ក្រសួង​ការងារ​សម្រេច​បញ្ជូន​ទៅ​អន្តរក្រសួង ​នូវ​សេចក្ដីព្រាង​វិសោធនកម្មច្បាប់​ស្ដីពីការងារ​ចំនួន​៣មាត្រា ដែល​នឹង​កាត់​លុយ​កម្មករ​វេន​យប់ និង​លុប​ថ្ងៃ​លើក​ពេល​ឈប់​សម្រាក

ដោយ អាស៊ីសេរី
2020-09-15
RFA

កិច្ចប្រជុំពិភាក្សាការធ្វើវិសោធនកម្មច្បាប់ ស្ដីពី ការងារ មាត្រា១៤៤ មាត្រា​១៦២ និង​មាត្រា៣០០ នៅក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កាលពីថ្ងៃទី១៥ ខែ​កញ្ញា ឆ្នាំ​២០២០។

កិច្ចប្រជុំពិភាក្សាការធ្វើវិសោធនកម្មច្បាប់ ស្ដីពី ការងារ មាត្រា១៤៤ មាត្រា​១៦២ និង​មាត្រា៣០០ នៅក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កាលពីថ្ងៃទី១៥ ខែ​កញ្ញា ឆ្នាំ​២០២០។ ហ្វេសប៊ុកក្រសួងការងារ


ក្រសួង​ការងារសម្រេចបន្ត​នីតិវិធី​​​វិសោធនកម្ម​​ច្បាប់​ស្តីពីការងារ មាត្រា១៤៤ មាត្រា១៦២ និង​មាត្រា៣០០ ដើម្បី​កាត់​លុយ​កម្មករ​វេន​យប់ លុប​ថ្ងៃ​លើក​ពេល​​ឈប់​សម្រាក និងពង្រីក​វិសាលភាព​ដោះស្រាយ​វិវាទ​ការងារ​ទៅ​​ប្រជុំ​អន្តរក្រសួង នៅ​ពេល​ខាងមុខ​ឆាប់ៗ​នេះ។ ក្រុម​សហជីព​ឯករាជ្យ​ មិនគាំទ្រ​សេចក្តី​សម្រេច​របស់​ក្រសួង​ការងារ​នេះ ដោយចាត់​ទុកថា ការកែប្រែ​ច្បាប់​នេះ នឹង​ធ្វើ​ឲ្យ​បាត់បង់​ផលប្រយោជន៍​កម្មករ។

សហជីព​មាន​និន្នាការ​ខាង​រដ្ឋាភិបាល គាំទ្រ​ការសម្រេច​បន្ត​នីតិវិធី​កែប្រែ​ច្បាប់​នេះ ដូច​តំណាង​​ក្រសួង​ការងារ​​ដែរ​ដោយ​យល់​ថា ការ​កែប្រែ​ច្បាប់​នេះ​នឹង​ទាក់ទាញ​អ្នកវិនិយោគ ហើយ​នឹង​ធ្វើ​ឲ្យ​ស្ថានភាព​ការងារ​នៅ​កម្ពុជា​កាន់​តែ​សម្បូរ​បែប។ ប៉ុន្តែ​ក្រុម​សហជីព​ឯករាជ្យ​បាន​ធ្វើ​ពហិការ​កិច្ចប្រជុំ​ និង​សម្ដែង​ការសោក​​ស្ដាយ​ចំពោះ​ការសម្រេច​នេះ​ថា​បាន​ធ្វើ​ឲ្យ​ធ្លាក់​ចុះ​ប្រាក់​ចំណូល​របស់​​កម្មករ។

ប្រធាន​សភា​សម្ព័ន្ធ​សហជីព​ជាតិ​កម្ពុជា និង​ជា​ទីប្រឹក្សា​ក្រសួង​ការងារ លោក សោម អូន ឲ្យ​អាស៊ីសេរី​ដឹង​ថា​ក្នុង​កិច្ចប្រជុំ​យន្តការ​ត្រីភាគី​បូក នៅ​ព្រឹក​ថ្ងៃ​ទី១៥ ខែកញ្ញា ក្រុម​សហជីព​ ដែល​ចូលរួម​កិច្ច​ប្រជុំ និង​តំណាង​ខាង​សមាគម​ថៅកែ​រោងចក្រ ​យល់​​​ថា ជា​រឿង​ប្រសើរ​ចំពោះ​ការ​កែប្រែ​មាត្រា​ទាំង​៣ និង​គាំទ្រ​ឲ្យ​បន្ត​នីតិវិធី​ ដោយ​បញ្ជូន​សំណើ​កែប្រែ​ច្បាប់​នេះ ឲ្យ​ដល់​រដ្ឋសភា។

លោក សោម អូន ពន្យល់​ថា ការ​កាត់​​បន្ថយ​ប្រាក់​ឈ្នួល​វេន​យប់ នឹង​ធ្វើ​ឡើង​ចំពោះ​តែ​រោងចក្រ​ទើប​បើក​ដំណើរ​ការក្រោយ​ច្បាប់​ថ្មី​ចូល​ជា​ធរមាន​ប៉ុណ្ណោះ។ ចំពោះ​រោងចក្រ​កំពុង​ដំណើរការ នឹង​មិន​អនុវត្ត​មាត្រា​ថ្មី​នេះ​ទេ គឺ​ នៅ​តែ​បន្ត​អនុវត្ត​ប្រាក់​ឈ្នួល​វេន​យប់​ ចំនួន​១៣០ភាគរយ​ដដែល។

លោក សោម អូន ថា តាម​ការរកឃើញ​របស់​សហជីព​លោក កម្មករ​ធ្វើការ​វេន​យប់​បច្ចុប្បន្ន ​មាន​តែ​២ភាគរយ​នៃ​កម្មករ​សរុប​ប៉ុណ្ណោះ ដូច្នេះ​ការកែប្រែ​ច្បាប់​ថ្មី មិន​ប៉ះពាល់​ដល់​កម្មករ​ច្រើន​ទេ តែ​បែរ​នឹង​ធ្វើ​ឲ្យ​កម្ពុជា​សម្បូរ​ការងារ​ធ្វើ ដែលជា​ផល​ប្រយោជន៍​សម្រាប់​កម្មករ​ទៅ​វិញ​ទេ។

លោក បន្ត​ថា ចំពោះ​​ការ​កែប្រែ​មាត្រា១៦២ ក្នុង​ការលុប​ថ្ងៃ​លើក​ពេល​ឈប់​សម្រាក​នោះ ក៏​មិន​ប៉ះ​ពាល់​ខ្លាំង​ដែរ ព្រោះ​ក្នុង​មួយឆ្នាំ ការឈប់​ចំ​ថ្ងៃ​អាទិត្យ ឬ​ចំ​ថ្ងៃ​បុណ្យ​ជាតិ​ មាន​ចំនួន​តិចតួច​បំផុត ហើយ​តាម​បណ្ដា​ប្រទេស​ផ្សេងៗ ដែល​សម្បូរ​ការងារ​ធ្វើ​ ក៏​មិន​លើក​ថ្ងៃ​ឈប់​សម្រាក​ដូច​កម្ពុជា​ដែរ។

ដោយ​ឡែក​មាត្រា៣០០ ដែល​គ្រោង​នឹង​កែប្រែ​ដែរ​គឺ​ការ​ពង្រីក​វិសាលភាព​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្ដាល​ក្នុង​ការ​ដោះ​ស្រាយ​វិវាទ​ការងារ​បុគ្គល ដោយ​មិន​បញ្ជូន​ករណី​វិវាទ​ការងារ​បុគ្គល​ទៅ​តុលាការ​ដូច​ពេល​មុន​ទេ។ លោក សោម អូន ថា ការ​កែប្រែ​មាត្រា​នេះ​ក៏​នឹង​ធ្វើ​ឲ្យ​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្ដាល​ ត្រូវ​ធ្វើ​ការ​ងារ​ទាំង​ថ្ងៃ​​ ទាំង​យប់ ដូច​កម្មករ​ដែរ ព្រោះ​វិវាទ​ការងារ​បុគ្គល​ មាន​ច្រើន​។

ទោះ​ជា​យ៉ាងណា លោក​ថា​ក្រុម​សហជីព​ក៏​ស្នើសុំ​​​រដ្ឋមន្ត្រី​ក្រសួង​ការងារ ឲ្យ​ផ្ដល់​អត្ថប្រយោជន៍​មួយ​ចំនួន ភ្ជាប់​ក្នុង​វិសោធនកម្ម​មាត្រា​ទាំង​៣​នេះ​ ដោយ​ផ្ដល់​អត្ថប្រយោជន៍​ឲ្យ​កម្មករ​វេន​យប់​មួយ​ចំនួន ដូចជា​ថ្លៃ​ធ្វើ​ដំណើរ ថ្លៃ​ពិនិត្យ​សុខភាព តម្រូវ​ឲ្យ​មាន​អាហារ​សម្រន់ និង​​ភេសជ្ជៈ​ពេល​យប់​ ជាដើម៖ «ខាង​ក្រសួង​គាត់​ទទួល​យក​ទាំងអស់ នូវ​សំណើ​ភ្ជាប់​របស់​ភាគី​សហជីព​យើង​ហ្នឹង។ គាត់​ភ្ជាប់​យក​ទាំង​អស់ ហើយ​សំខាន់​ យើង​ត្រូវ​មើល​នៅ​ពេល​ចុង​ក្រោយ ដែល​រដ្ឋសភា ព្រឹទ្ធិ​សភា សម្រេច​ចុង​ក្រោយ​ហ្នឹង អា​ហ្នឹង​ទើប​យើង​ដឹង​ថា យ៉ាង​ម្ដេច! ប៉ុន្តែ​ការ​សម្រេច​ចុង​ក្រោយ​ព្រឹក​មិញ​ហ្នឹង ខាង​ក្រសួង​គាត់​ភ្ជាប់​ទៅ ទាំង​អស់ ដើម្បី​ដាក់​ទៅ​កិច្ច​ប្រជុំ​អន្តរ​ក្រសួង។»

ទីប្រឹក្សា​ក្រសួង​ការងារ​រូបនេះ ​សម្ដែង​ការ​​សោកស្ដាយ​ចំពោះ​ក្រុម​សហជីព​មួយ​ចំនួន ដែល​ធ្វើ​ពហិការ​កិច្ច​ប្រជុំ​នេះ។

ឆ្លើយ​តប​ករណី​នេះ ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​​កាត់ដេរ​កម្ពុជា​ ហៅ​កាត់​ស៊ីខៅឌូ​ (C.CAWDU) លោក គង់ អាទិត្យ ដែល​ធ្វើ​ពហិការ​ មិន​ចូលរួម​កិច្ច​ប្រជុំ​នេះ ឲ្យ​ដឹង​ថា ការកែប្រែ​ច្បាប់​ការងារ​បែប​នេះ​នឹង​ធ្វើ​ឲ្យ​កម្មករ​​បាត់បង់​ប្រាក់​ចំណូល ដូច្នេះ​ក្រុម​សហជីព​ឯករាជ្យ​ មិន​ចូលរួម​សកម្ម​ភាព​នេះ​ទេ។ លោក​ថា មិន​ទាន់​មាន​ការសិក្សា​ណាមួយ ដែល​បង្ហាញ​ពី​ភាព​ច្បាស់លាស់​ថា​នៅ​ពេល​កែប្រែ​ច្បាប់​នេះ​រួច ​នឹង​ទាក់ទាញ​វិនិយោគ​បាន​ច្រើន​ប៉ុណ្ណា​ទេ ដូច្នេះ​​ការសន្និដ្ឋាន​ទាំង​ឡាយ ថា ​ការ​កែប្រែ​ច្បាប់ ដើម្បី​ទាក់ទាញ​វិនិយោគ មិន​​ទាន់​ស្ថិត​ក្នុង​ការពិត​ឡើយ។

លោក គង់ អាទិត្យ បន្ត​​ថា ការ​កែប្រែ​ច្បាប់​នេះ នឹង​ផ្ដល់​ផល​លំបាក​​កាន់​តែ​​ខ្លាំង​ ដល់​កម្មករ​​ទាំង​អស់​ ពិសេស​កម្មករ​វេន​យប់ ដែល​ប្រឈម​នឹង​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ។ លោក​ថា បណ្ដុំ​​សហជីព​ឯករាជ្យ កំពុង​រក​វិធី​បន្ត ដើម្បី​បញ្ចុះ​បញ្ចូល​រដ្ឋាភិបាល​​ កុំ​ឲ្យបន្ត​កែប្រែច្បាប់​ដែលកាត់​បន្ថយ​លុយ​កម្មករ​បែប​នេះ៖«ចំពោះ​ការទាយ​ទុក​របស់​គាត់​ថា​មាន​ការងារ​ច្រើន មាន​ការងារ​ច្រើន​ អាហ្នឹង​ជា​រឿង​ការទាយ​ទុក​ពេល​ខាង​មុខ។ យើង​ក៏​មិន​ទាន់​ថា​គាត់​ខុស ក៏​មិន​ទាន់​ថា​គាត់​ត្រូវ​ដែរ។ គ្រាន់​តែ​ជា​ការស្មាន​មើល ព្យាករណ៍​មើល​ទៅ​អនាគត។ អ៊ីចឹង! យើង​មាន​ការ​បារម្ភ​ព្រោះ​យើង​ត្រូវ​រង់ចាំ​រយៈ​ពេល​ប៉ុន្មាន​ ហើយ​តើ​កម្មករ​ត្រូវ​មាន​ប្រយោជន៍​អ្វី ដើម្បី​មក​ប៉ះប៉ូវ​ ដើម្បី​ឲ្យ​គាត់​បាន​រស់​នៅ​សមរម្យ។ និយាយ​ឲ្យ​ចំ យើង​ត្រូវ​ក្រឡេក​មើល ការ​រស់​នៅ​ជា​មូលដ្ឋាន​ថា តើ​ឲ្យ​គាត់​អាច​ផ្គត់ផ្គង់​គ្រួសារ​គាត់​យ៉ាងដូច​ម្ដេច?»

អាស៊ី​សេរី​មិនអាច​សុំ​ការបញ្ជាក់​ពី​អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ លោក ហេង សួរ បាន​ទេ​នៅ​ថ្ងៃ​ទី​១៥ កញ្ញា ដោយ​លោក​មិន​លើក​ទូរស័ព្ទ។ ប៉ុន្តែ​គេហទំព័រ​ក្រសួង​ការងារ ចេញ​ផ្សាយ​នៅ​ថ្ងៃ​ដដែល​ថា​ការកែសម្រួល​អត្រា​ប្រាក់​ឈ្នួល​ការងារ​ពេល​យប់ ដើម្បី​បង្កើត និង​បង្កើន​​ឱកាស​ការងារ ​ឲ្យ​កាន់តែ​សម្បូរណ៍​បែប​ជូន​​ពលរដ្ឋ និង​ដើម្បី​ចូលរួម​ចំណែក​អភិវឌ្ឍ​សេដ្ឋ​កិច្ច​កម្ពុជា។

ក្រសួង​ អះអាង​ថា ការវិសោធនកម្ម​នេះ​មិន​ប៉ះពាល់​ដល់​ផល​ប្រយោជន៍​របស់​កម្មករ​និយោជិត ដែល​​កំពុង​បម្រើ​ការងារ​ពេល​យប់​ម្ដងម្កាល ឬ​ឆ្លាស់​វេន​គ្នា​ទេ ដោយ​ហេតុ​ថា​ច្បាប់​ថ្មី នឹង​​អនុវត្ត​ចំពោះ​តែ​កម្មករ​និយោជិត ដែល​បំពេញ​ការងារ​ពេល​យប់​ជា​ប្រចាំ​តែ​ប៉ុណ្ណោះ។

ចំពោះ​ការ​លុប​ការ​ឈប់​សម្រាក​​សង​ថ្ងៃ​បុណ្យ​ជាតិ និង​ថ្ងៃអាទិត្យ គឺ​មិន​ផ្ទុយ​ពី​អនុសញ្ញា​អន្តរជាតិ​ខាង​ការងារ​ទេ។ ការ​វិសោធនកម្ម​មាត្រា​​នេះ មាន​គោល​បំណង​ជំរុញ​ផលិតភាព​ការងារ និង​លើក​កម្ពស់​ការប្រកួត​ប្រជែង​របស់​កម្ពុជា ក្នុង​ការសម្រួល​ដល់​ការធ្វើ​វិនិយោគ និង​ការអភិវឌ្ឍ​ប្រទេសជាតិ​។ ក្រសួង​ការងារ​អះអាង​ថា​កម្ពុជា​ជា​ប្រទេស​មួយ ដែល​​ធ្វើ​ការងារ​​តិច​ម៉ោង​ជាង​គេ​ នៅ​ក្នុង​បណ្ដា​ប្រទេស​ក្នុង​តំបន់។

រីឯ​ការ​កែប្រែ​មាត្រា​៣០០​គឺ​ដើម្បី​​ចូលរួម​ពង្រឹង​ប្រសិទ្ធភាព​យន្តការ​ដោះ​ស្រាយ​វិវាទ​ការងារ​នៅ​កម្ពុជា ដោយ​បង្កើត​ជា​ជម្រើស ដល់​ភាគី​វិវាទ​ក្នុង​ការជ្រើស​រើស​យន្តការ​ដោះស្រាយ​វិវាទ​ការងារ តាម​ស្ថាន​ភាព​ជាក់ស្ដែង។

កាល​ឆ្នាំ២០០៧ ក្រសួង​ការងារ​បាន​ធ្វើ​វិសោធនកម្ម​​​មាត្រា១៤៤​អំពី​អត្រា​ប្រាក់​ឈ្នួល​បន្ថែម​ម៉ោង និង​ការងារ​វេន​យប់​ម្ដង​រួច​ហើយ ដោយ​កាត់​បន្ថយ​ថ្លៃ​ឈ្នួល​​ពី​១៥០% មក​នៅ​១៣០%​ នៃ​ប្រាក់​ឈ្នួល​ការងារ​វេន​ថ្ងៃ ដោយ​លើក​ហេតុផល​ទាក់ទាញ​ការ​វិនិយោគ​នេះ​ដូច​គ្នា។ តែ​ក្រុម​សហជីព​ឯករាជ្យ សង្កេត​ឃើញ​​ថា មិន​​បាន​​ទាក់ទាញ​ការវិនិយោគ​គួរ​ឲ្យ​កត់​សម្គាល់​ឡើយ ផ្ទុយ​ទៅ​វិញ ច្រើន​ឆ្នាំ​មក​នេះ មាន​តែ​ធ្វើ​ឲ្យ​កម្មករ ​បាត់​បង់​អត្ថប្រយោជន៍ និង​ធ្លាក់​ចុះ​ប្រាក់​ចំណូល​ទៅ​វិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

Leave a Reply

Submit Comment