ស្ត្រី​​ដែល​​ធ្លាប់​​រង​​អំពើ​​ហិង្សា​​ពី​​អាជ្ញាធរ​ រក​​អន្តរា​គមន៍​​ពី​​ក្រសួង​កិច្ចការ​នារី​​

តុលាការ និងច្បាប់ | ព័ត៌មានជាតិ | សិទ្ធិមនុស្ស
កញ្ញា ខាន់ លក្ខិណា |០៩ តុលា ២០២០ |ម៉ោង ១៦:២៩
VOD

ក្រុមស្ត្រីជាភរិយានិងសាច់ញាតិរបស់អតីតសកម្មជនបក្សសង្គ្រោះជាតិដែលត្រូបានតុលាការឃុំខ្លួន បានមកតវ៉ានិងយកញត្តិមកដាក់នៅក្រសួងកិច្ចការនារី នៅព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០។ (ហ៊ី ឆាយ)

ក្រុមស្ត្រីជាភរិយានិងសាច់ញាតិរបស់អតីតសកម្មជនបក្សសង្គ្រោះជាតិដែលត្រូបានតុលាការឃុំខ្លួន បានមកតវ៉ានិងយកញត្តិមកដាក់នៅក្រសួងកិច្ចការនារី នៅព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០។ (ហ៊ី ឆាយ)


ស្ត្រីជា​ភរិយា​និង​សាច់ញាតិ​អតីត​សកម្មជន​បក្ស​ប្រឆាំង ស្នើ​ក្រសួងកិច្ចការនារី ជួយ​អន្តរាគមន៍​ទៅ​អាជ្ញាធរ​បញ្ឈប់​ការប្រើ​អំពើ​ហិង្សា​ទៅលើ​ពួក​គាត់ នៅពេល​ដែល​ពួក​គាត់​ចេញ​តវ៉ា​ទាមទារ​ឱ្យ​ដោះលែង​ស្វាមី។

ការ​ស្នើ​នេះបាន​ធ្វើឡើង​ខណៈ​ដែល​ស្ត្រីជាភរិយា កូន​ៗ និង​សាច់ញាតិ​របស់​អតីត​សកម្មជន​បក្ស​ប្រឆាំង​ជិត១០នាក់ បាន​នាំ​គ្នា​យក​ញតិ្ត​ទៅ​ដាក់​នៅ​ក្រសួង​កិច្ច​ការនារី នៅ​ថ្ងៃសុក្រ​នេះ។ 

អ្នកស្រី សេង ចាន់​ថន ភរិយា​លោក ស៊ុន ធន់ អតីត​សកម្មជន​បក្ស​ប្រឆាំង​ដែល​ធ្លាប់​ត្រូវ​សន្តិសុខ​ខណ្ឌ៧មករាចាប់​បោក​ដួល​លើ​ថ្នល់ និយាយ​ថា កន្លងមក ពួក​គាត់​ជា​ស្ត្រី ត្រូវ​បាន​អា​ជា្ញ​ធរចាប់​អូស រុញច្រាន និង​ប្រើប្រាស់​អំពើ​ហិង្សា​គ្រប់រូប​ភាព ប៉ុន្តែ​ក្រសួងកិច្ចការនារីដែល​ជា​ស្ថាប័ន​ជួយ​ស្ត្រី បែរជា​នៅ​ស្ងៀមស្ងាត់​ទៅវិញ។ 

អ្នកស្រី​បន្ត​ថា ពួក​គាត់​ចង់ឱ្យ​ក្រសួង​ជួយ​អន្តរាគមន៍​ទៅ​អាជ្ញាធរនិង​ស្ថាប័ន​ពាក់ព័ន្ធ ឱ្យ​បញ្ឈប់​ការប្រើ​ប្រាស់​ហិង្សា​លើ​ពួក​គាត់​ទៀត។

លោក​ថា៖ «ក្នុងនាម​ខ្ញុំ​ជា​ស្ត្រី ពួក​ខ្ញុំ​ត្រូវ​រត់រក​ពួក​គាត់​ [ក្រសួងកិច្ចការនារី​] ដើម្បី​ឱ្យ​ពួក​គាត់​ដោះស្រាយ​បញ្ហា​ឱ្យ​ពួក​ខ្ញុំដែល​ត្រូវ​គេ​ធ្វើបាប គ្រាន់តែ​មក​ទាមទារ​តវ៉ា គេ​ចាប់​បោក គេ​វាយ គេ​ច្រាន គេ​ធ្វើបាប​អ៊ីចឹង សូម​ឱ្យ​ពួក​គាត់​ជួយ​រក​ដំណោះស្រាយ​ឱ្យ​ពួក​ខ្ញុំ​ដែល​ជា​ស្ត្រី ព្រោះ​ក្រសួងកិច្ចការនារី​ដោះស្រាយ​ឱ្យ​នារី​និង​ស្ត្រី​ទូទៅ​នៅ​ស្រុកខ្មែរ»។ 

អ្នកស្រី ព្រំ ចន្ថា ជា​ស្ត្រី​ម្នាក់ទៀត​ដែល​ចូលរួម​ការ​ប្រមូល​ផ្តុំ បាន​លើកឡើង​ថា កន្លងមក ក្រសួងកិច្ចការនារី បាន​ជួយ​ដោះស្រាយ​បញ្ហា​ស្ត្រីជា​ច្រើន ដែល​ករណីនេះ អ្នកស្រី​ស្នើ​ឱ្យ​ក្រសួង​ជួយ​រក​យុត្តិធម៌​ដល់​ពួក​គាត់​ដែល​ជា​ស្ត្រី​ផង​ដែរ ខណៈ​ពួក​គាត់​ម្នា​ក់ៗ​បាន​បាត់​ស្វាមី​ដែល​ជា​បង្គោល​គ្រួសារក្នុង​ការ​រកចំណូល​ដោះស្រាយ​បញ្ហា​ជីវភាព​ប្រចាំថ្ងៃ។

អ្នកស្រី​ថា៖ «ស្ត្រី​ធម្មតា ​តែ​ខ្វះ​ប្ដី ខ្វះ​មេ​គ្រួសារ វា​លំបាក​ហើយ អ៊ីចឹង​ជួយ​ជំរុញ​ឱ្យ​ដោះលែង​មកវិញ​មក គាត់​ប្រជុំ​គ្នា​ទៅ ធ្វើ​ម៉េច​ៗទាំង​ក្រសួងកិច្ចការនារី និង​ក្រសួង​យុត្តិធម៌។ អ៊ីចឹង​ប្រទេស​មួយ​អត់មាន​យុត្តិធម៌​ផង ​ធ្វើ​ម៉េច! ហើយ​កិច្ចការ​នារី​ក៏ដោយ​ ត្រូវ​មាន​ដំណោះស្រាយ​ឱ្យ​ពួក​ខ្ញុំ»។

កាលពី​ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០ ស្ត្រី​ទាំងនោះបាន​តវ៉ា​នៅមុខ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ទាមទារ​ឱ្យ​តុលាការ​ដោះលែង​ស្វាមី​របស់​ពួក​គាត់ ជា​អតីតមន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ឱ្យ​មាន​សេរីភាព​វិញ។ ក្នុង​ការ​តវ៉ា​នោះ មានការ​រុញច្រាន​ពី​កម្លាំង​សន្តិសុខ​ខណ្ឌ បណ្តាល​ឱ្យ​ស្ត្រី​ម្នាក់ឈ្មោះ សេង ចាន់​ថន ដួល​បោក​ទៅលើ​ថ្នល់ ​រង​របួស ត្រូវ​បញ្ជូន​ទៅ​មន្ទីរពេទ្យ។

អនុរដ្ឋ​លេខាធិការ​ក្រសួងកិច្ចការនារី លោក ម៉ី ហ៊ុល បាន​ចេញ​មក​ទទួល​ញត្តិ​របស់​ក្រុម​ស្ត្រី ដោយ​ថា លោកនឹង​បញ្ជូន​ញត្តិ​នេះ​ទៅ​មន្ត្រី​ជំនាញ​ពិនិត្យមើល។

អនុរដ្ឋ​លេខាធិការ​ក្រសួងកិច្ចការនារី លោក ម៉ី ហ៊ុល បាន​ចេញ​មក​ទទួល​ញត្តិ​របស់​ក្រុម​ស្ត្រីជាភរិយានិងសាច់ញាតិរបស់អតីតសកម្មជនបក្សសង្គ្រោះជាតិដែលត្រូបានតុលាការឃុំខ្លួន ពេលដែលពួកគេមកតវ៉ានិងយកញត្តិមកដាក់នៅក្រសួងកិច្ចការនារី នៅព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០។ (ហ៊ី ឆាយ)

លោក​ថា៖ «ខ្ញុំ​ក៏​តាមដាន​ដែរ រឿង​ហ្នឹង​វា​ដល់ណា​ហើយ ឆ្លើយ​ទៅ​គេ​យ៉ាងម៉េច ដោះស្រាយ​យ៉ាងម៉េច ព្រោះ​ខ្ញុំ​ទទួល​ក៏​ខ្ញុំ​តាមដាន​ដែរ មិនមែន​ទទួលយក​ទៅ​បោះចោល​ទេ ព្រោះ​គាត់​តេ​សួរ​ខ្ញុំ​ដែរ»។ 

នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លី​កាដូ លោក អំ សំអាត ជំរុញ​ឱ្យ​ក្រសួង​ពិនិត្យនិង​ដោះស្រាយ​បញ្ហា​ទាំងអស់​នេះ ដើម្បី​លុបបំបាត់​អំពើ​ហិង្សា​លើ​ស្ត្រី​បន្ត​ទៀត។

លោក​ថា៖ «ប៉ុន្មាន​ថ្ងៃខាងមុខ​នេះ គឺ​មាន​យុទ្ធនាការ​លុបបំបាត់​អំពើ​ហិង្សា​លើ​ស្ត្រីនិង​កុមារ ហើយ​ក្រសួង​ក៏​មាន​យុទ្ធនាការ​ដែរ អ៊ីចឹង​បញ្ហា​ដែល​កើតឡើង​ជា​អំពើ​ហិង្សា​លើ​ស្ត្រី អាហ្នឹង​យើង​គួរតែ​លុបបំបាត់ ព្រោះ​វិធី​សា​ស្ត្រដោះស្រាយ​វា​មិនមែន​តែ​ទៅលើ​ការប្រើ​ប្រាស់​អំពើ​ហិង្សា​ទេ វា​មាន​វិធីសាស្ត្រ​ច្រើន​ក្នុង​ការ​ដោះស្រាយ។ បើសិនជា​នៅតែ​បន្ត​មានអំពើ​ហិង្សា​ ទោះជា​រូបភាព​ណាក៏ដោយ វា​មិនសូវ​ជា​ល្អមើល»។

ចាប់តាំងពី​ខែមិថុនា​មក ក្រុម​ស្ត្រី​ដែល​ជា​ភរិយានិង​សាច់ញាតិ​របស់​អតីត​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ បាន​នាំគ្នា​ដាក់​ញត្តិ​ទៅ​បណ្ដា​ស្ថានទូត​នានា​ក្នុង​រាជធានី​ភ្នំពេញ និង​បាន​ធ្វើ​យុទ្ធនាការ​ប្រមូល​ផ្តុំ​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញរៀងរាល់ថ្ងៃ​សុក្រ ដើម្បី​សុំ​កិច្ច​អន្តរាគមន៍និង​ទាមទារ​ឱ្យ​តុលាការ​ដោះលែង​ស្វាមី​របស់​ពួក​គេ​វិញ​៕


ស្ត្រី​​ម្នាក់​​ប្ដឹង​​សន្តិ​សុខ​​ខណ្ឌ​៧​មករា​ ករណី​​ចាប់​​រុញ​​រូប​​គាត់​​ដួល​​បោក​​ទៅ​លើ​​ថ្នល់​

ស្ត្រី​ម្នាក់​ដែល​ជា​សាច់ញាតិ​សកម្មជន​បក្ស​ប្រឆាំង បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃសុក្រ​នេះ ដោយ​ប្តឹង​សន្តិសុខ​ខណ្ឌ៧មករា​ម្នាក់ ថា​បាន​ប្រើ​ហិង្សា​រុញច្រាន​គាត់​ដួល​បោក​ទៅលើ​ផ្លូវថ្នល់។


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

One Response to "ស្ត្រី​​ដែល​​ធ្លាប់​​រង​​អំពើ​​ហិង្សា​​ពី​​អាជ្ញាធរ​ រក​​អន្តរា​គមន៍​​ពី​​ក្រសួង​កិច្ចការ​នារី​​"

  1. Anonymous says:

    Remember ‘ you never get justice from this veitcong puppet regime because they are hanoi dogs’

Leave a Reply

Submit Comment