តុលាការ​បដិសេធ​​សំណើ​​របស់​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​ចូល​សួរ​​សុខទុក្ខ​​លោក រ៉ុង ឈុន

ដោយ ហេង រស្មី
2020-09-15
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក រ៉ុង ឈុន ពេល​ទៅ​ចូលរួម​រំលឹក​ខួប​មរណភាព​របស់​បណ្ឌិត កែម ឡី នៅ​ស្ថានីយ​សាំង កាល់តិច (Caltex) បូកគោ រាជធានី​ភ្នំពេញ ថ្ងៃ​ទី៨ ខែកក្កដា ឆ្នាំ២០២០។

លោក រ៉ុង ឈុន ពេល​ទៅ​ចូលរួម​រំលឹក​ខួប​មរណភាព​របស់​បណ្ឌិត កែម ឡី នៅ​ស្ថានីយ​សាំង កាល់តិច (Caltex) បូកគោ រាជធានី​ភ្នំពេញ ថ្ងៃ​ទី៨ ខែកក្កដា ឆ្នាំ២០២០។

 រូប៖ ពលរដ្ឋ


ចៅក្រម​ស៊ើបសួរ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ បាន​បដិសេធ​សំណើ​របស់​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​ចូល​សួរ​សុខទុក្ខ​លោក រ៉ុង ឈុន ​នៅ​ពន្ធនាគារ​ព្រៃស។ ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​អ្នក​ស្រី អ៊ុក ឆាយ៉ាវី ចាត់​ទុក​រឿង​នេះ​ថា ជា​ការ​បិទ​សិទ្ធិ​សេរីភាព​ដល់​ពួក​អ្នក​ស្រី​ធ្វើ​ឱ្យ​មាន​ការ​ឈឺ​ចាប់​កាន់​តែ​ខ្លាំង។

ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ អ្នកស្រី អ៊ុក ឆាយ៉ាវី ប្រាប់​អាស៊ី​សេរី​នៅ​ព្រឹក​ថ្ងៃ​ទី១៥ កញ្ញា​ថា អ្នក​ស្រី​​សោកស្ដាយ​យ៉ាង​ខ្លាំង ដែល​តុលាការ​មិន​អនុញ្ញាត​ឲ្យ​ចូល​សួរ​សុខទុក្ខ​​លោក​ រ៉ុង ឈុន តាម​ការ​ស្នើ​សុំ​កាល​ពី​សប្ដាហ៍​មុន។ អ្នក​ស្រី​បញ្ជាក់​ថា មូលហេតុ​ដែល​ពួក​អ្នក​ស្រី​​មាន​គម្រោង​ចូល​ជួប​លោក រ៉ុង ឈុន ក្នុង​ពន្ធនាគារ​ព្រៃ​ស ដោយសារ​លោក​​ធ្វើ​ការងារ ដើម្បី​ប្រយោជន៍​រួម​នៅ​ក្នុង​សង្គម និង​ជា​សហការី​ដែល​ធ្លាប់​​​រួម​ការងារ​ជា​មួយ​គ្នា​។​អ្នក​ស្រី​ ចាត់​ទុក​ការ​ហាម​ឃាត់​ពួក​អ្នក​ស្រី ​មិន​ឱ្យ​ចូល​​​សុខទុក្ខ​លោក​ រ៉ុង ឈុន​ នេះ​ថា ជា​ការ​​ធ្វើ​បាប​​ផ្លូវ​ចិត្ត​របស់​​ពួក​អ្នក​ស្រី និង​កាន់​តែ​​​ធ្វើ​ឱ្យ​មាន​កំហឹង​​​​​ចង់​ចូល​រួម​សម្ដែង​មតិ​​កាន់​តែ​ខ្លាំង៖ «ហើយ​នេះ​យើង​ដាក់​ធ្វើ​តាម​ច្បាប់​ បើ​យើង​មិន​ធ្វើ​តាម​ច្បាប់​ហើយ​មិន​អនុញ្ញាត​ឱ្យ​យើង​ទៅ​សួរ​សុខ​ទុក្ខ​ទៀត។ រដូវ​បុណ្យ​ភ្ជុំ​បិណ្ឌ​ជា​រដូវ​មួយ​​ដែល​មិត្តភ័ក្ដិ​បងប្អូន​​​ជួប​ជុំ​គ្នា។ យើង​មាន​សេចក្ដី​នឹករលឹក​ចំពោះ​លោក រ៉ុង ឈុន ដែល​ជា​វីរភាព​មួយ​ដែល​យើង​អត់​អាច​បំភ្លេច​អ្វី​ដែល​គាត់​ខំប្រឹង​កន្លង​មក​បាន»

អ្នក​ស្រី​ឱ្យ​ដឹង​ថា ​​ពួក​អ្នក​ស្រី​ចំនួន ៥នាក់​ ដែល​ជា​មន្ត្រី​សហជីព និង​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​​មាន​គម្រោង​​សួរ​សុខទុក្ខ​លោក រ៉ុង ឈុន នៅ​ថ្ងៃ​ទី២២ កញ្ញា​ខាង​មុខ ដើម្បី​ផ្ដល់​កម្លាំង​ចិត្ត​​ដល់​លោក​ដែល​បាន​លះបង់​​សេចក្ដី​សុខ​ផ្ទាល់​ខ្លួន ដើម្បី​សង្គម​ជាតិ។ អ្នក​ស្រី​​ឱ្យ​ដឹង​ថា ​អ្នក​ស្រី​​​នៅ​តែ​ប្រកាន់​ជំហរ​ចូល​រួម​តស៊ូ​មតិ​ ដើម្បី​ទាមទារ​ឱ្យ​តុលាការ​ដោះលែង​ លោក​ រ៉ុង ឈុន​ អ្នក​ទោស​មនសិការ​​ជា​ច្រើន​នាក់​ផ្សេង​ទៀត​​ដោយ​មិន​មាន​ការ​រាថយ​ឡើយ។

​ប្រតិកម្ម​របស់​សមាគម​គ្រូបង្រៀន​នេះ​ ធ្វើ​ឡើង​បន្ទាប់​ពី​ចៅក្រម​ស៊ើបសួរ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ លោក វ៉ាន់ សែនវិសុទ្ធ ​បាន​បដិសេធ​ការ​ស្នើ​សុំ​របស់​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ ចូល​សួរសុខទុក្ខ​លោក​ រ៉ុង ឈុន​ នៅ​ពន្ធនាគារ​ព្រៃស​ម​១ នៅ​ថ្ងៃ​ទី២២ កញ្ញា។ លោក ​វ៉ាន់ សែន​វិសុទ្ធ បាន​បញ្ជាក់​នៅ​​​លិខិត​ជូន​ដំណឹង​ចុះ​ថ្ងៃ​ទី​១០​កញ្ញា​ថា មូលហេតុ​ដែល​លោក​មិន​អនុញ្ញាត​ឱ្យ​ចូល​សួរ​សុខទុក្ខ​​លោក​ រ៉ុង ឈុន​ ដោយសារ​សំណុំ​របស់​ជន​ជាប់​ឃុំ​ជា​បទល្មើស​ព្រហ្មទណ្ឌ​​ ហើយ​កំពុង​ស្ថិត​នៅ​ក្នុង​ដំណាក់​កាល​ស៊ើបសួរ​របស់​ចៅក្រម​នៅ​ឡើយ។

​​ទោះ​ជា​យ៉ាង​ណា​ប្រធាន​ផ្នែក​សិទ្ធិមនុស្ស​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស(​Adhoc) លោក នី សុខា ​មាន​ប្រសាសន៍​ថា ​មន្ត្រី​តុលាការ​គួរតែ​អនុញ្ញាត​ឱ្យ​សមាគម​គ្រូបង្រៀន​​បាន​ចូល​សួរ​សុខទុក្ខ​​លោក​ រ៉ុង ឈុន ដើម្បី​សម្ដែង​ការ​នឹក​រលឹក​ក្នុង​ឱកាស​បុណ្យភ្ជុំបិណ្ឌ​ប្រពៃណី​ខ្មែរ។​លោក​បន្ត​ថា ​ការ​​សួរ​សុខទុក្ខ​នេះ​ក៏​មិន​ប៉ះពាល់​ដល់​​​ដំណើរការ​​ក្ដី​របស់​មន្ត្រី​តុលាការ​ដែរ៖ «ជា​ធម្មតា​នៅ​ពេល​ដែល​ជួប​ជុំ​យើង​ដឹង​ហើយ​ មាន​​សមត្ថកិច្ច​មាន​អី​គាត់​ការពារ​ គាត់​នៅ​អង្គុយ​ចាំ​មើល​ជា​ប្រចាំ​​​ក្នុង​ហ្នឹង​តឹងរ៉ឹង​ណាស់។ ដូច្នេះ​យើង​​មាន​វិធាន​ការ​ឱ្យ​មាន​ជា​ការ​ឱ្យ​គាត់​ចូល​​ជួប​ទៅ​ ប៉ុន្តែ​ឱ្យ​មាន​ដាក់​ជា​វិធានការណ៍​​អី​ផ្សេង​អី​អីចឹង​ទៅ បើ​សិន​ជា​មាន​ការ​ខ្លាច​រអា​នៅ​ក្នុង​រឿង​ហ្នឹង ហើយ​​ដូច​ជា​អ្នក​ដែល​ជាប់​ផ្សេង​ៗ​ទៀត​អី​​ក៏​គេ​មាន​សិទ្ធ​ហ្នឹង​ដែរ​ មិន​មែន​មាន​តែ​លោក រ៉ុង ឈុន ម្នាក់​ទេ»

លោក រ៉ុង ឈុន ជា​សមាជិក​ក្រុម​ប្រឹក្សា​ឃ្លាំមើល​កម្ពុជា​ និង​ជា​ប្រធាន​សហភាព​សហជីព​កម្ពុជា​ ត្រូវ​បាន​អាជ្ញាធរ​ចាប់ខ្លួន​កាល​ពី​​យប់​ថ្ងៃ​ទី៣១ ខែ​កក្កដា។​ការ​ចាប់​ខ្លួន​នេះ​ ​ដោយសារ​តែ​លោក​​និយាយ​អំពី​បញ្ហា​កសិករ​ខ្មែរ​បាត់​ដី​នៅ​តាម​ព្រំដែន​រវាង​កម្ពុជា និង​វៀតណាម ​នៅ​ខេត្ត​ត្បូងឃ្មុំ។

ទោះ​ជា​យ៉ាង​ណា​ក្ដី ក្រុម​អ្នក​សង្កេត​ការណ៍​ជាតិ និង​អន្តរជាតិ​ជឿ​ថា បញ្ហា​ព្រំដែន​នេះ គ្រាន់​តែ​ជា​លេស​ប៉ុណ្ណោះ។ ពួក​គេ​ថា របប​លោក ហ៊ុន សែន ចាប់​លោក រ៉ុង ឈុន ដោយសារ​បារម្ភ​ខ្លាច​មេ​សហជីព​រូប​នេះ ដឹកនាំ​ក្រុម​កម្មករ​ធ្វើ​បាតុកម្ម​ទ្រង់ទ្រាយ​ធំ បន្ទាប់​ពី​របប​នេះ​ធ្វើ​​ឱ្យ​បាត់​ការ​អនុគ្រោះ​ពន្ធ EBA ចំនួន ២០% ដែល​នឹង​បណ្ដាល​ឱ្យ​កម្មករ​រាប់​ម៉ឺន​នាក់​បាត់​បង់​ការងារ។ តុលាការ​បាន​ចោទ​ប្រកាន់​លោក រ៉ុង ឈុន ពី “បទ​ញុះញង់ ​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម។ ក្រោយ​ការ​ចាប់ខ្លួន រ៉ុង ឈុន នេះ អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ បាន​បន្ត​ចាប់​ខ្លួន​សកម្មជន អ្នកនយោបាយ និង​យុវជន​ប្រមាណ​ជិត ២០នាក់​ទៀត ដោយ​ចោទ​ប្រកាន់ និង​ឃុំ​ដូច​លោក រ៉ុងឈុន ដែរ បន្ទាប់​ពី​ពួក​គេ មាន​គម្រោង និង​បាន​ចូលរួម​តវ៉ា​ដោយ​អហិង្សា​ទាមទារ​ឲ្យ​ដោះលែង​លោក រ៉ុង ឈុន និង​ទាមទារ​ឲ្យ​មាន​យុត្តិធម៌​សង្គម។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ ជាពិសេស​សហជីព​អន្តរជាតិ​ធំៗ ជា​ច្រើន​ស្ថាប័ន បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ជា​បន្តបន្ទាប់ អំពាវនាវ​ឱ្យ​ដោះលែង និង​ទម្លាក់​បទ​ចោទ​ប្រកាន់​លោក រ៉ុង ឈុន និង​អ្នក​ជាប់​ឃុំ​ជា​ច្រើន​នាក់​ផ្សេង​ឱ្យ​មាន​សេរីភាព​មក​វិញ។ អង្គការ​ទាំង​នោះ​ក៏​ជំរុញ​ឱ្យ​រដ្ឋាភិបាល​គោរព​សិទ្ធិ និង​សេរី​ភាពជា​មូលដ្ឋាន​ដូចដែល​មាន​ចែង​ក្នុង​សន្ធិសញ្ញា​អន្តរជាតិ​នានា​ពាក់ព័ន្ធ​នឹង​បញ្ហា​សិទ្ធិមនុស្ស​ផង​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

One Response to "តុលាការ​បដិសេធ​​សំណើ​​របស់​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​ចូល​សួរ​​សុខទុក្ខ​​លោក រ៉ុង ឈុន"

  1. Anonymous says:

    every one knew all about dollar Ka in Cambodia. whatever you do or say no bodies care about it any more. be preparing to run for your life when people is out of their patient .

Leave a Reply

Submit Comment