មនុស្ស​​ស្លាប់​​ដោយ​​ទឹក​ជំនន់​​ឡើង​​ដល់​១៨​នាក់​ ខណៈ​​កម្ពុជា​​បន្ត​​ទទួល​រង​​ភ្លៀង​​ធ្លាក់​

បរិស្ថាន | ព័ត៌មានជាតិ | សន្តិសុខ
លោក សូរ្យ ជ័យឧត្ដម | ១៦ តុលា ២០២០ |ម៉ោង ១០:៤៥
VOD

លំនៅឋានពលរដ្ឋដែលកំពុងតែជន់លិចដោយជំនន់ទឹកភ្លៀង ស្ថិតឃុំ កាំងចាម ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០។ (ហ្វេសប៊ុក៖ រដ្ឋបាលខេត្តស្ទឹងត្រែង Stung Treng Provincial Administration)

លំនៅឋានពលរដ្ឋដែលកំពុងតែជន់លិចដោយជំនន់ទឹកភ្លៀង ស្ថិតឃុំ កាំងចាម ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០។ (ហ្វេសប៊ុក៖ រដ្ឋបាលខេត្តស្ទឹងត្រែង Stung Treng Provincial Administration)


​របាយការណ៍​របស់​អាជ្ញាធរ​គ្រោះមហន្តរាយ ឱ្យដឹង​ថា ចំនួន​មនុស្ស​ស្លាប់​ពាក់ព័ន្ធ​នឹង​ទឹកជំនន់​នៅ​កម្ពុជា បាន​កើនឡើង​ដល់១៨នាក់​ហើយ​គិត​ត្រឹម​ថ្ងៃនេះ។

របាយការណ៍​ចេញ​ដោយ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ (គ.ជ.គ.ម​.) ចេញ​នៅ​ព្រឹក​នេះ បង្ហាញថា មនុស្ស១៨នាក់ ក្នុង​នោះ​មាន​ក្មេង៨នាក់​ផង​ដែរ បាន​ស្លាប់​ពាក់ព័ន្ធ​នឹង​ទឹកជំនន់​នៅចន្លោះ​ថ្ងៃទី១ ខែកញ្ញា រហូតដល់​ថ្ងៃទី១៦ ខែតុលា​នេះ នៅ​តាម​បណ្ដា​ខេត្ត​ចំនួន៦នៅ​ទូទាំង​ប្រទេស។

តួលេខ​របស់​ គ.ជ.គ.ម​. បាន​ឱ្យដឹង​ទៀត​ថា ប្រជាពលរដ្ឋ​ដល់ទៅ​ជាង៥ម៉ឺន៣ពាន់​គ្រួសារ (៥៣ ១៦៩​) ឬស្មើនឹង​ជាង២១ម៉ឺន​នាក់ បាន​រង​ផល​ប៉ះពាល់​ពី​ទឹកជំនន់ ហើយ​បាន​ប៉ះពាល់​ដល់​ផ្ទះសម្បែង​ពលរដ្ឋ​ដល់ទៅ៥១ ១៣៣ខ្នង​នៅ​ទូទាំង​ប្រទេស។

របាយការណ៍ ​គ.ជ.គ.ម​. បង្ហាញ​ផង​ដែរ​ថា ស្រូវ​ទំហំ​ដល់ទៅ​ជិត១៤ម៉ឺន​ហិ​កតា ត្រូវ​ទឹកជន់​លិច ក្នុង​នោះ​ស្រូវ​ស្រែ​ទំហំ៧ ២៣១ហិ​កតា បាន​ខូចខាត ខណៈ​ទឹកជំនន់​ក៏បាន​ជន់​លិច​ដំណាំរួមផ្សំ​ផ្សេងទៀត​ដល់ទៅ​ជិត៧ម៉ឺន​ហិ​កតា។

ទន្ទឹមគ្នា​នេះ ហេដ្ឋារចនាសម្ព័ន្ធ​មានផ្លូវ​ជាតិ ផ្លូវ​កៅស៊ូ​ក្នុង​ខេត្ត ផ្លូវលំ​ជនបទ និង​ផ្លូវ​ក្រួសក្រហម​ដល់ទៅ​ជិត២ពាន់​គីឡូម៉ែត្រ​នៅ​ទូទាំង​ប្រទេស បាន​រង​ផល​ប៉ះពាល់​កើត​ចេញពី​ទឹកជំនន់។

ប្រទេស​កម្ពុជា​បាន​ទទួលរង​ទឹកភ្លៀង​ធ្លាក់​ជាបន្តបន្ទាប់​អស់​រយៈពេល​ជិត១០ថ្ងៃ​មក​ហើយ ដែល​បណ្ដាលឱ្យខេត្ត​-រាជធានី​ចំនួន១៩នៅ​ទូទាំង​ប្រទេស រងទឹក​ជំនន់ ខណៈ​ប្រទេស​កម្ពុជា​នឹង​បន្ត​ទទួលរង​ទឹកភ្លៀង​ធ្លាក់​បន្ត​ទៀត​នៅ​ចុង​សប្ដាហ៍​នេះ​៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

Leave a Reply

Submit Comment