រដ្ឋាភិបាល​កម្ពុជា នៅ​មិន​ទាន់​ដាក់​លិខិត​ទៅ​រដ្ឋាភិបាល​ថៃ ករណី​សណ្ឋាគារ​ថៃ​មួយ ចម្លង​រចនាបថ​តាម​ប្រាសាទ​បុរាណ​ខ្មែរ

ដោយ ជាតិ ចំណាន
2020-10-14
RFA

សណ្ឋាគារ ឡឺ ប៉ាលេ អូតែល (Le Palais Hotel) ចម្លង​រចនាបថ​ប្រាសាទ​បុរាណ​ខ្មែរ

សណ្ឋាគារ ឡឺ ប៉ាលេ អូតែល (Le Palais Hotel) ចម្លង​រចនាបថ​ប្រាសាទ​បុរាណ​ខ្មែរ

 screenshot


រដ្ឋាភិបាល​កម្ពុជា ​នៅ​មិន​ទាន់​កំណត់​ពេល​ជាក់​លាក់​នៅ​ក្នុង​ការ​ដាក់​លិខិត​ទៅ​រដ្ឋាភិបាល​ថៃ ដើម្បី​ស្នើសុំ​បំភ្លឺ​ករណី​​សណ្ឋាគារ​មួយ​នៅ​ប្រទេស​ថៃ​ដែល​សាងសង់​ឡើយ​ដោយ​ចម្លង​តាម​ក្បាច់​រចនា​នៃ​ប្រាសាទ​បុរាណ​ខ្មែរ​នៅ​ឡើយ​ទេ។ ពលរដ្ឋ និង​មន្ត្រី​សង្គម​ស៊ីវិល ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ពន្លឿន​វិធានការ​នេះ​ឲ្យ​បាន​ឆាប់ ព្រោះ​ពលរដ្ឋ​ខ្មែរ ចាត់​ទុក​ថា ទង្វើ​របស់​ម្ចាស់​សណ្ឋាគារ​នោះ គឺ​ជា​ប្រមាថ​ដល់​អត្តសញ្ញា​ជាតិ​ខ្មែរ។

អ្នក​នាំ​ពាក្យ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ លោក ឡុង បុណ្ណា ស៊ីរីវត្ថ អះអាង​​ប្រាប់​អាស៊ី​សេរី​យ៉ាង​ខ្លី​នៅ​ថ្ងៃ​ទី១៣ តុលា​នេះ​ថា អន្តរ​ក្រសួង​កម្ពុជា ​កំពុង​បន្ត​ធ្វើ​ការ​សិក្សា​តាម​ផ្លូវ​ច្បាប់​និង​ឯកសារ​ពាក់ព័ន្ធ​នានា ហើយ​នៅ​មិន​ទាន់​អាច​កំណត់​ពេល​វេលា​ក្នុង​ការ​ដាក់​លិខិត​ទៅ​រដ្ឋាភិបាល​ថៃ​នៅ​ឡើយ​ទេ​ ជុំវិញ​សណ្ឋាគារ​ ឡឺ ផាលេស (Le Palais Hotel) ចម្លង​តាម​រចនាបថ​ប្រាសាទ​បុរាណ​ខ្មែរ​។ លោក មិន​បញ្ជាក់​ថា ការ​សិក្សា​ផ្លូវ​ច្បាប់​នឹង​បញ្ចប់​នៅ​ពេល​ណា​នោះ​ទេ ហើយ​លោក​បាន​ផ្តាច់​ទូរស័ព្ទ មិន​ឆ្លើយ​តប​អ្វី​ទៀត​នោះ​ទេ៖ «អត់​ទេ កំពុង​ធ្វើ​ការងារ​ហ្នឹង កំពុង​មើល​ច្បាប់​មើល​អី​ឲ្យ​ស្រួលបួល អត់​អី​ទេ កុំ​អាល​ទុក​ឲ្យ​យើង​ធ្វើ​ការងារ​សិន​ទៅ​ណា​ប្អូន​ណា បាន​ទេ​ប្អូន? »

អ្នក​នាំ​ពាក្យ​ក្រសួង​វប្បធម៌​រូប​នេះ ​ធ្លាប់​បាន​អះអាង​​ថា​ ការ​សាងសង់​សណ្ឋាគារ ឡឺ ផាលេស (Le Palais Hotel) ដែល​ចម្លង​តាម​ប្រាសាទ​បុរាណ​ខ្មែរ គឺ​មិន​បាន​សុំ​ការ​អនុញ្ញាត​ជា​មុន​នោះ​ទេ ប៉ុន្តែ​លោក​យល់​ថា ការ​សាងសង់​នេះ គឺ​ជា​ផ្នែក​មួយ​នៃ​ការ​ចូល​រួម​ជួយ​ផ្សព្វផ្សាយ​ លើក​តម្លៃ​នៃ​បេតិកភណ្ឌ​របស់​ពិភពលោក​ ដែល​ប្រទេស​ទាំង​អស់​ក្នុង​ពិភពលោក​អាច​ចូល​រួម​ផ្សព្វផ្សាយ​ និង​លើក​តម្កើង​បាន។​

អាជ្ញាធរ​ជំនាញ​កម្ពុជា បាន​ប្រកាស​ពី​គម្រោង​ដាក់​សំណើ​សុំ​បំភ្លឺ​ពី​ភាគ​ថៃ​នេះ​ជិត​ពីរ​សប្ដាហ៍​មក​ហើយ។

ទាក់ទង​នឹង​រឿង​នេះ​ ពលរដ្ឋ​ខ្មែរ​ម្នាក់​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ ​ប្រាប់​អាស៊ី​សេរី​ថា លោក​មិន​យល់​ស្រប​នូវ​អ្វី​ដែល​មន្ត្រី​រដ្ឋាភិបាល​អះអាង​ថា​ការ​ចម្លង​រចនាបថ​ប្រាសាទ​បុរាណ​ខ្មែរ​នេះ​គឺ​ ជា​ការ​ចូល​រួម​ជួយ​ផ្សព្វផ្សាយ​ លើក​តម្លៃ​នៃ​បេតិកភណ្ឌ​របស់​ពិភពលោក​ ដែល​សណ្ឋាគារ​មួយ​នៅ​ប្រទេស​ថៃ​កំពុង​តែ​ធ្វើ​នោះ​ទេ។ លោក​យល់​ថា គ្មាន​ប្រទេស​ណា​មួយ​នឹង​អនុញ្ញាត​ឲ្យ​ប្រទេស​ដទៃ​យក​អត្តសញ្ញាណ​របស់​ជាតិ​ខ្លួន​ទៅ​ជាន់​ឈ្លី​ ហើយ​បក​ស្រាយ​ថា​ចូលរួម​ជួយ​ផ្សព្វ​ផ្សាយ​នោះ​ទេ។ ពលរដ្ឋ​រូប​នេះ ចាត់​ទុក​ប្រាសាទ​អង្គរវត្ត និង​ប្រាសាទ​បុរាណ​របស់​ខ្មែរ គឺ​ជា​ទី​សក្ការ និង​ជា​អត្តសញ្ញាណ​មួយ​ដែល​បង្ហាញ​អំពី​វប្បធម៌​នៃ​ជាតិសាសន៍​មួយ​ដ៏​រឹងមាំ​ ដូច្នេះ​ការ​ដែល​ម្ចាស់​សណ្ឋាគារ ឡឺ ផាលេស (Le Palais Hotel) យក​ប្រាសាទ​បុរាណ​ដែល​ពលរដ្ឋ​ខ្មែរ​គ្រប់​ជំនាន់​គោរព​ និង​លើក​តម្កើង​ ទៅ​ធ្វើ​ជា​ទី​កន្លែង​កម្សាន្ត​សប្បាយ​ ដូច​ជា​បា​ ភោជនីយដ្ឋាន​ បន្ទប់​ដេក​ និង​រហូត​ប្រើ​រូប​ចម្លាក់​អប្សរា​ដាក់​ក្នុង​បន្ទប់​ទឹក​ជា​ដើម​ នោះ ​គឺ​ការ​ប្រមាថ និង​ជា​រឿង​មិន​ត្រឹម​ត្រូវ​នោះ​ទេ។

សណ្ឋាគារ ឡឺ ផាលេស (Le Palais Hotel) សាងសង់​ចម្លង​តាម​រចនាបថ​ប្រាសាទ​អង្គរវត្ត​ ប្រាសាទ​បន្ទាយស្រី​ និង​ប្រាសាទ​បាយ័ន។ សណ្ឋាគារ​នេះ ស្ថិត​នៅ​លើ​កោះ​ផាង៉ាន នៃ​ខេត្ត​សុរ៉ាតថានី​ (Surat Thani) មាន​ចំងាយ​ ប្រមាណ​ជាង ៦០០​គីឡួ​ម៉ែត្រ​ពី​ក្រុង​បាងកក។

​កន្លង​ទៅ​ថ្មីៗ នេះ ​សណ្ឋាគារ​ ឡឺផាលេស (Le Palais Hotel) ចេញ​លិខិត​សុំ​ទោស​ជា​ចំហ​តាម​បណ្ដាញ​សង្គម​របស់​សណ្ឋាគារ​នេះ​ បន្ទាប់​ពី​អ្នកលេង​អ៊ីនធឹណេត​នៅ​កម្ពុជា​ ខឹង​សម្បារ​ និង​ខក​ចិត្ត​ ដោយ​យល់​ថា ជា​ទង្វើ​មិន​សមរម្យ។ ក្នុង​លិខិត​សុំ​ទោស​នោះ ​សណ្ឋាគារ​ ឡឹ ផាលេស ហូថែល​​ បាន​សុំ​ទោស​ពលរដ្ឋ​កម្ពុជា​ និង​សោក​ស្ដាយ ដែល​បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​កម្ពុជា​ខក​ចិត្ត​ ហើយ​សណ្ឋាគារ​នេះ​បញ្ជាក់​ថា​ ចេតនា​នៃ​ការ​ចម្លង​ប្រាសាទ​បុរាណ​ខ្មែរ​ នោះ​គឺ​ដោយ​សារ​តែ​ការ​ស្ងើច​សរសើរ​និង​គោរព​ចំពោះ​សិល្បៈ​ដ៏​អស្ចារ្យ​នៃ​ប្រាសាទ​បុរាណ​ខ្មែរ​ប៉ុណ្ណោះ។

នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍​ និង​សន្តិភាព​ លោក​ យង់ ​គីមអេង ថ្លែង​ថា ​​វិធាន​ការ​ជាក់​លាក់​របស់​រដ្ឋាភិបាល​ចំពោះ​ការ​ចម្លង​ប្រាសាទ​បុរាណ​ខ្មែរ​ទៅ​ជា​សណ្ឋាគារ​នោះ​ត្រូវ​តែ​ធ្វើ​ឡើង​ឲ្យ​បាន​ឆាប់។ លោក ​ស្នើ​ឲ្យ​រដ្ឋាភិបាល​បង្ហាញ​ជា​សាធារណៈ​និង​ពន្លឿន​ការ​សួរ​ដេញដោល​ឬ​វិធាន​ការ​ទាំង​ឡាយ​ទាក់​ទង​នឹង​ករណី​នេះ​ ឲ្យ​បាន​ឆាប់​ ជា​ជាង​ទុក​អូស​បន្លាយ​ពេល​វេលា​។​ លោក យល់​ថា​ ពលរដ្ឋ​កម្ពុជា​ភាគច្រើន ​កំពុង​រង់ចាំ​មើល​វិធាន​ការ​របស់​រដ្ឋាភិបាល​ចំពោះ​ករណី​នេះ៖ «ការ​ដែល​អត់​មាន​ប្រតិកម្ម​ពី​អាជ្ញាធរ​យើង​ក៏​មាន​ការ​ងឿងឆ្ងល់​ដែរ តើ​អ្វី​ជា​ការ​ទាមទារ​ឲ្យ​មាន​ពី​ខាង​អ្នក​ដែល​ធ្វើ​នោះ ត្រូវ​តែ​ឆ្លើយ​តប​យ៉ាង​ម៉េច ហើយ​រឿង​ទី២ ទៀត គឺ​យើង​ឃើញ​ហើយ កន្លង​មក​អ្នក​ដែល​គាត់​ធ្វើ​នោះ​គាត់​សុំ​ទោស​អីចឹង​ណា ថា តើ​តម្រូវ​ឲ្យ​គាត់​ធ្វើ​ម៉េចឲ្យ​គាត់​រុះរើ ឲ្យ​គាត់​កែច្នៃ​របស់​គាត់ ឬ​ក៏​យ៉ាងម៉េច ឬ​ក៏​ថា គាត់​ត្រូវ​តែ​បើ​សិន​គាត់​ធ្វើ​អ៊ីចឹង​ហើយ ត្រូវ​តែ​ធ្វើ​ម្តង​ទៀត​តាម​ស្តង់ដារ​ដោយ​ត្រូវ​តែ​បង់​សិទ្ធិ​អី​ត្រូវ​ចំណាយ។ កម្ពុជា​ទាមទារ​សំណង​យ៉ាង​ម៉េច​បើ​គាត់​មិន​ព្រម​រុះរើ។ យើង​ជា​ប្រជាពលរដ្ឋ​ចង់​ដឹង​ចង់​លឺ​រឿង​ហ្នឹង​ដែរ​បាទ»

សាស្ត្រាចារ្យ​ ផ្នែក​សិលា​ចារឹក និង​ប្រវត្តិសាស្ត្រ​ខ្មែរ-អាស៊ី​អាគ្នេហយ៍ នៅ​សាកលវិទ្យាល័យ​​ភូមិន្ទ​ភ្នំពេញ បណ្ឌិត​ វង់​ សុធារ៉ា សរសេរ​បង្ហោះ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក (Facebook) របស់​លោក​ថ្មីៗ នេះ​ថា នៅ​ពេល​ដែល​ប្រាសាទ​អង្គរវត្ត ដែល​ជា​ជម្រក​អទិទេព និង​ជា​អត្តសញ្ញាណ​ជាតិ​ខ្មែរ ត្រូវ​គេ​​យក​ទៅ​ចម្លង​​ដើម្បី​គោល​ដៅ​ធ្វើ​ជំនួញ​ដោយ​ប្រាស​ចាក​ពី​ខ្លឹមសារ​គោល​គំនិត​​ដើម​បែប​នេះ «វា​ជា​ការ​ប្រមាថ​ដល់​ព្រលឹង​ដូនតា​ខ្មែរ និង​ប្រជាជាតិ​ខ្មែរ ដែល​គោរព​លើក​តម្កើង​យ៉ាង​ខ្លាំង»។ លោក ស្នើ ​ឲ្យ​រដ្ឋាភិបាល​ថៃ​អន្តរាគមន៍​រឿង​ដោយ​យុត្តិធម៌ ​ ប្រសិន​បើ​ថៃ​ពិត​ជា​អារ្យប្រទេស​មួយ​ ​ដែល​ចេះ​ស្រឡាញ់​និង​លើក​តម្កើង​អត្ត​សញ្ញាណ​របស់​ជាតិ​ខ្លួន​ដែរ​នោះ​  បើ​ពុំ​នោះ​ទេ​ ​ជម្លោះ​ជាតិ​សាសន៍​ និង​សម្អប់​ជាតិ​សាសន៍​ពិត​ជា​ពិបាក​ជៀស​វាង​ណាស់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

One Response to "រដ្ឋាភិបាល​កម្ពុជា នៅ​មិន​ទាន់​ដាក់​លិខិត​ទៅ​រដ្ឋាភិបាល​ថៃ ករណី​សណ្ឋាគារ​ថៃ​មួយ ចម្លង​រចនាបថ​តាម​ប្រាសាទ​បុរាណ​ខ្មែរ"

  1. Anonymous says:

    HASS…. Thailand wanted to share whit Vietnam also

Leave a Reply

Submit Comment