ក្រសួង​ការបរទេស​ ចោទសមាជិកសភា​ និង​មន្រ្តីការបរទេស​អាមេរិក​ ថាមិន​យល់ពី​សភាពការណ៍​ពិត​ និង​ច្បាប់​កម្ពុជា

ដោយ មួង ណារ៉េត
2020-09-19
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

(រូប​ឆ្វេង) ឧបការី​រងក្រសួង​ការ​បរទេស​អាមេរិក ទទួល​បន្ទុកផ្នែក​ប្រជាធិបតេយ្យ​ សិទ្ធិមនុស្ស​ និង​សិទ្ធិការងារ លោក​ រ៉ូប៊ើត​ ដេស្រ្តូ​ (Robert A. Destro និង (រូបស្ដាំ) សមាជិក​សភា​អាមេរិក​លោក អាឡែន ឡូវ៉ិនស្សល (Alan Lowenthal)

(រូប​ឆ្វេង) ឧបការី​រងក្រសួង​ការ​បរទេស​អាមេរិក ទទួល​បន្ទុកផ្នែក​ប្រជាធិបតេយ្យ​ សិទ្ធិមនុស្ស​ និង​សិទ្ធិការងារ លោក​ រ៉ូប៊ើត​ ដេស្រ្តូ​ (Robert A. Destro និង (រូបស្ដាំ) សមាជិក​សភា​អាមេរិក​លោក អាឡែន ឡូវ៉ិនស្សល (Alan Lowenthal)

 Facebook Account of Congressman Lowenthal & Twitter Account of Robert A. Destro


ក្រសួង​ការបរទេស​កម្ពុជា​ចេញថ្លែងការណ៍​ កាលពីថ្ងៃទី​១៨ កញ្ញា ចោទថា សេចក្តី​ថ្លែង​ការណ៍​របស់​មន្រ្តី​អាមេរិក​ ធ្វើ​ឡើង​ដោយ​យោង​លើ​ការ​វាយតម្លៃ​មិនត្រឹមត្រូវ​ អំពី​អង្គហេតុ ​អង្គច្បាប់​ និង​ស្ថានភាពពិត​ដែលកំពុង​កើតមាន​នៅកម្ពុជា​។ ​

ក្រសួង​ការបរទេស​កម្ពុជា ថា​ខ្លួនខកចិត្ត និង សោកស្ដាយ ដែល​មន្រ្តីអាមេរិកទាំងនេះ ចេញ​សេចក្តី​ថ្លែងការណ៍ ដែលក្រសួង​នេះ អះអាងថា មានចរិត​បែប​នយោបាយ ជុំវិញ​ការ​​ចាប់​ខ្លួន​សកម្មជន​ជាច្រើន​នាក់​ ក្នុង​រយៈពេល​ជិតពីរ​ខែ​ចុងក្រោយ​នេះ​។​

មិនតែ​ប៉ុណ្ណោះ ក្រសួង​ដដែលនេះ ចាត់ទុកមន្រ្តីអាមេរិកទាំងពីររូប ថាអនុវត្ត​ស្តង់ដារ​ពីរ ព្រោះ​ក្នុង​ពេល​តែមួយ គឺ​ពួកគាត់​អំពាវនាវ​ឲ្យរដ្ឋាភិបាល​កម្ពុជា ​ដោះលែង​ក្រុម​យុវជន​ទាំងអស់​ជាបន្ទាន់ និង​ដោយ​ឥតលក្ខខណ្ឌ ដោយ​មិនឆ្លង​កាត់​នីតិវិធីតុលាការ ដែល​ធ្វើនេះ​វាផ្ទុយ​ទៅនឹង​កិច្ចដំណើរការ​នីតិវិធី​ត្រឹមត្រូវ​តាមផ្លូវតុលាការ​ផង ហើយ​ស្រាប់​តែ​​ពួកគាត់​ បែរជា​ស្នើ​ឲ្យមានការ​គោរពនីតិរដ្ឋ​ឲ្យបានត្រឹមត្រូវ​ទៅវិញ។

ប្រតិកម្ម​របស់​ក្រសួង​ការបរទេស​កម្ពុជានេះ ធ្វើឡើង​ក្រោយ​ឧបការី​រងក្រសួង​ការ​បរទេស​អាមេរិក ទទួល​បន្ទុកផ្នែក​ប្រជាធិបតេយ្យ​ សិទ្ធិមនុស្ស​ និង​សិទ្ធិការងារ លោក​ រ៉ូប៊ើត​ ដេស្រ្តូ​ (Robert A. Destro) កាលពី​ថ្ងៃទី ១៤ ខែ កញ្ញា ថ្លែងតាម​​បណ្តាញ​សង្គម​ទ្វីតទ័រ​ (Twitter) របស់​លោក​ ដោយរម្លឹក​កម្ពុជា​ ថាសិទ្ធិសេរីភាព​ក្នុងការ​បញ្ចេញមតិ​ និង​ប្រមូល​ផ្តុំគ្នា​តវ៉ា​ដោយ​សន្តិវិធី​ គឺមាន​ចែងក្នុង​រដ្ឋធម្មនុញ្ញ​កម្ពុជា​។

មន្រ្តី​ជាន់ខ្ពស់​ការបរទេស​អាមេរិករូប​នេះ​ បញ្ជាក់​បន្ថែមថា​ សហរដ្ឋអាមេរិក​ ស្នើ​ឲ្យរដ្ឋាភិបាល​កម្ពុជា​ដោះលែង​សកម្មជនទាំងអស់នោះ​ ឲ្យមានសេរីភាព​វិញ​ជាបន្ទាន់​ និង​គប្បី​អនុញ្ញាតឲ្យ​ពលរដ្ឋទាំងអស់​ មានសិទ្ធិ​បញ្ចេញមតិ​ ដោយគ្មាន​ការរឹតត្បិត​ ឬបង្ក្រាប​។​

មួយ​ថ្ងៃបន្ទាប់​មក​ គឺកាលពីថ្ងៃទី​ ១៥ ខែ កញ្ញា សមាជិក​សភា​អាមេរិក​លោក អាឡែន ឡូវ៉ិនស្សល (Alan Lowenthal) បាន​ថ្កោលទោស​របប​លោក ហ៊ុន​ សែន​ ដែលបាន​ចាប់​យុវជន​ជាច្រើននាក់​ ដាក់ពន្ធនាគារ​។ លោក អាឡែន​ ឡូវ៉ិនស្សល ថា​របបលោក​ ហ៊ុន សែន​ ធ្វើតាម​តែអំពើចិត្ត​ ដោយបំពាន​ច្បាប់រដ្ឋធម្មនុញ្ញ​កម្ពុជា​ ក្នុងការចាប់​ខ្លួនយុវជន​ទាំងនោះ​។

លោក​បន្ថែម​ថា សកម្មភាព​តស៊ូមតិ​ ឬតវ៉ាដោយ​សន្តិវិធី​ ឬរិះគន់​រដ្ឋាភិបាល​ គឺជា​ការ​ប្រើ​ប្រាស់​សិទ្ធិ​សេរីភាព និង​សិទ្ធិបញ្ចេញមតិ​ ដែលជាសិទ្ធិ​មូលដ្ឋាន​ និង​ចាំបាច់​សម្រាប់​ដំណើរ​ការប្រជាធិបតេយ្យ​ត្រឹមត្រូវមួយ​។ យុវជន​ដែល​ចូលរួម​សកម្ម ក្នុង​ជីវភាព​នយោបាយ​បែប​នេះ គួរតែរបប​លោក ហ៊ុន សែន​ លើកទឹកចិត្ត​ពួកគាត់ មិន​មែន​ចាប់​ពួកគាត់​ដាក់គុក​នោះទេ។

លោកបន្តថា​ យុវជនទាំងនេះ​ គឺជាអនាគត​របស់​កម្ពុជា​ ហើយ​លោក​ប្តេជ្ញា​នៅតែបន្ត​ថ្កោល​ទោស​របប​លោក​ ហ៊ុន សែន​ ដែលធ្វើបាប​ប្រជាពលរដ្ឋ​បែបនេះ​។ លោក​ព្រមាន​ថា​ ទង្វើ​របស់របបនេះ​ ​នឹងរឹតតែ​ធ្វើឲ្យកម្ពុជា​ ប្រឈម​ទណ្ឌកម្ម​បន្ថែម​ ពីសហគមន៍​អន្តរជាតិ​។

ប៉ុន្តែ ជាការឆ្លើយតប ក្រសួង​ការបរទេសកម្ពុជា អះអាងថា​កម្ពុជា​គោរពសិទ្ធិ​សេរីភាព​ប្រជា​ពលរដ្ឋ ក្នុងការ​បញ្ចេញមតិ និង​សិទ្ធិជួប​ប្រជុំគ្នា​តវ៉ា​ដោយសន្តិវិធី ដែលមាន​ធានា​ក្នុង​រដ្ឋ​ធម្មនុញ្ញ។ ប៉ុន្តែ ក្រសួងអះអាង​បន្ថែមថា សកម្មជនដែលត្រូវ​បាន​ចាប់ខ្លួន គឺបាន​ប្រើប្រាស់​សិទ្ធិទាំងនេះ ហួសព្រំដែន​កំណត់​ដោយ​ច្បាប់ ព្រោះក្រសួង​ចោទថា បាន​ផ្សព្វផ្សាយព័ត៌មាន​ឲ្យមានការស្អប់​ខ្ពើម ​ការរើសអើង​ពូជសាសន៍ និង​អំពើហិង្សា​ជាដើម។

ទោះបី​ជាក្រសួង​ការបរទេស​កម្ពុជា អះអាងថា​ចំណាត់​ការរបស់ខ្លួន ទៅលើការ​បង្ក្រាប​ក្រុមសកម្មជន​ ថាជាវិធានការ​ត្រឹមត្រូវ​តាមច្បាប់ និង​មិនរំលោភសិទ្ធិមនុស្ស​ក៏ដោយ​ ក៏របប​ក្រុងភ្នំពេញ​រងការរិះ​គន់ជុំទិស​ ពីអង្គការសង្គម​ស៊ីវិលជាតិ​ និង​អន្តរជាតិ​ រួមទាំងអ្នករាយការណ៍​ពិសេស​របស់អង្គការ​សហប្រជាជាតិ​ ទទួល​បន្ទុក​ផ្នែក​សិទ្ធិមនុស្ស​នៅកម្ពុជា​ និង​ការិ​យាល័យឧត្ដម​ស្នង​ការ​សហប្រជាជាតិ​ទ​ទួលបន្ទុក​សិទ្ធិ​ម​នុស្ស​នៅកម្ពុជាផង។

ជារឿយៗ​ រាល់ការរំលោភ​សិទ្ធិមនុស្ស​ និង​បំផ្លាញប្រជាធិបតេយ្យ​ធ្ងន់ធ្ងរនៅកម្ពុជា តែង​តែត្រូវ​បានរបបក្រុង​ភ្នំពេញ​ ចេញសេចក្តី​ថ្លែងការណ៍​ ថាជាចំណាត់ការ​ត្រឹមត្រូវ ដែល​បង្ហាញ​ថា​របបនេះ ប្រកាន់ខ្ជាប់​នូវគោលការណ៍​សិទ្ធិមនុស្ស​ ប្រជាធិបតេយ្យ និង​នីតិរដ្ឋ​។

ប៉ុន្តែ សហគមន៍​អន្តរជាតិ បន្ត​ថ្កោលទោស និង​ដាក់ទណ្ឌកម្ម​របបនេះ​ជាហូរហែ។ ជា​ឧទាហរណ៍​ សហភាពអឺរ៉ុប​ ទើបតែដកការអនុគ្រោះពន្ធ EBA ២០% ​ពីកម្ពុជា​ ក៏ដោយ​សារ​តែ​រកឃើញ​ករណី​រំលោភ​សិទ្ធិមនុស្ស​ និង​បំផ្លាញ​ប្រជាធិបតេយ្យធ្ងន់ធ្ងរ ដែល​របប​ក្រុង​ភ្នំពេញ​អះអាង​ថា​ខ្លួន​មិនបាន​រំលោភនោះ​ដែរ​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

One Response to "ក្រសួង​ការបរទេស​ ចោទសមាជិកសភា​ និង​មន្រ្តីការបរទេស​អាមេរិក​ ថាមិន​យល់ពី​សភាពការណ៍​ពិត​ និង​ច្បាប់​កម្ពុជា"

  1. Anonymous says:

    I definitely know what HUN SEN will say nothing else beside >>not reflecting the true situation in Cambodia<> Dr KEM LAY murder in this case I always mentioning HUN SEN walking naked and he still stubborn telling every one he is fully dress. I’m sorry to this ugly devil you are one million % wrong beside human nothing else stupid then you are