ព្រះមហាក្សត្រ ផ្ញើព្រះ​រាជសាររំលែកទុក្ខ​លំបាក​ជាមួយ​ពលរដ្ឋ​រង​គ្រោះ​ដោយ​ជំនន់ទឹក​ភ្លៀង

បរិស្ថាន | ព័ត៌មានជាតិ | សង្គម
លោកស្រី ពេជ្រ សុធារី | ១៦ តុលា ២០២០ |ម៉ោង ១៨:៥៨
VOD

ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ។ (Royal du Cambodge)

ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ។ (Royal du Cambodge)


ព្រះមហាក្សត្រ រំជួលព្រះរាជ​ហឬទ័យជាខ្លាំង​ និង​ចូលរួមរំលែកទុក្ខលំបាក​ជាមួយប្រជាពល​រដ្ឋ​ដែលរង​គ្រោះដោយ​សារជំនន់ទឹកភ្លៀង ដែលបណ្តាលឱ្យ​មានការ​បាត់បង់ជីវិត និងទ្រព្យ​សម្បត្តិ​ជាច្រើន។

នៅក្នុងព្រះរាជសារ​របស់ព្រះករុណា ​ព្រះបាទ សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ផ្ញើជូន​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី១៦ ខែតុលានេះ មានព្រះរាជបន្ទូលថា ព្រះអង្គរំជួល​ព្រះហឬទ័យជាខ្លាំង ក្រោយពីទទួលបានដំណឹងថា មានប្រជាពលរដ្ឋ​នៅរាជធានីភ្នំពេញ និង​តាមបណ្តាខេត្ត​មួយចំនួន បាន​ទទួលរង​គ្រោះដោយ​ជំនន់ទឹកភ្លៀងក្នុងរយៈពេលប៉ុន្មានថ្ងៃមក​នេះ បណ្តាលឱ្យ​មានការ​បាត់បង់ជីវិត និងខូចខាតទ្រព្យសម្បត្តិ។

ព្រះរាជសារបន្តថា៖ ««ខ្ញុំសូមចូលរួម​រំលែកទុក្ខលំបាក​បងប្អូនប្រជារាស្ត្រនៅទូទាំងប្រទេស​[…] ខ្ញុំសូមជូនពរដល់​បងប្អូន កូនចៅប្រជារាស្ត្រ​កម្ពុជា​ទាំងអស់ បានរួច​ផុតពីគ្រោះមហន្តរាយ​ធម្មជាតិ​ខាង​លើនេះ និងសូមមេត្តា​ការ​ពារ និងថែរក្សា​សុខភាពឱ្យបានល្អ កុំឱ្យ​មានជំងឺ​ឈឺថ្កាត់ផ្សេងៗ»។

ក្នុង​ព្រះរាជសារ ​ព្រះមហាក្សត្រ ​បាន​ថ្លែងអំណរគុណដល់ប្រមុខរាជរដ្ឋាភិបាល ដែលបាន​ចាត់​វិធានការ​ជួយ​ដោះស្រាយ​ និង​​ជម្លៀស​ប្រជាពលរដ្ឋ​ចេញពីតំបន់រង​គ្រោះទៅកាន់ទីតាំង​​សុវត្ថិភាពនានា​បានទាន់ពេលវេលា។​

បើតាមព្រះរាជសារ ព្រះមហាក្សត្រ ក៏បានព្រះរាជទាន​​ព្រះរាជអំណោយ​ជូនប្រជាពលរដ្ឋដែលរងគ្រោះតាមរយៈ ​រដ្ឋមន្ត្រីក្រសួង​ព្រះបរមរាជវាំង លោកចៅហ្វាវាំង គង់ សំអល់ ជាបន្តបន្ទាប់ផងដែរ។

ព្រះកុរណា ព្រះបាទ សម្តេច ​ព្រះ​បរមនាថ នរោត្តម សីហមុនី និងព្រះមហាវររាជមាតាជាតិខ្មែរ បានយាងចាកចេញពីប្រទេសកម្ពុជា​​ ឆ្ពោះទៅកាន់រដ្ឋធានីប៉េកាំង ប្រទេស​ចិន កាល​ពី​ថ្ងៃ​ទី០៦ ខែតុលា ដើម្បីគង់ប្រថាប់​ពិនិត្យ ​និងព្យាបាលព្រះរាជសុខភាព។

យោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ​ គិតចាប់ពីថ្ងៃ​ទី១ ខែកញ្ញា ដល់ព្រឹក​ថ្ងៃទី១៦ ខែតុលា ជំនន់ទឹកភ្លៀង បានបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋ​កើតដល់​ជាង ៥៣០០គ្រួសារ ស្មើនឹង​ជាង​ ២១ម៉ឺននាក់ និងផ្ទះជាង​ ៥ម៉ឺនខ្នង​ ខណៈ​មនុស្សស្លាប់បានកើនដល់១៨នាក់ និង​ប៉ះពាល់ដំណាំស្រូវនិងដំណាំរួមផ្សំផ្សេង​ៗជាច្រើន​ម៉ឺនហិកតា រួមនិងហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

Leave a Reply

Submit Comment