សួន​ច្បារ​សាធារណៈនៅជិតកាស៊ីណូណាហ្គាត្រូវ​បានផ្ទេរឱ្យ​ឧកញ៉ាម្នាក់

ព័ត៌មានជាតិ | អភិបាលកិច្ច
លោក ម៉ិច ដារ៉ា |១៦ តុលា ២០២០ |ម៉ោង ១៨:៤៤
VOD

សួនច្បារក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលត្រូវបានផ្ទេរទៅឱ្យ​អ្នកស្រីជឹង សុភាព​ ថតនាថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០។ (រូបថត៖Michael Dickison)

សួនច្បារក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលត្រូវបានផ្ទេរទៅឱ្យ​អ្នកស្រីជឹង សុភាព​ ថតនាថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០។ (រូបថត៖Michael Dickison)


ផ្ទៃដីជាង ៨០០០ម៉ែត្រក្រឡា នៅកណ្តាលរាជធានីភ្នំពេញ ត្រូវបានផ្តល់ទៅឱ្យអ្នកស្រី ជឹង សុភាព ដែលត្រូវគេស្គាល់ថាជាជំទាវម្នាក់ដ៏លេចធ្លោជាងគេនៅក្នុងប្រទេស ហើយក្រុមហ៊ុនរបស់អ្នកស្រីត្រូវគេអះអាងថាធ្លាប់បានចាក់លុប​បឹងកក់ រួមទាំងទទួលបានដីសម្បទានចំនួន ៣០០ ០០០ ហិកតាផងដែរ​។

នៅសប្តាហ៍នេះ វីអូឌីបានឃើញ​អនុក្រឹត្យរបស់រដ្ឋាភិបាល ដែលបង្ហាញពីការផ្ទេរដីមានទីតាំងជិតកាស៊ីណូណាហ្គាវើល ដែលបច្ចុប្បន្នដីនោះមានបង្គន់សាធារណៈចំនួន ២ ប៉ុស្តិ៍នគរបាលមួយ ការិយាល័យកងរាជអាវុធហត្ថ ចំណតរថយន្ត និងទីធ្លាស្មៅ។

អនុក្រឹត្យដែលចេញកាលពីថ្ងៃទី២៥ ខែមិថុនា ហើយ​​ត្រូវបានចុះហត្ថលេខាដោយ លោក នាយករដ្ឋមន្រ្តីហ៊ុនសែន បានបញ្ជាក់ថាការផ្ទេរដីធ្លីនេះនឹងត្រូវអនុវត្តដោយក្រសួងមហាផ្ទៃ និងសាលារាជធានីភ្នំពេញ។

អនុក្រឹត្យនោះ បានផ្តល់ដី៣កន្លែងខុសគ្នា​​ទៅឱ្យអ្នកស្រី ជឹង សុភាព ដែលក្នុងនោះ​មាន​ដីទំហំ ២ ៣២១ម៉ែត្រក្រឡា ដែលមានទីតាំងទល់មុខណាហ្គាវើលតាមបណ្តោយមហាវិថីព្រះសីហនុ រួមជាមួយនឹងដីទំហំ ៥០០០ម៉ែត្រក្រឡានៅខាងជើងទល់មុខសណ្ឋាគារកាំបូឌីយ៉ាណាតាមបណ្តោយវិថីស៊ីសុវត្ថិ និងទី៣ ដីទំហំ ៩៤១ ម៉ែត្រក្រឡា ក្បែរស្ពានហង្ស កោះពេជ្រ។

អ្នកនាំពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផាន មានប្រសាសន៍ថា លោកមិនបានដឹងព័ត៌មានលម្អិតពីការផ្ទេរនោះទេ ប៉ុន្តែប្រសិនបើលោកហ៊ុនសែនបានយល់ព្រម វាត្រូវតែជារឿងសំខាន់។

លោកបាននិយាយថា៖ «អាហ្នឹងទាល់តែផលប្រយោជន៏សម្រាប់រដ្ឋធំ ដែលវាជាអាទិភាពទើបលោកធ្វើ ព្រោះវាជាការទទួលខុសត្រូវរបស់នាយករដ្ឋមន្ត្រី»

ឆ្លើយតបទៅនឹងសំនួរ​ ដែលសួរពាក់ព័ន្ធទៅនឹងការលើកឡើងរបស់​លោកនាយករដ្ឋមន្រ្តី អំពីរការបញ្ចប់ការផ្លាស់ប្តូរដីធ្លីនៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ លោក ផៃ ស៊ីផាន បាននិយាយថា វាជាបញ្ហាមួយ ដែលត្រូវតែគិតពីអាទិភាពជាមុន។

អ្នកនាំពាក្យរូបនេះបាននិយាយថា៖ «ការថ្លឹងថ្លែងមើលសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ដែលអាទិភាពនឹងដែលបង្ខំចិត្តឱ្យសម្តេចចុះហេត្ថលេខា នេះតាមការយល់ឃើញរបស់ខ្ញុំ»

លោកឃួងស្រេង អភិបាលរាជធានីភ្នំពេញបានបដិសេធមិនធ្វើអត្ថាធិប្បាយនោះទេ។ អ្នកនាំពាក្យសាលារាជធានីលោក ម៉េត មាសភក្តី មានប្រសាសន៍ថា លោកមិនបានទទួលព័ត៌មានអំពីការផ្ទេរដីធ្លីនោះទេ តែលោកនឹងពិនិត្យមើល។​ ជាមួយគ្នានេះដែរ អ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ខៀវ សុភ័គ ក៏បានបដិសេធមិនធ្វើអត្ថាធិប្បាយទេ។

អ្នកស្រី ជឹង សុភាព ដែលត្រូវបានគេស្គាល់ផងដែរថាជា​យាយភូ គឺជាភរិយា​សមាជិកព្រឹទ្ធសភាគណបក្សប្រជាជនកម្ពុជា លោក ឡាវ​ ម៉េងឃីន ហើយជានាយកក្រុមហ៊ុនភាពភីម៉ិច ស៊ូកាគូ និងតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ។

កាលពីឆ្នាំ២០០០ ក្រុមហ៊ុនភាពភីម៉ិច បានទទូលដីសម្បទានសេដ្ឋកិច្ច​ចំនួន​៣១៥​ ០០០ ហិកតា នៅខេត្តពោធិ៍សាត់ និងកំពង់ឆ្នាំង ដែល​ការសម្បទានមួយ​កំណត់ត្រឹម​តែ​១០ ០០០​ហិកតា​តែប៉ុណ្ណោះ។

ជាមួយគ្នានេះក្រុមហ៊ុនស៊ូកាគូ ត្រូវបាន​ផ្តល់​សិទ្ធិ​ឱ្យអភិវឌ្ឍន៍បឹងកក់​នៅកណ្តាលរាជធានីភ្នំពេញ​កាលពីឆ្នាំ២០០៧ ដែល​ពេលនោះ​ផ្ទៃបឹង​ត្រូវចាក់លុប ខណៈអ្នកដែល​រស់នៅទីនោះក៏បាន​ត្រូវបានបណ្តេញ​ចេញ​ដោយ​បង្ខំផងដែរ។

នាយិកា​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា អ្នកស្រី ចក់ សុភាព បានលើកឡើងថា​នីតិវិធីក្នុងការផ្ទេរ​ដី​គឺគ្មានទាំងភាព​ច្បាស់លាស់​ និងតម្លាភាព ជាពិសេស​ទាក់ទងនឹង​ថា​តើ​​ផលប៉ះពាល់​បរិស្ថានត្រូវបានសិក្សា និង​បង្ហាញ​ជាសាធារណៈ​ដែរឬទេ។

អ្នកស្រីបាននិយាយថា៖ «តាមលក្ខខណ្ឌច្បាប់ ការដែលអាចធ្វើអនុនិយោគហ្នឹង​គឺដរាបណាដែលដី ឫក៏ទីតាំងហ្នឹង​ វាលែងបម្រើផលប្រយោជន៏សាធារណៈ។ ចឹងសំនួរដែលចោទសួរនោះថាតើទីតាំងទាំងនោះ ដែលរដ្ឋាភិបាលធ្វើអនុនិយោគហ្នឹង តើវាបាទផលប្រយោជន៏សាធារណះដែរ ឫទេ»

អ្នកនាង អាន ធីតា នាយករង​ក្រុមហ៊ុន​អចលទ្រព្យ​ CBRE កម្ពុជា ដីក្នុង​តំបន់​ដែល​បានផ្ទេរនោះ​ក្នុង​មួយម៉ែត្រការ៉េតម្លៃប្រមាណ​ជា​៥ពាន់ដុល្លា ដែល​មានន័យថា​ដីទាំង​៨០០០ម៉ែត្រការ៉េនោះ​មានតម្លៃ​ប្រមាណ​៤០លានដុល្លា។

អ្នកនាងបាន​បន្ថែមថា​វាជាតំបន់​ដែល​ទាក់ទាញ ប៉ុន្តែអ្នកវិនិយោគ​ត្រូវ​យកចិត្តទុកដាក់​ធ្វើយ៉ាងណាឱ្យគម្រោង​របស់​ខ្លួន​ប្លែក​ពី​គម្រោងនៅក្បែរៗនោះដូចជា​ណាហ្គា the Bridge និង​ផ្សាអ៊ីអនជាដើម៕

រាយការណ៍បន្ថែម​ដោយ Michael Dickison

ប្រែសម្រួលពីអត្ថបទ​ដើម​ដែលជា ភាសាអង់គ្លេស​ ដោយ ពុទ្ធិ ណារោត្


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

Leave a Reply

Submit Comment