ពលរដ្ឋ​រងគ្រោះ​ដោយសារ​ទឹកជំនន់​បង្ហាញ​ក្តី​បារម្ភ​ខ្លាច​មាន​ចោរ​លួច​គាស់​ផ្ទះ​យក​ទ្រព្យ​សម្បត្តិ

ដោយ ម៉ៅ សុធានី
2020-10-19
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ពលរដ្ឋ​រងគ្រោះ​ដោយសារ​ទឹក​ជំនន់​បង្ហាញ​ក្ដី​បារម្ភ​ខ្លាច​មាន​ជន​ឆ្លៀត​ឱកាស ឬ​ចោរ​លួច​គាស់​ផ្ទះ​ពួកគេ ពេល​ដែល​កំពុង​ជម្លៀស​ខ្លួន​ពី​ទឹក​ជំនន់។ ពួកគេ​ស្នើ​សុំ​ឲ្យ​អាជ្ញាធរ ចុះ​ជួយ​ល្បាត និង​ការពារ​ទ្រព្យ​សម្បត្តិ​​ប្រជា​ពលរដ្ឋ​ដែល​កំពុង​រងគ្រោះ​។ អាជ្ញាធរ​អះអាង​ថា កំពុង​ពិនិត្យ និង​ដោះ​ស្រាយ​ករណី​នេះ​ហើយ។

ពលរដ្ឋ​រងគ្រោះ​ទឹក​ជំនន់​នៅ​ភូមិ​សំបួរ សង្កាត់​ដង្កោ ខណ្ឌ​ដង្កោ រាជ​ធានី​ភ្នំពេញ លោក​ស្រី ហេង ហួរ ឲ្យ​អាស៊ី​សេរី​ដឹង​ថា លោកស្រី​មាន​ការ​បារម្ភ​ជា​ខ្លាំង ​ចំពោះ​របស់​របរ​ដែល​នៅ​ក្នុង​ផ្ទះ ខ្លាច​មាន​ជន​ខិល​ខូច​ឆ្លៀត​ឱកាស​លួច​គាស់​ផ្ទះ នៅ​ពេល​ដែល​លោកស្រី​កំពុង​ជម្លៀស​ខ្លួន​ចេញ​ពី​ផ្ទះ​ដែល​ត្រូវ​ទឹក​លិច។ លោកស្រី​បន្ត​ថា លោកស្រី​ខកចិត្ត​យ៉ាង​ខ្លាំង ដែល​រហូត​មក​ដល់​ពេល​នេះ ពុំ​មាន​មន្ត្រី​មូល​ដ្ឋាន ឬ​អាជ្ញាធរ​ណា​ម្នាក់​មក​ចុះ​សួរ​សុខទុក្ខ ឬ​ផ្តល់​ការ​ការពារ​​សុវត្ថិ​ភាព និង​ជួយ​ចុះ​ល្បាត​ផ្ទះ​ប្រជា​ពលរដ្ឋ​នៅ​ភូមិ​នេះ​នៅ​ឡើយ​ទេ។ លោកស្រី​បន្ថែម​ទៀត​ថា លោកស្រី​រង​ការ​ខូចខាត​របស់​របរ​ជា​ច្រើន បន្ទាប់​ពី​ទឹក​ជន់​លិច​ផ្ទះ​លោក​ស្រី ហើយ​លោកស្រី​ត្រូវ​បញ្ជូន​កម្មករ​ឲ្យ​ទៅ​យាម​ផ្ទះ​រាល់​ថ្ងៃ ដើម្បី​ការពារ​ជន​ឆ្លៀត​ឱកាស​ទាំង​នោះ ដោយសារ​អាជ្ញាធរ​មិន​អើពើ៖ «អត់ទេ​បង​អើយ អត់ទេ​ខ្ញុំ​សុំ​និយាយ​ឲ្យ​ត្រង់​ហ្មង អត់​មាន​សោះ​បង មក​មើល​ម៉ា​បន្តិច​ក៏​ខ្ញុំ​អស់​ចិត្ត​ដែរ ខាង​សង្កាត់ ខាង​ខណ្ឌ​អត់​មាន​រវល់​ហ្មង។ ខ្ញុំ​សំណូម​ពរ សំណូម​ពរ​ខាង​អភិបាល​ខណ្ឌ ហើយ​នឹង​ខាង​ចៅ​សង្កាត់ សុំ​មេត្តា​ឲ្យ​កង​កម្លាំង​គាត់​ជួយ​ចុះ​ល្បាត​មើល​នៅ​កន្លែង​ផ្ទះ​ប្រជា​ពលរដ្ឋ​នៅ​ក្នុង​ភូមិ​ហ្នឹង​ផង ព្រោះ​អី​ភាគ​ច្រើន​មាន​ជន​ឆ្លៀត​ឱកាស​វា​លួច​គាស់​អ៊ីចឹង មួយ​យប់​ហ្នឹង គាស់​ដាក់​ក្បូន ដាក់​អី​ហ្នឹង​យក​ខ្ទេច អ៊ីចឹង​រឿង​នេះ​អី​ងាយ​នឹង​ជួប​បញ្ហា​ហ្នឹង។ គាត់​មិន​បាន​ជួយ​ចែក​អំណោយ​អី​ក៏​អត់​ចុះ ឲ្យ​តែ​បាន​ជួយ​ផ្តល់​តែ​កម្លាំង​ចិត្ត ឲ្យ​ជួយ​យាម​ជួយ​អី​ប៉ុន​ហ្នឹង​ក៏​ខ្ញុំ​អស់​ចិត្ត​ដែរ ខ្ញុំ​អត់​ចង់​បាន​អី​លើស​ហ្នឹង​ទៀត​ទេ»

ស្រដៀង​គ្នា​នេះ ពលរដ្ឋ​រងគ្រោះ​ដោយសារ​ទឹក​ជំនន់​នៅ​ភូមិ​ភ្នំតូច ឃុំ​ពេជ្រ​ចិន្តា ស្រុក​ភ្នំព្រឹក ខេត្ត​បាត់​ដំបង លោកស្រី​ កែវ ស៊ីថា រៀបរាប់​ថា លោកស្រី​មាន​ការ​បារម្ភ​ខ្លាច​មាន​ការ​បាត់បង់​ទ្រព្យ​សម្បត្តិ​ខ្លះ​ដែរ ប៉ុន្តែ​អ្វី​ដែល​សំខាន់​នោះ គឺ​អាយុ​ជីវិត​នៅ​ពេល​ដែល​កំពុង​ជួប​គ្រោះ​ទឹក​ជំនន់​។ លោកស្រី​បន្ត​ថា ​ទឹកជំនន់​នៅ​តែ​បន្ត​ជន់​លិច មិន​ទាន់​ថមថយ​នោះ​ទេ ដោយសារ​ទឹកភ្លៀង និង​ការ​បើក​ទំនប់​ទឹក​​ពី​តំបន់​ជាប់​ព្រំដែន​ថៃ៖ «ខ្ញុំ​សំណូមពរ​ថា ឲ្យ​រដ្ឋាភិបាល​ចុះ​ជួយ​មើល​ផ្ទះ​ប្រជា​ពលរដ្ឋ​ដែល​លិច​ទឹក លិច​អី​ហ្នឹង គ្នា​កំពុង​លង់​លិច ហើយ​កំពុង​អត់ ជីវភាព​អន់​ថយ​ភាគ​ច្រើន។ អ្នក​ខ្លះ គ្នា​កូន​អា​ញ៉ុក​អា​ញៃ ៤៥នាក់ សូម្បី​តែ​អង្ករ​មួយ​គ្រាប់​គ្មាន​ដែរ ក៏​រដ្ឋាភិបាល​មើល​មិន​ឃើញ​ដែរ»

​សំណើ​របស់​ពលរដ្ឋ​ដែល​សុំ​ឱ្យ​អាជ្ញាធរ​ជួយ​ការពារ​ទ្រព្យសម្បត្តិ​របស់​ពួកគាត់​នេះ គឺ​ដោយសារ​តែ​នៅ​កន្លែង​ខ្លះ​មាន​ករណី​ចោរ​លួច​គាស់​ផ្ទះ​ពលរដ្ឋ​ដែល​កំពុង​ជម្លៀស​ចេញ​ពី​លំនៅឋាន។ គណនី​ហ្វេ​ស​ប៊ុក​មួយ​ឈ្មោះ វណ្ណ​ណេ​ង Vanneng បាន​បង្ហោះ​វីដេអូ​អំពី​ ​ករណី​ចោរ​លួច​គាស់​ផ្ទះ​ពលរដ្ឋ​ស្ទើរ​គ្រប់​ផ្ទះ នៅ​​បុរី​ពិភព​ថ្មី៣ ស្ថិត​ក្នុង​សង្កាត់​រលួស ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ និង​ប្រកាស​ឲ្យ​ម្ចាស់​ផ្ទះ ចុះ​មក​ពិនិត្យ ​និង​ដាក់​ពាក្យ​បណ្ដឹង​ករណី​មាន​ចោរ​គាស់​ផ្ទះ។​

អាស៊ី​សេរី​ព្យាយាម​ទាក់​ទង​ទៅ អភិបាល​ក្រុង​ភ្នំពេញ លោក ឃួង ស្រេង ដើម្បី​សួរ​នាំ​ពី​ករណី​នេះ ប៉ុន្តែ​លោក​បញ្ជាក់​ថា កំពុង​ជាប់​រវល់​ចែក​អំណោយ រួច​ក៏​បិទ​ទូរស័ព្ទ។

រីឯ​អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ គ្រប់​គ្រង​គ្រោះ​មហន្តរាយ លោក ឃុន សុខា មាន​ប្រសាសន៍​ថា លោក​ពុំ​ទាន់​ទទួល​បាន​ព័ត៌មាន​នេះ​ជា​ផ្លូវ​ការ​នៅ​ឡើយ​ទេ ប៉ុន្តែ​លោក​អះអាង​ថា អាជ្ញាធរ​កំពុង​សហការ​គ្នា​តាម​រក​ជន​ខិលខូច និង​​ឆ្លៀត​ឱកាស​ទាំង​នេះ។ លោក​បញ្ជាក់​ទៀត​ថា អាជ្ញាធរ​កំពុង​ពង្រឹង​កម្លាំង​ដាក់​ការពារ​ប្រជា​ពលរដ្ឋ​បន្ថែម ដោយ​មាន​ក្រុម​ចុះ​ល្បាត​ពេល​យប់​ ដើម្បី​ការពារ​ទ្រព្យ​សម្បត្តិ​របស់​ប្រជា​ពលរដ្ឋ​ផង​ដែរ៖ «យើង​កំពុង​តែ​សហការ​គ្នា​តាំង​ពី​ថ្នាក់​ជាតិ​ដល់​ថ្នាក់​មូលដ្ឋាន ហើយ​អ្នក​ដែល​រុក​រក សង្គ្រោះ ជម្លៀស គឺ​ធ្វើ​តាម​មុខ​ងារ​រៀងៗ ខ្លួន ហើយ​ក្រុម​រក្សា​សណ្ដាប់ធ្នាប់ និង​រក្សា​សន្តិសុខ គឺ​មាន​ក្រុម​ល្បាត ក្រុម​ការពារ​សុវត្ថិ​ភាព​ដល់​ប្រជា​ពលរដ្ឋ យើង​មាន​ទាំង​អស់ ហើយ​ក្រុម​ដែល​អ្នក​ដែល​នៅ​តាម​ទួល​សុវត្ថិ​ភាព ឬ​សម្រាប់​ជួយ​ដល់​ជន​រងគ្រោះ​ដែល​គាត់​បាន​ចេញ​ផុត​ពី​ទឹក​ហ្នឹង​ហើយ គាត់​ត្រូវការ​ស្បៀង ត្រូវ​ការ​ទឹក​ស្អាត ឬ​ក៏​អ្វី​ដែល​ចាំបាច់ គឺ​មាន​ក្រុម​ដែល​ធ្វើ​ការងារ​ហ្នឹង​រៀងៗ ខ្លួន។ រហូត​មក​ដល់​ពេល​នេះ គឺ​សកម្មភាព​ឆ្លើយ​តប​ទៅ​នឹង​ការងារ​ទប់​ទឹក​ជំនន់​នេះ គឺ​មាន​ការ​សស្រាក់​សស្រាំ ហើយ​នឹង​រលូន»

អគ្គ​លេខាធិការ​សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា លោក គៀន ពន្លក ថ្លែង​ថា ករណី​មាន​ចោរ​លួច​គាស់​ផ្ទះ​ប្រជា​ពលរដ្ឋ​​បែប​នេះ គឺជា​កម្សោយ​របស់​អាជ្ញាធរ​ដែល​គ្រប់​គ្រង​មិន​បាន​ល្អ ក្នុង​ការ​ការ​ពារ​សុវត្ថិ​ភាព​ជូន​ប្រជា​ពលរដ្ឋ​។ លោក​បន្ត​ថា អាជ្ញាធរ​គួរ​រៀប​ចំ​សន្តិសុខ​ឲ្យ​បាន​ល្អ ដើម្បី​ធានា​រក្សា​សម្ភារៈ​របស់​ពលរដ្ឋ​ដែល​កំពុង​រងគ្រោះ​ទាំងនោះ​កុំ​ឲ្យ​មាន​ការ​បាត់បង់៖ «គាត់​ជួប​ទុក្ខ​មួយ​សារ​ហើយ ប្រសិន​បើ​អាជ្ញាធរ​មិន​រក្សា​សន្តិសុខ មិន​រក្សា​សម្ភារៈ​របស់​ប្រជា​ពលរដ្ឋ ចឹង​មាន​ន័យ​ថា គាត់​ជួប​ទុក្ខ​ទ្វេ​ដង។ នៅ​កន្លែង​ខ្លះ​ទៀត ដែល​អាជ្ញាធរ​មិន​ទាន់​ចុះ​ទៅ​ដល់​ហ្នឹង សូម​អាជ្ញាធរ​ធ្វើការ​ចុះ​ឲ្យ​ទៅ​ដល់​ប្រជា​ពលរដ្ឋ​ដែល​រងគ្រោះ ហើយ​ជាពិសេស​នោះ​គឺ​សូម​ឲ្យ​អាជ្ញាធរ​ហ្នឹង កុំ​រើស​អើង​ផ្នែក​នយោបាយ ព្រោះ​នៅ​ពេល​នេះ គឺ​ប្រជា​ពលរដ្ឋ​ទាំង​អស់​គ្នា​ហ្នឹង គឺ​គាត់​កំពុង​តែ​ជួប​ទុក្ខ ហើយ​ប្រសិន​បើ​អាជ្ញាធរ​នៅ​តែ​មាន​ការ​រើស​អើង​នយោបាយ​ទៀត តើ​ឲ្យ​ប្រជា​ពលរដ្ឋ​ហ្នឹង សង្ឃឹម​ទៅ​លើ​នរណា

របាយ​ការណ៍​គណៈកម្មាធិការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ​ឲ្យដឹង​ថា រាជ​ធានី-ខេត្ត​ដែល​រង​ផល​ប៉ះ​ដោយសារ​ទឹក​ជំនន់ មាន​ចំនួន ១៩។ ចំណែក តួលេខ​ពលរដ្ឋ​ដែល​ស្លាប់​ដោយ​ទឹក​ជំនន់​វិញ បាន​កើន​ឡើង​ដល់​ ២៤នាក់​ហើយ គិត​ត្រឹម​ថ្ងៃ​ទី១៧ តុលា ស្រប​ពេល​ពលរដ្ឋ​ជិត ៣ម៉ឺន​នាក់​ត្រូវ​ជម្លៀស​ចេញ​ពី​លំនៅឋាន ​ដំណាំ​កសិកម្ម​ពលរដ្ឋ​រាប់​សែន​ហិកតារ​រង​ការ​ខូច​ខាត ហើយ​ហេដ្ឋារចនាសម្ព័ន្ធ​តូច​ធំ​ជា​ច្រើន​កន្លែង​ក៏​ត្រូវ​ខូច​ខាត​ដូចគ្នា។ អាជ្ញាធរ​បញ្ជាក់​ថា ស្ថាន​ភាព​គ្រោះ​មហន្តរាយ​នេះ​មិន​ទាន់​ចប់​នៅ​ឡើយ​ទេ ដោយសារ​កម្ពុជា​នៅ​ជួប​ព្យុះ​ជា​បន្ត​បន្ទាប់​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles