ក្រសួង​ហិរញ្ញវត្ថុ​អាមេរិក​ដាក់​ទណ្ឌកម្ម​ក្រុមហ៊ុន​ UDG ចិន​នៅ​កម្ពុជា

នយោបាយ
16 កញ្ញា 2020
ម៉ែន គឹមសេង
វីអូអេខ្មែរ

រូបឯកសារ៖ សកម្មភាពសំណង់របស់ក្រុមហ៊ុនចិន Union Development Group (UDG) សម្រាប់គម្រោងសាងសង់តំបន់កម្សាន្តតារាសាគរ នៅខេត្តកោះកុង កាលពីថ្ងៃទី ៦ ខែឧសភា ឆ្នាំ២០១៨។ Photo: Reuters


វ៉ាស៊ីនតោន — ក្រសួង​ហិរញ្ញវត្ថុ​សហរដ្ឋ​អាមេរិក​បាន​សម្រេច​ នៅថ្ងៃ​អង្គារ​នេះ​ ដាក់​ទណ្ឌកម្ម​ក្រុមហ៊ុន​ យូញៀន ឌីវេលឡូបមិន ​គ្រុប​ ឬ Union Development Group (UDG)​ ដោយសារតែ​ការរឹបអូស​យក​ដីធ្លី​និងបំផ្លាញ​លំនៅដ្ឋាន​ពលរដ្ឋ​កម្ពុជា ​នៅ​ខេត្ត​កោះកុង​ ដើម្បី​អភិវឌ្ឍន៍​មណ្ឌល​កម្សាន្ត​តារាសាគរ។

ក្រសួង​ហិរញ្ញវត្ថុ​បាន​បញ្ជាក់​នៅក្នុង​សេចក្តី​ថ្លែង​ការណ៍​ថា​ ការដាក់​ទណ្ឌកម្ម​ក្រុមហ៊ុន​របស់​រដ្ឋាភិបាល​កុម្មុយនីស្ត​ចិន​នេះ គឺធ្វើតាម​បញ្ជា​ប្រធានាធិបតី​លេខ​ ១៣៨១៨ ​ដែល​យកតាម​ច្បាប់​ម៉ានីតស្គី​ (Global Magnitsky)​ ដោយសំដៅលើ​បុគ្គល ​ឬ​ស្ថាប័ន​ណា​ដែល​រំលោភសិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​ និង​ប្រព្រឹត្ត​អំពើ​ពុករលួយ ​ក៏ដូចជាលើ​អ្នកដែល​គាំទ្រ​ផងដែរ។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ហិរញ្ញវត្ថុ​ បាន​រៀបរាប់​ថា«សកម្មភាព​របស់ក្រុមហ៊ុន​ យូញៀន​ ឌីវេលឡូបមិន ​គ្រុប (UDG) ​គឺបាន​បង្ខំ​ពលរដ្ឋ​កម្ពុជាចេញពី​ដីធ្លី​របស់​ពួកគេ​ និង​បំផ្លាញ​បរិស្ថាន​ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ​របស់​សហគមន៍​មូលដ្ឋាន ​ហើយ​ទាំងអស់​នេះ ​គឺ​ធ្វើ​ឡើង​ក្រោម​រូបភាព​បន្លំ​ប្រែក្លាយ​កម្ពុជា ​ឲ្យ​ទៅជា​កន្លែង​ភ្ជាប់​ភស្តុភារ​ថ្នាក់តំបន់​ និង​គោលដៅ​ទេសចរណ៍»

​សហរដ្ឋ​អាមេរិក​បានបង្ហាញ​ឲ្យ​ឃើញ​ថា​ ក្រុមហ៊ុន យូញៀន ​ឌីវេលឡូបមិន​ គ្រុប​ បាន​ធ្វើ​សកម្មភាព​កន្លង​មក តាមរយៈ​លោក​នាយឧត្តមសេនីយ៍​ គន់ គីម ​ជា​ទេសរដ្ឋមន្ត្រី​ទទួល​បន្ទុក​បេសកកម្ម​ពិសេស អនុប្រធាន ​និង​ជាអគ្គលេខា​ធិការ​សមាគម​អតីត​យុទ្ធជន​កម្ពុជា​ និង​ជា​មនុស្ស​ជំនិត​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន។

រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​លោក​ Steven T. Mnuchin ​បាន​ថ្លែង​នៅក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ ថា៖​

​«ក្រោយពី​បាន​ចុះឈ្មោះ​ក្លែងក្លាយ​ជាក្រុមហ៊ុន​កម្ពុជា​ ដើម្បី​ទទួលបាន​គម្រោង​អភិវឌ្ឍន៍​តារាសាគរ​ក្រុមហ៊ុន​ UDG​ បានប្តូរមក​ម្ចាស់​ពិតប្រាកដ​ និង​បន្ត​ធ្វើ​ប្រតិបត្តិការ​ ដោយ​គ្មានការដាក់​ទោសទណ្ឌ​អ្វីទាំងអស់។ សហរដ្ឋ​អាមេរិក​ប្តេជ្ញា​ប្រើប្រាស់​អំណាច​ពេញលេញ​ ដើម្បី​តាមរកការប្រព្រឹត្តដូចនេះ​ ទោះបី​ជានៅ​ទីណាក៏ដោយ»

ក្រុមហ៊ុន​ យូញៀន​ ឌីវេលឡូប​មិន​ គ្រុប​ ទទួល​បាន​ដី​សម្បទាន​ចំនួន​ ៣៦.០០០ ​ហិកតា ​កាលពី​ឆ្នាំ ២០០៨ ​សម្រាប់​ជួល​ក្នុង​រយៈពេល ​៩៩ ឆ្នាំ​ នៅ​ខេត្តកោះកុង ​ដើម្បី​អភិវឌ្ឍ​មណ្ឌល​កម្សាន្ត​ទេសចរណ៍​ធម្មជាតិ​តារាសាគរ ​ក្នុង​ទឹកប្រាក់ ៣,៨ ពាន់​លាន​ដុល្លារ​ ដែល​ក្នុង​នោះ​ក៏មាន​សង់​ព្រលាន​យន្តហោះ​ដ៏ធំ​ជាង​គេ​បំផុត​ នៅ​កម្ពុជា​ផង​ដែ​រ​ ដែល​អាច​ប្រើប្រាស់​សម្រាប់​យន្តហោះ​យោធា​ធុនធំ​ចុះចត​បាន។​

រូបឯកសារ៖ តំបន់កម្សាន្តឆ្នេរសមុទ្រដែលអភិវឌ្ឍដោយក្រុមហ៊ុនចិន Union Development Group (UDG)។ (ស៊ុន ណារិន/វីអូអេ)
រូបឯកសារ៖ តំបន់កម្សាន្តឆ្នេរសមុទ្រដែលអភិវឌ្ឍដោយក្រុមហ៊ុនចិន Union Development Group (UDG)។ (ស៊ុន ណារិន/វីអូអេ)

រូបឯកសារ៖ ផ្លូវរត់របស់យន្តហោះនៅក្នុងក្រុមហ៊ុនចិន Union Development Group (UDG) ដែលកំពុងត្រូវបានស្ថាបនា។ (ស៊ុន ណារិន/វីអូអេ)
រូបឯកសារ៖ ផ្លូវរត់របស់យន្តហោះនៅក្នុងក្រុមហ៊ុនចិន Union Development Group (UDG) ដែលកំពុងត្រូវបានស្ថាបនា។ (ស៊ុន ណារិន/វីអូអេ)

សហរដ្ឋ​អាមេរិក​ធ្លាប់សម្តែងកង្វល់​ ប៉ុន្តែ​រដ្ឋាភិបាល​កម្ពុជា​បាន​ប្រកែក​ជាច្រើន​ដងថា​ រដ្ឋធម្មនុញ្ញ​កម្ពុជា​មិន​អនុញ្ញាត​ឲ្យ​ដាក់ទ័ព​បរទេស​បានឡើយ។

សហរដ្ឋ​អាមេរិក​បាន​បន្ថែម​ថា កង្វល់​របស់​ខ្លួនកើតមាន​ជាថ្មី បន្ទាប់ពី​លោក ផៃ ស៊ីផាន ​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា​បានថ្លែង​ប្រាប់​សារព័ត៌មាន​នានា​ក្នុង​ពេលកន្លងមក ​ប៉ុន្តែ​មិនបញ្ជាក់​កាលបរិច្ឆេទ​ថា ​តំបន់​រមណីយដ្ឋាន​ទេសចរណ៍​តារាសាគរ​ អាច​នឹង​ប្រែក្លាយ​ជាមូលដ្ឋាន​យោធា​បាន។

វីអូអេ​ មិនទាន់អាច​ទាក់ទង​លោក ផៃ ស៊ីផាន ​ដើម្បី​បំភ្លឺរឿង​នេះ​បាន​នៅឡើយ​ទេ។ ប៉ុន្តែ​ការព្យាយាម​ទាក់ទង​ទៅ​លោក ជុំ សុន្ទរី​ ឯកអគ្គរាជទូត​កម្ពុជា​នៅរដ្ឋធានីវ៉ាស៊ីនតោន​ ត្រូវបាន​លោក​បញ្ជាក់​ថា​ លោក​បាន​ដឹង​ពី​ការដាក់ទណ្ឌកម្ម​នោះ​ ប៉ុន្តែ​នៅមិនទាន់​មាន​អត្ថាធិប្បាយ​អ្វី​នៅ​ឡើយ​ទេ។

លោក គន់ គីម ព្រម​ទាំង​ក្រុមគ្រួសារ ​ក៏​កំពុងរង​ទណ្ឌកម្ម​ពី​សហរដ្ឋ​អាមេរិក​ ដែល​បាន​ដាក់​ កាលពី​ខែធ្នូ ឆ្នាំ ២០១៩​ ដោយ​ចោទ​ប្រកាន់​ថា​ បាន​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​ និង​ប្រព្រឹត្ត​អំពើ​ពុករលួយ។

ការដាក់ទណ្ឌកម្ម​នោះក៏ធ្វើ​ឡើង​ ក្រោម​ច្បាប់ ម៉ានីតស្គី​ ដែល​សំដៅ​លើ​មន្ត្រី​ ឬស្ថាប័ន​នៃ​រដ្ឋាភិបាល​បរទេស​ណា ​ដែល​រំលោភសិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​ ហើយ​ហាមឃាត់មិន​ឱ្យ​ពលរដ្ឋ​អាមេរិកាំង​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​ ឬចេញចូល​សហរដ្ឋ​អាមេរិក​ទេ។

លោកនាយឧត្តម​សេនីយ៍ គន់ គីម​ ត្រូវបាន​ចោទប្រកាន់​ថា​ បាន​ប្រើប្រាស់​ឥទ្ធិពល​និង​បណ្តាញ​របស់​ខ្លួន​ដើម្បី​កេងប្រវ័ញ​ពលរដ្ឋ​កម្ពុជា​ ហើយ​ផ្តល់​ផល​ប្រយោជន៍​ដល់​ក្រុមហ៊ុន​ចិន ​ដែល​មក​ប្រកប​អាជីវកម្មនៅ​កម្ពុជា​។​

លោកស្រី មូរ សុខហួរ​ អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​ចាត់ទុក​ទណ្ឌកម្ម​ថ្មី​លើ​ក្រុមហ៊ុន​ យូញៀន ឌីវេលឡុបមិន​ គ្រុប​ នេះថា​ គឺ​ជា​ការ​ផ្តល់​យុត្តិធម៌ដល់​ពលរដ្ឋ​រងគ្រោះ​ នៅ​ក្នុង​ស្រុក​បុទុម​សាគរ ខេត្តកោះកុង។​

«យុត្តិធម៌​បាន​ពាក់កណ្តាល​ដែរ​។​ យុត្តិធម៌ពិតប្រាកដ​នោះ គឺត្រូវផ្តល់ជូនកសិករ​យើង​ គឺ​ផ្តល់​ជូន​ប្រជានេសាទ​យើង ​កសិករ​យើង ​នូវ​ដីធ្លីរបស់​គ្រួសារ​ទាំង​នោះ​មក​វិញ ​ក៏​ប៉ុន្តែ​ នេះ​ក៏​ជា​យុត្តិធម៌​ពាក់កណ្តាល​ដែរ។ ជាមួយគ្នានេះ​តែ​ក៏​បង្ហាញឲ្យ​ឃើញ​ថា​ សហរដ្ឋ​អាមេរិក​ចូលរួម​ជាមួយ​នឹង​យើង​ទាមទារ​ឲ្យ​បាន​បញ្ចប់នូវ​វប្បធម៌និទណ្ឌភាព ​គឺយកអ្នកដែល​ប្រព្រឹត្តខុស​នឹង​ច្បាប់​ឲ្យ​ទទួល​បាន​នូវ​ការប្រឈមមុខ​។ នេះ​បើមិន​បាន​ប្រឈមមុខ​នឹង​តុលាការកម្ពុជា​ក៏ដោយ​ ក៏ប្រឈមមុខ​នឹង​ទណ្ឌកម្ម​មួយ​ចំនួន​របស់​សហរដ្ឋ​អាមេរិក​ដែរ»។​

មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍​បាន​រកឃើញ​ថា​ មាន​លំនៅដ្ឋាន​ជាង​ ១.៥០០ ​ខ្នង​ និង​ពលរដ្ឋ​ជាង ១.០០០ ​គ្រួសារ​បាន​រងផលប៉ះពាល់។

លោកស្រី មូរ សុខហួរ ​យល់​ថា​ នេះក៏​ជាជោគជ័យ​មួយ​សម្រាប់​ក្រុមអ្នកប្រជាធិបតេយ្យ​ដែល​ខិតខំ​ប្រឹងប្រែង​ ដើម្បីការពារសិទ្ធិ​ពលរដ្ឋ​និង​លទ្ធិប្រជាធិបតេយ្យ​ទល់នឹង​ការរីករាលដាល​នៃ​លទ្ធិ​កុម្មុយនីស្ត​ ក្រោមរូបភាព​អភិវឌ្ឍន៍។

«យើង​ឃើញ​ថា​ នៅក្នុង​ការពង្រីក​អំណាច​សេដ្ឋកិច្ច​របស់​ខ្លួន​ពង្រីក​អំណាច​របស់​ប្រទេស​ចិន​នៅ​ភូមិភាគ​របស់យើង​នេះ ​គឺជាការពង្រីកអំណាច​តាមរយៈ​ការធ្វើ​វិនិយោគ​ ដែលលោក ហ៊ុន សែន ​ថា​ការវិនិយោគ​អភិវឌ្ឍរបស់​លោក ហ៊ុន សែន។ វិនិយោគ​របៀប​ហ្នឹង ​គឺឃើញច្បាស់​ណាស់ ​វិនិយោគ​ដើម្បី​ឲ្យ​ចិន​ដាក់គ្រឹះមូលដ្ឋាន​ទ័ពនៅ​ទឹកដីកោះកុង​របស់យើង»

រូបឯកសារ៖ ប្រជាពលរដ្ឋ​ជាង​ ២០​នាក់ តំណាង​ឲ្យ​អ្នក​មាន​ទំនាស់​ដីធ្លី​ចំនួនជាង​ ១០០គ្រួសារ​ ខេត្ត​កោះកុង ដែល​កំពុង​មាន​ជម្លោះ​ដីធ្លី​ជាមួយក្រុមហ៊ុន​ចិន ​Union Dev​el​o​pm​ent Group (UDG) ​តវ៉ា​នៅ​ខាងមុខ​ស្ថាន​ទូត​ចិន​ប្រចាំ​កម្ពុជា នា​ថ្ងៃទី​១៣ ខែ​សីហា​ ឆ្នាំ២០១៩។ (កាន់ វិច្ឆិកា/វីអូអេ)
រូបឯកសារ៖ ប្រជាពលរដ្ឋ​ជាង​ ២០​នាក់ តំណាង​ឲ្យ​អ្នក​មាន​ទំនាស់​ដីធ្លី​ចំនួនជាង​ ១០០គ្រួសារ​ ខេត្ត​កោះកុង ដែល​កំពុង​មាន​ជម្លោះ​ដីធ្លី​ជាមួយក្រុមហ៊ុន​ចិន ​Union Dev​el​o​pm​ent Group (UDG) ​តវ៉ា​នៅ​ខាងមុខ​ស្ថាន​ទូត​ចិន​ប្រចាំ​កម្ពុជា នា​ថ្ងៃទី​១៣ ខែ​សីហា​ ឆ្នាំ២០១៩។ (កាន់ វិច្ឆិកា/វីអូអេ)

សហរដ្ឋ​អាមេរិក​បានចោទថា​ រដ្ឋាភិបាល​កុម្មុយនីស្ត​ចិន​ប្រើប្រាស់​គម្រោង​អភិវឌ្ឍន៍នានា ​ដូច​ជា​របស់​ក្រុមហ៊ុន យូញៀន ​ឌីវេលឡូបមិន គ្រុប ​(UDG)​ នៅប្រទេស​កម្ពុជានេះ​ ដើម្បី​ជំរុញ​មហិច្ឆតា​ពង្រីក​អំណាច​នៅទូទាំង​ពិភពលោក​ ជាពិសេស​តាម​រយៈគម្រោង​អភិវឌ្ឍន៍​មហាសាល ​ដែល​មាន​ឈ្មោះ​ថា​ ក្រវ៉ាត់ផ្លូវ​ពាណិជ្ជកម្ម ឬ One Belt One Road Initiative។​

លោក សេបាស្ទៀន​ ​ស្ត្រង់ជីអូ​ (Sebastian Strangio) អ្នកនិពន្ធសៀវភៅ​ថ្មីមួយក្បាលដែលមានចំណងជើងថា In The Dragon’s Shadow ឬបកប្រែកជាភាសាខ្មែរថា «នៅក្រោមស្រមោលនាគ» ដែល​រៀបរាប់​ពីយុទ្ធសាស្ត្រ​ពង្រីក​អំណាច​ចិន​ នៅក្នុង​តំបន់​និង​មិត្តភាព​ស្និទ្ធ​ស្នាល​រវាង​កម្ពុជា ​និង​ទីក្រុង​ប៉េកាំង​ បាន​បញ្ជាក់​ប្រាប់​វីអូអេ ក្នុង​បទសម្ភាស​ កាលពី​ដើម​ខែ​នេះថា៖

«លោក​ដឹង​ទេ​ថា​ មាន​ពាក្យ​ចចាមអារ៉ាម​ថា​ ថ្ងៃណាមួយ ​ប្រទេស​កម្ពុជា​នឹង​ទទួល​ឲ្យដាក់មូលដ្ឋាន​យោធា ឬទ័ព​ជើង​ទឹក​ចិន ​គឺ មាន​សក្តានុពល​សម្រាប់​ប្រទេស​ចិន​ ពីព្រោះ​វា​នឹង​ផ្តល់​មូលដ្ឋាន​ភស្តុភា​រ​និង​ចាក់សាំង​ដែល​នៅម្ខាង​ទៀត​នៃ​សមុទ្រ​ចិន​ខាងត្បូង​ ដែល​កំពុង​មាន​ជម្លោះ»

ប្រទេស​កម្ពុជា​ គឺជា​សម្ព័ន្ធមិត្ត​ដ៏​មាន​សារៈប្រយោជន៍​សម្រាប់​ប្រទេស​ចិន នៅក្នុង​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ (អាស៊ាន)​ ក្នុង​ពេល​ដែល​រដ្ឋបាល​ក្រុងប៉េកាំង​កំពុង​អនុវត្ត​យុទ្ធសាស្ត្រ​ពង្រីក​ឥទ្ធិពល​នៅក្នុង​តំបន់​ ដោយ​គ្មាន​ការប្រឆាំង​ខ្លាំងក្លា​ពីគូ​ប្រជែង​ធំៗ​ដទៃទៀត។ នេះបើតាម​សៀវភៅ​ស្រាវជ្រាវថ្មីមួយ​របស់អ្នកនិពន្ធ សេបាស្ទៀន​ ​ស្ត្រង់ជីអូ​។

សៀវភៅ​ «នៅក្រោម​ស្រមោលនាគ» ​បាន​វាយតម្លៃ​ថា៖ «គ្មានប្រទេសណានៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ ដែល​ជិតស្និទ្ធ​នឹងចិន​ជាងកម្ពុជាទេ​ ហើយគ្មាន​ប្រទេស​ណា​ដែល​បង្ហាញ​ពី​ការងើបឡើងវិញ​ខាងផ្នែក​សេដ្ឋកិច្ច​និង​នយោបាយ​របស់​ចិន ដោយបាន​កែប្រែ​ដល់សកម្មភាពជំនួយ និង​ការអភិវឌ្ឍ​ក្នុង​តំបន់​ជាង​កម្ពុជា​ទេ»

What Next?

Recent Articles