ប្រវត្តិ​ព្រះភិក្ខុ​ កើត​ សារ៉ាយ​ ដែល​ត្រូវរបប​ភ្នំពេញ​ចាប់​ផ្សឹក​ និង​ឃុំឃាំង​ ព្រោះ​ការតស៊ូ​មតិ

ដោយ មួង ណារ៉េត
2020-09-19
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

អាជ្ញាធរបានរារាំងក្បួនដង្ហែរបស់ព្រះសង្ឃ និង​យុវជន ដែលនាំមុខដោយព្រះភិក្ខុ កើត​ សារ៉ាយ ដែលធ្វើដំណើរទៅចូលរួមបុណ្យខួបគម្រប់បួនឆ្នាំ នៃឃាតកម្មលើបណ្ឌិត កែម ឡី (ថ្ងៃទី ១០ ខែ កក្កដា ឆ្នាំ ២០២០)

អាជ្ញាធរបានរារាំងក្បួនដង្ហែរបស់ព្រះសង្ឃ និង​យុវជន ដែលនាំមុខដោយព្រះភិក្ខុ កើត​ សារ៉ាយ ដែលធ្វើដំណើរទៅចូលរួមបុណ្យខួបគម្រប់បួនឆ្នាំ នៃឃាតកម្មលើបណ្ឌិត កែម ឡី (ថ្ងៃទី ១០ ខែ កក្កដា ឆ្នាំ ២០២០)

 Facebook របស់​ព្រះភិក្ខុ កើត សារ៉ាយ


អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ​បានចាប់ខ្លួន​ពលរដ្ឋ​ដាក់ពន្ធនាគារ​ជាបន្តបន្ទាប់​ ក្នុងរយៈពេល​ជាងមួយខែ​ចុងក្រោយ​នេះ។ ក្នុង​ចំណោម​អ្នក​ដែលត្រូវបាន​ចាប់ខ្លួន​នោះ ក៏មាន​ព្រះសង្ឃ​មួយអង្គ​ផងដែរ​ គឺ​ព្រះភិក្ខុ​ កើត​ សារ៉ាយ​ ដែល​ត្រូវ​បាន​ក្រុម​មន្ត្រី​សង្ឃ​ និង​អាជ្ញាធរ​ចាប់​ផ្សឹក​ទាំង​បង្ខំ​ ដើម្បី​យក​ព្រះអង្គ​ទៅ​ឃុំឃាំង​ក្នុង​ពន្ធនាគារ​។ តើ​ព្រះភិក្ខុ​ កើត​ សារ៉ាយ​ ជានរណា​ ហើយ​ព្រះអង្គ​មានការប្តេជ្ញា​ចិត្ត​យ៉ាង​ដូចម្តេច​ខ្លះ​ចំពោះជាតិ​?​

តំណាង​ក្រុមយុវជន​ខ្មែរថាវរៈ​ ព្រះភិក្ខុ​ កើត​ សារ៉ាយ​ ធ្លាប់​មានថេរៈដីកា​ប្រាប់​អាស៊ីសេរី​មុនពេល​ចាប់​ខ្លួន​ថា ព្រះអង្គ​បានដឹង​រួចជាស្រេចហើយថា អាជ្ញាធររបបលោក ហ៊ុន សែន ប្រាកដ​ជា​ចាប់​ព្រះកាយ​ព្រះអង្គ​ ព្រោះ​ព្រះអង្គ​នៅតែប្រកាន់​ជំហរ​ធ្វើបាតុកម្ម​ដោយ​សន្តិវិធី​ ដើម្បី​ទាមទារ​យុត្តិធម៌​សង្គម​។ ទោះ​ជាយ៉ាង​ណា​ ព្រះអង្គ​មិនភ័យ​ខ្លាចនឹង​ការ​ធ្វើ​ទុកបុកម្នេញ​នេះ​ឡើយ​ ព្រោះព្រះអង្គ​សង្កេតឃើញ​ថា ពលរដ្ឋ​ទូទៅ​ភ័យខ្លាច​លែងហ៊ាន​បញ្ចេញមតិ​រឿងជាតិ​ ហើយ​ប្រទេស​កម្ពុជា​ទាំងមូល​កំពុង​រួមរឹត​ដោយ​បញ្ហាសេដ្ឋកិច្ច​ និង​ការរំលោភ​សិទ្ធិមនុស្ស​«អាត្មាចង់​ឱ្យ​ប្រជាពលរដ្ឋ​ចេះក្លាហាន​ ចេះប្រើ​សមាសភាព​ក្នុងនាម​ជាម្ចាស់ប្រទេស​ ម្ចាស់ទឹកដី​ ត្រូវមានសិទ្ធិ​ក្នុងការបង្ហាញ​អំពីអារម្មណ៍​ និងទឹកចិត្ត​របស់ខ្លួន​ឯងទៅ​កាន់រដ្ឋាភិបាល​ ជាពិសេស​តំណាងរាស្ត្រ​ហ្នឹង​។ កត្តាទីពីរ​ អាត្មា​មើល​ឃើញ​ថា​ ស្ថានភាព​ឥលូវនេះ​ ប្រទេស​កម្ពុជា​របស់យើង​ហ្នឹងកំពុង​តែជួបវិបត្តិ​ធំៗពីរ​ហើយ​។ ទី​មួយ​ទាក់ទង​នឹង​វិបត្តិ​សេដ្ឋកិច្ច​ ហើយទីពីរ​ទាក់ទង​នឹងសិទ្ធិ​ យុត្តិធម៌​សម្រាប់​ពលរដ្ឋ​នាពេល​បច្ចុប្បន្ន​។ ដូច្នេះ​ កត្តាទាំងពីរ​ហ្នឹងហើយ​ដែលឱ្យ​អាត្មា​មើលឃើញ​ថា ​វាលែងជា​ពេលដែល​អាត្មា​គួរអង្គុយ​នៅស្ងៀម​ទៀតហើយ​»​។​

ព្រះភិក្ខុ​ កើត សារ៉ាយ​ បានចាប់ផ្តើម​លេចធ្លោ​ក្នុងការងារ​សង្គម​ តាំងពី​ចុងឆ្នាំ​ ២០១៩​ រហូតមក​។ កាលពី​ ខែ តុលា ឆ្នាំ ២០១៩ ព្រះអង្គ​បាននិមន្ត​ដោយថ្មើរ​​ជើងលើ​ចម្ងាយ​ផ្លូវជាង២​ រយគីឡូម៉ែត្រ​ (២៣០)​ ជាមួយ​ក្រុមយុវជន​មាតាធម្មជាតិ​ ពីភ្នំពេញ​ឆ្ពោះទៅ​ខេត្តព្រះសីហនុ​ ដើម្បី​ទាមទារ​ឱ្យ​អាជ្ញាធរ​រុះរើ​សំណង់​កាស៊ីណូ​ខុសច្បាប់​មួយកន្លែង​នៅលើ​កោះរ៉ុង​សន្លឹម​។ ក្រោយមក​ អំឡុង​ខែ​ឧសភា​ឆ្នាំ២០២០​ ព្រះអង្គ​បានចូលរួម​ជាមួយ​យុវជន​ និងព្រះសង្ឃ​មួយចំនួន​ទៀត​ ធ្វើកូដកម្ម​បង្អត់​អាហារ​នៅ​ទីរួមខេត្ត​បាត់ដំបង​ ដើម្បី​ស្នើសុំ​ឱ្យធនាគារ​ និង​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ ពន្យា​ពេល​សង​បំណុល​ដល់​ពលរដ្ឋ​ ដែលកំពុង​អត់ការងារធ្វើ​ និងរងគ្រោះ​ដោយសារ​តែវិបត្តិ​ជំងឺ​កូវីដ-១៩​។ ព្រះអង្គ​បាន​លេច​ព្រះភក្ត្រ​លើបណ្តាញ​សារព័ត៌មាន​ និងហ្វេសប៊ុក​ (Facebook) ជាហូរហែរ​ តាមរយៈ​ថេរៈ​ដីកា​រិះគន់​ភាព​អយុត្តិធម៌​សង្គម​ និងការតាំងចិត្ត​របស់ព្រះអង្គ​ក្នុងការងារ​សង្គម​។

ព្រះអង្គ​បានរិះ​គន់ចំៗ​ថា ប្រជាជាតិខ្មែរ​នាពេលបច្ចុប្បន្ន​ កំពុង​តែបែកបាក់​សាមគ្គីគ្នា​ និងខ្វះស្មារតី​ជាតិនិយម​រួម​ ហើយនិន្នាការ​បែបនេះ​ កំពុងធ្វើឱ្យ​ជាតិខ្មែរ​ធ្លាក់ទន់ខ្សោយ​«ខ្មែរចាប់ផ្តើម​លែង​ជឿ​ទុក​ចិត្ត​គ្នា​ ព្រោះតែការ​ប្រកាន់​បុគ្គលនិយម​ ប្រកាន់បក្ខពួក​និយម​ លែងមើលឃើញ​នូវផលប្រយោជន៍​ជាតិ​ ហើយជាតិ​នៅពេលនេះ​ ទាំងអធិបតេយ្យភាព​ត្រូវគេកំពុង​តែរំលោភ​បំពាន​បណ្តើរៗ​។ ប្រជា​ពលរដ្ឋ​រងភាពអយុត្តិធម៌​ស្រែកយំ​ពេញប្រទេស​។ កម្មករ​ ពលករ​ កសិករ​ រង​សម្ពាធ​ផ្នែកជីវភាព​សព្វបែប​សព្វ​យ៉ាង​។ អ្វីដែលអាត្មា​បារម្ភជាងគេ​នោះ នៅពេល​ដែលប្រទេស​របស់យើង​ចាប់ផ្តើម​ទន់ខ្សោយ​ ប្រទេសជិតខាង​ដែលមានប្រវត្តិសាស្ត្រ​ចង់បាន​ទឹកដី​របស់យើង​ហ្នឹង គឺ​គេនឹង​ឆ្លៀត​ឱកាស​ហើយ​»​។​

ព្រះភិក្ខុ​ កើត សារ៉ាយ​ ព្រះជន្ម២៨​ វស្សា​ មានស្រុកកំណើត​នៅភូមិ​សំរោង​ ឃុំសំរោង​ ស្រុក​សូទ្រ​និគម​ ខេត្តសៀមរាប​។ ព្រះអង្គ​មានបងប្អូន​បង្កើតចំនួន​៦ នាក់​ ស្រី៣​ ប្រុស៣​ ហើយព្រះអង្គ​ជា​កូន​ពៅ​នៅ​ក្នុងគ្រួសារ​ ដែលមាន​ឪពុកម្តាយ​ជាកសិករ​ និងលក់ដូរ​នំចំណី​បន្តិច​បន្តួច​។ ព្រះអង្គ​បានចូល​សាងផ្នួស​តាំងពីអាយុ​១៣​ ឆ្នាំ​ ហើយបើគិត​ជាសរុប​មកដល់​នឹងពេល​អាជ្ញាធរ​ចាប់ខ្លួន​ ព្រះអង្គបួស​បាន​ចំនួន​១៥​ វស្សា​។ ព្រះអង្គ​បានចូល​សិក្សា​នៅពុទ្ធិក​បឋមសិក្សា​វត្តខ្នាចរមាស​ និង​ពុទ្ធិក​វិទ្យាល័យ​អ៊ឹងធួន​ មុន​នឹង​បន្តការសិក្សា​នៅសាខាពុទ្ធិក​សាកលវិទ្យាល័យ​ព្រះសីហនុរាជ​ខេត្តបាត់ដំបង បាន​ឆ្នាំ​ទី០២​ ផ្នែក​អក្សរសាស្ត្រខ្មែរ​។​

ញោមស្រី​របស់ព្រះអង្គ​ កើត សារ៉ាយ​ គឺលោកស្រី ចាប យ៉ែម​ រៀបរាប់ថា​ ព្រះអង្គ កើត សារ៉ាយ មាន​និស្ស័យ​នឹង​ព្រះពុទ្ធសាសនា​ណាស់​ ដោយបាន​សុំឪពុកម្តាយ​ទៅបួស​តាំងពី​ក្មេង ហើយ​លោកស្រី​ និងប្តី​ក៏បានបំពេញ​បំណង​របស់កូន​។ លោកស្រី​ថា មុន​ដំបូង​ព្រះអង្គបួស​រៀននៅស្រុក​កំណើត​ ហើយក្រោយ​មកបានផ្លាស់​ទៅគង់​នៅវត្តដំរីស​ ឯក្រុងបាត់​ដំបង។ លោកស្រី​ឱ្យដឹងទៀត​ថា ព្រះអង្គ​ កើត សារ៉ាយ​ ធ្លាប់ប្រាប់​ថា ចង់បួសរៀន​ដោយមិន​កំណត់​វស្សា​នោះ​ឡើយ​។​

ឧបាសិកា​វ័យ​៧៥​ វស្សា​រូបនេះ ​មានប្រសាសន៍​ទៀតថា​ លោកស្រី​តក់ស្លុត​ជាខ្លាំង​ នៅពេល​ដឹងថា​ លោកកូន​ត្រូវអាជ្ញាធរ​ចាប់ខ្លួន​ ព្រោះ​តែឈឺឆ្អាល​ការងារ​សង្គម​ ក៏បុន្តែ​លោកស្រី​គោរពការ​សម្រេច​ចិត្ត​របស់​លោក​កូន​ កើត សារ៉ាយ​ «អារម្មណ៍​ជាម្តាយ​ មានការតក់ស្លុត​ដែរ​ ប៉ុន្តែ​ក្នុងនោះ​ក៏យើងកាត់​(ចិត្ត)​ទៅ​ ធ្វើម៉េច​ បើកូន​ត្រូវតម្រូវ​ចង់ធ្វើ​អ៊ីចុះ​ហើយ មិនដឹង​ទៅឃាត់​លោកយ៉ាង​ម៉េច​បាន​។ គ្រាន់​តែធ្វើ​នេះ​ វាត្រឹមត្រូវ​របស់លោក​ហើយ​»។​

ព្រះភិក្ខុ​ ឡុញ សុខជា​ គង់នៅវត្ត​ក្នុងរាជធានី​ភ្នំពេញ​ មានព្រះថេរៈ​ដីកាថា​ ព្រះអង្គ​បានរាប់អាន​គ្នា​ជាមួយ​ព្រះអង្គ​ កើត សារ៉ាយ​ រយៈពេល១១​ ឆ្នាំមកហើយ​។ ព្រះអង្គ​បន្ត​ថា​ ភិក្ខុអង្គ​នេះ​ មាន​ទេព​កោសល្យ​ រៀន​ឆាប់ចេះ​ឆាប់ចាំ​ និងពូកែ​វោហារ​ តែមិនសូវ​ស្តាប់យោបល់​អ្នកដទៃ​នោះទេ​ ហើយ​ក៏មិនសូវ​សង្វាត​រៀនសូត្រ​តាមមេរៀន​ដែលគ្រូដាក់​ឱ្យដែរ​។ ទោះជា​បែបនេះ​ក្តី ព្រះអង្គ​ ឡុញ​ សុខជា​ សង្កេត​ឃើញថា​ ព្រះអង្គ​ កើត​ សារ៉ាយ​ មានគំនិត​ជឿនលឿន​ មិនមែន​អភិរក្ស​និយម​​នោះ​ទេ​«លោក​មាន​គំនិត​ជឿន​លឿន​ ច្នៃប្រឌិត​ យោងតាម​ការ​សិក្សា​ ហើយ​យោងតាម​ការវិភាគ​របស់​លោក​កន្លង​មក​។ អាត្មា​សំឡឹង​មើល​ឃើញ​ថា​ លោកជា​អ្នកមាន​ភាពជឿនលឿន​ដែរ​នៅ​ក្នុង​ការវិវឌ្ឍ​ខ្លួន​ ដោយ​យកទ្រឹស្តី​ពុទ្ធសាសនា​ផ្សារភ្ជាប់នឹង​សង្គម​ សាកលភាវូបនីយកម្ម​របស់យើង​សព្វថ្ងៃ​ហ្នឹង»​។

ក្រោយពី​របបលោក​ ហ៊ុន សែន​ ចាប់ខ្លួនលោក​ រ៉ុង ឈុន​ ដាក់ពន្ធនាគារ​ កាលពី​ថ្ងៃទី៣១​ កក្កដា​នោះមក​ ក្រុមយុវជន​ខ្មែរ​ថាវរៈ​របស់​ព្រះអង្គ​ កើត សារ៉ាយ​ បានដើរតួនាទី​យ៉ាងសំខាន់​ ក្នុងការ​ធ្វើ​បាតុកម្ម​ដោយសន្តិវិធី​ សុំឱ្យ​អាជ្ញាធរ​ដោះលែង​មេសហជីព​រូបនេះ​វិញ។ ទោះជាយ៉ាង​ណា ការ​ប្រមូល​ផ្តុំ​គ្នាជាច្រើន​លើក​របស់​ក្រុមយុវជន​ និងពលរដ្ឋ​ដែលស្រឡាញ់​យុត្តិធម៌​សង្គម​នោះ ត្រូវ​បាន​ក្រុមសន្តិសុខ​សាលារាជធានី​ភ្នំពេញ​បង្ក្រាប​ឥត​លុះពេល​ រហូតឈាន​ដល់ការប្រើហិង្សា​លើក្រុម​អ្នក​តវ៉ា​ និងបៀតបៀន​កេរ្តិ៍ខ្មាស​ក្រុម​យុវតី​ផង​ដែរ​។​

ដោយសារ​មិនចង់​ឱ្យអាជ្ញាធរ​ យកលេស​រឿងការពារ​សណ្តាប់ធ្នាប់​សាធារណៈ​ដើម្បី​បំបិទ​សិទ្ធិ​ពល​រដ្ឋ​នោះ​ ក្រុម​យុវជន​ចម្រុះគ្នា​ បានផ្ញើរ​លិខិតជូន​ដំណឹង​ស្តីពី​ការធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី​ នៅទី​លាន​ប្រជាធិបតេយ្យ​ ចាប់ពីថ្ងៃ​ទី០៧​ ដល់​ថ្ងៃទី១៥​ កញ្ញា​។ ក៏ប៉ុន្តែ​ បាតុកម្ម​មិនទាន់នឹង​កើត​មាន​ផង​ ស្រាប់តែ​អាជ្ញាធរ​បាន​ចាប់​ព្រះកាយ​ព្រះអង្គ​ កើត សារ៉ាយ​ ​និងលោក​ មាន​ ព្រហ្មមុនី​ ដែល​ជា​អនុ​ប្រធាន​សមាគមសម្ពន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ ដោយ​ចោទពីបទ​ញុះញង់​។ ក្រុមមន្ត្រី​សង្ឃ​ និងអាជ្ញាធរ ​បាន​ផ្សឹក​ព្រះភិក្ខុ​ កើត សារ៉ាយ ភ្លាមៗ​ដោយបង្ខំ​ និងបញ្ជូន​ទៅឃុំខ្លួន​ក្នុងពន្ធនាគារ​ព្រៃស​។

ព្រះ​ប្រធាន​លេខាធិការដ្ឋាន​គណៈសង្ឃ​នាយក​ ព្រះតេជព្រះគុណ​ ឃឹម សន​ មានថេរៈដីកា​ថា ការផ្សឹក​នេះ​ គឺដោយសារ​ព្រះអង្គ​ កើត សារ៉ាយ​ ចចេស​មិនស្តាប់​គណៈសង្ឃ​ ហើយ​ប្រព្រឹត្ត​ខុស​វិន័យ​ត្រង់​ប្រការហាម​អ្នកបួស​ចូលរួម​ធ្វើបាតុកម្ម​។​

ផ្ទុយពី​ការអះអាង​នេះ ព្រះភិក្ខុ​ ឡុញ សុខជា​ មានថេរៈ​ដីកា​ថា​ ទង្វើបែប​នេះ​ គឺខុស​ទាំងពុទ្ធ​វិន័យ​ និង​ច្បាប់រដ្ឋ​ ហើយ​បង្ហាញ​ច្បាស់ថា​ គណៈសង្ឃ​ស្ថិតក្រោម​ឥទ្ធិពល​នយោបាយ​។ ព្រះអង្គ​ទាមទារ​ឱ្យអាជ្ញាធរ​ដោះលែង​ព្រះអង្គ​ កើត សារ៉ាយ និង​ផ្តល់នីតិសម្បទា​ជាសង្ឃ​ដល់ភិក្ខុ​អង្គនេះ​វិញ​ជា​បន្ទាន់​«ការដែល​យើងចាប់​យកព្រះសង្ឃ​ដែលកំពុង​តែមានចេតនា​ មាននិស្ស័យ​នៅក្នុង​ពុទ្ធសាសនា មិនទាន់​បានតាំងចិត្ត​លះបង់​ យក​ទៅផ្សឹក​ គឺមិនបាន​ដាច់ភេទ​ជាព្រះសង្ឃ​ទេ នៅតែ​ជាព្រះសង្ឃ​ដដែល​។ អ៊‍ីចឹង ត្រូវតែ​ផ្តល់នីតិសម្បទា​ហ្នឹងមក​វិញ ដោយសារ​តែលោកមិនមាន​ខុសវិន័យ​រហូត​ដល់​ថ្នាក់​ចាប់​ផ្សឹក​ទេ។​ លោកអត់​បាន​បរាជិកទេ ទីមួយ​។ ទីពីរ​ យោងតាម​ច្បាប់រដ្ឋ​ ក៏មិនមែន​ទោសព្រហ្មទណ្ឌ​អ្វី​ដែរ​។ មន្ត្រីសង្ឃ​ ហើយនិង​អាជ្ញាធររដ្ឋ​ត្រូវតែគោរព​ច្បាប់ដែល​ស្របតាមបទដ្ឋាន​គតិយុត្តិ​អន្តរជាតិ​ សេចក្តីប្រកាស​ជាសកល​ស្តីពីសិទ្ធិមនុស្ស​ សិទ្ធិពលរដ្ឋ​ និង​សិទ្ធិនយោបាយ​ទាំងអស់​ហ្នឹង​»​។​

បច្ចុប្បន្ន ព្រះអង្គ កើត សារ៉ាយ កំពុងជាប់ឃុំ​ក្នុងពន្ធនាគារ​ព្រៃស​ ជាមួយ​សកម្មជន​ជាច្រើន​នាក់​ផ្សេងទៀត​ ដោយ​ជាប់ចោទពី​បទញុះញង់​ បង្កឱ្យ​មានភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់សន្តិសុខ​សង្គម​ ដែល​ប្រឈម​នឹងការ​ជាប់ពន្ធនាគារ​រហូត​ដល់២​ ឆ្នាំ​។​ ព្រះភិក្ខុ​ដែលធ្លាប់​គ្រងស្បង់​ចីវរ​ចំនួន១៥​ វស្សា​រូប​នេះ​ ត្រូវអាជ្ញាធរ​បកស្បង់​ចេញ​ និងតម្រូវ​ឱ្យស្លៀក​សម្លៀក​បំពាក់​អ្នកទោស​ក្នុងពន្ធនាគារ​។​

ទោះ​ជាបែប​នេះ​ក្តី​ ព្រះអង្គ កើត សារ៉ាយ មានថេរៈ​ដីកា​ក្នុងវីដេអូ​ខ្លី​មួយ​ថា​ នៅពេល​ព្រះអង្គ​មានសេរីភាព​វិញ ព្រះអង្គ​នឹងបន្ត​ការងារ​សង្គម​ដោយមិនរួញរា​ឡើយ «ខ្ញុំមិនបានភ័យខ្លាច​ជាមួយ​នឹង​ការ​ចាប់ខ្លួននេះ​នោះទេ​ ប៉ុន្តែខ្ញុំភ័យ​ខ្លាច​ ខ្លាចពេល​ដែលមាន​ជីវិត​ ប៉ុន្តែទឹកដី​របស់ពួកយើង​ត្រូវបាន​បន្តបាត់បង់​ជាបន្តទៀត​។ សូមបងប្អូន​ខ្មែរគ្រប់គ្នា​ កុំសោកសៅ​ធ្វើអ្វី​ ទឹកភ្នែក​របស់​អ្នក​គ្រប់គ្នា​ គឺស្រក់​គ្រប់គ្រាន់​ហើយសម្រាប់​ទឹកដី​ដ៏កម្សត់​មួយនេះ​។ បើថ្ងៃនេះ​ ឬថ្ងៃស្អែក​ ខ្ញុំមានសេរីភាព​មកវិញ​ ខ្ញុំនឹង​បន្តកិច្ចការងារ​នេះដោយមិនរាថយ​ឡើយ​»។​

ព្រះអង្គ កើត សារ៉ាយ មានបណ្តាំ​ពីរយ៉ាង​ជាសំខាន់​ គឺទីមួយ​ ព្រះអង្គ​ចង់ឱ្យ​អ្នកនយោបាយ​បញ្ឈប់​ការទាញ​យុវជន​មកភ្ជាប់​នឹងនិន្នាការ​នយោបាយ​របស់ខ្លួន​ រហូត​ដល់ធ្វើឱ្យពួកគេ​ភ័យខ្លាច​មិនហ៊ាន​ចូលរួម​ដោះស្រាយ​បញ្ហាជាតិ​។ ទីពីរ ព្រះអង្គ​ផ្តាំផ្ញើរ​ដល់ពលរដ្ឋខ្មែរ​ទូទៅ កុំបោះបង់ចោល​ការតស៊ូ​ដើម្បី​យុត្តិធម៌សង្គម​ និងត្រូវធ្វើខ្លួន​ជាពលរដ្ឋ​សកម្ម​ ដើម្បីរួមចំណែក​ទទួលខុស​ត្រូវលើ​ជោគវាសនា​របស់ជាតិ​។ ព្រះអង្គសង្កត់​ធ្ងន់​ថា​ កម្ពុជា​ជាប្រទេស​របស់ពលរដ្ឋខ្មែរ​គ្រប់រូប​ ដូច្នេះ​មិនអាច​ឱ្យជនណា​ម្នាក់មកធ្វើ​ជាម្ចាស់​ប្រទេស​ ឬដឹងខុសត្រូវ​តែម្នាក់ឯង​នោះឡើយ​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

One Response to "ប្រវត្តិ​ព្រះភិក្ខុ​ កើត​ សារ៉ាយ​ ដែល​ត្រូវរបប​ភ្នំពេញ​ចាប់​ផ្សឹក​ និង​ឃុំឃាំង​ ព្រោះ​ការតស៊ូ​មតិ"

  1. Anonymous says:

    CABODIAN word is KAM this word is truly alive in the dark side is you believing in buddha.