អង្គការ​ខ្មែរ​នៅក្រៅ​ប្រទេស​ ជំរុញ​សមាជិក​ព្រឹទ្ធសភា​អាមេរិក​ ឲ្យ​​ពន្លឿន​ច្បាប់​ដាក់ទណ្ឌកម្ម​របប​លោក​ ហ៊ុន​ សែន

ដោយ មួង ណារ៉េត
2020-09-15
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

សមាជិក​ព្រឹទ្ធសភា​លោក អិត ម៉ាកឃី (Ed Markey)និង​លោក ឃ័ររី ​ហ្កាតន័រ​ (Cory​ Gardner​)

សមាជិក​ព្រឹទ្ធសភា​លោក អិត ម៉ាកឃី (Ed Markey)និង​លោក ឃ័ររី ​ហ្កាតន័រ​ (Cory​ Gardner​) Their respective Facebook accounts


អង្គការ​ និង​សមាគមន៍​ខ្មែរ​នៅក្រៅ​ប្រទេស​ជិត​ ២០​ រួមគ្នា​រៀបចំ​ធ្វើ​ញត្តិ​ ដើម្បី​ជំរុញ​សមាជិក​ព្រឹទ្ធ​សភា​អាមេរិក​ ឲ្យ​ពន្លឿន​ច្បាប់​ដាក់ទណ្ឌកម្ម​របប​លោក​ ហ៊ុន​ សែន​ ឲ្យ​បាន​ឆាប់​តាម​ដែលអាច​ធ្វើទៅ​បាន ដោយសារ​តែលោក​ ហ៊ុន សែន មានះ​មិនព្រម​ស្តារ​ស្ថានភាព​ រំលោភ​សិទ្ធិមនុស្ស និង​បំផ្លាញ​ប្រជាធិបតេយ្យ​។

អង្គការ​ និង​សមាគមន៍ខ្មែរ​នៅក្រៅ​ប្រទេស​ចំនួន​ ១៩ រួមមាន​ទាំង​នៅ​អូស្រ្តាលី​ និង​ កាណាដា​ និងភាគច្រើន​នៅ​សហរដ្ឋ​អាមេរិក​ កាល​ពីថ្ងៃ​ទី ១៤​ ខែ​ កញ្ញា​ បាន​រួម​គ្នា​រៀបចំ​ធ្វើ យុទ្ធនាការ​តាម​ប្រព័ន្ធ​អ៊ិនធើណិ​ត ដើម្បីប្រមូល​ហត្ថលេខា​ពលរដ្ឋ​សហគមន៍​ខ្មែរ​ នៅ​ក្រៅប្រទេស​ ជាពិសេស​តាមរដ្ឋនានា​នៅក្នុង​សហរដ្ឋអាមេរិក​ ដើម្បីរៀបចំ​ជាញត្តិ​ ដាក់ទៅ​សមាជិក​ព្រឹទ្ធសភា​អាមេរិក ឲ្យ​ប្រញាប់​អនុម័ត​ច្បាប់​ ដើម្បី​ដាក់​ទណ្ឌកម្ម​លើ​របប​លោក​ ហ៊ុន សែន និង​ ដាក់​ទណ្ឌកម្ម​លើ​បុគ្គលទាំង​ឡាយ​នៅក្នុងជួរ​​របបនេះ​ ដែល​ចូល​ដៃ​ក្នុងការ​រំលោភសិទ្ធិមនុស្ស និង​បំផ្លាញ​ប្រជាធិបតេយ្យ​ធ្ងន់ធ្ងរ​។​

ពលរដ្ឋ​ខ្មែរ​អាមេរិក​ម្នាក់​ និង​ជា​ប្រធាន​អង្គការ​បណ្តាញ​ពលរដ្ឋ​ខ្មែរ​ដើម្បី​កម្ពុជា​ (Khmer​ People’s​ Network​ for​ Cambodia​) ដែល​ចូលរួម​ក្នុង​យុទ្ធនាការ​នេះ​ដែរ គឺ​លោក ​លោក​ យ័ប​ គឹម​ទឹង​ (Yap Kim Tung​) ឲ្យ​អាស៊ីសេរី​ដឹង​ កាល​ពីថ្ងៃ​ទី​ ១៥​ ខែ​ កញ្ញា​ ថាស្ថានភាព​រំលោភ​សិទ្ធិមនុស្ស​ និង​បំផ្លាញ​ប្រជាធិបតេយ្យ​នៅកម្ពុជា​ កាន់តែ​អាក្រក់​ឡើង​ជាលំដាប់ ដែល​តម្រូវ​ឲ្យសហគមន៍​ខ្មែរ​នៅ​គ្រប់​ទិសទី ត្រូវ​ពួតដៃគ្នា ដើម្បី​កៀរគរ រក​ការ​ដាក់សម្ពាធ​ឲ្យកាន់តែ​ខ្លាំង​លើ​របបលោក​ ហ៊ុន សែន ធ្វើយ៉ាង​ណាឲ្យ​របបនេះ​ ងាកមក​ស្តារ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ឡើង​វិញ ឲ្យ​ខាង​តែបាន <<ពួក​យើង​បារម្ភក្រែងលោច្បាប់​ហ្នឹង​វាផុត​កំណត់​ ព្រោះ​ជិត​ដាច់​ឆ្នាំ​ហើយ។ ម្ល៉ោះ​ហើយ​ យើង​ចង់​ដាស់តឿន​ប្រជាជន​យើង​ ឲ្យ​គាត់​ប្រាប់​ទៅសមាជិកព្រឹទ្ធសភា (senators) ម្តងទៀត​។ បើ​សិន​គេ​បាន​ប្រាប់​មុនហើយ ក៏ប្រាប់ទៅ។ ប៉ុន្តែ​បើ​គេ​មិន​ទាន់​បាន​ប្រាប់​ទេ យើង​គ្រាន់តែ​តាស់តឿន​សមាជិកព្រឹទ្ធសភា​ឲ្យអនុម័ត​បញ្ចប់​ច្បាប់​ហ្នឹង​>>​។​

ច្បាប់​ដែល​អង្គការ​ទាំងនេះ​ កៀរគរ​សហគមន៍​ខ្មែរ​នៅក្រៅ​ប្រទេស​ ឲ្យ​រម្លឹក​សមាជិក​ព្រឹទ្ធសភា​ ឲ្យ​ឆាប់​អនុម័ត​មុនដាច់​ឆ្នាំនេះ​ គឺច្បាប់​ស្តី​ពី​ប្រជាធិបតេយ្យ​កម្ពុជា​ឆ្នាំ​ ២០១៩​ ឬ​ H.R.526​ ដែល​ត្រូវ​បាន​អនុម័ត​ជាឯកច្ឆន្ទ​ ដោយ​សភា​អាមេរិក​កាលពី​ខែ​ កក្កដា​ ឆ្នាំ ២០១៩​ និង​សព្វថ្ងៃ​កំពុង​ទើ​នៅ​លើដៃ​គណៈកម្មាធិការ​ព្រឹទ្ធសភា​។ គេហទំព័រ​រដ្ឋសភា​អាមរិក​បញ្ជាក់​ថា កាលពី​ចុងឆ្នាំ​ ២០១៩​ ព្រឹទ្ធសភា​អាមេរិក បានយោង​ទៅ​ច្បាប់​នេះ​ពីរ​ដង​ និងបាន​ប្រគល់ឲ្យ​គណៈកម្មាធិការ​ព្រឹទ្ធសភា​ដើម្បី​ពិនិត្យ​។

បន្ថែម​ទៅលើច្បាប់​ដែលរដ្ឋសភា​អាមេរិក​អនុម័ត​រួច​ និងបញ្ជូន​ទៅដល់ដៃ​ព្រឹទ្ធសភា​ហើយ​នោះ ខាង​សមាជិក​ព្រឹទ្ធសភា​ពីររូប​ គឺ​លោក​ អិត​ ម៉ាឃី​ (Ed Markey)​ ដែលជាប្រធាន​អនុគណៈ​កម្មាធិការ​ទំនាក់ទំនង​ការបរទេស​ ទទួល​បន្ទុក​កិច្ចការ​អាស៊ីបូព៌ា​ និងប៉ាស៊ីហ្វិក​របស់ព្រឹទ្ធសភា​ និងលោក​ ឃ័ររី ហ្កាតន័រ​ (Cory Gardner) កាលពីដើម​ខែ មករា​ បានដាក់​សេចក្តី​ស្នើ​ច្បាប់ ឈ្មោះថា​ ច្បាប់ស្តីពី​ប្រជាធិបតេយ្យ​កម្ពុជា​ the Cambodia Democracy Act ឬ S.3081 ដើម្បី​ជាសេចក្តី​ស្នើ​ច្បាប់​ អម​ទៅ​នឹង​ច្បាប់​ H.R.526 នោះ​។

លោក​ យ័ប​ គឹម​ទឹង បន្ថែមថាយុទ្ធនាការរួម​រ​បស់អង្គកាទាំង ១៩ លើបណ្តាញ​អ៊ិនធើណិត​នៅពេល​នេះ គឺធ្វើ​ឡើង​ក្នុង​គោលបំណង ជួយពលរដ្ឋ​ខ្មែរនៅ​ក្រៅប្រទេស​ បំពេញ​ឯកសារ​ដើម្បី​ដាក់បញ្ចូល​ក្នុងញត្តិ ដែលត្រូវ​ផ្ញើ​ទៅ​សមាជិកព្រឹទ្ធ​សភាអាមេរិក​។

លោកថា មាន​តែច្បាប់​ដាក់ទណ្ឌកម្ម​លើ​របបលោក ហ៊ុន សែន និង​មនុស្ស​ពាក់ព័ន្ធ​ក្នុងជួរ​របបនេះ​ទេ ទើប​អាចមាន​ប្រសិទ្ធភាព​ក្នុងការដាក់​សម្ពាធ​ឲ្យ​លោក ហ៊ុន សែន ងាកមកស្ដារសិទ្ធិមនុស្ស​ និង​ប្រជាធិបតេយ្យ​ឡើងវិញ។ លោកលើក​ឧទាហរណ៍ អំពី​ប្រសិទ្ធភាព​នៃ​ទណ្ឌកម្ម​ដែល​សហរដ្ឋ​អាមេរិក កាលពី​ដើមខែ សីហា កន្លងទៅ​នេះ បាន​ដាក់លើមន្រ្តីជាន់ខ្ពស់​នៅទីក្រុងហុងកុង​ចំនួន​ ១១ នាក់​ ដែល​រំលោភ​សិទ្ធិមនុស្ស និង​បំផ្លាញ​ប្រជាធិបតេយ្យ​ដែរ។​ ក្នុងចំណោមអ្នក​ដែលរងទណ្ឌកម្ម​នៅហុងកុង​នោះ ក៏មានអភិបាល​ក្រុង​នេះ គឺអ្នកស្រី​ ឃែរី​ ឡែម​ (Carrie Lam) ដែលរង​ការបង្កក​​ទ្រព្យស​ម្បត្តិ​ និង​ហាមឃាត់​រាល់ប្រតិ​បត្តិការ​ហិរញ្ញវត្ថុ​របស់​ពួកគាត់ ក្នុង​ប្រព័ន្ធហិរញ្ញវត្ថុ និង​ធនាគារ​អាមេរិក​ <<ទោះបីគាត់​អត់មាន​មកលេង​អាមេរិក  ឬមានលុយដាក់តម្កល់នៅស្រុក​អាមេរិក ប៉ុន្តែ​ដាក់​តម្កល់នៅ​ធនាគារ​ហុងកុង ដែលប្រើលុយ​ដុល្លារ​ដែរ គឺគាត់​មិនអាច​ប្រើកាត​ក្រេឌីត​បាន។​ មានន័យថា​ ថ្ងៃក្រោយ​គាត់​ចង់ទិញឡាន ទិញផ្ទះ រកស៊ីលក់ដូរ​អ្វី ក៏មិនបាន ដោយ​សារ​ធនាគារ​មិន​ហ៊ាន​រក​ស៊ី​ជាមួយ​គាត់ ព្រោះធនាគារ​ខ្លាច​ត្រូវ​ទណ្ឌកម្ម​ពី​សហរដ្ឋអាមេរិក​ដែរ​>>​

អាស៊ីសេរី​មិន​ទាន់អាច​សុំការឆ្លើយតប​​ពី​មន្រ្តីនាំ​ពាក្យ​របបក្រុងភ្នំពេញ​ ជុំវិញ​​រឿង​នេះបាន​​នៅ​ឡើយ​ទេ​​។ ប៉ុន្តែ​លោក ផៃ ស៊ីផាន តែង​​តែ​​អះអាង​ជា​ប្រចាំ​ថា រដ្ឋាភិបាល​កម្ពុជា មិន​ចាប់​អារម្មណ៍​នឹង​​សេចក្តី​​ស្នើ​ច្បាប់របស់​សមាជិក​សភា និង​សមាជិកព្រឹទ្ធសភាអាមេរិក​នោះ​ទេ ព្រោះ​លោកអះអាង​ថា​កម្ពុជា ​​ជា​​រដ្ឋ​​អធិបតេយ្យ​។

ចំណែកឯ​​អ្នកនាំពាក្យ​គណៈកម្មាធិការ​ទំនាក់ទំនង​ការបរទេស​របស់​ព្រឹទ្ធសភា អ្នកស្រី ស៊ូសាន រ៉ាស​ (Suzanne Wrasse) មិនទាន់ឆ្លើយ​តបការ​សុំបំភ្លឺពី​​អាស៊ីសេរី ជុំវិញរឿងនេះ​នោះដែរ​។ ប៉ុន្តែ កាលពីចុង​ឆ្នាំ ២០១៩ អ្នកស្រី​ ធ្លាប់​បញ្ជាក់​​ថា ​គ្មាន​ហេតុផល​ណាមួយ ដែល​អាច​រារាំង​ព្រឹទ្ធសភា ក្នុង​ការ​អនុម័ត​ច្បាប់​នេះ​នោះ​ទេ​។ អ្នកស្រី​បញ្ជាក់​ថា ព្រឹទ្ធសភា​បាន​ដឹងឮ អំពី​ច្បាប់​នេះ​រួចហើយ ហើយ​ព្រឹទ្ធសភា​នឹង​ពិចារណា​ច្បាប់​នេះ នៅ​ឆ្នាំ​ថ្មី ឆ្នាំ ២០២០ ពេល​ដែល​​ព្រឹទ្ធសភា​ចូល​កង​វិញ។ ប៉ុន្តែ តាំងពីពេលនោះ​មក សហរដ្ឋអាមេរិក​ប្រឈម​នឹង​ការរាតត្បាតនៃ​ជំងឺកូវីដ-១៩ ពេញបន្ទុក​។

បន្ថែម​លើទណ្ឌកម្ម​បុគ្គល​ សហគមន៍ខ្មែរ​នៅក្រៅប្រទេស​ ចង់ឃើញទណ្ឌកម្ម​ក្នុងទម្រង់​ដូច​ការដក​ប្រព័ន្ធ​អនុគ្រោះពន្ធ​ EBA ដែរ​ គឺដក​ ឬព្យួរប្រព័ន្ធ​អនុគ្រោះពន្ធ​ទូទៅ ឬ GSP​។​

សមាជិក​សភា​មក​ពី​ខាង​គណបក្ស​ប្រជាធិបតេយ្យ លោក អាឡែន ឡូវ៉ិនស្សល (Alan Lowenthal) និង​លោក ស្ទីវ ឆាបុត្រ (Steve Chabot) ពី​ខាង​គណបក្ស​សាធារណៈរដ្ឋ​ កាល​ពី​ដើមឆ្នាំ ២០១៩ ធ្លាប់​បាន​​ស្នើ​ច្បាប់​​ស្តីពី​ពាណិជ្ជកម្ម​​កម្ពុជា​ ​ឆ្នាំ ២០១៩ ដើម្បី​​ឲ្យ​​រដ្ឋាភិបាល​​អាមេរិក ​ពិចារណា​​ឡើង​វិញ លើ​​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​​ទូទៅ ផ្នែក​ពាណិជ្ជកម្ម​នេះ ដោយសារ​តែ​របប​លោក លោក ហ៊ុន សែន រំលោភ​​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ធ្ងន់ធ្ងរនេះដែរ។​

បើតាម​ការចុះ​ផ្សាយ​របស់​គណនីហ្វេសប៊ុក​របស់​ស្ថានទូតសហរដ្ឋអាមេរិក​ប្រចាំនៅ​កម្ពុជា កាលពីថ្ងៃទី ១៤ ខែ កញ្ញា ឲ្យដឹងថា​ សហរដ្ឋអាមេរិក​ គឺជាទីផ្សារ​នាំចេញធំជាង​គេបំផុត​មួយ​របស់កម្ពុជា ដោយ​កម្ពុជា​បាននាំចេញក្នុងទឹកប្រាក់ចំនួនជិត ៥,៤ ពា​ន់លានដុល្លារ ក្នុងឆ្នាំ ២០១៩។ ទំនិញក្នុងតម្លៃជិត ១ ពាន់លាន​ដុល្លារ​ ជាទំនិញ​សម្រាប់​ការធ្វើដំណើរ​ ដែលរួម​មាន​កាបូប​ដៃ​ វ៉ាលីស​ និងកាបូប​ស្ពាយ ដែល​ត្រូវបាន​លើកលែង​ការបង់ពន្ធ​គយ នៅក្រោមប្រព័ន្ធ​អនុគ្រោះពន្ធ​ទូទៅ​របស់សហរដ្ឋអាមេរិក ឬ GSP នេះ​៕​

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

3 Responses to "អង្គការ​ខ្មែរ​នៅក្រៅ​ប្រទេស​ ជំរុញ​សមាជិក​ព្រឹទ្ធសភា​អាមេរិក​ ឲ្យ​​ពន្លឿន​ច្បាប់​ដាក់ទណ្ឌកម្ម​របប​លោក​ ហ៊ុន​ សែន"

  1. Anonymous says:

    Very good new’ because cambodia told the world is democracy country but the fact is real dictatorship worse then north korea ‘

  2. so socheath says:

    ក្រុមភេរវកម្ម ដែលច្បាប់មិនត្រូវអត់អោន
    *******
    ការលើកឡើងការគំរាមកំហែងពីការព្យួរការអនុគ្រោះពន្ធ EBA និងការអនុគ្រោះពន្ធនាំទំនិញទៅកាន់សហរដ្ឋអាមេរិក GSP ត្រូវបានអាក្បត់ជាតិសមរង្ស៊ី និងពួកសង្គមស៊ីវិល ដែលតាំងខ្លួនឯងថាជាអ្នកវិភាគសេដ្ឋកិច្ចក្នុងប្រទេស និយាយដោយពាក្យដដែលៗ ថាអាចនឹងប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចកម្ពុជា ។
    ពួកគេថាសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបបានកំណត់លក្ខខណ្ឌឲ្យកម្ពុជាកែសម្រួលនិងស្រោចស្រង់លទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្សនិងសិទ្ធិនយោបាយ រួមទាំងស្វែងរកដំណោះស្រាយជាមួយគណបក្សប្រឆាំងដើម្បីអាចរក្សាការអនុគ្រោះពន្ធ EBA និង GSP ( sic ) មិនដូច្នេះទេ វិស័យពីរនេះក្នុងចំណោមឆ្អឹងខ្នងសេដ្ឋកិច្ចជាតិខ្មែរនឹងទទួលរងការគំរាមកំហែង ហើយដែលកន្លងទៅនេះសមរង្ស៊ី ថាបើមានការព្យូរ EBA សមរង្ស៊ីនឹងបំផុសឲ្យកម្មករងើបតវ៉ាប្រឆាំងនឹងលោក ហ៊ុន សែន។
    ដោយឡែកពួកសង្គមស៊ីវិលអ្នកដែលតាំងខ្លួនឯងថាជាអ្នកវិភាគសេដ្ឋកិច្ច ពួកនេះតែងនិយាយថាការបាត់បង់ EBA អាចនឹងធ្វើឲ្យកម្ពុជាបាត់បង់ជន្ទល់សេដ្ឋកិច្ចបើទោះបីពួកនេះដឹងថា
    រដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពរបស់ខ្លួនដើម្បីចុះញ៉មនឹងការដាក់សម្ពាធសម្រាប់ការព្យួរឬផ្តាច់ EBA នោះទេ។ ដូចនេះ លក្ខខណ្ឌតាមរយះការដាក់សម្ពាធលើកម្ពុជាខាងផ្នែកនយោបាយ ដោយបំពានលើអធិបតេយ្យជាតិកម្ពុជាពី
    សហគមន៍សហភាពអឺរ៉ុប មិនទទួលបានផ្លែផ្កាទេ។
    កម្ពុជាជារដ្ឋអធិបតេយ្យ ដែលមិនអនុញ្ញាត ឲ្យប្រទេសណាមួយមករំលោភបំពានបាន។
    កម្ពុជាពិតជាត្រូវការរស់ ដោយស្មើសិទ្ធិ ស្មើមុខមាត់ ក្នុងកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយប្រទេសទាំងអស់ក្នុងលោកលើគ្រប់វិស័យ ដោយផ្តល់ផលប្រយោជន៍ដោយស្មើភាពចំពោះគ្នាទៅវិញទៅមក ។
    ជានិច្ចកាលជនក្បត់ជាតិសមរង្ស៊ី និងពួកក្រុមដែលតាំងខ្លួនឯងថាជាអ្នកវិភាគសេដ្ឋកិច្ចក្នុងប្រទេស កម្ពុជា ក្រុមសង្គម
    ស៊ីវិល ដែលស្ថិតនៅក្នុងអង្គការសិទ្ធិមនុស្ស អង្គការសិទ្ធិលំនៅដ្ឋាន សមាគមនិងក្រុមសហជីពដែលមាននិន្នការប្រឆាំងរដ្ឋាភិបាល ពួកគេតែងលើកឡើងពីសិទ្ធិសេរីភាព ពីសិទ្ធិមនុស្ស ពីប្រជាធិបតេយ្យមកធ្វើជាត្រីវិស័យក្នុងការនាំមុខ ដើម្បីប្រឆាំងអំណាចរដ្ឋ ដែលជាដែនសមត្ថកិច្ចការពារផលប្រយោជន៍ កាពារសិទ្ធិសេរីភាព ការពារសិទ្ធិមនុស្ស និងការពារប្រជាធិបតេយ្យរបស់ប្រជាពលរដ្ឋ បើទោះបីពួកគេដឹងយ៉ាងច្បាស់ថា លំហរនៃសិទ្ធិសេរីភាព សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ នៅកម្ពុជា គឺមានយ៉ាងពេញបរិបូរណ៍ នឹងកំពុងដំណើរការជានិរន្តក្តី ។
    ប្រជាពលរដ្ឋដែលស្រឡាញ់សុខសន្តិភាព បានមើលឃើញយ៉ាងច្បាស់ពីទង្វើក្បត់ជាតិរបស់សមរង្ស៊ី ក្នុងការដើរសុំអន្តរាគមន៍ឲ្យសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកដកការអនុគ្រោះពន្ធ EBA និង GSPពីកម្ពុជា នឹង សកម្មភាពបែបប្រតិកិរិយារបស់ក្រុមសង្គមស៊ីវិល និង ក្រុមសហជីព ដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាល ទាំងនេះយ៉ាងច្បាស់ ហើយពួកគាត់បានចាត់ទុកក្រុមនេះ ថាគឺជាក្រុមភេរវកម្ម ដែលច្បាប់មិនត្រូវអត់អោន ។
    សកម្មភាពក្រុមសង្គមស៊ីវិល និង ក្រុមសហជីព ដែលពួកប្រតិកិរិយាទាំងអស់នេះបានធ្វើកន្លងមក វាមិនខុសអីពីការធ្វើសកម្មភាពចូលរួមយ៉ាងសកម្មក្នុងចលនានយោបាយដើម្បីកសាងកម្លាំង ដើម្បីត្រៀមកម្លាំង ដើម្បីបង្កើតអង្គការចាត់តាំងខាងនយោបាយខុសច្បាប់ ប៉ុនប៉ងដើម្បីប្រមូលកម្លាំងប្រឆាំងរដ្ឋាភិបាល ផ្ដួលរំលំរដ្ឋាភិបាល ដែលជាអំពើខុសច្បាប់ ខុសគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ ដែលពួកគេបានទន្ទេញជាប់មាត់នោះឡើយ ។
    វាពិតជាមានចលនាវិទ្ធង្សនាជាច្រើនដែលបង្ករឡើងដោយក្រុមសង្គមស៊ីវិលសិទ្ធិមនុស្ស និង ក្រុមសហជីព ដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាល ដែលសូម្បីពួកគេដឹងច្បាស់ថា ការភ័យព្រួយខ្លាចសហភាពអឺរ៉ុបផ្ដាច់ពន្ធអនុគ្រោះEBAនិង GSP ថាប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ វាមិនមែនជាកាតព្វកិច្ចដែលពួកគេត្រូវដោះស្រាយ ដោយហេតុថាកម្ពុជា មិនអាចយកអធិបតេយ្យភាពជាតិ ទៅដោះដូរជាមួយជំនួយក្តី ៕

  3. Anonymous says:

    WELL ..the extremis over sea did not have suicide bomb but it can make HUN SEN regime go hell

Leave a Reply

Submit Comment