បទ​​យក​ការណ៍​៖ អ្នក​​អូស​​រទេះ​​នៅ​​ប៉ោយប៉ែត​​ក្លាយ​ជា​​អ្នក​​រើស​​អេតចាយ​ខណៈ​​ព្រំដែន​​បន្ត​​បិទ​​

បទយកការណ៍
លោក ម៉ិច ដារ៉ា and Ananth Baliga |១៨ កញ្ញា ២០២០ |ម៉ោង ០៧:៤៧
VOD

អ្នកស្រី កែវ ចេន កំពុងប្រមូលសំណល់ប្លាស្ទិកនិងសំបកកំប៉ុងផ្សេងៗដើម្បីយកទៅលក់ ដែលនេះជាមុខរបរបន្តិចបន្តួចរបស់អ្នកស្រី អំឡុងកូវីដ១៩ ស្ថិតនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ (Ananth Baliga)

អ្នកស្រី កែវ ចេន កំពុងប្រមូលសំណល់ប្លាស្ទិកនិងសំបកកំប៉ុងផ្សេងៗដើម្បីយកទៅលក់ ដែលនេះជាមុខរបរបន្តិចបន្តួចរបស់អ្នកស្រី អំឡុងកូវីដ១៩ ស្ថិតនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ (Ananth Baliga)


កាលពីមុន ​អ្នកស្រី ស្រ៊ុ​ន ជា​អ្នក​រុញ​រទេះដឹក​ផ្លែឈើនិង​បន្លែ​ឆ្លងកាត់​ព្រំដែន​ទៅ​ប្រទេស​ថៃ​ជាមួយ​ស្វាមី​របស់​ខ្លួន។ ការងារ​នេះ​គឺជា​ការងារ​ដែល​ហត់នឿយ​ខ្លាំង​ណាស់ ហើយ​វា​តម្រូវ​ឱ្យ​អ្នកស្រីនិង​ប្តី អូស​រទេះ​ចម្ងាយ​ប្រហែល៦គីឡូម៉ែត្រ។ តាមរយៈ​មុខរបរ​នេះ គាត់​អាច​រកចំណូល​បាន​ចំនួន១០ ០០០រៀលក្នុង​មួយ​ជើង ដោយ​ទៅ​តែមួយ​ជើង​ឬពីរ​ជើង​ ប្តី​ប្រពន្ធ​មួយគូ​នេះ​អាច​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​គាត់​បាន​ហើយ។

អ្នកស្រី​បាន​និយាយ​នៅក្នុង​ភូមិ​ប៉ោយប៉ែត​ ខេត្ត​បន្ទាយមានជ័យ​ ដែល​មាន​ចម្ងាយ​តិច​ជាង២ គីឡូម៉ែត្រ​ពី​ព្រំដែន​ថា៖ «វា​បាន​ជួយ​យើង​ក្នុង​ការទិញ​ម្ហូបអាហារ បង់​បំណុល ​និង​ផ្គត់ផ្គង់​ការរស់នៅ​គ្រួ​សា​របស់​យើង។ យើង​អាច​រកបាន​ត្រឹម​មួយ​រស់»

ការងារ​របស់​ពួក​គេ​ត្រូវ​បាន​ផ្អាក​ភ្លាម​ៗនៅ​ចុងខែ​មីនា ​នៅពេល​ដែល​ប្រទេស​ថៃ​បាន​បិទ​ព្រំដែន​ជាឯកតោភាគី​ជាមួយ​ប្រទេស​កម្ពុជា ​ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​វីរុស​ឆ្លង​កូ​វីដ១៩ ដែល​នៅក្នុងពេល​នោះ ​ករណី​កូ​វីដ១៩ ត្រូវ​បាន​រក​ឃើញ​មាន​ចំនួន៩០ករណី។ ដោយ​គ្មាន​ឱកាស​ការងារ​ផ្សេងទៀត អ្នកស្រី ស្រ៊ុ​ន បាន​ចាប់ផ្តើម​ជួយ​ប្អូនស្រី​របស់​អ្នកស្រី ដើរ​ប្រមូលអេតចាយ​នៅ​តាម​ដងផ្លូវ​ក្រុង​ប៉ោយប៉ែត។

រនាំងដាក់ត្រូវបាកដំឡើងនៅទីតាំងផ្លូវរថភ្លើងនៅតំបន់ព្រំដែនប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ (Ananth Baliga)

ជា​រៀងរាល់ថ្ងៃ អ្នកស្រី ស្រ៊ុ​ន ជា​អ្នកដើរ​រុញ​រទេះ ខណៈ​ដែល​ប្អូនស្រី​របស់​គាត់​ដែល​មាន​អាយុ៥៧ឆ្នាំ ជា​អ្នកដើរ​ប្រមូល​ដប​និង​កំប៉ុង​នៅ​តាម​ដងផ្លូវ​នានា​នៅក្នុង​ក្រុង។ ក៏ប៉ុន្តែ​បន្ទាប់ពី​ធ្វើការ​ពេញមួយថ្ងៃ ពួក​គេ​អាច​រក​ប្រាក់​បាន​ច្រើន​បំផុត១០០០០រៀល​ប៉ុណ្ណោះ។ ក្នុងចំណោម​លុយ​ដែល​ពួក​គាត់​រកបាន១០០០០រៀល អ្នកស្រី ស្រ៊ុ​ន ទទួលយក​បានតែ២០០០ឬ៣០០០រៀល ខណៈ​ប្អូនស្រី​របស់​គាត់​ទទួល​បាន៨០០០រៀល។

ប្តី​របស់​អ្នកស្រី ស្រ៊ុ​ន គឺលោក យៅ ឌឿន អាយុ៦៤ឆ្នាំ ក៏​មានឱកាស​តិចតួច​ក្នុង​ការ​ទទួល​បានការ​ងារ​ប្រចាំថ្ងៃ​នៅ​ការដ្ឋាន​សំណង់​ក្នុង​ក្រុង។ ទន្ទឹម​នឹង​នេះ​ដែរ ពេលខ្លះ​អ្នកស្រី ស្រ៊ុ​ន ទៅ​បេះ​បន្លែឬរើស​ខ្យងខ្ចៅ​ពី​បឹង​នៅ​ក្បែរ​នោះ ​ដែល​គាត់​អាច​លក់​បាន៥ ០០០រៀល​ក្នុង​មួយថ្ងៃ។

អ្នក​ស្រី​ ស្រ៊ុ​ន បា​ននិ​យាយ​ថា ​ការងារ​ទាំងនេះ​ធ្វើ​ឱ្យ​អ្នក​ស្រី​ខ្មាស​គេ​ណាស់ ​ហើយ​ចង់​វិលត្រឡប់​ទៅ​ដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ព្រំដែន​វិញ ប៉ុន្តែ​ប្អូនស្រី​គាត់​គឺ​អ្នក​ស្រី​ ចេ​ន សប្បាយរីករាយ​ដែល​បាន​បងស្រី​គាត់​មក​ជួយ​រើស​អេតចាយ។

អ្នក​ស្រី ​ចេន បាន​និយាយ​ថា៖ «វា​ល្អ​នៅពេល​ដែល​គាត់​មក​ជួយ ​ហើយ​ខ្ញុំ​អាច​រក​ប្រាក់​បាន​បន្តិចបន្តួច»

លោក​ ឌិន ពុទ្ធី ប្រធាន​សមាគម​ពង្រឹង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​កម្ពុជា​ បាន​មានប្រសាសន៍​ថា ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ១៩និង​ការ​បិទ​ព្រំដែន​ បាន​ធ្វើ​ឱ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​កម្មករ​ក្រៅ​ប្រព័ន្ធ​នៅ​ក្រុង​ប៉ោយប៉ែត។

លោ​ក ពុទ្ធី​ បាន​និយាយ​ថា ​ដោយមាន​ការ​បិទ​ព្រំដែន ​អ្នកលក់​ដូរ​មិន​អាច​ចូល​ទៅ​​កន្លែង​លក់ដូរ​របស់​ពួក​គេ​ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការ​រកចំណូល។

កាលពី​ខែមិថុនា​ មន្រ្តី​ព្រំដែន​កម្ពុជា​និង​ថៃ​បាន​យល់ព្រម​អនុញ្ញាត​ឱ្យ​រថយន្ត​ដឹកទំនិញ​ចំនួន៥០ គ្រឿង​រាល់ថ្ងៃ ​ប្រមូល​និង​ដឹកទំនិញ​មកវិញ​ដែល​ជា​កម្មសិទ្ធិ​របស់​អាជីវករ​ខ្មែរ ប៉ុន្តែ​លោក ពុទ្ធី​បាន​និយាយ​ថា ​ដំណើរការ​នេះ​មាន​ភាព​ស្មុគស្មាញ​ខ្លាំង។

លោក​បាន​មានប្រសាសន៍​ថា៖ «ពួក​គេ​ត្រូវ​តម្រង់​ជួរ​ដើម្បី​ចុះឈ្មោះ​ដើម្បី​ដឹកទំនិញ​ត្រឡប់មកវិញ​តាមរយៈ​ការ​ចាប់ឆ្នោត។ មាន​វេជ្ជបណ្ឌិត​តែម្នាក់​គត់​សម្រាប់​ការ​ត្រួតពិនិត្យ​សីតុណ្ហភាព​ចាំបាច់​នៅ​ព្រំដែន​ ខណៈ​ពេល​ដែល​មាន​មនុស្សជា​ច្រើន​រង់ចាំ​ព្យាយាម​ឆ្លងកាត់»

លោក ពុទ្ធី​ បាន​បន្ត​ថា ស្ថានភាព​កាន់តែ​យ៉ាប់យ៉ឺន​សម្រាប់​អ្នក​រុញ​រទេះ ដោយសារតែ​ពួក​គាត់​មិន​អាច​រកចំណូល​បាន​ ពីព្រោះ​មន្រ្តី​អន្តោប្រវេសន៍​បាន​អនុញ្ញាត​ឱ្យ​តែ​ឡាន​ដឹកទំនិញ​ធុន​ធំ​ឆ្លងកាត់​តែប៉ុណ្ណោះ។ 

រថយន្តដឹកទំនិញធុនធ្ងន់ឆ្លងកាត់ព្រំដែនរវាងកម្ពុជានិងថៃ ដើម្បីយកទំនិញសំខាន់មួយចំនួនបម្រើឱ្យអាជីវកម្មក្នុងស្រុក។ (Ananth Baliga)

លោក​បាន​មានប្រសាសន៍​ថា៖ «គាត់​មិន​អាច​រក​ប្រាក់ចំណូល​១០០​ភាគរយ»​​

លោក​បាន​និយាយ​ថា ស​មា​ជិ​កស​មា​គម​របស់​លោក​ភាគច្រើន​បាន​ក្លាយជា​អ្នក​រើស​អេតចាយ​ឬពេលខ្លះ​ពួក​គេ​ក៏​ធ្វើជា​កម្មករ​សំណង់​ជាដើម។ អ្នកខ្លះ​ត្រូវលក់​ទ្រព្យសម្បត្តិ​ដូចជា​ម៉ូតូ​ ដើម្បី​ផ្គត់ផ្គង់​ជីវភាព​ខ្លួន​និង​គ្រួសារ។

​ពួក​គេ​បាន​ព្យាយាម​ធ្វើបាតុកម្ម​ប្រឆាំង​ការ​បិទ​ព្រំដែន​ ដោយ​គ្រោង​ឱ្យមានការ​ចូលរួម​ពី​អ្នក​អូស​រទេះនិង​អ្នក​ដឹកជញ្ជូន​ទំនិញ​ប្រមាណ​ជាង១០០០នាក់​កាលពី​ថ្ងៃទី១ ខែមិថុនា​ ត្រូវ​បាន​បដិសេធ​ដោយ​មន្ត្រីខេត្ត។

លោ​ក ពុទ្ធី​ បាន​ថ្លែង​ថា ​អាជ្ញាធរ​មូលដ្ឋាន​បាន​ដាក់​ពង្រាយ​កងកម្លាំង​សន្តិសុខ​យ៉ាងច្រើនពេញ​ក្រុង​ប៉ោយប៉ែត ដើម្បី​ទប់ទល់​នឹង​ផែនការ​តវ៉ា។ កងកម្លាំង​សន្តិសុខ​ដែល​​ជិះ​ម៉ូតូ​បាន​ប្រកាស​ព្រមាន​តាម​មេ​ក្រូមិ​នឱ្យ​អ្នកស្រុក​ចូលរួម​ក្នុង​ការ​តវ៉ា​និង​ធ្វើតាម​ «ពួក​អគតិ»

ប្រធាន​សមាគម​រូប​នេះ​ក៏​ត្រូវ​បាន​ទទួលការ​គំរាម​កំហែង​ផង​ដែរ។ គាត់​បាន​និយាយ​ថា ​កម្លាំង​សន្តិសុខ​ស្លៀកពាក់​ស៊ីវិល​ត្រូវ​បាន​គេដាក់​ពង្រាយ​នៅ​ខាងក្រៅ​ផ្ទះ​របស់​គាត់​ ហើយ​ពួក​គេ​ថែមទាំង​បាន​ដើរតាម​គាត់​នៅ​ជុំវិញ​ទីក្រុង​ប៉ោយប៉ែត។

លោក​បាន​មាន​ប្រសា​សន៍​ដូច្នេះ​ថា៖ «មានការ​គំរាមកំហែង​យ៉ាងច្រើន។ នៅពេល​យើង​និយាយ ពួក​គេ​គំរាមកំហែង​ចង់​ចាប់​យើង​»

លោក ពុទ្ធី បាន​និយាយ​ថា ​ការ​តវ៉ា​នេះ​គ្រាន់តែ​ដើម្បី​បង្ហាញ​ពី​ភាព​អយុត្តិធម៌ ដោយ​ថា​ អាជ្ញាធរ​អនុញ្ញាត​ឱ្យ​រថយន្ត​ដឹកទំនិញ​ធុន​ធំ​ចេញចូល តែ​បែរជា​ទៅ​រារាំង​មិន​ឱ្យ​អ្នក​អូស​រទេះដឹក​ទំនិញ​ឆ្លងកាត់​ដើម្បី​រកចំណូល​ផ្តត់​ផ្គង់​គ្រួសារ​ទៅវិញ។

លោក វួច អូន ប្រធាន​ទីស្នាក់ការ​ត្រួតពិនិត្យ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​ បាន​និយាយ​ថា ព្រំដែន​នៅតែ​បន្ត​បិទ​មិន​ឱ្យ​ប្រជាជន​ឆ្លងកាត់ ​រួម​ទាំង​អ្នក​អូ​សរទេះ​ឆ្លង​ផង​ដែរ​ ក៏ប៉ុន្តែ​លោក​ថា​រថយន្ត​ដឹកទំនិញ​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ឆ្លងកាត់​ព្រំដែន។

លោក​បាន​មានប្រសាសន៍​ថា៖ «នៅពេល[ព្រំដែន​]បិទ​ តើ​អ្នក​អូស​រទេះ​គេ​ឆ្លងកាត់​យ៉ាងដូចម្ដេច​បាន​? ប្រទេស​ថៃ ​គេ​រឹត​បន្តឹង​ជាង​យើង​ផង»

នៅពេល​សួរ​អំពី​ការ​ធ្វើបាតុកម្ម​ដែល​បាន​គ្រោងទុក​កាលពី​ខែមិថុនា ​លោក​ អូន ​បាន​និយាយ​ថា កម្មករ​ក្រៅ​ប្រព័ន្ធ​ទាំងនេះ​គ្រាន់តែ​ព្យាយាម​ចង់បាន​ព័ត៌មាន​អំពី​ពេលវេលា​ដែល​ព្រំដែន​នឹង​បើក​វិញ​តែប៉ុណ្ណោះ។

លោក​បាន​មានប្រសាសន៍​ថា៖ «ពួក​គេ​មិនបាន​មក​តវ៉ា​ទេ។ ពួក​គេ​គិតថា ​ខាង​ថៃ​អនុញ្ញាតឱ្យ​ពួក​គេ​ឆ្លងកាត់ ​ហើយ​យើង​បាន​ឆ្លើយតប​ទៅ​ពួក​គេ​ថា​ នៅពេល​យើង​ទទួល​បាន​ព័ត៌មាន​ថ្មី​បំផុត​យើង​នឹង​ជូនដំណឹង​ដល់​ពួក​គេ។ នៅពេល​ជំងឺ​កូ​វី​ដបា​ត់​រលត់​ យើង​និង​ថៃ​នឹង​បើកទ្វារ​ព្រំដែន​ឡើងវិញ»

អភិបាលខេត្ត​បន្ទាយមានជ័យ លោក អ៊ុំ រាត្រី មានប្រសាសន៍​ថា​ រដ្ឋាភិបាល​បាន​ផ្តល់​ជំនួយ​ដល់​អ្នកភូមិ១០០ ០០០គ្រួសារ ​រួមមាន​ទាំង​ស្បៀងអាហារ​និង​ថវិកាចាប់តាំងពី​មាន​ជំងឺ​កូ​វីដ១៩ចាប់ផ្តើម​រាតត្បាត ដែល​ភាគច្រើន​នៃ​អ្នក​ដែល​បាន​ទទួល​ជំនួយ​ទាំងនោះ​ គឺជា​អ្នក​រុញ​រទេះ​នៅក្នុង​ក្រុង​ប៉ោយប៉ែត។

ក្រៅពី​ទទួល​ជំនួយ​ពី​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់ លោក អ៊ុំ រាត្រី បាន​និយាយ​ថា ​អ្នក​រុញ​រទេះ​អាច​ផ្លាស់​ប្តូរ​ងាក​ទៅ​រក​ធ្វើ​កសិកម្ម​គ្រួសារ​ដើម្បី​ចិញ្ចឹម​គ្រួសារ​ និង​អាច​លក់ដូរ​សម្រាប់​ប្រាក់ចំណូល​បន្ថែម។ ការ​លើកឡើង​របស់​លោក ​ជា​ការ​បន្ទរ​សារ​របស់​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន ​សែន​ផ្សព្វផ្សាយ​នា​ពេល​កន្លងមក​ ដែល​ថា ​ប្រជាពលរដ្ឋ​ដែល​គ្មាន​ការងារ​ធ្វើ​ អាច​ងាក​ទៅ​ធ្វើស្រែ​ចម្ការ​វិញ។

លោក​បន្ត​ថា៖ «ដោយសារតែ​កាលពីមុន​ពួក​គេ​អាច​រក​ប្រាក់​បាន​ពី​ការ​ទាញ​រទេះ ​ហើយ​ឥលូវពួក​គេ​គ្មាន​ប្រាក់ចំណូល ​ដូច្នេះ​ពួក​គេ​ត្រូវ​រក​ការងារ​ធ្វើ​ក្នុង​ស្រុក​និង​ធ្វើស្រែ​ចម្ការ​នៅ​ជុំវិញ​ផ្ទះ​របស់​ពួក​គេ»

លោក​បាន​មានប្រសាសន៍​ថា៖ «ពាក់ព័ន្ធ​នឹង​បងប្អូន​និង​ប្រជាពលរដ្ឋ​ដែល​អត់មាន​ស្បៀង ​គឺ​អត់មាន​ទេ គឺ​យើង​តែងតែ​ដោះស្រាយ​បញ្ហា​ប្រឈម​ជូន​ពួក​គាត់។ យើង​មិន​មាន​បញ្ហា​ហ្នឹង​ទេ ​ហើយ​ក្នុង​ក្រុង​ប៉ោយប៉ែត​ចង់​ជិត១០០០គ្រួសារ​ទៅ​ហើយដែល​យើង​បាន​ដោះ»

នៅ​កាច់ជ្រុង​ពី​ផ្ទះ​របស់​អ្នកស្រី ស្រ៊ុ​ន ស្រ្តី​ម្នាក់ទៀត​ឈ្មោះ​ កែវ ពៅ អាយុ៦៧ឆ្នាំ​ ដែល​បាន​រើស​អេតចាយ​ស្ទើរតែ​មួយ​ជីវិត​អ្នកស្រី។ នៅ​ខាងមុខ​ផ្ទះ​របស់​អ្នកស្រី​ មាន​ស្ត្រី​រហូតដល់​ទៅ១០នាក់​ដែល​ពួក​គេ​ទាំងនោះ​បាន​បាត់បង់​ការងារ​ជា​អ្នក​អូ​សរ​ទេះ​ដឹក​ឬអ្នកលក់​ដូរ​នៅ​ផ្សារ​ថៃ។​

អ្នកស្រី កែវ ពៅ ឈរកាន់រទះដឹកសំណល់ប្លាស្ទិក (សំណល់ដែលអាចយកមកកែច្នៃឡើងវិញបាន) រៀបរាប់ពីការងារនិងស្ថានភាពរបស់អ្នកស្រី អំឡុងកូវីដ១៩។ (Ananth Baliga)

ពួក​គេ​មួយចំនួន​រកស៊ី​ដូចជា​អ្នកស្រី ស្រ៊ុ​ន ដែរ ដោយ​បាន​ចាប់ផ្តើម​រើស​អេតចាយ ដើម្បី​រក​ប្រាក់ចំណូល​ខណៈ​ពេល​ដែល​ជំងឺ​កូ​វីដ១៩កំពុង​រីក​រាលដាល។ ការ​កើនឡើង​នៃ​អ្នក​រើស​អេតចាយ​នេះ​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ប្រាក់ចំណូល​របស់​អ្នកស្រី ពៅ។

គាត់​មានការ​អាណិតអាសូរ​ចំពោះ​អ្នកជិតខាង​របស់​គាត់ ប៉ុន្តែ​គាត់បាន​សារភាព​ថា ​ការ​កើនឡើង​នៃ​អ្នក​រើស​អេតចាយ​ដែល​ធ្វើ​ឱ្យ​បរិមាណ​អេតចាយ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង។

អ្នកស្រី ពៅ មានប្រសាសន៍​ថា៖ «មាន​អ្នក​រើស​អេតចាយ​ច្រើនណាស់។ អ្នក​ដែល​ធ្លាប់​រកស៊ី​រុញ​រទេះ​ឆ្លងដែន​ ក៏បាន​ក្លាយជា​អ្នក​រើស​អេតចាយ​ដែរ»

អ្នកស្រី​បាន​បន្ថែម​ថា៖ «ពីមុន​ពេល​យើង​អាច​រើស​អេត​ចាយ​បាន​ច្រើន ប៉ុន្តែ​ឥលូវនេះ​ គេ​បិទ​កាស៊ីណូ» ដោយ​ពន្យល់​បន្ថែម​ថា ​នៅ​កាស៊ីណូ​ធ្លាប់​សម្បូរ​ទៅ​ដោយដប​ប្លា​ស្ទិ​កនិង​កំប៉ុង។

អ្នកស្រី​ ពៅ ​ធ្លាប់​រក​ប្រាក់​បាន​ប្រហែល១២,៥០ដុល្លារ​ពី​ការ​ដើរ​រើស​អេតចាយ៣យប់ ​ប៉ុន្តែ​បន្ទាប់ពី​ការ​បិទ​ព្រំដែន​និង​កាស៊ីណូ​ដោយសារ​កូ​វីដ១៩ គាត់​រកបាន​ត្រឹមតែ៥ដុល្លារ។

គាត់​បាន​ព្រួយបារម្ភ​ថា ​នឹង​គ្មាន​លុយ​បង់ថ្លៃ​ផ្ទះ​និង​បង់​ការប្រាក់​កម្ចី​ប្រមាណ២០០ដុល្លារ​ដែល​គាត់​បាន​ខ្ចី​​ពី​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មួយ ដើម្បី​ជួសជុល​ច្រកចូល​ផ្ទះ លូ​ដែល​បាន​លិចទឹក ​និង​ជញ្ជាំង​ផ្ទះ​របស់​គាត់។

អ្នកស្រី​ទើបតែ​ទទួល​បាន៥០ដុល្លារ​ពី​រដ្ឋាភិបាល​តាមរយៈ​បណ្ណ​ក្រីក្រ ប៉ុន្តែ​អ្នក​ស្រី ពៅ បាន​ប្រើ​ប្រាក់៧០ភាគ​រយនៃ​ប័ណ្ណ​ក្រីក្រ​នេះ​ដើម្បី​សង​រំលស់​ប្រាក់កម្ចី​ពីរ​ខែ​ដែល​គាត់​បាន​ខ្ចីគេ។

គាត់​បាន​ចង្អុល​ទៅកាន់​ឯកសារ​ដែល​គាត់​បាន​ខ្ចីគេ​ ដោយ​និយាយ​ដូច្នេះ​ថា៖ «ម្ចាស់ផ្ទះ​នឹង​យោគយល់ ​ប៉ុន្តែ​ពួក​អង្គការ​គេ​មិន​យោគយល់​យើង​នោះ​ទេ»

ប្រែសម្រួលពីអត្ថបទដើមជាភាសាអង់គ្លេស


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

2 Responses to "បទ​​យក​ការណ៍​៖ អ្នក​​អូស​​រទេះ​​នៅ​​ប៉ោយប៉ែត​​ក្លាយ​ជា​​អ្នក​​រើស​​អេតចាយ​ខណៈ​​ព្រំដែន​​បន្ត​​បិទ​​"

  1. Anonymous says:

    yes HUN SEN’s peace will make your stomach empty I do not think he care about you. HUN SEN the evil leader took your right then capture every one put in his cag that right this evil killer did not like Democracy. we knew this animal HUN SEN was always whit Communist but he just taking Democracy as hostage . I know soon every one will stand up no one will stand to die without food . every one will go to HUN SEN and his high officers house to take their food that they are stilling from them.

  2. Anonymous says:

    YES… you right this is SO SOCHEATH’s mother