នាយក​​រដ្ឋ​មន្ត្រី​ប្រតិកម្ម​​ទៅ​​នឹង​​អ្នក​​ដែល​​ថា​ ទឹក​ជំនន់​​នៅ​​ភ្នំពេញ​​មក​​ពី​​លុប​​បឹង​​

បរិស្ថាន | ព័ត៌មានជាតិ | អភិបាលកិច្ច
លោក ញឹម សុខន | ១៦ តុលា ២០២០ |ម៉ោង ១៦:៣២
VOD

នៅ​យប់​ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ លោក ហ៊ុន សែន ទៅ​ពិនិត្យមើល​ស្ថានភាព​ទឹកជំនន់ និង​សួរសុខទុក្ខ​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយសារ​ទឹកជំនន់​នៅ​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ។ (ហ្វេសប៊ុក​លោក ហ៊ុន សែន​)

នៅ​យប់​ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ លោក ហ៊ុន សែន ទៅ​ពិនិត្យមើល​ស្ថានភាព​ទឹកជំនន់ និង​សួរសុខទុក្ខ​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយសារ​ទឹកជំនន់​នៅ​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ។ (ហ្វេសប៊ុក​លោក ហ៊ុន សែន​)


លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រាប់​អ្នករងគ្រោះ​ដោយ​ទឹកជំនន់​នៅ​រាជធានី​ភ្នំពេញ​ថា ការ​ជន់​លិច​លំនៅ​ដ្ឋាន​របស់​ពួក​គេ​នា​ប៉ុន្មាន​ថ្ងៃ​មកនេះ មិនមែន​មក​ពី​លុប​បឹង​ដូច​អ្នករិះគន់​នោះ​ទេ។

ការ​ថ្លែង​របស់​នាយក​រដ្ឋមន្ត្រី ធ្វើឡើង​កាលពីយប់មិញ ក្នុង​ពិធី​ចុះ​ជួប​អ្នករងគ្រោះ​ដោយ​ទឹកជំនន់​នៅ​ខណ្ឌដង្កោ ដែល​ត្រូវ​បាន​អាជ្ញាធរ​ជម្លៀស​ទៅកាន់​ទីទួល​សុវត្ថិភាព។

លោក ហ៊ុន សែន ថ្លែង​ថា ការ​ជន់​លិច​នៅ​ភ្នំពេញ គឺ​បណ្ដាលមកពី​ព្រែកនិង​បឹង​មួយចំនួនដែល​ជា​ប្រព័ន្ធ​រំដោះ​ទឹក មិន​អាច​ទ្រទ្រង់​ទៅ​នឹង​កម្រិត​ទឹកភ្លៀង ទើប​ធ្វើ​ឱ្យ​មានការ​ជន់​លិច។

លោក ហ៊ុន សែន ថ្លែង​ថា៖ «ខ្លះ​លើកឡើង​អំពី​បញ្ហា​លុប​បឹង​បាន​ជា​វា​មាន​ជំនន់ ប៉ុន្តែខ្ញុំ​ចង់​សួរ​ទៅ​អា​អ្នក​និយាយ​អ៊ីចឹង នៅ​ប្រទេស​ជប៉ុន​ឆ្នាំទៅ​នេះ ជំនន់​ទឹកភ្លៀង​សម្លាប់​ប្រជាជន​ជប៉ុន​អស់យ៉ាង​ច្រើន ប្រទេស​នៅ​អឺរ៉ុប​ទី​ក្រុង​ធំៗ​មួយចំនួន​ជំនន់​ទឹកភ្លៀង​ក៏បាន​លិចលង់»។

លោក ហ៊ុន សែន ថ្លែង​ទៀត​ថា លោក​មិន​ចង់​ឆ្លើយតបទៅនឹង​អ្នករិះគន់​ទាំងនោះ​ទេ តែថា​ ការ​លើកឡើង​នេះ គ្រាន់តែ​ចង់​ប្រាប់​ទៅ​ពលរដ្ឋ​ថា បញ្ហា​វា​កើតឡើង​ពី​គ្រោះ​ធម្មជាតិ។

យ៉ាងណា​លោក​ថា ជំនន់​ឆ្នាំ​នេះ​ជា​ភ័ព្វ​សំណាង បើ​ធៀប​នឹង​គ្រោះ​ធម្មជាតិ​កាលពី​ឆ្នាំ២០០០ ដោយ​ថា ជំនន់​ឆ្នាំនេះ ទឹក​ក្នុង​ទន្លេសាប ទន្លេមេគង្គ ទន្លេបាសាក់ មាន​កម្ពស់​ទឹក​ទាប ធ្វើ​ឱ្យ​ចរន្ត​ទឹកហូរ​ធ្លាក់​ចូល​ទៅ​ទន្លេ​លឿន។

មនុស្ស​ជាង៥ពាន់​នាក់​រស់នៅ​ក្នុង​ខណ្ឌដង្កោ ត្រូវ​បាន​អាជ្ញាធរ​ជម្លៀស​ទៅកាន់​ទីទួល​សុវត្ថិភាព គិត​ត្រឹម​ព្រឹក​ថ្ងៃសុក្រ​នេះ។

ប្រធាន​រាជបណ្ឌិត្យ​សភា​កម្ពុជា លោក​បណ្ឌិត សុខ ទូច សរសេរ​នៅ​លើ​គណនី​ហ្វេសប៊ុក​គាត់​កាលពី​ថ្ងៃអាទិត្យ​កន្លងមក​នេះ​ថា «សូមកុំ​លុប​បឹង​បន្ត​ទៅទៀត បើ​មិនបាន​បង្កើត​ថ្មី ត្រូវ​ស្ដារ​ប្រឡាយ ស្ទឹង អូរ ដៃទន្លេ​ឱ្យ​បាន​ជ្រៅ»

លោក​បណ្ឌិត សុខ ទូច សរសេរ​ថា៖ «អាណាចក្រ​អង្គរ​ដ៏​ល្បីល្បាញ ត្រូវ​បាន​ពិភពលោក​ទទួលស្គាល់​ថា មាន​សេដ្ឋកិច្ច​រុងរឿងដោយសារ​វិស័យ​មួយ គឺ​កសិកម្ម ដែល​ក្នុង​នោះ​ការរៀបចំ​ប្រព័ន្ធ​ធារាសាស្ត្រ ដោយ​ការ​ជីក​បា​រាយ​ណ៍​ធំៗ​ស្ដុក​ទឹក សម្រាប់​បម្រើ​វិស័យ​កសិកម្ម»។

គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ដែល​មិន​កាន់អំណាច បាន​និយាយលើ​គេហទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​ដែរ​ថា មានរឿង​ជាច្រើន​ត្រូវការ​ការ​ជជែក​ដេញដោល​អំពី​គោលនយោបាយ ស្វែងរក​ដំណោះស្រាយ​សមស្រប​ដើម្បី​បម្រើ​ប្រជាពលរដ្ឋ។

គណបក្ស​នេះ​និយាយ​ថា៖ «បញ្ហា​លុប​បឹង​ធម្មជាតិ​នៅ​ទីប្រជុំជន ការបំផ្លាញ​ព្រៃឈើ​នៅ​តំបន់​ទី​ជម្រាល ការរៀបចំ​ប្រព័ន្ធ​លូ​ទឹក​នៅ​ទី​ក្រុង​ធំៗ ការគ្រប់គ្រង​ទំនប់​ស្តុក​ទឹ​កធំៗ ការចាត់ចែង​ប្រព័ន្ធ​គ្រប់គ្រង​គ្រោះមហន្តរាយ»។

អ្នកជំនាញ​កសិកម្ម​ លោក​បណ្ឌិត យ៉ង សាំង​កុមារ ដែល​បច្ចុប្បន្ន​ជា​ប្រធាន​គណៈកម្មាធិការ​នាយក​នៃ​គណបក្ស​នេះ មានប្រសាសន៍​បន្ថែម​ថា ការ​ធ្វើនយោបាយ​ត្រូវ​កាត់បន្ថយ​ជម្លោះ ហើយ​រួមគ្នា​ដោះស្រាយ​បញ្ហាដើម្បីពលរដ្ឋនិង​សង្គម។ ប៉ុន្តែលោក​ថា បច្ចុប្បន្ន​ អ្នកនយោបាយ​ប្រើ​ពេល​ច្រើន​ចោទប្រកាន់​គ្នា​ទៅវិញទៅមកជា​លក្ខណៈ​បុគ្គល ជំរុញ​ឱ្យ​មានការ​លាប​ពណ៌​គ្នា​ក្នុង​សង្គម។

លោក​ថា បញ្ហា​នេះហាក់​ធ្វើ​ឱ្យ​ពលរដ្ឋ​ភ្លេច​ដេញដោល​អ្នកនយោបាយ​ដែល​ខ្លួន​គាំទ្រ ឱ្យ​ធានា​ផលប្រយោជន៍​​របស់​ពួក​គេ។

លោក យ៉ង សាំង​កុមារ គូសបញ្ជាក់​ថា វា​មាន​សារៈសំខាន់ បើ​ប្រជាពលរដ្ឋ​ចេះ​ដាក់​សម្ពាធ​ទៅ​អ្នកនយោបាយឱ្យ​វិល​មក​ប្រកួត​គ្នា​ដោយ​គំនិត​បង្កើត​គោលនយោបាយ​គ្រប់គ្រង​ទឹក​ប្រកបដោយ​ការទទួលខុសត្រូវ ដែល​លោក​ថា កសិករ​នឹង​មាន​ទឹក​គ្រប់គ្រាន់​សម្រាប់​ធ្វើស្រែ រី​ឯអ្នក​រស់នៅ​ទីក្រុង​នឹង​គេច​ផុត​ពី​ការ​ជន់​លិច។

លោក យ៉ង សាំង​កុមារ ប្រាប់​ថា៖ «ចំ​ពេល​កាលៈទេសៈ​ដែល​កម្ពុជា​កំពុង​ប្រឈម​នឹង​ទឹកជំនន់ ប្រឈម​នឹង​រងគ្រោះ​នូវ​ការ​លិចលង់​អ៊ីចឹង ជា​រឿង​មួយ​ដែល​យើង​ចង់​ទាញ​អារម្មណ៍​ប្រជាពលរដ្ឋ ដែល​គាំទ្រ​អ្នកនយោបាយ​ ឱ្យ​ងាក​មក​មើល​អ្នកនយោបាយដែល​ប្រកួតប្រជែង​ដោយ​គំនិត។ ឧទាហរណ៍ យើង​ដោះស្រាយ​បញ្ហា​សំរាម​នៅ​ទីក្រុង​យ៉ាងម៉េច ដោះស្រាយ​បញ្ហា​ទឹក​នៅ​ទីក្រុង​យ៉ាងម៉េច​? ជំនន់​ក្នុង​ទីក្រុង​យ៉ាង​ម៉េ​ច? ទឹក​លិច​ទីក្រុង​យ៉ាងម៉េច​? ដោះស្រាយ​បញ្ហា​ទឹកជំនន់​នៅ​ជនបទ​យ៉ាងម៉េច​?»។

យ៉ាងណា ​មេដឹកនាំ​កម្ពុជាបាន​ប្តេជ្ញា​ចិត្ត​ខ្ពស់​តាមរយៈ​ចេញ​បញ្ជា​ទៅ​អាជ្ញាធរនិង​កងកម្លាំង​ប្រដាប់​អាវុធ​ឱ្យ​សហការ​គ្នា​ជួយសង្គ្រោះ​អ្នក​ដែល​រងគ្រោះ​ដោយ​ទឹកជំនន់ ដោយ​មិន​ត្រូវ​ឱ្យ​ពលរដ្ឋ​ណា​ម្នាក់​ស្លាប់​ដោយ​លង់ទឹកនិង​អត់​បាយ​ស្លាប់​ដោយសារតែ​គ្រោះ​ធម្មជាតិ​នេះ​ទេ រាល់​ការ​ជម្លៀស​ប្រជាជន​នៅ​តំបន់​ដែល​មាន​គ្រោះថ្នាក់​ទៅកាន់​ទីទួល​សុវត្ថិភាព ត្រូវ​ផ្ដល់​នូវ​ការថែទាំ​សុខភាព ផ្ដល់​អាហារ ថ្នាំពេទ្យ​ឱ្យ​បាន​គ្រប់គ្រាន់។

អ្នកនិពន្ធ​សៀវភៅ «ថ្ងៃ​ចុងក្រោយ​នៃ​មហា​មេគង្គ» និង​ជានា​យក​កម្មវិធី​អាស៊ី​អាគ្នេយ៍​នៃ​មជ្ឈ​មណ្ឌល​ស្ទីម​សាន់​ (Stimson​) លោក ប្រេន អេ​ឡឺ (Brian Eyler​) និយាយ​តាមរយៈ​អ៊ីម៉ែល​ថា ប្រទេស​កម្ពុជា​បាន​ធ្វើការងារ​ជាច្រើន ដែល​បង្កើន​នូវ​ផល​ប៉ះពាល់​ពី​ទឹកជំនន់​ទាំងនេះ​ដល់ទី​ក្រុង និង​សហគមន៍។

ប៉ុន្តែលោក ប្រេន អេ​ឡឺ ប្រាប់​ថា៖ «តំបន់ដីសើម​ជាច្រើន​នៅ​ជុំវិញ​រាជធានី​ភ្នំពេញ ​ត្រូវ​បាន​ចាក់​បំពេញ​សម្រាប់​ការ​អភិវឌ្ឍ​អចលនទ្រព្យ​និង​សួន​ឧស្សាហកម្ម ដែល​តំបន់ដីសើម​ទាំងនោះ​បាន​ដើរតួ​នាទី​ការពារ​យ៉ាង​សំខាន់​ក្នុង​ការបញ្ឈប់​ទឹកជំនន់​ពី​ការ​ចូល​ទីក្រុង។ តែ​ឥលូវ​កន្លែង​ទាំងនោះ​ត្រូវ​លុប​បាត់ ហើយ​ទឹក​គ្មាន​កន្លែង​ហូរ​ទៅ ដែល​បណ្តាល​ឱ្យ​វា​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​មនុស្ស ហើយ​ជន់​លិច​នៅ​តាម​ដងផ្លូវ​ បង្កើត​ជា​ភាព​រញ៉េរញ៉ៃនិង​ការខូចខាត»។

លោក ប្រេន អេ​ឡឺ (Brian Eyler​) ផ្តល់​ជា​អនុ​សាសន៍​ថា ដើម្បី​កាត់បន្ថយ​ហានិភ័យ​នៃ​ការប្រែប្រួល​អាកាសធាតុ​នៅ​កម្ពុជា ជាពិសេស​ពី​ទឹកជំនន់ ​ត្រូវ​មាន​ភាព​ឆ្លាតវៃ​ក្នុង​ការប្រើ​ប្រាស់​តំបន់ដីសើម​ទាំងនេះ​ជា​យន្តការ​ការពារ បើ​មិន​ដូច្នេះ​ទេ​ ទឹកជំនន់​នៅ​ទីក្រុង​ភ្នំពេញ​នឹង​កាន់តែ​អា​ក្រ​ក់​ទៅៗ ទោះបី​មិន​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ក៏ដោយ។

បន្ថែម​ពីនេះ លោក​ថា ប្រទេស​នេះ​ក៏បាន​បាត់បង់​នូវ​ដី​ព្រៃ​ដែល​មិន​គួរ​ឱ្យ​ជឿ​ក្នុងរយៈពេល​បី​ទសវត្ស​ចុងក្រោយ​នេះ។ ព្រៃឈើ​ក៏​ដើរតួ​ជា​អ្នកការពារ​ប្រឆាំង​នឹង​ទឹកជំនន់​ផង​ដែរ ហើយ​បើ​គ្មាន​ព្រៃឈើ ទឹកជំនន់​កើន​កាន់តែ​ខ្លាំង​នោះ ទឹកទន្លេ​នឹង​កើនឡើង​យ៉ាង​ឆាប់រហ័ស​ជាង​ពេល​មុន​ៗ៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

One Response to "នាយក​​រដ្ឋ​មន្ត្រី​ប្រតិកម្ម​​ទៅ​​នឹង​​អ្នក​​ដែល​​ថា​ ទឹក​ជំនន់​​នៅ​​ភ្នំពេញ​​មក​​ពី​​លុប​​បឹង​​"

  1. Anonymous says:

    a modern technologies in this 21st century started from HUN SEN . this great leader at first he start to filling up all natural lake around the capital then he gone to filling up the seaside the last un believable action is he trying to fill up the Mekong river right in front of royal palace . now we Cambodian knew that CHINA who used to influent in Cambodia internal that make just about three million Cambodian life disappeared from the world just repeating the same job as their left over slaved to fill up the ocean for their investment

Leave a Reply

Submit Comment