បក្ស​កាន់​អំណាច​នៅ​កម្ពុជា​ការពារ​ក្រុមហ៊ុន​ចិន​ UDG ​ដែល​រង​ទណ្ឌ​កម្ម​របស់​អាមេរិក

នយោបាយ
16 កញ្ញា 2020
ហ៊ុល រស្មី
វីអូអេខ្មែរ

រូបឯកសារ៖ ការដ្ឋាន​សាងសង់​អាកាសយានដ្ឋាន​មួយ​នៅ​តំបន់​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន​ចិន Union Development Group (UDG) នៅ​ឧទ្យានជាតិ បុទុមសាគរ ខេត្ត​កោះកុង ថ្ងៃ​ទី ៦ ខែ​ឧសភា ឆ្នាំ២០១៨។
រូបឯកសារ៖ ការដ្ឋាន​សាងសង់​អាកាសយានដ្ឋាន​មួយ​នៅ​តំបន់​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន​ចិន Union Development Group (UDG) នៅ​ឧទ្យានជាតិ បុទុមសាគរ ខេត្ត​កោះកុង ថ្ងៃ​ទី ៦ ខែ​ឧសភា ឆ្នាំ២០១៨។

ភ្នំពេញ — ភ្លាមៗ​ក្រោយ ​ក្រសួង​ហិរញ្ញ​វត្ថុ​របស់​សហ​រដ្ឋ​អាមេរិក ​សម្រេច​ដាក់​ទណ្ឌកម្ម​លើ​ក្រុម​ហ៊ុន​ចិន​ Union Development Group ​(ក្រុមហ៊ុន​ យូញៀន​ ឌីវេលឡូប​មិន​ គ្រុប) ​ហៅ​កាត់​ថា​ UDG ​ពាក់ព័ន្ធ​នឹង​ការ​រំលោភ​សិទ្ធិ​មនុស្ស​ និង​អំពើ​ពុក​រលួយ​នោះ​ ​មន្ត្រី​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ថ្លែង​បញ្ជាក់​នៅ​ថ្ងៃ​ពុធ​នេះ​ថា ​បញ្ហា​មួយ​ចំនួន​ដែល​កើត​មាន​នៅ​ក្នុង​តំបន់​អភិវឌ្ឍន៍​របស់​ក្រុម​ហ៊ុន​ចិន​នេះ​ រួម​មាន​វិវាទ​ដីធ្លី​នោះ​ មិន​អាច​ចាត់​ទុក​ថា ​ជា​ការ​រំលោភ​សិទិ្ធ​មនុស្ស​បាន​ទេ។​

ក្រុមហ៊ុន​ Union Development Group ​ទទួល​បាន​ដី​សម្បទាន​ចំនួន​ ៣៦.០០០ ​ហិកតា ​កាលពី​ឆ្នាំ​២០០៨ ​សម្រាប់​ជួល​រយៈ​ពេល ​៩៩​ ឆ្នាំ​ នៅ​ខេត្ត​កោះកុង ​ដើម្បី​អភិវឌ្ឍ​មណ្ឌល​កម្សាន្ត​ទេស​ចរណ៍​ធម្មជាតិ​«តារាសាគរ» ​មាន​ទឹក​ប្រាក់​ ៣៨០០​ លាន​ដុល្លារ​ ដែល​ក្នុង​នោះ​ក៏​មាន​សង់​ព្រលាន​យន្ត​ហោះ​ដ៏​ធំ​ជាង​គេ​បំផុត​នៅ​កម្ពុជា​ និង​កំពង់ផែ​ទឹកជ្រៅ​ ដែល​អាច​បម្រើ​ដល់​ការ​សំចត​របស់​នាវា​ចម្បាំង។​

លោក ​សុខ ឥសាន​ អ្នក​នាំពាក្យ​គណបក្ស​កាន់​អំណាច​ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ពុធ​នេះ​ថា​រដ្ឋាភិបាល​កំពុង​ប្រែ​ក្លាយ​តំបន់​នោះ​ជា​តំបន់​សេដ្ឋ​កិច្ច​ ដោយ​គ្មាន​ចេតនា​ធ្វើ​ឲ្យ​ទីតាំង​នោះ​ក្លាយ​ជា​មូលដ្ឋាន​យោធា​ ដើម្បី​បម្រើ​មហា​អំណាច​ណា​មួយ​នោះ​ឡើយ។​លោក​អះ​អាង​ថា​ ​កម្ពុជា​ចង់​បាន​ត្រឹម​តែ​ពង្រីក​ចរន្ត​សេដ្ឋកិច្ច​ ដែល​អាមេរិក​មិន​គួរ​បារម្ភ​អ្វី​នោះ​ឡើយ។​

«កម្ពុជា​មិន​ចង់​ធ្វើ​មហា​អំណាច​ខាង​យោធា​ទេ។​ កម្ពុជា​ចង់​ត្រឹម​ តែ​ថា​ ​ធ្វើ​ម៉េច​រស់​ ឲ្យ​សេដ្ឋកិច្ច​ចិញ្ចឹម​ប្រជាជន​១៦​លាន​នាក់​ហ្នឹង​ឲ្យ​តែ​រស់​ទៅ​អាហ្នឹង​ វា​ជា​ការ​ប្រសើរ​ហើយ។​អ៊ីចឹង​ យើង​ខិត​ខំ​ក្នុង​បញ្ហា​ កសាង​អភិវឌ្ឍ​ប្រទេស​ យើង​មិន​ចង់​បាន​សង្គ្រាម​មក​នៅ​ក្នុង​កម្ពុជា​ទៀត​ទេ»។​

ទោះ​យ៉ាង​ណា ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន​កាលពី​ថ្ងៃ​អង្គារ​ក្រសួង​ហិរញ្ញ​វត្ថុ​សហ​រដ្ឋ​អាមេរិក ​សរសេរ​ថា ​«មាន​កង្វល់​បន្ថែម​ជាថ្មី​ បន្ទាប់ពី​លោក​ផៃ ស៊ីផាន ​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​កម្ពុជា​ បាន​ ថ្លែង​ប្រាប់​សារ​ព័ត៌មាន​នានា​ក្នុង​ពេល​កន្លង​មក ​(ប៉ុន្តែ​មិន​បញ្ជាក់​កាល​បរិច្ឆេទ)​ ថា ​តំបន់​រមណីយដ្ឋាន​ទេសចរណ៍​តារា​សាគរ​អាច​នឹង​ប្រែក្លាយ​ជា​មូលដ្ឋាន​យោធា​បាន»។​

ឆ្លើយ​តប​ទៅ​នឹង​ការ​ឡើង​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ខាង​លើលោក​ផៃ ស៊ីផាន​ អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​កម្ពុជា​ មាន​ប្រសាសន៍​ថា​លោក​មិន​ធ្លាប់​ទទួល​ស្គាល់​ថា​តំបន់​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន​ចិន ​UDG​នោះ​ អាច​ប្រែ​ទៅ​ជា​មូលដ្ឋាន​ទ័ព​នោះ​ទេ។​

«សុំ​ច្រាន​ចោល​នៃ​របាយ​ការណ៍​ ដែល​លើក​ឈ្មោះ​ខ្ញុំ​ដាក់​ហ្នឹង​ ជា​គួរ​ឲ្យ​ខ្មាស់​អៀន​ ដែល​ខ្ញុំ​មិន​បាន​និយាយ​អ៊ីចឹង»។ ​


ក្រសួង​ហិរញ្ញ​វត្ថុ​សហ​រដ្ឋ​អាមេរិក ​បាន​ផ្តល់​ហេតុផល​នាំ​ដល់​ការ​ដាក់​ទណ្ឌកម្ម​លើ​ក្រុម​ហ៊ុន​UDG​ ថា៖​

«សកម្ម​ភាព​របស់​ក្រុម​ហ៊ុន​ Union Development Group ​គឺ​បាន​បង្ខំ​ពលរដ្ឋ​កម្ពុជា​ចេញ​ពី​ដីធ្លី​របស់​ពួក​គេ​ និង​បំផ្លាញ​បរិស្ថាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព​រស់​នៅ​របស់​សហគមន៍​មូលដ្ឋាន ​ហើយ​ទាំង​ អស់​នេះ ​គឺ​ធ្វើ​ឡើង​ក្រោម​រូបភាព​បន្លំ​ប្រែ​ក្លាយ​កម្ពុជា ​ឲ្យ​ទៅ​ជា​កន្លែង​ភ្ជាប់​ភស្តុភារ​ថ្នាក់​តំបន់​ និង​គោលដៅ​ទេសចរណ៍»

សហ​រដ្ឋ​អាមេរិក​កត់​សម្គាល់​ថា​ក្រុមហ៊ុន​ Union Development Group ​បាន​ធ្វើ​សកម្ម​ភាព​កន្លង​មក​តាម​រយៈ​លោក​នាយ​ឧត្តម​សេនីយ៍​ គន់ គីម ​ជា​ទេស​រដ្ឋមន្ត្រី​ទទួល​បន្ទុក​បេសក​កម្ម​ពិសេស ​ជា​អនុ​ប្រធាន ​និង​ជា​អគ្គលេខាធិការ​សមាគម​អតីត​យុទ្ធជន​កម្ពុជា​ និង​ជា​មនុស្ស​ជំនិត​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន។

លោក​គន់ គីម​ត្រូវ​បាន​សហ​រដ្ឋ​អាមេរិក​ចោទប្រកាន់​ថា​ «បាន​ប្រើប្រាស់​ឥទ្ធិពល​និង​បណ្តាញ​របស់​ខ្លួន​ដើម្បី​កេង​ប្រវ័ញ្ច»​ពលរដ្ឋ​កម្ពុជា​ ហើយ​ផ្តល់​ផល​ប្រយោជន៍​ដល់​ក្រុមហ៊ុន​ចិន ​ដែល​មក​ប្រកប​អាជីវកម្ម​នៅ​កម្ពុជា។​

វីអូអេ​ បាន​ព្យាយាម​សុំការ​អធិប្បាយ​ពី​លោក ​គន់ គីម​ និង​ក្រុមហ៊ុន ​UDG ​ដែរ​ តែ​នៅ​មិន​ទាន់​អាច​ទាក់ទង​បាន​ទេ​ ​នៅ​ថ្ងៃ​ពុធ​នេះ។​

រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញ​វត្ថុ​សហ​រដ្ឋ​អាមេរិក​លោក​ Steven T. Mnuchin ​បាន​ថ្លែង​នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ថា៖​ «ក្រោយពី​បាន​ចុះ​ឈ្មោះ​ក្លែងក្លាយ​ជា​ក្រុមហ៊ុន​កម្ពុជា​ ដើម្បី​ទទួល​បាន​គម្រោង​អភិវឌ្ឍន៍​តារា​សាគរ​ ក្រុមហ៊ុន​ UDG​ បាន​ប្តូរ​មក​ម្ចាស់​ពិតប្រាកដ​ និង​បន្ត​ធ្វើ​ប្រតិបត្តិ​ការ​ ដោយ​គ្មាន​ការ​ដាក់​ទោសទណ្ឌ​អ្វី​ទាំងអស់។​ សហ​រដ្ឋ​អាមេរិក​ប្តេជ្ញា​ប្រើប្រាស់​អំណាច​ពេញ​លេញ​ ដើម្បី​តាម​រក​ការ​ប្រព្រឹត្ត​ដូច​នេះ​ ទោះបី​ជា​នៅ​ទីណា​ក៏​ដោយ»។​

ស្រប​ពេល​ជាមួយគ្នា​នេះ​ដែរ​លោក​រដ្ឋមន្ត្រី​ការ​បរទេស​អាមេរិក ​Mike Pompeo​ បាន​លើក​ឡើង​នៅ​លើ​បណ្តាញ​ទំនាក់​ទំនង ​Twitter​ កាលពី​ថ្ងៃ​អង្គារ​ថា៖ ​«ថ្ងៃ​នេះ​ សហ​រដ្ឋ​អាមេរិក​បាន​ដាក់​ទណ្ឌកម្ម​លើ​ក្រុមហ៊ុន Union Development Group ​របស់​សាធារណ​រដ្ឋ​ប្រជាមានិត​ចិន​ ចំពោះ​តួនាទី​របស់​ខ្លួន​ក្នុង​ការ​ប្រព្រឹត្ត​អំពើ ​ពុក​រលួយ​នៅ​កម្ពុជា។​ យើង​នឹង​មិន​អត់​ឱន​ឱ្យ​សកម្ម​ភាព​របៀបៗ​នេះ​បាន​នោះ​ទេ ​ ដ្បិត​វា​ជា​សកម្មភាព​ដែល​ប្រឆាំង​នឹង​ប្រជាជន​កម្ពុជា។ ​ យើង​នឹង​ឈរ​នៅ​ជានិច្ច​កាល​ជាមួយ​ប្រជាជន​កម្ពុជា»។​


លោក ​សុខ ឥសាន​ ដែល​ជា​សមាជិក​ព្រឹទ្ធ​សភា​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ផង​នោះ​ មាន​ប្រសាសន៍​ថា​បញ្ហា​ដីធ្លី​ដែល​កើត​មាន​នៅ​តំបន់​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន ​Union Development Group ​ត្រូវ​បាន​រាជ​រដ្ឋាភិបាល​ចាត់​ការ​ជា​បណ្តើរៗ​រួច​ហើយ​ ​ ហើយ​ថា​ ទំនាស់​ដីធ្លី​នៅ​ទីនោះ​ មិន​គួរ​យក​មក​ធ្វើ​ជា​ចំណាត់​ខ្មាំង​ប្រឆាំង​នឹង​ការ​អភិវឌ្ឍ​ទេ។​

«បើ​យក​គ្រាន់តែ ​យក​អា​ទំនាស់​ដីធ្លី​កំប៉ិក​កំប៉ុក​ យក​មក​ធ្វើ​ជា​មូលដ្ឋាន​ថា​ រំលោភ​សិទ្ធិ​មនុស្ស​ខ្ញុំ​ថា​កម្ពុជា​ វា​អត់​មាន​ពន្លឺ​អី​ពីរឿង​សិទ្ធិ​មនុស្ស​ទេ។​ វា​គ្រប់​កន្លែង​ទាំង​អស់​ ពីព្រោះ​តែ​កាល​ណា​មាន​ការ​ អភិវឌ្ឍ​ មាន​ការ​ដី​ឡើង​ថ្លៃ​ អាហ្នឹង​សុទ្ធ​តែ​មាន​អ្នក​អះអាង​ថា​ អ៊ីចេះ ​ថា​អ៊ី​ចុះ»។​

វីអូអេ​មិន​ទាន់​អាច​សុំការ​អធិប្បាយ​ពី​លោក​ស្រី មិថុនា ភូថង​ អភិបាល​ខេត្ត​កោះកុង​បាន​ទេ​ ដោយ​សារ​ទូរស័ព្ទ​រោទិ៍​គ្មាន​អ្នក​ទទួល។​

រូបឯកសារ៖ រូបភាព​នៃ​ព្រលាន​យន្តហោះ​របស់​ក្រុមហ៊ុន​ចិន Union Development Group (UDG) ក្នុង​ខេត្តកោះកុង។ (ស៊ុន ណារិន/VOA)
រូបឯកសារ៖ រូបភាព​នៃ​ព្រលាន​យន្តហោះ​របស់​ក្រុមហ៊ុន​ចិន Union Development Group (UDG) ក្នុង​ខេត្តកោះកុង។ (ស៊ុន ណារិន/VOA)

លោក ​ហ៊ួរ អីន​ អ្នក​សម្រប​សម្រួល​សិទ្ធិ​មនុស្ស​របស់​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​ប្រចាំ​ខេត្ត​កោះកុង​ មាន​ប្រសាសន៍​ថា​ ការ​ដោះស្រាយ​សំណង​សម្រាប់​ពលរដ្ឋ​ដែល​មាន​ដីធ្លី​នៅ​ជាន់​គ្នា​នឹង​តំបន់​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន​ Union Development Group ​នោះ​មិន​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​សម​ស្រប​ទេ​ហើយ​ពល​រដ្ឋ​ក៏​កំពុង​ប្រឈម​ការ​លំបាក​នឹង​ការ​រស់​នៅ​លើ​ទីតាំង​ថ្មី​ ដែល​ជា​តំបន់​ភ្នំ​ឆ្ងាយ​ពី​ទីតាំង​នេសាទ។​

«សម្រាប់​ទីតាំង​ថ្មី​ដាក់​នៅ​លើ​ភ្នំ​ ហើយ​ពួក​គាត់​អ្នក​នេសាទ។​ ហើយ​សម្រាប់​ការ​បង្ក​បង្កើត​ផល​ដំណាំ​ គឺ​ការ​ចាប់​ផ្តើម​ជា​ថ្មី​អ៊ីចឹង​ពួក​គាត់​ត្រូវ​ការ​រយៈ​ពេល​យូរ​ ហើយ​ចំពោះ​ការ​នេសាទ​ គឺ​អត់​អាច​ធ្វើ​បាន​ទេ​ នៅ​ទីតាំង​ថ្មី​ទាំង​ហេដ្ឋា​រចនា​សម្ព័ន្ធ ​ក៏​អត់​បាន​បំពេញ​ទៅតាម​លក្ខខណ្ឌ​ ដែល​បាន​សន្យា​ក្នុង​ការ​ដោះស្រាយ​ជូន​ប្រជា​ពលរដ្ឋ​ដែរ។​អ៊ីចឹង​យើង​ឃើញ​ថា​ប្រជា​ពលរដ្ឋ​ភាគ​ច្រើន​គឺ​មិន​បាន​ពេញ​ចិត្ត​នឹង​ទទួល​យក​ក្នុង​ការ​ដោះស្រាយ​កន្លង​មក​របស់​ក្រុម​ហ៊ុន ​Union Development Group ​ទេ»។​

លោក​បន្ថែម​ថា​ប្រជា​ពលរដ្ឋ​ជាច្រើន​រយ​គ្រួសារ​ទៀត​ នៅ​បន្ត​ជាប់​គាំង​ក្នុង​ទំនាស់​ដីធ្លី​នៅ​ឡើយ​ រហូត​មក​ដល់​ពេល​នេះ។

ការ​ដាក់​ទណ្ឌកម្ម​របស់​ក្រសួង​ហិរញ្ញ​វត្ថុ​សហ​រដ្ឋ​អាមេរិក​មក​លើ​ក្រុមហ៊ុន​ចិន ​UDG​ ដដែល​នោះ​ក៏​ធ្វើ​ឡើង​ ក្រោម​ច្បាប់ ​Magnitsky ​ដែល​សំដៅ​លើ​មន្ត្រី​ ឬ​ស្ថាប័ន​នៃ​រដ្ឋាភិបាល​បរទេស​ណា ​ដែល​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​ ហើយ​ហាម​ឃាត់​មិន​ឱ្យ​ពលរដ្ឋ​អាមេរិកាំង​ធ្វើ​ពាណិជ្ជ ​កម្ម​ជាមួយ​ ឬ​មិន​ឱ្យ​ចេញ​ចូល​សហរដ្ឋ​អាមេរិក​ទេ។​

អ្នក​សិក្សា​ស្រាវជ្រាវ​វិស័យ​ការពារ​ជាតិ​មាន​មូលដ្ឋាន​នៅ​សហ​រដ្ឋ​អាមេរិក​ ធ្លាប់​ព្រមាន​កន្លង​មក​ថា​ «តំបន់​អភិវឌ្ឍន៍​ខ្នាត​ធំ​ខាង​លើ​របស់​ក្រុមហ៊ុន ​UDG​ មាន​ជាប់​ពាក់ព័ន្ធ​នឹង​គណបក្ស​កុម្មុយនីស្ត​ចិន​និង​ជា​ផ្នែក​មួយ​នៃ​គម្រោង​ការ​យុទ្ធសាស្ត្រ​សន្តិសុខ​ ​និង​ភូមិ​សាស្ត្រ​នយោបាយ​របស់​ចិន​ នៅ​ក្នុង​តំបន់​ចុង​បូព៌ា ​ដូច​យ៉ាង​គម្រោង​ផ្លូវ​ក្រវ៉ាត់​ពាណិជ្ជ​កម្ម​របស់​ចិន​[Belt and Road Initiative]​ជាដើម»

What Next?

Recent Articles

Leave a Reply

Submit Comment