អ្នកទោស​នយោបាយ និង​អ្នកទោស​មនសិការ ​ជួប​ការ​លំបាក​ខ្លាំង ដោយសារ​ទឹក​ជំនន់​ចូល​ដល់​ពន្ធនាគារ​ព្រៃ​ស

ដោយ ហេង រស្មី
2020-10-18
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ទិដ្ឋភាព​​មុខ​មណ្ឌល​អប់រំ​កែប្រែ​ទី២ "ម២" ឬ​​ពន្ធនាគារ​ព្រៃ​ស សម្រាប់​ដាក់​អ្នក​ជាប់​ឃុំ​ជា​ស្ត្រី ត្រូវ​ទឹក​ជន់​លិច ថ្ងៃ​ទី១៦ ខែតុលា ឆ្នាំ២០២០។

ទិដ្ឋភាព​​មុខ​មណ្ឌល​អប់រំ​កែប្រែ​ទី២ “ម២” ឬ​​ពន្ធនាគារ​ព្រៃ​ស សម្រាប់​ដាក់​អ្នក​ជាប់​ឃុំ​ជា​ស្ត្រី ត្រូវ​ទឹក​ជន់​លិច ថ្ងៃ​ទី១៦ ខែតុលា ឆ្នាំ២០២០។

 រូប៖ ពលរដ្ឋ


សាច់ញាតិ​របស់​អ្នកទោស​នយោបាយ និង​ទោស​មនសិការ​អះអាង​ថា អ្នក​កំពុង​ជាប់​ឃុំ​ កាន់​តែ​ជួប​ការ​លំបាក​ខ្លាំង ​និង​អ្នក​ខ្លះ​ធ្លាក់​ខ្លួន​ឈឺ ​ដោយសារ​ទឹក​ជំនន់​កំពុង​ចូល​ដល់​ក្នុង ពន្ធនាគារ​ព្រៃ​ស (ម ២)។ ការ​អះអាង​នេះ​ បន្ទាប់ពី​ពួក​គេ​ បាន​ចូល​សួរសុខទុក្ខ​អ្នកជាប់ឃុំ​ទាំងនោះ ​កាលពី​ថ្ងៃ​ទី១៦ ​ខែ តុលា។ មន្ត្រី​សិទ្ធិមនុស្ស​ ស្នើសុំ​ឲ្យ​រដ្ឋាភិបាល​ និង​តុលាការ ​ពិចារណា​អនុញ្ញាត​ឲ្យ​អ្នកទោស​នយោបាយ និង​ទោស​មនសិការ​ទាំងនោះ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន។ មន្ត្រី​រដ្ឋាភិបាល​ ចាត់ទុកថា ​ការ​ស្នើសុំ​នេះ​ជា​រឿង​អត់​ប្រយោជន៍។

ប្រពន្ធ​របស់​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ លោក កាក់ កម្ភារ គឺ​លោកស្រី ព្រហ្ម ចន្ថា ប្រាប់​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី១៧ តុលា ​ថា អ្នក​ទោស​នយោបាយ​រួម​ទាំង​ប្ដី​លោកស្រី ​បាន​ត្អូញត្អែរ​អំពី​ការ​លំបាក​ជា​ច្រើន​ដូចជា​ភាព​ចង្អៀត​ណែន​ពិបាក​ដេក ​និង​កើត​រមាស់​កាន់​តែ​ខ្លាំង ហើយ​អ្នក​ខ្លះ​ធ្លាក់​ខ្លួន​ឈឺ​ដោយសារ​វ័យ​ចំណាស់ និង​មាន​ជំងឺ​ប្រចាំ​កាយ​ស្រាប់។ លោកស្រី ​បញ្ជាក់​ថា ស្ថានភាព​កាន់តែ​លំបាក​នេះ​ គឺ ក្រោយ​ពេល​មន្ត្រី​ពន្ធនាគារ​ បាន​ជម្លៀស​អ្នក​ជាប់​ឃុំ​ជា​ស្ត្រី​ពី​ពន្ធនាគារ​ផ្នែក​ស្ត្រី គឺ “ម២” មក​ដាក់​ឃុំ​ក្នុង​ពន្ធនាគារ​ផ្នែក​បុរស “ម១” បណ្ដោះអាសន្ន ​ដោយសារ​ទឹក​ជំនន់។ លោកស្រី ​ព្រហ្ម ចន្ថា ឲ្យដឹង​ថា ប្ដី​លោកស្រី​ បាន​កើត​ទុក្ខ​យំ​រីងរៃ ក្រោយ​ពេល​ដឹង​ថា ​អាជ្ញាធរ​ក្រុង​ភ្នំពេញ ​បាន​ចាប់​ឃុំ​ និង​វាយ​ដំ​លើ​កូន​ប្រុស​ឈ្មោះ​ កាក់ សុវណ្ណច្ឆ័យ ដែល​មិន​ទាន់​គ្រប់​អាយុ និង​មាន​ជំងឺ​អូទីហ្សឹម (Autism) ពី​កំណើត។ ប្រពន្ធ​របស់​អ្នកទោស​នយោបាយ​រូប​នេះ ​ទទូច​ឲ្យ​រដ្ឋាភិបាល ​ដោះ​លែង​អ្នក​ទោស​នយោបាយ​ទាំងអស់​ឲ្យ​មាន​សេរីភាព​ឡើងវិញ ​បើ​ពុំ​នោះ​ទេ ពួក​លោកស្រី ​នឹង​នៅ​តែ​ប្រកាន់​ខ្ជាប់​ការ​តវ៉ា​ជា​រៀង​រាល់​ថ្ងៃ​សុក្រ ​រហូត​ទាល់តែ​មាន​មាន​ដោះ​លែង៖ «សូម​ស្នើសុំ​ឲ្យ​រដ្ឋាភិបាល​ដោះ​លែង​ពួកគាត់​មកវិញ​មក​ដោយ​ឥត​លក្ខ ខណ្ឌ ​ព្រោះ​ពួក​គាត់​អត់​មាន​ខុស​អី​ទេ ​ហើយ​ពួក​គាត់​ចាស់ៗ អស់ ហើយ ​សុទ្ធតែ​មាន​ជំងឺ​ប្រចាំ​កាយ»

កាល​ពី​រសៀល​ថ្ងៃ​ទី១៦ តុលា ក្រុម​ប្រពន្ធ​កូន​របស់​សកម្មជន​ជាច្រើន​នាក់ បាន​លុយ​ទឹក​កខ្វក់​ត្រឹម​ភ្លៅ​ទៅ​សួរ​សុខ​ទុក្ខ​ប្ដី​របស់​ខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស “ម១” បន្ទាប់​ពី​ពួក​គេ បាន​ដាក់​បណ្ដឹង​ជូន​តុលាការ ​ព្រមទាំង​ដាក់​ញត្តិ​ជូន​អង្គការ​យូនីសេហ្វ (UNICEF) ដើម្បី​ទាមទារ​យុត្តិធម៌ ករណី​អាជ្ញាធរ​ចាក់​អង្រែ​លើ ​ចាប់​ឃុំ​ខ្លួន ​និង​ប្រើ​ហិង្សា​លើ​កុមារា កាក់ សុវណ្ណច្ឆ័យ កាល​ពី​ដើម​ខែ​តុលា។

ចំណែក​សាច់ញាតិ​របស់​សកម្មជន​ និង​យុវជន ​ដែល​ជាប់​ឃុំ​ដោយសារ​មូលហេតុ​តស៊ូ​មតិ​អហិង្សា ដើម្បី​យុត្តិធម៌​សង្គម​ និង​បរិស្ថាន ​ក៏​បាន​ចូល​ទៅ​សួរ​សុខទុក្ខ​អ្នកជាប់ឃុំ​ទាំង​នោះ​ដែរ។

ប្អូនស្រី​របស់​សមាជិក​ខ្មែរ​ថាវរៈ កញ្ញា សូ មេត្តា គឺ​កញ្ញា អេង វ៉ាន់ឌី ដែល​បាន​ចូល​ទៅ​សួរ​សុខ​បងស្រី ​កាល​ពី​ថ្ងៃ​ទី១៦ តុលា ​រៀបរាប់​ថា មន្ត្រី​ពន្ធនាគារ​ជម្លៀស​កញ្ញា ​សូ ​មេត្តា ​និង​អ្នក​ជាប់ឃុំ​ជា​ស្ត្រី​ផ្សេង​ទៀត​ចេញពី​ពន្ធនាគារ​ព្រៃ​ស “ម២” ទៅ​ឃុំ​នៅ​ពន្ធនាគារ “ម១” បណ្ដោះអាសន្ន​បី​ទៅ​បួន​ថ្ងៃ​ហើយ​ដោយសារ​ទឹក​ជំនន់។ កញ្ញា ​អេង​ វ៉ាន់ឌី ​បន្ត​ថា ​កញ្ញា ​រន្ធត់ចិត្ត​នៅ​ពេល​ឃើញ​បងស្រី​ដែល​កំពុង​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់ធ្ងរ ​ដោយសារ​ជំងឺ​សើ​ស្បែក​រើ​ឡើង​កាន់​តែ​ខ្លាំង៖ «អាការៈ​ជំងឺ​គាត់​បាន​រើ​ឡើង​ហើយ​ដោយសារ​គាត់​អត់​បាន​យក​ថ្នាំ​ទៅ​លេប​ដោយសារ​ពេល​នោះ ​ទឹក​វា​បុក​ចូល​ខ្លាំង​ពេក ​គេ​ប្រញាប់​ជម្លៀស​គាត់​ចេញ​ទៅ ​ហើយ​កន្លែង​នោះ អត់​មាន​អនាម័យ​ដូច​មុន​ និង​អត់​មាន​ទឹក​គ្រប់គ្រាន់។ ខ្ញុំ​ស្នើសុំ​អាជ្ញាធរ​ ជួយ​ហៅ​គ្រួ​ពេទ្យ ​និង​អង្គការ​ជាតិ និង​អន្តរជាតិ ​ជួយ​ផ្តល់​ថ្នាំ​ឲ្យ​គាត់​ឲ្យបាន​គ្រប់គ្រាន់​ និង​ជួយ​ដាក់​គាត់​ឲ្យ​នៅកន្លែង​មាន​អនាម័យ ល្អ​ផង»

អាស៊ី​សេរី មិន​អាច​សុំ​ការ​ឆ្លើយ​តប​ពី​អ្នក​នាំ​ពាក្យ​អគ្គ​នាយកដ្ឋាន​ពន្ធនាគារ​ លោក នុត សាវនា បាន​ទេ​នៅ​ថ្ងៃ​ទី១៧ ខែ​តុលា ​ដោយ​ទូរស័ព្ទ​ចូល​ជា​ច្រើន​ដង​ពុំ​មាន​អ្នក​ទទួល។ ទោះ​ជា​យ៉ាង​ណា លោក នុត សវនា ​បាន​ប្រាប់​អាស៊ី​សេរី កាល​ពី​ថ្ងៃ​ទី១៤ តុលា ដោយ​ទទួល​ស្គាល់​ថា ពន្ធនាគារ​មួយ​ចំនួន​ពិត​ជា​ចង្អៀត​ណែន​ជាង​មុន​មែន ដោយ​សារ​តែ​មាន​ការ​ផ្ទេរ​អ្នក​ជាប់​ឃុំ​ចេញ​ពី​ពន្ធនាគារ​ដែល​លិច​ទឹក។ លោក ​ឱ្យ​ដឹង​ថា អ្នក​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ព្រៃ​ស​ផ្នែក​ស្ត្រី គឺម២ ចំនួន​ជាង​២ ពាន់​នាក់ ត្រូវ​ជម្លៀស​ចេញ​ទាំងស្រុង ដោយ​ខ្លះ​ជម្លៀស​ទៅ​ផ្នែក​បុរស គឺ “ម១” និង​ខ្លះ​ទៀត​ទៅ​ពន្ធនាគារ​រាជធានី​ភ្នំពេញ ហៅ​កាត់​ថា ប៉េហ្ស៊ី (PJ)។ ចំណែក អ្នក​ជាប់​ឃុំ​ជាង១ ពាន់៦ រយ​នាក់​នៅ​ពន្ធនាគារ​ខេត្ត​បន្ទាយមានជ័យ ក៏​ត្រូវ​ជម្លៀស​ចេញ​ទាំង​ស្រុង​ដែរ ដោយ​ខ្លះ​យក​ទៅ​ដាក់​នៅ​ពន្ធនាគារ​​ខេត្ត​កំពង់ធំ ពន្ធនាគារ​ខេត្ត​ឧត្តរ​មានជ័យ និង​ពន្ធនាគារ​ខេត្ត​ត្បូងឃ្មុំ។

នាយក​រង​ទទួល​បន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត ទទួល​ស្គាល់ ថា ​ការ​ជម្លៀស​អ្នក​ទោស​នេះ គឺ​ដើម្បី​សុវត្ថិភាព ​ប៉ុន្តែ​វា​កាន់​តែ​បន្ថែម​ភាព​ចង្អៀត​ណែន​ធ្ងន់ធ្ងរ​ថែម​ទៀត​សម្រាប់​ពន្ធនាគារ​ដែល​ទទួល​យក​អ្នក​ជាប់​ឃុំ​ទាំង​នោះ។ លោក ​ស្នើសុំ​ឲ្យ​ពន្ធនាគារ​យកចិត្ត​ទុកដាក់​ក្នុង​ការ​លើក​កម្ពស់​សុខភាព​អ្នកជាប់ឃុំ ​ព្រមទាំង​បន្ត​ព្យាបាល​ និង​ផ្តល់​ថ្នាំ​សង្កូវ​ផ្សេងៗ​ឲ្យបាន​គ្រប់គ្រាន់។ លើស​ពី​នេះ ​លោក​ស្នើសុំ​ឲ្យ​តុលាការ ​​ពិនិត្យ​លទ្ធភាព​ក្នុង​ការ​អនុញ្ញាត​ឲ្យ​អ្នក​ជាប់ឃុំ​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ និង​រឿង​សង្គម​បាន​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន ​ក្នុង​ដំណាក់​កាល​គ្រោះ​ទឹក​ជំនន់​នេះ​ ដើម្បី​កាត់បន្ថយ​ភាព​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ៖ «បញ្ហា​ចាប់​យុវជន​ និង​បញ្ហា​ចាប់​អ្នក​រិះគន់​កន្លងមក​មួយ​ចំនួន​នេះ វា​ធ្វើ​ឲ្យ​មតិ​ជាតិ​ និង​អន្តរជាតិ ​ក៏​មាន​ការ​រិះគន់​ហើយ​ក៏​ទាមទារ​ឲ្យ​មាន​ការ​ដោះ​លែង​អ្នក​ទាំង​នោះ​វិញ ដោយ​ថា​ បញ្ហា​ចាប់​ខ្លួន​និង​ឃុំ​ខ្លួន​នេះ ​គឺ​រំលោភ​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​របស់​ពួក​គាត់។ ថ្មីៗ នេះ ក្រុម​អ្នក​រាយការណ៍​ជំនាញ​របស់​អង្គការ​សហប្រជាជាតិ​ ក៏​ទាមទារ​ឲ្យ​បង្ហាញ​ហេតុផល​នៃ​ការ​ចាប់ និង​ឃុំខ្លួន​លោក រ៉ុង ឈុន ជា​ដើម»

ប្រធាន​អង្គភាព​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន លើក​ឡើង​ថា ​រដ្ឋាភិបាល ​មិន​អាច​ជួយ​អន្តរាគមន៍​ឲ្យ​សកម្មជន​បក្ស​ប្រឆាំង សកម្មជន​សង្គម និង​ក្រុម​យុវជន​ដែល​កំពុង​ជាប់​ឃុំ​នោះ​ អាច​នៅ​ក្រៅ​ឃុំ​តាម​ការ​ទាមទារ​បានទេ ​ដោយ​រឿង​នេះ គឺ​អាស្រ័យ​លើ​ការ​សម្រេច​របស់​តុលាការ។ លោក ​លើកទឹកចិត្ត​ឲ្យ​ក្រុម​គ្រួសារ ​និង​អង្គការ​ផ្នែក​សិទ្ធិមនុស្ស ​ព្យាយាម​រក​មេធាវី​ល្អៗ​ ដើម្បី​តតាំង​រឿង​ក្តី​ក្នុង​តុលាការ ​ទើប​ទទួល​បាល​លទ្ធ​ផល​ល្អ​ជាង​ការ​ស្នើសុំ​ពី​រដ្ឋាភិបាល​តាម​ប្រព័ន្ធ​ព័ត៌មាន៖ «រក​មេធាវី​ឲ្យ​យក​ចិត្ត​ទុក​ដាក់​ដោះ​ស្រាយ​ទៅ​ ហើយ​បើ​ដោះស្រាយ មិនបាន​ទេ ​មានតែ​ជាប់ពន្ធនាគារ ​ព្រោះ​យើង​បាន​ប្រព្រឹត្ត​អំពើ​ប្រឆាំង​នឹង​ច្បាប់​តាម​រយៈ​អង្គហេតុ​ផង​យើង»

ទោះជា​យ៉ាងណា ក្រុម​អង្គការ​ជាតិ ​និង​អន្តរជាតិ​ តែង​អះអាង​ថា​ សំណុំរឿង​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ ហើយ​ក្នុង​ពេល​តុលាការ​គ្មាន​ភាព​ឯករាជ្យ ​ស្ថិត​ក្រោម​ឥទ្ធិពល​គណបក្ស​កាន់​អំណាច​បែប​នេះ ទោះ​បី​ជា​មាន​មេធាវី​ឆ្នើមៗ យ៉ាង​ណា​ក្ដី​ ក៏​មិន​អាច​តតាំង​ឈ្នះ​ក្តី​បាន​ដែរ។

ចាប់​តាំង​ពី​ដើម​ឆ្នាំ២០២០ មក ​អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ ​បាន​ចាប់​ខ្លួន​អ្នក​នយោបាយ​ប្រឆាំង ក្រុម​​​សកម្មជន​សង្គម និង​បរិស្ថាន និង​យុវជន ​​រួម​ទាំង​ចាប់​ផ្សឹក​ព្រះសង្ឃ​មួយ​អង្គ​ព្រះនាម កើត សារ៉ាយ ​ដាក់​ពន្ធនាគារ​ជា​បន្ត​បន្ទាប់​កើន​ឡើង​ដល់​ជាង ៣០​នាក់​ហើយ។ អង្គហេតុ​នៃ​ការ​ចាប់​ខ្លួន​នោះ គឺ​ភាគ​ច្រើន​ពាក់​ព័ន្ធ​នឹង​ការ​​បញ្ចេញ​មតិ​រឿង​នយោបាយ ការ​រិះ​គន់​រឿង​ព្រំដែន ការ​ធ្វើ​សកម្មភាព​ការងារ​បរិស្ថាន ការ​តវ៉ា​ទាម​ទារ​ឱ្យ​មាន​យុត្តិធម៌​សង្គម និង​គម្រោង​ប្រមូល​ផ្ដុំ​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី​នៅ​ទីលាន​ប្រជាធិបតេយ្យ​ជា​ដើម។

ក្រុម​អង្គការ​ជាតិ​ និង​អន្តរជាតិ ​រួម​ទាំង​ក្រុម​ប្រទេស​ប្រជាធិបតេយ្យ​ធំៗ និង​ទីភ្នាក់ងារ​របស់​អង្គការ​សហប្រជាជាតិ​ផង បាន​​ចេញ​សេចក្ដីថ្លែងការណ៍​ជា​បន្ត​បន្ទាប់ ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ ស្ដារ​លទ្ធិ​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិ​មនុស្ស​ឡើង​វិញ ​ដោយ​បញ្ឈប់​ទង្វើ​រារាំង​ចំពោះ​ការ​តវ៉ា​ដោយសន្តិវិធី​ហើយ​ត្រូវ​ដោះ​លែង​សកម្មជន និង​យុវជន​ទាំង​ឡាយ​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ទាំង​បំពាន​ច្បាប់​នោះ ​ឲ្យ​មាន​សេរីភាព​ឡើង​វិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

Leave a Reply

Submit Comment