សហរដ្ឋ​អាមេរិក​បន្ត​ជំរុញ​កម្ពុជា​ឲ្យ​គោរព ​«គោលការណ៍​រួម» នៃ​សិទ្ធិមនុស្ស​និង​លទ្ធិប្រជាធិបតេយ្យ

នយោបាយ
17 កញ្ញា 2020
សាយ មុន្នី
វីអូអេខ្មែរ

រូបឯកសារ៖ ក្រុម​អ្នក​គាំទ្រ​លោក រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា​ លើក​បដា​ ក្នុង​ពេល​តវ៉ា​ទាមទារ​ឲ្យ​ដោះលែង​លោក នៅ​មុខ​តុលាការ​រាជធានី​ភ្នំពេញ ថ្ងៃ​ទី១ ខែសីហា ឆ្នាំ​២០២០។ Photo: AFP


វ៉ាស៊ីនតោន — សហរដ្ឋ​អាមេរិក​នឹង​នៅ​តែ​បន្ត​ជំរុញ​រដ្ឋាភិបាល​កម្ពុជា​ឲ្យ​បើក​ឡើង​វិញ​នូវ​លំហរ​ប្រជាធិបតេយ្យ ដើម្បី​ឲ្យ​កម្ពុជា​អាច​ក្លាយ​ជា​ប្រទេស​ប្រជាធិបតេយ្យ​ពិតប្រាកដ​មួយ​ ដែល​គោរព​តាម​គោលការណ៍​សិទ្ធិ​មនុស្សនិង​លទ្ធិប្រជាធិបតេយ្យ។ នេះ​បើ​ផ្អែក​តាម​ក្រុម​មន្ត្រី​អាមេរិកាំង។

ការ​បន្ត​ជំរុញ​នេះ ធ្វើ​ឡើងក្នុង​ពេល​ដែល​សហរដ្ឋ​អាមេរិកកំពុង​ប្រឹងប្រែង​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគីជាមួយ​កម្ពុជា​នៅ​ឆ្នាំ​នេះ​ ដែល​ជា​ឆ្នាំ​គម្រប់​ខួប​ទី ​៧០ ​នៃ​ទំនាក់ទំនង​ការ​ទូត​រវាង​ប្រទេស​ទាំង​ពីរ ខណៈ​ដែល​ការ​បង្ក្រាប​របស់​រដ្ឋាភិបាល​កម្ពុជា​ទៅ​លើ​ក្រុម​ប្រឆាំង​កាន់តែ​ឡើង​កម្តៅ។

លោក អេរិន ស្វាតជេស (Arend Zwartjes) អ្នក​នាំពាក្យ​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា បាន​មាន​ប្រសាសន៍​ប្រាប់​វីអូអេ​ក្នុង​បទ​សម្ភាសន៍​មួយ​ អំពី​ទំនាក់ទំនង​សហរដ្ឋ​អាមេរិក​និង​កម្ពុជាកាល​ពី​ពេល​ថ្មីៗនេះថា​ សហរដ្ឋ​អាមេរិក​នឹង​នៅ​តែ​លើកឡើង​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​ ទាំង​ជា​សាធារណៈ​ក្តី​ ទាំង​ជា​លក្ខណៈ​ឯកជន​ក្តី​ ចំពោះ​ការ​ព្រួយបារម្ភ​របស់​សហរដ្ឋ​អាមេរិក អំពី​លំហរ​ប្រជាធិបតេយ្យ​និង​ការ​គោរព​សិទ្ធិមនុស្ស ដែល​កាន់​តែ​រួម​តូចទៅៗ​នៅ​កម្ពុជា​បច្ចុប្បន្ន។

«យើង​បាន​ជំរុញ​រដ្ឋាភិបាល​ [កម្ពុជា] ​ឲ្យ​បើក​ចំហរ​សម្រាប់​ការ​ផ្សះផ្សារ​មួយនៅ​ក្នុង​ប្រទេស ហើយ​យើង​នឹង​បន្ត​ជំរុញ​តទៅ​ទៀត»

ស្ថាន​ភាព​រំលោភ​សិទ្ធិមនុស្ស​ក្នុង​ប្រទេស​កម្ពុជា​កាន់តែ​ធ្លាក់​ដុនដាប​ទៅៗ ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ រួម​ទាំង​ក្នុង​ពេល​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ​ផង​ ដែល​មេដឹកនាំ​សហជីព អ្នកនយោបាយ សមាជិក​ក្រុម​យុវជន​ ​សកម្មជន​បរិស្ថាន​ព្រម​ទាំង​សិល្បករ​ផងដែរ ត្រូវ​បាន​ចាប់​ខ្លួន​និង​ឃុំខ្លួន ដោយសារ​ការ​ចូលរួម​បញ្ចេញ​មតិ​របស់​ពួកគេ​ នៅ​តាម​សារព័ត៌មាន​និង​បណ្តាញសង្គម។

​ការ​ចាប់​ខ្លួន​ជា​បន្ត​បន្ទាប់​នេះ​កើត​មាន​ឡើង ​ទន្ទឹម​គ្នា​នឹង​ការ​ចូល​ជា​ធរមាន​នៃ ​ការ​ដកការ​អនុគ្រោះ​ពន្ធរបស់​សហភាព​អឺរ៉ុប​លើ​មុខ​ទំនិញប្រមាណ ​២០% ដែល​នាំ​ចេញ​ពី​កម្ពុជា​ទៅ​កាន់​ទីផ្សារ​អឺរ៉ុប​ ក្រោម​ក្របខណ្ឌ​ «គ្រប់​មុខ​ទំនិញ​លើក​លែង​តែ​អាវុធ» ឬ​ Everything But Arms (EBA) ​ដោយ​សារ​តែ​ «ការ​រំលោភ​បំពាន​ជា​ប្រព័ន្ធ​និង​យ៉ាង​ធ្ងន់ធ្ងរ»​ លើ​សិទ្ធិ​ពលរដ្ឋ​និង​សិទ្ធិ​នយោបាយ​នៅ​កម្ពុជា​ មុន​ការ​បោះឆ្នោត​ឆ្នាំ​២០១៨។


«អាមេរិក​នឹង​នៅ​តែ​ជំរុញ ហើយ​ដំណើរ​ការ​ហ្នឹង​មិន​ប្តូរ​ទេ​នៅ​ពេល​ខាង​មុខ។ ប្រទេស​កម្ពុជា​នៅ​តែ​មិន​សប្បាយ​ចិត្ត​ ជា​ពិសេស​អ្នក​កាន់​អំណាច​នៅ​ប្រទេស​កម្ពុជា​នៅ​តែ​មិន​សប្បាយ​ចិត្ត»


បច្ចុប្បន្ន កម្ពុជា​កំពុង​ឃុំ​ខ្លួន​មនុស្ស​ជាង ​៥០ ​នាក់ ​រួម​ទាំង​សកម្មជន​គណបក្ស​សង្គ្រោះជាតិ សកម្មជន​បរិស្ថាន យុវជន​និង​អ្នក​សារព័ត៌មាន ​ដែល​ធ្វើ​ការ​ក្នុង​ស្ថាប័ន​ឯករាជ្យ​ផងដែរ ​ក្រោម​បទ​ចោទប្រកាន់ ​«ដែល​មាន​ចរិត​នយោបាយ»។ នេះ​បើ​យោង​តាម​អង្គការ​ឃ្លាំមើល​ការ​រំលោភ​សិទ្ធិមនុស្ស​ Human Rights Watch

ឧបការី​រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​សហ​រដ្ឋ​អាមេរិក​ទទួល​បន្ទុក​លទ្ធិ​ប្រជា​ធិបតេយ្យ​ សិទ្ធិ​មនុស្ស​និង​ការងារ​គឺ​លោក​ រ៉ូប៊ឺត អេ ដេស្ត្រូ (Robert A. Destro)​ កាល​ពី​ថ្ងៃ​ទី​ ១៤ ​ខែ​កញ្ញា ​ឆ្នាំ ​២០២០ ​បាន​សម្តែង​ «ការ​ព្រួយបារម្ភ​យ៉ាង​ជ្រាលជ្រៅ» ​របស់​សហរដ្ឋ​អាមេរិក​ ចំពោះ​ការ​ចាប់​ខ្លួន​អ្នក​ដែល​បាន​អនុវត្ត​សេរីភាព​បញ្ចេញ​មតិទាំង​នេះ ហើយ​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ដោះ​លែង​ពួកគេ​ «ជា​បន្ទាន់​និង​អនុញ្ញាត​ឲ្យ​ពួកគេ​អាច​បញ្ចេញ​មតិ​បាន»

លោក អ៊ូ វីរៈ​ ស្ថាបនិក​នៃ​អង្គការ​វេទិកា​អនាគត បាន​មាន​ប្រសាសន៍​ប្រាប់​វីអូអេ​ថា ​ការណ៍​ដែលសហរដ្ឋ​អាមេរិក​និង​បណ្តា​ប្រទេស​លោក​ខាង​លិច ​នៅ​តែ​បន្ត​ជំរុញ​ឲ្យ​កម្ពុជា​គោរព​សិទ្ធិមនុស្ស ​គឺ​ដោយ​សារ​តែ​ពលរដ្ឋ​កម្ពុជា​នៅ​តែ​ចង់​បាន​លទ្ធិប្រជាធិបតេយ្យ ទោះ​បី​ជា​ពួកគេ​ត្រូវ​ប្រឈម​នឹង​ការ​លំបាក​យ៉ាង​ណា​ក៏ដោយ។

«អាមេរិក​នឹង​នៅ​តែ​ជំរុញ ហើយ​ដំណើរ​ការ​ហ្នឹង​មិន​ប្តូរ​ទេ​នៅ​ពេល​ខាង​មុខ។ ប្រទេស​កម្ពុជា​នៅ​តែ​មិន​សប្បាយ​ចិត្ត​ ជា​ពិសេស​អ្នក​កាន់​អំណាច​នៅ​ប្រទេស​កម្ពុជា​នៅ​តែ​មិន​សប្បាយ​ចិត្ត»

រូបឯកសារ៖ ក្រុម​អ្នក​គាំទ្រ​លោក រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា​ លើក​បដា​ ក្នុង​ពេល​តវ៉ា​ទាមទារ​ឲ្យ​ដោះលែង​លោក នៅ​មុខ​តុលាការ​រាជធានី​ភ្នំពេញ ថ្ងៃ​ទី១ ខែសីហា ឆ្នាំ​២០២០។
រូបឯកសារ៖ ក្រុម​អ្នក​គាំទ្រ​លោក រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា​ លើក​បដា​ ក្នុង​ពេល​តវ៉ា​ទាមទារ​ឲ្យ​ដោះលែង​លោក នៅ​មុខ​តុលាការ​រាជធានី​ភ្នំពេញ ថ្ងៃ​ទី១ ខែសីហា ឆ្នាំ​២០២០។

រូបឯកសារ៖ លោក រ៉ុង ឈុន មេដឹកនាំសហជីពដ៏ល្បីឈ្មោះមួយរូបដែលការពារសិទ្ធិកម្មករ ថ្លែងនៅក្នុងការធ្វើបាតុកម្មមួយនៅក្បែរគេហដ្ឋានរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០។
រូបឯកសារ៖ លោក រ៉ុង ឈុន មេដឹកនាំសហជីពដ៏ល្បីឈ្មោះមួយរូបដែលការពារសិទ្ធិកម្មករ ថ្លែងនៅក្នុងការធ្វើបាតុកម្មមួយនៅក្បែរគេហដ្ឋានរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០។

ក្រុម​អង្គការ​ការពារ​សិទ្ធិមនុស្ស​ជាតិ​និង​អន្តរជាតិ​ធំៗ​ជាច្រើន ​រួម​ទាំង​ការិយាល័យ​ឧត្តមស្នងការ សហប្រជាប្រជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​ផង ក៏​បាន​អំនាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ដោះលែង​អ្នក​ដែល​ជាប់​ឃុំ​ឃាំង ​ដោយសារ​តែ​ការ​អនុវត្ត​សិទ្ធិបញ្ចេញមតិ​ ដែល​ត្រូវបាន​ធានា​ការ​ពារ​ដោយ​រដ្ឋធម្មនុញ្ញ​កម្ពុជា​ផង​ដែរ។

លោក​ អ៊ូ វីរៈ បន្ថែម​ថា៖ «អង្គការ​សហប្រជាជាតិ​គេ​មិន​ដែល​បោះបង់​កម្ពុជា ហើយ​គេ​ចេះ​តែ​ជំរុញ គេ​ចេះ​តែ​ដាស់​តឿន​ គេ​ចេះ​តែ​ថា​ឲ្យ​អី​អញ្ចឹង​ទៅ អាហ្នឹង​គឺនៅ​តែ​មាន»។​«យើង​ចង់​ធ្វើ​ការ​ជាមួយ​ភាគី​ទាំង​អស់ ហើយ​លើកទឹកចិត្ត​ពួកគេ​ឲ្យ​ធ្វើ​ការ​ជាមួយ​គ្នា ​និង​មាន​ការ​ផ្សះផ្សារ​គ្នា។ ជាថ្មី​ម្តង​ទៀត យើង​សង្ឃឹម​ថា ​ការណ៍​នេះ​នឹង​កើត​មាន​ឡើង​ ហើយ​សង្ឃឹម​ថា​ កម្ពុជា​អាច​វិល​ទៅ​រកមាគ៌ាប្រជាធិបតេយ្យ​ពេញលេញ​វិញ»

នៅ​ឆ្នាំ​ ២០១៧ រដ្ឋាភិបាល​កម្ពុជា​ក្រោម​ការ​ដឹកនាំ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​បង្ក្រាប​ទៅ​លើ​ក្រុម​ប្រឆាំង ​ក្រុម​អង្គការ​សង្គមស៊ីវិល​និង​សារព័ត៌មាន​ឯករាជ្យ​ ដោយ​ប្រើ​វិធានការ​នានា​រហូត​ឈាន​ទៅ​រំលាយ​គណបក្ស​សង្គ្រោះជាតិ ដែល​ជា​គូបដិបក្ខដ៏​មុតស្រួច​របស់គណបក្ស​ប្រជាជន​កម្ពុជា​ក្នុង​យុទ្ធនាការ​មួយ ​ដែល​ក្រុម​អ្នក​វិភាគ​និង​តាមដាន​ស្ថានការណ៍​នយោបាយ​និយាយថា​ ជា​ការបំបិទ​សំឡេង​ប្រឆាំង ​ឬ​រិះគន់​រដ្ឋាភិបាល ដើម្បី​ធានា​ដល់​ការ​បន្ត​ក្តោបក្តាប់​អំណាច​របស់​លោក​ ហ៊ុន សែន។

មេដឹកនាំ​គណបក្ស​សង្គ្រោះជាតិ បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ដោះលែង​សកម្មជន ​និង​មន្ត្រី​បក្ស​ប្រឆាំង​ទាំង​អស់​ ដែល​នៅ​កំពុង​ជាប់​ឃុំ​និង​អនុញ្ញាត​ឲ្យ​គណបក្សនេះ​ អាច​ដំណើរ​ការ​ក្នុង​ប្រទេស​កម្ពុជា​ឡើងវិញ​ បាន​និង​ទាមទារ​ឲ្យ​មាន​ការ​បោះឆ្នោត​ដោយ​យុត្តិធម៌​ឡើងវិញ ដោយសារ​គណបក្ស​នេះ​ចាត់ទុក​ការ​បោះឆ្នោត​ឆ្នាំ​ ២០១៨​ ជា​ការ​បោះឆ្នោត​ក្លែងក្លាយ។​

លោក Arend Zwartjes អ្នក​នាំពាក្យ​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា មាន​ប្រសាសន៍​ថា​សហរដ្ឋអាមេរិក មិន​កាន់ជើង​គណបក្ស​ឬ​ភាគី​ណា​មួយ​ទេ ប៉ុន្តែ​នៅ​តែ​ជំរុញ​គោលការណ៍​គោរព​សិទ្ធិមនុស្ស​ និង​លទ្ធិប្រជាធិបតេយ្យ​តទៅទៀត។

«យើង​ចង់​ធ្វើ​ការ​ជាមួយ​ភាគី​ទាំង​អស់ ហើយ​លើកទឹកចិត្ត​ពួកគេ​ឲ្យ​ធ្វើ​ការ​ជាមួយ​គ្នា ​និង​មាន​ការ​ផ្សះផ្សារ​គ្នា។ ជាថ្មី​ម្តង​ទៀត យើង​សង្ឃឹម​ថា ​ការណ៍​នេះ​នឹង​កើត​មាន​ឡើង​ ហើយ​សង្ឃឹម​ថា​ កម្ពុជា​អាច​វិល​ទៅ​រកមាគ៌ាប្រជាធិបតេយ្យ​ពេញលេញ​វិញ»

ទោះបីជា​ទំនាក់ទំនង​ទ្វេភាគី​រវាង​សហរដ្ឋ​អាមេរិក​និង​កម្ពុជា ​ហាក់​មាន​ភាព​ល្អ​ប្រសើរឡើង​វិញ​បន្តិច​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះក៏​ដោយ ក៏បញ្ហា​សិទ្ធិមនុស្ស​និង​លទ្ធិប្រជាធិបតេយ្យនៅ​កម្ពុជា នៅ​តែ​តាម​ញ៉ាំញី​ទំនាក់ទំនងនៃ​រដ្ឋាភិបាល​ប្រទេស​ទាំង​ពីរ​នេះ ​រហូត​មក​ដល់​ពេល​បច្ចុប្បន្ន។​

លោក​បណ្ឌិត រ៉ូ វណ្ណៈ សហ​ស្ថាបនិក​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា មាន​ប្រសាសន៍​ប្រាប់​វីអូអេក្នុង​បទសម្ភាសន៍​ថា​ យុទ្ធនាការ​បង្ក្រាប​របស់​រដ្ឋាភិបាល​ទៅ​លើ​ក្រុមប្រឆាំង​និង​ក្រុម​ឯករាជ្យនោះ ពិត​ជា​បាន​ធ្វើ​ឲ្យ​សហរដ្ឋ​អាមេរិក​មិន​សប្បាយ​ចិត្ត ប៉ុន្តែ​លោក​ថា ​ក្រោម​រដ្ឋបាល​ប្រធានាធិបតី​អាមេរិក​បច្ចុប្បន្ន សហរដ្ឋ​អាមេរិក​ មិន​បាន​ខ្វល់ខ្វាយ​ខ្លាំង​ទេ ​លើ​បញ្ហា​សិទ្ធិមនុស្ស​និង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា។

«ខ្ញុំ​មើលឃើញ​ថា​ ការ​រំលាយ​គណបក្ស​ជំទាស់​ដ៏​ធំ​មួយ​ដែល​មាន​សក្តានុពល​ប្រជែង​នៅក្នុង​ការ​បោះឆ្នោត​នៅ​កម្ពុជា​ ដែល​ធ្វើ​ឲ្យ​វា​មាន​ន័យ​នេះ គឺ​សហរដ្ឋ​អាមេរិក​មិន​មាន​ប្រតិកម្ម​អី​ខ្លាំងក្លា​ចេញ​ពី​រដ្ឋការ​របស់​ [លោក ដូណាល់] ត្រាំ ទេ ហើយ​ទំនាក់ទំនង​ជាមួយ​អង្គការ​សង្គម​ស៊ីវិល ​ដែល​តស៊ូ​មតិ​រឿង​សិទ្ធិមនុស្ស​និង​ប្រជាធិបតេយ្យ​ហ្នឹង ក៏​មិន​សូវ​ក្លៀវក្លា​ដូច​មុន​ដែរ»

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) និងលោក Donald Trump ប្រធានាធិបតីអាមេរិក។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) និងលោក Donald Trump ប្រធានាធិបតីអាមេរិក។

ប៉ុន្តែ លោក Arend Zwartjes អ្នក​នាំពាក្យ​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា និយាយ​ថា​ សហរដ្ឋ​អាមេរិក​នៅតែ​ស្វែងរក​មធ្យោបាយ​និង​ច្រក​ផ្សេងៗ ដើម្បី​សហការ​ជាមួយ​កម្ពុជា​លើ​បញ្ហា​ទាំង​នេះ។​

«ការណ៍ដែល​យើង​កំពុង​សហការ​នេះ មិន​មែន​មាន​ន័យ​ថា​ យើង​ព្រងើយកន្តើយ​ចំពោះ​គោលការណ៍​សិទ្ធិមនុស្ស​ និង​លទ្ធិប្រជាធិបតេយ្យ​ ដែល​មាន​សារៈសំខាន់​ចំពោះ​យើង ​ហើយដែល​យើង​ដឹង​ថា ​ក៏​មាន​មាន​សារៈសំខាន់​ចំពោះ​ប្រជាជន​កម្ពុជាដែរ​នោះ​ទេ»

លោក​បន្ថែម​ថា៖ «យើង​មិន​ដែល​បំភ្លេច​គោលការណ៍​រួម​ទាំង​នេះ​ទេ។ យើង​ដឹង​ថា​ រដ្ឋធម្មនុញ្ញ​កម្ពុជា​និង​ពលរដ្ឋ​កម្ពុជា​ជឿជាក់​លើ​សិទ្ធិមនុស្ស​និង​ប្រជាធិបតេយ្យ»។«អាស្រ័យ​ហេតុ​ដូច្នេះ​នេះ​ជា​ជម្រើស​របស់​កម្ពុជា​ដែល​យើង​តែង​តែ​និយាយ។ យើង​អត់​លុត​ជង្គង់​ជាមួយ​នឹង​ការ​ជួយ​ណា​មួយ​ដែល​បំផ្លាញ​នូវ​ឯករាជ្យ​បំផ្លាញ​នូវ​អធិប​តេយ្យភាព​របស់​កម្ពុជា​ទេ។​ នេះ​ជា​ជំហរ​របស់​កម្ពុជា»

កាល​ពី​ចុង​ឆ្នាំ​មុន សហរដ្ឋ​អាមេរិក បាន​ដាក់​ទណ្ឌកម្ម​ហិរញ្ញវត្ថុ​លើមនុស្ស​ស្និទ្ធ​នឹង​លោក​នាយករដ្ឋ​មន្ត្រី​ ហ៊ុន សែន មួយ​ចំនួន​រួម​ទាំង​លោក​ឧកញ៉ា ទ្រី ភាព ដែល​ជា​ឈ្មួញ​ឈើ​ដ៏​ល្បី​ឈ្មោះ​ និង​លោក​នាយ​ឧត្តម​សេនីយ៍ គន់ គីម ទេស​រដ្ឋមន្ដ្រី​ទទួល​បន្ទុក​បេសកកម្ម​ពិសេស​ ព្រម​ទាំង​ក្រុមគ្រួសារ​តាមច្បាប់​ម៉ានីតស្គី​ (Global Magnitsky)​ ដោយ​ចោទ​ប្រកាន់​ថា​ពួកគេ​បាន​ប្រព្រឹត្ត​អំពើ​ពុករលួយ​ និង​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​ក្នុង​ប្រទេស​កម្ពុជា។ ​ទណ្ឌកម្ម​នេះ ហាម​មិន​ឱ្យ​បុគ្គល​ទាំង​នេះ ចេញចូល​សហរដ្ឋ​អាមេរិក​បាន ហើយក៏​ហាម​ប្រាម​ពលរដ្ឋ​អាមេរិកាំង​ មិន​ឱ្យ​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​បុគ្គល ​ឬ​ក្រុមហ៊ុន​ដែល​មាន​ទំនាក់ទំនង​ជាមួយ​បុគ្គល​ទាំង​នោះ​ដែរ។

លោក Arend Zwartjes និយាយ​ថា៖ «យើង​បាន​ចាត់វិធានការ​ជាក់ស្តែង ​ប៉ុន្តែ​យើង​សង្ឃឹម​ថា​ យើង​មិន​ចាំបាច់​ត្រូវ​ប្រើ​វិធានការ​ទាំង​នោះ​ទៀត​ទេ ដោយ​យើង​អាច​មាន​ការ​វិវត្ត​ទៅ​មុខ​ក្នុង​ពេល​ដែល​ធ្វើ​ការ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា។​ នេះ​ជា​អ្វី​ដែល​យើង​កំពុង​ធ្វើ​និង​បន្ត​ធ្វើ​តទៅ​ទៀត»

ប៉ុន្តែ លោក​ផៃ ស៊ីផាន ​អ្នក​នាំពាក្យ​រដ្ឋាភិបាល​កម្ពុជា បាន​លើក​ឡើង​ថា​ការ​បង្ក្រាប​នឹង​នៅតែ​បន្ត​បើសិន​ជា​រដ្ឋាភិបាល​មើលឃើញ​ថា​ នៅ​តែ​មាន​ការ​ប៉ុនប៉ង​ «ផ្ដួល​រំលំ​រដ្ឋាភិបាល» ​ដោយមាន​ «ភ្នាក់ងារ​បរទេស»​ នៅ​ពី​ក្រោយ​ខ្នង។​

«អាស្រ័យ​ហេតុ​ដូច្នេះ​នេះ​ជា​ជម្រើស​របស់​កម្ពុជា​ដែល​យើង​តែង​តែ​និយាយ។ យើង​អត់​លុត​ជង្គង់​ជាមួយ​នឹង​ការ​ជួយ​ណា​មួយ​ដែល​បំផ្លាញ​នូវ​ឯករាជ្យ​បំផ្លាញ​នូវ​អធិប​តេយ្យភាព​របស់​កម្ពុជា​ទេ។​ នេះ​ជា​ជំហរ​របស់​កម្ពុជា»

លោក​បណ្ឌិត អ៊ា សុផល សាស្ត្រាចារ្យរង​ខាង​កិច្ចការ​ទូត​និងកិច្ចការ​សកលលោក​នៃ​មហាវិទ្យាល័យ Occidental College ក្នុង​រដ្ឋ​កាលីហ្វ័រញ៉ា សហរដ្ឋ​អាមេរិក បាន​និយាយ​តាម​អ៊ីមែល​ជាមួយ​វីអូអេ​ក្នុង​ពេល​ថ្មីៗ​នេះ​ថា ​រដ្ឋាភិបាល​អាមេរិក​មិន​អាច​ធ្វើ​អ្វី​បាន​ច្រើន​ទេ ​ទៅលើ​រដ្ឋាភិបាល​កម្ពុជា​នៅ​ពេល​នេះ ក្នុង​គ្រា​ដែល​មាន​ការ​រីករាល​ដាល​នៃ​ជំងឺ​កូវីដ​១៩។

«សហរដ្ឋ​អាមេរិក​បាន​ព្យាយាម​ដាក់​សម្ពាធ​ដែរ ប៉ុន្តែ​ជំងឺ​ឆ្លង​រាតត្បាត​កូវីដ​១៩ មិន​បាន​ជួយ​នោះ​ទេ។ អ្វីៗ​ច្របូកច្របល់​អស់​រលីង»

លោក Sebastian Strangio អ្នក​កាសែត​និង​អ្នក​និពន្ធ​សៀវភៅ​ដែល​មាន​ចំណង​ជើង​ថា​ «Hun Sen’s Cambodia»«កម្ពុជា​របស់​លោក​ ហ៊ុន សែន» និយាយ​ថា ​ដោយសារ​តែ​មាន​ជំនួយ​ពី​ចិន រដ្ឋាភិបាលរបស់​លោក ហ៊ុន សែន ហាក់​លែង​សូវ​ខ្វល់​ពី​បញ្ហាសិទ្ធិ​មនុស្ស​ និង​លទ្ធិប្រជាធិបតេយ្យ​ក្នុង​ប្រទេស​កម្ពុជា​បច្ចុប្បន្ន​នេះ។

«ដរាបណា​លោក​ ហ៊ុន សែន​ នៅ​តែ​កាន់​អំណាច គំនិត​ទាំង​នេះ នឹង​ត្រូវ​គេ​បណ្តោយ​ទៅ​តាម​ស្ថានការណ៍​ដូច​ដែល​ធ្លាប់​កើតឡើង​ក្នុង​អតីត​កាល​ គឺ​មាន​អំឡុង​ពេល​នៃ​ការ​អត់អោន​ខ្លះ ​និង​អំឡុង​ពេល​នៃ​ការ​បង្ក្រាប។ សម្រាប់​ពេល​នេះ អ្វី​ៗ​ហាក់​ដូចជា​ក្លាយ​ជា​អំពើ​ផ្តាច់ការ​ជា​អចិន្ត្រៃយ៍​ជាង​មុន»

លោក​មាន​ប្រសាសន៍​បន្ថែម​ថា​ មាន​តែ​ការផ្លាស់ប្តូរ​ថ្នាក់​ដឹកនាំ​កម្ពុជា​បច្ចុប្បន្ន​នេះ ​និង​ជំនួស​ដោយ​មេដឹកនាំ​ដែល​មាន​ទស្សនៈវិស័យ​វែង​ឆ្ងាយ​ទេ ទើបការ​គោរព​តាម​គោលការណ៍​សិទ្ធិមនុស្ស​និង​ប្រជាធិបតេយ្យអាចធានា​និង​អនុវត្ត​បាន៕

What Next?

Recent Articles

One Response to "សហរដ្ឋ​អាមេរិក​បន្ត​ជំរុញ​កម្ពុជា​ឲ្យ​គោរព ​«គោលការណ៍​រួម» នៃ​សិទ្ធិមនុស្ស​និង​លទ្ធិប្រជាធិបតេយ្យ"

  1. Anonymous says:

    the tear of all those innocent Cambodian will not be a safe haven for dictator HUN SEN . I knew it can not be last for that long after HUN SEN cam to the red light .