ពលរដ្ឋជាច្រើនគ្រួសារក្នុងខេត្តព្រះសីហនុត្រូវជម្លៀសរកកន្លែងសុវត្ថិភាពដោយសារតែការវាយលុកដោយព្យុះ «នូល»

កម្ពុជា-សង្គម
18/09/2020 – 08:13
ដោយ៖ វណ្ណ សុគន្ធា
RFI

អាជ្ញាធរកំពុងជម្លៀសប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព
អាជ្ញាធរកំពុងជម្លៀសប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព © FB

តាំង​ពី​យប់​មិញ​រហូត​មក​ដល់​ពេលនេះ ​ភ្ញៀង​នៅតែ​បន្ត​ធ្លាក់​ចុះ​ខ្លាំង​ឥត​ឈប់​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ​ដោយសារ​តែ​រង​ឥទ្ធិល​នៃ​ព្យុះ​ទី​១១​ ឈ្មោះ ​“នូល”​។ អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​ បាន​អះអាង​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​ថា​ ជំនន់​ទឹក​ភ្លៀង​ដោយសារ​ព្យុះ​ថ្មី​នេះ​បាន​ជន់​លិច​ផ្ទះ​សម្បែង​ប្រជាពលរដ្ឋ​ជា​ច្រើន​ខ្នង​ដែល​បណ្តាល​ឱ្យ​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​កំពុង​ត្រូវ​បាន​ជម្លៀស​ទៅ​រក​ទីទួល​សុវត្ថិភាព​។

របាយការណ៍បឋ​មរបស់អាជ្ញាធរខេត្តព្រះសីហនុបានបង្ហាញឱ្យដឹងថា ជំនន់ទឹកភ្លៀងដោយសារតែរងឥទ្ធិពលនៃព្យុះទី១១ ឈ្មោះ “នូល” ជន់លិចនៅក្នុងឃុំចំនួន៥នៅក្នុងស្រុកព្រៃនប់រួមមាន ឃុំវាលរេញ ឃុំសំរុង ឃុំអណ្តូងថ្ម ឃុំទួលទទឹងនិង ឃុំព្រៃនប់។ អាជ្ញាធរខេត្តព្រះសីហនុបានប្រើប្រាស់ទូកអូរប័រចំនួន៤គ្រឿង ដើម្បីដឹកជញ្ជូនប្រជាពលរដ្ឋនៅក្នុងតំបន់នោះទៅរកទីទួលសុវត្ថិភាព។ យ៉ាងណាក៏ដោយ មកដល់ពេលនេះ អាជ្ញាធរខេត្តព្រះសីហនុមិនទាន់អាចបញ្ជាក់បានថា មានគ្រួសារចំនួនប៉ុន្មានដែលរងការប៉ះពាល់ និងមានការខូចខាតអ្វីខ្លះនៅឡើយទេ។

លោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុបានអះអាងថា នៅពេលនេះ អាជ្ញាធរមិនទាន់អាចវាយតម្លៃពីការខូចខាតទាំងស្រុងបានក៏ព្រោះថា ភ្លៀងកំពុងបន្តធ្លាក់ខ្លាំងនៅឡើយដែលស្ទើរតែពាសពេញខេត្តព្រះសីហនុទាំងមូលតែម្តង។ ការណ៍នេះ លោកប៉ាន់ប្រមាណថា អាចនឹងមានជំនន់ទឹកភ្លៀងវាយលុកទៅកាន់តំបន់ផ្សេងៗទៀតក្រៅពីស្រុកព្រៃនប់នេះ។ ដូច្នេះហើយ នៅពេលនេះលោកថា អាជ្ញាធរកំពុងត្រៀមជម្លៀស និងជួយដល់ប្រជាពល​រដ្ឋផ្សេងទៀតដែលអាចនឹងរងផលប៉ះពាល់ដោយសារតែជំនន់ទឹកភ្លៀងនេះ។

សូមបញ្ជាក់ថា តាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម គឺព្យុះទី១១ ឈ្មោះ “នូល” នឹងវាយលុកចូលកម្ពុជានៅថ្ងៃទី១៨ កញ្ញានេះ ប៉ុន្តែព្យុះនេះចាប់ផ្តើមវាយលុកបង្កើតជាជំនន់ទឹកភ្លៀងតាំងពីយប់ថ្ងៃព្រហស្បតិ៍។ ឥទ្ធិពលនៃព្យុះថ្មីនេះ គឺបណ្តាខេត្តនៅតំបន់វាលទំនាប នឹងអាចមានភ្លៀងធ្លាក់ពីធម្យមទៅច្រើន។ ចំណែកបណ្តាខេត្តនៅតំប​ន់ជាប់ជួរភ្នំដងរែក និងខ្ពង់រាបឥសាន នឹងអាចមានភ្លៀងធ្លាក់ពីធម្យមទៅច្រើន រួមជាមួយខ្យល់បង្គួរអាចប្រឈមខ្ពស់នឹងជំនន់ទឹកភ្លៀង។ រីឯ តំបន់មាត់សមុទ្រ និងនៅលើផ្ទៃសមុទ្រ នឹងអាចមានភ្លៀងធ្លាក់ច្រើនប្រឈមខ្ពស់នឹងជំនន់ទឹកភ្លៀង រួមជាមួយខ្យល់បក់បោកខ្លាំង និងរលកសមុទ្រខ្ពស់ៗ ខណៈស្ថានភាពទឹកទន្លេមេគង្គចាប់ផ្តើមឡើងបន្តិចជាបន្តបន្ទាប់។

ហេតុដូចនេះហើយ ក្រសួងធនធានទឹក និងឧតុនិយម ក៏ដូចជាអាជ្ញាធរខេត្តព្រះសីហនុបានអំពាវនាវជាពិសេសដល់ប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រទាំងអស់បង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗដែលអាចកើតមានឡើងជាយថាហេតុ៕

What Next?

Recent Articles

One Response to "ពលរដ្ឋជាច្រើនគ្រួសារក្នុងខេត្តព្រះសីហនុត្រូវជម្លៀសរកកន្លែងសុវត្ថិភាពដោយសារតែការវាយលុកដោយព្យុះ «នូល»"

  1. Anonymous says:

    the whole world right seem to be crazy the environment changing rapidly from all of that we can blame to every nation in the whole world. we can see in ASIA CHINA did a lot of harm in this region like power damp , so much pollution. back to Cambodia deforest that happen just about every where in the world that right you can see so many disaster happen every where