ពលរដ្ឋ​រង​គ្រោះ​ដីធ្លី​នៅ​ក្នុង​ខេត្ត​កោះ​កុង​ស្វាគមន៍​សហរដ្ឋ​អាមេរិក​​ដែល​ដាក់​ទណ្ឌកម្ម​​ក្រុម​ហ៊ុន​ចិន​ UDG

ដោយ ហេង រស្មី
2020-09-22
RFA

ពិធី​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង សហប្រតិបត្តិការ​រវាង​ក្រុមហ៊ុន យូញៀន គ្រុប និង​វិទ្យាស្ថាន​ទេសចរណ៍ និង​វិជ្ជាជីវៈ​ខេត្ត​យូណាន។ ខេត្ត​កោះកុង ថ្ងៃ​ទី​៩ ខែ​មិថុនា ឆ្នាំ ២០១៨។

ពិធី​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង សហប្រតិបត្តិការ​រវាង​ក្រុមហ៊ុន យូញៀន គ្រុប និង​វិទ្យាស្ថាន​ទេសចរណ៍ និង​វិជ្ជាជីវៈ​ខេត្ត​យូណាន។ ខេត្ត​កោះកុង ថ្ងៃ​ទី​៩ ខែ​មិថុនា ឆ្នាំ ២០១៨។ រូបថត​ពី​ហ្វេសប៊ុក​របស់​ក្រសួង​ទេសចរណ៍


ពលរដ្ឋ​រង​គ្រោះ​ដីធ្លី​នៅ​ក្នុង​ខេត្ត​កោះ​កុង​ស្វាគមន៍​សហរដ្ឋ​អាមេរិក​ ដាក់​ទណ្ឌកម្ម​ក្រុម​ហ៊ុន​ចិន​មួយ​ឈ្មោះ យូ ឌីជី (UDG) ដែល​ពាក់ព័ន្ធ​នឹង​ការរំលោភ​សិទ្ធិ​មនុស្ស​ក្នុង​គម្រោង​វិនិយោគ​នៅ​កម្ពុជា។ក្រសួង​រតនាគារ​អាមេរិក​ថា ចិន បាន​ប្រើប្រាស់​គម្រោង​របស់​ក្រុមហ៊ុន​នេះ​នៅ​កម្ពុជា ដើម្បី​ពង្រីក​មហិច្ឆតា​របស់​ខ្លួន​ក្នុង​ការពង្រីក​អំណាច​របស់​ចិន​នៅ​លើ​សាកលលោក។

ប្រជាពលរដ្ឋ​ភាគ​ច្រើន​ដែល​រង​គ្រោះ​ដោយ​សារ​គម្រោង​វិនិយោគ​ដ៏ ធំ​មួយ​របស់​ប្រទេស​ចិន​នៅ​ស្រុក​បុទុមសាគរ និង​ស្រុក​គីរីសាគរ​ខេត្ត​កោះ​កុង បាន​នាំ​គ្នា​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ចំពោះ​ប្រទេស​សហរដ្ឋ​អាមេរិក​បាន​ប្រកាស​ដាក់​ទណ្ឌកម្ម​ កាល​ពី​ពេល​ថ្មីៗ នេះ​ទៅ​លើ​ក្រុមហ៊ុន យូឌីជី (UDG)។

ក្រសួង​រតនាគារ​សហរដ្ឋអាមេរិក​បាន​អះអាង​ថា ប្រទេស​ចិន​បាន​ប្រើប្រាស់​គម្រោង​របស់​ក្រុមហ៊ុន​ UDG​នៅ​កម្ពុជា ដើម្បី​ជំរុញ​មហិច្ឆតា​ឆ្ពោះ​ទៅ​រក​គម្រោង កាន់​កាប់​អំណាច​នៅ​ទូទាំង​ពិភពលោក​។សហរដ្ឋ​អាមេរិក​បាន​ដាក់​ទណ្ឌកម្ម​សហគ្រាស​ចិន​នៅ​កម្ពុជា​ក្រោម​ច្បាប់ ក្លូបល មែកនីតស្គី អ៊ែកធ៍ (Global Magnitsky) ដែល​ត្រូវ​បាន​ចុះ​ហត្ថលេខា​ដោយ​ប្រធានាធិបតី ដូណាល់ ត្រាំ កាល​ពី​ឆ្នាំ ​២០១៧។

ទណ្ឌកម្ម​នេះ​សំដៅ​ទៅ​លើ ការ​ហាម​ឃាត់​រាល់​សកម្មភាព​របស់​បុគ្គល​ណា​មួយ ដែល​មាន​ភាគ​ហ៊ុន​ចំនួន ៥០% ឬ​ក៏​ច្រើន​ជាង​នេះ​ មិន​ឲ្យ​ចូល​មក​កាន់​ទឹក​ដី​សហរដ្ឋ​អាមេរិក ឬ​ក៏​ស្នាក់​នៅ​សហរដ្ឋ​អាមេរិក និង​ត្រូវ​បាន​រារាំង រាល់​ប្រតិបត្តិការ​របស់​បុគ្គល​នោះ ហើយ​ត្រូវ​តែ​រាយការណ៍​ទៅ​ការិយាល័យ​ត្រួត​ពិនិត្យ​ទ្រព្យ​សម្បត្តិ​បរទេស ដែល​ហៅ​កាត់​ថា អូ អេហ្វ អេ ស៊ី (OFAC)។

អ្នក​រង​គ្រោះ​ជម្លោះ​ដីធ្លី​លោក​ស្រី​ សាំង ពុយ​ បញ្ជាក់ថា​ ក្រុម​គ្រួសារ​លោក​ស្រី​ បាន​បាត់​បង់​ដី​ចំនួន​២៥ហិកតារ​ នៅ​ភូមិ​ព្រែក​ស្មាច់​ ឃុំ​កោះ​ស្តេច ខេត្ត​កោះ​កុង​ដោយ​សារ​តែ​ក្រុម​ ហ៊ុន​UDG​ រំលោក​យក។ លោក​ស្រី​ថា​​ទណ្ឌកម្ម​ពីសហរដ្ឋ​អាមេរិក​នេះ​គឺ​ជា​សញ្ញា​ល្អ​មួយ​សម្រាប់​ពលរដ្ឋ​ដែល​រង​គ្រោះ​ដោយ​សារ​ការ​បាត់​បង់​ដីធ្លី​មាន​កម្លាំង​ចិត្ត​ តស៊ូ​ទាម​ទារ​ដីធ្លី​តទៅ​ទៀត និង​ជា​ការ​ដាក់​សម្ពាធ​មួយ​ទៀត​ដល់​ក្រុម​ហ៊ុន​ចិន​កុំ​អោយ​ធ្វើ​អ្វី​ៗ​តាម​តែ​អំពើ​ចិត្ត​នៅ​ពេល​ដែល​ បាន​ត្រូវ​រ៉ូវ​គ្នា​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​នោះ៖ «ខ្ញុំ​ឃើញ​ថា​ ឥឡូវ​អាមេរិក​បាន​ដាក់​ទណ្ឌកម្ម​ហើយ​ គាត់​បាន​ដាក់​ទណ្ឌកម្ម​មក​លើ​ក្រុម​ហ៊ុន​ UDG ហើយ។ បង​ក៏​ស្រប​ទៅ​តាម​ហ្នឹង​ដែរ​ ហើយ​ក៏​អរគុណ​ដែរ​គាត់​បាន​ ស្ដាប់​ព័ត៌មាន​គាត់​ឈរ​នៅ​ខាង​ប្រជាជន​ ខ្មែរ​យើង​អ៊ីចឹង។ បង​ក៏​អរគុណ​ដែរ​ច៎ា។ តែ​ការ​ដាក់​ទណ្ឌកម្ម​ហ្នឹង​ បង​នៅ​តែ​ឃ្លាំ​មើល​ បង​នៅ​តែ​ចាំ​មើល​ថា​ តើ​គេ​កែ​លំអ​ ខ្លួន​ទេ​ ដោយ​សារ​តែ​ទណ្ឌកម្ម​សារ​ហ្នឹង​ច៎ា»។

ប្រតិកម្ម​របស់​ពលរដ្ឋ​នេះ​កើត​ឡើង​ដោយសារ​តែ អាមេរិក​រក​ឃើញ​ថា សាធារណរដ្ឋ​ប្រជាមានិត​ចិន បាន​ប្រើប្រាស់​គម្រោង​របស់​ក្រុមហ៊ុន UDG ​នៅ​កម្ពុជា ដើម្បី​ពង្រីក​មហិច្ឆតា​របស់​ខ្លួន​ក្នុង​ការពង្រីក​អំណាច​របស់​ចិន។

បើ​តាម​របាយការណ៍ ​សហរដ្ឋ​អាមេរិក​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​នេះ​បាន​ចុះ​បញ្ជី​ក្លែង​បន្លំ​បោកប្រាស់​ថា​ជា​ក្រុមហ៊ុន​មាន​សញ្ជាតិ​កម្ពុជា ដើម្បី​ទទួល​បាន​ដី​សម្បទាន​ដល់ទៅ ៣៦.០០០​ហិកតារ ក្នុង​នោះ​បាន​បណ្ដាល​ឲ្យ​ពលរដ្ឋ​កម្ពុជា​ជាច្រើន​នាក់​ត្រូវ​រងគ្រោះ​ដោយសារ​ការ​បណ្ដេញ​ចេញ​ពី​ដីធ្លី​របស់​ពួកគេ​ដោយ​បង្ខំ ការបំផ្លាញ​បរិស្ថាន និង​ផល​ប៉ះពាល់​ដល់​ជីវភាព​រស់​នៅ​របស់​សហគមន៍​មូលដ្ឋាន។

ក្រសួង​រតនាគារ​អាមេរិក​ថែមទាំង​ព្រមាន​ពី​លទ្ធភាព​នៃ​វត្តមាន​យោធា​ចិន​ជា​អចិន្ត្រៃយ៍​នៅ​លើ​ទឹកដី​កម្ពុជា​តាម​រយៈ​គម្រោង​អភិវឌ្ឍន៍​នោះ​ថែម​ទៀត។

បច្ចុប្បន្ន​នេះ​នៅ​មាន​ប្រជាពលរដ្ឋ​ប្រមាណ​ជាង ២០០គ្រួសារ​ទៀត​ ស្ថិត​នៅ​ក្នុង​ឃុំ​ចំនួន ៥ ដែល​រួម​ឃុំ​ ព្រែក​ខ្សាច់​ ឃុំ​កោះ​ស្ដេច ឃុំ​ភ្ញីមាស និង​ឃុំ​តា​នួន មិន​ទាន់​ចាក​ចេញ​ពី​លំនៅឋាន​នៅ​ឡើយ​។ពួកគេ​បាន​បន្ត​ការ​តវ៉ា​រក​ដំណោះ​ស្រាយ​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ។

លោក​ស្រី ទិត្យ សេន រស់​នៅ​ភូមិ ភ្ញីមាស ឃុំ​ភ្ញីមាស​ ស្រុក​គីរីសាគរ ខេត្ត​កោះកុង មាន​ប្រសាសន៍​ថា លោក​ស្រី​ ព្រម​ទាំង​ក្រុម​គ្រួសារ​សាច់ញាតិ​ ទាំង​អស់​មាន​ដី​ប្រមាណ​ជាង ៦០ហិកតារ ក្រុមហ៊ុន UDG មិន​បាន​ផ្ដល់​សំណង​ទេ។ លោក​ស្រី​ថា ការ​ដាក់​ទណ្ឌកម្ម​ពី​សហរដ្ឋ​អាមេរិក នេះ​នឹង​ធ្វើ​ឱ្យ​ក្រុមហ៊ុន​ចិន​មួយ​នេះ​ផ្លាស់​ប្ដូរ ឥរិយា បទ​របស់​ខ្លួន​ ហើយ​ងាក​មក​ចរចា ជាមួយ​ប្រជាពលរដ្ឋ​ដោយ​សន្តិវិធី៖ «យើង​គិត​ថា ពិភព​លោក​ជា​ប្រទេស​មហា​អំណាច​មួយ​គាត់ ក៏​ប្រហែល​ជា​គាត់​ធ្វើ​បាន។ យើង​សង្ឃឹម​ថា គាត់​ប្រហែល​ជា​ធ្វើ​បាន។ មីង​ក៏​សប្បាយ​ចិត្ត​ដែរ ដោយ​សារ​បាន​គាត់​ធ្វើ​អ៊ីចឹង បាន​ម៉ីង​ ក៏​សប្បាយ​ចិត្ត​ ដោយ​សារ​តែ​ឈរ​ខាង​ប្រជាពលរដ្ឋ​យើង។ ប៉ុន្តែ​មិន​ដឹង​គេ​រឹត​យើង​យ៉ាង​ណា​ទៅ​ទៀត​ ពលរដ្ឋ​យើង​សាមញ្ញ​ តូច​តាច»។

ទាក់​ទិន​នឹង​បញ្ហា​នេះ​ អ្នក​សម្របសម្រួល​អង្គការ​លីកាដូ​ខេត្ត​កោះកុង លោក ហួរ អ៊ីន បាន​ប្រសាសន៍​ថា គម្រោង​អភិវឌ្ឍន៍​របស់​ក្រុម​ហ៊ុន​ចិន​នេះ បាន​រំលោភ​សិទ្ធិមនុស្ស​ ដោយ​សារ​ការ​បណ្ដេញ​ពលរដ្ឋ​ចេញ​ពី​ផ្ទះ​សម្បែង​ដោយ​បង្ខំ​។លោក​បន្ថែម​ថា របាយការណ៍​របស់​សហរដ្ឋ​អាមេរិក​ដែល​បង្ហាញ​ថា ក្រុមហ៊ុន UDG រំលោភ​សិទ្ធិមនុស្ស​នោះ ពិត​ជា​រឿង​ត្រឹមត្រូវ៖ «ខ្ញុំ​យល់​ថា នៅ​ក្នុង​របាយការណ៍​ដែល​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ ទៅ​លើ​ក្រុមហ៊ុន​ UDG ហ្នឹង​ គឺ​មួយ​ចំណុច​ដែល​គេ​បាន​ចែង​អំពី​ការ​រំលោភ​សិទ្ធិមនុស្ស ដូច​ជា ការ​រំលោភ​ដី​ធ្លី​របស់​ពលរដ្ឋ។ នៅ​ក្នុង​ចំណុច​ហ្នឹង​គឺ​ក្រុមហ៊ុន UDG ពិត​ជា​បាន​រំលោភ​ដី​ធ្លី​របស់​ពលរដ្ឋ​ ដោយ​មិន​មាន​ការ​ដោះ​ស្រាយ​មែន​ ហើយ​ប្រជាពលរដ្ឋ​ យើង​ឃើញ​ហើយ​នៅ​តែ​ឡើង​តវ៉ា​ ទាំង​នៅ​ក្នុង​ខេត្ត​ ក៏​ដូច​ជា​ឡើង​ទៅ​ភ្នំពេញ​ គឺ​មាន​ជា​ហូរហែ មិន​ទាន់​បញ្ឈប់​ទេ​ ដោយ​សារ​តែ​មិន​ទាន់​មាន​ការ​ដោះ​ស្រាយ»។

ក្រុមហ៊ុន​ UDG ​ទទួល​បាន​ដី​សម្បទាន​ចំនួន ៣៦.០០០​ហិកតារ កាល​ពី​ឆ្នាំ២០០៨ សម្រាប់​ជួល​រយៈ​ពេល ៩៩ឆ្នាំ ដើម្បី​អភិវឌ្ឍ​ នៅ​ក្នុង​ស្រុក​ចំនួន​ពីរ​ គឺ​ស្រុក​បទុម​សាគរ​ និង​គីរីសាគរ ខេត្ត​កោះកុង។ គម្រោង​អភិវឌ្ឍន៍​នេះ បា​ន​ធ្វើ​អោយ​ប្រជាពលរដ្ឋ​ប្រមាណ​ជាង ១ពាន់​គ្រួសារ ត្រូវ​បាន​បណ្ដេញ​ចេញ​ដោយ​បង្ខំ​ពី​លំនៅឋាន។

ប្រជាពលរដ្ឋ​ដែល​នៅ​សេស​សល់​ប្រមាណ​ជាង ២០០​គ្រួសារ​បាន​ឡើង​មក​តវ៉ា​នៅ​ទីក្រុង​ភ្នំពេញ​ និង​ទី​រួម​ខេត្ត​កោះកុង ដើម្បី​រក​ដំណោះ​ស្រាយ​ឱ្យ​បាន​សមរម្យ ទៅ​តាម​តម្លៃ​ទី​ផ្សារ​ ដែល​តម្រូវ​ក្រុម​ហ៊ុន​ និង​រដ្ឋាភិបាល​កម្ពុជា​ រក​ដោះ​ស្រាយ​ទៅ​តាម​អ្វី​ដែក​ពលរដ្ឋ​រង​គ្រោះ​ចង់​បាន​ទេ។​

ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ កាល​ពី​ថ្ងៃ​ទី១១ កុម្ភៈ ឆ្នាំ២០២០ របស់​ក្រសួង​រៀបចំ​ដែន​ដី​ បាន​ឲ្យ​ដឹង​ថា គណៈកម្មការ​អន្តរក្រសួង​បាន​ដោះស្រាយ​ ដោយ ១គ្រួសារ​ទទួល​បាន​ដី​លំនៅឋាន​ទំហំ​៥០ម៉ែត្រ​ គុណ ១០០ម៉ែត្រ ផ្ទះ​ឈើ​មួយ​ខ្នង និង​ថវិកា​ពី ៣៥០ដុល្លារ ទៅ ១ម៉ឺន​ដុល្លារ​ រួម​ទាំង​ដី​ចម្ការ​ទំហំ​ចាប់​ពី ១ហិកតារ ទៅ ៦ហិកតារ​ ទៅតាម​ទំហំ​ដី​តូច ឬ​ធំ​ដែល​ពួកគេ​ធ្លាប់​កាន់​កាប់។

ពលរដ្ឋ​រង​គ្រោះ​លោក​ស្រី សាំង ពុយ អះអាង​ថា លោក​ស្រី​ក៏​ដូច​ជា​អ្នក​ដែល​មក​តវ៉ា​កាល​ពី​ពេល​ថ្មីៗ នេះ​ដែរ គឺ​ដើម្បី​ទាមទារ​ដីស្រែ​ និង​ដី​ចម្ការ​បន្ថែម​ដែល​នៅ​សេស​សល់​ប៉ុណ្ណោះ ដោយសារ​ការ​ដោះ​ស្រាយ​កន្លង​មក​នោះ​ ប្រជាពលរដ្ឋ​ខ្លះ​ទទួល​បាន​ដី​ចម្ការ ២ហិកតារ ថវិកា ១.៧០០​ដុល្លារ និង​ដី​លំនៅឋាន ៥០ម៉ែត្រ គុណ​នឹង ១០០ម៉ែត្រ​ប៉ុណ្ណោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

2 Responses to "ពលរដ្ឋ​រង​គ្រោះ​ដីធ្លី​នៅ​ក្នុង​ខេត្ត​កោះ​កុង​ស្វាគមន៍​សហរដ្ឋ​អាមេរិក​​ដែល​ដាក់​ទណ្ឌកម្ម​​ក្រុម​ហ៊ុន​ចិន​ UDG"

  1. Anonymous says:

    that will be another anger from AH .KVAK >>HUN NAL call HUN SEN next name CHHOUP SAMLAP . soon you will see how AH KVAK going to do

  2. so socheath says:

    ជុន ច័ន្ទបុត្រ ហែកទម្លាយអាថ៌កំបាំងកិច្ចការផ្ទៃក្នុងមេរបស់ខ្លួនគឺលោក សម ប៉ូលី ប្រធានវិទ្យុអាស៊ីសេរីថា «មិនចេះដឹកនាំការងារព័ត៌មាន
    ក្នុងជំនួបរយៈពេលជាង២ម៉ោង លោក ជុន ច័ន្ទបុត្រ អនុប្រធានវិទ្យុអាស៊ីសេរី បានហែកទម្លាយអាថ៌កំបាំងកិច្ចការផ្ទៃក្នុងមេរបស់ខ្លួននោះគឺលោក លោក សម ប៉ូលី ប្រធានវិទ្យុអាស៊ីសេរី ប្រាប់ដល់លោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេទ័ពជើងគោក ដែលជាកូនប្រុសច្បងរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។
    នៅក្នុងជំនួបនោះ លោក ជុន ច័ន្ទបុត្រ បានគាស់កកាយផ្ទៃក្នុងរបស់វិទ្យុអាស៊ីសេរី ប្រាប់ដល់លោកបណ្ឌិត ហ៊ុន ម៉ាណែត ដោយបញ្ជាក់ថា លោកត្រូវបានមេធំវិទ្យុអាស៊ីសេរី បិទសិទ្ធិសេរីភាព ក្នុងការឆ្លើយឆ្លងជាសាធារណៈនោះទេ ហើយទទួលរងសម្ពាធជាច្រើនផងដែរ។ បន្ទាប់ពីនេះលោកចាប់ផ្តើមបើកកកាយអាថ៌កំបាំងផ្ទៃក្នុងរបស់លោក សម ប៉ូលី ប្រធានវិទ្យុអាស៊ីសេរី ដែលជាមេកើយរបស់ខ្លួន។
    ជំនួបរវាងលោក ជុន ច័ន្ទបុត្រ និងលោក ហ៊ុន ម៉ាណែត ដែលបានធ្វើឡើងយ៉ាងសម្ងាត់ កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧ នៅភោជនីដ្ឋានមួយ នារាជធានីភ្នំពេញ អំឡុងពេលលោក ជុន ច័ន្ទបុត្រ មកកាន់កម្ពុជា ដើម្បីបំពេញបេសកកម្មរយៈពេល៣ខែ។
    បើតាមលោក ជុន ច័ន្ទបុត្រ, លោក សម ប៉ូលី គឺជាអ្នកកាន់ការងារគ្រប់គ្រងការងាររដ្ឋបាលវិទ្យុអាស៊ីសេរី មិនចេះដឹកនាំអ្នកសារព័ត៌មានវិទ្យុអាស៊ីសេរីទេ។ លោកជាអ្នកចេញគោលការណ៍ និងផ្តល់នូវធាតុចូលសំខាន់ៗមួយចំនួន។
    លោក ជុន ច័ន្ទបុត្រ បាននិយាយថា៖ «គាត់ជាប្រធាន ! ជាប្រធានប៉ុន្តែមកកាន់ខាងរដ្ឋបាល
    ( Admin ) ជាង ពីព្រោះគាត់អត់សូវយល់ពីកាសែតទេ»។ នៅពេលដែល លោក ហ៊ុន ម៉ាណែត សួរថា តើគាត់មានសិទ្ធិក្នុងការរៀបចំវិទ្យុអាស៊ីសេរីទេ? លោក ជុន ច័ន្ទបុត្រ បាននិយាយថា (Of course) ជាមេពិតប្រាកដនៅក្នុងសេវាកម្ម( Service) ហ្នឹង ។ គឺថា មានការបញ្ចូល( Input )
    ហានិភ័យខ្ពស់( High risk) ភាគច្រើន ។ ចំណេកការបាញ់ (Firing) មិនមានទេ ។
    ការបាញ់ (Firing )គឺទៅតាមគោលការណ៍របស់អាស៊ីសេរី..។
    អញ្ចឹងទៅគេមាននាយកដ្ឋាន( Department )ខាងធនធានមនុស្ស( Human resource) ។
    យើងមានសិទ្ធិក្នុងការសម្ភាសន៍បុគ្គលិកចូលរួមសកម្ម»។
    ជាមួយគ្នានេះនៅក្នុងជំនួបដ៏សម្ងាត់នេះ លោក ជុន ច័ន្ទបុត្រ ក៏បានប្រាប់លោក ហ៊ុន ម៉ាណែត អំពីកិច្ចការផ្ទៃក្នុងមួយចំនួនរបស់វិទ្យុអាស៊ីសេរី។
    លោក ជុន ច័ន្ទបុត្រ បានបន្តថា៖ «ប្រសិនបើក្មួយយល់ពីពូហើយ ថាតើយើងអាចសហការបែបណាបាន? ប្រើសិនបើក្មួយបានលឺ វិចារណកថា(Editorial) មេធំ ខាំ(Biting) មកពូ នៅពេលហ្នឹង បានក្មួយអាចទទួលយកបាន ។ ពូសឹងតែលួចថតឱ្យក្មួយស្តាប់ ។ថ្ងៃណាក៏ដោយ យើងអាចជជែកគ្នាថាតើ មាន រឿងដំណោះស្រាយ (Solution story )អីខ្លះ ដែលក្មួយយល់ថា ជាព័ត៌មានវិជ្ជមានមកខាងរដ្ឋាភិបាលយើងត្រូវការអាហ្នឹង»។
    សូមបញ្ជាក់ថា នៅក្នុងជំនួបនោះលោក ជុន ច័ន្ទបុត្រ បានស្នើសុំលោក ហ៊ុន ម៉ាណែត ការពារសុវត្ថិភាពលោកផងដែរ ខណៈដែលលោកបានស្នើសុំ លោក ម៉ៅ សុផាន់ មេបញ្ជាការកងពលតូចលេខ៧០ ការពារលោក ដោយខ្លាចក្រុម CIA បាញ់សម្លាប់ផងដែរ៕