សកម្មជន​បក្ស​សង្គ្រោះ​ជាតិ​គ្រោង​ធ្វើ​បាតុកម្ម​ប្រឆាំង​វត្តមាន​ចិន​នៅ​កម្ពុជា ស្រប​ពេល​សង្គម​ស៊ីវិល​យក​ថ្ងៃ​ទី២៣ តុលា ជួបជុំ​រំលឹក​ខួប ២៩ឆ្នាំ នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស

ដោយ ខែ សុណង
2020-10-18
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

រូបភាព​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ នៅ​ប្រទេស​ជប៉ុន ​ប្រមាណ ៣០០នាក់ នាំ​គ្នា​ធ្វើ​បាតុកម្ម នៅ​ទីក្រុង​តូក្យូ (TOKYO) កាល​ពី​ថ្ងៃ​ទី៨ ខែ​កុម្ភៈ ឆ្នាំ២០២០។

រូបភាព​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ នៅ​ប្រទេស​ជប៉ុន ​ប្រមាណ ៣០០នាក់ នាំ​គ្នា​ធ្វើ​បាតុកម្ម នៅ​ទីក្រុង​តូក្យូ (TOKYO) កាល​ពី​ថ្ងៃ​ទី៨ ខែ​កុម្ភៈ ឆ្នាំ២០២០។

 រូប៖ ហ្វេសប៊ុក​លោក ហៃ វណ្ណា


សកម្មជន​បក្ស​សង្គ្រោះ​ជាតិ​អះអាង​ថា ពួកគេ​គ្រោង​ជួបជុំ​គ្នា​ធ្វើ​បាតុកម្ម​នៅ​តាម​បណ្ដា​ប្រទេស​នានា មួយ​ចំនួន ដើម្បី​ប្រឆាំង​វត្តមាន​ចិន​នៅ​កម្ពុជា។ គម្រោង​នេះ​គឺ​ស្រប​ពេល​ដែល​សង្គម​ស៊ីវិល ក៏​យក​ថ្ងៃ​ទី២៣ ខែតុលា នេះ ជួបជុំ​រំលឹក​ខួប​២៩ឆ្នាំ នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ដើម្បី​ទាមទារ​ឲ្យ​មេដឹកនាំ​របប​ក្រុង​ភ្នំពេញ និង​អ្នកនយោបាយ​វិល​មក​គោរព​កិច្ចព្រមព្រៀង​នេះ​ឡើង​វិញ។

សកម្មជន​បក្ស​សង្គ្រោះ​ជាតិ​គ្រោង​បាតុកម្ម​ប្រឆាំង​វត្តមាន​ចិន​នៅ​កម្ពុជា ស្រប​ពេល​ដែល​សង្គម​ស៊ីវិល យក​ថ្ងៃទី២៣ ខែតុលា​នេះ ជួបជុំ​រំលឹក​ខួប​ ២៩ឆ្នាំ នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស នៅ​ទីលាន​ប្រជាធិបតេយ្យ។

ប្រធាន​ចលនា​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ប្រទេស​ជប៉ុន លោក ហៃ វណ្ណា មាន​ប្រសាសន៍​ថា ក្រុម​បាតុករ​នឹង​ទៅ​ជួបជុំ​តវ៉ា​មុខ​ស្ថានទូត​ចិន​ប្រចាំ​នៅ​ប្រទេស​ជប៉ុន នៅ​ថ្ងៃ​ទី២៣ ខែតុលា ខាងមុខ​នេះ​ដើម្បី​បង្ហាញ​ពី​ការ​មិន​ពេញ​ចិត្ត និង​ប្រឆាំង​ដាច់ខាត​ចំពោះ​វត្តមាន​ចិន​នៅ​កម្ពុជា ដែល​គេ​សង្ស័យ​ថា កំពុង​ប្រើ​ឥទ្ធិពល​របស់​ខ្លួន​គ្រប​ដណ្ដប់​មក​លើ​ដែន​អធិបតេយ្យ​របស់​ខ្មែរ នឹង​យក​កម្ពុជា​ជា​ចំណាប់​ខ្មាំង​របស់​ខ្លួន។ លោក​ថា ជា​ពិសេស ក្នុង​កាលៈទេសៈ​បច្ចុប្បន្ន រដ្ឋាភិបាល​កម្ពុជា​កំពុង​មាន​ភាព​លម្អៀង​ទៅ​រក​មហាអំណាច​ចិន ដែល​នាំ​ហានិភ័យ​ដល់​សន្តិសុខ​តំបន់៖ «យើង​ត្រូវ​មើល​ឡើង​វិញ​នៅ​អត្ថន័យ​នៅ​ក្នុង​សន្ធិសញ្ញា​ទីក្រុង​ប៉ារីស គឺ​ចែង​ថា​ឲ្យ​កម្ពុជា​គោរព​លទ្ធិ​ប្រជាធិបតេយ្យ​ចិន​ក៏​ជា​សាក្សី​ដែរ អ៊ីចឹង​ចិន​ត្រូវ​តែ​គោរព​អ្វី​ដែល​ខ្លួន​បាន​អះអាង​ថា​ខ្លួន​ជា​ហត្ថលេខី​មួយ​ក្នុង​ហ្នឹង ហើយ​កំពុង​យក​បញ្ហា​នេះ​ទៅ​ជាន់​ឈ្លី ទៅ​ជ្រៀតជ្រែក​បញ្ហា​ផ្ទៃ​ក្នុង ជាពិសេស​ផ្នែក​នយោបាយ​និង​លទ្ធិប្រជាធិបតេយ្យ​ហ្នឹង​គឺ​ចិន ចង់​បញ្ចូល​ឥទ្ធិពល​កុម្មុយនិស្ត​របស់​ខ្លួន​ក្នុង​ប្រទេស​កម្ពុជា»

ការ​លើកឡើង​នេះ បន្ទាប់​ពី​អ្នក​វិភាគ និង​សាធារណជន​មើល​ឃើញ​ថា ចិន​កំពុង​បង្កើន​ឥទ្ធិពល​អំណាច​របស់​ខ្លួន​មក​លើ​ប្រទេស​កម្ពុជា តាមរយៈ​ជំនួយ​ឥត​សំណង បង្កើន​ការ​វិនិយោគ​ក្នុង​ប្រទេស​កម្ពុជា និង​ពង្រឹង​ទំនាក់ទំនង​រវាង​មេដឹកនាំ​ប្រទេស​កុម្មុយនិស្ត​មួយ​នេះ​ជាមួយ​មេដឹកនាំ​កម្ពុជា។

រីឯ​ក្រុមហ៊ុន​របស់​ចិន​ដែល​មក​បោះ​ទុន​រក​ស៊ី​នៅ​កម្ពុជា​វិញ ខ្លះ​បង្កើត​ទំនាស់​រ៉ាំរ៉ៃ​ជាមួយ​ពលរដ្ឋ​មូលដ្ឋាន ខ្លះ​ទៀត​រង​ការ​ចោទ​ប្រកាន់​រឿង​បំផ្លាញ​បរិស្ថាន និង​មួយ​ចំនួន​កំពុង​ជាប់​សង្ស័យ​ពី​រឿង​អនុវត្ត​គម្រោងការណ៍​សម្ងាត់​ឱ្យ​យោធា​ចិន។ ជាឧទាហរណ៍​ ក្រុមហ៊ុន យូឌីជី (UDG) កំពុង​ស្ថាបនា​វាល​យន្តហោះ​ខ្នាត​ធំ និង​កំពង់​ផែ​ទឹក​ជ្រៅ​នៅ​ក្នុង​ខេត្ត​កោះកុង ដែល​ត្រូវ​បាន​ក្រុម​អ្នក​ជំនាញ​ផ្នែក​សន្តិសុខ​វាយ​តម្លៃ​ថា ជា​ទីតាំង​ដែល​យន្ត​ហោះ និង​នាវា​ចម្បាំង​របស់​ចិន​អាច​ចូល​ចត​បាន។

គឺ​ទីតាំង​របស់​ក្រុមហ៊ុន​យូឌីជី និង​មូលដ្ឋាន​ទ័ព​ជើង​ទឹក​រាម​នេះ​ហើយ ដែល​ក្រុម​អ្នក​ជំនាញ​សន្តិសុខ​អន្តរជាតិ ព្រួយ​បារម្ភ​ថា អាច​ជា​ទីតាំង​ឈរជើង​របស់​យោធា​ចិន​នៅ​កម្ពុជា។

ក្នុង​គម្រោង​វិនិយោគ​នៅ​កម្ពុជា​នេះ សហរដ្ឋ​អាមេរិក​បាន​ដាក់​ទណ្ឌកម្ម​ក្រុម​ហ៊ុន​ចិន​មួយ​ឈ្មោះ យូ ឌីជី (UDG) ដែល​ពាក់ព័ន្ធ​នឹង​ការរំលោភ​សិទ្ធិ​មនុស្ស​ក្នុង​គម្រោង​វិនិយោគ​របស់​ខ្លួន ក្រោម​ច្បាប់ ក្លូបល មែកនីតស្គី អ៊ែកធ៍ (Global Magnitsky)។ ក្រសួង​រតនាគារ​អាមេរិក​ថា ចិន បាន​ប្រើប្រាស់​គម្រោង​របស់​ក្រុមហ៊ុន​នេះ​នៅ​កម្ពុជា ដើម្បី​ពង្រីក​មហិច្ឆតា​របស់​ខ្លួន​ក្នុង​ការពង្រីក​អំណាច​របស់​ចិន​នៅ​លើ​សាកលលោក។

នៅ​ថ្ងៃ​ទី២៣ តុលា ខាងមុខ​នេះ​ដែរ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ប្រមាណ ១ពាន់​នាក់​ក៏​គ្រោង​ប្រារព្ធ​ពិធី​រំលឹក​ខួប​លើក​ទី​២៩ នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​២៣ តុលា នៅ​ឯ​ទីលាន​ប្រជាធិបតេយ្យ​ ដើម្បី​ទាមទារ​ឲ្យ​មេ​ដឹក​នាំ​របប​ក្រុង​ភ្នំពេញ និង​អ្នក​នយោបាយ​វិល​មក​គោរព​កិច្ចព្រមព្រៀង​នេះ​ឡើង​វិញ។

មន្ត្រី​ជាន់​ខ្ពស់​ផ្នែក​អង្កេត​ការ​បោះឆ្នោត​នៃ​អង្គការ​ខុមហ្វ្រែល (Comfrel) លោក កន សាវាង្ស មាន​ប្រសាសន៍​ថា ក្រុម​អង្គការ​សង្គម​ស៊ីវិល នឹង​ដាក់​ញត្តិ​ទៅ​ប្រទេស​ជា​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស នេះ​ទាំងអស់ ដើម្បី​ឲ្យ​ជួយ​ជំរុញ​ដល់​មេដឹកនាំ​កម្ពុជា ងាក​មក​គោរព​ស្មារតី​នៃ​កិច្ចព្រមព្រៀង​នេះ​ឡើង​វិញ នៅ​ក្នុង​ពេល​មេដឹកនាំ​ខ្មែរ​កំពុង​តែ​បែកបាក់​គ្នា​នេះ៖ «ក្រោយ​កិច្ច​ព្រមព្រៀង​ថ្ងៃ២៣ តុលា ឆ្នាំ១៩៩១ ភាគី​ទាំងអស់​បាន​ចូល​មក​ចរចា​ជជែក​គ្នា​រក​ដំណោះស្រាយ​ប្រទេស​ជាតិ​ឆ្នាំ១៩៩៣ និង​ចូលរួម​សម្របសម្រួល​ឲ្យ​មាន​ការ​ជជែក​គ្នា​ឡើងវិញ​ឲ្យ​ស្ដារ​ប្រទេស​ជាតិ នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​នេះ​មាន​ការ​ចូលរួម​គ្រប់​ភាគី​ពាក់ព័ន្ធ​ក្នុង​ដំណាក់កាល​នោះ សម្រាប់​ជជែក​ពី​ការ​ស្ដារ​លទ្ធិប្រជាធិបតេយ្យ ការ​បោះឆ្នោត​និង​សិទ្ធិ​មនុស្ស​មាន​ចែង​ផ្សេង។ ក្នុង​នោះ​ក៏ មាន​ប្រទេស​ក្នុង​ពិភពលោក​ចូលរួម​ជា​សាក្សី​ជា​តឹកតាង​ក្នុង​នោះ​ដែរ។ យើង​សង្ឃឹម​ថា រដ្ឋាភិបាល​មិន​បោះបង់​ចោល​គោលការណ៍​នេះ​ទេ ទោះ​បី​ថា​មតិ​ថា​មាន​និន្នាការ​ទៅ​រក​កុម្មុយនិស្ត​ក្ដី»

នៅ​ក្នុង​គម្រោង​ប្រារព្ធ​ពិធី​នេះ សង្គម​ស៊ីវិល​ក៏​មិន​ភ្លេច​ស្នើ​ទៅ​ថ្នាក់ដឹកនាំ​របប​ក្រុងភ្នំពេញ​ឲ្យ​ដាក់​បញ្ចូល​ឡើងវិញ​នូវ​ថ្ងៃ២៣ ខែតុលា ជា​ថ្ងៃ​ឈប់​សម្រាក​បុណ្យ​ជាតិ ដើម្បី​លើក​តម្លៃ​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ដែល​កម្ពុជា​ជា​ប្រទេស​ម្ចាស់​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​នេះ។

អ្នក​ជំនាញ​ខាង​ភូមិសាស្ត្រ​នយោបាយ​យល់​ថា រដ្ឋាភិបាល​កម្ពុជា​​ត្រូវ​ប្រឹងប្រែង​ពង្រឹង​ឯកភាព​ផ្ទៃក្នុង និង​កសាង​សង្គម​ដ៏​រឹងមាំ​មួយ​លើ​មាគ៌ា​ប្រជាធិបតេយ្យ គោរព​រដ្ឋ​ធម្មនុញ្ញ និង​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ទើប​ប្រទេស​មហាអំណាច​មិន​មាន​លេស​ក្នុង​ការ​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង ឬ​ដាក់​សម្ពាធ​លើ​កម្ពុជា​ឱ្យ​ធ្វើ​តាម​ការ​ចង់​បាន​របស់​ពួក​គេ ហើយ​កម្ពុជា​អាច​ចៀស​ផុត​ពី​ការ​ជាន់​ដាន​ប្រវត្តិសាស្ត្រ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

One Response to "សកម្មជន​បក្ស​សង្គ្រោះ​ជាតិ​គ្រោង​ធ្វើ​បាតុកម្ម​ប្រឆាំង​វត្តមាន​ចិន​នៅ​កម្ពុជា ស្រប​ពេល​សង្គម​ស៊ីវិល​យក​ថ្ងៃ​ទី២៣ តុលា ជួបជុំ​រំលឹក​ខួប ២៩ឆ្នាំ នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស"

  1. Anonymous says:

    I can see that sing said free KIM SOKHA as we know right now KIM SOKHA seem to be getting some free from HUN SEN but this is what we knew the trick that evil HUN SEN used to play . I understand more about the whole situation right now I just want every one following that action a bit more to see if KIM SOKHA still keep up his word. we Cambodian clearly knew all about HUN SEN he is an evil KBOTH CHEATH indeed no question to ask.

Leave a Reply

Submit Comment