បទ​​យក​ការណ៍​៖​ អ្នក​លក់​​ដូរ​​នៅ​មុខ​​រោង​ចក្រ​​ថយ​​ចំណូល​​ក្រោយ​​វិស័យ​​កាត់​ដេរ​​រង​​ផល​​ប៉ះពាល់​​ជា​បន្ត​បន្ទាប់​​

បទយកការណ៍
លោក ហ៊ុន សិរីវឌ្ឍន៍ | ១៧ កញ្ញា ២០២០ |ម៉ោង ០៧:៣២
VOD

រទេះលក់ដូរមួយចំនួនរបស់អ្នករកស៊ីលក់ដូរនៅពីមុខរោងចក្រមួយនៅក្រុងភ្នំពេញ។ (ហ៊ុ​ន សិរីវឌ្ឍន៍)

រទេះលក់ដូរមួយចំនួនរបស់អ្នករកស៊ីលក់ដូរនៅពីមុខរោងចក្រមួយនៅក្រុងភ្នំពេញ។ (ហ៊ុ​ន សិរីវឌ្ឍន៍)


កម្ដៅក្ដៅហែង​នៃ​ព្រះទិនករ​កំពុង​ជះ​លើ​ផ្នែក​ខ្លះ​នៃ​រាជធានី​ភ្នំពេញ​ដែល​ជាទី​នៃ​ក្ដី​សង្ឃឹម​របស់​មនុស្សជា​ច្រើន​ដែល​រំពឹង​ថា ​ជីវិត​របស់​ពួក​គេ​នឹង​ប្រសើរ​នៅពេល​ដែល​មក​ធ្វើការ​រកស៊ី​នៅ​ទីនេះ។ ទោះជាយ៉ាងណា ​វិបត្តិ​កូ​វីដ១៩កំពុង​ធ្វើ​ឱ្យ​ក្ដី​សង្ឃឹម​មនុស្ស​មួយចំនួន​​រសាត់​ចេញពី​ពួក​គេ​បន្ដិច​ម្ដង​ៗ។ 

ជា​អ្នកលក់​ភេសជ្ជៈ​នៅមុខ​រោងចក្រ​មួយតាម​បណ្ដោយ​ផ្លូវ១០១៩ មុខ​សាកលវិទ្យាល័យ​កម្ពុជា ក្នុង​ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ លោក ស៊ង សឿន អាយុ៣៨ឆ្នាំ បាន​និយាយ​អំពី​ចំណូល​របស់​លោក​កាលពីមុន​មាន​ជំងឺ​កូ​វីដ១៩កើតឡើង​ថា​ លោកធ្លាប់​លក់​បាន​ច្រើននិង​អាច​សល់​លុយ​ផ្ញើ​ទៅ​ពុក​ម៉ែ​នៅ​ខេត្ត​ផង តែ​នៅពេល​នេះ​ចំណូល​របស់​លោក​បាន​ត្រឹម​ទិញ​ម្ហូប​ហូប​ប្រចាំថ្ងៃ​ប៉ុណ្ណោះ។

​អ្នកលក់​ភេសជ្ជៈ​នៅមុខ​រោងចក្រ​មួយតាម​បណ្ដោយ​ផ្លូវ១០១៩ មុខ​សាកលវិទ្យាល័យ​កម្ពុជា ក្នុង​ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ លោក ស៊ង សឿន អាយុ៣៨ឆ្នាំ ផ្ដល់បទសម្ភាសន៍ពីការប្រកបរបរប្រចាំថ្ងៃអំឡុងកូវីដ១៩។ (ហ៊ុន សិរីវឌ្ឍន៍)

លោ​ក សឿន ដែល​មានកូន២នាក់​ក្នុង​បន្ទុក​ មានប្រសាសន៍​ថា៖ «ពីមុន​យើង​កាត់​ចំណាយ​ថ្លៃ​ចាយវាយ​ហូបចុក​អី​ សល់​បាន៤ទៅ៥ម៉ឺន។ […] ក្រោយ​មាន​ជំងឺ​កូ​វីដ១៩ ខ្ញុំ​អាច​រកបាន​តែ៣ទៅ៤ម៉ឺន​សម្រាប់​តែ​ថ្លៃ​ម្ហូប​ទេ។ បើ​និយាយ​ពី​ផល​ប៉ះពាល់​ ច្រើនណាស់​! ព្រោះ​ទីមួយ យើង​ត្រូវ​ចំណាយ​លើ​ការចាយវាយ​ប្រចាំថ្ងៃ​ ទីពីរ​ យើង​ត្រូវ​ផ្ដល់​ទៅ​ស្រុក​ទៅ​អី ​ឱ្យ​ពុក​ម៉ែ​អ៊ីចឹង ហើយ​យើង​ជំពាក់​លុយ​អង្គការ​អី​ទៀត»។ 

ក្នុងរយៈពេល​ចុងក្រោយ​នេះ រោងចក្រ​មួយចំនួន​បាន​ព្យួរការងារ​កម្មករឬបិទ ក្រោម​ហេតុផល​ថា​គ្មាន​អ្នកបញ្ជា​ទិញ​ ព្រោះតែ​ពិភពលោក​កំពុង​ជួប​វិបត្តិ​កូ​វីដ៩។ បញ្ហា​នេះ​មិន​ត្រឹមតែ​ប៉ះពាល់​ដល់​កម្មករ​ដែល​ធ្វើការ​ក្នុង​វិស័យ​នេះ​ទេ តែ​អ្នក​ដែល​រកស៊ី​លក់ដូរ​មាន​ម្ហូបអាហារ ផ្លែឈើ និង​របស់របរ​ប្រើប្រាស់​ឱ្យ​ពួក​គេ​ ក៏​ទទួលរង​នូវ​ផល​ប៉ះពាល់​ដែរ។ 

ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ លោក វន់ ពៅ ទទួលស្គាល់​ថា​ជីវភាព​របស់​អ្នកសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ដែល​លក់ដូរ​នៅមុខ​រោងចក្រ ត្រូវ​រង​ផល​ប៉ះពាល់​ដោយប្រយោល​ជា​ខ្លាំង​ ដោយសារតែ​រោងចក្រ​មួយចំនួន​បាន​បិទទ្វារ មួយចំនួន​បាន​ព្យួរ​កម្មករ ហើយ​កម្មករ​នៅ​រោងចក្រ​ជាច្រើន​ទៀត​បាន​កាត់បន្ថយ​ការ​ចំ​ណាយ​របស់​ពួក​គេ​ដោយសារ​ចំណូល​ថយ​ចុះ។ 

លោក​មានប្រសាសន៍​ថា៖ «និយាយ​ដោយ​ខ្លី​ បញ្ហា​ប្រឈម​របស់​គាត់​គឺ​បាត់​អតិថិជន។ កាលណា​បាត់​អតិថិជន ​ប្រាក់ចំណូល​ក៏​អត់ អ៊ីចឹង​គាត់​ក៏​បង្ខំចិត្ត​ទៅ​ស្រុកកំណើត​អី​អ៊ីចឹង​ទៅ។ អ្នកខ្លះ​ដូរ​ទីតាំង​ទៅ​លក់​កន្លែង​ផ្សេង​ទៅ ហើយ​ឥលូវកន្លែងណា​ក៏​ដូច​កន្លែងណា​ដែរ​ គឺ​គាត់​លក់​មិនសូវ​ដាច់​ទេ។ […] ការចាយវាយ​របស់​កម្មករ​ដែល​នៅ​មានការ​ងារ​ធ្វើ​ ក៏បាន​ត្បិតត្បៀត​ដែរ​ព្រោះ​ពីមុន​ គាត់​មាន​ប្រាក់ខែ​គួរសម​ដែរ​ គាត់​អាច​ទិញ​របស់របរ​ហូបចុក​មិនសូវ​ត្បិតត្បៀត​ តែ​ឥលូវ​គាត់​មិន​មានការ​ថែម​ម៉ោង​ថែម​អី អ៊ីចឹង​ក៏​មាន​ប្រាក់ខែ​តិច​ ចាយ​ត្បិត​ត្បៀត អ៊ី​ចឹង​ក៏​សម្រាប់​អ្នកលក់​ដូច​ថា​ គាត់​ពីមុន​ធ្លាប់​លក់ដាច់​មួយថ្ងៃ១រយ​ភាគរយ​ តែ​ឥលូវនៅសល់​តែ៣០ភាគ​រយអី​ទេ»

លោក ស៊ង សឿន បាន​លើកឡើង​ថា​ ដើម្បី​ទប់​ការ​ចំណាយ​ មាន​ថ្ងៃ​ខ្លះ​លោក​ឱ្យ​ប្រពន្ធ​លោក​មក​លក់​ជំនួស ខណៈ​លោក​ត្រូវ​ដើរ​ធ្វើ​សំណង់​ដើម្បី​រកចំណូល​បន្ថែម​ ដើម្បី​ទប់​ថ្លៃ​ចំណាយ​ប្រចាំថ្ងៃនិង​បង់​ធនាគារ។ 

លោក​ប្រាប់​ថា៖ «ធ្វើ​សំណង់​មួយថ្ងៃ​បាន​បី​ម៉ឺន បាយទឹក​អី​លើ​យើង តែបើ​ទូទាត់ ​វា​ចង់​អស់​បាត់​ហើយ នៅ​ថ្លៃ​សាំង​ថ្លៃ​អី​ទៀត»។ 

នៅ​ម្ខាង​ផ្លូវ​ ជា​អ្នកលក់​នំ​ប៉័ង​ប្រហិត​មុខ​រោងចក្រ​នេះ អ្នកស្រី យ៉ុន អឿន អាយុ៤៣ឆ្នាំ មានប្រសាសន៍​ថា ​ចាប់តាំងពី​ផ្ទុះ​ជំងឺ​កូ​វីដ១៩មក ការ​លក់​របស់​អ្នកស្រី​បាន​បាត់បង់​ជាង​ពាក់កណ្ដាលដែល​ធ្វើ​ឱ្យ​ពិបាក​រក​ចំ​ណូល​ជា​ខ្លាំង ខណៈ​ប្ដី​អ្នកស្រី​ត្រូវ​ត្រលប់​ទៅ​ស្រុក​វិញ​ក្នុង​ខេត្ត​កំពង់ចាម​ដើម្បី​ធ្វើស្រែ​ចម្ការ​យក​អង្ករ​មក​ហូប និង​ចិញ្ចឹម​កូន៣នាក់​ដែល​សុទ្ធតែ​ក្នុង​វ័យ​សិក្សា។ 

​អ្នកលក់​នំ​ប៉័ង​ប្រហិត​មុខ​រោងចក្រ​នេះ អ្នកស្រី យ៉ុន អឿន អាយុ៤៣ឆ្នាំ ផ្ដល់បទសម្ភាសន៍ពីការប្រកបរបរប្រចាំថ្ងៃអំឡុងកូវីដ១៩។ (ហ៊ុន សិរីវឌ្ឍន៍)

អ្នកស្រី​មានប្រសាសន៍​ថា៖ «ឥលូវវា​ខ្វះ​ដែរ​ហ្នឹង​តាំងពី​កូ​វី​ដមាន​មក ដោយសារ​យើង​លក់​មិនសូវ​ដាច់​ ដោយសារ​កម្មករ​គេ​មិនសូវ​ថែម​ម៉ោង គេ​ចេញ​ត្រឹម​ម៉ោង៤ម៉ោង​អី​អ៊ីចឹង ហើយ​អ្នកដំណើរ​ក៏​មិនសូវ​មាន​មនុស្ស​ អត់​ដូចមុន។ ពីមុន​លក់​បាន៨០ឬ១០០ដើម បាន​ប្រហែល៣០ទៅ៤០ម៉ឺន ដល់​ឥលូវរកតែ១០ម៉ឺន​មិនបាន​ផង បានតែ៧ទៅ៨ម៉ឺន ហើយ៧ទៅ៨ម៉ឺន​ហ្នឹង ​គឺ​គិត​ទាំង​ដើម​ទាំង​អីទាំងអស់ ដក​វា​ទៅ ​សល់២ទៅ៣ម៉ឺន​ទេ»។ 

អ្នកស្រី​បាន​កត់សម្គាល់​ថា​ ការ​ថយ​ចុះ​ចំណូល​របស់​អ្នកស្រី​បណ្ដាលមកពី​កម្មករ​លែង​មាន​ម៉ោង​ថែម​ធ្វើ​ពេលល្ងាច​ ដែល​ធ្វើ​ឱ្យ​អ្នកស្រី​បាត់​អតិថិជន​ជាច្រើន​នា​ពេលរសៀល។

ផ្លូវ​ឧស្សាហកម្ម​មួយ​នៃ​រាជធានី​ភ្នំពេញ​ គឺ​ផ្លូវ​វេ​ងស្រេង​ នៅ​ម៉ោង​ប្រមាណ៥និង៣០នាទី​រសៀល ដែល​ពីមុន​ធ្លាប់​មានកម្ម​ករ​ជាច្រើន​ដើរចេញ​ចូល​រោងចក្រ​ធ្វើការ តែ​ឥលូវហាក់​មិនសូវ​មាន​ភាព​អ៊ូអរ​នៃ​កម្មករ​ចេញចូល​ឆ្លងកាត់​ផ្លូវ​ដូចមុន​ទេ។ 

កំពុង​អង្គុយ​ឈ្ងោកមុខ​ចុះ​ចុច​ទូរសព្ទ ដៃ​ច្រត់​ទល់នឹង​ក្បាល​ម៉ូតូ​ដែល​សណ្ដោង​រ៉ឺម៉ក​ពោរ​ពេញដោយ​ឪឡឹក នៅមុខ​រោងចក្រ៦ជាន់ ​ផ្លូវ​វេ​ងស្រេង លោក លន ផល្លី អាយុ៣៧ឆ្នាំ មានប្រសាសន៍​ថា ចាប់តាំងពី​ផ្ទុះ​ជំងឺ​កូ​វីដ១៩ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការងារ​របស់​កម្មករ​រោងចក្រ​មក ចំណូល​របស់​លោក​ក៏​ថយ​ចុះ​តាម​នោះ​ដែរ។

លោក​មានប្រសាសន៍​ថា៖ «ថ្ងៃ​ណា​ដាច់​ៗ ថ្ងៃណា​អត់ ​វា​អត់​ទៅ ជួនកាល​លក់​មួយ​ព្រឹក​បានតែ​ពីរ​ម៉ឺន​ទេ។ ពីមុន​មួយ​រសៀល​ យើង​អាច​លក់​បាន២០ទៅ៣០ម៉ឺន តែ​ឥលូវ​អត់​បានទេ​បង! ពិបាក​មែនទែន​! កម្មករ​ឃើញ​គាត់​ចេញ​មក​ច្រើន តែ​អត់​សូវ​ទិញ ដូច​ថា​ឥលូវលុយ​ពិបាក​រក​ គាត់​មិនសូវ​ទិញ​ទេ។ […] ដល់​រក​មិនសូវ​បាន​អ៊ីចឹង ​វា​ពិបាក​ជីវភាព​យើង​ដែរ ខ្វះខាត ថ្ងៃ​ខ្លះ​យើង​បាន​ត្រឹមតែ​ម៉ា​ទប់​ៗថ្លៃ​ម្ហូប​ទេ និយាយទៅ​បានតែ​មួយ​រស់​ៗ គ្មាន​បាន​សល់​ទេ»។ 

លោក​ពុំ​ដឹង​ថា ​នឹង​ត្រូវ​ដោះស្រាយ​បញ្ហា​ប្រឈម​នេះ​ដោយ​របៀបណា​នោះ​ទេ ​ខណៈ​ចំណូល​របស់​លោក​ពី​មួយថ្ងៃ​ទៅ​មួយថ្ងៃ​បាន​ត្រឹមតែ​ផ្គត់ផ្គង់​អាហារ​ប្រចាំថ្ងៃ​ប៉ុណ្ណោះ​នោះ។


មាតិកា


កម្មករ​កាត់បន្ថយ​ចំណាយ​

ក្នុង​ជំនួប​អន្តរ​ភា​គី​ចរចាប្រាក់ឈ្នួលអប្បបរមា​សម្រាប់​ឆ្នាំ២០២១ កាលពី​ថ្ងៃទី៣ ខែកញ្ញា ក្រសួងការងារ​បាន​បញ្ជាក់​ថា ​គិត​រហូត​មក​ត្រឹម​ដើមខែ​កញ្ញា​នេះ​មាន​រោងចក្រ៨១បាន​បិទទ្វារនិង៤៩១រោងចក្រ​បាន​ព្យួរការងារ ដែល​ប៉ះពាល់​កម្មករ​ប្រមាណ៦ម៉ឺន​នាក់។ ទោះជាយ៉ាងណា​សម្រាប់​កម្មករ​ដែល​កំពុង​បម្រើការ​ងារនៅក្នុង​រោងចក្រ​មួយចំនួន​ បាន​លើកឡើង​ថា ​ក្នុងរយៈពេល​ដែល​ពិភពលោក​កំពុង​ប្រឈម​នឹង​ជំងឺ​កូ​វីដ១៩ ការងារ​របស់​ពួក​គេ​ក៏បាន​កាត់បន្ថយ​ផង​ដែរ ដែល​ធ្វើ​ឱ្យ​ចំណូល​ប្រចាំខែ​ថយ​ចុះ។

កម្មករ​ផ្នែក​ជាងម៉ាស៊ីន នៅ​រោងចក្រ​កាត់ដេរ W​&D លោក ភោគ ឡាយ អាយុ​ជាង៣០ឆ្នាំ​ មានប្រសាសន៍​ថា​ ក្នុងរយៈពេល​ជាង៥ខែ​មកនេះ​ គឺ​លោក​ទទួល​បានតែ​ប្រាក់ខែ​សុទ្ធ​ប្រមាណ​តែ២៧០ដុល្លារ​ប៉ុណ្ណោះ ខណៈ​រោងចក្រ​កាត់បន្ថយ​ផលិតកម្មនិង​គ្មាន​ការងារ​ថែម​ម៉ោង​នោះ។

លោក​បន្ថែម​ថា ​ដោយសារ​ការ​ថយ​ចុះ​ចំណូល​បែបនេះ ​លោកនិង​គ្រួសារ​ក៏​សម្រេចចិត្ត​កាត់បន្ថយ​ការ​ចំណាយ​មិន​ចាំបាច់​មួយចំនួន​ ដើម្បី​រក្សាទុកសម្រាប់​ជីវភាព​ប្រចាំថ្ងៃ ក៏ដូចជា​បង់លុយ​ជំពាក់​ធនាគារ។

លោក​ថា៖ «ចំណាយ! ​ឥលូវចំណាយ​ច្រើន​ ព្រោះអី​ប្រាក់ខែ​បាន​តិច ហើយ​មិនសូវ​បាន​ថែម​ម៉ោង។ ឥលូវ​ព្យួរការងារ​ទៀត អ៊ីចឹង​វា​ខ្វះ​ថិ​វកាដូចជា​ជំពាក់​លុយ​អង្គការ​អ៊ីចឹង​ណា ហើយ​សូម្បីតែ​ហូបចុក​ មិនសូវ​ហ៊ាន​ហូប​ច្រើន​ផង​ សន្សំសំចៃ​ដើម្បី​យក​លុយ​បង់ថ្លៃ​ផ្ទះ​ជួល កូន​រៀន​អី​អ៊ីចឹង ​វា​ច្រើន។ […] ២នាក់​គ្រួសារ​យើង​ចំណាយ១ថ្ងៃ​ថា១ម៉ឺន៥ពាន់​ចុះ ​ហ្នឹង​អត់​ចាក់សាំង​ចាក់​អី គ្រាន់តែ​ហូប ​បើ​អត់​ត្បិតត្បៀត​ យើង​អត់មាន​លុយ​បង់​អង្គការ​ឬបង់​ផ្ទះេទ»

ប្រធាន​សហព័ន្ធសហជីពកម្ពុជា​ លោក អាត់ ធន់ មានប្រសាសន៍​ថា ​ការ​បាត់​ចំណូល​របស់​កម្មករ នឹង​ធ្វើ​ឱ្យ​កម្មករ​កាត់បន្ថយ​ចំណូល​របស់​ខ្លួន ហើយ​វិ​ស័យ​ផ្សេង​ៗដែល​រំពឹង​លើ​កម្មករ​ វា​នឹង​រង​ផល​ប៉ះពាល់​ជាបន្តបន្ទាប់។ 

លោក​ថា៖ «នៅពេល​ដែល​កម្មករ​អត់​ការងារ​ធ្វើ វា​ធ្វើ​ឱ្យ​គាត់​អត់​ចំណូល​ អត់​ប្រាក់ ធ្វើ​ឱ្យ​អ្នកលក់​ដូរ​ឥវ៉ាន់ឬក៏​មីក្រូហិរញ្ញវត្ថុ អ្នកលក់​សម្ភារ ​សេវា​កម្ម​ផ្សេង​ៗហ្នឹងក៏​មាន​បញ្ហា​ដែរ​! អ៊ីចឹង​គាត់​ពឹង​អាស្រ័យ​លើ​ការចាយវាយ​របស់​កម្មករ​ហ្នឹង ដូចដែល​គេ​បាន​លើកឡើង​ថា ​ក្នុងចំណោម​កម្មករ​ជិត៨០ម៉ឺន​ទូទាំង​ប្រទេស​ហ្នឹង​ គឺ​បាន​ជួយ​ដល់​សេដ្ឋកិច្ច​របស់​មនុស្ស​ដល់ទៅ​ជាង៣លាន​នាក់​ឯណោះ»។ 

ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ លោក វន់ ពៅ មានប្រសាសន៍​ថា ប្រសិនជា​បញ្ហា​នេះ​នៅតែ​បន្ត​ទៀត ​វា​នឹង​ធ្វើ​ឱ្យ​អ្នកសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ដែល​រកស៊ី​ជាមួយ​កម្មករ​នឹង​បាត់បង់​មុខ​របរ​របស់​ពួក​គេ ហើយ​វិបត្តិ​នៃ​សេដ្ឋកិច្ច​សម្រាប់​ក្រុម​គ្រួសារ​កាន់តែ​ធ្ងន់​ទៅ។ 

លោក​ថា៖ «បន្ទុក​ក្នុង​គ្រួសារ​គាត់​កាន់តែ​ធ្ងន់​! គាត់​អត់​អាច​មានលទ្ធភាព​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​ប្រចាំថ្ងៃ​បាន មានន័យថា ​អាហារ​ហូបចុក​ប្រចាំថ្ងៃ​ត្រូវ​បាន​កាត់បន្ថយឬក៏​ខ្វះខាត ម្យ៉ាងទៀត​បញ្ហា​សង្គម​វា​អាច​កើត​មា​ន វិបត្តិ​សង្គម​អាច​កើតមាន​ចោរ​លួច​ចោរ​ប្លន់​ចឹង​ទៅ ហើយ​មួយទៀត​អំពើ​ហិង្សា​ក្នុង​គ្រួសារ​គឺ​អាច​កើតមាន​ផង​ដែរ ព្រោះ​មនុស្ស​កាលណា​ក្រីក្រ​ មាន​ភាព​មួម៉ៅ ​ធ្វើ​ឱ្យ​គ្រួសារ​មាន​បញ្ហា​ជាមួយគ្នា​ វា​អាច​កើតមាន​ហិង្សា​ផង​ដែរ»។ 

គោលនយោបាយ​របស់​រដ្ឋាភិបាល​ក្នុង​ការជំរុញ​សេដ្ឋកិច្ច​ងើបឡើង​វិញ​

កាលពីដើម​ខែមីនា ឆ្នាំ២០២០ ធនាគារ​អភិវឌ្ឍន៍​អាស៊ី​បាន​ចេញ​របាយការណ៍​ព្យាករ​មួយ​ដោយ​លើកឡើង​ថា​ សេដ្ឋកិច្ច​កម្ពុជា​នឹង​ខាតបង់​កំណើន​ប្រមាណ​ជិត២ភាគរយឬស្មើនឹង​ជាង៤៧៣លាន​ដុល្លារ ក្នុងករណី​មានផល​ប៉ះពាល់​កម្រិតមធ្យម ហើយ​កំណើន​សេដ្ឋកិច្ច​កម្ពុជា អាច​នឹង​បាត់បង់​ក្នុងរង្វង់​ជិត៣,៥ភាគរយ ក្នុងករណី​មានផល​ប៉ះពាល់​កម្រិតខ្ពស់។

ក្នុង​សេចក្ដីព្រាង​ក្របខណ្ឌ​គោលនយោបាយ​ម៉ាក្រូ​សេដ្ឋកិច្ចនិង​គោលនយោបាយ​ហិរញ្ញវត្ថុ​សាធារណៈ​ សម្រាប់​ការរៀបចំ​សេចក្តី​ព្រាងច្បាប់​ស្ដីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ២០២១ ក្រសួងសេដ្ឋកិច្ច​បាន​ចាត់ទុក​ផល​ប៉ះពាល់​នៃ​ជំងឺ​កូ​វីដ១៩បាន​ជះ​ផល​អវិជ្ជមាន​ធ្ងន់ធ្ងរ​ដែល​ពុំ​ធ្លាប់​មាន​ក្នុង​ប្រវត្តិសាស្ត្រ​ទំនើប​របស់​ខ្លួន និង​បាន​វាយតម្លៃ​ដោយខ្លួនឯង​ថា​ សេដ្ឋកិច្ច​កម្ពុជា​នឹង​មាន​កំណើន​ដក១,៩ភាគរយដែល​ជា​អត្រា​មិនធ្លាប់​មាន​ពីមុន​មក។ ទោះជាយ៉ាងណា ​តាមរយៈ​គោលនយោបាយ​សេដ្ឋកិច្ច​របស់​ខ្លួន​ សេដ្ឋកិច្ច​កម្ពុជា​អាច​ងើបឡើង​វិញ៣,៥ភាគរយ​នៅ​ឆ្នាំ២០២១។

ក្រសួងសេដ្ឋកិច្ច​បាន​វាយតម្លៃ​ថា វិស័យ​កាត់ដេរ​នៅ​ឆ្នាំ២០២០នេះ​នឹង​ថយ​ចុះ៦,៧ភាគរយ តែ​អាច​ងើប​មកវិញ​ក្នុង​អត្រា១,៦ភាគរយ​ក្នុង​ឆ្នាំ២០២១។ ទោះជាយ៉ាងណា រដ្ឋាភិបាល​បញ្ជាក់​ថា​ខ្លួន​នឹង​បន្ត​បង្កើន​ផលិតភាព បញ្ចុះ​ថ្លៃ​អគ្គិសនី ដឹកជញ្ជូន ហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំង​សម្រួល​ដល់​ការ​ធ្វើ​ពាណិជ្ជកម្ម​បន្ថែម​ទៀត ដើម្បី​ពង្រឹង​ការប្រកួត​ប្រជែង​របស់​កម្ពុជា។ 

អ្នកនាំពាក្យ​ក្រសួងសេដ្ឋកិច្ច​ លោក មាស សុខ​សេន​សាន បាន​ឆ្លើយតប​ប្រាប់ VOD តាម​សារ​អេឡិចត្រូនិចតេឡេក្រាម (Telegram) ដោយ​ទទួលស្គាល់​ពី​ផល​ប៉ះពាល់​នៃ​ជំងឺ​កូ​វីដ១៩មក​លើ​សេដ្ឋកិច្ច​ជាតិនិង​ប្រជាជន តែ​លោក​បាន​ស្នើ​ដល់​ពលរដ្ឋ​ឱ្យ​ទុកចិត្ត​មក​លើ​រដ្ឋាភិបាល ដោយ​ថា​ កម្ពុជា​នឹង​ជម្នះ​បញ្ហា​នានា​ដែល​កើតឡើង​ទាំងនេះ​បាន។

លោក​សរសេរ​ថា៖ «សូម​ទុកចិត្ត​លើ​វិធានការ​របស់​រដ្ឋាភិបាលនិង​ការ​យកចិត្ត​ទុកដាក់​របស់​សម្ដេច​តេជោ​នាយក​រដ្ឋមន្ត្រី»

សម្រាប់​ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ លោក វន់ ពៅ យល់ថា រដ្ឋាភិបាល​គួរ​មាន​វិធានការ​បណ្ដោះអាសន្ន​ជាមុន​សិន​លើ​បញ្ហា​នេះ ​ដោយ​អាច​ផ្ដោត​លើ​បញ្ហា​កសិកម្ម​ជា​ចម្បង។ 

លោក​ថា៖ «ខ្ញុំ​គិតថា​ ប្រសិនជា​គាត់​អាច​ត្រលប់​ទៅ​វិស័យ​កសិកម្ម​វិញ គាត់​អាច​ចិញ្ចឹម​មាន់​ចិញ្ចឹម​ទា​អី​ គាត់​អាច​លក់​ចាយឬក៏​យក​របស់​ទាំងអស់​ហ្នឹង​ធ្វើជា​អាហារ​ហូបចុក​អ៊ីចឹង​ទៅ ហើយ​ម្យ៉ាងទៀត​ អាច​ពិនិត្យ​លើ​ដំណាំ​កសិកម្ម​ឡើងវិញ។ ប៉ុន្ដែ​សំខាន់​ទាល់តែ​មានការ​ជ្រោមជ្រែង​ពី​អាជ្ញាធរ​រដ្ឋ​ដែរ​ ប្រសិនជា​ធ្វើ​ស្រែ​ប្រ​វាស់​មេឃ ដាំដំណាំ​កសិកម្ម​គ្មាន​ទីផ្សារ ហើយ​បើ​គ្មាន​ទឹក​គ្រប់គ្រាន់ ​ក៏​គ្មាន​ដំណោះស្រាយ​ដែរ។ អ៊ីចឹង​សំខាន់ណាស់ ​គឺ​អាជ្ញាធរ​រដ្ឋ​ធ្វើ​យ៉ាង​ម៉េចឱ្យ​មាន​ប្រព័ន្ធ​ធារាសាស្ត្រ​គ្រប់គ្រាន់ អាហ្នឹង​ទើប​អាច​ដោះស្រាយ​បាន​មួយចំនួន​ធំ​សម្រាប់​អ្នក​ដែល​មាន​វិបត្តិ​អត់​ការងារ​ធ្វើនិង​អ្នកមាន​វិបត្តិ​អត់​ប្រាក់ចំណូល»


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

Leave a Reply

Submit Comment