បទ​​យក​ការណ៍​៖ ជនជាតិ​​ដើម​​ភាគ​តិច​​នៅ​​មណ្ឌល​គិរី​​បារម្ភ​​ពី​​ការ​បាត់បង់​​ដី​​និង​​ព្រៃ​​ឈើ ​បើ​​ទោះ​​ចុះ​បញ្ជី​​ដី​​សមូហភាព​​រួច​ ​

បទយកការណ៍
លោកស្រី ពេជ្រ សុធារី | ១៦ តុលា ២០២០ |ម៉ោង ០៩:២៨
VOD

អាជ្ញាធរ​ខេត្តនិងមន្ត្រីឧទ្យានុរក្ស ចុះប្រតិបត្តិ​ការ​ដក​បង្គោលព្រំ​ដី​ដែល​បោះ​រំលោភ​ដី​ដែនជម្រកសត្វព្រៃ​កែវសីមា ខេត្តមណ្ឌលគិរី ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២០។ (ជន ចាន់​រ៉ែ​ន)

អាជ្ញាធរ​ខេត្តនិងមន្ត្រីឧទ្យានុរក្ស ចុះប្រតិបត្តិ​ការ​ដក​បង្គោលព្រំ​ដី​ដែល​បោះ​រំលោភ​ដី​ដែនជម្រកសត្វព្រៃ​កែវសីមា ខេត្តមណ្ឌលគិរី ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២០។ (ជន ចាន់​រ៉ែ​ន)


មណ្ឌលគិរី៖ ដែនជម្រកសត្វព្រៃ​កែវសីមា ជា​តំបន់ការពារធម្មជាតិដ៏​មាន​សារៈសំខាន់​ជាស​កល​សម្រាប់​ការ​អភិរក្ស​ធនធាន​ធម្មជាតិ ជីវចម្រុះ និង​ប្រភេទ​សត្វ​ពានរ ដូចជា ស្វា​កន្ទុយ​ស សត្វ​ទោច​ថ្ពាល់​លឿង ព​ពួក​ខ្លា ដំរី​អាស៊ី សត្វស្លាប រួ​មទាំ​ងព​ពួក​សត្វនិង​រុក្ខជាតិ​ជាច្រើន​ប្រភេទ​ទៀត។

ដែនជម្រកសត្វព្រៃ​កែវសីមាដែល​គ្រប​ដណ្តប់​លើ​ផ្ទៃដី២៩២ ៦៩០ហិ​កតា នៅ​ខេត្តមណ្ឌលគិរី និង​មួយ​ផ្នែក​តូច​នៅ​ខេត្តក្រចេះ ក៏​ជាទី​ជម្រក​ដ៏​កក់ក្តៅ​សម្រាប់​ប្រជា​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ពូន​ង កំពុង​រស់នៅ​ពឹង​អាស្រ័យ និង​ប្រើប្រាស់​ធនធាន​ធម្មជាតិនិង​អនុផល​ព្រៃឈើ សម្រាប់​ទ្រទ្រង់​ជីវភាពរស់នៅ រួម​នឹង​ការអនុវត្ត​ជំនឿ​សាសនា វប្បធម៌ ប្រពៃណី​ជាច្រើន​ជំនាន់​ផង​ដែរ។

អាជ្ញាធរ​ខេត្តចុះប្រតិបត្តិ​ការ​ដក​បង្គោលព្រំ​ដី​ដែល​បោះ​រំលោភ​ដី​ដែនជម្រកសត្វព្រៃ​កែវសីមា ខេត្តមណ្ឌលគិរី ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២០។ (ជន ចាន់​រ៉ែ​ន)

ស្រប​ពេល​ដែល​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ពូន​ងរាប់​រយ​គ្រួសារ កំពុង​មាន​ភាព​រីករាយ​នឹង​ការ​ស្រូប​ទាញ​អត្ថ​ប្រយោជន៍​ពី​វិស័យ​ទេសចរណ៍​ធម្មជាតិ​ទាំងនេះ ប៉ុន្តែ​ពួក​គេក៏​មាន​ក្តី​បារម្ភ​ជា​ខ្លាំង​ផង​ដែរពី​ការបាត់បង់​ដីធ្លីនិង​ព្រៃឈើ ទៅលើ​ក្រុម​ឈ្មួញនិង​អ្នកមាន​អំណាច​មួយចំនួន បើ​ទោះជា​ដី​សហគមន៍​ខ្លះ​បាន​ចុះបញ្ជី​ដី​សមូហភាព​និង​បាន​ទទួល​បណ្ណ​កម្មសិទ្ធិ​ពី​ក្រសួង​ពាក់ព័ន្ធ​ហើយក៏​ដោយ។


មាតិកា


ក្តី​បារម្ភ​របស់​ជនជាតិ​ដើម​ភាគ​តិច​ពូន​ងខេត្តមណ្ឌលគិរី​

លោក បៀល វាន់​ធី សមាជិក​សហគមន៍​ទេសចរណ៍​ធម្មជាតិ​អណ្តូង​ក្រឡឹង ឬជុំរុំ​សត្វ​ទោច​ញី (Jahoo Gibbon Camp​) ស្ថិតនៅ​ឃុំ​សែនមនោរម្យ ស្រុក​អូររាំង ខេត្តមណ្ឌលគិរី បានឱ្យ​ដឹង​ថា សហគមន៍​នេះ បាន​ចុះបញ្ជី​ដី​សមូហភាព​ជនជាតិ​ដើម​ភាគតិច ដែល​ទទួលស្គាល់​ពី​ក្រសួងមហាផ្ទៃ កាលពី​ឆ្នាំ២០០៧ និង​ទទួលបា​នបណ្ណ​កម្មសិទ្ធិ​ដីធ្លី​ពី​ក្រសួង​រៀបចំ​ដែនដី នៅ​ឆ្នាំ២០១២ លើ​ផ្ទៃដី​ជាង១ ៤២០ហិ​កតា និង​មាន​ប្រជាពលរដ្ឋ​រស់នៅ​អាស្រ័យផល​ចំនួន​១៧៥​គ្រួសារ ឬស្មើនឹង៧២៣នាក់។ 

លោក​បន្ត​ថា ប្រជា​សហគមន៍បាន​រស់នៅ​ពឹង​អាស្រ័យ​លើ​មុខរបរ​ធ្វើស្រែ​ចម្ការនិង​អាស្រ័យផល​ពី​ធនធាន​ធម្មជាតិ ដូចជា យក​ឃ្មុំ ផ្កាឈើ វល្លិ និង​បន្លែ​ ជាដើម។ 

បុរស​វ័យ​ជាង៣០ឆ្នាំ​រូប​នេះ បាន​បន្ថែម​ថា បើ​ទោះជា​ដី​សហគមន៍​មាន​បណ្ណ​កម្ម​សិទ្ធិ​ដី​សមូហភាព​ត្រឹមត្រូវ ប៉ុន្តែ​សហគមន៍នៅតែ​ជួប​បញ្ហា​ប្រឈម ដោយសារ​មាន​ឈ្មួញនិង​អ្នកមាន​អំណាច បាន​ទន្ទ្រាន​យក​ដី​បម្រុងទុក​របស់​សហគមន៍​អស់​ចំនួន១១ហិ​កតា ខណៈ​បទល្មើស​ព្រៃឈើ​ហាក់​មានការ​កើនឡើង​ជាង​មុន​ផង​ដែរ។

លោក​បាន​ថ្លែង​ថា៖ «បញ្ហា​ប្រឈម​រឿង​ដីធ្លី​ហ្នឹង​ទើប​កើតឡើង​ថ្មីនេះ​ទេ ចាប់ពី​ឆ្នាំ២០១៧និង២០១៨នេះ​ទេ ដោយសារ​កំណើន​ដី​វា​ឡើងថ្លៃ [មានការ​ទន្ទ្រាន​យក​] ពី​អ្នក​ខាងក្រៅ។ បើ​និយាយ​ពី​សម្រស់​បៃតង មានតែ​នៅ​សហគមន៍​អណ្តូង​ក្រឡឹង​យើង​ទេ ដែល​នៅ​ខៀវ​[មាន​ដើមឈើ​ច្រើន​] បើ​នៅ​ក្រៅពី​ភូមិ​អណ្តូង​ក្រឡឹង​នេះ ឃើញថា សឹងតែ​វាល​ទាំងអស់​ហើយ ព្រោះ​មាន​ជនខិលខូច​មួយចំនួនឆ្លៀតឱកាស​មក​ញុះញង់​សហគមន៍​របស់​យើងឱ្យ​គាត់​មានការ​លក់ដូរ»។

ករណីនេះ លោក​បាន​ស្នើ​ដល់​ក្រសួងបរិស្ថាននិង​មន្ត្រី​ឧទ្យានុ​រក្ស ជួយ​ទប់ស្កាត់​បញ្ហា​ដីធ្លីនិង​បទល្មើស​ព្រៃឈើ​ក្នុង​សហគមន៍ ក៏ដូចជានៅ​តំបន់​មួយចំនួន​ក្នុង​ដែនជម្រកសត្វព្រៃ​កែវសីមា ឱ្យ​មានប្រសិទ្ធភាព។

លោក​បាន​បន្ថែម​ថា៖ «ដី​យើង​មាន​ច្រើន​ប្រភេទ មាន​ទាំង​ដី​កប់​សព ដី​ព្រៃ​តម និង​ដី​បម្រុងទុក។ អ៊ីចឹង​ដី​មួយចំនួន វា​មានការ​កាប់​រាន​លក់ អាច​លក់​ទៅដល់​ដី​ព្រៃ​តម​ទៀត ហើយ​ជនជាតិ​ដើម​ភាគតិច​យើងខ្ញុំ មាន​ជំនឿ​លើ​ព្រៃ ​អារក្ស អ្នកតា ដើមឈើ​ព្រៃ​ធំៗ អ៊ីចឹង​បើ​មានការ​ឈូស​ឆាយ កាប់​វាល វា​ធ្វើ​ឱ្យ​ពួក​ខ្ញុំ​អស់​កន្លែង​ព្រៃ​ជំនឿ​ជាដើម។ ទី២ គឺ​វា​អត់មាន​អនុផល​ព្រៃឈើ​គ្រប់គ្រាន់ ដូច​ពីមុន​មក យើង​ធ្លាប់តែ​ទៅ​ព្រៃ យើង​បាន​បន្លែ​ឬបាន​អនុផល​ព្រៃឈើ​មក​ផ្គត់ផ្គង់​គ្រួសារ​យើង​បាន ប៉ុន្តែ​ដល់ពេល​បាត់បង់​ទៅ យើង​អាច​បាត់បង់​ចំណូល​ដែរ»។

ឈរ​នៅ​ក្រោម​ដើមឈើ​ដែល​មាន​ពណ៌ខៀវ​ស្រងាត់នារ​ដូវ​វស្សា អ្នកស្រី ក្លើ ផឿក អាយុ៥០ឆ្នាំ ជា​ចាស់ទុំ​មួយ​រូប​នៅ​សហគមន៍​ទេសចរណ៍​ធម្មជាតិ​អណ្តូង​ក្រឡឹង ក៏បាន​បង្ហាញ​ការ​ព្រួយបារម្ភ​ពី​ការបាត់បង់​ដី​ព្រៃ​សហគមន៍​ផង​ដែរ ដោយសារ​មានការ​ទន្ទ្រាន​កាន់កាប់​ពី​អ្នក​ខាងក្រៅ ខណៈ​ពលរដ្ឋ​ខាងក្នុង​ខ្លះ​មានការ​យល់ដឹង​តិចតួច បាន​ឃុបឃិត​គ្នា​លក់​ដី​សហគមន៍។ 

អ្នកស្រី​ថា៖ «ប្រែប្រួល​ខ្លះ​ហើយ​សហគមន៍​ហ្នឹង ក្នុង​ព្រៃ​យើង​ធ្លាប់​ដង​ជ័រ យើង​ធ្លាប់​ប្រមូល​ជ័រ ផ្លែ​អង្គុញ និង​ផ្សិត​អី​ជាដើម អាហ្នឹង​មួយ​គីឡូ៣ម៉ឺន​ទៅ៤ម៉ឺន។ ខ្ញុំ​ព្រួយបារម្ភ ខ្លាច​តែ​អស់ ​[ដីនិង​ព្រៃឈើ​] បើ​មាន​ក្រុមហ៊ុន​ចូល យើង​នឹង​អស់​អី​រកស៊ី​ពី​ព្រៃ សព្វថ្ងៃ​ខ្លាច​អ៊ីចឹង​ដែរ បើ​ទោះ​ខ្ញុំ​ចាស់ហើយ តែ​ខ្ញុំ​នៅ​ព្រួយបារម្ភ​កូនចៅ​ទៅមុខ​ទៀត ខ្លាច​អត់មាន​ព្រៃ​ទៀត»។

កញ្ញា​ ខន សុវណ្ណ អាយុ២៩ឆ្នាំ ដែល​បាន​ចុះ​ល្បាត​ព្រៃ​ក្នុង​សហគមន៍​ដែនជម្រកសត្វព្រៃ​កែវសីមា បាន​និយាយ​ថា ពេល​ចុះ​ល្បា​តម្តង​ៗ កញ្ញា​បាន​ជួប​បទល្មើស​កាប់​ត្រាយព្រៃ​ដើម្បី​យក​ដី​ធ្វើ​កម្ម​សិទ្ធិ ការ​កាប់​បំផ្លាញ​ព្រៃឈើ​ប្រណិត និង​មាន​ករណី​ខ្លះ ជនខិលខូច​បាន​ប្រើប្រាស់​ទឹកលុយ​អូសទាញ​ប្រជា​សហគមន៍​ឱ្យ​កាប់​ត្រាយព្រៃ​ដើម្បី​យក​ដី​លក់​ជាដើម។

កញ្ញា សុវណ្ណ អះអាង​ថា បច្ចុប្បន្នក៏​មាន​ជនខិលខូច​មួយចំនួនបាន​មក​បញ្ចុះបញ្ចូល​កញ្ញាឱ្យ​ចូលរួម​សកម្មភាព​លក់​ដី​សហគមន៍​ផង​ដែរ ប៉ុន្តែ​កញ្ញា​បដិសេធ។

កញ្ញា​ថា៖ «ខ្ញុំ​ចង់​ការពារ​ព្រៃ ខ្ញុំ​អត់​ចង់​បាត់បង់ ​[…] បើ​ខ្ញុំ​អត់មាន​លុយ ខែ​ខ្លះ​ខ្ញុំ​អាច​កាប់​ផ្តៅ​លក់ ក៏បាន​លុយ​ដែរ ហើយ​ខ្ញុំ​ដង​ជ័រ​ក៏បាន​លុយ​ដែរ រើស​អង្គុ​ញក៏​បាន​លុយ​ដែរ ប្រមូល​ផល​ផ្សិត​ក៏បាន​ដែរ តែបើ​យើង​លក់​ដី បាន​លុយ​តែមួយ​ភ្លែត ​ចាយ​អស់។ ដី​យើង​អត់មាន​ទេ ខ្ញុំ​គិត​អ៊ីចឹង មាន​គេ​ញុះញង់​ខ្ញុំ​ច្រើន​ដែរ តែ​ខ្ញុំ​អត់​ស្តាប់​គេ​ទេ ខ្ញុំ​គិតថា អនាគត​ មនុស្ស​កើន តែ​ដី​អត់​កើន​ទេ»។

តំបន់​អេកូ​ទេសចរណ៍​អណ្តូង​ក្រឡឹង ឬក្រឡឹង ឬជុំរុំ​សត្វ​ទោច​ញី (Jahoo Gibbon Camp​) ស្ថិតនៅ​ឃុំ​សែនមនោរម្យ ស្រុក​អូររាំង ខេត្តមណ្ឌលគិរី ជា​សហគមន៍​មួយក្នុងចំណោម​សហគមន៍​ជាច្រើនដែល​រស់នៅ​ក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​កែវសីមា។ សហគមន៍​នេះ កំពុង​ទាក់ទាញ​ចំណាប់​អារម្មណ៍​ភ្ញៀវ​ទេសចរបរទេសដើរព្រៃ​ទៅ​ទស្សនា​សត្វព្រៃ​កម្រ​ៗជាច្រើន​ប្រភេទ ជាពិសេស សត្វ​ស្វា​កន្ទុយ​ស និង​សត្វ​ទោច​ថ្ពាល់​លឿង ដែល​ជា​ប្រភេទ​សត្វ​ងាយ​រង​ការ​គំរាមកំហែង ​ស្ថិត​ក្នុង​បញ្ជី​ក្រហម​របស់​អង្គការ IUCN ។

អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​កម្ពុជា WCS បាន​ផ្តួចផ្តើម​រៀបចំ​បង្កើត​សហគមន៍​អេកូ​ទេសចរណ៍​អណ្តូង​ក្រឡឹង កាលពី​ឆ្នាំ២០១៣ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ​និង​អន្តរជាតិ ទៅ​ទស្សនា​កម្សាន្ត​តាមរយៈ​ការ​ដើរ​ក្នុង​ព្រៃ និង​លើកកម្ពស់​ការយល់​ដឹងពី​ការ​អភិរក្ស​ព្រៃឈើនិង​សត្វព្រៃ។ ជា​លទ្ធផល សហគមន៍​នេះ ទទួល​បាន​ភ្ញៀវ​ទេសចរនិង​ចំណូល​បាន​ប្រមាណ៥០០០ ទៅ១០ ០០០ដុល្លារ​ក្នុង​មួយឆ្នាំ និង​បាន​កើន​ដល់១៤ ០០០ដុល្លារ ​ក្នុង​ឆ្នាំ២០១៩កន្លងទៅ។

ក្រៅពី​សហគមន៍​នេះ សហគមន៍​ភូមិ​ពូ​ហ្យាម ដែល​មាន​ភូមិសាស្ត្រ​ក្នុង​ឃុំ​សែនមនោរម្យ​ដែរ​នោះ ក៏​កំពុង​ទាក់ទាញ​ចំណាប់​អារម្មណ៍​ភ្ញៀវ​ទេសចរទៅ​កម្សាន្ត​ទឹកធ្លាក់​ឈ្មោះ លែង​អន​លែង​ឃិន ល្អាង​សត្វ​ប្រចៀវ និង​ទីតាំង​ទេសចរណ៍​បែប​ធម្មជាតិ​ជាច្រើន​កន្លែង​ទៀត អម​ជាមួយនឹង​ការ​ទទួលទាន​អាហារ​ជនជាតិ​ដើម​ភាគតិចដែល​ខ្ចប់​បាយ​ដោយ​ស្លឹកចេក និង​អាហារ​ដាក់​បំពង់​ឫស្សី​ផង​ដែរ។

តែ​យ៉ាងណា ប្រជា​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ពូន​ងដែល​រស់នៅ​ក្នុង​សហគមន៍​នេះ ក៏​មានការ​ព្រួយបារម្ភពី​ការបាត់បង់​ដីធ្លីនិង​បទល្មើស​ព្រៃឈើ​ក្នុង​សហគមន៍​របស់​ពួក​គេ​ផង​ដែរ។

ថ្លែង​ក្នុង​សំ​នៀ​ងរ​ដឺននិង​និ​យា​យមួយៗ អ្នកស្រី សា​រឿន សែន អាយុ៤០ឆ្នាំ ជនជាតិ​ដើម​ភាគតិច​ពូន​ង នៅ​ភូមិ​ពូ​ហ្យាម មានប្រសាសន៍​ថា ស្រប​ពេល​ដែល​មានការ​រីកចម្រើន​វិស័យ​ទេសចរណ៍ សហគមន៍​នេះក៏​ជួបប្រទះ​នូវ​បញ្ហា​ប្រឈម​មួយចំនួន​ផង​ដែរ ដូចជា ការ​កាប់​ឈើ ការ​បរបាញ់​សត្វព្រៃ និង​ការ​ចាប់​យក​ដី​សហគមន៍ នៅតែ​បន្ត​កើតមាននិង​ហួសពី​សមត្ថភាព​ទប់ស្កាត់​របស់​សហគមន៍។ 

អ្នកស្រី​ថា៖ «មាន​បុគ្គល​ខ្លះ ​គេ​ចង់​បង្កើត​កន្លែង​ឯកជន គេ​មក​រឹបអូស​ដី​សហគមន៍ធ្វើជា​ឯកជន​អ៊ីចឹង​ទៅ។ មិនទាន់​មាន​សន្តិភាព​ទេ​កន្លែង​ពួក​ខ្ញុំ​នេះ ប្រជាពលរដ្ឋ​ក្នុង​ភូមិ​ហ្នឹង​ចាប់ផ្តើម​ក្រោកឈរ កុំឱ្យ​គេ​រឹបអូស យើង​មានការ​ព្រួយបារម្ភ [បញ្ហា​ព្រៃឈើនិង​ដី​ព្រៃ​] ក៏​មានការ​ទន្ទ្រាន​ខ្លះ​ៗដែរ ថ្មី​ៗនេះ​ក៏​មាន ពីមុន​ក៏​មាន បើ​គេ​យក អត់មាន​អី​រស់នៅ​ទៀត​ទេ»។

វិធានការ​អាជ្ញាធរ​ខេត្តមណ្ឌលគិរី និង​ក្រសួងបរិស្ថាន​

ស្រប​ពេល​ដែល​មានការ​លើកឡើង​ពី​ការបាត់បង់​ដីធ្លីនិង​ព្រៃឈើពីសំណាក់​ប្រជា​សហគមន៍​ជនជាតិ​ដើម​ភាគតិច​នេះ មន្ត្រី​បរិស្ថាននិង​អាជ្ញាធរ​ខេត្ត រួម​នឹង​ក្រសួង​ពាក់ព័ន្ធ បាន​ទទួលស្គាល់​ថា ពិតជា​មានករណី​ទាំងនេះ​កើតឡើង​ពិតមែន ប៉ុន្តែ​ក្នុង​ទ្រង់​ទ្រា​យតូចៗ​ប៉ុណ្ណោះ ហើយ​អាជ្ញាធរ​ពាក់ព័ន្ធ បាន​និង​កំពុង​ប្រឹងប្រែង​ក្នុង​ការទប់ស្កាត់។

យោង​តាម​របាយការណ៍​របស់​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី ដែល​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០ បានឱ្យ​ដឹង​ថា នៅក្នុង​រយៈពេល៩ខែ​ឆ្នាំនេះ មន្ត្រី​ឧទ្យានុ​រក្ស​បាន​ចុះ​ល្បាត​ក្នុង​តំបន់ការពារធម្មជាតិ​ចំនួន២ ៩៩៥លើក ដោយ​បាន​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​បាន​ចំនួន​១ ៥២៨ករណី ក្នុង​នោះ​បាន​បញ្ជូន​សំណុំរឿង​ទៅ​តុលាការ​ចំនួន៨៤ករណី​, ពិន័យ​អន្តរការណ៍​ចំនួន២៦ករណី​, រឹបអូស​រណារ​យន្ត​បាន​ចំនួន៣៦៤គ្រឿង ចាប់​ឃាត់​រថយន្ត​ចំនួន៣៤គ្រឿង និង​ដោះ​អន្ទាក់​ដាក់​សត្វព្រៃ​ចម្រុះ​សរុប​ចំនួន២ ៩៥៧ខ្សែ។ 

មន្ត្រី​បរិស្ថាន អាជ្ញាធរ​ខេត្ត និង​មន្ត្រី​ឧទ្យានុ​រក្ស ប្រតិបត្តិ​ការ​ដក​បង្គោលព្រំ​ដី​ដែល​បោះ​រំលោភ​ដី​ដែនជម្រកសត្វព្រៃ​កែវសីមា ខេត្តមណ្ឌលគិរី ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២០។ (ជន ចាន់​រ៉ែ​ន)

ប្រធានមន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី លោក កែវ សុភ័គ បានមាន​ប្រសាសន៍​ថា បទល្មើស​ធនធាន​ធម្មជាតិ​ដែល​បាន​កើតឡើង​ក្នុង​ទ្រង់​ទ្រា​យតូចៗ​ ភាគច្រើន​ជា​បទល្មើស​កាប់​រានទន្ទ្រាន​ដី​រដ្ឋ ការ​បរបាញ់​សត្វព្រៃ និង​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ដោយ​ខុសច្បាប់។ 

លោក​បន្ត​ថា៖ «អ្វី​ដែល​យើង​ជួបប្រទះ​ [បញ្ហា​ប្រឈម​] នោះ គឺ​ការ​បរបាញ់​សត្វព្រៃ [របស់​ជនខិលខូច​] បាន​ធ្វើឡើង​នៅក្នុង​ព្រៃ​ជ្រៅ ដែល​ពិបាកធ្វើ​ដំណើរ​ទៅដល់ ជាពិសេស​ក្នុង​ខែវស្សា​នេះ ហើយ​យើង​ឃើញ​ហើយ នៅ​ជុំវិញ​តំបន់​ការពារ​នេះ យើង​មាន​សហគមន៍​ច្រើន​រស់នៅ​ជុំវិញ​ច្រើន និង​ជា​ខេត្ត​មួយ​ដែល​ជាប់​ព្រំប្រទល់​វៀតណាម។ ដូច្នេះ​យើង​មានការ​ពិបាក​ក្នុង​ការទប់ស្កាត់​ព្រានព្រៃ​ដែល​ឆ្លង​ប្រទេស​ចូល​មក ដោយសារ​យើង​មានការ​ពិបាក​ទទួល​ព័ត៌មាន​ផ្នែក​ព្រំដែន ហើយ​មួយចំនួន​ទៀត​យើង​មាន​បញ្ហា​ប្រឈម​ដោយសារ​កត្តា​ជួញដូរ​សត្វព្រៃ​នៅ​តាម​បណ្តា​ខេត្ត​ជាប់​ព្រំដែននិង​ភូមិសាស្ត្រ​ដែល​នៅ​ជុំវិញ​តំបន់​ការពារ​ទាំងនោះ»។

តែ​យ៉ាងណា លោក​ថា​ ជា​យន្តការ​សម្រាប់​មន្ទីរ​បរិស្ថាន​ខេត្ត នៅតែ​បន្ត​សហការ​ជាមួយ​អង្គការ​ដៃ​គូបណ្តា​ខេត្ត​ជាប់​ព្រំប្រទល់និង​សហគមន៍​មូលដ្ឋាន ដើម្បី​ពង្រឹង​ការទប់ស្កាត់​បទល្មើស​ធនធាន​ធម្មជាតិ​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព។

ចំណែកប្រធាន​ការិយាល័យ​ដែនជម្រកសត្វព្រៃ​កែវសីមា លោក ព្រំ វិបុល​រ័ត្ន​នៈ មានប្រសាសន៍​ថា ការ​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​នៅ​តំបន់​ដែនជម្រកសត្វព្រៃ​កែវសីមា មានការ​ថយ​ចុះ​តិចតួច​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន ខណៈ​មន្ត្រី​ឧទ្យានុ​រក្ស​បាន​បង្កើន​សកម្មភាព​ចុះ​ល្បាតនិង​ទប់ស្កាត់​បទល្មើស​ទាំងនោះ។

ក្នុងដំណើរ​ចុះ​ទស្សនកិច្ច​ការងារ​នៅ​ដែនជម្រកសត្វព្រៃ​កែវសីមា ចាប់ពី​ថ្ងៃទី៣ ដល់​ថ្ងៃទី៥ ខែតុលា​នេះ រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន លោក នេត្រ​ ភក្ត្រា មានប្រសាសន៍​ថា តំបន់ការពារធម្មជាតិ​នៅក្នុង​ខេត្តមណ្ឌលគិរី មាន​ចំនួន៦កន្លែង មានផ្ទៃ​ដី​សរុប​ប្រមាណ១លាន​ហិ​កតា រួមមាន ដែនជម្រកសត្វព្រៃ​កែវសីមា ដែនជម្រកសត្វព្រៃ​ស្រែ​ពក ដែនជម្រកសត្វព្រៃ​ណា​មលៀរ ដែនជម្រកសត្វព្រៃ​លំផាត់ ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច និង​របៀង​អភិរក្ស​ជីវចម្រុះ​ឦសាន។ 

រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា ប្រជុំ​ពិភាក្សា​ជាមួយ​អភិបាលរងខេត្ត​មណ្ឌល​គិរិ រួម​នឹង​មន្ត្រី​ពាក់​ព័ន្ធ​ផ្សេង​ៗទៀត អំពី​ផល​ប៉ះពាល់​និង​វិធីសាស្ត្រ​ដោះ​ស្រាយ​ផ្សេង​ៗលើ​បញ្ហា​បរិស្ថាន​ក្នុង​ខេត្តមណ្ឌលគិរី ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០។ (ជន ចាន់​រ៉ែ​ន)

លោក​បន្ត​ថា ការគ្រប់គ្រង​អភិរក្ស​តំបន់ការពារធម្មជាតិ​ទាំងនេះ មន្ទីរ​បរិស្ថាន​ខេត្ត មាន​មន្ត្រី​ឧទ្យានុ​រក្ស​សរុប​ចំនួន១០៤នាក់ ដែល​ចំនួន​នេះ​នៅ​មិនទាន់​ឆ្លើយតប​នៅឡើយ​ជាមួយ​ទំហំដី​ដែល​ត្រូវ​អភិរក្សនិង​ការពារ។ 

លោក​បាន​គូសបញ្ជាក់​ថា៖ «ដោយ​ការ​ខិតខំ​ប្រឹងប្រែង​របស់​មន្ត្រី​ឧទ្យានុ​រក្ស​នៅក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​មកនេះ បទល្មើស​ធនធាន​ធម្មជាតិ​ទ្រុង​ទ្រាយ​ធំ​លែងកើត​មាន​ទៀតហើយ តែ​នៅសល់​បទល្មើស​ទ្រុង​ទ្រាយ​តូច​ដែល​ចាំបាច់​សមត្ថកិច្ច​ជំនាញត្រូវ​បន្ត​ខិតខំ​បន្ថែម​ទៀត​ ដើម្បី​ទប់ស្កាត់និង​បង្ក្រាប​ ដើម្បី​ថែរក្សា​ធនធាន​ធម្មជាតិ ព្រៃឈើ សត្វព្រៃ​ដែល​កម្ពុជា​មាន»។

លោក នេត្រ ភក្ត្រា បាន​បន្ថែម​ថា រហូត​មកទល់​ពេលនេះ ក្រសួង​បាន​ធ្វើ​ឱ្យ​ការ​ការពារនិង​អភិរក្ស​ធនធាន​ធម្មជាតិកាន់តែ​មាន​ភាពល្អ​ប្រសើរ ដែល​ធ្វើ​ឱ្យ​តំបន់ការពារធម្មជាតិ​ខ្លះ ត្រូវ​បាន​វាយតម្លៃ​ថា​មាន​សុវត្ថិភាព ហើយ​ឈាន​ដល់​ការ​លក់​ឥណទាន​កាបូន​ទៅលើ​ទីផ្សារ​ស្ម័គ្រចិត្ត​អន្តរជាតិ ក្នុង​នោះ​ក៏​មាន​ដែនជម្រកសត្វព្រៃ​កែវសីមា ក្នុង​ខេត្តមណ្ឌលគិរី ដែល​បាន​លក់​ឥណទាន​កាបូន​តាំងពី​ឆ្នាំ២០១៦មក។

ជា​ញឹកញាប់ ក្រសួងបរិស្ថានតែងតែ​ចេញ​សារ​ព្រមាន​ពី​ការ​ចាត់វិធានការ​ផ្លូវច្បាប់ទៅលើ​ជនខិលខូចដែល​កាប់​ទន្ទ្រាន​កាន់កាប់​យក​ដី​ក្នុង​តំបន់ការពារធម្មជាតិនិង​ដី​រដ្ឋ រួម​នឹង​បទល្មើស​ធនធាន​ធម្មជាតិ និង​បាន​ចាត់​វិធានការ​ផ្លូវច្បាប់​ទៅលើ​ជនល្មើស​មួយចំនួន។

កាលពីដើម​ខែតុលា ឆ្នាំ២០២០នេះ អនុប្រធាន​នាយកដ្ឋាន​នគរបាល​ការពារ​ព្រំដែន​គោក​ ម្នាក់ ឈ្មោះ ពៅ សុ​ធា​រ៉ា​ន់ រួម​នឹង​មនុស្ស៤នាក់​ទៀត ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​មណ្ឌលគិរី សម្រេច​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ ដោយ​ចោទ​ពី​បទ «កាប់គាស់​រុករាន​ដី​ព្រៃ ឆ្ការ​ដុត និង​ឈូស​ឆាយដី​ព្រៃ​ដើម្បី​យក​ធ្វើជា​កម្មសិទ្ធិ» ខណៈ​សមាជិកព្រឹទ្ធសភា​ម្នាក់ សារភាព​កំហុស​ក្នុងករណី​ស្នើសុំ​សិទ្ធិ​កាន់កាប់​ដីធ្លី​ជាង៥០០ហិ​កតានៅ​ស្រុក​អូររាំង ខេត្តមណ្ឌលគិរី នេះ​ផង​ដែរ។

រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោក ស ខេង កាលពី​ថ្ងៃទី២២ ខែកក្កដា បាន​ចេញ​សេចក្តី​សម្រេច​ស្តី​ពី «ការបង្កើត​ក្រុមការងារ​អន្តរក្រសួង ដើម្បី​ចុះ​សិក្សា​ស្រាវជ្រាវ​លើ​ករណី​ការ​កាប់​រានទន្ទ្រាន​កាន់កាប់​ដី​ព្រៃ​ខុសច្បាប់​ក្នុង​តំបន់ការពារធម្មជាតិ​ក្នុង​ខេត្តមណ្ឌលគិរី» ទៅតាម​ចំណារ​របស់​លោកនាយក​រដ្ឋ​មន្ដ្រី ហ៊ុន សែន ចុះ​កាលពី​ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០។

ពាក់ព័ន្ធ​នឹង​ការងារ​នេះ លោក ស ខេង បាន​ស្នើសុំ​ឱ្យ​មានការ​ជួយ​សម្រួល​ភារកិច្ច​ដល់​អភិបាល​ខេ​ត្ដម​ណ្ឌល​គិរី និង​បញ្ចប់​មុខ​តំណែង​មន្ដ្រី​ចំនួន៩រូប​ទៀតដែល​រក​ឃើញថា មាន​កំហុសនិង​ជាប់ពាក់ព័ន្ធ​នឹង​ការរុករាន ​រួម​ទាំង​ឈូស​ឆាយដី​ព្រៃ​ខុសច្បាប់។

ការយល់ឃើញ និង​អនុសាសន៍​របស់​សង្គម​ស៊ីវិល​

នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លី​កាដ​ូ លោក អំ សំអាត សង្កេតឃើញ​ថា សុវត្ថិភាព​ដីធ្លី​របស់​ប្រជា​សហគមន៍​ជនជាតិ​ដើម​ភាគតិច ហាក់​នៅ​មិនទាន់​មាន​សុវត្ថិភាព​នៅឡើយ ដែល​ទាមទារ​ឱ្យ​អាជ្ញាធរនិង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ជួយ​ទប់ស្កាត់។ 

លោក​ថា៖ «ដូច្នេះ​បញ្ហា​ហ្នឹង អាជ្ញាធរ​ត្រូវ​ចាត់វិធានការ​ឱ្យ​បាន​ម៉ឺង​ម៉ាត់ ទីមួយ ការពារ​ដី​រដ្ឋ ទីពីរ ទប់ស្កាត់​អ្នកមាន​អំណាចនិង​ឈ្មួញ​ទាំងឡាយកុំឱ្យ​រំលោភបំពាន​ទៅលើ​ជនជាតិ​ដើម​ភាគតិច»។

ជាមួយគ្នា​នេះ​ដែរ លោក អំ សំអាត ក៏បាន​បង្ហាញ​ការ​ព្រួយបារម្ភ​ពាក់ព័ន្ធ​នឹង​ករណី​វិវាទ​ដីធ្លីនិង​ការបាត់បង់​ដី​សមូហភាព​របស់​ជនជាតិ​ដើម​ភាគតិច ខណៈ​ដែល​លោក​សង្កេតឃើញ​មាន​បញ្ហា​ដីធ្លី​ខ្លះជាប់ពាក់ព័ន្ធ​នឹង​មន្ត្រី​មួយចំនួន រហូត​ដល់​ថ្មី​ៗនេះ មាន​សមាជិកព្រឹទ្ធសភា​ម្នាក់ក៏​ត្រូវ​បាន​ទទួលការ​ទូន្មាន​ពី​ប្រធាន​ព្រឹទ្ធសភា ទាក់ទង​នឹង​បញ្ហា​ដី​របស់​រដ្ឋ​នេះ​ដែរ។

លោក​បន្ថែម​ថា៖ «យើង​មានច្បាប់​ហើយ អ៊ីចឹង​បុគ្គល​ណាក៏ដោយ រំលោភបំពាន​ទៅលើ​ដី​ព្រៃ​របស់​រដ្ឋ ឬរំលោភបំពាន​លើ​កម្មសិទ្ធិ​របស់​ប្រជាពលរដ្ឋ ជាពិសេសបងប្អូន​ជនជាតិ​ដើម​ភាគតិច ត្រូវតែ​ចាត់វិធានការ​តាមផ្លូវ​ច្បាប់ ដើម្បី​ការពារ​ផលប្រយោជន៍​ជូន​ពួក​គាត់»។

ពាក់ព័ន្ធ​នឹង​ជនជាតិ​ដើម​ភាគតិច​នៅ​ខេត្តមណ្ឌលគិរី​នេះ អង្គការ WCS កំពុង​ជួយ​សម្របសម្រួល​ជាមួយ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ក្នុង​ការ​ជួយ​ដល់​ជនជាតិ​ដើម​ភាគតិច ចុះបញ្ជី​ដី​សមូហភាព​ជនជាតិ​ដើម​ភាគតិច ចំនួន១៧ភូមិ ក្នុង​នោះ មាន​ភូមិ​ចំនួន៧បាន​ចុះបញ្ជី​រួច ខណៈ​ភូមិ​ចំនួន៦ បាន​ដាក់​ឯកសារ​ស្នើសុំ​ជូន​ក្រសួងបរិស្ថាន​ពិនិត្យនិង​សម្រេច​រួចហើយ រី​ឯភូមិ​ចំនួន៤ទៀតស្ថិត​ក្នុង​ដំណាក់កាល​សិក្សា​និង​ពិគ្រោះ​យោបល់​នៅ​ថ្នាក់ក្រោម​ជាតិ។

កាលពី​ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២0 នៅក្នុង​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្រ្តី លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​ទៅ​ក្រសួង​ចំនួន៣ រួមមាន ក្រសួងបរិស្ថាន ក្រសួង​កសិកម្ម និង​ក្រសួង​រៀបចំ​ដែនដី ឱ្យ​ពិនិត្យ​កាត់​ឆ្វៀល​ដី​ជូន​ប្រជាពលរដ្ឋ​ដែល​កំពុង​រស់នៅ​អាស្រ័យផល​ក្នុង​តំបន់​អភិរក្ស តំបន់​សត្វព្រៃ និង​តំបន់​ការ​ពារ​ផ្សេង​ៗរបស់​រដ្ឋ។

ក្នុង​នោះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​សង្កត់​ធ្ងន់​ច្បាស់​ៗថា ចំពោះ​ពលរដ្ឋ​ដែល​កំពុង​រស់នៅ​អាស្រ័យផល​ជាក់ស្តែង​ក្នុង​តំបន់​ដី​រដ្ឋនិង​តំបន់​ការពារ​ទាំងនោះ គឺ​ហាម​កាប់ឆ្ការ​ទន្រ្ទាន​វាទី​យក​ដី​បន្ថែម។

លោក​បាន​បញ្ជាក់​ថា៖ «កន្លងមក លោក​បាន​សង្កេតឃើញ​មានតែ​អ្នកមាន​អំណាចនិង​អ្នកមាន​ទ្រព្យ​ច្រើន បាន​ប្រើ​អ្នកតូច​តាច​ទៅ​កាប់​រុករាន​ទន្រ្ទាន​យក​ដី​ឱ្យ​ខ្លួន។ រី​ឯចំពោះ​ក្រុម​ជនខិលខូច​ដែល​ទៅ​ទន្រ្ទាន​យក​ដី​រដ្ឋ​ក្នុង​មួយ​យប់​ធ្វើ​បាន​ខ្ទម​ពី១០ទៅ២០ ក៏​លោក​បានដឹង ​និង​កំណត់​អត្តសញ្ញាណនិង​មុខសញ្ញា​រួចអស់ហើយ​ដែរ បើ​រក​ឃើញថា ​អ្នក​ទាំងនោះ​បាន​ប្រព្រឹត្ត​មែន​នោះ គឺ​នឹង​ត្រូវ​ចាប់ខ្លួន»៕ 

ក្រៅពី​កាត់​ឆ្វៀល​ដី​ជូន​ប្រជាពលរដ្ឋ​ទៅតាម​ទំហំ​រស់នៅ​ជាក់ស្តែង គឺ​រដ្ឋ​នឹង​បន្ថែម​ជូន​ផ្ទៃដី១០​% ជា​ប្រយោជន៍​រួម​សម្រាប់​សហគមន៍​ប្រើប្រាស់​ជា​ព្រៃ​រក​ឱសថនិង​ជា​ជម្រក​សត្វ​គោក្របី​ស៊ី​ស្មៅ​ជាដើម។ 

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជាក់​សារ​ជាថ្មី​ដល់​មន្រ្តី អ្នកមាន​អំណាច និង​អ្នកមាន​ទ្រព្យធន​ស្តុកស្តម្ភ​ទាំងឡាយ ល្មម​ចេះ​ឆ្អែតនិង​ចេះ​គ្រប់គ្រាន់​ ហើយ​ឈប់​ធ្វើបាប​ប្រជាពលរដ្ឋ​តទៅទៀត។

បើ​តាម​ការ​បញ្ជាក់​ពី​ក្រ​សួង​បរិ​ស្ថាន ប្រទេស​កម្ពុជាមាន​តំបន់ការពារធម្មជាតិនិង​តំបន់​អភិរក្ស​ចំនួន៦៦កន្លែង គ្រប​ដណ្តប់​លើ​ផ្ទៃដី​ជាង៧,៣លាន​ហិ​កតា ស្មើ​ប្រមាណ​ជាង៤១​%នៃ​ផ្ទៃដី​សរុប​របស់​ប្រទេស​កម្ពុជា​៕


ក្រសួង​បរិស្ថាន​ស្នើ​​ WCS​​ ពង្រីក​គម្រោង​ស្រូវ​​ត្រយង​​ទៅ​​​តំប​ន់​​ការ​ពារ​​ធម្ម​ជាតិ​​ផ្សេង​​ទៀត​​

មន្ត្រីជាន់​ខ្ពស់​​ក្រសួងបរិស្ថាន បានស្នើ​អង្គការ​​សមាគមអភិរក្សសត្វព្រៃ​នៅកម្ពុជា (WCS-Cambodia) ពង្រីក​គម្រោង​​ស្រូវ​ត្រយង ទៅកាន់តំបន់​ផ្សេងៗទៀតដែលមានតំបន់ការ​​ពារ​ធម្មជាតិ ដើម្បីពង្រីក​ការផលិត​ស្រូវ​​សរីរាង្គ ការពារបរិស្ថាន និងបង្កើនជីវភាពរបស់ប្រជាពលរដ្ឋ។


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

Leave a Reply

Submit Comment