សមាជិក​បក្ស​ប្រឆាំង លោក គង់ ម៉ាស់ ថា អាជ្ញាធរ​ខេត្ត​ស្វាយរៀង​ឃ្លាំមើល​លោក​ជា​ប្រចាំ

ដោយ យន់ សាមៀន
2020-09-19
RFA

ស្ដាប់ ឬទាញយកសំឡេង
ស្តាប់សំឡេងថតសំឡេង

លោក គង់ ម៉ាស់ សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ មុន​ពេល​តុលាការ​សម្រេច​រំលាយ​គណបក្ស​នេះ នៅ​ថ្ងៃ​ទី១៦ ខែ​វិច្ឆិកា ឆ្នាំ២០១៧។

លោក គង់ ម៉ាស់ សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ មុន​ពេល​តុលាការ​សម្រេច​រំលាយ​គណបក្ស​នេះ នៅ​ថ្ងៃ​ទី១៦ ខែ​វិច្ឆិកា ឆ្នាំ២០១៧។

 រូប៖ ហ្វេសប៊ុក


សមាជិក​បក្ស​ប្រឆាំង ​លោក គង់ ម៉ាស់ ដែល​ទើប​ដោះ​លែង​ពី​ពន្ធនាគារ ​អះអាង​ថា អាជ្ញាធរ​ខេត្ត​ស្វាយរៀង បាន​បន្ត​តាម​ឃ្លាំមើល សកម្មភាព​របស់​លោក ទោះ​បី​លោក​បាន​បញ្ចប់​ទោស​ក្នុង​ពន្ធនាគារ​ហើយ​ក៏​ដោយ។ លោក​ គង់ ម៉ាស់​ និង​មន្ត្រី​សង្គម​ស៊ីវិល ចាត់​ទុក​ទង្វើ​របស់​អាជ្ញាធរ​ថា ជា​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​របស់​លោក។

​សមាជិក​ក្រុម​ការងារ​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​ស្វាយរៀង ​លោក​ គង់ ​ម៉ាស់ ​ប្រាប់​អាស៊ី​សេរី​ថា អាជ្ញាធរ​តាម​មូលដ្ឋាន​ក្នុង​ខេត្ត​ស្វាយរៀង​ តែងតែ​ជិះ​ម៉ូតូ​តាមដាន​ និង​ថតរូប​លោក ​នៅ​ពេល​លោក ​ជួបជុំ​បងប្អូន​ មិត្តភក្តិ​ និង​ក្រុម​គ្រួសារ​ជាដើម។ លោក ​បន្ត​ថា​ សូម្បីតែ​ក្នុង​ពេល​បុណ្យភ្ជុំបិណ្ឌ ​លោក​ទៅ​លេង​ផ្ទះ​ឪពុកបង្កើត​របស់​លោក​ដែល​ជា​​ជំទប់​ទី១ មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា ​នៅ​ឃុំ​កំពង់​ត្រាច​ ស្រុក​រមាសហែក ​ក៏​មាន​ប្រជាការពារ​ភូមិ​ និង​ប៉ូលិស​ប៉ុស្តិ៍ ​តាម​ឃ្លាំមើល​លោក​ដែរ ​រហូត​ដល់​ឪពុក​របស់​លោក ​ទើស​ចិត្ត​ទ្រាំ​មិនបាន ក៏​​ស្តី​បន្ទោស​អ្នក​តាមដាន​ទាំង​នោះ​ទៀត​ផង៖ «គេ​តាម​គ្រប់​ជំហាន ទាំង​ការ​ដែល​យើង​ចុះ​ទៅ​ជួប​បង​ប្អូន​ហូប​ញាំ​ជប់លៀង គាត់​ធ្វើ​កម្មវិធី​ឲ្យ​ខ្ញុំ​ចេញ​ពី​ពន្ធនាគារ​ព្រៃ​ស គឺ​បង​ប្អូន​គាត់​នឹក​ស្រឡាញ់​ដូច្នេះ​គេ​ធ្វើ កម្មវិធី​ហូប​ចុក ដូច្នេះ​កម្មវិធី​ដែល​យើង​ធ្វើ​ម្ហូប​អាហារ​ញាំ​ជុំ​គ្នា គឺ​ប៉ូលិស​តាម​យើង​ដល់ៗ កន្លែង​ តាម​​ឃ្លាំ​មើល​យើង​គ្រប់​ពេល​វេលា។ ជា​ពិសេស នៅ​ពេល​ដែល​ខ្ញុំ​ចុះ​មក​ខេត្ត​ពេល​ភ្ជុំបិណ្ឌ ខ្ញុំ​បាន​ទៅ​លែង​ផ្ទះ​ម៉ែ​ក្មេង​នៅ​ភូមិ​ដូង និង​ធ្វើ​បាន​ទៅ​ធ្វើ​បុណ្យ​នៅ​វត្ត​ដូង ក៏​មាន​មេ​ភូមិ​ក្រវែល​ពេញ​មុខ​ផ្ទះ​រហូត​ដល់​គំរាម​ម្ដាយ​ក្មេង​ខ្ញុំ កុំ​ឲ្យ​រាប់​ខ្ញុំ​អ្នក​ទើប​ចេញ​ពី​គុក និង​កុំ​ឲ្យ​ទទួល​ខ្ញុំ​ស្នាក់​នៅ ក្នុង​ផ្ទះ​ហើយ​គំរាម​គាត់​ថា បើ​សិន​ជា​មាន​បញ្ហា​អី​គេ​អត់​ទទួល​ខុស​ត្រូវ​ផ្ទះ​នេះ​ទេ»

សមាជិក​បក្ស​ប្រឆាំង​រូប​នេះ​ បន្ត​ថា​ ទង្វើ​របស់​អាជ្ញាធរ​នេះ ​គឺ​ជា​ការ​រំលោភ​សិទ្ធិ​ឯកជន​របស់​លោក​ធ្ងន់ធ្ងរ ​និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សតិ​អារម្មណ៍​របស់​លោក។ លោក ​ស្នើសុំ​ឲ្យ​អាជ្ញាធរ​បញ្ឈប់​ទង្វើ​នេះ​ ជា​បន្ទាន់ ​ព្រោះ​លោក ​មិនមែន​ជា​ជន​ល្មើស​នោះ​ទេ៖ «ខ្ញុំ​គិត​ថា នេះ​គឺ​ជា​ការ​រឹត​បន្តឹង​សេរីភាព​របស់​ខ្ញុំ​ដែល​ខ្ញុំ​ជា​អតីត​អ្នក​ទោស​នយោបាយ ដែល​ទើប​ចេញ​ពី​ពន្ធនាគារ​ដែល​យើង​បាន​អនុវត្ត​ទោស​បាន​រួច​រាល់​ហើយ។ គិត​ថា ចេញ​មក​វិញ​នេះ​គេ​មិន​ហ៊ាន​ទេ បែរ​ជា​កាន់​តែ​ខ្លាំង​ឡើង គឺ​តាម​គ្រប់​ជំហាន​តែ​ម្ដង»

អាស៊ី​សេរី​ មិន​អាច​សុំ​ការ​ឆ្លើយ​តប​រឿង​នេះ​ពី​ស្នងការ​នគរ​ខេត្ត​ស្វាយរៀង​ លោក ​កឹង​ ឃន​ និង​អភិបាល​ខេត្ត​ស្វាយរៀង ​លោក ម៉ែន វិបុល ​បានទេ ​ដោយ​ទូរស័ព្ទ​របស់​លោក​មិន​អាច​ទាក់ទង​បាន។ចំណែក​អ្នក​នាំ​ពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ ​លោក ឆាយ គឹម​ខឿន ​មិន​ទទួល​ទូរស័ព្ទ នៅ​ថ្ងៃ​ទី១៩ កញ្ញា។

អ្នក​សម្រប​សម្រួល​អង្គការ​លីកាដូ​ប្រចាំ​ខេត្ត​ស្វាយរៀង​ លោក នុត បូពិណ្ណារត្ន័ មានប្រសាសន៍ថា សកម្មភាព​តាម​ដាន​របស់​អាជ្ញាធរ​នេះ គឺ​ជា​ការ​រំលោភ​ទៅ​លើ​សិទ្ធិ​បុគ្គល និង​សិទ្ធិរស់រាន​មានជីវិត របស់​មនុស្ស។ លោក ​ពិនិត្យ​ឃើញ​ថា ​មិនមែន​តែ​លោក ​គង់ ​ម៉ាស់ ម្នាក់​នោះ​ទេ ពោល​គឺ​សកម្មជន​បក្ស​ប្រឆាំង​ដទៃ​ទៀត រួម​ទាំង​ក្រុម គ្រួសារ​របស់​សកម្មជន​ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ព្រៃស​ផង សុទ្ធតែ​ត្រូវ​បាន​អាជ្ញាធរ​ក្នុង​ខេត្ត​ស្វាយរៀង​ ឃ្លាំមើល​យ៉ាង​ដិត​ដល់​បំផុត។ លោក នុត បូពិណ្ណារត្ន័ ​ឲ្យ​ដឹង​ថា ​លោក ​ក៏​បាន​រាយ​ការណ៍​អំពី​ករណី​ទាំង​នេះ​ជូន​ឯកអគ្គរដ្ឋទូត​អាមេរិក​កាលពី​ពេល​ថ្មីៗ នេះ​ដែរ៖ «ចំពោះ​លោក គង់ ម៉ាស់ នេះ ខ្ញុំ​ជឿ​ថា គាត់​លំបាក​ហើយ​ដោយសារ​អី ដោយសារ​ថា​ទោះ​បី​ជា​គាត់​ទទួល​ទោស​ព្រហ្មទណ្ឌ​តាម​ផ្លូវ​ច្បាប់​ហើយ​ក្តី  ក៏​គេ​នៅ​តែ​មិន ទុកចិត្ត និង​នៅ​តែ​តាម​ឃ្លាំមើល ធ្វើ​ឲ្យ​យើង​ភិតភ័យ​ចង់​រកស៊ី​ក៏​មិន​កើត​ហាក់ ដូចជា​រស់​មិន​ចំ​រស់ ដែល​និយាយ​មែនទែន​ទៅ​ពិបាក​ណាស់។ ត្រង់​នេះ​ហើយ​ដែល​យើង​និយាយ​ថា ប៉ះពាល់​ដល់​សិទ្ធិ​សេរីភាព​ប្រជាពលរដ្ឋ​យ៉ាង​ធ្ងន់ធ្ងរ បើ​យើង​យក​រដ្ឋធម្មនុញ្ញ​មក​និយាយ យក​កតិកាសញ្ញា​ស្តីពី​សិទ្ធិមនុស្ស ដែល​កម្ពុជា​ចុះ​ហត្ថលេខី​ហើយ​ហ្នឹង តែ​មក​ដល់​ពេល​នេះ​យើង​បាត់ បង់​អស់​ចង់​ពាក់​កណ្តាល​ហើយ ដោយសារ​តែ​មិន​គោរព​តាម»

សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ លោក គង់ ម៉ាស់ ត្រូវ​បាន​អាជ្ញាធរ​ដោះលែង​ចេញពី​ពន្ធនាគារ​ខេត្ត​ស្វាយ​រៀង កាល​ពី​ព្រលប់​ថ្ងៃ​ទី៤ ខែសីហា ក្រោយពី​លោក ​បាន​អនុវត្ត​ទោស​ក្នុង​ពន្ធនាគារ​ព្រៃ​ស ចំនួន ១៨ខែ ​និង ១៥ថ្ងៃ ​ហើយនិង​បញ្ជូន​មក​ជាប់​ពន្ធនាគារ​ខេត្ត​ស្វាយរៀង​មួយ​យប់​ចុងក្រោយ​ទៀត។

លោក​ជាប់​ទោស ២ករណី គឺ​ទី១ សាលា​ដំបូង​រាជធានី​ភ្នំពេញ ផ្ដន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ ១៨ខែ ពី​បទ​ប្រមាថ និង​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ៍ តាម​បណ្ដឹង​របស់​អគ្គស្នងការ​នគរបាល​ជាតិ លោក នេត សាវឿន។ ចំណែក​ករណី​ទី២ តុលាការ​ខេត្ត​ស្វាយ​រៀង​បាន​កាត់​ទោស​លោក​ឱ្យ​ជាប់​ពន្ធនាគារ ១៥ថ្ងៃ ពី​បទ​បរិហារកេរ្តិ៍ និង​ញុះញង់​ឱ្យ​ពលរដ្ឋ​ស្អប់​អ្នក​រាជការ​សាធារណៈ តាម​បណ្ដឹង​របស់​អតីត​អភិបាល​ស្រុក​រមាសហែក លោក ពេញ ជា។ សំណុំ​រឿង​ប្រឆាំង​លោក គង់ ម៉ាស់ នេះ​ ​កើត​ឡើង​ក្រោយ​ពេល​លោក​បង្ហោះ​សារ​លើ​ហ្វេសប៊ុក​ (Facebook) ទាក់​ទង​នឹង​យុទ្ធនាការ​ម្រាម​ដៃ​ស្អាត​មុន​ការ​បោះ​ឆ្នោត​ឆ្នាំ២០១៨ និង​មតិ​​រិះគន់​ជុំវិញ​ការ​ដឹក​នាំ​បែប​អសកម្ម​របស់​រដ្ឋាភិបាល និង​មន្ត្រី​របប​លោក ហ៊ុន សែន។ ក្រុម​អង្គការ​ជាតិ និង​អន្តរជាតិ បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​ជា​បន្ត​បន្ទាប់​ថា លោក ​គង់ ​ម៉ាស់​ គ្មាន​កំហុស​អ្វី​ឡើយ ​ហើយ​ការ​ចោទ​ប្រកាន់​នេះ​ធ្វើ​ឡើង​ដោយ​គ្មាន​មូលដ្ឋាន ​និង​មាន​ចរិត​នយោបាយ​សុទ្ធសាធ៕


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

One Response to "សមាជិក​បក្ស​ប្រឆាំង លោក គង់ ម៉ាស់ ថា អាជ្ញាធរ​ខេត្ត​ស្វាយរៀង​ឃ្លាំមើល​លោក​ជា​ប្រចាំ"

  1. Anonymous says:

    sorry guy we are over sea knew that it is not going to stay like this forever