អ្នក​សង្កេតការណ៍​ថា កម្ពុជា​ត្រូវ​ពង្រឹង​ផ្ទៃក្នុង​ជាង​ពឹង​មហាអំណាច ដើម្បី​រក្សា​អធិបតេយ្យ​ជាតិ

ដោយ ខែ សុណង
2020-10-14
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក វ៉ាង វិនធាន (Wang Wentian) (ឆ្វេង) ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​កម្ពុជា​លោក និង​លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស ក្នុង​ពិធី​​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​ស្តី​ពី​គម្រោង «កិច្ច​សហ​ប្រតិបត្តិការ​មេគង្គ-ឡានឆាន ឆ្នាំ២០២០» ដែល​​ប្រទេស​ចិន​ជួយ ៧លាន​ដុល្លារ​ដល់​កម្ពុជា នៅ​ថ្ងៃ​ទី២៣ ខែមិថុនា ឆ្នាំ២០២០​។

លោក វ៉ាង វិនធាន (Wang Wentian) (ឆ្វេង) ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​កម្ពុជា​លោក និង​លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស ក្នុង​ពិធី​​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​ស្តី​ពី​គម្រោង «កិច្ច​សហ​ប្រតិបត្តិការ​មេគង្គ-ឡានឆាន ឆ្នាំ២០២០» ដែល​​ប្រទេស​ចិន​ជួយ ៧លាន​ដុល្លារ​ដល់​កម្ពុជា នៅ​ថ្ងៃ​ទី២៣ ខែមិថុនា ឆ្នាំ២០២០​។

 រូប៖ ក្រសួង​ការបរទេស


កំពូល​មហា​អំណាច​ទាំង​ពីរ គឺ​សហរដ្ឋ​អាមេរិក និង​ចិន កំពុង​ប្រជែង​ឥទ្ធិពល​គ្នា​យ៉ាង​ស្រួច​ស្រាល់​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វីក។ ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់​បាន​បង្ហាញ​ជំហរ​គាំទ្រ​សហរដ្ឋ​អាមេរិក និង​ខ្លះ​ទៀត​គាំទ្រ​ប្រទេស​ចិន។ ដោយ​ឡែក កម្ពុជា​ដែល​មាន​គោល​នយោបាយ​អព្យាក្រឹត​ ត្រូវ​បាន​ក្រុម​អ្នក​សង្កេតការណ៍​វាយ​តម្លៃ​ថា កំពុង​លម្អៀង​កាន់​តែ​ខ្លាំង​ទៅ​រក​ក្រុង​ប៉េកាំង និង​បង្កើត​ភាព​រកាំរកូស​ច្រើន​ជាមួយ​សហរដ្ឋ​អាមេរិក។ ទោះ​ជា​បែប​នេះ​ក្ដី ទាំង​សហរដ្ឋ​អាមេរិក និង​ចិន បន្ត​អះអាង​ថា ពួក​គេ​គាំទ្រ​ដល់​អធិបតេយ្យ​កម្ពុជា​។ តើ​កម្ពុជា​គួរ​ធ្វើ​បែប​ណា ដើម្បី​កុំ​ឱ្យ​ផុង​ខ្លួន​ក្នុង​ជម្លោះ​ភូមិសាស្ត្រ​នយោបាយ​នេះ?

គណបក្ស​ប្រឆាំង និង​អ្នក​តាម​ដាន​ស្ថានការណ៍​នយោបាយ លើក​ឡើង​ថា កម្ពុជា​ត្រូវ​តែ​ពង្រឹង​ឯកភាព​ផ្ទៃក្នុង និង​ប្រកាន់​នយោបាយ​អព្យាក្រឹត ជាង​រំពឹង​លើ​ប្រទេស​មហាអំណាច ដើម្បី​រក្សា​អធិបតេយ្យ ឬ​ភាព​ម្ចាស់​ការ​របស់​ខ្លួន​។ ជាពិសេស ក្នុង​កាលៈទេសៈ​បច្ចុប្បន្ន រដ្ឋាភិបាល​កម្ពុជា​ត្រូវ​ធានា​ថា ខ្លួន​មិន​លម្អៀង​ខ្លាំង​ពេក​ទៅ​រក​មហាអំណាច​ចិន ដែល​នាំ​ហានិភ័យ​ដល់​សន្តិសុខ​តំបន់។

អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង មាន​ប្រសាសន៍​ថា ប្រទេស​​ចិន និង​សហរដ្ឋ​អាមេរិក​ សុទ្ធតែ​បាន​បញ្ជាក់​ជំហរ​គាំទ្រ​អធិបតេយ្យ​កម្ពុជា ប៉ុន្តែ​លោក​យល់ថា មហាអំណាច​ទាំងពីរ​មាន​ទិស​ដៅ​នយោបាយ​ផ្សេងគ្នា។ លោក​ថា សហរដ្ឋ​អាមេរិក​ទំនង​គ្រាន់​តែ​ចង់​ឱ្យ​កម្ពុជា​គោរព​សិទ្ធិមនុស្ស​ និង​លទ្ធិប្រជាធិបតេយ្យ ហើយ​ធ្វើ​ខ្លួន​ឱ្យ​ក្លាយ​ជា​ប្រទេស​អព្យាក្រឹត​ដូច​មាន​ចែង​ក្នុងរដ្ឋ​ធម្មនុញ្ញ និង​ស្មារតី​កិច្ច​ព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស។ ចំណែកប្រទេស​ចិន​វិញ លោក​ជឿ​ថា ចិន​មាន​បំណង​យក​កម្ពុជា​ជា​ទីតាំង​យុទ្ធសាស្ត្រ​ ដើម្បី​អនុវត្ត​គោលនយោបាយ​វាតទីនិយម​របស់​ខ្លួន ជាង​ការ​ជួយ​ពង្រឹង​ឯករាជ្យ និង​អធិបតេយ្យ​របស់​កម្ពុជា៖«បើ​កាល​ណា ហ៊ុន សែន គាត់​យក​កម្ពុជា​ទៅ​ដាក់​ឱ្យ​ចិន​ធ្វើ​ជា​មូលដ្ឋាន​យោធា សហរដ្ឋ​អាមេរិក​ដែល​ជា​ប្រទេស​មហាអំណាច​មួយ​ដែរ ដែល​ជា​ហត្ថលេខី​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​មួយ​ដែរ ក៏​អាមេរិក​មិន​អាច​នៅ​ស្ងៀម​បាន​ទេ ព្រោះ​វា​ប៉ះពាល់​ដល់​សន្តិសុខ​ក្នុង​តំបន់ ព្រោះ​អាមេរិក​ក៏​ត្រូវ​ធានា​ក្នុង​តំបន់​ឱ្យ​វា​មាន​សន្តិសុខ​ល្អ​ដែរ»

ប្រទេស​ចិន​បាន​ដាក់​ចេញ​នូវ​គម្រោង​គំនិត​ផ្ដួចផ្ដើម​ខ្សែ​ក្រវាត់ និង​ផ្លូវ ដែល​ជា​​យុទ្ធសាស្ត្រ​រយៈពេល​វែង ដើម្បី​ឈាន​ឡើង​ជា​មហាអំណាច​ពិភពលោក​ទី​មួយ ខណៈ​បច្ចុប្បន្ន​ចិន​ជា​មហាអំណាច​លេខ​ពីរ​តាម​ពីក្រោយ​សហរដ្ឋ​អាមេរិក។ តាម​រយៈ​គំនិត​ផ្ដួចផ្ដើម​ខ្សែ​ក្រវាត់ និង​ផ្លូវ​នេះ របប​ក្រុង​ប៉េកាំង​បាន​ផ្តល់​ជំនួយ និង​កម្ចី​រាប់​ពាន់​លាន​ដុល្លារ​អាមេរិក ដល់​ក្រុម​ប្រទេស​ដែល​ចូល​រួម និង​គាំទ្រ​គម្រោង​ខ្នាត​យក្ស​មួយ​នេះ។

របបលោក ហ៊ុន សែន បាន​ប្រកាស​គាំទ្រ​ពេញទំហឹង​ចំពោះ​គម្រោង​ខ្សែ​ក្រវាត់ និង​ផ្លូវ ហើយ​ចិន​ក៏​បាន​ផ្តល់​ជំនួយ និង​កម្ចី​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ដល់​របប​នេះ​ជា​បន្ត​បន្ទាប់។ ក្រៅ​ពី​ជំនួយ​អភិវឌ្ឍន៍​ ចិន​បាន​ផ្តល់​ជំនួយ​រាប់​រយ​លាន​ដុល្លារ​​ទៀត​លើ​វិស័យ​យោធា​ដល់​របប​ក្រុង​ភ្នំពេញ និង​បាន​ប្រកាស​ធ្វើ​ជា​ខ្នង​បង្អែក​របស់​របប​ក្រុងភ្នំពេញ នៅ​ពេល​ក្រុម​ប្រទេស​លោក​ខាង​លិច​ថ្កោល​ទោស និង​ព្រមាន​ដាក់​ទណ្ឌកម្ម​ឆ្លើយតប​នឹង​​ទង្វើ​រំលោភ​សិទ្ធិមនុស្ស និង​រំលាយ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។ ជាង​នេះ​ទៅ​ទៀត អំឡុង​ទស្សនកិច្ច​រយៈពេល ២ថ្ងៃ​នៅ​កម្ពុជា ទីប្រឹក្សា​រដ្ឋ និង​ជា​រដ្ឋ​មន្ត្រី​ការ​បរទេស​ចិន លោក វ៉ាង យី (Wang Yi) បាន​អះអាង​ថា ចិន​នៅ​តែ​បន្ត​គាំទ្រ​កម្ពុជា​យ៉ាង​រឹងមាំ ធ្វើ​យ៉ាងណា​ឱ្យ​កម្ពុជា​រក្សា​បាន​នូវ​អធិបតេយ្យ​ដ៏​ថ្លៃថ្នូរ​របស់​ខ្លួន។

ចំណែក សហរដ្ឋ​អាមេរិក​វិញ​បាន​បញ្ជាក់​ជំហរ​ជា​ថ្មី​ទៀត​ថា សហរដ្ឋ​អាមេរិក​ប្ដេជ្ញា​ចិត្ត​គាំទ្រ​​ដល់​អធិបតេយ្យ​កម្ពុជា។ សហរដ្ឋ​អាមេរិក​អះអាង​ថា ខ្លួន​​ស្វាគមន៍​រាល់​កិច្ច​សន្ទនា​ស្ដីពី​តម្រូវ​ការ​ និង​អ្វី​ដែល​សហរដ្ឋ​អាមេរិក​អាច​ជួយ​បាន ទាក់ទង​នឹង​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​មូលដ្ឋាន​ទ័ព​ជើង​ទឹក​រាម ដើម្បី​ឱ្យ​កម្ពុជា​រក្សា​បាន​នូវ​ឯករាជ្យ និង​គាំទ្រ​ដល់​តំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វិក ដែល​សេរី និង​បើក​ទូលាយ។ ការ​ប្រកាស​បែប​នេះ​របស់​សហរដ្ឋ​អាមេរិក កើត​មាន​ឡើង​ក្រោយ​របប​លោក ហ៊ុន សែន វាយ​កម្ទេច​អាគារ​ដែល​ជា​ជំនួយ​របស់​សហរដ្ឋអាមេរិក​នៅ​ក្នុង​មូលដ្ឋាន​ទ័ព​ជើង​ទឹក​រាម ដោយ​ស្ងាត់ៗ ធ្វើ​ឱ្យ​សហរដ្ឋ​អាមេរិក​អាក់​អន់​ចិត្ត និង​ដាក់​ការ​សង្ស័យ​កាន់​តែ​ខ្លាំង​លើ​ការ​អនុញ្ញាត​ឱ្យ​យោធា​ចិន​បោះ​ទីតាំង​នៅ​មូលដ្ឋាន​កង​ទ័ព​រាម។

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង ថ្លែង​ថា រដ្ឋ​ធម្មនុញ្ញ​ធានា​យ៉ាង​ពេញលេញ​​នូវ​អធិបតេយ្យ​ជាតិ ប៉ុន្តែ​កម្ពុជា​ហាក់​កំពុង​បាត់​បង់​ភាព​ម្ចាស់​ការ​បណ្ដើរៗ ហើយ តាម​រយៈ​ការ​នយោបាយ​លម្អៀង​ទៅ​រក​របស់​លោក ហ៊ុន សែន។ លោក​បន្ត​ថា មេ​ដឹក​នាំ​ក្រាញ​អំណាច​រូប​នេះ​កំពុង​តែ​យក​ជាតិ​ខ្មែរ​ជា​ល្បែង​ភូមិសាស្ត្រ​នយោបាយ ដោយ​ជ្រើស​រើស​យក​ប្រទេស​ចិន​ជា​ខ្នង​បង្អែក។ លោ​ក​ជឿ​ថា ល្បែង​នយោបាយ​នេះ​បើ​នៅ​តែ​បន្ត​ទៀត នោះ​នឹង​បង្ក​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់​លោក ហ៊ុន សែន ខ្លួន​ឯង​ផ្ទាល់ និង​ប្រជាជាតិ​ខ្មែរ​ទាំង​មូល៖ «បើ​ដើរ​តាម​គោលការណ៍​នៃ​រដ្ឋ​ធម្មនុញ្ញ យើង​គោរព​សិទ្ធិមនុស្ស យើង​គោរព​គោលការណ៍​ប្រជាធិបតេយ្យ​ទៅ គឺ​ប្រទេស​ណាមួយ​អត់​អាច​មក​រំលោភ​បំពាន​ដើម្បី​យក​ចំណេញ​ពី​យើង​បាន​ទេ ដូច​ប្រទេស​ចិន​ក្តី សហរដ្ឋ​អាមេរិក​ក្តី ប្រទេស​ជិត​ខាង​ក្តី សុទ្ធ​តែ​ជា​ហត្ថលេខី។ ហើយ​បើ​ប្រទេស​ណាមួយ​មាន​បំណង​បំពាន​ គឺ​យើង​អាច​ស្នើសុំ​ឱ្យ​មាន​ការ​កោះ​ប្រជុំ​សន្និសីទ​ទីក្រុង​ប៉ារីស​ឡើង​វិញ​បាន ដើម្បី​និយាយ​ពី​រឿង​ទាំង​អស់​នេះ។ ប៉ុន្តែ លោក ហ៊ុន សែន ហ្នឹង គាត់​បាន​ដើរ​ឆ្ងាយ​ចេញ​ពី​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ហើយ»

ឆ្លើយតប​នឹង​ការ​លើក​ឡើង​នេះ មន្ត្រី​ជាន់​ខ្ពស់ និង​ជា​អ្នក​នាំ​ពាក្យ​គណបក្ស​កាន់​អំណាច លោក សុខ ឥសាន ថ្លែង​ថា កម្ពុជា​ប្រកាន់​គោល​នយោបាយ​ការ​បរទេស​មិន​លម្អៀង ស្រប​តាម​រដ្ឋ​ធម្មនុញ្ញ។ លោក​យល់ថា ការ​ដែល​សហរដ្ឋ​អាមេរិក និង​ចិន​ ប្រកាស​គាំទ្រ​អធិបតេយ្យ​កម្ពុជា គឺ​ដោយ​សារ​មហាអំណាច​ទាំងពីរ​ សុទ្ធតែ​ជា​ភាគី​ហត្ថលេខី​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​​ក្រុង​ប៉ារីស ដែល​មាន​ចំណែក​ជួយ​ដល់​កម្ពុជា។ លោក​សង្កត់ធ្ងន់​ថា កម្ពុជា​មិន​ចង់​បង្កើត​ទំនាស់​ជាមួយ​ប្រទេស​ណា​នោះ​ទេ ជាពិសេស ប្រទេស​មហាអំណាច​តែ​ម្ដង ព្រោះ​កម្ពុជា​ជា​ប្រទេស​តូច និង​ធ្លាប់​ឆ្លងកាត់​សោកនាដកម្ម​រាប់​មិន​អស់​ក្នុង​អតីតកាល៖ «យើង​ចៀសវាង​ណាស់​អំពី​បញ្ហា​បដិវាទកម្ម​ជាមួយ​បណ្ដា​ប្រទេសជិតខាង ប្រទេស​នៅ​ក្នុង​តំបន់ ហើយ​ប្រទេស​នៅ​លើ​ពិភព​លោក​ទាំងមូល។ យើង​មិន​ចង់​ឱ្យ​មាន​អរិភាព​ជាមួយ​គ្នា​ទេ ក៏​ប៉ុន្តែ​ដែល​លឺ​ពាក្យ​ថា​អរិភាព ពាក្យ​តាន​តឹង ភាព​ធូរ​ស្រាល​នេះ វា​មក​តែ​ពី​រឿង​អ្នក​វិភាគ អា​ហ្នឹង​អ៊ីចឹង។ យើង​កុំ​រត់​តាម​ខួរ​ក្បាល​អ្នកវិភាគ អត់​ត្រូវ​ទេ។ យើង​យក​ការ​ជាក់​ស្ដែង ហើយ​មាន​បញ្ហា​និយាយចំៗ​ជាមួយ​គ្នា​មក។ អា​ហ្នឹង មានន័យ​ថា យើង​យល់​ចិត្ត​គ្នា​ហើយ វា​អត់​មាន​បញ្ហា​ដែល​សង្ស័យ​អ្វី​ទៀត​ទេ។ ហើយ​កម្ពុជា​ជា​ប្រទេស​តូច​មួយ​ ដូច​ខ្ញុំ​ប្រៀប​ថា ស្រមោច​អ៊ីចឹង យើង​មាន​ហេតុ​ផល​អ្វី យើង​មាន​កម្លាំង​អ្វី យើង​មាន​មធ្យោបាយ​អ្វី​ទៅ​ប្រឆាំង​ជាមួយ​ដំរី​នោះ»

ទោះ​ជា​បែប​នេះ​ក្តី លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​បាន​ទទួល​ស្គាល់​ថា លោក​ដឹកនាំ​លម្អៀង​ទៅ​រក​ចិន ព្រោះ​លោក​ងាយ​ស្រួល​ធ្វើ​ការ​ជាមួយ។ លោក​ថែម​ទាំង​បញ្ជាក់​ទៀត​ថា បើ​​ចិន​មិន​ជួយ​​ទេ មិន​ដឹង​ថា ប្រទេស​ណា​ជួយ​កម្ពុជា​ក្នុង​ការ​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ និង​គម្រោង​ខ្នាត​ធំ​នោះ​ទេ។ ថ្មីៗ នេះ​ទៀត លោក ហ៊ុន សែន បា​ន​ស៊កសៀត​ឱ្យ​សហភាព​អឺរ៉ុប​ថា ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA គង់​តែ​ត្រូវ​បាត់​បង់​នៅ​ថ្ងៃ​ណា​មួយ​ តែ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​កម្ពុជា និង​ចិន គឺ​នៅ​គង់​វង្ស​ជា​រៀង​រហូត។

ប្រទេស​ចិន គឺ​ជា​ដៃ​គូ​អភិវឌ្ឍន៍​ធំ​ជាងគេ​របស់​កម្ពុជា តែ​ក៏​ជា​ម្ចាស់​បំណុល​ធំជាង​គេ​របស់​កម្ពុជា​ដែរ។ គិត​ត្រឹម​ចុង​ឆ្នាំ២០១៨ កម្ពុជា​ជំពាក់​បំណុល​​ចិន​​ជាង ៤ពាន់​លាន​ដុល្លារ​អាមេរិក ក្នុង​ចំណោម​បំណុល​បរទេស​សរុប​ជាង ៩ពាន់​លាន​ដុល្លារ។ ស្ថាប័ន​អន្តរជាតិ និង​ក្រុម​អ្នក​ជំនាញ​ព្រួយ​បារម្ភ​ថា ជំនួយ និង​កម្ចី​ដ៏​ច្រើន​សន្ធឹកសន្ធាប់​នេះ អាច​នឹង​រុញច្រាន​កម្ពុជា​ឱ្យ​ធ្លាក់​ក្នុង​អន្ទាក់​បំណុល​របស់​ចិន ហើយ​ចុង​ក្រោយ​កម្ពុជា​នឹង​បាត់​ឯករាជ្យ​លើ​វិស័យ​សេដ្ឋកិច្ច និង​នយោបាយ​របស់​ខ្លួន។

ក្រៅ​ពី​នេះ ក្រុមហ៊ុន​របស់​ចិន​ដែល​មក​បោះ​ទុន​រក​ស៊ី​នៅ​កម្ពុជា​វិញ ខ្លះ​បង្កើត​ទំនាស់​រ៉ាំរ៉ៃ​ជាមួយ​ពលរដ្ឋ​មូលដ្ឋាន ខ្លះ​ទៀត​រង​ការ​ចោទ​ប្រកាន់​រឿង​បំផ្លាញ​បរិស្ថាន​ និង​មួយ​ចំនួន​កំពុង​ជាប់​សង្ស័យ​ពី​រឿង​អនុវត្ត​គម្រោងការណ៍​​សម្ងាត់​ឱ្យ​យោធា​ចិន។ ជាឧទាហរណ៍​ ក្រុមហ៊ុន​ យូឌីជី (UDG) កំពុង​ស្ថាបនា​វាល​យន្តហោះ​ខ្នាត​ធំ និង​កំពង់​ផែ​ទឹក​ជ្រៅ​នៅ​ក្នុង​ខេត្ត​កោះកុង ដែល​ត្រូវ​បាន​ក្រុម​អ្នក​ជំនាញ​ផ្នែក​សន្តិសុខ​វាយ​តម្លៃ​ថា ជា​ទីតាំង​ដែល​យន្ត​ហោះ និង​នាវា​ចម្បាំង​របស់​ចិន​អាច​ចូល​ចត​បាន។

គឺ​ទីតាំង​របស់​ក្រុមហ៊ុន​យូឌីជី និង​មូលដ្ឋាន​ទ័ព​ជើង​ទឹក​រាម​នេះ​ហើយ ដែល​ក្រុម​អ្នក​ជំនាញ​សន្តិសុខ​អន្តរជាតិ ព្រួយ​បារម្ភ​ថា អាច​ជា​ទីតាំង​ឈរជើង​របស់​យោធា​ចិន​នៅ​កម្ពុជា។  ក្រុម​អ្នក​ជំនាញ​អះអាង​ថា ​បើ​​​រឿង​នេះ​កើត​ឡើង​មែន នោះ​​​ចិន​នឹង​មាន​អំណាច​កាន់​តែ​ខ្លាំង​​ក្នុង​ការ​ទាម​ទារ​យក​​តំបន់​ជម្លោះ​ក្នុង​​សមុទ្រ​ចិន​ខាង​ត្បូង និង​​មាន​​ផល​ប្រយោជន៍​ផ្នែក​សេដ្ឋកិច្ច​​យ៉ាង​ច្រើន​​សម្បើម​​។ លើស​ពី​​នេះ​ទៅទៀត ចិន​នឹង​អាច​ពង្រីក​ឥទ្ធិពល​របស់​ខ្លួន​បន្ថែម​ទៀត​លើ​ច្រក​សមុទ្រ​ម៉ាឡាកា (Malacca) ដែល​ជា​តំបន់​យុទ្ធសាស្ត្រ​ដ៏​សំខាន់​។ នេះ​ជា​សេណារីយ៉ូ​ដ៏​គ្រោះថ្នាក់ និង​​គំរាម​កំហែង​យ៉ាង​ខ្លាំង​ដល់​ប្រទេស​​សម្ពន្ធ​មិត្ត​របស់​​អាមេរិក​​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ ហើយដែល​សហរដ្ឋ​អាមេរិក​មិន​អាច​ឱប​ដៃ​ឈរ​មើល​បាន​ឡើយ។ ក្នុង​បរិបទ​បែប​នេះ សហរដ្ឋ​អាមេរិក​អាមេរិក​បាន​​ដាស់​តឿន​របប​លោក ហ៊ុន សែន ម្ដង​ហើយ​ម្ដង​ទៀត​ថា វត្តមាន​យោធា​ចិន​នៅ​កម្ពុជា​នឹង​ប៉ះពាល់​អវិជ្ជមាន​ដល់​ទំនាក់ទំនង​ទ្វេភាគី​រវាង​ប្រទេស​ទាំង​ពីរ ហើយ​បង្ក​ការ​រំខាន និង​បង្កើត​អស្ថិរភាព​ក្នុង​​តំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វិក​ទាំងមូល។

សហស្ថាបនិក​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា និង​ជា​អ្នក​ជំនាញ​ខាង​ភូមិសាស្ត្រនយោបាយ បណ្ឌិត រ៉ូ វណ្ណៈ មាន​ប្រសាសន៍​ថា ជម្លោះ​ភូមិសាស្ត្រ​នយោបាយ​រវាង​អាមេរិក និង​ចិន​ អាច​នឹង​ទាញ​កម្ពុជា​ឱ្យ​ធ្លាក់​ចូល​ក្នុង​សង្គ្រាម​ប្រជែង​ឥទ្ធិពល​គ្នា​រវាង​ប្រទេស​ទាំង​ពីរ ប្រសិន​បើ​កម្ពុជា​ជ្រើស​រើស​យក​ភាគី​ណា​មួយ។ លោក​បន្ត​ថា ជម្រើស​ល្អ​សម្រាប់​កម្ពុជា គឺ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​គ្រប់​ប្រទេស​មហាអំណាច ដើម្បី​ទាញ​យក​ប្រយោជន៍​ជាតិ​របស់​ខ្លួន៖ «ការ​ងាក​ទៅ​រក​មហាអំណាច​មួ​យ​ផ្ដាច់​មុខ វា​ដូច​ជា​យើង​ងាក​ទៅ​រក​ភ្លើង។ យើង​ដឹង​ហើយ​ថា បើ​យើង​នៅ​ក្បែរ​ភ្លើង យើង​អាច​ឆាប​ឆេះ​រលាក ប៉ុន្តែ​បើ​យើង​នៅ​ឆ្ងាយ​ពី​ភ្លើង​ពេក វា​ធ្វើ​ឱ្យ​យើង​រងា​ឯកា យើង​ត្រូវ​ការ​កម្ដៅ​ដែរ។ អ៊ីចឹង​ហើយ​បាន​ជា​យើង​ត្រូវ​ធ្វើ​តុល្យភាព​អំណាច​ឱ្យ​ឆ្លាត​វៃ​រវាង​សហរដ្ឋ​អាមេរិក និង​ចិន ជាជាង​យើង​ទៅ​ឱប​ក្រសោប​មហាអំណាច​ណាមួយ​ដាច់​ណាត់ ដែល​ធ្វើ​ឱ្យ​យើង​ផុង​ខ្លួន​ឆេះ​នៅ​ក្នុង​សង្គ្រាម​ភូមិសាស្ត្រ​នយោបាយ​។ ធ្វើ​យ៉ាង​ណា​ក៏​ដោយ​ជា​ប្រទេស​តូច សុខ​ចិត្ត​ឈ្នះ​ជាតិ​ឱ្យ​ចាញ់​ចិត្ត​ចុះ កុំ​ឱ្យ​ឈ្នះ​ចិត្ត​ ចាញ់​ជាតិ»

ក្រៅ​ពី​នេះ បណ្ឌិត រ៉ូ វណ្ណៈ ថ្លែង​ថា រដ្ឋាភិបាល​កម្ពុជា​​ត្រូវ​ប្រឹងប្រែង​ពង្រឹង​ឯកភាព​ផ្ទៃក្នុង និង​កសាង​សង្គម​ដ៏​រឹងមាំ​មួយ​លើ​មាគ៌ា​ប្រជាធិបតេយ្យ ស្រប​តាម​រដ្ឋ​ធម្មនុញ្ញ​របស់​ជាតិ។ លោក​សង្កត់​ធ្ងន់​ថា មាន​តែ​ការ​ធ្វើ​បែប​នេះ​ទេ ទើប​ប្រទេស​មហាអំណាច​មិន​មាន​លេស​ក្នុង​ការ​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង ឬ​ដាក់​សម្ពាធ​លើ​កម្ពុជា ឱ្យ​ធ្វើ​តាម​ការ​ចង់​បាន​របស់​ពួក​គេ ហើយ​កម្ពុជា​អាច​ចៀស​ផុត​ពី​ការ​ជាន់​ដាន​ប្រវត្តិសាស្ត្រ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

3 Responses to "អ្នក​សង្កេតការណ៍​ថា កម្ពុជា​ត្រូវ​ពង្រឹង​ផ្ទៃក្នុង​ជាង​ពឹង​មហាអំណាច ដើម្បី​រក្សា​អធិបតេយ្យ​ជាតិ"

  1. Anonymous says:

    Don’t ask about communist dogs’ they are scaring of the people power,scaring of justice,scaring of equality ,scaring of losing face’ and then they do anything to retain power even killing people’ this is communist ‘so all communist dogs will be punished by GOD soon’

  2. Anonymous says:

    my question is how do HUN SEN really wanted straighten his nation’s internal ?? there are too many reason that HUN SEN can not do that is>> No1 he got the powers from Vietnamese communist leadership, N2 Vietnam policy was set up to take his poor nation’s since 1951 , N3 for thirty five years HUN SEN has gone deeper into communist dictatorship that right HUN SEN swing over so fast into CHINA to support him because his former boss can not help to him every thing that was another story Vietnam and CHINA never had good relation right now they have a big default in the south CHINA sea that can be mass in this region. I would like to tell all Cambodian that this south CHINA sea problem is becoming world wide concern to get into world war three . I knew HUN SEN is a lowest educated person can fell easily into the CHINA’s bait to put this unfortunate nation into the bloody zone . I tell you what ?? the US and EU after they have been working for so many years to get this poor nation on the road of Democracy but HUN SEN can not do because he was already commit to be communist brain shell . we Cambodian knew HUN SEN has gone too deep to CHINA right now that mean it is very dangerous . My question to every Cambodian is>> what will you think to get your nation out of this problem as you know not only HUN families is in danger but all of you will be.

  3. Anonymous says:

    my question is how do HUN SEN really wanted straighten his nation’s internal ?? there are too many reason that HUN SEN can not do that is>> No1 he got the powers from Vietnamese communist leadership, N2 Vietnam policy was set up to take his poor nation’s since 1951 , N3 for thirty five years HUN SEN has gone deeper into communist dictatorship that right HUN SEN swing over so fast into CHINA to support him because his former boss can not help him every thing. it was another story Vietnam and CHINA never had good relation right now they have a big default in the south CHINA sea that can be massy war in this region. I would like to tell all Cambodian that this south CHINA sea’s problem is becoming world wide concern that can get into world war three . I knew HUN SEN is a lowest educated person that can fell easily into the CHINA’s bait to put this unfortunate nation into the bloody zone . I tell you what ?? the US and EU after they have been working for so many years to get this poor nation on the road of Democracy but HUN SEN can not do because he was already commit to be communist person . we Cambodian knew HUN SEN has gone too deep to CHINA right now that mean it is very dangerous . My question to every Cambodian is>> what will you think to get your nation out of this problem as you know not only HUN families is in danger but all of you will .

Leave a Reply

Submit Comment