ជនជាតិ​ដើម​ភាគ​តិច​ខេត្ត​មណ្ឌលគិរី មាន​កង្វល់​អំពី​​ការ​រំលោភ​ដី​ភ្នំ​រ៉ាដាង

ដោយ សេក បណ្ឌិត
2020-09-15
RFA

ទិដ្ឋភាព​ជនជាតិ​ដើម​ភាគ​តិច​ខេត្ត​មណ្ឌលគិរី ធ្វើ​ពិធី​សែនព្រេន និង​សន្និសីទ​កាសែត នៅ​លើ​ភ្នំ​រ៉ាដាង នៅ​ព្រឹក​ថ្ងៃ​ទី១៥ ខែកញ្ញា ឆ្នាំ២០២០។

ទិដ្ឋភាព​ជនជាតិ​ដើម​ភាគ​តិច​ខេត្ត​មណ្ឌលគិរី ធ្វើ​ពិធី​សែនព្រេន និង​សន្និសីទ​កាសែត នៅ​លើ​ភ្នំ​រ៉ាដាង នៅ​ព្រឹក​ថ្ងៃ​ទី១៥ ខែកញ្ញា ឆ្នាំ២០២០។

 រូប៖ សហគមន៍​ផ្តល់​ឱ្យ


ជនជាតិ​ដើម​ភាគ​តិច​ព្នង​ជាង ១២០នាក់ មក​ពី​ស្រុក​ចំនួន ៥​ ក្នុង​ខេត្ត​មណ្ឌលគិរី បាន​ជួបជុំ​គ្នា​ធ្វើ សន្និសីទកាសែត និង​ពិធី​សែនព្រេន លើ​ភ្នំ​រ៉ាដាង ដើម្បី​បង្ហាញ​ពី​ទុក្ខ​កង្វល់ ការ​រំលោភ​ដីធ្លី ពី​សំណាក់​អ្នក​មាន​អំណាច ឃុបឃិត​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន។ អ្នក​ភូមិ​ប្ដេជ្ញា​ថា នឹង​សាមគ្គី​គ្នា​តវ៉ា​ទាមទារ​ភ្នំ​រ៉ាដាង​ឱ្យ​បាន​មក​វិញ។ ចំណែក​អាជ្ញាធរ​ថា ការ​ទិញ​លក់​ដី​ភ្នំ​នេះ មាន​ការ​ព្រមព្រៀង​រវាង​តំណាង​អ្នក​ភូមិ និង​អ្នក​ទិញ។

ជន​ជាតិ​ដើម​ភាគ​តិច​ប្រមាណ ១២០នាក់ ស្លៀក​ពាក់​បែប​ប្រពៃណី​ជនជាតិ​ដើម បាន​មក​ជួប​ជុំ​គ្នា​នៅ​លើ​ខ្នង​ភ្នំ​រ៉ាដាង ក្នុង​សង្កាត់​រមនា ក្រុង​សែនមនោរម្យ នៅ​ព្រឹក​ថ្ងៃ​ទី១៥ ខែកញ្ញា។ ពួក​គេ​ធ្វើ​ពិធី​សែនព្រេន បន់​ស្រន់​អារក្ស​អ្នក​តា និង​ធ្វើ​សន្និសីទ​កាសែត អំពាវនាវ​ឱ្យ​អាជ្ញាធរ​ខេត្ត​មណ្ឌលគិរី​ដោះ​ស្រាយ​ជម្លោះ​ដីធ្លី​ជូន​ពួក​គាត់​ដោយ​យុត្តិធម៌។

តំណាង​ជន​ជាតិ​ដើម​ភាគ​តិច​ព្នង​រស់​នៅ​ភូមិ​ពូលូង លោកស្រី រឿន ផ្លុំ ឱ្យ​ដឹង​ថា  អ្នក​ភូមិ​ប្រកាស​ច្រាន​ចោល ចំពោះ​ទង្វើ​របស់​លោក រឿម ស្រេម និង លោក ស្រឺត ស្រ៊ី ដែល​អះអាង​ថា ជា​តំណាង​របស់​ពួក​គេ ហើយ​ធ្វើ​ឯកសារ​មិន​ប្រក្រតី លក់​ដី​ភ្នំ​នេះ​ខុស​ច្បាប់។ លោក​ស្រី​ថា អ្នក​ភូមិ​ស៊ូ​ស្លាប់ ការពារ​ភ្នំ​នេះ ដើម្បី​ថែ​រក្សា ទី​កន្លែង​សក្ការ​បូជា របស់​ជន​ជាតិ​ដើម​ភាគ​តិច។ លោកស្រី​សោក​ស្តាយ ដើម​ឈើ​ដុះ​ព័ទ្ធ​ជុំវិញ​ភ្នំ​រ៉ាដាង ជា​ច្រើន​ហិកតារ អម​ដោយ​ព្រៃ​ត្រណម និង​ព្រៃ​កប់​សព ត្រូវ​គេ​ឈូស​ឆាយ អស់​ស្ទើរ​ទាំង​ស្រុង ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ៖ «គោល​បំណង​យើង​ចង់​បាន​ទាមទារ​ជន​ខិលខូច​លួច​លក់​ ​ភ្នំ​របស់​ ​យើង​ទុក​សម្រាប់​កូនចៅ​ទៅ​ថ្ងៃ​អនាគត»។

ក្នុង​ពិធី​សែន​ព្រេន និង​សន្និសីទ​កាសែត​នោះ អ្នក​ភូមិ​បាន​ប្រកាស​តាម​ឧបករណ៍​បំពង​សំឡេង ទាមទារ ដី​ភ្នំ​រ៉ាដាង​មក​វិញ ដោយ​ស្នើ​ឱ្យ​អាជ្ញាធរ​អនុវត្ត​ច្បាប់​ចំពោះ ពលរដ្ឋ​ខិលខូច ឃុបឃិត​ជាមួយ​អាជ្ញាធរ​លក់​ដី​ភ្នំ​ទាំង​បំពាន​ច្បាប់៖ «លោក រឿម ស្រេម និង​លោក ស្រឺត ស្រ៊ី មិន​មែន​ជា​តំណាង​សហគមន៍​ពុំ​មាន​សិទ្ធិ​កាន់កាប់​លក្ខណៈ​ឯកជន និង​ផ្ទេរ​សិទ្ធិ​លក់​ដី​នេះ ទៅ​ឱ្យ​អ្នកទិញ​បាន​ឡើយ ដោយ​អាជ្ញាធរ​ភូមិ​ឃុំ និង​ក្រុង ក៏​មិន​អាច​បញ្ជាក់​ពី​ភាព​ស្រប​ច្បាប់​នៅ​ការ​កាន់កាប់ និង​ផ្ទេរ​សិទ្ធិ​លើ​ដី​សហគមន៍ និង​ដី​សាធារណៈ​របស់​រដ្ឋ​បាន​ឡើយ»។

អ្នក​នាំ​ពាក្យ​សាលា​ខេត្ត​មណ្ឌលគិរី លោក សុក សេរ៉ា បដិសេធ​មិន​អធិប្បាយ​រឿង​នេះ​ទេ ព្រោះ​លោក​បាន​ផ្ទេរ​ភារកិច្ច​មក​ក្រសួង​មហាផ្ទៃ​ហើយ។ ចំណែក​អភិបាល​ក្រុង​សែនមនោរម្យ លោក ឡុង វិបុល ក៏​មិន​អាច​សុំ​ការ​ឆ្លើយ​តប​បាន​ដែរ ដោយ​ទូរស័ព្ទ​ចូល​ពុំ​មាន​អ្នក​ទទួល។ ក៏​ប៉ុន្តែ​លោក​ធ្លាប់​ប្រាប់​អាស៊ី​សេរី កាល​ពី​ពេល​ថ្មីៗ នេះ​ថា​ កន្លង​ទៅ​មាន​តំណាង​ជនជាតិ​ដើម​ភាគតិច​ជាច្រើន​គ្រួសារ​ ​បាន​ផ្ដិត​មេ​ដៃ​យល់ព្រម​ផ្ទេរ​កម្មសិទ្ធិ​ជូន​អ្នក​ទិញ ដែល​មាន​អាជ្ញាធរ​ភូមិ/ឃុំ​ចុះទៅ​ពិនិត្យ​ទីតាំង​ដី​ជាក់​ស្ដែង ហើយ​បាន​ស្នើសុំ​ធ្វើ​ប្លង់​កម្មសិទ្ធិ ដែល​មានការ​បង់ពន្ធ​ប្រថាប់ត្រា​តាម​នីតិវិធី​រដ្ឋបាល៖ «ពួកគាត់​ទាមទារ ៣ ទៅ ៤គ្រួសារ​មក​ទាមទារ​លើ​សមូហភាព​ទាំងមូល​ដែល​មាន​ជាង ១០០គ្រួសារ​ហ្នឹង យើង​នឹង​អញ្ជើញ​ពួកគាត់​មក ដើម្បីនឹង​សួរនាំ​បន្ថែម ហើយ​ចំពោះ​ការ​ទាមទារ​របស់​គាត់ ពួកគាត់​ត្រូវ​ទាមទារ​ពី​តំណាង​របស់​ពួក​គាត់ ព្រោះ​តំណាង​ពួកគាត់​បាន​ផ្ដិត​មេដៃ​ប្រគល់​សិទ្ធិ ដើម្បី​ឈរ​ឈ្មោះ​លក់​ដី​ហើយ»។

ចៅសង្កាត់​រមនា លោក ភ្យី ងុក ថ្លែង​ថា អាជ្ញាធរ​មិន​បាន​រារាំង​ការ​ធ្វើ​សន្និសីទ​កាសែត និង​សែន​ព្រេន​របស់​ពលរដ្ឋ​នោះ​ទេ។ លោក​ថា ជម្លោះ​ដីធ្លី​នេះ ភាគី​ពាក់ព័ន្ធ​កំពុង​សម្រប​សម្រួល​ដោះ​ស្រាយ។ រីឯ​អ្នក​ទិញ​ដី​ភ្នំ​នេះ បាន​ចំណាយ​លុយ​ជា​ច្រើន  តែ​លោក​មិន​បញ្ជាក់​លម្អិត​ថា មាន​ចំនួន​ប៉ុន្មាន​នោះ​ទេ៖ «បុគ្គល​មួយ​ចំនួន​តួច​ទេ ដែល​ឆ្កឹះឆ្កៀល ដើម្បី​វឹកវរ និង​អាជ្ញាធរ​វឹកវរ​អ្នកទិញ​ ​អ្នក​លក់​ហ្នឹង​ ​ព្រោះ​អ្នកទិញ​ក៏​គ្នា​អស់​លុយ​ដែរ។ នេះ​ខ្ញុំ​និយាយត្រង់​មិន​លាក់​បាំង​ទេ ហើយ​អ្នក​លក់​ដី​សមូហភាព ១៤០គ្រួសារ​គាត់​ឯក​ភាព​គ្នា​ថា ព្រម​លក់​កន្លែង​ហ្នឹង​ ​ជា​តំបន់​របស់​គាត់​ទេ​ ​»​។

ភ្នំ​រ៉ាដាង មាន​ទំហំ​ប្រមាណ ២០ហិកតារ គឺជា ​បណ្ដុំ​​ប្រពៃណី​វប្បធម៌ ដែល​ក្រុម​ពលរដ្ឋ​គោរព​បូជា​តាំង​ពី​បុរាណ​មក។ ភ្នំ​នេះ​ជា​ប្រភព​ទឹក​អូរ​ដ៏​សំខាន់ និង​ជា​អណ្ដូង​ទឹក​សមូហភាព ដែល​សហគមន៍​ប្រើប្រាស់​ប្រចាំថ្ងៃ ​ហូរ​ឆ្ពោះ​ទៅ​ស្រុក​កោះ​ញែក​មិន​ចេះ​រីង​ស្ងួត ដែល​មាន​ពលរដ្ឋ​រាប់ពាន់​គ្រួសារ​អាស្រ័យផល។

ប្រធាន​បណ្ដាញ​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ព្នង ខេត្ត​មណ្ឌលគិរី លោកស្រី ភ្លឹក ភីរម្យ ឱ្យ​ដឹង​ថា អ្នក​ភូមិ​កំពុង​កើត​ទុក​មិន​សុខ​ចិត្ត ចំពោះ​ការ​រំលោភ​យក​ដី​ភ្នំ​រ៉ាដាង។ លោកស្រី​បញ្ជាក់​ថា លើ​ភ្នំ​នេះ មាន​ខ្ទម​អ្នក​តា​ពីរ​កន្លែង ផ្នូរ​កប់​សព ថ្ម ទឹក​អូរ​ធម្មជាតិ ដើមឈើ គឺ​ជា​ភស្តុតាង​បញ្ជាក់​ថា តំបន់​នេះ​ទី​សក្ការ​បូជា របស់​ជនជាតិ​ដើម​ភាគ​តិច​ព្នង​មិន​អាច​ទិញ​លក់​ដូរ​បាន​នោះ​ទេ៖ «ពលរដ្ឋ​ជាង ១០០នាក់​ហ្នឹង គេ​សុំ​ឱ្យ​អាជ្ញាធរ​ទប់​ស្កាត់​ឈូស​ឆាយ​យក​ដី​ភ្នំ​រ៉ាដាង​ធ្វើ​ជា​កម្មសិទ្ធិ​របស់​ខ្លួន។ គេ​ចង់​ឱ្យ​គាត់​ជួយ​ការពារ​ភ្នំ​នេះ ដើម្បី​ឱ្យ​ពួក​គាត់​បន្ត​គោរព បូជា​ធ្វើ​ជា​ទី​សក្ការ​របស់​ពួក​គាត់»។

កាល​ពី​ដើម​ខែ​សីហា​កន្លង​ទៅ (ឆ្នាំ២០២០) ជនជាតិ​ដើម​ភាគ​តិច​ប្រមាណ ១២០នាក់​បាន​ផ្ដិត​មេ​ដៃ​ដាក់​ញត្តិ​ទៅ​សាលាខេត្ត​មណ្ឌលគិរី និង​អាជ្ញាធរ​ជាតិ ដើម្បី​ឱ្យ​ស្ថាប័ន​ទាំង​នេះ​ដោះ​ស្រាយ​ជម្លោះ​ដីធ្លី​នៅ​តំបន់​ភ្នំ​រ៉ាដាង និង​ត្រូវ​អភិ​រក្ស​តំបន់​នោះ ជា​ទី​សក្ការ​វប្បធម៌​ដែល​បន្សល់​តាំងពី​បុរាណ​មក។ ក៏​ប៉ុន្តែ​អ្នកភូមិ​ថា អាជ្ញាធរ​ពាក់ព័ន្ធ​មិន​បាន​ដោះ​ស្រាយ​ក្ដី​កង្វល់​នេះ​ជូន​ពួក​គាត់​ឡើយ៕


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

Leave a Reply

Submit Comment