បទ​យក​ការណ៍​៖ តើ​​កម្ពុជា​​អាច​​កម្ចាត់​រោគ​​ដែល​​អាច​​សម្លាប់​​មនុស្ស​​ខ្លាំង​​បំផុត​​នៅ​​លើ​​ពិភព​លោក​​បាន​ទេ​?

បទយកការណ៍
Kieran Murray |១៩ កញ្ញា ២០២០ |ម៉ោង ០៩:៤៣
VOD

តើ​​កម្ពុជា​​អាច​​កម្ចាត់​រោគ​​ដែល​​អាច​​សម្លាប់​​មនុស្ស​​ខ្លាំង​​បំផុត​​នៅ​​លើ​​ពិភព​លោក​​បាន​ទេ​?

ព្រះសង្ឃក្នុងវត្តមួយកន្លែងនៅរាជធានីភ្នំពេញ ជួយកាន់ឆ្កែនៅពេលពេទ្យចាក់ថ្នាំការពារវាពីជំងឺឆ្កែឆ្កួត អំឡុងយុទ្ធនាការចុះចាក់វ៉ាក់សាំង ធ្វើឡើងដោយបុគ្គលិកអង្គការសង្គ្រោះសត្វកម្ពុជា (Animal Rescue Cambodia)។ (Andy Ball/VOD)


នៅ​តំបន់ជនបទ​នា​ខេត្តស្វាយរៀង​ដែល​មាន​ចម្ងាយ​ប៉ុន្មាន​គីឡូម៉ែត្រ​ពី​ព្រំដែន​វៀតណាម អ្នកស្រី កាត់ ចាង អាយុ៥០ឆ្នាំ តែងតែ​ទៅ​មើល​ដីស្រែ​របស់​គាត់ ​ជាហេតុ​នាំ​ឱ្យ​គាត់​នឹកឃើញ​ហេតុការណ៍​ដែល​បាន​កើតឡើង​ដែល​បណ្តាល​ឱ្យ​ប្តី​របស់​អ្នកស្រី​ស្លាប់​បាត់បង់ជីវិត។ 

កាលពី​ខែឧសភា ឆ្នាំ២០១៩ ប្តី​របស់​អ្នកស្រី ចាង ឈ្មោះ ទួន សារិ​ទ្ធ អាយុ៤៨ឆ្នាំ បាន​ផ្លាស់ទៅ​រស់នៅ​ឯផ្ទះ​ជនបទ​របស់​ពួក​គាត់ដែល​នៅ​ឆ្ងាយ​ពីទី​ប្រជុំជន។ រដូវ​ស្ទូងស្រូវ​គឺជា​ពេល​វេ​លា​ដ៏​មមា​ញឹក​សម្រាប់​ប្តី​ប្រពន្ធ​មួយគូ​នេះ ដែល​ត្រូវ​ប្រមូល​ផល​រាល់​ឆ្នាំ ដើម្បី​ទំនុកបម្រុង​ទាំង​ខ្លួនឯងនិង​កូន​ៗរបស់​ពួក​គាត់។ 

លោក សារិ​ទ្ធ ជួប​គ្រោះថ្នាក់​ដល់​ជីវិត​ដោយសារតែ​សត្វ​ឆ្កែ​មួយ​ក្បាលដែល​បាន​មក​ដេក​នៅ​ក្បែរ​ផ្ទះ​លោក ហើយ​គ្រួសារ​របស់​លោកនិង​អ្នកជិតខាង​បានឱ្យ​ចំណី​ដល់​វា ​ដោយ​មិនដឹង​ច្បាស់​ថា​ឆ្កែ​នោះ​មក​ពីណា​ដែរ។

នៅ​ព្រឹកព្រលឹម​មួយ នៅពេល​ដែល​លោក សារិ​ទ្ធ កំពុង​ស្ទូង លោក​បានឮ​សំឡេង​ស្រែក ហើយក៏​បានឃើញ​ឆ្កែ​នោះ​កំពុង​ខាំ​ក្មេងស្រី​ម្នាក់​នៅ​ក្បែរ​ស្រែ​របស់​ពួក​គាត់។ នៅពេល​នោះ លោក​ក៏បាន​ស្ទុះ​ទៅ​ជួយ ដោយ​សម្រេចចិត្ត​ថា គ្រួសារ​របស់​លោក​មិន​អាច​បន្ត​ទុក​ឆ្កែ​ដ៏​គ្រោះថ្នាក់​នោះ​ឱ្យ​នៅ​បន្ត​ទៀត​បានទេ។ 

នៅពេល​ចូល​ទៅ​ជួយ​នោះ វា​ក៏បាន​ប្រើ​ចង្កូម​របស់​វា​ខាំ​ដៃ​របស់​គាត់​យ៉ាង​ជ្រៅ។ ក្មេងស្រី​នោះ​ក៏៏​បាន​រត់គេច​ចេញទៅ​ដោយមាន​ស្នាម​ក្រញៅខ្លះ​ៗ ហើយ​បាន​ប្រញាប់​ទៅ​ឱ្យ​ពេទ្យ​ព្យាបាល។ បន្ទាប់មក​នាង​ក៏​នៅ​រស់។ 

ទោះបីជា​លោក សារិ​ទ្ធ និង​អ្នកស្រី ចាង អាណិត​ឆ្កែ​នោះ​ក៏ដោយ ក៏​លោក សារិ​ទ្ធ ត្រូវ​បាន​គ្រូពេទ្យ​បូរាណ​ព្យាបាលដោយ​ប្រើ​រោមសត្វ​ឆ្កែ ហើយ​បន្ត​ទៅ​ធ្វើការងារ​ស្រែ​ចម្កា​រទាំង​មានរបួស។

តើ​​កម្ពុជា​​អាច​​កម្ចាត់​រោគ​​ដែល​​អាច​​សម្លាប់​​មនុស្ស​​ខ្លាំង​​បំផុត​​នៅ​​លើ​​ពិភព​លោក​​បាន​ទេ​?
អ្នកស្រី កាត់ ចាង ទៅមើលវាលស្រែជាទីដែលប្តីរបស់អ្នកស្រីឈ្មោះ សារិទ្ធ ដែលត្រូវបានឆ្កែខាំកាលពីឆ្នាំ២០១៩ ហើយបន្ទាប់មកក៏ស្លាប់បាត់បង់ជីវិតដោយសារតែជំងឺច្កែឆ្កួត។ (Andy Ball/VOD)

អ្នកស្រី ចាង បាន​ប្រាប់​ថា៖ «គេ​ថា គេ​ព្យាបាល​គាត់​មិនកើត​ទេ ព្រោះ​គាត់​ដល់​ដំណាក់កាល​ចុងក្រោយ​ហើយ​ហ្នឹង»

អ្នកស្រី ចាង បានឱ្យ​ដឹង​ទៀត​ថា ​ប៉ុន្មាន​សប្តាហ៍​ក្រោយមក លោក សារិ​ទ្ធ បាន​ធ្លាក់ខ្លួន​ឈឺ។

អ្នកស្រី​បា​នរៀប​រាប់​ដូច្នេះ​ថា៖ «១៨​ – ១៩ ថ្ងៃក្រោយ​មក គាត់​ទៅជា​ឈឺ​គ្រុន ហើយ​ហៀរសំបោរ។ ដៃ​គាត់​ឡើង​ក្តៅ​ខ្លាំង ហើយ​ស្បែក​គាត់​ឡើង​ខ្មៅ» នេះ​ជា​សញ្ញា​កើតរោគ​ហើយ។ លោក​បាន​ឈឺ​ខ្លាំង​ទៅៗ​យ៉ាង​លឿន។

អ្នកស្រី ចាង បាន​និយាយ​ថា៖ «គាត់​និយាយដដែល​ថា “អញ​ដូច​ប្លែក​ដល់ហើយ​”។ គាត់​ហូប​មិនបាន ផឹកទឹក​មិនបាន បាន​ត្រឹមតែ​អង្គុយ​មើល​ទឹក។ គាត់​ខ្លាច​ខ្យល់ ខ្លាច​ពន្លឺ»

បន្ទាប់ពី​វេជ្ជបណ្ឌិត​នៅ​មន្ទីរ​សុខាភិបាល​ខេត្តស្វាយរៀង​បាន​ប្រាប់​ពួក​គាត់​ថា ពេលវេលា​សម្រាប់​សង្គ្រោះ​ជីវិត​របស់​គាត់​បាន​ហួស​ផុត​ទៅ​ហើយ​នោះ អ្នកស្រី ចាង បាន​ប្រញាប់​ប្រញាល់​នាំ​ប្តី​របស់​អ្នកស្រី​ទៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា នៅ​ភ្នំពេញ ដោយ​ទៅដល់​នៅ​ម៉ោង​ប្រមាណ៥ព្រឹក បន្ទាប់ពី​បាន​ធ្វើដំណើរ​ទៅ​ទាំងយប់។

វិទ្យា​ស្ថាន​ប៉ាស័្ទ​រកម្ពុ​ជា ដែល​ជា​មជ្ឈមណ្ឌល​ពិសោធន៍និង​ស្រាវជ្រាវ​រោគ​នោះ មិនទាន់​បើក​ទេ​នៅពេល​ដែល​អ្នកស្រី​បាន​ដឹក​ប្តី​ទៅដល់។ ដូច្នេះ ពួក​គាត់​ក៏បាន​គេ​នាំទៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ប៉ុន្តែ​ពួក​គាត់​ក៏​ទទួល​បាន​ព័ត៌មាន​ដូចគ្នា​ដែរ។ 

បន្ទាប់ពី​លាង​កន្លែង​ឆ្កែខាំនិង​ចាក់​វ៉ាក់សាំង​ក្នុងរយៈពេល​ពីរបី​ម៉ោង ទើប​អាច​ការពារ​ជំងឺឆ្កែឆ្កួត​យ៉ាង​មានប្រសិទ្ធភាព ប៉ុន្តែ​នៅពេល​រោគសញ្ញា​ចាប់ផ្តើម​ចេញ ជំងឺ​នេះ​ឈាន​ដល់​ដំណាក់កាល​បំផ្លាញ​ជីវិត​ហើយ។

អ្នកស្រី ចាង បាន​ប្រាប់​ថា៖ «គេ​ថា ឪវា​ហ្នឹង​មិន​អាច​ព្យាបាល​បានទេ ព្រោះ​គាត់​ដល់​ដំណាក់កាល​ចុងក្រោយ​ហើយ។ គាត់​ខ្លាច​ត្រជាក់ អ៊ីចឹង​ហើយ​ទើប​គាត់​អង្គុយ​នៅ​ខាងក្រៅ​កន្លែង​មិនមាន​ម៉ាស៊ីន​ត្រជាក់»

ស្ថិត​ក្នុង​ស្ថានភាព​កាន់តែ​លំបាក​ខ្លាំង​ឡើង អ្នកស្រី ចាង ក៏បាន​នាំ​ប្តី​របស់​អ្នកស្រី​ត្រឡប់ទៅ​ផ្ទះ​វិញ។

អ្នកស្រី​បាន​រៀបរាប់​ដូច្នេះ​ថា៖ «គាត់​បែកញើស​ហូរ​ដូច​ទឹក ហើយ​ស្រែក​រក​ទឹក តែ​ផឹក​អត់​កើត​ទេ។ ដៃជើង​រមួលក្រពើ ដូច​កើត​ស្កន់​ជាន់​ [ …] គាត់​គ្មាន​ពាក្យ​និយាយ​ចុងក្រោយ​ទេ។ គេ​ច្រឡំ​ថា គាត់​ឆ្កួត។ គាត់​ពិបាក​ក្នុង​ខ្លួន​ខ្លាំង​ពីរ​ថ្ងៃ ក៏​ស្លាប់​បាត់​ទៅ»។ 

ភាព​កាច​សាហាវ​ខ្លាំង​នៃ​ជំងឺឆ្កែឆ្កួត​ប្លែក​ពី​គេ។ ជំងឺឆ្កែឆ្កួត​ត្រូវ​បាន​បង្កឡើង​ដោយ​វីរុស​ពាក់ព័ន្ធ​មួយ​ចំ​នួន​នៃ​ហ្សែ​នវី​រុស Lyssa (ប្រភេទ​វីរុស​ម្យ៉ាង​ដែល​មាន​ភាព​វាយប្រហារ​ខ្លាំង​និង​ឆាប់​ធ្វើទុក្ខ) ហើយ​ជាទូទៅ​ ជំងឺ​នេះ​ឆ្លងតាម​រយៈ​ទឹកមាត់​ថនិកសត្វ (ជា​ធម្មតាមាន​ដូចជា ឆ្កែ ប្រចៀវ ស្វា ឆ្មា ឬជ្រូក​) ដែល​ចូលខ្លួន​មនុស្ស​តាមរយៈ​ស្នាម​ក្រញៅឬស្នាម​ខាំ។ 

ប្រសិនបើ​មនុស្ស​មិនបាន​ចាក់​វ៉ាក់សាំង​ឆ្កែឆ្កួត​ទេ ពេល​ដែល​សត្វ​មាន​ផ្ទុក​វីរុស​នោះ​ខាំឬក្រញៅ វីរុស​នឹង​ឆ្លង​ដល់​ប្រព័ន្ធ​សរសៃ​ប្រសាទ​សំ​ខាន់​ៗ មុននឹង​ចូល​បន្តិច​ម្តង​ៗទៅ​រក​ខួរក្បាល​នៅ​ថ្ងៃ ខែ ឬឆ្នាំ​បន្ទាប់​ៗ ដោយ​គ្មាន​រោគសញ្ញា​អ្វី​ឡើយ។ 

នៅពេល​ដល់​គោលដៅ​របស់​វា​ រោគសញ្ញា​បាន​លេចចេញ ហើយ​បណ្តាល​ឱ្យ​មាន​បញ្ហា​ធំ​កើតឡើងដោយ​នឹកស្មាន​មិនដល់។ នៅពេល​បញ្ហា​រលាក​ខួរក្បាល​កើតឡើង ជនរងគ្រោះ​ប្រែ​ទៅជា​ចង់​វាយប្រហារ​អ្វី​ដែល​នៅ​ជុំវិញ​ខ្លួន រវើរវាយ ប្រកាច់ និង​វង្វេងវង្វាន់ រហូតដល់​សន្លប់​បាត់ស្មារតី​ហើយក៏​ស្លាប់​តែម្តង។ ជាទូទៅ ជនរងគ្រោះ​ខ្លាច​ក្នុង​ការ​ផឹកទឹក ដោយសារតែ​បំពង់កនិង​បំពង់​សំឡេង​កន្ត្រាក់​ខ្លាំង​នៅពេល​ទឹក​ចូល។

វេជ្ជបណ្ឌិត អា​ណូដ តា​រ៉ា​ន់​តុលា (Arnaud Tarantola​) គ្រូពេទ្យ​ឯកទេស​ខាង​ជំងឺឆ្លង​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា និង​ជា​អ្នកដឹកនាំ​កម្ម​វិ​ធី​បង្កា​រជំងឺឆ្កែឆ្កួត​របស់​វិទ្យាស្ថាន​នេះ​នៅ​ប្រទេស​កម្ពុជា​ពីឆ្នាំ២០១១ ដល់​ឆ្នាំ២០១៦ បាន​មានប្រសាសន៍​ថា៖

«រោគ​ឆ្កែឆ្កួត​ គឺជា​រោគ​តែមួយគត់​ដែល​ខ្ញុំ​ស្គាល់ ប្រសិនបើ​ឆ្លង ហើយ​ពេទ្យ​ប្រាប់​ថា​មាន​ហើយ​នោះ គ្មាន​ឱសថ​ទំនើប​ណា​អាច​ជួយ​បានទេ»

លោក តា​រ៉ា​ន់​តុលា បាន​បន្ថែម​ទៀត​ថា៖ «លើកលែងតែ​ករណី​អ្នក​រួចខ្លួន​មួយចំនួន​តួច។ ខ្ញុំ​មិនដឹង​ថា ជំងឺ​អី​ផ្សេង​ដែល​គ្រូពេទ្យ​សម័យ​ទំនើប​មិន​អាច​ជួយ​បានទេ សូម្បីតែ​នៅ​ប្រទេស​ជឿនលឿន​ក៏​ជួយ​មិនបាន​ដែរ»

ទោះបីជា៩៥ភាគរយ​នៃ​ចំនួន​អ្នក​ស្លាប់​ដោយសារ​ជំងឺឆ្កែឆ្កួត បាន​កើតឡើង​នៅ​ទ្វីបអាស៊ីនិង​ទ្វីប​អាហ្វ្រិក ជំងឺឆ្កែឆ្កួតនិង​ហ្សែន lyssaviruses មាននៅ​ក្នុង​ថនិកសត្វ​នៅ​គ្រប់​ទ្វីប លើកលែងតែ​ទ្វីប​អង់​តា​ទិ​ក។

លទ្ធផល​វិភាគ​មួយ​ធ្វើឡើង​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ ចេញពី​ឯកសារ​ស្រាវជ្រាវ​មួយ​ក្នុង​ឆ្នាំ២០០៩ បាន​បញ្ជាក់​ថា មនុស្ស​ប្រហែល៨០០នាក់ស្លាប់​ដោយសារ​ជំងឺឆ្កែឆ្កួតនៅក្នុង​ប្រទេស​កម្ពុជា​ក្នុង​មួយ​ឆ្នាំ​ៗ ដោយ​អះអាង​ថា នេះ​ជា​ចំនួន​ស្លាប់​ច្រើន​បំផុត​មួយ​នៅ​លើ​ពិភពលោក។

លទ្ធផល​ស្រាវជ្រាវ​មួយ​ក្នុង​ឆ្នាំ២០១៥ បាន​បង្ហាញថា ចំនួន​អ្នក​ស្លាប់​ដោយសារ​វីរុស​នេះ​ថយ​ចុះ​មក​នៅ៤៤៦នាក់ ប៉ុន្តែ​នៅតែ​ជា​ចំនួន​មួយ​ដែល​ដាក់​ចំណាត់ថ្នាក់​ឱ្យ​ប្រទេស​កម្ពុជា​ឈរ​នៅ​លេខ​បួន​នៅ​ទ្វីបអាស៊ី គិត​ចំនួន​អ្នក​ស្លាប់​ដោយសារ​ជំងឺឆ្កែឆ្កួត ដោយ​ឈរ​ពីក្រោយ​ប្រទេស​ភូមា ប្រទេស​អាហ្វហ្កានី​ស្ថាន និង​ប្រទេស​នេ​ប៉ាល់។ 

ប្រទេស​វៀតណាមដែល​ជា​ប្រទេសជិតខាង​នៃ​ប្រទេស​កម្ពុជា បាន​រាយការណ៍​ថា ក្នុង​ឆ្នាំ២០១១ ចំនួន​អ្នក​ស្លាប់​មាន១១០នាក់ ហើយ​ប្រទេស​ថៃនិង​ប្រទេស​ឡាវ រាយការណ៍​ថា ចំនួន​អ្នក​ស្លាប់​ប្រចាំឆ្នាំ​មានតែ​មួយ​ខ្ទង់​ប៉ុណ្ណោះ ទោះបីជា​របាយការណ៍​វិភាគ​បញ្ជាក់​ថា សេចក្តី​រាយការណ៍​ករណី​អ្នក​ស្លាប់​ដោយសារ​ជំងឺឆ្កែឆ្កួត​នៅ​ទូទាំង​តំបន់​នៅ​មាន​តិចតួច​ប៉ុណ្ណោះ។ 

ដូច​លោក សារិ​ទ្ធ ដែរ ជនរងគ្រោះ​ដទៃ​ដែល​មាន​រោគសញ្ញា​ថា​ឆ្លង​វីរុស​ឆ្កែឆ្កួត​នេះ​ហើយ ត្រូវ​ត្រឡប់ទៅ​ផ្ទះ​វិញ ​ដោយ​ត្រូវ​ប្រឈមមុខនឹង​សេចក្តី​ស្លាប់​ដោយ​ភាព​ឈឺចាប់​មុន​ផុតដង្ហើម។ មរណភាព​របស់​ពួក​គេ​មិន​ត្រូវ​បាន​កត់ត្រា​ទេ។ ដូច្នេះ ចំនួន​អ្នក​ស្លាប់​ដោយសារ​ជំងឺឆ្កែឆ្កួត​នៅ​ប្រទេស​កម្ពុជា​ មិន​ត្រូវ​បាន​គេ​ដឹង​ទេ។ 

លោក តា​រ៉ា​ន់​តុលា បាន​លើកឡើង​ថា ទោះបីជា​មាន​វឌ្ឍនភាព​ច្រើន​គួរ​ឱ្យ​កត់សម្គាល់​ក្នុងរយៈពេល​ពីរ​ទសវត្សចុងក្រោយ​នេះ​ក៏ដោយ​ «ការពិត​ស្ថិតនៅ​ត្រង់ថា​ ជំងឺ​កាច​សាហាវ​នេះ​ពិតជា​អាច​សម្លាប់​មនុស្ស​បាន១០០ភាគរយ ហើយ​វិធានការ​បង្ការ​មានប្រសិទ្ធភាព​ស្ទើរតែ១០០ភាគរយ​ដែរ ដោយសារតែ​មាន​វ៉ាក់សាំង​ដែល​មានតម្លៃ​សមរម្យ ប៉ុន្តែ​វា​ជា​រឿង​គួរ​ឱ្យ​សោក​ស្តាយ​ដែល​ភាគី​ពាក់ព័ន្ធ​ទាំងអស់​មិនទាន់​គ្រប់គ្រង​ជំងឺ​នេះ​បាន​ពេញលេញ»


មាតិកា


ត្រួតពិនិត្យ​ប្រភព​ចម្លង​

លោកស្រីវេជ្ជបណ្ឌិត អេ​មី ឡេវី​ស (Amy Lewis​) មក​ពី​អង្គការ​អន្តរជាតិ NGO Mission Rabies បាន​លើកឡើង​ថា ដើម្បី​កម្ចាត់​ជំងឺឆ្កែឆ្កួត សំខាន់​ត្រូវ​ពង្រឹង​ភាពស៊ាំ​របស់​សត្វ​ឆ្កែនៅ​ប្រទេស​កម្ពុជា​ជាមុន​សិន។

លោកស្រី ឡេវី​ស បាន​មានប្រសាសន៍​ថា៖ «ប្រសិនបើ​អាច យើង​នឹង​ចាក់​វ៉ាក់សាំង​មនុស្ស​គ្រប់គ្នា ប៉ុន្តែ​នោះ​គឺជា​ការ​បង់​នៅ​លើ​មុខរបួស។ ជំងឺឆ្កែឆ្កួត​មានពូជ​បម្រុង ហើយ​ពូជ​បម្រុង​នោះ​គឺ​ពូជ​ឆ្កែ។ វា​ធ្វើ​ចលនា​នៅក្នុង​សត្វ​ឆ្កែ ហើយ​នៅពេល​ដែល​អ្នកទទួល​បាន​ចលនា​រាលដាល​នោះ ពេលនោះ​ហើយ​ជា​ពេល​ដែល​អ្នក​ឃើញ​មាន​មនុស្ស​ស្លាប់»។ 

នៅ​ប្រទេស​ដទៃទៀត​នៅក្នុង​តំបន់​អាស៊ី ដែល​មាន​ប្រតិបត្តិ​ការ​របស់​អង្គការ Mission Rabies ដូចជា ប្រទេស​ឥណ្ឌានិង​ប្រទេស​ស្រីលង្កា ជាដើម ជំងឺឆ្កែឆ្កួត​ក្នុងចំណោម​សត្វ​ឆ្កែ​អនាថា គឺជា​ក្តី​កង្វល់​ដ៏​ធំ ប៉ុន្តែ​នៅ​ប្រទេស​កម្ពុជា​ រឿង​នេះ​គឺជា​រឿង​ផ្សេង។

លោកស្រី ឡេវី​ស បាន​មានប្រសាសន៍​ថា៖ «ប្រទេស​កម្ពុជា​ពិតជា​ខុសគេ ពីព្រោះ​អ្នកមាន​សត្វ​ឆ្កែ​ច្រើនណាស់ ដែល​មាន​[មនុស្ស​]ជា​ម្ចាស់ ពោល​គឺ៨៨ភាគរយ បើ​យោង​តាម​លទ្ធផល​ស្រាវជ្រាវ​សាកល្បង​របស់​យើង»

ទោះជា​យ៉ាងនេះ​ក៏ដោយ​ សត្វ​ឆ្កែ​ភាគច្រើន​នៅ​កម្ពុជា​ មិន​ត្រូវ​បាន​ចាក់​វ៉ាក់សាំង​ទេ ហើយ​មាន​បញ្ហា​ប្រឈម​ជាច្រើនក្នុង​ការ​ផ្តល់​វ៉ាក់សាំង​តាម​តម្រូវការ។ នេះ​បើ​យោង​តាម​លោកស្រី ម៉ា​ទី​នណា ម៉េ (Martina Mayr​) នាយក​ប្រតិបត្តិ​អង្គការ​សង្គ្រោះ​សត្វ​កម្ពុជា (Animal Rescue Cambodia​) ដែល​មាន​មូលដ្ឋាន​នៅ​ភ្នំពេញ។ បញ្ហា​ស្មុគស្មាញ​ស្ថិតនៅ​ត្រង់ថា សត្វ​ឆ្កែ​ជាច្រើន​ស្ថិត​ក្រោម​ការគ្រប់គ្រង​ដោយ​ «សហគមន៍»

លោកស្រី ម៉េ បានឱ្យ​ដឹង​ថា បុគ្គលិក​អង្គការ ARC បាន​ជិះ​ម៉ូតូ​ចុះ​ចាក់​វ៉ាក់សាំង​ឆ្កែ​សហគមន៍​ជាប្រចាំ​នៅ​តាម​វត្ត។ នៅពេល​ស្វែងរក​ម្ចាស់​ឆ្កែ ដើម្បី​គ្រាវឬចាក់​វ៉ាក់សាំង​សត្វ ប្រជាជន​មូលដ្ឋាន​តែងតែ​និយាយ​ថា ឆ្កែ​ជា​របស់​សហគមន៍ ទោះបីជា​ពួក​គេ​ឱ្យ​ចំណី​វា(ឆ្កែ) ហើយ​វា​រស់នៅ​និង​ដេក​នៅក្នុង​ផ្ទះ​របស់​ពួក​គេ​ក៏ដោយ។

តើ​​កម្ពុជា​​អាច​​កម្ចាត់​រោគ​​ដែល​​អាច​​សម្លាប់​​មនុស្ស​​ខ្លាំង​​បំផុត​​នៅ​​លើ​​ពិភព​លោក​​បាន​ទេ​?
ព្រះសង្ឃមួយអង្គនៅវត្តមួយក្នុងរាជធានីភ្នំពេញ នៅជាមួយសត្វឆ្កែមួយក្បាល ដែលស្ថិតក្រោមការគ្រប់គ្រងរបស់សហគមន៍។ សត្វចញ្ចឹមដែលគេមិនចង់បានជាញឹកញាប់ត្រូវបានគេយកទៅទុកនៅវត្ត ហើយក៏ត្រូវក្លាយជាបន្ទុករួម។ (Andy Ball/VOD)

វេជ្ជបណ្ឌិត ទេព បេង​ថៃ គឺជា​អនុប្រធាន​នាយកដ្ឋាន​សុខភាព​សា​ធារ​ណៈបសុព្យាបាល​នៃ​អគ្គនាយក​ដ្ឋាន​សុខភាព​សត្វ និងផលិតកម្ម​សត្វ ដែល​ជា​ស្ថាប័ន​រដ្ឋាភិបាល។ នាយកដ្ឋាន​របស់​លោក​ធ្វើ​យុទ្ធនាការ​នានានិង​បើក​វគ្គ​បណ្តុះបណ្តាល​សម្រាប់​សាធារណជន អំពី​វិធានការ​ការពារ​ជំងឺ​ដែល​ឆ្លង​ពី​សត្វ​ទៅ​មនុស្ស។

លោក​បាន​មានប្រសាសន៍​ថា៖ «នៅ​ជនបទ គេ​ចញ្ចឹម​សត្វ​ឆ្កែ​មិនមែន​សម្រាប់​យក​ទៅ​ចិញ្ចឹម​ទេ។ គេ​ចិញ្ចឹមសត្វ​ឆ្កែ​ដើម្បី​ឱ្យ​ជួយ​យាម។ នៅពេល​យើង​ធ្វើ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង ម្ចាស់​មិន​ខ្វល់​រឿង​យក​ឆ្កែ​មក​ចាក់​វ៉ាក់​សាំង​ទេ»។ 

លោក បេង​ថៃ បាន​លើកឡើង​ទៀត​ថា សកម្មភាព​ចុះមូលដ្ឋាននិង​សហគមន៍​ដើម្បី​បណ្តុះបណ្តាល ភាគច្រើន​ធ្វើឡើង​ដោយ​អង្គការ​មិនមែន​រដ្ឋាភិបាល និង​គម្រោង​ដទៃទៀត​របស់​អង្គការ Mission Rabies និង​អង្គការ ARC ដោយសារតែ​នាយកដ្ឋាន​របស់​លោក​ខ្វះ​មូលនិធិ។ 

កាលពី​ឆ្នាំ២០១៩ វីដេអូ​ក្មេងស្រី​ម្នាក់​មាន​ជំងឺឆ្កែឆ្កួត​ នៅ​ខេត្តស្វាយរៀង ​បើ​កភ្លែ​កក្រឡែ​តធំៗ ស្រែក​ដោយ​ការ​ឈឺ​ឆាប់ សង្កៀត​ធ្មេញ​លាន់​ឮ ហើយ​ត្រូវ​បាន​គេ​ចង​ជាប់នឹង​បន្ទះ​ក្តារ​ឈើ ត្រូវ​បាន​គេ​ចែកចាយ​ក្នុង​បណ្តាញ​សង្គម​ហ្វេ​សហ៊ុ​ក។

ករណីនេះ ​ធ្វើ​ឱ្យ​មនុស្សជា​ច្រើន​បារម្ភ​ពី​បញ្ហា​មេរោគ​នេះ។ មនុស្សជា​ច្រើន​ឈរ​តម្រង់​ជួរ​នៅ​ខាងក្រៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា ក្នុង​រាជធានី​ភ្នំពេញ ហើយ​លោក បេង​ថៃ បានឱ្យ​ដឹង​បន្ថែម​ថា វ៉ា​ក់​សាំង​បង្ការ​ជំងឺឆ្កែឆ្កួត​ប្រមាណ​ជា១សែន​ដូស ត្រូវ​បាន​លក់​ចេញ​ក្នុង​ឆ្នាំ​នោះ។ នេះ​ជា​ចំនួន​មួយ​ដែល​កើនឡើង​យ៉ាង​ខ្លាំង ដែល​កាលពី​មុន ជា​ធម្មតា​លក់​ចេញ​តែ៥ពាន់​ដូស។ 

លោក​បាន​មានប្រសាសន៍​បន្ថែម​ទៀត​ថា៖ «បន្ទាប់​គេ​បង្ហោះ​វា​លើ​បណ្តាញ​សង្គម អំពី​[ឥទ្ធិពល​នៃ​]ជំងឺឆ្កែឆ្កួត​ទៅលើ​មនុស្ស ប្រជាជន​មានអារម្មណ៍​ខ្លាច​ណាស់ ហើយ​ចាប់ផ្តើម​យល់ដឹង។ មាន​ម្ចាស់​ឆ្កែ​ជាច្រើន​មក​សុំ​វ៉ាក់សាំង។ យើង​មិន​មាន​វ៉ាក់សាំង​គ្រប់គ្រាន់​សម្រាប់​ផ្គត់ផ្គង់​ទេ»។ 

បញ្ហា​ចេញពី​ការ​ជួញដូរ​សាច់​ឆ្កែ​

លោកស្រី ម៉េ នាយក​ប្រតិបត្តិ​អង្គការ​សង្គ្រោះ​សត្វ​កម្ពុជា មានប្រសាសន៍​ថា៖ «មិន​អាច​បំបាត់​ជំងឺឆ្កែឆ្កួត​នៅ​ប្រទេស​កម្ពុជា​បានទេ ខណៈ​ដែល​សកម្មភាព​ជួញដូរ​សាច់​ឆ្កែ​កើនឡើង​យ៉ាង​លឿន»។ 

ទោះបីជា​ប្រតិបត្តិ​ការស៊ើបអង្កេតនិង​ស្រាវជ្រាវ​ដែល​ប្រព្រឹត្តទៅ​ដោយសម្ងាត់​ បាន​រក​ឃើញថា សត្វ​ឆ្កែ​ឈឺ​ជា​ញឹកញាប់​ត្រូវ​បាន​គេ​យក​ទៅ​លក់​ក្នុង​អាជីវកម្ម​សាច់​ក៏ដោយ ក៏​ការប្រើ​ប្រាស់​មិនមែន​ជា​វិធី​ចម្បង​នៃ​ការ​ចម្លងជំងឺ​ឆ្កែឆ្កួត​ដែរ។ ចំណុច​សំខាន់​ទាក់ទង​នឹង​ជំងឺឆ្កែឆ្កួត ​គឺ​ត្រូវ​ដឹងពី​របៀប​ឆ្លង​របស់​វា។

តើ​​កម្ពុជា​​អាច​​កម្ចាត់​រោគ​​ដែល​​អាច​​សម្លាប់​​មនុស្ស​​ខ្លាំង​​បំផុត​​នៅ​​លើ​​ពិភព​លោក​​បាន​ទេ​?
ក្បាលឆ្កែ និងសាច់ឆ្កែដាក់លក់នៅហាងមួយកន្លែងក្នុងរាជធានីភ្នំពេញ។ (Andy Ball/VOD)

លោកស្រី ម៉េ បាន​មានប្រសាសន៍​ថា៖ «[ករណី​ឆ្លង​] កើតឡើង​ជាទូទៅ​តែ​នៅ​ទី​សត្វឃាតឬកន្លែង​កែច្នៃ​សាច់»។ 

លោកស្រី ឡេវី​ស មក​ពី​អង្គការ Mission Rabies ពន្យល់​បន្ថែម​ថា៖ «បញ្ហា​កើត​ចេញពី​អាជីវកម្ម​សាច់​ឆ្កែ​ គឺថាចំនួន​សត្វ​ឆ្កែ​កំពុង​កើនឡើង​លឿន​ជាង​ចំនួន​អ្នក​ស្លាប់​ដោយ​ធម្មជាតិនិង​ចំនួន​កំណើត​ថ្មី ដោយសារតែ​កត្តា​មនុស្ស​ដែល​យក​សត្វ​ឆ្កែ​ទៅ​ចិញ្ចឹមសម្រាប់​អាជីវកម្ម​សាច់សត្វ​ឆ្កែ»

ទិន្នន័យ​វិភាគ​របស់​អង្គការ Mission Rabies បញ្ជាក់​ថា ចំនួន​សត្វ​ឆ្កែ​ប្រែប្រួល​ចុះ​ឡើង​ៗនៅក្នុង​ប្រទេស​កម្ពុជា ឆ្លុះបញ្ចាំង​ឱ្យ​ឃើញថា ​ចាំបាច់​ត្រូវ​ធ្វើ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ទ្រង់ទ្រាយ​ធំ​ ជាហេតុ​នាំ​ឱ្យ​មានការ​ប្រឈម​នឹង​បញ្ហា​អនុវត្តន៍​ជាក់ស្តែងនិង​បញ្ហា​ហិរញ្ញវត្ថុ។ 

ខេត្តសៀមរាប​បាន​ចេញ​បម្រាម​ផ្លូវការ​មិន​ឱ្យធ្វើ​សត្វឃាតនិង​ជួញដូរ​សត្វ​ឆ្កែ​យក​សាច់ កាលពី​ខែកក្កដា ឆ្នាំ២០២០ មួយ​ផ្នែក​ធ្វើឡើង​បន្ទាប់ពី​អង្គការ ARC បាន​បង្ហាញ​លទ្ធផល​ស្រាវជ្រាវនិង​ផ្តល់​អនុសាសន៍។ 

អង្គការ Four Paws International បាន​កំណត់​ថា ខេត្ត​នេះ​ជា «គំរូ​ល្អ​ក្នុង​ការទប់ស្កាត់​អាជីវកម្ម​សាច់​ឆ្កែនៅក្នុង​ប្រទេស​កម្ពុជា ពីព្រោះ​អាជីវកម្ម​នេះ​ចូលរួម​ធ្វើជា​ប្រភព​ផ្គត់ផ្គង់និង​ជួញដូរ​សត្វ​ឆ្កែ​ទ្រង់ទ្រាយ​ធំ ដើម្បី​បំពេញ​តម្រូវការ​សាច់​ឆ្កែ​នៅ​ភាគ​ខាងកើត​នៃ​ប្រទេស​នេះ បូករួម​ទាំង​នៅក្នុង​រាជធានី​ផង​ដែរ»។ នេះ​បើ​យោង​តាម​សេចក្តី​ថ្លែង​ការណ៍​របស់​អង្គការ​សុខុមាលភាព​សត្វ​មួយ​នេះ។

តើ​ប្រទេស​កម្ពុជា​អាច​បំបាត់​ជំងឺឆ្កែឆ្កួត​បាន​ដែរ​ឬទេ​?

លោក តា​រ៉ា​ន់​តុលា ដែល​ជា​គ្រូពេទ្យ​ឯកទេស​ខាង​ជំងឺឆ្លង បាន​បង្ហាញ​ពី​វឌ្ឍនភា​ពសំ​ខាន់​ៗនៅក្នុង​កម្មវិធី​ចាក់​វ៉ាក់សាំង​លើ​មនុស្សនិង​វិធានការ​ការពារ​នៅក្នុង​ប្រទេស​កម្ពុជា ដែល​ដឹកនាំ​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រកម្ពុជា និង​ក្រសួងសុខាភិបាល។ 

លោក​បានឱ្យ​ដឹង​ថា មជ្ឈមណ្ឌល​វ៉ាក់សាំង​នៅ​រាជធានី​ភ្នំពេញ ខេត្តបាត់ដំបងនិង​ខេត្ត​កំពង់ចាម ផ្តល់​វ៉ាក់សាំង​ឆ្កែឆ្កួត ​(PEP​) ដល់​ប្រជាជន​ប្រហែល២២ ០០០នាក់​ក្នុង​មួយ​ឆ្នាំ​ៗ ដើម្បី​កាត់បន្ថយ​អត្រា​ដែល​អាច​ស្លាប់​របស់​មនុស្ស​ដោយសារ​ជំងឺឆ្កែឆ្កួត។ ទោះជាយ៉ាងណា លោក​បាន​បង្ហាញ​ក្តី​កង្វល់​មួយចំនួនក្នុង​ការកាត់បន្ថយ​ជំងឺ​ចេញពី​មូលដ្ឋាន។

លោក​មានប្រសាសន៍​ថា៖ «ទោះជា​មានស្មារតី​ប្តេជ្ញា​ផ្នែក​នយោបាយ​ចេញពី​អាជ្ញាធរ​កម្ពុជា​ក៏ដោយ ខ្ញុំ​មិនបាន​ឃើញ​មាន​ទិដ្ឋភាព​ប្រែប្រួល​ច្រើន​ទេក្នុង​កិច្ចការ​ចាក់​វ៉ាក់​សាំង​សត្វ​ឆ្កែ ហើយ​ខ្ញុំ​បារម្ភ​ថា [គោលដៅ​បំបាត់​ជំងឺឆ្កែឆ្កួត​អាស៊ាន​] មិន​អាច​សម្រេច​បានទេ​ក្នុង​ឆ្នាំ២០៣០»។ 

គោលដៅ​របស់​អាស៊ាន​កាលពី​ដំបូង​កំណត់​យក​ឆ្នាំ២០២០ សម្រាប់​បំបាត់​ឱ្យ​អស់​នូវ​ជំងឺ​សត្វ​ឆ្កែ ប៉ុន្តែ​ត្រូវ​បាន​បន្ថែម​មួយ​ទសវត្ស​ទៀតកាលពី​ឆ្នាំ២០២០។ នៅ​ជនបទ​ គេ​ចិញ្ចឹមសត្វ​ឆ្កែ​មិនមែន​សម្រាប់​យក​ទៅ​ចញ្ចឹម​ទេ ប៉ុន្តែ​គេ​ចិញ្ចឹមសត្វ​ឆ្កែ​ដើម្បី​ឱ្យ​ជួយ​យាម។ នៅពេល​យើង​ធ្វើ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង ម្ចាស់​មិន​ខ្វល់​រឿង​យក​ឆ្កែ​មក​ចាក់​វ៉ាក់​សាំង​ទេ។

របាយការណ៍​ស្រាវជ្រាវ​របស់​លោក តា​រ៉ា​ន់​តុលា បាន​ដាក់បញ្ចូល​ករណី​សិក្សា​មួយចំនួនដែល​បញ្ជាក់​ពី​កិច្ច​ខិតខំ​ប្រឹង​ប្រែង​បង្ការ​ជំងឺឆ្កែឆ្កួត​នៅក្នុង​ប្រវត្តិសាស្ត្រ ក្នុង​នោះ​មាន​ទាំង​តំបន់​មេ​សូ​ប៉ូ​តាមៀ​បុរាណ​ផង​ដែរ។ 

សិលា​ចារឹក Babylonian ឆ្នាំ១៩៣០ មុន​គ.ស បញ្ជាក់​ពី​ច្បាប់​មួយ​ដែល​ម្ចាស់​សត្វ​ត្រូវតែ​ត្រួតពិនិត្យ​សត្វ​ឆ្កែ​របស់​ខ្លួនជាពិសេសប្រសិនបើ​វា​ឆ្កួត ហើយ​ថា ពួក​គេ​នឹង​ប្រឈម​នឹង​ទោសពិន័យ​យ៉ាង​ធំ ប្រសិនបើ​សត្វ​នោះ​បង្ក​ឱ្យ​មនុស្ស​ណា​ម្នាក់​ស្លាប់។

តើ​​កម្ពុជា​​អាច​​កម្ចាត់​រោគ​​ដែល​​អាច​​សម្លាប់​​មនុស្ស​​ខ្លាំង​​បំផុត​​នៅ​​លើ​​ពិភព​លោក​​បាន​ទេ​?
អ្នកស្រី កាត់ ចាង ឈរកាន់បង្ហាញរូបថតប្តីរបស់អ្នកស្រីឈ្មោះ ទួន សារិទ្ធ ដែលបានទទួលមរណភាព ដោយសារជំងឺឆ្កែឆ្កួត។ (Andy Ball/VOD)

បទបញ្ញត្តិ​ប្រហាក់​ប្រហែលគ្នា​នេះ​ដែរ ទាក់ទង​នឹង​ភាពជា​ម្ចាស់​សត្វ​ឆ្កែនិង​ចលនា​នានា ក៏បាន​ទទួលជោគជ័យ​ក្នុង​ការកាត់បន្ថយ​ជំងឺឆ្កែឆ្កួត​នៅ​បណ្តា​ប្រទេស​ក្នុង​តំបន់​អឺរ៉ុប​ផង​ដែរ អំឡុង​សត​វត្ស​មុន​ៗ។

លោក តា​រ៉ា​ន់​តុលា បាន​ពន្យល់​ថា៖ «យើង​មិន​និយាយ​អំពី​ថ្នាំ​វ៉ាក់សាំង​ទេ។ យើង​និយាយ​អំពី​ចលនា​គ្រប់គ្រង​សត្វ​ឆ្កែនិង​ម្ចាស់​ដែល​ទទួលខុសត្រូវ​លើ​សត្វ​ឆ្កែ​របស់​ខ្លួន»

លោក​បន្ថែម​ថា លោក​ជឿជាក់​ថា រឿង​នេះ​គួរតែ​ជាអាទិភាព។

លោក​មានប្រសាសន៍​ថា៖ «ត្រូវ​មានច្បាប់​ចូលជាធរមាន ដើម្បី​ឱ្យ​ម្ចាស់​ឆ្កែ​ទទួលខុសត្រូវ​លើ​សត្វ​ឆ្កែ​របស់​ខ្លួន ជាពិសេសនៅពេល​ដែល​វា​ខាំ​អ្នកណា​ម្នាក់»។

លោក បេង​ថៃ បាន​លើកឡើង​ថា ​ការងារ​របស់​នាយកដ្ឋាន​លោក ក្នុង​ការគ្រប់គ្រង​ជំងឺឆ្លង​ពី​សត្វ​ទៅ​មនុស្ស មិន​ត្រូវ​បាន​អនុវត្ត​ច្រើន​ទេ ដោយសារតែ​ខ្វះ​ហិរញ្ញប្បទាន ហើយ​លោក​បាន​លើកឡើង​ពី​តម្រូវការ​ការ​គាំទ្រនិង​កិច្ច​សហប្រតិបត្តិ​ការ​បន្ថែម​ទៀត។

លោក​បាន​មានប្រសាសន៍​ថា៖ «ពួក​យើង​មិន​មានការ​គាំទ្រ​គ្រប់គ្រាន់​ទេ អ៊ីចឹង​ហើយ​បាន​ជា​យើង​ខ្សោយ​ខ្លាំង​បែបនេះ។ [គោលបំណង​] របស់​ពួក​យើង ​គឺ​លុបបំបាត់​ជំងឺ​នោះ [ឱ្យ​ស្របតាម] ផែនការ​យុទ្ធសាស្ត្រ​អាស៊ាន [ឆ្នាំ២០៣០​] ប៉ុន្តែ​ប្រទេស​របស់​យើង​មានលទ្ធភាព​ហិរញ្ញវត្ថុ​តិចតួច​ពេក»

លោក​មិនបាន​បញ្ជាក់​ថា ​ផ្នែក​ហិរញ្ញវត្ថុ​ត្រូវ​បាន​កំណត់​ជាអាទិភាព​ដោយ​របៀបណា​នោះ​ទេ នៅពេល​អ្នកសារព័ត៌មាន​សួរ​បន្ថែម។

យុទ្ធសាស្ត្រ​លុបបំបាត់​ជំងឺឆ្កែឆ្កួត​នៅក្នុង​ប្រទេស​កម្ពុជា ​កំពុង​ត្រូវ​បាន​បង្កើត​ឡើង។ អង្គការ ARC​, Mission Rabies និង​ផែនការ​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​ចាក់​វ៉ាក់សាំង​សត្វ​ឆ្កែ​ចំនួន១០០ ០០០ក្បាល ​ក្នុង​រាជធានី​ភ្នំពេញ​ ក្នុង​ខែវិច្ឆិកា ឆ្នាំ២០២០ ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​សម្រេច​ឱ្យ​បាន​នូវ​ភាពស៊ាំ​នឹង​មេរោគ​ក្នុង​ខ្លួន​សត្វ​ឆ្កែ។ លោកស្រី ឡេវី​ស សង្ឃឹមថា យុទ្ធសាស្ត្រ​នេះ​អាច​ត្រូវ​បាន​ពង្រីក​ទូទាំង​ប្រទេស។

លោកស្រី​បាន​មានប្រសាសន៍​ថា៖ «អ្នក​អាច​អនុវត្ត​អ្វី​ដែល​បាន​ឆ្លងកាត់​នៅ​តាម​បណ្តា​ខេ​ត្ត​ផ្សេង​ៗ ហើយ​អាច​និយាយ​បាន​ថា អ្នក​អាច​ចាក់​វ៉ាក់សាំង​នៅ​ទូទាំង​ប្រទេស​កម្ពុជា​ក្នុងរយៈពេល​ប្រហែល​មួយឆ្នាំ។ និរន្តរភាព​ស្ថិត​ក្នុង​ផ្នែក​សំខាន់​បំផុត​មួយ​នៃ​ប្រតិបត្តិ​ការគ្រប់គ្រង​ជំងឺឆ្កែឆ្កួត»

ទោះបីជា​រងទុក្ខ​ដោយសារតែ​មរណភាព​របស់​ស្វាមីក៏ដោយ អ្នកស្រី កាត់ ចាង សង្ឃឹមថា ប្រជាជន​ខ្មែរ​ដទៃទៀត​នឹង​រៀនសូត្រ​ពី​ករណីនេះ។ អ្នកស្រី​បានឱ្យ​ដឹង​ថា មនុស្សជា​ច្រើន​មក​ពី​ភូមិ​អ្នកស្រី​បាន​ស្វែងរក​ថ្នាំ​វ៉ាក់សាំង​ការពារ​ជំងឺឆ្កែឆ្កួត។

អ្នកស្រី ចាង បាន​ពោល​ដូច្នេះ​ថា៖ «ខ្ញុំ​ចង់​ប្រាប់​ប្រជាជន​ទាំងអស់គ្នា​នៅ​ខ្មែរ​ថា ត្រូវ​ប្រយ័ត្នខ្លួន ត្រូវ​ទៅពេទ្យ​ឱ្យ​បានភ្លាម បន្ទាប់ពី​ត្រូវ​ឆ្កែឬសត្វ​ផ្សេង​ខាំ។ ប្រយ័ត្ន​យឺត​ពេល។ កុំ​ភ្លេចខ្លួន​ដូច​ប្តី​ខ្ញុំ។ គាត់​ស្តាយក្រោយ ពេល​គាត់​ជិតស្លាប់»

ប្រែសម្រួលពីអត្ថបទដើមជាភាសាអង់គ្លេស ដោយ កង សុធា


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles