ ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា បាន​លើកឡើង​ក្នុង​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃម្សិលមិញ​ថា កម្ពុជាបាន​នាំចេញ​ទំនិញ​ទៅកាន់​ទីផ្សារ​សហរដ្ឋអាមេរិក​ក្នុងទឹក​ប្រាក់​ចំនួន​ជិត៥,៤ពាន់​លាន​ដុល្លារក្នុង​ឆ្នាំ២០១៩ ក្នុង​នោះ ទំនិញ​ក្នុង​តម្លៃ​ជិត១ពាន់​លាន​ដុល្លារ ជា​ទំនិញ​សម្រាប់​ការ​ធ្វើដំណើរដែល​រួមមាន កា​បូប​ដៃ វ៉ា​លី និង​កាបូបស្ពាយ ដែល​ត្រូវ​បាន​លើកលែង​ការ​បង់ពន្ធ​គយនៅ​ក្រោម​ប្រព័ន្ធ​អនុគ្រោះ​ទូទៅ​របស់​សហរដ្ឋអាមេរិក។

អាមេរិក​ក៏​លើកឡើង​ដែរ​ថា ក្រុមហ៊ុន​អាមេរិកដែល​ធ្វើការ​វិនិយោគ​នៅ​កម្ពុជា មិន​ត្រឹមតែ​បង្កើត​ឱ្យ​មានការ​ងារ​ធ្វើ ហើយ​នាំមក​នូវ​ផលិតផល​ប្រកបដោយ​គុណភាព​ខ្ពស់​តែប៉ុណ្ណោះ​ទេ តែ​ថែមទាំង​នាំមក​នូវ​តម្លាភាព បទដ្ឋាន​បរិស្ថាន និង​បទដ្ឋាន​ការងារ​ខ្ពស់ ហើយ​ផ្តល់​ត្រឡប់ទៅ​ឱ្យ​សហគមន៍​វិញនូវ​កម្ម​វិ​ធី​ថ្មី​ៗទាក់ទង​នឹង​ការទទួលខុសត្រូវ​របស់​ក្រុមហ៊ុន​ចំពោះ​សង្គម។

អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​កម្ពុជា លោក ជិន ម៉ា​លីន បាន​ច្រានចោល​ដោយ​និយាយ​ថា ការ​ព្រួយបារម្ភ​ដោយ​មិន​មាន​មូលដ្ឋាន​ច្បាប់​ជា​សម្អាង​រឹងមាំ មិន​អាច​ជួយ​ក្រុម​អ្នក​រង​ការចោទប្រកាន់​បានទេ។

លោក​ថា៖ «ជាជាង​ការ​ព្រួយបារម្ភ បើសិនជា​គាត់​មាន​មូលដ្ឋាន​ច្បាប់​រឹងមាំ បញ្ជាក់​ច្បាស់​ថា ​អាហ្នឹង​ជា​ការអនុវត្ត​សិទ្ធិ ហើយ​មិនមែន​ជា​ការប្រព្រឹត្ត​បទល្មើស​ទេ សូម​ឱ្យ​គាត់​ចូលរួម​ក្នុង​នីតិវិធី​តុលាការ ដើម្បី​ការពារ​សិទ្ធិ​ជន​ដែល​ត្រូវ​ចោទ​ទាំងអស់​ហ្នឹង»

ចំណែកអ្នកនាំពាក្យ​គណបក្សប្រជាជន​កម្ពុជា លោក សុខ ឥសាន បាន​ចាត់ទុក​ការ​ទាមទារ​របស់​មន្ត្រី​ជាន់ខ្ពស់​អាមេរិក​រូប​នេះ​ថា គ្រាន់តែ​ជា​សិទ្ធិ​បញ្ចេញមតិ​របស់​មន្ត្រី​រូប​នោះ​តែប៉ុណ្ណោះ គ្មាន​ឥទ្ធិពល​លើ​រដ្ឋាភិបាលនិង​ការអនុវត្ត​ច្បាប់​នៅ​កម្ពុជា​ទេ។

លោក​ថា៖ «វា​មាន​ច្រើន​ផ្នែក អ្នក​ដែល​ប្រកាន់​សច្ចធម៌ ​គេ​ស្វាគមន៍​ការអនុវត្ត​រដ្ឋធម្មនុញ្ញ​របស់​ព្រះរាជាណាចក្រ​កម្ពុជា ក៏ប៉ុន្តែ​អ្នក​ដែល​លម្អៀង​ខាងនយោបាយ កាន់ជើង​ក្រុម​ឧទ្ទាម​ក្រៅច្បាប់ គេ​និយាយ​ថា​ មិន​ត្រឹមត្រូវ»

នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស លោក មឿន តុលា និយាយ​ថា ប្រតិកម្ម​ជាបន្តបន្ទាប់របស់​ឧត្ត​មស្នងការ​អង្គការសហប្រជាជាតិ និង​អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា រួម​ទាំង​សហរដ្ឋអាមេរិក​ផង ជា​សញ្ញា​ព្រួយបារម្ភ​ថា កម្ពុជា​អាច​នឹង​បាត់​បង់ទីផ្សារ​ធំ​មួយទៀត​នៅ​សហរដ្ឋអាមេរិក បើ​លំហ​ប្រជាធិបតេយ្យ​នៅតែ​បន្ត​រួម​តូច។

លោក​ថា៖ «បើសិនជា​កម្ពុជា​យើង មិន​ធ្វើអ្វី​មួយ​ឱ្យ​ប្រសើរ​ពី​ស្ថានភាព​សិទ្ធិមនុស្សនិង​បើក​លំហ​ប្រជាធិបតេយ្យ​ឡើងវិញ​ទេ កម្ពុជា​នឹង​បាត់​ទីផ្សារ​ហ្នឹង​[អាមេរិក​]»

លោក មឿន តុលា បន្ត​ថា ការដែល​សហភាព​អឺរ៉ុបដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ២០ភាគរយ វា​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​មុខមាត់​កម្ពុជា​លើ​ទីផ្សារ​អន្តរជាតិ។

អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ និង​ឧត្តម​ស្នងការ​អង្គការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា បាន​បង្ហាញ​ការ​ព្រួយបារម្ភ​ដូចគ្នា​ទៅ​នឹង​សហរដ្ឋអាមេរិក​ដែរ ដោយ​អំពាវនាវ​ឱ្យ​ដោះលែង​អ្នក​ទាំងនោះ​ជាបន្ទាន់ដោយ​ឥត​លក្ខខណ្ឌ និង​ស្នើ​ឱ្យ​បញ្ឈប់​ការ​បំភិតបំភ័យ​មក​លើ​តួអង្គ​តស៊ូ​មតិ​រឿង​សិទ្ធិមនុស្សនិង​បរិស្ថាន​៕

កម្ពុជាថា UN សន្និដ្ឋានខុសឆ្គងពីបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា

កម្ពុជាចាត់ទុកថាអ្នកនាំពាក្យ​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ ប្រចាំ​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស មានកំហុសឆ្គងក្នុងការធ្វើសេចក្តីសន្និដ្ឋានដែលអាចបណ្តាលឱ្យមានការភាន់ច្រឡំបកស្រាយថា កម្ពុជាមានការរំលោភសិទ្ធិមនុស្ស។


OHCHR អំពាវនាវ​​ដល់​​រដ្ឋា​ភិបាល​​ដោះ​លែង​​អ្នក​ជាប់​ឃុំ​​ជាង​១០​នាក់​​ដោយ​​ឥត​​លក្ខខណ្ឌ​

ការិយាល័យ​ឧត្តម​ស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​នៅ​កម្ពុជា OHCHR អំពាវនាវ​ដល់​រដ្ឋាភិបាល​កម្ពុជា ដោះលែង​អ្នក​ដែល​ត្រូវ​បាន​ឃុំខ្លួន​ជាបន្ទាន់និង​ដោយ​គ្មាន​លក្ខខណ្ឌ និង​ស្នើ​ឱ្យ​បញ្ឈប់​ការ​បំភិតបំភ័យ​ទៅលើ​តួអង្គ​សង្គម​ស៊ីវិល។


អ្នក​ឃ្លាំ​មើល​​សិទ្ធិ​មនុស្ស​​អន្តរ​ជាតិ​​ស្នើ​​អាជ្ញាធរ​​កម្ពុជា​​ឱ្យ​ដោះ​លែង​​ក្រុម​​អ្នក​​តវ៉ា​១៤​នាក់​​ដោយ​​ឥត​​លក្ខ​ខណ្ឌ​

​អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ ស្នើ​ទៅ​អាជ្ញាធរ​កម្ពុជា​ឱ្យ​ទម្លាក់​ចោលការ​ចោទប្រកាន់​ទៅលើ​យុវជននិង​សកម្មជន​បរិស្ថាន១៤រូប​ដែល​ត្រូវ​បាន​ចាប់ខ្លួន​នា​ពេល​ថ្មី​ៗនេះ។


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

3 Responses to "មន្ត្រី​​ជាន់​ខ្ពស់​​អាមេរិក​​ទាម​ទារ​​ឱ្យ​​រដ្ឋា​ភិបាល​​កម្ពុជា​​ដោះ​លែង​អ្នក​ជាប់​ឃុំ​​ជាង​១០​នា​ក់​"

  1. Anonymous says:

    the US have been more patient to HUN SEN regime . my massage to HUN SEN leadership do not felling bad if it come to the time they can not take it anymore. but do not use the word PARACHEY CHAKCRORPORT AMERIKANG that will be your last soon

  2. Anonymous says:

    This country is worse then north korea’ because they said the country is democracy but they do like communist country and never listen to international or the world

  3. so socheath says:

    ក្រុមភេរវកម្ម ដែលច្បាប់មិនត្រូវអត់អោន
    *******
    ការលើកឡើងការគំរាមកំហែងពីការព្យួរការអនុគ្រោះពន្ធ EBA និងការអនុគ្រោះពន្ធនាំទំនិញទៅកាន់សហរដ្ឋអាមេរិក GSP ត្រូវបានអាក្បត់ជាតិសមរង្ស៊ី និងពួកសង្គមស៊ីវិល ដែលតាំងខ្លួនឯងថាជាអ្នកវិភាគសេដ្ឋកិច្ចក្នុងប្រទេស និយាយដោយពាក្យដដែលៗ ថាអាចនឹងប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចកម្ពុជា ។
    ពួកគេថាសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបបានកំណត់លក្ខខណ្ឌឲ្យកម្ពុជាកែសម្រួលនិងស្រោចស្រង់លទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្សនិងសិទ្ធិនយោបាយ រួមទាំងស្វែងរកដំណោះស្រាយជាមួយគណបក្សប្រឆាំងដើម្បីអាចរក្សាការអនុគ្រោះពន្ធ EBA និង GSP ( sic ) មិនដូច្នេះទេ វិស័យពីរនេះក្នុងចំណោមឆ្អឹងខ្នងសេដ្ឋកិច្ចជាតិខ្មែរនឹងទទួលរងការគំរាមកំហែង ហើយដែលកន្លងទៅនេះសមរង្ស៊ី ថាបើមានការព្យូរ EBA សមរង្ស៊ីនឹងបំផុសឲ្យកម្មករងើបតវ៉ាប្រឆាំងនឹងលោក ហ៊ុន សែន។
    ដោយឡែកពួកសង្គមស៊ីវិលអ្នកដែលតាំងខ្លួនឯងថាជាអ្នកវិភាគសេដ្ឋកិច្ច ពួកនេះតែងនិយាយថាការបាត់បង់ EBA អាចនឹងធ្វើឲ្យកម្ពុជាបាត់បង់ជន្ទល់សេដ្ឋកិច្ចបើទោះបីពួកនេះដឹងថា
    រដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពរបស់ខ្លួនដើម្បីចុះញ៉មនឹងការដាក់សម្ពាធសម្រាប់ការព្យួរឬផ្តាច់ EBA នោះទេ។ ដូចនេះ លក្ខខណ្ឌតាមរយះការដាក់សម្ពាធលើកម្ពុជាខាងផ្នែកនយោបាយ ដោយបំពានលើអធិបតេយ្យជាតិកម្ពុជាពី
    សហគមន៍សហភាពអឺរ៉ុប មិនទទួលបានផ្លែផ្កាទេ។
    កម្ពុជាជារដ្ឋអធិបតេយ្យ ដែលមិនអនុញ្ញាត ឲ្យប្រទេសណាមួយមករំលោភបំពានបាន។
    កម្ពុជាពិតជាត្រូវការរស់ ដោយស្មើសិទ្ធិ ស្មើមុខមាត់ ក្នុងកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយប្រទេសទាំងអស់ក្នុងលោកលើគ្រប់វិស័យ ដោយផ្តល់ផលប្រយោជន៍ដោយស្មើភាពចំពោះគ្នាទៅវិញទៅមក ។
    ជានិច្ចកាលជនក្បត់ជាតិសមរង្ស៊ី និងពួកក្រុមដែលតាំងខ្លួនឯងថាជាអ្នកវិភាគសេដ្ឋកិច្ចក្នុងប្រទេស កម្ពុជា ក្រុមសង្គម
    ស៊ីវិល ដែលស្ថិតនៅក្នុងអង្គការសិទ្ធិមនុស្ស អង្គការសិទ្ធិលំនៅដ្ឋាន សមាគមនិងក្រុមសហជីពដែលមាននិន្នការប្រឆាំងរដ្ឋាភិបាល ពួកគេតែងលើកឡើងពីសិទ្ធិសេរីភាព ពីសិទ្ធិមនុស្ស ពីប្រជាធិបតេយ្យមកធ្វើជាត្រីវិស័យក្នុងការនាំមុខ ដើម្បីប្រឆាំងអំណាចរដ្ឋ ដែលជាដែនសមត្ថកិច្ចការពារផលប្រយោជន៍ កាពារសិទ្ធិសេរីភាព ការពារសិទ្ធិមនុស្ស និងការពារប្រជាធិបតេយ្យរបស់ប្រជាពលរដ្ឋ បើទោះបីពួកគេដឹងយ៉ាងច្បាស់ថា លំហរនៃសិទ្ធិសេរីភាព សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ នៅកម្ពុជា គឺមានយ៉ាងពេញបរិបូរណ៍ នឹងកំពុងដំណើរការជានិរន្តក្តី ។
    ប្រជាពលរដ្ឋដែលស្រឡាញ់សុខសន្តិភាព បានមើលឃើញយ៉ាងច្បាស់ពីទង្វើក្បត់ជាតិរបស់សមរង្ស៊ី ក្នុងការដើរសុំអន្តរាគមន៍ឲ្យសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកដកការអនុគ្រោះពន្ធ EBA និង GSPពីកម្ពុជា នឹង សកម្មភាពបែបប្រតិកិរិយារបស់ក្រុមសង្គមស៊ីវិល និង ក្រុមសហជីព ដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាល ទាំងនេះយ៉ាងច្បាស់ ហើយពួកគាត់បានចាត់ទុកក្រុមនេះ ថាគឺជាក្រុមភេរវកម្ម ដែលច្បាប់មិនត្រូវអត់អោន ។
    សកម្មភាពក្រុមសង្គមស៊ីវិល និង ក្រុមសហជីព ដែលពួកប្រតិកិរិយាទាំងអស់នេះបានធ្វើកន្លងមក វាមិនខុសអីពីការធ្វើសកម្មភាពចូលរួមយ៉ាងសកម្មក្នុងចលនានយោបាយដើម្បីកសាងកម្លាំង ដើម្បីត្រៀមកម្លាំង ដើម្បីបង្កើតអង្គការចាត់តាំងខាងនយោបាយខុសច្បាប់ ប៉ុនប៉ងដើម្បីប្រមូលកម្លាំងប្រឆាំងរដ្ឋាភិបាល ផ្ដួលរំលំរដ្ឋាភិបាល ដែលជាអំពើខុសច្បាប់ ខុសគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ ដែលពួកគេបានទន្ទេញជាប់មាត់នោះឡើយ ។
    វាពិតជាមានចលនាវិទ្ធង្សនាជាច្រើនដែលបង្ករឡើងដោយក្រុមសង្គមស៊ីវិលសិទ្ធិមនុស្ស និង ក្រុមសហជីព ដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាល ដែលសូម្បីពួកគេដឹងច្បាស់ថា ការភ័យព្រួយខ្លាចសហភាពអឺរ៉ុបផ្ដាច់ពន្ធអនុគ្រោះEBAនិង GSP ថាប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ វាមិនមែនជាកាតព្វកិច្ចដែលពួកគេត្រូវដោះស្រាយ ដោយហេតុថាកម្ពុជា មិនអាចយកអធិបតេយ្យភាពជាតិ ទៅដោះដូរជាមួយជំនួយក្តី ៕

Leave a Reply

Submit Comment