អាមេរិក​​បន្ត​​ជំរុញ​​កម្ពុជា​​ពង្រឹង​​ប្រព័ន្ធ​​យុត្តិធម៌​​សម្រាប់​​ជន​ជាប់​ចោទ​​និង​​សិទ្ធិ​មនុស្ស​​

ទំនាក់ទំនងអន្តរជាតិ | ព័ត៌មានជាតិ | សិទ្ធិមនុស្ស
លោក ញឹម សុខន |១៥ តុលា ២០២០ |ម៉ោង ១៦:២៥
VOD

លោក W. Patrick Murphy ឯកអគ្គ​រដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា ជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០។ (Twitter of Ambassador W. Patrick Murphy)

លោក W. Patrick Murphy ឯកអគ្គ​រដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា ជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០។ (Twitter of Ambassador W. Patrick Murphy)


ឯកអគ្គ​រដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា បាន​លើកយក​បញ្ហា​យុត្តិធម៌​សម្រាប់​ជនជាប់ចោទនិង​សិទ្ធិមនុស្ស ទៅ​ជជែក​ពិភាក្សា​ទល់មុខ​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​កម្ពុជា ក្រោយពី​អ្នកជំនាញ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​បាន​បង្ហាញ​កង្វល់​លើ​បញ្ហា​ទាំងនេះ។

លោក W. Patrick Murphy ឯកអគ្គ​រដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា បាន​លើកឡើង​លើ​បណ្តាញ​សង្គម Twiter របស់​លោក​ថា កិច្ចពិភាក្សា​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​កាលពី​ថ្ងៃទី១៤ ខែតុលា​ ម្សិលមិញ បាន​ពិភាក្សា​លើ​ប្រធានបទ​មួយចំនួន ក្នុង​នោះ​មាន «ការ​ការពារ​កុមារ ប្រយុទ្ធ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស គ្រឿងញៀន ផ្តល់​យុត្តិធម៌​ដល់​ជនជាប់ចោទ ការជំរុញ​ការ​ការពារ​សេរីភាព​នៃ​ការបញ្ចេញមតិ និង​ការ​ប្រមូល​ផ្តុំ​ជាដើម»

កាលពី​សប្តាហ៍​មុន ឯកអគ្គ​រដ្ឋទូត​អាមេរិក ក៏បាន​លើកយក​បញ្ហា​ប្រហាក់​ប្រហែល​នេះ ទៅ ​ជជែក​ជាមួយ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​កម្ពុជា លោក ស ខេង ផង​ដែរ។ 

អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​កម្ពុជា លោក ជិន ម៉ា​លីន ប្រាប់​វី​អូ​ឌី​នៅ​ថ្ងៃនេះ​ថា ជំនួប​ទល់មុខគ្នា​នោះ បាន​ពិភាក្សា​ពី​វិស័យ​ព្រហ្មទណ្ឌ​ផ្តោត​លើ​វិធានការ​ទប់ស្កាត់និង​បង្ក្រាប​បទឧក្រិដ្ឋ​ឆ្លងដែន ពាក់ព័ន្ធ​ការ​ជួញដូរ​មនុស្ស និង​បញ្ហា​ផ្សេងទៀត ដូច​ទៅ​នឹង​អ្វី​ដែល​លោក​ឯកអគ្គ​រដ្ឋទូត W. Patrick Murphy បាន​លើកឡើង​ដែរ។ 

ប៉ុន្តែ​លោក​ថា រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ បាន​ប្រាប់​ទៅ​ភាគី​អាមេរិកពី​គោលការណ៍​គ្រឹះ​នៃ​ការ​អន​ុវត្ត​ច្បាប់ ដើម្បី​រក្សា​សន្តិភាព​របស់​កម្ពុជា។

លោក​ថា៖ «ឯកឧត្តម​រដ្ឋមន្ត្រី គាត់​បាន​ពន្យល់​ច្រើន​ពាក់ព័ន្ធ​ទៅ​នឹង​គោលការណ៍​គ្រឹះ ពាក់ព័ន្ធ​ទៅ​នឹង​សិទ្ធិ ដូចជា​សិទ្ធិ​ទទួល​បាន​យុត្តិធម៌ សិទ្ធិ​ក្នុង​ការ​បញ្ចេញមតិ សារៈសំខាន់​នៃ​សន្តិភាព​នៅ​កម្ពុជា ហើយក៏​បាន​ពន្យល់​អំពី​ទិដ្ឋភាព​ច្បាប់និង​យន្តការ​ណ៍អនុវត្ត​ច្បាប់​នៅ​កម្ពុជា»។

នាយក​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា លោក​បណ្ឌិត ប៉ា ចន្ទ​រឿន មានប្រសាសន៍​ថា ការ​លើកឡើង​របស់​អាមេរិកជាមួយ​មេដឹកនាំ​ក្នុង​វិស័យ​យុត្តិធម៌ អាច​ជា​ការ​ព្រួយបារម្ភ​ពី​ភាព​មិន​ឯករាជ្យ​នៃ​ប្រព័ន្ធ​យុត្ត​ិធម៌​នៅ​កម្ពុជា ពាក់ព័ន្ធ​នឹង​ចំណាត់ការ​ច្បាប់​លើ​សំឡេង​ជំទាស់។

លោក​ថា៖ «កង្វល់​ [អាមេរិក​] រឿង​ស្វែងរក​យុត្តិធម៌​នៅ​កម្ពុជា គឺ​ឯករាជ្យ​ភាព​របស់​តុលាការ​នៅក្នុង​សង្គម​យើង ដោយឡែក​ វា​អាច​រួម​ទាំង​ដំណើរការ​កាត់ក្តី​អតីត​ថ្នាក់ដឹកនាំនិង​សកម្ម​ជន​របស់​អតីត​គណបក្សជំទាស់ ​គណបក្ស​សង្គ្រោះ​ជាតិ​ផង​ដែរ»។

លោក ប៉ា ចន្ទ​រឿន បន្ថែម​ថា ការបាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ២០ភាគរយ ជា​ការខាតបង់​មួយ​ដែល​រដ្ឋាភិបាល​គួរ​យក​ធ្វើជា​មេរៀន ហើយ​ប្រញាប់​ប្រញាល់​វិល​ទៅ​ស្តារ​ស្ថានភាព​សិទ្ធិមនុស្សនិង​ប្រជាធិបតេយ្យ​ឡើងវិញ ដើម្បី​បង្កើន​ទំនាក់ទំនង​ជាមួយ​អន្តរជាតិ ទាំង​វិស័យ​នយោបាយនិង​ដង្ហើម​សេដ្ឋកិច្ច សម្រាប់​ជា​ប្រយោជន៍ជាតិ​ទាំងមូល។

កាលពីដើម​ខែតុលា​នេះ អ្នកជំនាញ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ អ្នកស្រី រ៉ូ​ណា ស្មី​ត (Rohna Smith​) បាន​និយាយ​ក្នុង​ អង្គប្រជុំ​ដាច់ដោយឡែក​មួយ​នៃ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ នៅ​ទីក្រុង​ហ្សឺណែវ​ ថាស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជានៅតែ​បន្ត​ធ្លាក់ចុះ​គួរ​ឱ្យ​ព្រួយបារម្ភ ខណៈ​សិទ្ធិ​នយោបាយ​មានការ​រីកចម្រើន​តិចតួច​ប៉ុណ្ណោះ។

អ្នកស្រី​បន្ត​ថា សមាជិក​សង្គម​ស៊ីវិល រួមមាន អ្នកការពារ​សិទ្ធិមនុស្ស សហជីព និង​សកម្មជន​បរិស្ថាន បន្ត​រាយការណ៍​ថា ពួក​គេ​ស្ថិត​ក្រោម​ការ​ជ្រៀតជ្រែក គំរាមកំហែង និង​យាយី​ពីសំណាក់​អាជ្ញាធរ​នៅឡើយ។

តែ​យ៉ាងណា គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា ចាត់ទុក​ការវាយតម្លៃ​ពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា ពីសំណាក់​អ្នកជំនាញនិង​អង្គការ​សិទ្ធិមនុស្ស​មួយចំនួន​ថា មាន​ភាព​លម្អៀង គ្មាន​មូលដ្ឋាន​ច្បាស់លាស់ និង​មាន​គោលដៅ​វាយប្រហារ​រដ្ឋាភិបាល ដែល​អាច​នាំ​ឱ្យ​មាន​គ្រោះថ្នាក់និង​អស្ថិរភាព​ក្នុង​សង្គម​៕


អ្នក​ជំនាញ​​សិទ្ធិ​មនុស្ស​ UN​ ប្រាប់​​សហ​គមន៍​​អន្តរ​ជាតិ​​ថា​ ស្ថានភាព​​សិទ្ធិ​មនុស្ស​​នៅ​​កម្ពុជា​​បន្ត​​ធ្លាក់​ចុះ​​

អ្នកជំនាញ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ អ្នកស្រី រ៉ូ​ណា ស្មី​ត (Rohna Smith​) បាន​ថ្លែង​កាលពី​ថ្ងៃម្សិលមិញ​ថា ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​នៅតែ​បន្ត​ធ្លាក់ចុះ ខណៈ​ដែល​សិទ្ធិ​នយោបាយមានការ​រីកចម្រើន​តិចតួច​ប៉ុណ្ណោះ។


កម្ពុជា​​ច្រាន​ចោល​​របាយ​ការណ៍​ UN ​ដែល​​ថា​​មាន​ការ​​បំភិត​បំភ័យ​​និង​​សង​សឹក​​អ្នក​ចូល​រួម​​សកម្ម​ភាព​​សិទ្ធិ​មនុស្ស​

រដ្ឋាភិបាល​កម្ពុជា ប្រកាស​ច្រានចោល​របាយការណ៍​របស់​អ្នកជំនាញ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិដែល​លើកឡើង​ថា អ្នក​ចូល​រួមសកម្មភាព​សិទ្ធិមនុស្ស​ជាមួយ​ស្ថាប័ន​របស់​ខ្លួន រង​ការ​គំរាមកំហែង បំភិតបំភ័យ និង​សងសឹក​ពី​អាជ្ញាធរ​កម្ពុជា។


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។


What Next?

Recent Articles