យុទ្ធសាស្ត្រ​អាមេរិក​ទប់ស្កាត់​ចិន រាលដាល​ប៉ះ​កម្ពុជា

នយោបាយ
17 កញ្ញា 2020
អូន ឆេងប៉រ
វីអូអេខ្មែរ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) និងលោក Donald Trump ប្រធានាធិបតីអាមេរិក។ Photo: AP

ភ្នំពេញ — រដ្ឋាភិបាល​សហ​រដ្ឋ​អាមេរិក​បាន​សំអាង​ច្បាប់ ​Global Magnitsky ​ដើម្បី​សម្រេច​ដាក់​ទណ្ឌកម្ម​ក្រុម​ហ៊ុន​ Union Development Group ​(យូញៀន ឌីវេលឡូបមិន គ្រុប)​ ហៅ​កាត់​ថា​ UDG​ របស់​ចិន​ ដែល​កំពុង​អភិវឌ្ឍ​គម្រោងទេសចរណ៍​តារាសាគរ ​មាន​តម្លៃ​ជិត​៤​ពាន់​លាន​ដុល្លារ​ នៅ​ខេត្ត​កោះកុង។​

សហ​រដ្ឋ​អាមេរិក បាន​ចោទ​ក្រុមហ៊ុន ​UDG ​ថា​ មាន​ជាប់​ពាក់ព័ន្ធ​រដ្ឋចិន​ និង​ជាប់​ទាក់ទិន​នឹង​អំពើ​ពុក​រលួយ​ ការ​បណ្ដេញ​ប្រជា​ពលរដ្ឋ​នៅ​មូលដ្ឋាន​ចេញ​ដោយ​បង្ខំ ​ ហើយ​ថែម​ទាំង​អះអាង​ថា​ ខ្លួន​មាន​ «របាយ​ការណ៍​គួរ​ជាទី​ទុក​ចិត្ត»​ ក្នុង​ការ​ទាញ​សេចក្ដី​សន្និដ្ឋាន​ថា​ គម្រោង​តារាសាគរ​ អាច​នឹង​ត្រូវ​បាន​ប្រើ​ប្រាស់​សម្រាប់​គោល​បំណង​យោធា​របស់​ចិន​ទៀត​ផង។​

លោក​រដ្ឋមន្ត្រី​ការ​បរទេស​អាមេរិក ​Mike Pompeo ​បាន​លើក​ឡើង​ថា៖​ «យើង​នឹង​មិន​អត់​ឱន​ឱ្យ​សកម្ម​ភាព​របៀបៗ​នេះ​បាន​នោះ​ទេ​ ដ្បិត​វា​ជា​សកម្មភាព​ដែល​ប្រឆាំង​នឹង​ប្រជាជន​កម្ពុជា​ស្លូតត្រង់។​ ជានិច្ចកាល​ ​យើង​នឹង​ឈរ​នៅ​ជាមួយ​ប្រជាជន​កម្ពុជា»។​


ការ​សម្រេច​ដាក់​ទណ្ឌកម្ម​ក្រុមហ៊ុន​ចិន​ UDG ​នេះ ​ធ្វើ​ឡើង​នៅ​ចំ​កណ្ដាល​នៃ​ដំណាក់​កាល​ដ៏​តានតឹង​នៃ​ទំនាក់​ទំនងអាមេរិក​និង​ចិន​ ដែល​មាន​ការ​ប្រឈម​មុខ​ដាក់​គ្នាកាន់​តែ​ខ្លាំង ​នៅ​ស្ទើរ​គ្រប់​សំណុំ​រឿង​ តាំង​ពី​សង្គ្រាម​បច្ចេក​វិទ្យា​ដល់​សង្គ្រាម​ពាណិជ្ជ​កម្ម​ពី​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​ដល់​បញ្ហា​កោះ​តៃវ៉ាន់ ​និង​ពី​សំណុំ​រឿង​បណ្ដា​ជន​វីហ្គ័រ​នៅ​ខេត្ត​ស៊ីនជាំង​ដល់​សំណុំ​រឿង​ការ​រួតរឹត​របស់​ចិន​មក​លើ​ស្វយ័ត​ភាព​នៃ​ទី​ក្រុង​ហុងកុង។​

រដ្ឋការ​លោក​ប្រធានាធិបតី ​Donald Trump ​(ដូណាល់ ត្រាំ)​ និង​ក្រសួង​ការ​បរទេស​របស់​លោក ​Pompeo ​បាន​កៀរ​គរ​បណ្ដា​ប្រទេស​ដែល​នៅ​ក្បែរ​ខាង​ចិន​ដូច​យ៉ាង​សមាជិក​នៃ​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ជា​ដើម​ ឱ្យ​ក្រោក​ត​ទល់​នឹង​ការ​ពន្លាត​ដែន​វិសាល​ភាព​សេដ្ឋកិច្ច​ និង​ឥទ្ធិពល​នយោបាយ​-​យោធា​របស់​ចិន​នៅ​ក្នុង​តំបន់។​

យ៉ាងណា​ក៏​ដោយ​អ្នក​តាមដាន​បាន​មើល​ឃើញ​ថា ​ការ​ប្រើ​ធម៌​ក្ដៅ​ពី​សំណាក់​សហ​រដ្ឋ​អាមេរិក​ ដែល​ចាត់​ទុក​ក្រុមហ៊ុន​ចិន​ទាំង​រដ្ឋ​ទាំង​ឯកជន​ជា​មុខ​សញ្ញា​នេះ ​អាច​នឹង​រាល​ដាល​ប៉ះពាល់​ដល់​បណ្ដា​ប្រទេស​តូចៗ​ដូចជា​កម្ពុជា ​ដែល​ផ្តេកផ្តួល​លើ​ដង្ហើម​សេដ្ឋកិច្ច​ចិន។​

លោក​បណ្ឌិត ​រ៉ូ វណ្ណៈ ​អ្នក​ជំនាញ​ភូមិសាស្ត្រ​នយោបាយ ​និង​ជា​សហ​ស្ថាបនិក​វិទ្យាស្ថាន​ប្រជា​ធិបតេយ្យ​កម្ពុជា​ (CID)​ បាន​ប្រាប់​វីអូអេ​ថា​ ការ​ដាក់​ទណ្ឌកម្ម​អាមេរិក​លើ​ក្រុមហ៊ុន​ចិន​នៅ​កម្ពុជា​នេះ​ មាន​ការ​ជាប់​ពាក់​ព័ន្ធ​ទៅ​នឹង​យុទ្ធសាស្ត្រ​របស់​អាមេរិក​ក្នុង​ការ​ទប់ទល់​ការ​ពង្រីក​ឥទ្ធិពល​របស់​ចិន​ មិន​ឱ្យ​ក្លាយ​ជា​មហា​អនុត្តរ​រដ្ឋ​ ឬ ​រដ្ឋ​ដែល​កើន​ឡើង​អំណាច​ក្នុង​តំបន់​ជំនួស​ឲ្យ​អាមេរិក​ខ្លួន​ឯង។

«ការ​ដាក់​ទណ្ឌ​កម្ម​ទៅ​លើ​ក្រុមហ៊ុន​ចិន ​ដែល​មាន​មូលដ្ឋាន​ទំនាក់​ទំនង​ជាមួយ​នឹង​កម្ពុជា​នេះ​ ជា​សញ្ញា​មួយ​ដែល​ធ្វើ​ឱ្យ​កម្ពុជា​មិន​ជា​ស្រួល​ខ្លួន​ដែរ​ ក្នុង​ន័យ​ថា​ នៅ​ពេល​ដែល​មហា​អំណាច​ចាប់​ផ្ដើម​ប្រជែង ​ចាប់​ផ្ដើម​រុញ ​ចាប់​ផ្ដើម​ជះទឹក​ដាក់​គ្នា ​អ៊ីចឹង ​ប្រទេស​តូចតាច​ដែល​ពឹង​អាស្រ័យ​ទៅ​លើ​ប្រទេស​ធំ​ជាពិសេស​ទៅលើ​ប្រទេស​ចិន​ពិសេស​ក្នុងន័យ​សេដ្ឋ​កិច្ច​វា​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​មុខមាត់​ផង​ វា​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កំណើន​សេដ្ឋកិច្ច​ផង​បើ​សិន​មហា​យក្ស​ទាំង​ពីរ​នៅ​តែ​ប្រជែង​គ្នា»។​

ក្នុង​កំណត់​ផ្សាយ​ស្ដីពី​ទណ្ឌកម្ម​ប្រឆាំង​ក្រុមហ៊ុន ​UDG ​នេះ​ ​សហ​រដ្ឋ​អាមេរិក​បាន​ចង្អុល​ឈ្មោះ​ចំៗ​តែ​ម្ដង ​ថា​ ​លោក ​គន់ គីម ​នាយ​ឧត្ដម​សេនីយ៍​ជំនិត​របស់​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន​ បាន​ផ្ដល់​ជំនួយ​ជា​កង​កម្លាំង​ប្រដាប់​អាវុធ​ដល់​ក្រុមហ៊ុន​ UDG​ ក្នុង​ប្រតិបត្តិ​ការ​របស់​ខ្លួន​នៅ​កម្ពុជា។ ​ក្រុម​គ្រួសារ​លោក ​គន់ គីម​ ធ្លាប់​បាន​បដិសេធ​ការ​ចោទ​ប្រកាន់​នេះ។​

លោក ​គន់ គីម​ ដែល​ជា​អតីត​នាយ​អគ្គ​សេនាធិការ​ចម្រុះ ​កង​យោធពល​ខេមរ​ភូមិន្ទ ​តែ​បាន​ចូល​និវត្តន៍​នៅ​ឆ្នាំ​២០១៨​ ទៅ​ហើយ​នោះ​ ​កំពុង​បំពេញ​ការងារ​បច្ចុប្បន្ន​ជា ​អនុ​ប្រធាន​ទី១​នៃ​គណៈ​កម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ។​ លោក​ត្រូវ​បាន​សហ​រដ្ឋ​អាមេរិក​ដាក់​ទណ្ឌកម្ម​ក្រោម​ច្បាប់ ​Global Magnitsky ​នេះ​ដែរ​កាល​ពី​ខែ​ធ្នូ​ ឆ្នាំ​២០១៩ ​ក្នុង​សំណុំ​រឿង ​UDG​ ដដែល​នេះ។​

លោក​ សម រង្ស៊ី​ គូ​ប្រជែង​ចាស់​វស្សា​នឹង​លោក​ហ៊ុន សែន​ ហើយ​ដែល​កំពុង​រស់​នៅ​ប្រទេស​បារាំង ​ខណៈ​មាន​ការ​តាម​ចាប់​ខ្លួន​ពី​សំណាក់​រដ្ឋាភិបាល​កម្ពុជា​នោះ​បាន​លើក​ឡើង​ថា​ ការ​សម្រេច​ដាក់​ទណ្ឌកម្ម​របស់​អាមេរិក​ទៅ​លើ​ក្រុមហ៊ុន​ចិន​នាំ​ឱ្យ​ប៉ះពាល់​ដល់​រដ្ឋាភិបាល​កម្ពុជា។​លោក​បាន​សរសេរ​ក្នុង​ទំព័រ​ហ្វេសប៊ុក​របស់​លោក​កាល​ពី​ថ្ងៃ​អង្គារ​ថា៖​

«សកម្ម​ភាព​ នៅ​កម្ពុជា​ នៃ​ក្រុមហ៊ុន​ចិន​ទាំង​ឡាយ ​នឹង​ចុះ​ថយ ​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​របប ​ហ៊ុន សែន​ បាត់​បង់​បង្អែក​មួយ​ដ៏​សំខាន់​បំផុត​ ក្នុង​កាលៈ​ទេសៈ​បច្ចុប្បន្ន»។​

រូបឯកសារ៖ ការដ្ឋាន​សាងសង់​អាកាសយានដ្ឋាន​មួយ​នៅ​តំបន់​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន​ចិន Union Development Group (UDG) នៅ​ឧទ្យានជាតិ បុទុមសាគរ ខេត្ត​កោះកុង ថ្ងៃ​ទី ៦ ខែ​ឧសភា ឆ្នាំ២០១៨។
រូបឯកសារ៖ ការដ្ឋាន​សាងសង់​អាកាសយានដ្ឋាន​មួយ​នៅ​តំបន់​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន​ចិន Union Development Group (UDG) នៅ​ឧទ្យានជាតិ បុទុមសាគរ ខេត្ត​កោះកុង ថ្ងៃ​ទី ៦ ខែ​ឧសភា ឆ្នាំ២០១៨។

សហ​រដ្ឋ​អាមេរិក​បាន​លើក​ឡើង​ថា ​ការ​ដាក់​ទណ្ឌកម្ម​ប្រឆាំង​ក្រុមហ៊ុន ​UDG​ នេះ​ជា​ការ​ការពារ​ «តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​ដែល​សេរី​និង​បើក​ចំហ​ផង​ និង​អធិប​តេយ្យ​ភាព​របស់​ប្រជាជន​កម្ពុជា​ផង»។​

អ្នក​នាំពាក្យ​ស្ថានទូត​ចិន​នៅ​ភ្នំពេញ​បាន​ថ្លែង​ប្រាប់​កាសែត​ចិន​ The Cambodia China Times​ នា​ល្ងាច​ថ្ងៃ​ពុធ​នេះ​ថា​ គឺ​សហ​រដ្ឋ​អាមេរិក​ខ្លួន​ឯង​ទេ​តើ​ ដែល​មាន​ចរិត​ «អនុត្តរភាព» ​ហើយ​បាន​អនុវត្ត​ច្បាប់​ដាក់​ទណ្ឌកម្ម​ឆ្លង​ព្រំដែន​ «ជាន់​ឈ្លី​ដល់​អធិប​តេយ្យ​ភាព​របស់​ប្រទេស​កម្ពុជា»។​

ក្រៅតែ​ពីបាន​បដិសេធ​ពីការ​សង្ស័យ​ដែល​ថា​ គម្រោង​តារា​សាគរ​ អាច​ទទួល​វត្តមាន​យោធា​ចិន​នោះ​ ​ អ្នក​នាំពាក្យ​ស្ថានទូត​ចិន​ ដែល​មិន​បាន​បង្ហាញ​ឈ្មោះ​រូប​នេះ ​បាន​ត្រូវ​កាសែត ​The Cambodia China Times ​ដក​ស្រង់​សម្ដី​ថា៖​ «ស្ថានទូត​ចិន​ប្រចាំ​នៅ​កម្ពុជា​បាន​ប្រកាស​ជំទាស់​និង​ថ្កោលទោស​យ៉ាង​ដាច់​អហង្ការ​ចំពោះ​ទង្វើ​របស់​អាមេរិក។ ​ពួក​យើង​ទទូច​ឲ្យ​សហ​រដ្ឋ​អាមេរិក​កែ​នូវ​កំហុស​ខុស​ឆ្គង​នេះ​ជា​បន្ទាន់ ​និង​សម្រេច​ដក​ទណ្ឌកម្ម​ទាំង​នោះ​ចេញ​វិញ»។​

សហ​រដ្ឋ​អាមេរិក​ទើប​នឹង​បាន​ដាក់​ទណ្ឌកម្ម​ក្រុមហ៊ុន ​China Communication Construction Company ​(CCCC) ​របស់​ចិន​ទាក់​ទង​តួនាទី​សាង​សង់​មូលដ្ឋាន​យោធា​របស់​ចិន​ នៅ​ដែន​ទឹក​សមុទ្រ​ចិន​ខាងត្បូង​ដ៏​ស្រួច​ស្រាល់។​ ក្រុមហ៊ុន​ចិន​ចំនួន​២៤​ផ្សេង​ទៀត​ក៏​រង​ទណ្ឌកម្ម​សហ​រដ្ឋ​អាមេរិក​ដែរ។​

ក្រុមហ៊ុន​ CCCC ​កំពុង ជាប់​ម៉ៅការ​គម្រោង​ ចំនួន​យ៉ាង​ហោច​ណាស់​ ៩២៣ ​នៅ​១២៧​ប្រទេស​ទូទាំង​ពិភព​លោក​និង​ជា​ផ្នែក​មួយ​នៃ​ ផែន​ការ​ផ្លូវ​ក្រវ៉ាត់​ពាណិជ្ជ​កម្ម ​(BRI) ​របស់​លោក​ប្រធានាធិបតី​ចិន ​Xi Jinping ​ផង​ដែរ។​

ក្រុមហ៊ុន ​China Road and Bridge Corporation ​ដែល​ជា​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​មួយ​របស់​ក្រុមហ៊ុន ​CCCC​ កំពុង​ដំណើរ​ការ​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-ក្រុង​ព្រះសីហនុ ​ក្រោម​គម្រោង​វិនិយោគ​មាន​តម្លៃ​ជិត​២​ពាន់​លាន​ដុល្លារ។​

លោក ​ផៃ ស៊ីផាន​ អ្នក​នាំពាក្យ​រដ្ឋាភិបាល​កម្ពុជា​ មាន​ប្រសាសន៍​ថា​ ទឡ្ហីករណ៍​ដែល​បាន​រៀបរៀង​ក្នុង​កំណត់​ផ្សាយ​អំពី​ទណ្ឌកម្ម​របស់​អាមេរិក​មក​លើ​ក្រុមហ៊ុន​ UDG ​គ្រាន់​តែ​ជា​ «វោហាស័ព្ទ​នយោបាយ»​ នៅ​ចំ​កណ្ដាល​នៃ​ជម្លោះ​ពាណិជ្ជ​កម្ម​រវាង​សហ​រដ្ឋ​អាមេរិក​និង​ចិន​តែ​ប៉ុណ្ណោះ»។​

«រឿង​ហ្នឹង​មួយ​វា​អត់​មាន​ពាក់ព័ន្ធ​នឹង​រាជ​រដ្ឋាភិបាល​ទេ ​ពីព្រោះ​ជា​គម្រោង​របស់​ឯកជន។ ​ចំណុច​ទីពីរ​ វា​ថ្មី​ពេក​សម្រាប់​ការ​ពិចារណា​របស់​រដ្ឋាភិបាល​ ពី​ព្រោះ​ជា​គម្រោង​របស់​ឯកជន។ ​ វា​អត់​មាន​ពាក់ព័ន្ធ​ទៅ​នឹង​ករណី​យោធា​ ឬ​ក៏​ការ​បណ្ដេញ​ចេញ​ទេ។ ​នេះ​ជា​ការ​យក​មូលដ្ឋាន​មួយ​មិន​ពិត​ប្រាកដ ​មិន​ត្រឹម​ត្រូវ​ទេ»។​

លោក ​ផៃ ស៊ីផាន ​ក៏​បាន​អះអាង​ថា​ការ​ដាក់​ទណ្ឌកម្ម​លើ​ក្រុមហ៊ុន​ចិន​ដ៏​ធំ​ដែល​កំពុង​វិនិយោគ​នៅ​កម្ពុជា​នេះ​ មិន​ប៉ះពាល់​អ្វី​ដល់​សេដ្ឋកិច្ច​កម្ពុជា​នោះ​ដែរ​ ព្រោះ​ថា​ «សេដ្ឋកិច្ច​របស់​ខ្មែរ​មាន​វិស័យ​ជាច្រើន​មិនមែន​មាន​គម្រោង​បណ្ដាក់​ទុន​តែ​មួយ​នេះ​ទេ»។​

អ្នក​នាំពាក្យ​ស្ថានទូត​អាមេរិក​នៅ​ទីក្រុង​ភ្នំពេញ​បាន​បដិសេធ ​មិន​ផ្ដល់​ការ​អត្ថាធិប្បាយ​នៅ​ថ្ងៃ​ពុធ​នេះ។ ​VOA​ ក៏​មិន​ទាន់​អាច​ទាក់ទង​ក្រុមហ៊ុន ​UDG ​ដើម្បី​សុំ​ការ​បំភ្លឺ​បាន​នៅ​ឡើយ។​

រដ្ឋាភិបាល​កម្ពុជា​របស់​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន​ បាន​ទទួល​ការ​គាំទ្រ​យ៉ាង​មុតមាំ​ពី​សំណាក់​រដ្ឋាភិបាល​ចិន​ដី​គោក​ ទាំង​ផ្នែក​សេដ្ឋ​កិច្ច​ ទាំង​ផ្នែក​យោធា ​និង​ទាំង​ផ្នែក​នយោបាយ។​ ជាក់ស្ដែង​នៅ​អំឡុង​ការ​បង្ក្រាប​នយោបាយ​នៅ​កម្ពុជា​ចាប់ពី​ឆ្នាំ​២០១៧​មក​ ផ្ទុយ​ពី​បណ្ដា​ប្រទេស​បស្ចិមលោក​ដែល​រិះគន់​បរិហារ​រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ​នោះ រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​បាន​ផ្ដល់​ការ​គាំទ្រ​ជានិច្ចកាល​ ក្នុង​អ្វី​ដែល​ខ្លួន​ហៅ​ថា​ជា​ការ​ព្យាយាម​រក្សា​សន្តិសុខ​ផ្ទៃ​ក្នុង​របស់​កម្ពុជា។​

សំណុំ​រឿង​ទាក់​ទង​នឹង​ការ​សង្ស័យ​អំពី​មូលដ្ឋាន​យោធា​របស់​ចិន​នេះ​កើត​មាន​ដំបូង​តាម​រយៈ​លិខិត​របស់​លោក​អនុ​ប្រធានាធិបតី​ Mike Pence ​ផ្ញើ​មក​កាន់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​កាល​ពី​ខែ​វិច្ឆិកា​ ឆ្នាំ​២០១៨​ ដែល​លើក​ពី​ក្ដី​បារម្ភ​របស់​អាមេរិក​ដែល​ថា​ គម្រោង​វិនិយោគ​ តារាសាគរ​ នៅ​ខេត្ត​កោះកុង​អាច​ត្រូវ​បាន​បំប្លែង​ជា​មូលដ្ឋាន​យោធា​របស់​ចិន។​

កាសែត ​The Wall Street Journal​ របស់​សហ​រដ្ឋ​អាមេរិក​ថែម​ទាំង​បាន​ចេញ​ផ្សាយ​របាយ​ការណ៍​មួយ​កាល​ពី​ខែ​កក្កដា​ឆ្នាំ​២០១៩​កន្លង​ទៅ​ថា ​កម្ពុជា​បាន​សម្រេច​ «កិច្ច​ព្រមព្រៀង​សម្ងាត់»​ អនុញ្ញាត​ឱ្យ​កងទ័ព​ជើងទឹក​ចិន​ អាច​ប្រើប្រាស់​មូលដ្ឋាន​សមុទ្រ​រាម​បាន។​

រដ្ឋាភិបាល​កម្ពុជា​បាន​បដិសេធ​យ៉ាង​ដាច់​អហង្កា​ជា​ច្រើន​លើក​ច្រើនសារ​ អំពី​ប្រការ​ទាំង​នេះ​ និង​តែង​បាន​សូត្រ​ទន្ទេញ​ខ្លឹមសារ​មាត្រា​៥៣​នៃ​រដ្ឋ​ធម្មនុញ្ញ​របស់​ប្រទេស​ ដែល​ហាម​ប្រាម​វត្តមាន​មូលដ្ឋាន​យោធា​បរទេស​នៅ​លើ​ទឹកដី​កម្ពុជា។​

លោក ​ស៊ុន គីម​ គ្រូ​ឧទ្ទេស​ជំនាញ​ទំនាក់​ទំនង​អន្តរជាតិ​ នៅ​សាកល​វិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា ​បាន​លើក​ឡើង​ថា​រដ្ឋាភិបាល​កម្ពុជា ​មុខ​ជា​នឹង​រក្សា​ជំហរ​ «ប្រុងប្រយ័ត្ន»​ នៅ​ចំពោះ​មុខ​ការ​ប្រឈម​មុខ​គ្នា​តាំង​ពី​កម្រិត​រដ្ឋ​ដល់​កម្រិត​ឯកជន​រវាង​សហ​រដ្ឋ​អាមេរិក​និង​ចិន​ខណៈ​កម្ពុជា​ខ្លួន​ឯង​កំពុង​ថ្នម​ទំនាក់​ទំនង​ជាមួយ​សហ​រដ្ឋ​អាមេរិក។​

លោក​ប្រធានាធិបតី ​Donald Trump ​និង​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន​ បាន​ឆ្លើយឆ្លង​តាម​លិខិត​កាល​ពី​ចុង​ឆ្នាំ​២០១៩​កន្លង​ទៅ ​ដោយ​មាន​ការ​សន្យា​ស្ដារ​ទំនាក់​ទំនង​ឡើង​វិញ។​

លោក ​ស៊ុន គីម​បាន​លើក​ឡើង​ថា៖​

«តាម​អ្វី​ដែល​ជា​គំនិត​របស់​ខ្ញុំ ​ ​រដ្ឋាភិបាល​កម្ពុជា​គាត់​នឹង​មិន​ធ្វើ​អ្វី​ទេ ​បាន​ន័យ​ថា​រឿង​រ៉ាវ​នេះ​ គាត់​ទុក​ឱ្យ​ក្រុមហ៊ុន​ចិន​ផ្ទាល់​តែ​ម្ដង​ជា​អ្នក​ឆ្លើយ​តប​ប្រតិកម្ម​ទៅ​លើ​អ្វី​អាមេរិក​គាត់​ធ្វើ​ ព្រោះ​កម្ពុជា​គាត់​មាន​ការ​ប្រុង​ប្រយ័ត្ន​ក្នុងការ​បញ្ចេញ​នូវ​អ្វី​ដែល​ជា​សកម្មភាព​ណា​មួយ​ដែល​ធ្វើ​ឲ្យ​អាមេរិក​មិន​សូវ​សប្បាយ​ចិត្ត​ ឬ​ក៏​អាច​ប៉ះពាល់​ដល់​ទំនាក់​ទំនង​ដែល​កម្ពុជា​ និង​អាមេរិក​មាន»។​

គ្រូ​ឧទ្ទេស​ជំនាញ​ទំនាក់​ទំនង​អន្តរជាតិ​រូប​នេះ​បាន​បន្ថែម​ថា៖ ​

«កម្ពុជា​កំពុង​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ពាក់​ព័ន្ធ​នឹង​គោល​នយោបាយ​ការ​បរទេស​របស់​គាត់​អ៊ីចឹង​គាត់​នឹង​សម្រេច​ចិត្ត​នៅ​ស្ងៀម ​ប្រសើរ​ជាង​ការណ៍​ដែល​គាត់​បង្ហាញ​នូវ​អ្វីៗ​ផ្សេងៗ»។ ​

លោក​ ស៊ុន គីម​ បាន​ផ្តល់​ការ​កត់​សម្គាល់​ថា​ពេល​វេលា​ទៅ​មុខ​ ដែល​អាមេរិក​និង​ចិន​ប្រឈម​មុខ​គ្នា​កាន់​តែ​ខ្លាំង​នោះ​ ទាម​ទារ​ឲ្យ​កម្ពុជា​ប្រុង​ប្រយ័ត្ន​បន្ថែម​ទៀត​ ហើយ​កម្ពុជា​ត្រូវ​ប្រឹង​ឱ្យ​អស់​លទ្ធភាព​ក្នុង​ការ​រក្សា​មិត្តភាព​ឱ្យ​បាន​គង់វង្ស ជាមួយ​ចិន​ផង​ និង​ជាមួយ​អាមេរិក​ផង ​នៅ​ក្នុង​បរិបទ​ប្រកួត​ប្រជែង​នេះ។​

«កម្ពុជា​ដែល​ជា​ប្រទេស​តូច​មួយ​ក្នុង​ចំណោម​ប្រទេស​តូច​ទាំងអស់​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​នេះ​គឺ​ពិបាក​ខ្លាំង​តែ​ម្ដង​ គឺ​យើង​ពិបាក។​ កម្ពុជា​ត្រូវតែ​រក​ដៃគូ​ដូច​ជា​អាស៊ាន​ដែល​កម្ពុជា​ត្រូវ​ធ្វើ​ម៉េច​ទុក​អាស៊ាន​ជា​ស្នូល​នៃ​នយោបាយ​ការ​បរទេស​ដែល​សំខាន់ ​ហើយ​បើ​កម្ពុជា​នៅ​រួបរួម​ជាមួយ​អាស៊ាន​កាន់​តែ​ខ្លាំង​កាត់​បន្ថយ​ការ​ទទួល​សម្ពាធ​ពី​អាមេរិក»។​

លោក​បណ្ឌិត​ រ៉ូ វណ្ណៈ​ បាន​លើក​ឡើង​ថា​ រដ្ឋតូច​ដូច​ជា​កម្ពុជា​ ត្រូវ​ការ​ធ្វើ​រឿង​មួយ​ចំនួន​ដើម្បី​បង្កើន​ទំនុក​ចិត្ត​ពី​ប្រទេស​ធំៗ។​

«ប្រទេស​តូច​ត្រូវ​បង្ហាញ​ពី​តម្លាភាព​ឱ្យ​បាន​គ្រប់​ជ្រុង​ជ្រោយ ​ក្នុង​គោល​ដៅ​ដើម្បី​កុំ​ឱ្យ​មហា​អំណាច ​មាន​មូលហេតុ​ ឬ​ក៏​យក​លេស​ ទឡ្ហីករណ៍​ណា​មួយ​ មក​ចោទ​ប្រកាន់​ប្រទេស​តូច»។​

លោក​បណ្ឌិត​ រ៉ូ វណ្ណៈ​ បាន​លើក​ឡើង​ថា ​រដ្ឋ​តូចៗ​នៅ​អាស៊ី​អាគ្នេយ៍​ដូច​ជា​កម្ពុជា​ ពិបាក​នឹង​កាត់​ផ្ដាច់​ផ្នែក​ភូមិ​សាស្ត្រ​និង​សេដ្ឋកិច្ច​ពី​ប្រទេស​ចិន​ណាស់ ​ព្រោះ​វា​តម្រូវ​ឱ្យ​អាមេរិក​ និង​បណ្ដា​សម្ព័ន្ធ​មិត្ត​ផ្ដល់​នូវ​ជម្រើស​សេដ្ឋកិច្ច​សមស្រប​ អាច​ជំនួស​ចិន​បាន ​បើ​សិន​ជា​ខ្លួន​ចង់​ទប់ទល់​ចិន​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​នោះ៕​

What Next?

Recent Articles

One Response to "យុទ្ធសាស្ត្រ​អាមេរិក​ទប់ស្កាត់​ចិន រាលដាល​ប៉ះ​កម្ពុជា"

  1. Anonymous says:

    I knew it is easy to tracking this well educated jungle man . most of time this animal walking naked but he strongly think he is fully dress. HUN SEN was so good at violent again Cambodian by having his jungle’s military form by VEITCONG . YES when it come to reality this animal is worse then a sick dog that can not be comparation

Leave a Reply

Submit Comment