ខេត្ត​ជាប់​ព្រំដែន​ថៃ​រងគ្រោះ​ដោយសារ​ទឹក​ជំនន់​ធ្ងន់ធ្ងរ

ដោយ ទីន ហ្សាការីយ៉ា
2020-10-18
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ទិដ្ឋភាព​ទឹកជន់លិច​ផ្លូវ នៅ​ខេត្ត​បន្ទាយមានជ័យ ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០។

ទិដ្ឋភាព​ទឹកជន់លិច​ផ្លូវ នៅ​ខេត្ត​បន្ទាយមានជ័យ ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០។

 រូប៖ ក្រសួងធនធាន​ទឹក និង​ឧតុនិយម


ជំនន់​ទឹក​ភ្លៀង​នៅ​ទីក្រុង​ភ្នំពេញ និង​ខេត្ត​​មួយ​ចំនួន ថម​ថយ​ចុះ​បន្តិច​នៅ​ថ្ងៃ​ទី១៨ ខែតុលា ​ ខណៈ​ខេត្ត​ជាប់​ព្រំដែន​ថៃ​ដូចជា​ខេត្ត​បន្ទាយ​មានជ័យ ខេត្ត​បាត់ដំបង និង​ខេត្ត​ពោធិ៍សាត់​ជាដើម កំពុង​រងការ​គំរាម​កំហែង​ខ្លាំង​។ ពលរដ្ឋ​ជាច្រើន​​គ្រួសារ​ត្រូវ​បាន​អាជ្ញាធរ​បន្ត​ជម្លៀស​ខ្លួន​ចេញ​ពី​ទឹក​ជំនន់។

អ្នក​នាំពាក្យ​គណៈកម្មាធិការ​ជាតិ គ្រប់​គ្រង​គ្រោះ​មហន្តរាយ លោក ឃុន សុខា ឲ្យ​ដឹង​ថា ខេត្ត​បន្ទាយ​មាន​ជ័យ​កំពុង​រង​ផល​ប៉ះពាល់​ខ្លាំង បន្ទាប់​ពី​ថៃ​បាន​បើក​ទំនប់​ទឹក​បង្ហូរ​មក​កម្ពុជា ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ស្រុក​ ក្រុង​ចំនួន ៣គឺ ស្រុក​ថ្ម​ពួក ស្រុក​អូរជ្រៅ និង​ក្រុង​ប៉ោយ​ប៉ែត។ លោក អះអាង​ថា មន្ទីរ​ពេទ្យ​បង្អែក​ស្រុក​ថ្មពួក ត្រូវ​បាន​ទឹក​ជន់​លិច​ផង​ដែរ។ ទោះ​យ៉ាង​ណា លោក​ពុំ​ទាន់​ទទួល​បាន​ពត៌​មាន​ជា​ផ្លូវការ​នៅ​ឡើយ​នោះ​ទេ ទាក់​ទិន​នឹង​ចំនួន​គ្រូ​ពេទ្យ និង​អ្នក​ជំងឺ​ដែល​ត្រូវ​បាន​ជម្លៀស​ចេញ​ពី​មន្ទីរ​ពេទ្យ​នេះ៖ «រាជ​រដ្ឋាភិបាល​បាន​ចែក​ទូក ចែក​កាណូត​បន្ថែម​ទៀត ទៅ​ដល់​កង​កម្លាំង និង​ដល់​ខេត្ត​ដែល​រង​ផល​ប៉ះពាល់​ទាំង​អស់​ហ្នឹង គឺ​មធ្យោបាយ​ដឹក​ជញ្ជូន​ពួកគាត់​ទៅ​កាន់​ទី​ទួល​សុវត្ថិភាព ហើយ​មក​ដល់​ពេល​នេះ ក៏​មាន​ការ​ផ្តល់​ជំនួយ​ពី​អង្គការ​មិន​មែន​រដ្ឋាភិបាល​មួយ​ចំនួន​ដែរ ដូចជា​អង្គ​ការ​ការីតាស​អី​ បាន​ផ្តល់​តាម​រយៈ​គណៈកម្មការ​គ្រប់គ្រង​គ្រោះ​មហន្ត​រាយ​ផង​ដែរ ជូន​ទៅ​ដល់​ខេត្ត​រាជ​ធានី​ដែល​បាន​រងគ្រោះ»

ទិដ្ឋភាពទឹកជន់លិចផ្ទះ​នៅភូមិនាងកេត ឃុំឫស្សីក្រោក ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០។ រូប៖ រដ្ឋបាលខេត្តមន្ទាយមានជ័យ

ទិដ្ឋភាពទឹកជន់លិចផ្ទះ​នៅភូមិនាងកេត ឃុំឫស្សីក្រោក ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០។ រូប៖ រដ្ឋបាលខេត្តមន្ទាយមានជ័យ


ទឹកជន់លិចផ្ទះ​នៅ​ភូមិនាងកេត ឃុំឫស្សី​ក្រោក ស្រុក​មង្គលបុរី ខេត្ត​បន្ទាយមានជ័យ ថ្ងៃ​ទី១៧ ខែតុលា ឆ្នាំ២០២០។ រូប៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ

ទឹកជន់លិចផ្ទះ​នៅ​ភូមិនាងកេត ឃុំឫស្សី​ក្រោក ស្រុក​មង្គលបុរី ខេត្ត​បន្ទាយមានជ័យ ថ្ងៃ​ទី១៧ ខែតុលា ឆ្នាំ២០២០។ រូប៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ


អាស៊ី​សេរី ពុំ​អាច​ទាក់​ទង​ប្រធាន​មន្ទីរ​ពេទ្យ​ខេត្ត​បន្ទាយ​មានជ័យ និង​អភិបាល​ខេត្ត​បន្ទាយ​មានជ័យ លោក អ៊ុំ រាត្រី បាន​ទេ ដោយ​ទូរ​ស័ព្ទ​ចូល​ពុំ​មាន​អ្នក​ទទួល។ ប៉ុន្តែ អភិបាល​ខេត្ត​បន្ទាយ​មាន​ជ័យ​លោក អ៊ុំ រាត្រី បាន​ប្រាប់​កាសែត​ក្នុង​ស្រុក​ថា ក្រុម​គ្រូពេទ្យ​ប្រមាណ​១០០នាក់ និង​អ្នក​ជំងឺ​ចំនួន​១៣នាក់ ត្រូវ​បាន​​ជម្លៀស​ចេញ​ពី​មន្ទីរ​ពេទ្យ​បង្អែក​ស្រុក​ថ្មពួក ទៅ​កាន់​មន្ទីរ​ពេទ្យ​បង្អែក​ស្រុក​ស្វាយ​ចេក​បណ្ដោះអាសន្ន។ ដោយឡែក ពលរដ្ឋ​ប្រមាណ​ជាង ១០០គ្រួសារ នៅ​តាម​តំបន់​ដងអូរ និង​តំបន់​ទំនាប ត្រូវ​បាន​ជម្លៀស​ចេញ​ទៅ​ទី​ទួល​មាន​សុវត្ថិភាព​ផង​ដែរ នៅ​​ក្រុង​ប៉ោយប៉ែត។​

ពលរដ្ឋ​រងគ្រោះ​ទឹក​ជំនន់​នៅ​ខេត្ត​បន្ទាយ​មានជ័យ លោកស្រី ថន ធឿង ត្អូញ​ថា ទឹកជំនន់​កំពុង​បន្ត​ជន់​លិច​ផ្ទះ​ប្រជា​ពលរដ្ឋ ហើយ​លោកស្រី​ត្រូវ​បាន​ជម្លៀស​ចេញ​ពី​ផ្ទះ​សម្បែង។ លោកស្រី​បន្ត​ថា លោកស្រី​កំពុង​ជួប​ការ​លំបាក​ជា​ខ្លាំង​ក្នុង​ជីវភាព​ដោយ​ខ្វះ​ស្បៀង​អាហារ និង​បារម្ភ​ពី​សុវត្ថិភាព​កូន​តូចៗ​ របស់​លោកស្រី​ដែល​រស់នៅ​ក្នុង​ខ្ទម​ធ្វើ​ពី​កៅស៊ូ​ក្បែរ​មាត់​ទឹក​នោះ។ លោកស្រី​បន្ថែម​ថា ផ្ទះ​លោកស្រី​នៅ​ឆ្ងាយ​ពី​ផ្សារ ដែល​តម្រូវ​ឲ្យ​លោក​ស្រី​ត្រូវ​ប្រើ​ពោង​ជា​ពោះ​វៀន​កង់​ឡាន ដើម្បី​ទៅ​ផ្សារ​ដែល​ប្រឈម​នឹង​ហានិភ័យ​ជា​ខ្លាំង៖ «នែមិន​ថយ​ទេ គឺ​ទឹក​កាន់​តែ​ឡើង​មក ខ្ញុំ​នៅ​លើ​ទួល​បន្តិច​ហ្នឹង ផ្ទះ​សម្បែង​លិច​អស់​ហើយ នៅតែ​លើ​ទួល​បន្តិច។ គេ​បង្ហូរ​ពី​ថៃ​មក កន្លែង​ដេក​លិច​អស់​ហើយ​នៅតែ​លើ​ទួល​ធ្វើ​រោង​ដាក់​កៅស៊ូ​ហ្នឹង ដាក់​គ្រែ ១ ក៏​ដាក់​រោង​ហ្នឹង។ ពិបាក​ពេល​ទៅ​លក់ដូរ ភ្លៀង​យប់​ព្រលប់ ពិបាក​កន្លែង​ ពិបាក​អី​លក់។ ខ្លាច​តែ​កូន​ទៅ​លេង​ទឹក​លេង​ភក់​ហ្នឹង​ឯង ណា​មួយ​អត់​ហូប អត់​ចុក​ផង​ចេះ​តែ​ព្រួយ​បារម្ភ»

ដូចគ្នា​នេះ​ដែរ ជំនន់​ទឹក​ភ្លៀង នៅ​ភូមិ​កូន​ដំរី ភូមិ​ផ្ទះស្បូវ និង​ភូមិ​ព្រៃ​សន្ទះ ឃុំ​ស្ទឹងត្រង់ ស្រុក​សាលាក្រៅ ខេត្ត​ប៉ៃលិន នៅ​ថ្ងៃ​ទី១៨ ខែតុលា ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម​ជូន​ដំណឹង​ថា  ជំនន់​ទឹក​ភ្លៀង​កើត​ឡើង​សា​ជា​ថ្មី ដោយ​ទឹក​ជន់​លិច​ចូល​ផ្ទះ​ប្រជា​ពលរដ្ឋ​ជាង ១៤០​ខ្នង និង​លិច​ផ្លូវ​ប្រហែល ១៤០០ម៉ែត្រ ហើយ​តំបន់​នេះ ជា​តំបន់​ស្ទើរ​ទំនាប ដែល​ងាយ​នឹង​ជន់ ហើយក៏​ស្រក​ទៅវិញ​លឿន។

ក្រៅ​ពី​នោះ ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម​បង្ហាញ​ថា នៅ​ខេត្ត​មួយ​ចំនួន ដូចជា​ខេត្ត​កំពត ខេត្ត​កែប ខេត្ត​កំពង់​ចាម និង​ខេត្ត​កំពង់​ស្ពឺ ព្រម​ទាំង​រាជធានី​ភ្នំពេញ​ជាដើម​នោះ ទឹក​ចាប់​ផ្ដើម​ស្រក​ចុះ​បន្តិច​ហើយ។

ពលរដ្ឋ​នៅ​ខេត្ត​កំពង់​ស្ពឺ​មួយ​រូប​ទៀត​លោក ជា ហ៊ាន ឲ្យដឹង​ថា ទឹក​នៅ​តំបន់​មួយ​ចំនួន​ក្នុង​ខេត្ត​នេះ បាន​ស្រក​ចុះ ជា​បណ្តើរៗ​ ហើយ ដោយសារ​អស់​ទឹក​ពី​ទំនប់​ដែល​បាក់​កាល​ពី​កន្លង​មក​។ លោក​បន្ត​ថា អាជ្ញាធរ​បាន​ជម្លៀស​ប្រជា​ពលរដ្ឋ​ចេញ​ពី​តំបន់​រងគ្រោះ​ដោយសារ​ទំនប់​បាក់​នោះ​ទាន់​ពេល​វេលា និង​បន្ត​ចែក​ស្បៀង​ដល់​ប្រជា​ពលរដ្ឋ​ដែល​រងគ្រោះ​ផង​ដែរ​។ ទោះជា​យ៉ាងណា​ លោក​ស្នើ​ឲ្យ​រដ្ឋាភិបាល​បន្ត​ជួយ​ដល់​ប្រជា​ពល​រដ្ឋ​ដែល​កំពុង​រងគ្រោះ​នោះ​ជា​បន្ត​ទៀត និង​កុំ​មាន​ការ​រើស​អើង​ពី​ខាង​នយោបាយ​លើ​ប្រជា​ពលរដ្ឋ​ដែល​កំពុង​រង​គ្រោះ៖ «ពេល​ដែល​ឃើញ​ថា មាន​ទឹក​ជំនន់ គឺថា អាជ្ញាធរ​ក៏​ដូចជា​ប្រជា​ពលរដ្ឋ​ហ្នឹង លោក​បាន​សហការ​គ្នា បាន​ផ្តល់​ព័ត៌មាន​មក​គណៈកម្មការ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ ហើយ​រួម​ទាំង​អាជ្ញាធរ​ស្រុក ហើយ​ឃុំ ហើយ​ពេល​នោះ​អាជ្ញាធរ និង​កង​កម្លាំង គឺ​បាន​ចុះ​ទៅ​ដល់​ភ្លាមៗ ផង​ដែរ។ មក​ដល់​ថ្ងៃ​ទី១៨ នេះ គឺ​មាន​ការ​ថយ​ចុះ ប៉ុន្តែ​មេឃ​ក៏​នៅ​តែ​ខ្មៅ​ងងឹត​ដដែល សង្ស័យ​អាច​ថា យប់​នេះ​អាច​នឹង​មាន​ភ្លៀង ហើយ​បើ​សិន​ជា​មាន​ភ្លៀង អ្នក​នៅ​តាម​ដងស្ទឹង​ព្រែក​ត្នោត ត្រូវតែ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ការពារ​ទឹក​បាក់​មក​ពី​ខាង​លើ អាច​នឹង​បាក់​ច្រាំង​ស្ទឹង ដូច្នេះ​ប្រជា​ពលរដ្ឋ​ដែល​នៅ​តាម​ដងស្ទឹង​ព្រែកត្នោត​គួរតែ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់»

អគ្គលេខាធិការ​សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា លោក គៀន ពន្លក ថ្លែង​ថា លោក​មាន​ការ​សោក​ស្ដាយ​ដែល​មាន​ប្រជា​ពលរដ្ឋ​ជាច្រើន​ត្រូវ​ស្លាប់​ដោយសារ​គ្រោះ​ទឹក​ជំនន់ ហើយ​លោក​មិន​ចង់​ឃើញ​ប្រជា​ពលរដ្ឋ​ស្លាប់​ដោយសារ​ទឹក​ជំនន់​នេះ​បន្ត​ទៀត​នោះ​ទេ​។ លោក​បន្ត​ថា រដ្ឋាភិបាល​គួរ​មាន​វិធាន​ការ​ដ៏​ជាក់​លាក់​មួយ ដើម្បី​ឲ្យ​ប្រជា​ពលរដ្ឋ​មាន​ទំនុក​ចិត្ត​លើ​រដ្ឋាភិបាល ដោយ​ត្រូវ​បង្កើន​ក្រុម​ជិះ​ល្បាត​ផ្ទះ​ប្រជា​ពលរដ្ឋ​បន្ថែម ដើម្បី​តាម​ដាន​ និង​សង្គ្រោះ​ប្រជា​ពលរដ្ឋ​ឲ្យ​បាន​ទាន់​ពេល​វេលា ហើយ​ត្រូវ​រៀប​ចំ​គណៈកម្មការ ដើម្បី​ចុះ​ជួយ​ប្រជា​ពលរដ្ឋ​ដោយ​ផ្ទាល់​នៅ​តំបន់​រងគ្រោះ និង​ផ្គត់ផ្គង់​ស្បៀង​អាហារ​ដល់​ពួកគេ​ឲ្យ​បាន​គ្រប់​គ្រាន់ និង​គ្រប់​ជ្រុង​ជ្រោយ​ផង​ដែរ៖ «វិធាន​ការ​បន្ទាន់​មួយ គឺ​រដ្ឋាភិបាល​ត្រូវ​រៀប​ចំ​ការពារ​សុវត្ថិ​ភាព​ដោយ​ផ្ទាល់ កុំ​ឲ្យ​មាន​ការ​ខ្វះខាត ព្រោះ​អី​ប្រជា​ពលរដ្ឋ​គឺ​គាត់​រងទុក្ខ​លំបាក​ដោយសារ​គ្រោះ​ទឹក​ជំនន់​ម្ដង​ហើយ ក៏ប៉ុន្តែ​ប្រសិន​បើ​អាជ្ញាធរ​មិន​យក​ចិត្ត​ទុក​ដាក់ នោះ​គាត់​នឹង​រងគ្រោះ​មួយ​ជាន់​ទៀត។ អញ្ចឹង​ហើយ​រដ្ឋាភិបាល​គួរតែ​ត្រៀម​ស្បៀង​នៅ​ពេល​ដែល​ទឹក​ជំនន់​ចាប់​ផ្ដើម​ស្រក»

របាយ​ការណ៍​គណៈកម្មាធិការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ​ឲ្យ​ដឹង​ថា រាជ​ធានី-ខេត្ត​ដែល​រង​ផល​ប៉ះ​ដោយសារ​ទឹក​ជំនន់ មាន​ចំនួន ១៩។ ចំណែក តួលេខ​ពលរដ្ឋ​ដែល​ស្លាប់​ដោយ​ទឹក​ជំនន់​វិញ បាន​កើន​ឡើង​ដល់ ២៤នាក់​ហើយ គិត​ត្រឹម​ថ្ងៃ​ទី១៧ តុលា ស្រប​ពេល​ពលរដ្ឋ​ជិត ៣ម៉ឺន​នាក់​ត្រូវ​ជម្លៀស​ចេញ​ពី​លំនៅឋាន ​ដំណាំ​កសិកម្ម​ពលរដ្ឋ​រាប់​សែន​ហិកតារ​រង​ការ​ខូច​ខាត ហើយ​ហេដ្ឋារចនាសម្ព័ន្ធ​តូច​ធំ​ជា​ច្រើន​កន្លែង​ក៏​ត្រូវ​ខូច​ខាត​ដូចគ្នា។ អាជ្ញាធរ​បញ្ជាក់​ថា ស្ថាន​ភាព​គ្រោះ​មហន្តរាយ​នេះ​មិន​ទាន់​ចប់​នៅ​ឡើយ​ទេ ដោយសារ​កម្ពុជា​នៅ​ជួប​ព្យុះ​ជា​បន្ត​បន្ទាប់​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles