អាជ្ញាធរខេត្តបន្ទាយមានជ័យមិនឲ្យលោក កឹម សុខា ចែកអំណោយ តែអ្នកនាំពាក្យថាមកពីជាន់កម្មវិធីគ្នា

កម្ពុជា-សង្គម
16/10/2020 – 08:19
ដោយ៖ អ៊ឹង ប៊ុនថន
RFI

លោក កឹម សុខា ពេលចុះចែកអំណោយដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ នៅក្នុងខេត្តបាត់ដំបង កាលពីថ្ងៃទី១៤ តុលា ២០២០
លោក កឹម សុខា ពេលចុះចែកអំណោយដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ នៅក្នុងខេត្តបាត់ដំបង កាលពីថ្ងៃទី១៤ តុលា ២០២០ © FB

អាជ្ញាធរ​ ឃុំ​ចំណោម​ ស្រុក​មង្គលបូរី​ ខេត្ត​បន្ទាយមានជ័យ​ មិន​ឲ្យ​ក្រុម​លោក​ កឹម សុខា​ ចែក​អំណោយ​ដល់​ជនរងគ្រោះ​ដោយសារ​ទឹក​ជំនន់​នៅ​ទី​នោះ​ទេ​ កាល​ពី​ម្សិលមិញ​ ខណៈ​មន្ត្រី​អតីត​បក្ស​ប្រឆាំង​ ចាត់​ទុក​ថា​ ការ​រារាំង​នេះ​ថា​ជា​ការ​រើសអើង​ផ្នែក​នយោបាយ​។​ ប៉ុន្តែ​អ្នក​នាំ​ពាក្យ​សាលា​ខេត្ត​បន្ទាយមានជ័យ​ អះអាង​ថា​ ការ​ដែល​ថ្នាក់​មូលដ្ឋាន​មិន​អនុញ្ញាត​បែប​នេះ​គឺ​មក​ពី​មាន​ក្រុម​ការងារ​មនុស្សធម៌​ផ្សេង​ទៀត​ត្រូវ​ចុះ​ចែក​អំណោយ​នៅ​ទី​នោះ​ក្នុង​ថ្ងៃ​ជាមួយ​គ្នា​នោះ​ដែរ​។

«វាជាការហួសហេតុ ការយល់ដឹងរបស់អាជ្ញាធរមូលដ្ឋានមានកម្រិត ចែកមិនដាច់រវាងកិច្ចការមនុស្សធម៌ក្នុងគ្រោះគ្រាអាសន្ន ទៅនឹងនិន្នាការនយោបាយ ពោលពួកគាត់នៅមានការរើសអើង»។ នេះគឺជាការគូស​បញ្ជាក់​របស់​លោក មាជ សុវណ្ណរ៉ា ដែល​បាន​រួម​ដំណើរជាមួយ​លោក កឹម សុខា ចុះចែក​អំណោយ​ដល់​ប្រជាជន​ដែល​រងគ្រោះ​ដោយសារ​ទឹក​ជំនន់​នៅខេត្តភាគពាយព្យប្រទេសកម្ពុជា ប្រាប់វិទ្យុ​បារាំង​អន្តរជាតិ RFI នៅថ្ងៃសុក្រនេះ។

បើតាម លោក មាជ សុវណ្ណរ៉ា រដ្ឋាភិបាលគួរបង្ហាញជាសេចក្តីថ្លែងការណ៍ណាមួយបញ្ជាក់ជាសា​ធារណ:​ដើម្បីអោយសប្បុរសជន ធ្វើមនុស្សធម៌ ជួយជនរងគ្រោះដោយសារទឹកជំនន់ ដោយមិនគិតពីនិន្នា​ការនយោបាយ ព្រោះជាការជួយសង្រ្គោះជនរងគ្រោះផ្ទាល់ ដោយមិនបាច់ត្រូវការអនុញ្ញាតិ ក្រៅពីកិច្ចសហការតែប៉ុណ្ណោះ។ នេះជាការចៀសវាង ចោទប្រកាន់គ្នា ដោយបក្សកាន់អំណាច មានលេសថា ពេល​ពលរដ្ឋរងគ្រោះ មិនឃើញបក្សប្រឆាំងអើតក្បាលមកជួយពលរដ្ឋ?។ ចំណែកបក្សប្រឆាំង ក៏មិនមាន​លេសតបតថាមកពីបក្សកាន់អំណាច រើសអើង ក្នុងការងារផ្នែកមនុស្សធម៌។ នេះជាការបន្ថែមរបស់ លោក មាជ សុវណ្ណរ៉ា។

យ៉ាងណាក៏ដោយ លោក លី សារី អ្នកនាំពាក្យសាលាខេត្ត​បន្ទាយមានជ័យ បានអះអាងថា ជាគោល​ការណ៍​របស់ថ្នាក់ខេត្តគឺគ្មានការ​រើសអើង​លើ​ក្រុមអ្នកនយោបាយណាមួយនោះទេ ខណៈ​ពលរដ្ឋ​កំពុង​ត្រូវការ​ជំនួយជាបន្ទាន់នោះ។ ប៉ុន្តែលោក​ថ្លែងថា ការដែល​អាជ្ញាធរ​ថ្នាក់​ក្រោម​មិន​អនុញ្ញាតឲ្យ​ក្រុម លោក កឹម សុខា ចែកអំណោយ​នៅឃុំចំណោម ស្រុកមង្គលបូរី កាលពីថ្ងៃទី១៥តុលា អាចមកពីនៅថ្ងៃជាមួយគ្នានោះ មានក្រុម​ការងារមនុស្សធម៌ផ្សេងទៀត​ចុះ​ចែកអំណោយផងដែរ។

បើតាមលោកដឹង នៅថ្ងៃនោះ គឺមានក្រុម​ការងារ​របស់ លោក កែ គឹមយ៉ាន និង ក្រុមការងារកាកបាទ​ក្រហម​កម្ពុជា ក៏ចុះចែកអំណោយនៅទីនោះដែរ។

គួរកត់​សំគាល់ថា លោក កឹម សុខា បានបង្ហាញវត្តមានជាសាធារណៈញឹកញាប់​ក្នុង​ការ​ចែក​អំណោយ​ដល់​ជន​រងគ្រោះ​ដោយសារទឹកជំនន់ ចាប់តាំងពីថ្ងៃខែកញ្ញាមក ដូចជា នៅខេត្តពោធិ៍សាត់ ខេត្តព្រះសីហនុ និងខេត្តបាត់ដំបងជាដើម តែមិនមានឃើញមានការរារាំងដូចនៅខេត្តបន្ទាយមានជ័យនោះឡើយ​៕

What Next?

Recent Articles

Leave a Reply

Submit Comment