សមាជិក​សភាអាមេរិក​ ថ្កោលទោស​របបលោក ហ៊ុន សែន​ ដែលបានចាប់​យុវជន​ជាច្រើន​នាក់​ ដាក់​ពន្ធនាគារ​

ដោយ មួង ណារ៉េត
2020-09-16
RFA

សមាជិកសភាមកពីខាងគណបកសប្បជាធិបតេយ្យលោក អាឡែន ឡូវ៉ិនស្សល(Alan Lowenthal)(រូបឆ្វេង) និងក្រុមយុវជន និង​ព្រះសង្ឃខ្មែរថាវរៈ និង​យុវជនចលនាមាតាធម្មជាតិ នឹង​សកម្មជនឯទៀត ដែលត្រូវ​បានចាប់ឃុំខ្លួន

សមាជិកសភាមកពីខាងគណបកសប្បជាធិបតេយ្យលោក អាឡែន ឡូវ៉ិនស្សល(Alan Lowenthal)(រូបឆ្វេង) និងក្រុមយុវជន និង​ព្រះសង្ឃខ្មែរថាវរៈ និង​យុវជនចលនាមាតាធម្មជាតិ នឹង​សកម្មជនឯទៀត ដែលត្រូវ​បានចាប់ឃុំខ្លួន

 ALAN LOWENTHAL’S FACEBOOK PROFILE/FACEBOOK


សមាជិក​សភា​អាមេរិក​លោក អាឡែន ឡូវ៉ិនស្សល (Alan Lowenthal) ថ្កោលទោស​របប​លោក ហ៊ុន​ សែន​ ដែលបាន​ចាប់យុវជន​ជាច្រើននាក់​ ដាក់ពន្ធនាគារ​។ នៅក្នុង​សេចក្តី​ថ្លែងការណ៍​ ដែលចេញ​កាលពីថ្ងៃទី​ ១៥ ខែ កញ្ញា​ លោក អាឡែន​ ឡូវ៉ិនស្សល ថារបបលោក​ ហ៊ុន សែន​ ធ្វើតាមតែអំពើចិត្ត​ ដោយបំពាន​ច្បាប់រដ្ឋធម្មនុញ្ញ​កម្ពុជា​ ក្នុងការចាប់​ខ្លួនយុវជន​ទាំងនោះ​។

លោក​បន្ថែម​ថា សកម្មភាព​តស៊ូមតិ​ ឬតវ៉ាដោយ​សន្តិវិធី​ ឬរិះគន់​រដ្ឋាភិបាល​ គឺជា​ការ​ប្រើ​ប្រាស់​សិទ្ធិ​សេរីភាព និង​សិទ្ធិបញ្ចេញមតិ​ ដែលជាសិទ្ធិ​មូលដ្ឋាន​ និង​ចាំបាច់​សម្រាប់​ដំណើរ​ការប្រជាធិបតេយ្យ​ត្រឹមត្រូវមួយ​។ យុវជនដែលចូលរួមសកម្ម ក្នុង​ជីវភាព​នយោបាយ​បែប​នេះ គួរតែរបប​លោក ហ៊ុន សែន​ លើកទឹកចិត្ត​ពួកគាត់ មិន​មែន​ចាប់​ពួកគាត់​ដាក់គុក​នោះទេ

លោកបន្តថា​ យុវជនទាំងនេះ​ គឺជាអនាគត​របស់​កម្ពុជា​ ហើយលោក​ប្តេជ្ញា​នៅតែបន្ត​ថ្កោល​ទោស​របប​លោក​ ហ៊ុន សែន​ ដែលធ្វើបាប​ប្រជាពលរដ្ឋ​បែបនេះ​។ លោក​ព្រមាន​ថា​ ទង្វើ​របស់របបនេះ​ ​នឹងរឹតតែ​ធ្វើឲ្យកម្ពុជា​ ប្រឈមទណ្ឌកម្ម​បន្ថែម​ ពីសហគមន៍​អន្តរជាតិ​។ លោក​រម្លឹក​ឲ្យលោក​ ហ៊ុន​ សែន​ គិត​ឲ្យ​ច្បាស់​ ថា​ការបន្ត​ចង់​ក្រាញ​អំណាច​ និង​ចង់​លើក​មុខមាត់​កម្ពុជា​នៅលើឆាក​អន្តរជាតិ​ មួយ​ណា​សំខាន់​ជាង​?​

អាស៊ីសេរី​មិន​អាច​សុំ​ការ​ឆ្លើយ​តប​​ ពី​មន្រ្តី​នាំពាក្យ​របប​ក្រុងភ្នំពេញបាននៅ​ឡើយ​ទេ​ ជុំវិញ​ជំហរ​របស់​សមាជិក​សភា​អាមេរិក​រូប​នេះ។ ប៉ុន្តែ​លោក​ ផៃ ស៊ីផាន​ ធ្លាប់​អះអាង​ជា​ញឹក​ញាប់​ពី​មុន​មក​​ថា​ លោក​​មិន​ចាប់​អារម្មណ៍​នឹង​តំណាង​រាស្រ្ត​អាមេរិក ​​ដែល​លោក​អះ​អាង​ថា​ជា​អ្នក​ប្រឆាំង​កម្ពុជា​ ដើម្បី​ប្រយោជន៍​នយោបាយ។​

ទោះ​ជាយ៉ាងនេះក្តី ​សមាជិក​សភា​អាមេរិក​កន្លង​មក​មាន​ឥទ្ធិ​ពល​ក្នុង​ការ​ធ្វើ​ច្បាប់​ដើម្បី​ដាក់ទណ្ឌកម្ម​លើ​មន្រ្តី​របប​ក្រុងភ្នំពេញ​ជាហូរ​ហែមក​ហើយ។

លោក អាឡែន​ ឡូវ៉ិនស្សល​ កាល​ពីដើម​ឆ្នាំ​ ២០១៩​ ក៏​ធ្លាប់បានស្នើ​ច្បាប់ស្តី​ពីពាណិជ្ជកម្ម​កម្ពុជា​ ឆ្នាំ ២០១៩​ ដើម្បី​ឲ្យរដ្ឋាភិបាល​អាមេរិក​ ពិចារណាឡើង​វិញ លើ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ​ ផ្នែកពាណិជ្ជកម្ម​ ឬ GSP ដោយសារ​តែរបបលោក​ហ៊ុន សែន​ រំលោភសិទ្ធិ​មនុស្ស​ និងបំផ្លាញ​ប្រជាធិបតេយ្យ​ធ្ងន់ធ្ងរ​នេះ។

បើតាម​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅកម្ពុជា​ សហរដ្ឋអាមេរិកគឺជាទីផ្សារ​នាំចេញ​ធំជាងគេបំផុតមួយរបស់កម្ពុជា។ កម្ពុជានាំទំនិញចេញទៅកាន់អាមេរិក ក្នុងឆ្នាំ ២០១៩ មានទឹកប្រាក់ជិត ៥,៤ ពាន់លានដុល្លារ។ ក្នុងនោះ ទំនិញក្នុងតម្លៃជិត ១ ពាន់លានដុល្លារ ជាទំនិញសម្រាប់ការធ្វើដំណើរ ដែលរួមមានកាបូបដៃ វ៉ាលីស និងកាបូប​ស្ពាយ ដែលត្រូវបានលើកលែងការបង់ពន្ធគយ នៅក្រោមប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅរបស់សហរដ្ឋអាមេរិក ឬ GSP។

កម្ពុជា​ទើប​តែ​បាត់បង់​ការអនុគ្រោះពន្ធ EBA ២០% ដែល​មាន​ទំហំ​ទឹក​ប្រាក់​ជាង​ ១ ពាន់​លាន​ដុល្លារ​ ដោយសារ​តែ​សហ​ភាព​អឺរ៉ុប​ថ្កោល​ទោស​ រឿង​រំលោភសិទ្ធិ​មនុស្ស និង​បំផ្លាញ​ប្រជាធិបតេយ្យ​។

អ្នក​ឃ្លាំមើលសង្គម ធ្លាប់​ព្រមាន​របបក្រុងភ្នំពេញ​ជារឿយៗថា​ បើ​របប​នេះ​មិន​ព្រម​ស្តា​រ​សិទ្ធិ​មនុស្ស​ និង​ប្រជាធិបតេយ្យ​ឡើង​វិញទេ នោះ​ទណ្ឌកម្ម​ថ្មី​បន្ថែម​ទៀត អាច​រួម​ទាំង​ការ​ផ្តាច់​ប្រព័ន្ធ​អនុគ្រោះពន្ធទូទៅ​ GSP របស់​សហរដ្ឋអាមេរិក​ផងដែរ នឹង​ធ្លាក់​មក​លើ​កម្ពុជា​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

3 Responses to "សមាជិក​សភាអាមេរិក​ ថ្កោលទោស​របបលោក ហ៊ុន សែន​ ដែលបានចាប់​យុវជន​ជាច្រើន​នាក់​ ដាក់​ពន្ធនាគារ​"

  1. 😈omen😈 says:

    យើងសុំផ្ដាំទៅលោក ហ៊ុនសែន ម្ដងទៀត! បើមិនកែប្រែបញ្ហាសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិនឹងលិទ្ធិប្រជាធិបតេយ្យទេ
    របបនេះនិងជួបទណ្ឌកម្មបន្ថែមទៀតទៅលើក្រុមហ៊ុនធំៗពីរទៀតដែលនិងត្រូវទទួលទណ្ឌកម្ម ប្រសិនបើ លោក ហ៊ុនសែន មិនកែប្រែឥរិយាបទអោយទានពេល។យើងបានប្រាប់រួចម្ដងហើយកាលពីពេលថ្មីៗកន្លងមកពីបញ្ហាទណ្ឌកម្មនេះ។

  2. Anonymous says:

    WELL.. if you want to talk to HUN SEN you should use the simple word . please do not use any word that world leader used to speak this evil will never understand.

  3. so socheath says:

    កម្ពុជាខកចិត្តចំពោះការចោទប្រកាន់ ដោយហេតុផលនយោបាយ របស់សមាជិកសភា និងឧបការីរដ្ឋមន្រ្តីការបរទេសអាមេរិក
    (ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានសម្តែងការខកចិត្តជាខ្លាំងចំពោះការចោទប្រកាន់ដោយហេតុផលនយោបាយរបស់ លោកអាលែន ឡូ វែនថល Alan Lowenthal សមាជិកសភា និងលោក រ៉ូបឺត ដេស្ត្រូ Robert A. Destro ឧបការីរដ្ឋមន្រ្តីក្រសួងការបរទេស ទៅលើវិធានការរបស់អាជ្ញាធរកម្ពុជា ក្នុងការធានាសន្តិភាព សណ្តាប់ធ្នាប់ និងសុខភាពសាធារណៈនៅក្នុងប្រទេស កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០។ នេះបើតាមសេចក្តីថ្លែងការណ៍ ដែល ទទួលបាន នៅថ្ងៃទី១៨ ខែកញ្ញា។
    អ្នកនាំពាក្យក្រសួងការបរទេស បានកត់សម្គាល់ដោយសោកស្តាយយ៉ាងខ្លាំងថា ការវាយតម្លៃរបស់អ្នកទាំងពីរខាងលេី មិនត្រឹមត្រូវទាល់តែសោះ និងមិនបានគិតពីទិដ្ឋភាពអង្គហេតុ និងអង្គច្បាប់នៃបញ្ហានេះ។
    លោកបញ្ជាក់ថា ប្រទេសកម្ពុជាលើកតម្កើងសេរីភាពនៃការបញ្ចេញមតិ សមាគម និងការជួបជុំដោយសន្តិវិធី ដូចដែលបានធានានៅក្នុងរដ្ឋធម្មនុញ្ញ។ ប៉ុន្តែទោះយ៉ាងណា ការប្រើប្រាស់សិទ្ធិ និងសេរីភាពបែបនេះ ត្រូវអនុលោមតាមច្បាប់។ សេរីភាពនៃការបញ្ចេញមតិ មិនមែនជាសេរីភាពក្នុងការផ្សព្វផ្សាយការរើសអើង ដែលនាំឱ្យមានការស្អប់ខ្ពើម ការប្រកាន់ពូជសាសន៍ និងអំពើហិង្សានោះឡើយ។
    អ្នកនាំពាក្យក្រសួងការបរទេស បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍យ៉ាងដូច្នេះថា «គ្រប់អង្គការក្រៅរដ្ឋាភិបាលទាំងអស់ រួមទាំងអ្នកការពារសិទ្ធិមនុស្ស និងក្រុមយុវជន មានសេរីភាពក្នុងការអនុវត្តសកម្មភាពរបស់ខ្លួន ដើម្បីរួមចំណែកក្នុងកិច្ចអភិវឌ្ឍជាតិ ដរាបណាសកម្មភាពអស់ទាំងនោះស្ថិតនៅក្រោមដែនកំណត់នៃច្បាប់»។
    អ្នកនាំពាក្យកត់សម្គាល់នូវកម្រិតជាក់លាក់មួយនៃស្តង់ដារទ្វេ ដែលសម្តែងចេញដោយឥស្សរជនទាំងពីរ ដោយម្យ៉ាងអំពាវនាវឱ្យដោះលែងក្រុមពិសេសមួយចំនួនក្រៅប្រព័ន្ធតុលាការ ដែលផ្ទុយទៅនឹងការអនុវត្តនៃដំណើរការនីតិវិធីតុលាការ និងម្យ៉ាងវិញទៀត បែរជាអំពាវនាវឱ្យគោរពនីតិរដ្ឋទៅវិញ។
    កម្ពុជារក្សាការប្តេជ្ញាចិត្តក្នុងការកសាងទំនាក់ទំនងល្អប្រសើរជាមួយសហរដ្ឋអាម៉េរិក និងវាយតម្លៃខ្ពស់ចំពោះការគាំទ្ររបស់សហរដ្ឋអាម៉េរិក ដើម្បីស្ថិរភាព សន្តិភាព និងការអភិវឌ្ឍរបស់ប្រទេសកម្ពុជា៕

Leave a Reply

Submit Comment