សកម្មជន​បរិស្ថាន​រក​ឃើញ​គោយន្ត​ដឹក​ឈើ​ចេញពី​ព្រៃ​ឡង់​មិន​ក្រោម ១០០​គោយន្ត ក្នុង ១ថ្ងៃ

ដោយ ទីន ហ្សាការីយ៉ា
2020-10-15
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

គោយន្ត​កែ​ច្នៃ ដឹក​ឈើ​ចេញ​ពី​ព្រៃ​ឡង់ ដែល​សកម្មជន​ព្រៃ​ឈើ ឃើញ​នៅ​តែ​បន្ត​មាន នៅ​ថ្ងៃ​ទី៩ ខែឧសភា ឆ្នាំ២០២០។

គោយន្ត​កែ​ច្នៃ ដឹក​ឈើ​ចេញ​ពី​ព្រៃ​ឡង់ ដែល​សកម្មជន​ព្រៃ​ឈើ ឃើញ​នៅ​តែ​បន្ត​មាន នៅ​ថ្ងៃ​ទី៩ ខែឧសភា ឆ្នាំ២០២០។

 រូប៖ សកម្មជន​ព្រៃឡង់


សកម្មជន​បរិស្ថាន និង​សហគមន៍​ព្រៃ​ឡង់​ខេត្ត​ព្រះវិហារ អះអាង​ថា ស្ទើរ​ជា​រៀងរាល់ថ្ងៃ​មាន​គោយន្ត​មិន​ក្រោម ១០០​គ្រឿង​នោះ​ទេ ដឹកជញ្ជូន​ឈើ​ចេញពី​ដែន​ជម្រក​សត្វ នៅ​ព្រៃ​ឡង់​លក់​ឱ្យ​ក្រុម​ឈ្មួញ​នៅ​មូលដ្ឋាន។ ការ​លើកឡើង​នេះ ក្រោយ​ពី​ពួក​គេ​បាន​ចុះ​ស៊ើប​អង្កេត​បទល្មើស​ព្រៃឈើ​នៅ​តំបន់​ព្រៃ​ឡង់​ទាំង ៤ខែត្រ​រយៈ​ពេល ១ខែ កាល​ពី​ពេលថ្មីៗ នេះ។

សកម្មជន​បរិស្ថាន​ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី១៣ តុលា​ថា មន្ត្រី​បរិស្ថាន​ដែល​ប្រចាំការ​នៅ​តាម​ស្នាក់​ការ​នីមួយៗ ក្នុង​ខេត្ត​កំពង់ធំ ព្រះវិហារ ស្ទឹង​ត្រែង និង​ខេត្ត​ក្រចេះ មិនបាន​អនុវត្ត​ច្បាប់ព្រៃ​ឈើ​ឱ្យ​មាន​ប្រសិទ្ធ​ភាព​ទេ។ ពួកគេ​អះអាង​ថា មន្ត្រី​បរិស្ថាន​ខ្លះ នៅតែ​ទទួល​លុយ​ពី​ក្រុម​អ្នក​ដឹក​ឈើ​តាម​គោយន្ត​ជា​ថ្នូរ​មិន​អនុវត្ត​ច្បាប់ព្រៃ​ឈើ។

សកម្មជន​បរិស្ថាន​ដែល​ចុះ​អង្កេត​ករណី​នេះ លោក ហេង ស្រស់ អះអាង​ថា ច្រក​ព្រះអាទិត្យ​ក្នុង​ស្រុក​សណ្ដាន់​ខេត្ត​កំពង់ធំ ច្រក​ក្នុង​ឃុំ​ធ្មា​ក្នុងស្រុក​ជ័យសែន និង​ច្រក​មួយ​ចំនួន​ទៀត ក្នុង​ស្រុក​រវៀង ខេត្ត​ព្រះវិហារ មាន​គោយន្ត​ដឹក​ឈើ​ជា​ច្រើន​គ្រឿង​ជា​រៀងរាល់​ថ្ងៃ​ចេញ​ពី​ព្រៃ​ឡង់ ដោយ​គ្មាន​ការ​បង្ក្រាប។ រីឯ​ច្រក​ក្នុង​ឃុំ​កាំង​ចាម និង​ច្រក​ក្នុង​ឃុំ​សៀមបូក​ក្នុង​ខេត្ត​ស្ទឹង​ត្រែង ក៏​មាន​ការ​ដឹក​ឈើ​ចេញ​ពី​ព្រៃ​ឡង់​តាម​គោយន្ត និង​តាម​ផ្លូវ​ទឹក។ លោក​ថា ក្នុង​មួយ​គោយន្ត​អាច​ផ្ទុក​ឈើ​ចាប់ ២ម៉ែត្រ​គូប​ទៅ ៣ម៉ែត្រ​គូប៖ «នៅ​ខាង​ក្រចេះ​ច្រើន​ជាង​គេ បើ​សិន​ជា​យើង​រាប់​គោយន្ត​ទាំង ៤ខែត្រ​ហ្នឹង វា​ឈាន​ចូល​ទៅ​ដល់ ៣០០ ទៅ ៤០០ គោយន្ត​ដែល​ធ្វើការ​កាប់ និង​ដឹកជញ្ជូន​ក្នុង​តំបន់​ព្រៃ​ឡង់។ ក្រឡឹង​ជុំវិញ​ទាំង ៤ខេត្ត​ចូល​ទៅ​ដល់​រាប់​រយ​គោយន្ត»

សកម្មជន​បរិស្ថាន​រូប​នេះ​បន្ថែម​ថា ឈើ​កកោះ​គគីរ​ឈើ​ទាល​ត្រាច និង​ដួង​ចែម ដែល​បន្សល់​ចុង​ក្រោយ​ក្នុង​ព្រៃ​ឡង់​កំពុង​ទទួលរង​ការ​កាប់​ផ្ដួល​ធ្វើ​អាជីវកម្ម។ លោក​បន្ថែម​ថា ក្រុម​អ្នក​ដឹក​ឈើ​បង្ហើប​ថា ពួក​គេ​អាច​ដឹក​ឈើ​ចេញពី​ព្រៃ​ឡង់​បាន ត្រូវ​បង់លុយ​ឱ្យ​មន្ត្រី​បរិស្ថាន​តាម​ស្នាក់​ការ​នីមួយៗ ដោយ​ក្នុង ១គោយន្ត ១៥​ម៉ឺន​រៀល៖ «ច្រក​ព្រះអាទិត្យ​មន្ត្រី​បរិស្ថាន​ទាំង​អស់​ហ្នឹង យក​លុយ​ក្នុង​មួយ​គោយន្ត ១៥ម៉ឺន​រៀល។ នៅ​ខេត្ត​ព្រះវិហារ​ដូចគ្នា​ចេញ​តាម​ច្រក​ស្រុក​រវៀង ច្រក​ឃុំ​ធ្មា​មាន​ទីស្នាក់ការ ៣ នៅ​តំបន់​នោះ»

អាស៊ី​សេរី​បាន​ព្យាយាម​ទាក់ទង អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន​លោក នេត្រ ភក្ត្រា និង​អ្នកនាំពាក្យ​គណៈកម្មការ​ជាតិ​ទប់​ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​លោក អេង ហ៊ី ដើម្បី​សុំ​ការ​បំភ្លឺ​រឿង​នេះ តែ​ទូរស័ព្ទ​ហៅ​ចូល​ច្រើនដង​ពួក​លោក​មិន​លើក​ទូរស័ព្ទ នៅ​ថ្ងៃ​ទី១៣ តុលា។

រីឯ​ប្រធាន​ស្នាក់​ការ​បរិស្ថាន ស្រុក​សណ្ដាន់ ខេត្ត​កំពង់ធំ លោក នួន វ៉ាន់ស៊ុយ បដិសេធ​មិន​អធិប្បាយ​រឿង​នេះ​ទេ ដោយ​អះអាង​ថា លោក​កំពុង​ជាប់​រវល់​សិក្សា។

សកម្មជន​ព្រៃ​ឡង់​ខេត្ត​ព្រះវិហារ​លោក ខេម សុឃី រក​ឃើញ​ថា គ្រាន់តែ​ច្រក​ក្នុង​ឃុំ​ធ្មា ស្រុក​ជ័យ​សែន មាន​គោយន្ត​ដឹក​ឈើ​មិន​ក្រោម ២០​គ្រឿង​នោះ​ទេ ក្នុង​មួយ​យប់ៗ ដែលគេ​ដឹក​លក់​បន្ត​ឱ្យ​ដេប៉ូ​នៅ​ទីរួមខេត្ត​ព្រះវិហារ។ លោក​បារម្ភ​ថា ដើមឈើ​ធំៗ សល់​ចុងក្រោយ​នៅ​ព្រៃ​ឡង់​កំពុង​ប្រឈម​ការ​បាត់បង់​ទាំងស្រុង៖ «ក្នុង​ការ​អនុវត្ត​ច្បាប់​អាច​មាន​ពាក់ព័ន្ធ​គ្នា​ក្នុង​ការប្រព្រឹត្ត​បទល្មើស​ហ្នឹង បន្ធូរបន្ថយ បើ​មិន​មានការ​ពាក់ព័ន្ធ​ទេ យើង​រឹត​បន្តឹង​វា​ចប់​បាត់​ហើយ​បទ​ល្មើស​ហ្នឹង»

សកម្មជន​បរិស្ថាន​បន្ថែម​ថា ព្រៃ​ឡង់​ក្នុង​ខេត្ត​ក្រចេះ ក៏​ទទួលរង​ការ​កាប់ និង​ដឹកជញ្ជូន​ឈើ​យ៉ាង​គគ្រឹកគគ្រេង​ ​ដោយក្រុម​ឈ្មួញ​ដឹក​លក់​ឱ្យ​ក្រុមហ៊ុន​ស៊ីង​បាយ​អូ​ថេ​ក​ (​THINK​ B​I​O​T​E​C​H​ ​CAM​BO​D​I​A​) ​។​ ​ពួកគេ​អះអាង​ថា​ ​មន្ត្រី​បរិស្ថាន​ខ្លះ​ ​ដែល​ឈរ​ជើងការ​ពារ​ព្រៃ​ ​ជុំវិញ​តំបន់​ព្រៃ​ឡង់​ ​នៅតែ​ប្រព្រឹត្ត​អំពើពុករលួយ​ ​ឃុបឃិតជាមួយ​ក្រុម​ជនល្មើស​បំផ្លាញ​ ​ព្រៃ​ឡង់​ដដែលៗ។

អង្គការ​ជីស៊ូត ស័រវីស ខេមបូឌា (Jesuit Service Cambodia) និង​បណ្ដាញ​យុវជន​កម្ពុជា បាន​លាត ត្រដាង​របាយ​ការណ៍​ស្រាវជ្រាវ​ថ្មី​មួយ ចុះ​ផ្សាយ​កាល​ពី​ខែ​សីហា ឆ្នាំ២០២០ បង្ហាញ​ថា ក្នុង​រយៈ​ពេល ២០ឆ្នាំ​ចុង​ក្រោយ​នេះ ទំហំ​ព្រៃ​ឡង់​ជាង ១០ម៉ឺន​ហិកតារ បាន​ក្លាយ​ជា​វាលរហោឋាន។ របាយការណ៍​បន្ថែម​ថា ចាប់​តាំង​ពី​ឆ្នាំ២០០០ រហូត​ដល់​ឆ្នាំ២០១៩ ព្រៃ​ឈើ​នៅ​ក្នុង​តំបន់​ព្រៃ​ឡង់​ចំនួន​ជាង ១សែន​ហិកតារ (១០២.៤៣៦) ឬ​ស្មើនឹង ២៤% ត្រូវ​បាន​បាត់បង់។ បន្ថែម​ពី​នេះ​ទៀត គិត​ត្រឹម​ឆ្នាំ២០១៩ ព្រៃ​ឡង់​ទំហំ​ជិត ៦ម៉ឺន​ហិកតារ (៥៨.១៣៨) ត្រូវ​បាន​បំប្លែង​ទៅ​ជា​ដី​ចម្ការ​ដំណាំ ខណៈ​ផ្ទៃដី​ជាង ១ពាន់​ហិកតារ (១.១១១) ត្រូវ​បាន​ដុះ​ឡើង​វិញ។

ចំណែក​ទិន្នន័យ​ផ្កាយរណប​របស់​មជ្ឈមណ្ឌល​ស្រាវជ្រាវ​រួម (Joint Research Center, JRC) របស់​គណៈកម្មការ​អឺរ៉ុប និង​ទិន្នន័យ​បម្រែបម្រួល​ព្រៃ​ឈើ​សាកល (Global Forest Change) របស់​សាកលវិទ្យាល័យ ម៉ារីលែន (University of Maryland) នៃ​សហរដ្ឋ​អាមេរិក រក​ឃើញ​ថា មាន​ការ​កើន​ឡើង​មិន​ធ្លាប់​មាន​ពី​មុន​មក​នូវ​ការ​បាត់បង់​ព្រៃឈើ​ប្រចាំ​ឆ្នាំ​នៅ​កម្ពុជា ដោយ​គ្រាន់តែ​ក្នុង​ឆ្នាំ២០១៩ មួយ ដែន​ជម្រក​សត្វ​ព្រៃ​ព្រៃ​ឡង់ បាន​បាត់បង់​ព្រៃ​រហូតដល់​ទៅ ៧ពាន់ ៥រយ​ហិកតារ គឺ​ស្មើ​នឹង​ការ​កើន​ឡើង​ដល់​ទៅ ៧៣% ពី​ឆ្នាំ២០១៨ ដែល​មាន​ន័យ​ថា ក្នុង ១ម៉ោង ដែន​ជម្រក​សត្វព្រៃ​ព្រៃ​ឡង់​នេះ​ ​បាត់បង់​ព្រៃ​ស្មើនឹង​ទំហំ​ធំ​ជាង​តារាង​បាល់ទាត់​មួយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

Leave a Reply

Submit Comment