ពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់​ប្រឈម​ខ្វះ​ស្បៀង និង​តង់​ស្នាក់​នៅ

ដោយ ខែ សុណង
2020-10-17
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ពលរដ្ឋ​រងគ្រោះដោយសារទឹក​ជំនន់​នៅ​ខេត្ត​បន្ទាយមានជ័យ រង់ចាំ​ទទួល​អំណោយ នៅ​ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០។

ពលរដ្ឋ​រងគ្រោះដោយសារទឹក​ជំនន់​នៅ​ខេត្ត​បន្ទាយមានជ័យ រង់ចាំ​ទទួល​អំណោយ នៅ​ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០។

 រូប៖ ក្រសួង​មហាផ្ទៃ


ពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់ រស់នៅ​រាជធានី​ភ្នំពេញ​ ​និង​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​ទៀត​ត្អូញត្អែរ​ ​ខ្វះ​ស្បៀង និង​តង់​សម្រាប់​ស្នាក់​នៅ​លើ​ទី​ទួល​សុវត្ថិភាព​ ​ស្រប​ពេល​ដែល​ស្ថានភាព​ទឹកជំនន់​នៅតែ​អូស​បន្លាយពេល។ ពួកគេ​អះអាង​ថា ពលរដ្ឋ​ទីទ័លក្រ​មួយ​ចំនួន​ ​នៅ​មិនទាន់​ទទួល​បាន​ជំនួយ​មនុស្សធម៌​នៅឡើយ​ទេ។ មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​ថា​ ​រដ្ឋាភិបាល​កំពុង​ប្រឹងប្រែង​ផ្តល់​ជំនួយ​មនុស្សធម៌ និង​សង្គ្រោះ​ពលរដ្ឋ។

ពលរដ្ឋ​ជាច្រើន​គ្រួសារ ដែល​បន្ត​រស់នៅ​លើ​ទី​ទួល​សុវត្ថិភាព ក្នុង​ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ កំពុង​ដង្ហើ​យ​រក​ជំនួយ​មនុស្សធម៌​ជា​បន្ទាន់ ព្រោះ​ប្រឈម​ជំងឺ និង​អាកាសធាតុ។

ពលរដ្ឋ​រស់នៅ​សង្កាត់​ព្រែក​កំពឹស​ខណ្ឌ​ដង្កោ លោកស្រី ផន ណារី ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី១៦ តុលា​ថា គ្រួសារ​លោកស្រី​ទីទ័លក្រ និង​មាន​កូនខ្ចី​អាយុ ២ខែ កំពុង​រស់នៅ​ក្នុង​តង់​ហាលថ្ងៃ​ ​ហាលភ្លៀង​រយៈ​ពេល ៤ថ្ងៃ​មក​ហើយ​ដោយ​មិនទាន់​ទទួល​បាន​ជំនួយ​មនុស្សធម៌​ ​ពី​រដ្ឋាភិបាល​នៅឡើយ​ទេ​។​ ​លោកស្រី​ថា មាន​ពលរដ្ឋ​ជាច្រើន​គ្រួសារ​ ​កំពុង​លំបាក​វេទនា​ ​ខ្វះ​ស្បៀង​ ​គ្មាន​ជម្រក​ស្នាក់​នៅ​ ​និង​ខ្វះ​ទឹក​ស្អាត​ជាដើម៖ «ខ្វះខាត​អង្ក​អ៊ីចឹង​ទៅ​ ​គ្រឿងគ្រៅ​ហូប​ ​ស្ករ​ប៊ីចេង​ ​គ្មាន​នរណា​ចែក​អំណោយ​អី​ផង​ ​អត់​ទាំង​អស់ហ្នឹង​។​ ​បើ​លិចទឹក​អស់ហើយ​ ​ពួក​ខ្ញុំ​រស់នៅ​មាត់​ស្ទឹង​ ​ពួក​ខ្ញុំ​រត់ឡើង​លើ​ទាំង​អស់ហ្នឹង​។​ ​សុទ្ធតែ​លិច​ខ្លាំង​បាន​រត់​មក»។

ចំណែក​ ​ពលរដ្ឋ​ម្នាក់ទៀត​ ​រស់នៅ​ខណ្ឌ​ដង្កោ​ ​លោកស្រី​  ​គង់​ ​វ​ន្នី ​ប្រាប់​អាស៊ី​សេរី​ថា​ ​ទឹកជំនន់​បាន​ជន់​លិច​ផ្ទះ​របស់​លោកស្រី​ ​៤​ថ្ងៃ​មក​ហើយ​ ​ហើយ​បច្ចុប្បន្ន​គ្រួសារ​លោកស្រី​កំពុង​បន្ត​រស់នៅ​ ​លើ​ទីកន្លែង​មាន​សុវត្ថិភាព​ ​ជាប់​ផ្លូវជាតិ​ក្នុង​រាជធានី​ភ្នំពេញ​។​ ​លោកស្រី​ត្អូញ​ថា​ ​ពួកគាត់​បាន​ជម្លៀស​ពី​ផ្ទះ​ ​មក​រស់នៅ​លើ​ទី​ទួល​សុវត្ថិភាព​ជាច្រើន​ថ្ងៃ​មក​ហើយ​ ​មិនទាន់​ឃើញ​ ​អាជ្ញាធរ​ណា​ ​មកសួរសុខទុក្ខ​នៅឡើយ​ទេ៖ «ខ្វះខាត​អាហារ​ហូបចុក​ ​លុយកាក់​ ​អង្ករ​ប្អូន​អើយ​។​ ​បើ​លិច​ខាងនោះ​ ​ខាង​នេះ ហើយ​ដេក​ហាលភ្លៀង តង់​ក៏​អត់មាន​ចង់​ ​ខ្ញុំ​មក​នៅ​ទីនេះ​ ​ដោយសារ​ចិញ្ចើមថ្នល់​គេ​ហ្នឹង​ ​៣ ទៅ ៤ថ្ងៃ ទាំង​ថ្ងៃ​ហ្នឹងហើយ»។

ឆ្លើយតប​រឿង​នេះ អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ លោក ឃុន សុខា ថ្លែង​ថា រដ្ឋាភិបាល និង​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ កំពុង​ផ្តល់​ជំនួយ​មនុស្សធម៌​ជួយសង្គ្រោះ​ពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​ទឹកជំនន់។ ក៏ប៉ុន្តែ​លោក​មិន​បញ្ជាក់​លម្អិត​ថា មកទល់​ពេលនេះ​រដ្ឋាភិបាល​បាន​ចំណាយ​ថវិកា​អស់​ចំនួន​ប៉ុន្មាន​ហើយ​នោះ​ទេ។ លោក​បន្ថែម​ថា រដ្ឋាភិបាល បាន​បញ្ជា​កងកម្លាំង​ចែកចេញជា​ពីរ​ផ្នែក​ទី១ សមត្ថកិច្ច​ជាង ១ពាន់​នាក់ អន្តរាគមន៍​រុករក និង​ជួយសង្គ្រោះ​ពលរដ្ឋ​ដល់​ទីតាំង ហើយ​ទី២ សមត្ថកិច្ច​ថ្នាក់​ខេត្ត​មាន​ ​មន្ត្រី​អាវុធហត្ថ និង​នគរបាល​សហការ​ជួយ​ដឹកជញ្ជូន​ស្បៀង​ចែក​ជូន​ពលរដ្ឋ​ដល់​ផ្ទះ​ ​និង​ទីកន្លែង​ដែល​ពលរដ្ឋ​ស្នាក់​នៅ​បណ្ដោះអាសន្ន៖ «យើង​កំពុង​តាមដាន​ ​រហូតដល់​យប់មិញ​នេះ​ ​យើង​មិនទាន់​ផុត​ពី​គ្រោះអាសន្ន​ទេ​ ​យើង​កំពុង​ប្រឈម។ ពេល​យើង​ជម្លៀស​​​ពលរដ្ឋ​ទៅកាន់​ទី​ទួល​សុវត្ថិភាព​ ​គឺ​ទីនោះ​ ​ចែក​ជំនួយ​សង្គ្រោះ​មួយ​ហើយ ទី២ ប្រជាពលរដ្ឋ​ដែល​មិនទាន់​បាន​ជម្លៀស​គឺ​នៅ​តាម​លំនៅឋាន​ ​ជាពិសេស​គឺ​ពលរដ្ឋ​ខ្វះខាត ជួប​ការលំបាក គឺ​យើង​ចែក​នៅ​តាម​លំនៅឋាន​របស់​គាត់​តែ​ម្តង»។

ចំណែក​អភិបាល​រាជធានី​ភ្នំពេញ​លោក ឃួង ស្រេង បាន​ប្រាប់​កាសែត​ក្នុងស្រុក​ថា មក​ទល់​ថ្ងៃ​ទី១៦ តុលា ពលរដ្ឋ​ជាង ៥ពាន់​គ្រួសារ (៥.០០០) ត្រូវ​បាន​ជម្លៀស​មកកាន់​ទី​ទួល​សុវត្ថិភាព ហើយ​អាជ្ញាធរ​កំពុង​ជួយ​មើល​ថែ​ពលរដ្ឋ​យ៉ាង​យកចិត្តទុកដាក់។ លោក​ថា ពលរដ្ឋ​រស់នៅ​រាជធានី​ភ្នំពេញ ដែល​ត្រូវ​ជម្លៀស​មក​កន្លែង​មាន​សុវត្ថិភាព​នេះ រួម​មាន​នៅ​ខណ្ឌ​កំបូល ពោធិ៍​សែន​ជ័យ និង​ខណ្ឌ​ដង្កោ។

របាយការណ៍​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ឱ្យ​ដឹង​ថា គិត​ត្រឹម​រសៀល​ថ្ងៃ​ទី១៦ តុលា​នេះ មាន​ពលរដ្ឋ ១៨នាក់​ហើយ បាន​ស្លាប់​ដោយសារ​គ្រោះ​ទឹកជំនន់។ ទឹក​ជំនន់​បាន​បង្ក​ផល​ប៉ះពាល់​ពលរដ្ឋ​ជាង ២សែន​នាក់ (២១១.០០០) ក្នុង​នោះ​ជាង ២ម៉ឺន​នាក់ (២៥.០០០) ត្រូវ​ជម្លៀស​ចេញ​ពី​លំនៅឋាន​ខូច​ខាត​ស្រូវ​ជាង ១សែន ៣ម៉ឺន​ហិកតារ (១៣៧.០០០) និង​ដំណាំ​ផ្សេងៗ ជាង ៦ម៉ឺន​ហិកតារ (៦៧៥.០០)។ លើស​ពី​នេះ ទឹកជំនន់​បាន​ធ្វើ​ឱ្យ​ខូច​ខាត​ហេដ្ឋារចនាសម្ព័ន្ធ ដូច​ជា ទំនប់​ទឹក ស្ពាន ផ្លូវ​ថ្នល់ និង​ផ្លូវលំ​តាម​ជនបទ​ជា​ច្រើន​កន្លែង​ទៀត។

ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព លោក យង់ គិមអេង សង្កេតឃើញ​ថា ពលរដ្ឋ​ជម្លៀស​ទៅកាន់​ទី​ទួល​សុវត្ថិភាព កំពុង​ប្រឈម​ខ្វះ​ស្បៀងអាហារ និង​ទី​ជម្រក​បណ្ដោះអាសន្ន​អាជ្ញាធរ​គួរតែ​ពន្លៀន​ជួយ​អន្តរាគមន៍​ជា​បន្ទាន់​មិន​គួរ​អូស​បន្លាយពេល​នោះ​ទេ។ លោក​ចាត់​ទុក​គ្រោះ​ទឹកជំនន់​ឆ្នាំ​នេះ កាន់តែ​ធ្វើ​ឱ្យ​ពលរដ្ឋ​លំបាក​វេទនា ផ្នែក​សេដ្ឋកិច្ច និង​ជីវភាព​មួយ​កម្រិត​ទៀត ជា​ពិសេស​ពលរដ្ឋ​ដែល​ជាប់​បំណុល​ធនាគារ និង​មីក្រូ​ហិរញ្ញវត្ថុ៖ «គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​គួរតែ​ផ្តល់​ជួយ​ជ្រោមជ្រែង​ឱ្យ​ពួក​គាត់​មាន​អាហារ​ហូបចុក និង​អាហារ​ការ​ស្នាក់​នៅ​ជា​រឿង​មួយ​សំខាន់​ណាស់​រួម​ទាំង​ថ្នាំ និង​ទឹក​ស្អាត​ទាំង​អស់ហ្នឹង»។

គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ ឱ្យ​ដឹង​ថា គ្រោះ​ទឹកជំនន់​បង្ក​ប៉ះពាល់​ដល់​ពលរដ្ឋ​ចំនួន ១៩ខេត្ត​ក្រុង​ក្នុង​នោះ​មាន​ខេត្ត​ពោធិ៍សាត់ បាត់​ដំបង​ប៉ៃលិន បន្ទាយ​មានជ័យ និង​ខណ្ឌ​ដង្កោ​ក្នុង​រាជធានី​នៅ​ភ្នំពេញ​រងគ្រោះ​ធ្ងន់ធ្ងរ​ជាង​គេ។ លើស​ពី​នេះ​នៅ​ខេត្ត​បន្ទាយ​មានជ័យ ជាប់​ព្រំដែន​ថៃ​អាជ្ញាធរ​ខេត្ត​នេះ​កំពុង​ត្រៀម​កម្លាំង​សង្គ្រោះ​ពលរដ្ឋ​ក្រោយ​ពី​ប្រទេស​ថៃ​បាន​ជូនដំណឹង​ថា អាជ្ញាធរ​ថៃ​អាច​នឹង​បើក​ទំនប់ទឹក​នៅ​ពេល​ឆាប់ៗ ​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

2 Responses to "ពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់​ប្រឈម​ខ្វះ​ស្បៀង និង​តង់​ស្នាក់​នៅ"

  1. Anonymous says:

    Strange country’ dark country ‘ look at the other countries in the world’ they are at least they prepare the big hall or tense to rescue big emergency problem ‘ but this country leaded by Veitcong mafia dictator and his groups are useless ‘ no brain ‘this beast regime only suck money to feed their families to become rich and never care about nation or country’

  2. Anonymous says:

    WELL … let make HUN SEN selling his three watches at lease we can get ten million to buy ten for this poor people . HUN SEN should think how do he felling if he stay on the road without roof . sorry I do not think this evil can think that fare if he can only think a bit he must be crying.

Leave a Reply

Submit Comment