គ.ជ.ប ថា​ ចំនួន​អ្នក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ថ្មី​មាន​ចំនួន​ជាង ២៤ម៉ឺន​នាក់​រយៈ​ពេល ១៧ថ្ងៃ

ដោយ ទីន ហ្សាការីយ៉ា
2020-10-19
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ពលរដ្ឋ​នាំ​គ្នា​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​ការិយាល័យ​ចុះ​ឈ្មោះ​នា​សាលា​សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង កាលពី​ថ្ងៃ​ទី​១ ខែ​កញ្ញា ឆ្នាំ​២០១៦។

ពលរដ្ឋ​នាំ​គ្នា​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​ការិយាល័យ​ចុះ​ឈ្មោះ​នា​សាលា​សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង កាលពី​ថ្ងៃ​ទី​១ ខែ​កញ្ញា ឆ្នាំ​២០១៦។ RFA


គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ ហៅ​កាត់​ថា គ.ជ.ប ប្រកាស​ថា ​មាន​ប្រជាពលរដ្ឋ​ជាង​ ២៤ម៉ឺន ៥ពាន់ (២៤៥.៨៣៧)នាក់​ បាន​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ថ្មី​ ក្នុងរយៈ​ពេល ១៧ថ្ងៃ​នៃ​ការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះ​ឆ្នោត ​ឆ្នាំ២០២០។ មន្ត្រី​អង្គការ​ឃ្លាំមើល​ការបោះឆ្នោត​ វាយ​តម្លៃ​ថា ​ចំនួន​អ្នក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ថ្មី​នេះ​កើន​ឡើង ​ប៉ុន្តែ​លោក​ បារម្ភ​ថា​ អវត្តមាន​គណ​បក្ស​សង្គ្រោះ​ជាតិ ​អាច​ធ្វើ​ពលរដ្ឋ​ជាច្រើន ​មិន​ចាប់​អារម្មណ៍​នឹង​ការ​បោះ​ឆ្នោត​ដូច​ពេល​កន្លងទៅ។

ដំណើរ​ការ​ពិនិត្យ​បញ្ជី​ឈ្មោះ​ និង​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ ឆ្នាំ២០២០ ​ ដែល​មាន​រយៈ​ពេល​ ១៩ថ្ងៃ​ គឺ​ចាប់​ពី​ថ្ងៃ​ទី១-១៩​ ខែតុលា​ គិត​ទាំង​ថ្ងៃ​សៅរ៍ ​និង​ថ្ងៃអាទិត្យ​ផង​នោះ​ គឺ​នៅ​សល់​តែ​មួយ​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​ នឹង​ដល់​ថ្ងៃ​បិទ​បញ្ចប់។

គ.ជ.ប​ ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​ទី១៨ ​ខែតុលា​ថា ​លទ្ធផល​បណ្ដោះអាសន្ន​គិត​ចាប់​ពី​ថ្ងៃ​ទី១ ដល់​ថ្ងៃ​ទី១៧ ខែតុលា គឺ​មាន​ប្រជាពលរដ្ឋ​ដែល​បាន​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ថ្មី​ចំនួន​ជាង​ ២៤ម៉ឺន ៥ពាន់ (២៤៥.៨៣៧)​នាក់។

គ.ជ.ប ក៏​បន្ត​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ ​ទៅ​ពិនិត្យ​បញ្ជី​ឈ្មោះ​ និង​ចុះ​ឈ្មោះ​បោះឆ្នោត​ឲ្យបាន​គ្រប់ៗ គ្នា​សម្រាប់​ប្រជាពលរដ្ឋ​ដែល​គ្រប់​អាយុ ១៨ឆ្នាំ​ និង​ប្រជាពលរដ្ឋ​មិន​ធ្លាប់​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ពី​មុន។

អាស៊ី​សេរី​ មិន​អាច​សុំ​ការ​បញ្ជាក់​បន្ថែម​ពី​អ្នក​នាំ​ពាក្យ​ គ.ជ.ប ​លោក ​ហង្ស ​ពុទ្ធា ​និង​លោក​ ឌឹម សុវណ្ណារុំ​ បានទេ ​ដោយ​ទូរស័ព្ទ​ចូល​ជាច្រើន​ដង​ ពុំ​មាន​អ្នកទទួល។

នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​អព្យាក្រឹត ​និង​យុត្តិធម៌​ ដើម្បី​បោះឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ​នៅ​កម្ពុជា ឬ​ហៅ​ថា​អង្គការ និចហ្វិក (NICFEC) លោក ​សំ គន្ធាមី ​មានប្រសាសន៍ថា ​ចំនួន​អ្នក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ថ្មី​នេះ មានការ​ឡើង​គួរ​ឲ្យ​កត់​សម្គាល់ ​ដោយសារ​ពលករ​ចំណាក​ស្រុក​ជាច្រើន​ បាន​វិល​ត្រឡប់​ចូល​ក្នុង​ប្រទេស​កម្ពុជា​វិញ​ ក្នុង​ពេល​មាន​វិបត្តិ​ជំងឺ​កូវីដ-១៩។ លោក ​កត់​សម្គាល់​ថា ​ប្រជា​ពលរដ្ឋ​មួយ​ចំនួន ​ចង់ឲ្យ​មាន​ឈ្មោះ​បោះ​ឆ្នោត​ជា​មុន​សិន​ ប៉ុន្តែ​ពេល​បោះ​ឆ្នោត​ គឺ​ពួក​គាត់​នឹង​ពិចារណា ​ឬ​សម្លឹង​មើល​ទៅ​លើ​គណបក្ស​ណា​ដែល​ពួកគាត់​ជឿ​ទុក​ចិត្ត។ ទោះ​ជា​យ៉ាង​ណា ​លោក ​សំ គន្ធាមី យល់​ថា​ សហគមន៍​អន្តរជាតិ ​និង​ប្រជាពលរដ្ឋ​នៅតែ​ចង់ឲ្យ​មានការ​ដោះស្រាយ​ជម្លោះ​នយោបាយ​ដើម្បីឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ​ចូលរួម​ប្រកួត​ប្រជែង​ការ​បោះឆ្នោត​ឡើងវិញ ​ព្រោះ​អវត្តមាន​បក្ស​ប្រឆាំង​​ដ៏​ធំ​មួយ​នេះ ​ក៏​អាច​ធ្វើ​អ្នកបោះឆ្នោត​មួយ​ចំនួន​ មិន​ចាប់​អារម្មណ៍​នឹង​ការ​បោះ​ឆ្នោត​ខាង​មុខ​ដែរ៖ «មាន​ការ​ប្រកួតប្រជែង​គ្នា និង​ដំណើរ​ការ​បោះ​ឆ្នោត​នឹង​ឲ្យ​បាន​ល្អ​ដូច​កន្លង​មក​ចឹង​ណាស់ ហើយ​ប្រជាពលរដ្ឋ ក៏​គាត់​យល់​ឃើញ​ចឹង​ដែរ  ប៉ុន្តែ​អា​នេះ វា​អាស្រ័យ​ទៅ​លើ​កត្តា​នយោបាយ​របស់​ប្រទេស​យើង។ ប្រជាពលរដ្ឋ​ខ្លះ​គាត់​យល់​ឃើញ​ដែរ​ថា ចំាំ​មើល​បើ​សិន​ជា កត្តា​នយោបាយ​យ៉ាង​ម៉េច​មាន​វត្តមាន​គណបក្ស​សង្គ្រោះ​ជាតិ ទោះ​មាន​ ឬ​គ្មាន​ក៏ដោយ គាត់​នឹង​ពិនិត្យ​មើល​គណបក្ស​ផ្សេងៗ ទៀត ដែលា​មាន​លទ្ធភាព​ដែល​គាត់​ទុក​ចិត្ត​បាន​អីចឹង​ណា»។

លេខាធិការ​នៃ​គណៈកម្មាធិការ​ប្រតិបត្តិ​ស្រុក​ក្រគរ ​ខេត្ត​ពោធិ៍សាត់ ​ដែល​កំពុង​ភៀស​ខ្លួន​នៅ​ឯ​ប្រទេស​ថៃ លោក ​ឃិន​ សាម៉ន ​លើក​ឡើង​ថា ​ការរៀបចំ​ចុះឈ្មោះ​អ្នកបោះឆ្នោត និង​រៀបចំ​ការ​បោះ​ឆ្នោត​របស់ គ.ជ.ប ដោយ​គ្មាន​គណបក្ស​សង្គ្រោះ​ជាតិ​ចូលរួម​ប្រកួត​ប្រជែង ​គឺ​ជា​ការ​រៀបចំ​ការ​បោះ​ឆ្នោត​ក្លែង​ក្លាយ និង​ចំណាយ​ធនធាន​ឥត​ប្រយោជន៍​ ហើយ​គ្មាន​ការ​ទទួល​ស្គាល់​ពី​សហគមន៍​ជាតិ ​និង​អន្តរ​ជាតិ​នោះ​ទេ៖ «ការ​រៀបចំ​ការ​បោះ​ឆ្នោត​របស់​ប្រទេស​កម្ពុជា ក្នុង​ពេល​បច្ចុប្បន្ន​ដោយ​អវត្តមាន​គណបក្ស​សង្គ្រោះ​ជាតិ ការ​ដែល​ខំ​ចំណាយ​លុយ​ទាំង​អស់​នេះ វា​អត់​មាន បាន​ប្រយោជន៍​អី​ដល់​ប្រជាពលរដ្ឋ​ខ្មែរ ដែល​គេ​ស្រឡាញ់​ប្រជាធិបតេយ្យ។ បើ​សិន​ជា​មាន​គណបក្ស​សង្គ្រោះ​ជាតិ គឺ​មាន​តម្លៃ​ណាស់ ព្រោះ​ប្រជាពលរដ្ឋ​ស្រឡាញ់​សង្គ្រោះ​ជាតិ បោះ​ឆ្នោត​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ជាង​ពាក់​កណ្ដាល​ប្រទេស  ដូច្នេះ​ការ​ធ្វើ​ទាំង​ឡាយ​ណា​របស់ គ.ជ.ប វា​អត់​បាន​ឆ្លុះ​បញ្ចាំង​ពី​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ទេ»។

កាលពី​ជិត​ជិត ៣ឆ្នាំមុន ​តុលាការ​កំពូល បាន​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ចោល និង​បាន​ហាម​ថ្នាក់​ដឹកនាំ ១១៨រូប​នៃ​គណបក្ស​នេះ មិន​ឲ្យ​ធ្វើ​នយោបាយ​រយៈពេល ​៥​ឆ្នាំ​។ នៅមុន​ការ​រំលាយ​នេះ គណបក្ស​សង្គ្រោះ​ជាតិ ទទួល​បាន​អាសនៈ ៥៥ ក្នុង​រដ្ឋសភា និង​ទទួល​បាន​អាសនៈ​ជា​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ប្រមាណ​ជាង ៥​ពាន់ ​ក្នុង​ពេល​បោះ​ឆ្នោត​ឃុំសង្កាត់​ឆ្នាំ២០១៧ ដែល​ស្ទើរតែ​ប្រហាក់ប្រហែល​នឹង​គណបក្ស​ប្រជាជន​កម្ពុជា។

ក្រុម​អ្នក​សង្កេតការណ៍​ជាតិ និង​អន្តរជាតិ​ ជឿជាក់​ថា ទំនងជា​បារម្ភ​ខ្លាច​ចាញ់​ឆ្នោត ទើប​របប​លោក ហ៊ុន សែន ​កម្ទេច​បក្ស​ប្រឆាំង និង​បំបិទ​សំឡេង​ឯករាជ្យ​នៅមុន​ការបោះឆ្នោត​មកដល់​។ ការ​រៀប​ចម្ការ​បោះឆ្នោត​ជាតិ ​កាល​ពីឆ្នាំ​២០១៨ ​ក៏​ត្រូវ​បាន​គណបក្ស​សង្គ្រោះ​ជាតិ ​រួម​ទាំង​សហគមន៍ជាតិ និង​អន្តរជាតិ រិះគន់​ខ្លាំង​ក្លា និង​ចាត់​ទុក​ថា ​ជា​ការ​បោះ​ឆ្នោត​ក្លែងក្លាយ ​និង​ជា​ថ្ងៃ​ប្រារព្ធ​ពិធី​មរណភាព​នៃ​លទ្ធិប្រជាធិបតេយ្យ និង​ជា​ថ្ងៃ​ខ្មៅ​ងងឹត​នៃ​ប្រវត្តិសាស្ត្រ​កម្ពុជា ដែល​របប​ប្រជាធិបតេយ្យ​ត្រូវ​ជំនួស​មកវិញ​ដោយ​ការដឹកនាំ​បែប​ឯក​បក្ស​ខុសច្បាប់ និង​អ​ធម្មនុញ្ញភាព។

ករណី​នេះ​ សហភាព​អឺរ៉ុប ក៏បាន​ដកហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ២០ភាគ​រយ​ពី​កម្ពុជា។ ចំណែក​សហរដ្ឋ​អាមេរិក ក៏​បាន​ដាក់​ទណ្ឌកម្ម​ចំពោះ​បុគ្គល​លើ​ថ្នាក់​ដឹកនាំ​រដ្ឋាភិបាល​កម្ពុជា​មួយ​ចំនួន​ ដោយ​​ចោទ​ថា​ ពួកគេបាន​ធ្វើ​ឱ្យ​ខូច​លទ្ធិ​ប្រជាធិបតេយ្យ​ និង​រំលោភ​សិទ្ធិមនុស្ស៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles