គ.ជ.ប​. ចុះ​ឈ្មោះ​​ពលរដ្ឋ​​ថ្មី​​ជាង​៨៥​ភាគរយ​​ក្នុង​​បញ្ជី​​បោះ​ឆ្នោត​​រយៈ​ពេល​១៨​ថ្ងៃ​​មក​នេះ​

បោះឆ្នោត | ព័ត៌មានជាតិ
លោក សូរ្យ ជ័យឧត្ដម | ១៩ តុលា ២០២០ |ម៉ោង ១៥:៥៣
VOD

ពលរដ្ឋមកពិនិត្យមើលឈ្មោះបោះឆ្នោតនៅមណ្ឌលបោះឆ្នោតក្រុងតាខ្មៅ កាលពីឆ្នាំ២០១៨។ (ជន ចាន់រ៉ែន)

ពលរដ្ឋមកពិនិត្យមើលឈ្មោះបោះឆ្នោតនៅមណ្ឌលបោះឆ្នោតក្រុងតាខ្មៅ កាលពីឆ្នាំ២០១៨។ (ជន ចាន់រ៉ែន)


​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ហៅ​កាត់​ថា គ.ជ.ប​. បាន​ឱ្យដឹង​ថា មាន​ពលរដ្ឋ​ដល់ទៅ​ជាង២៥ម៉ឺន​នាក់​ហើយ បាន​ទៅចុះ​ឈ្មោះ​បោះឆ្នោត​ថ្មី​ក្នុងរយៈពេល១៨ថ្ងៃ​កន្លងមក​នេះ ខណៈ​រយៈពេល​នៃ​ការ​ចុះឈ្មោះនិង​ពិនិត្យ​បញ្ជី​ឈ្មោះ​បោះឆ្នោត នឹង​ត្រូវ​បញ្ចប់​នៅ​ត្រឹម​ល្ងាច​ថ្ងៃនេះ។

តួលេខ​ចេញ​ដោយ គ.ជ.ប​. បង្ហាញថា គ.ជ.ប​. បាន​ចុះឈ្មោះ​ពលរដ្ឋ​ថ្មី២៥៦ ៥៤៥នាក់​នៅក្នុង​បញ្ជី​បោះឆ្នោត​នៅចន្លោះ​ថ្ងៃទី១ ដល់​ថ្ងៃទី១៨ ខែតុលា ដែល​ស្មើនឹង៨៥,៤០ភាគរយ​នៃ​ចំនួន​ពលរដ្ឋ​ជាង៣សែន​នាក់ ត្រូវ​ចុះឈ្មោះ​បោះឆ្នោត​ថ្មី។

បើ​តាម​គ.ជ.ប​. ពលរដ្ឋ​ថ្មី​ទើបតែ​គ្រប់​អាយុ​ដែល​ត្រូវ​ទៅចុះ​ឈ្មោះ​បោះឆ្នោត​នៅក្នុង​ឆ្នាំនេះ មាន​ចំនួន៣០០ ៣៩០នាក់​នៅ​ទូទាំង​ប្រទេស ដែល​នាំឱ្យចំនួន​ពលរដ្ឋ​អាយុ​ចាប់ពី១៨ឆ្នាំ​ឡើង​ទៅ ហើយ​មាន​សិទ្ធិ​បោះឆ្នោត កើន​ពី​ចំនួន​ជាង៨លាន៦២ម៉ឺន​នាក់​ នៅ​ឆ្នាំ២០១៩ ទៅដល់​ចំនួន​ជាង១០លាន៣៨ម៉ឺន​នាក់ ​នៅ​ឆ្នាំ២០២០នេះ។

តួលេខ​ចេញ​ដោយ គ.ជ.ប​. បង្ហាញ​ឱ្យឃើញ​ទៀត​ថា ពលរដ្ឋ​ដល់ទៅ​ជាង១៤ម៉ឺន​នាក់ ត្រូវ​បាន​លុបឈ្មោះ​ចេញពី​បញ្ជី​បោះឆ្នោត ខណៈ​ពលរដ្ឋ​ជាង៨ម៉ឺន៨ពាន់​នាក់ បាន​ស្នើសុំ​កែប្រែ​ទិន្នន័យ​ផ្ទាល់ខ្លួន ហើយ​ពលរដ្ឋ​ជាង៨ម៉ឺន៣ពាន់​នាក់​ទៀត បាន​ផ្លាស់ប្ដូរ​ទីកន្លែង​បោះឆ្នោត​របស់​ពួក​គេ។

គិត​ត្រឹម​ថ្ងៃ​ចន្ទ​នេះ ពលរដ្ឋ​ដល់ទៅ​ជាង៨លាន៨៨២ម៉ឺន​នាក់ ចុះឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​រួចរាល់​ហើយ ដែល​ស្មើនឹង៨៥,០៣ភាគរយ​នៃ​ពលរដ្ឋ​សរុប​ដែល​ត្រូវ​បាន​អនុញ្ញាត​ឱ្យបោះឆ្នោត៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles