មន្រ្តីរដ្ឋាភិបាល​ថា​ទណ្ឌកម្ម​របស់​ក្រសួងរតនាគារ​អាមេរិក​ដាក់លើ​ក្រុមហ៊ុនចិន UDG ប្រាសចាក​ការពិត

ដោយ សុជីវី
2020-09-16
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ក្រសួង​រតនាគារ​អាមេរិក ប្រកាស​ដាក់​ទណ្ឌកម្ម​លើ​ក្រុមហ៊ុន​គ្រប់គ្រង​ដោយ​រដ្ឋអំណាច​ចិន ឈ្មោះ Union Development Group ឬ​ UDG កាលពីថ្ងៃទី១៥ ខែ​កញ្ញា ឆ្នាំ​២០២០។

ក្រសួង​រតនាគារ​អាមេរិក ប្រកាស​ដាក់​ទណ្ឌកម្ម​លើ​ក្រុមហ៊ុន​គ្រប់គ្រង​ដោយ​រដ្ឋអំណាច​ចិន ឈ្មោះ Union Development Group ឬ​ UDG កាលពីថ្ងៃទី១៥ ខែ​កញ្ញា ឆ្នាំ​២០២០។ Screenshot


មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​កម្ពុជា​សម្តែង​ការសោកស្ដាយ​ចំពោះ​ ទណ្ឌកម្ម​អាមេរិក​លើ​ក្រុមហ៊ុន​ចិន យូឌីជី (Union Development Group (UDG) ) វិនិយោគ​គម្រោង​អភិវឌ្ឍន៍​ខ្នាតធំ​នៅ​ខេត្តកោះកុង ដោយសារ​តែ​ក្រុមហ៊ុន​ចិន​ពាក់ព័ន្ធ​នឹង​ការរំលោភ​សិទ្ធិមនុស្ស និង​ដីធ្លី។ មន្រ្តី​រដ្ឋាភិបាល​ចាត់ទុក​ថា របាយការណ៍​របស់​អាមេរិក ដែល​នាំឲ្យ​មាន​ទណ្ឌកម្ម​នេះ​ប្រាសចាក​ពី​ការពិត​ទាំងស្រុង។ ទោះបីជាយ៉ាងណា​អ្នកឃ្លាំមើល​បរិស្ថាន និង​មន្ត្រី​សង្គមស៊ីវិល​យល់ថា​នេះ​ជា​ការជួយ​ទប់ស្កាត់​ការបំផ្លាញ​ធនធាន​ធម្មជាតិ​របស់​ក្រុមហ៊ុន​បរទេស ដែល​មាន​ឥទ្ធិពល​មក​លើ​រដ្ឋាភិបាល​ខ្មែរ។

អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន សរសេរ​លើហ្វេសប៊ុក កាលពីថ្ងៃទី១៦ ខែ​កញ្ញា​ ឆ្នាំ​២០២០។

ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន លើក​ឡើង​ថា​រមណីយដ្ឋាន​របស់​គីរីសាគរ ក្នុង​ខេត្តកោះកុង ជា​វិនិយោគ​របស់​ក្រុមហ៊ុនចិន​នេះ​គ្មាន​មូលដ្ឋាន​ទ័ព​បរទេស​នោះ​ទេ។ លោក​ស្នើឱ្យ​ក្រសួង​រតនាគារ​អាមេរិក​ពិនិត្យ​ជាថ្មី​ឡើងវិញ ព្រោះ​ការចោទ​ប្រកាន់​នេះ ប៉ះពាល់​កិតិ្តយស​កម្ពុជា។ លោក ផៃ ស៊ីផាន ថ្លែង​បែប​នេះ ក្នុង​ទំព័រហ្វេសបុក​របស់ខ្លួន ដែល​លោក​បង្ហោះ​នៅថ្ងៃ​ទី១៦ ខែកញ្ញា​នេះ។ អាស៊ីសេរី​បាន​ព្យាយាម​ទាក់ទង លោក ផៃ ស៊ីផាន ដើម្បី​សុំ​ការបំភ្លឺ​រឿងនេះ​ជាច្រើន​ដង តែ​លោក​មិនលើក​ទូរស័ព្ទ នៅ​ថ្ងៃទី​១៦ កញ្ញា។ ចំណែក​តំណាង​ក្រុមហ៊ុន UDG ក៏​អាស៊ីសេរី​មិនអាច​ទាក់ទង​បាន​ដែរ​នៅថ្ងៃ​ដដែល​នេះ។

ប៉ុន្តែ​អ្នកនាំពាក្យ​គណបក្ស​កាន់​អំណាច លោក សុខ ឥសាន អះអាង​ថា​ការដាក់ទណ្ឌកម្ម​នេះ ជា​សិទ្ធិ​របស់​សហរដ្ឋ​អាមេរិក មិន​ប៉ះពាល់​ដំណើរ​ការអភិវឌ្ឍន៍​របស់​ក្រុមហ៊ុន​នេះ​ទេ។ លោក​ថា​ក្រុមហ៊ុន UDG ទទួល​សិទ្ធិ​វិនិយោគ​ស្របតាម​គម្រោង​ប្លង់ ដែល​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បាន​អនុម័ត​រួច​ហើយ ដែល​មាន​ទុនវិនិយោគ​រាប់ពាន់លាន​ដុល្លារ។ លើសពី​នេះ​ទៀត បើទោះ​បីជា សហរដ្ឋ​អាមេរិក​ដាក់​ទណ្ឌកម្ម​លើ​ក្រុមហ៊ុន​ចិន​នេះ​ក្តី​ក៏​មិន​ប៉ះពាល់​ដល់​ទំនាក់ទំនង​ល្អ​រវាង​អាមេរិក និង​កម្ពុជា​ដែរ៖ «ក្របខណ្ឌ​ឯករាជ្យ អធិបតេយ្យភាព​របស់​យើង គឺ​យើង​ធ្វើ​ក្នុង​ក្របខណ្ឌ​ហ្នឹង ត្រង់​ថា បរទេស​ដាក់​ទណ្ឌកម្ម​ពី​ខាងក្រៅ អាហ្នឹង​ជារឿង​គាត់ ក៏​ប៉ុន្តែ​វាអត់​មាន​ប្រសិទ្ធភាព​អីទេ ព្រោះ​ដំណើរការ​អភិវឌ្ឍន៍ទៅ​មុខ ដំណើរការ​ដដែល អត់មាន​រាំងស្ទះ​អី​ទេ។ ទណ្ឌកម្ម​លើ​ក្រុមហ៊ុន​ចិន យ៉ាងណា​ក៏​ដោយ ខ្ញុំ​យល់​ថា​ទំនាក់ទំនង​ទ្វេរ​ភាគី​រវាង​កម្ពុជា និង​អាមេរិក​នៅ​តែ​ដំណើរការ​ទៅ​មុខ​ដដែល​ទេ។»

ទោះបីជា​យ៉ាងណា មន្រ្តី​សង្គម​ស៊ីវិល​ឲ្យ​ដឹងថា​ក្រុមហ៊ុនចិន​នេះ​មក​រកស៊ី​នៅ​ស្រុកខ្មែរ​បង្ក​ការរំលោភ​បំពាន​សិទ្ធិមនុស្ស។

មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក ខេត្ត​កោះកុង លោក ថោង ច័ន្ទតារា ឱ្យ​ដឹង​ថា គម្រោង​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន​នេះ ប៉ះពាល់​ពលរដ្ឋ​ចំនួន២ស្រុក និង​៦ឃុំ​ស្ថិតនៅ​ស្រុកបុទុមសាគរ និង​ស្រុកគិរីសាគរ ក្នុង​ខេត្តកោះកុង។ លោក​បញ្ជាក់​ថា​មកទល់​ពេលនេះ​មាន​ពលរដ្ឋ​ជាង១ពាន់គ្រួសារ ដែល​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​នេះ នៅ​មិនទាន់​ទទួល​បាន​ដំណោះស្រាយ​សមស្រប​នៅ​ឡើយ​ទេ ហើយ​ពួកគេ​កំពុង​រង់ចាំ​ដំណោះស្រាយ​ពី​ស្ថាប័ន​ថ្នាក់ជាតិ​ជាង​១០ឆ្នាំ​មក​ហើយ៖ «ការអភិវឌ្ឍន៍​លុះត្រាណា​មាន​ការចូលរួម ហើយ​យើង​ផ្សព្វផ្សាយ​ពី​គម្រោង​ហ្នឹង​ឲ្យ​ច្បាស់លាស់ ការអភិវឌ្ឍន៍​របស់​យើង​ភាគច្រើន​ចេញ​ពី​ថ្នាក់ជាតិ​មក ពេលខ្លះ​ពលរដ្ឋ​គាត់​អត់​បាន​យល់​ដឹង គាត់​អត់​បាន​ចូលរួម ការអភិវឌ្ឍន៍​វាអត់​មាន​តម្លាភាព។ នៅ​ទាំងអស់​អត់មាន​ដំណោះស្រាយ​អីទេ សរុប ៦ឃុំ​នៅ​តែ​ទាំងអស់។»

ជាមួយគ្នានេះ​ស្ថាបនិក​អង្គការ​មាតាធម្មជាតិ លោក អាឡិកហាន់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសិន (Alejandro Gonzalez Davidson) យល់ថា​មូលហេតុ ដែលអាមេរិក​ដាក់​ទណ្ឌកម្ម​ក្រុមហ៊ុនចិន ដោយសារ​មាន​ពាក់ព័ន្ធ​ភូមិសាស្ត្រ​នយោបាយ ឬ​បង្កប់​មូលដ្ឋាន​យោធាចិន​ក្នុង​ខេត្តកោះកុង។ លោក​បញ្ជាក់ថា​ទណ្ឌកម្ម​នេះ​ជា​សារព្រមាន​ដល់​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន ហើយ​នឹង​មាន​ដាក់ទណ្ឌកម្ម​ផ្សេងៗ​ទៀត ចំពោះ​គ្រួសារ​ត្រកូលហ៊ុន និង​ឧកញ៉ាគ្រាក់​ក្នុង​របបនេះ ប្រសិនបើ​នៅ​បន្ត​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ និង​បំផ្លាញ​ធនធាន​ធម្មជាតិ​ជា​ពិសេស​គឺ​វត្តមាន​យោធាចិន​ក្នុង​ខេត្តកោះកុង៖ «បើសិន​នៅតែ​អនុញ្ញាត​ឲ្យ​យោធាចិន​មក​ដាក់ទ័ព​នៅ​ខ្មែរហ្នឹង មិនមែន​ត្រឹម UDG មិនមែន​ត្រឹម ក្រុមហ៊ុន ទ្រី ភាព និងគន់ គីមទេ គឺ​នឹង​ថែម ហើយ​យូរៗ​ទៅ​ប៉ះដល់​ត្រកូលហ៊ុន​ហើយ លី យ៉ុងផាត់ផង ឬ​ក៏ ហ៊ុន ម៉ាណែត ហ្នឹង​តែ​ម្ដង។ អាហ្នឹង​ជាសារ​មួយ​របស់​គេ ប្រាប់ថា បើ​អ្នកឯង​មិនថយ តិចទៀត​ប៉ះ​អ្នកឯង​ហើយ ហើយ​នឹង​មាន​ទណ្ឌកម្ម​តទៅ​មុខទៀត។»

ក្រៅពីក្រុមហ៊ុន​ចិន UDG នេះ មកទល់​ពេលនេះ មាន​ក្រុមហ៊ុន​ខ្មែរ​ចំនួន​១៦​រួចទៅ​ហើយ ដែល​អាមេរិក​ដាក់​ទណ្ឌកម្ម ដោយសារតែពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្ស៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

One Response to "មន្រ្តីរដ្ឋាភិបាល​ថា​ទណ្ឌកម្ម​របស់​ក្រសួងរតនាគារ​អាមេរិក​ដាក់លើ​ក្រុមហ៊ុនចិន UDG ប្រាសចាក​ការពិត"

  1. Anonymous says:

    the question is are you believe every one will what you are saying?? specially HUN SEN leadership leaded by AKAK SENA MOHA PENCHO: HUN SEN this evil lying all the time. my massage to HUN SEN if the massage from your spook’s man is true you are OK but if it is not true be very careful you may lost your last eye OK. I do not think this is a childish game of hide and seek . I do not think HUN SEN can crew up the world whit his ideological evil mind that he though he is AH…CHESSTU in the whole world. soon we will see this evil going hell without mercy .

Leave a Reply

Submit Comment