ផលវិបាក​ដល់​សុខភាព ដោយសារ​ជំនន់​ទឹក​ភ្លៀង​នៅ​រាជធានី​ភ្នំពេញ និង​តាម​ខេត្ត​ជា​ច្រើន

ដោយ ម៉ៅ សុធានី
2020-10-15
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

សកម្មភាព​ប្រជាពលរដ្ឋ​នៅ​ខណ្ឌ​ដង្កោ កំណាត់​ផ្លូវ​ពី​រង្វង់​មូល​កួរ​ស្រូវ មក​ផ្សារ​ព្រែកជ្រៃ កំពុង​ជម្លៀស​ខ្លួន​ចេញ​ពី​កន្លែង​ទឹក​ជំនន់ នៅ​ថ្ងៃ​ទី១៥ ខែ​តុលា ឆ្នាំ២០២០។

សកម្មភាព​ប្រជាពលរដ្ឋ​នៅ​ខណ្ឌ​ដង្កោ កំណាត់​ផ្លូវ​ពី​រង្វង់​មូល​កួរ​ស្រូវ មក​ផ្សារ​ព្រែកជ្រៃ កំពុង​ជម្លៀស​ខ្លួន​ចេញ​ពី​កន្លែង​ទឹក​ជំនន់ នៅ​ថ្ងៃ​ទី១៥ ខែ​តុលា ឆ្នាំ២០២០។

 រូប៖ ពលរដ្ឋ


ក្រសួងសុខាភិបាល​សំណូមពរ​ដល់ ប្រជាពលរដ្ឋ​ឲ្យ​មាន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់​នៃ​ការ​ឆ្លង​រាតត្បាត​ជំងឺតម្កាត់​ផ្សេងៗ និង​គ្រោះថ្នាក់ ដូចជា​ ពស់​ចឹក ឆក់​ខ្សែភ្លើង ក្នុង​ពេល​ជំនន់​ទឹក​ភ្លៀង ដែល​ជន់​លិច​ផ្ទះ​ប្រជាពលរដ្ឋ​រាប់​ម៉ឺន​ខ្នង និង​ត្រូវ​បាន​ជម្លៀស​ទៅ​ទី​ទួល​សុវត្ថិភាព។

ការ​ព្រមាន​នេះ ក្រោយ​ដែល​ទឹក​ជំនន់​វាយ​លុក​រាជធានី និង​ខេត្ត​ក្រុង​ចំនួន ១៩ ផ្សេងទៀត ដែល​នាំ​ឲ្យ​ប៉ះពាល់​ប្រជាពលរដ្ឋ​ជាង ៤ម៉ឺន​គ្រួសារ និង​ខូចខាត​ដំណាំ​អស់​រាប់​សិប​ម៉ឺន​ហិកតារ។

តើ​ប្រជាពលរដ្ឋ​គួរ​មាន​វិធានការ​ដូច​ម្តេច​ខ្លះ ដើម្បី​កាត់​បន្ថយ​ផល​ប៉ះពាល់​ដល់​សុខភាព?

ក្រសួងសុខាភិបាល​ឲ្យ​ដឹង​ថា ផល​វិបាក​ធ្ងន់ធ្ងរ​ដល់​សុខភាព​ដោយសារ​ទឹក​ជំនន់ រួម​មាន​ ជំងឺ​គ្រុន​ចាញ់ គ្រុន​ឈាម គ្រុន​ឈីក (CHIK) រាករូស ការ​ពុល​ចំណី​អាហារ ការ​លង់​ទឹក និង​ពស់​ចឹក​ជា​ដើម។​

អ្នកស្រី​វេជ្ជ​បណ្ឌិត ឱ វ៉ាន់ឌីន អ្នកនាំ​ពាក្យ​ក្រសួង​សុខាភិបាល ប្រាប់​ក្រុម​អ្នក​កាសែត​ថា ក្នុង​អំឡុង​ទឹក​លិច​នេះ​ឲ្យ ប្រជាពលរដ្ឋ​ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ដើម្បី​ជៀសវាង​គ្រោះថ្នាក់​ផ្សេងៗ ជា​យថាហេតុ និង​ជំងឺ​តម្កាត់​នានា។ អ្នកស្រី​បន្ត​ថា ពលរដ្ឋ​ត្រូវ​ឧស្សាហ៍​លាង​ដៃ ទទួល​ទាន​ទឹក​ដាំ​ពុះ ​ត្រូវ​សម្រាន្ត​ក្នុង​មុង ដើម្បី​ការពារ​មូស​ខាំ ដែល​នាំ​ឲ្យ​កើត​ជំងឺ​គ្រុន​ឈាម និង​គ្រុន​ចាញ់៖ «សូម​បង​ប្អូន​រក្សា​អនាម័យ​ដៃ និង​ខ្លួន​ប្រាណ​ឲ្យ​បាន​ស្អាត​ជាប់​ជានិច្ច ត្រូវ​ងូត​ទឹក​សំអាត​ខ្លួន​ប្រាណ​ដោយ​ប្រើ​សាប៊ូ។ ការពារ​នូវ​ការ​ឆ្លង​ជំងឺ​ផ្សេងៗ ដូចជា​ជំងឺ​រាករូស ការ​ពុល​ចំណី​អាហារ ឬ​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​ស្រួចស្រាល់ ជំងឺ​ផ្ដាសាយ ឬ​អាច​ជំងឺ​ឆ្លង​ផ្សេងៗ ទៀត ដែល​យើង​ត្រូវ​ប្រុង​ប្រយ័ត្ន»

បន្ថែម​ពី​នេះ អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល​រូប​នេះ បន្ត​ថា ប្រជាពលរដ្ឋ​ត្រូវ​បរិភោគ​ចំណី​អាហារ ដែល​ស្អាត និង​ចម្អិន​ឲ្យ​ឆ្អិន​ល្អ​ត្រឹមត្រូវ លាង​សំអាត​បន្លែ​ផ្លែ​ឈើ​ឲ្យ​បាន​ស្អាត ពិសា​ទឹក​ដាំ​ពុះ ប្រើប្រាស់​ទឹក​ស្អាត។ ឪពុក​ម្ដាយ ឬ​អាណាព្យាបាល ត្រូវ​ប្រុងប្រយ័ត្ន​កូន​ចៅ​កុំ​ឲ្យ​ហែលទឹក ដែល​អាច​នាំ​ឲ្យ​លង់​ទឹក ឬ​ទឹក​ហូរ​ខ្លាំង​កួច​យក​ទៅ​បាត់។ អ្នកស្រី​ថា ត្រូវ​ប្រុងប្រយ័ត្ន​ពស់​ចឹក នៅ​ពេល​ទៅ​ដល់​ទី​ទួល​សុវត្ថិភាព៖ «សូម​លោក​អ្នក​សម្រាន្ត​ក្នុង​មុង​គ្រប់​ពេល ហើយ​ប្រើប្រាស់​សំលៀក​បំពាក់​វែងៗ ការពារ​មូស​ខាំ ដែល​អាច​នាំ​កើត​ជំងឺ​គ្រុនឈាម​ គ្រុនចាញ់ គ្រុន​ឈឺ​ក និង​ជំងឺ​ផ្សេង​ទៀត ដែល​កើត​ឡើង​ដោយសារ​មូស​ខាំ។ មាតាបិតា​នាំ​កុមារាកុមារី ទៅ​ចាក់​ថ្នាំ​បង្ការ តាម​កាលកំណត់ និង​ផ្តល់​ចំណី​អាហារ​គ្រប់គ្រាន់​ដល់​កុមារ ដើម្បី​ចៀសវាង​បញ្ហា​កង្វះ​អាហារូបត្ថម្ភ»

ពាក់ព័ន្ធនឹង​ជំនន់​ទឹក​ភ្លៀង​នេះ លោក គន់ គីម អនុប្រធាន​ទី១ នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ ប្រាប់​កាសែត​ក្នុង​ស្រុក​កាល​ពី​ថ្ងៃ​ទី១៤ ខែតុលា​នេះ​ថា ទឹក​ជំនន់​នេះ​បណ្ដាល​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ពលរដ្ឋ​ជិត ៤ម៉ឺន​គ្រួសារ ដែល​ក្នុង​នោះ​មាន​ប្រមាណ​ជាង​ ១៤ម៉ឺន​នាក់។ លោក​ថា ទឹក​ជំនន់​នេះ​បណ្ដាល​ឲ្យ​ជន់​លិច ផ្ទះ​ពលរដ្ឋ​ជាង ៤ម៉ឺន​ខ្នង សាលារៀន​ជាង ៣រយ​ខ្នង​ ផល​ដំណាំ​ស្រូវ​ជាង ១១ម៉ឺន​ហិកតារ និង​ដំណាំ​រួម​ផ្សំ​ជិត ៦ម៉ឺន​ហិកតារ​ផ្សេងទៀត ព្រម​ទាំង​ហេដ្ឋារចនាសម្ព័ន្ធ និង​ទ្រព្យ​សម្បត្តិ​រដ្ឋ-ឯកជន​ជា​ច្រើន​ផង​ដែរ។ លោក គន់ គីម បន្ត​ថា ក្នុង​ចំណោម​ខេត្ត​ចំនួន១៩ គឺ​មាន​ខេត្ត៦ ដែល​រង​ផល​ប៉ះពាល់​ធ្ងន់​ជាង​គេ រួមមាន ខេត្ត​ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ ប៉ៃលិន ខេត្ត​កំពង់ស្ពឺ និង​នៅ​ក្នុង​រាជធានី​ភ្នំពេញ។

សកម្មភាព​ប្រជាពលរដ្ឋ​នៅ​ខណ្ឌ​ដង្កោ កំណាត់​ផ្លូវ​ពី​រង្វង់​មូល​កួរ​ស្រូវ មក​ផ្សារ​ព្រែកជ្រៃ កំពុង​ជម្លៀស​ខ្លួន​ចេញ​ពី​កន្លែង​ទឹក​ជំនន់ នៅ​ថ្ងៃ​ទី១៥ ខែ​តុលា ឆ្នាំ២០២០។ រូប៖ ពលរដ្ឋ

សកម្មភាព​ប្រជាពលរដ្ឋ​នៅ​ខណ្ឌ​ដង្កោ កំណាត់​ផ្លូវ​ពី​រង្វង់​មូល​កួរ​ស្រូវ មក​ផ្សារ​ព្រែកជ្រៃ កំពុង​ជម្លៀស​ខ្លួន​ចេញ​ពី​កន្លែង​ទឹក​ជំនន់ នៅ​ថ្ងៃ​ទី១៥ ខែ​តុលា ឆ្នាំ២០២០។ រូប៖ ពលរដ្ឋ


ក្រសួង​សុខាភិបាល​ក៏​បាន​ក្រើន​រលឹក​ដល់​ពលរដ្ឋ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​បន្ថែម​ទៀត ទោះ​បី​ជា​ទឹក​ជំនន់​បាន​ស្រក​ទៅ​វិញ​ហើយ​ក្ដី។ ការ​ប្រុង​ប្រយ័ត្ន​ពី​ផល​ប៉ះពាល់​ដល់​សុខភាព​ទាំង​នោះ ក៏​ដូចជា​ក្នុង​អំឡុង​ពេល​ទឹក​ជន់​ផង​ដែរ។ បន្ថែម​ពី​នេះ នៅ​ពេល​ទឹក​ស្រក​ហើយ​ គឺ​មិន​ត្រូវ​ចូល​ក្នុង​ផ្ទះ ឬ​អគារ​ទ្រុឌទ្រោម ដែល​អាច​បណ្ដាល​ឲ្យ​ធ្លាក់​បាក់​សង្កត់​លើ និង​មិន​ត្រូវ​ប្រើប្រាស់​គ្រឿង​អគ្គិសនី​ជា​ដើម ដែល​នឹង​អាច​នាំ​ឲ្យ​ឆក់​រហូត​ដល់​បាត់បង់​ជីវិត​ជា​ដើម៖ «ក្រោយ​ទឹក​ស្រក​ទៅ ពលរដ្ឋ​ត្រូវ​វិល​ត្រឡប់​ទៅ​ផ្ទះ​សម្បែង ត្រូវ​ពិនិត្យ​សំអាត​ផ្ទះ​សម្បែង មុន​ចូល​ទៅ​នៅ។ ស្ដារ​ទឹក​អណ្ដូង​ឡើង​វិញ កាល​ណា​ទឹក​លិច​អណ្ដូង​លិច​ដោយ​ទឹក​កខ្វក់។ រៀបចំ​បង្គន់​អនាម័យ​ឲ្យ​បាន​ត្រឹមត្រូវ។ ត្រូវ​បន្ត​រក្សា​អនាម័យ ហើយ​បន្ត​សម្រាន្ត​ក្នុង​មុង​រហូត»

លោកស្រី ហេង ហួរ ពលរដ្ឋ​ម្នាក់​រស់​នៅ​ក្នុង​សង្កាត់​ដង្កោ ខណ្ឌ​ដង្កោ ប្រាប់​អាស៊ីសេរី កាល​ពី​យប់​មិញ​ថា ម្តុំ​ផ្ទះ​លោក​ស្រី​នៅ លិច​ខ្លាំង​ណាស់ ហើយ​លោក​ស្រី​សំណូមពរ​ឲ្យ​អាជ្ញាធរ​ជួយ​ដោះ​ស្រាយ​រក​កន្លែង​ស្នាក់​នៅ​សម្រាប់​ពលរដ្ឋ​រង​គ្រោះ​ក្រីក្រ​ដោយសារ​ទឹក​ជំនន់​នេះ៖ «សំណូមពរ​អាជ្ញាធរ​មេត្តា​មក​ជួយ​ដោះ​ស្រាយ​ដោយ​សារ​ពលរដ្ឋ​ខ្វះ​ខាត គ្មាន​ទី​ជម្រក សូម​ឲ្យ​គាត់​ផ្តល់​ជា​កន្លែង​ជម្រក​បណ្ដោះអាសន្ន ព្រោះ​ទឹក​លិច​ខ្លាំង​ណាស់ ដល់​ត្រឹម​ច្រមុះ ហើយ​ទឹក​កាន់​តែ​កើន​ឡើង ហើយ​គ្មាន​លុយ​ជួល​បន្ទប់​ស្នាក់​នៅ ដូច​នេះ​ពិបាក​រស់​នៅ​ណាស់ ហើយ​សូម​ឲ្យ​ជួយ​បណ្ដោះអាសន្ន​សិន»

លោកស្រី​បន្ត​ថា អ្វី​ដែល​ជា​ក្ដី​កង្វល់​បំផុត​នោះ គឺ​បញ្ហា​ប្រព័ន្ធ​លូ ដែល​កំពុង​កក​ស្ទះ ចំណែក​ទឹក​កំពុង​លិច​លង់​នោះ ក៏​មាន​ក្លិនស្អុយ ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​បញ្ហា​សុខភាព​របស់​កូនៗ ខ្លាច​ក្រែង​កើត​ជំងឺ​គ្រុនឈាម។ ចំណែក​ឯ​អាជ្ញាធរ​មូលដ្ឋាន​វិញ លោក​ស្រី​ថា​នៅ មិន​ទាន់​ផ្តល់ ជំនួយ និង​ជម្លៀស​ពលរដ្ឋ​ចេញ​ពី​ផ្ទះ​សម្បែង​នៅ​ឡើយ​ទេ​រហូត​ដល់​ម៉ោង​ផ្សាយ​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

Leave a Reply

Submit Comment