ជន​មិន​ស្គាល់ ២នាក់ ឆ្មក់​វាយ​សកម្មជន​បក្ស​ប្រឆាំង​ម្នាក់​របួស​ក្បាល​ធ្ងន់ធ្ងរ ខណៈ​កូន​ប្រុស​របស់​សកម្មជន​កំពុង​ជាប់​ពន្ធនាគារ​ម្នាក់​គ្រោះ​ថ្នាក់​ចរាចរណ៍​ស្លាប់

ដោយ ទីន ហ្សាការីយ៉ា
2020-10-19
RFA

ជន​មិន​ស្គាល់​មុខ ២នាក់​ ជិះ​ម៉ូតូ​ ឆ្មក់​វាយ​សកម្មជន​បក្ស​ប្រឆាំង​ម្នាក់​នៅ​ខណ្ឌ​មានជ័យ​រាជធានី​ភ្នំពេញ បណ្ដាល​ឲ្យ​របួស​ក្បាល​ធ្ងន់ធ្ងរ បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់ នៅ​មន្ទីរ​ពេទ្យ​ព្រះ​កេតុមាលា។ សាច់​ញាតិ​ជន​រង​គ្រោះ ចាត់​ទុក​ការ​វាយ​ប៉ុនប៉ង​សម្លាប់​ប្ដី ជា​ចេតនា​នយោបាយ ជា​ជាង​គំនុំ​ផ្ទាល់​ខ្លួន។ តែ​នគរបាល​បដិសេធ។ ដោយ​ឡែក កូន​ប្រុស​របស់​សកម្មជន​បក្ស​ប្រឆាំង​ម្នាក់​ទៀត ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​ស្លាប់ ពេល​ធ្វើ​ដំណើរ​ទៅ​លេង​ស្រុក នៅ​ខេត្ត​ស្វាយរៀង។

សកម្មជន​បក្ស​ប្រឆាំង ដែល​រង​របួស​​ក្បាល​ធ្ងន់ធ្ងរ គឺ​ជា​អគ្គ​លេខាធិការ​គណៈកម្មការ​ប្រតិបត្តិ​គណ​បក្ស​​សង្គ្រោះ​ជាតិ និង​ជា​សមាជិក​ក្រុម​ប្រឹក្សា​ជាប់​ឆ្នោត នៅ​ខណ្ឌ​មានជ័យ​ លោក ឌិន វ៉ារិន។ ប្រពន្ធ​របស់ លោក ឌិន វ៉ារិន គឺ លោកស្រី ចាន់​ សុភ័គ ហៅ ចាន់ អ៊ីន ឲ្យ​ដឹង​ថា ស្ថានភាព​របួស​របស់​ប្ដី​លោក​ស្រី​ធ្ងន់ធ្ងរ ដោយសារ​ ហូរ​ឈាម​ច្រើន ប្រឡាក់​ជោគ​ខោអាវ​របស់​លោកស្រី និង​នៅ​តែ​សន្លប់​ ហើយ​ក្អួត​ឈាម ហូរ​តាម​មាត់។

លោកស្រី ចាន់ អ៊ីន ប្រាប់​ថា ជន​មិន​ស្គាល់​មុខ ២នាក់ ជិះ​ម៉ូតូ​ឌុប​គ្នា ប្រើ​ដុំ​ថ្ម​វាយ​លោក ឌិន វ៉ារិន ពី​ចំហៀង​ បណ្ដាល​ឲ្យ​បែក​ក្បាល ​ដួល​សន្លប់​នៅ​លើ​ចិញ្ចឹម​ផ្លូវ ក្នុង​ពេល​លោក​ដើរ​មក​ពី​ពិសា​កាហ្វេ​វិញ នៅ​ព្រឹក​ថ្ងៃ​ទី១៩ តុលា។ លោកស្រី​ជឿជាក់​ថា ការ​វាយ​ធ្វើ​បាប​ប្ដី មិន​មែន​ជា​រឿង​គំនុំ​​ផ្ទាល់​ខ្លួន​ទេ ព្រោះ​លោក ឌិន វ៉ារិន ជា​មនុស្ស​ស្លូត​បូត និង​ស្ថានភាព​គ្រួសារ​ ក្រីក្រ​ខ្លាំង។

លោកស្រី ចាន់ អ៊ីន ប្រាប់​ថា កូន​ប្រុស​របស់​លោកស្រី បាន​​ទៅ​ដាក់​ពាក្យ​ប្ដឹង នៅ​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋ​បាល​សង្កាត់​ចាក់​អង្រែ​ក្រោម​រួច​ហើយ។ តែ​លោកស្រី​គ្មាន​ជំនឿ​លើ​ប៉ូលិស​ទេ​ ព្រោះ​ជន​មិន​ស្គាល់​លប​វាយ​សកម្មជន​បក្ស​ប្រឆាំង​​ច្រើន​ករណី​ហើយ​មិន​ដែល​ស្វែង​រក​ និង​​ចាប់​ខ្លួន​បាន​​ម្ដង​​ណា​ឡើយ៖ «ខ្ញុំ​សឹង​តែ​ដើរ​ទៅ​ណា ខ្ញុំ​កាន់​ដំបង​ហើយ​ឥឡូវ​ហ្នឹង។ បើ​មិន​អ៊ីចឹង​ ខ្ញុំ​កាន់​កាំបិត​កញ្ចែ​កាប់​ជ្រូក​ហើយ។ អ្នក​ណា​ថា ខ្ញុំ​ឆ្កួត​ក៏​ថា ខ្ញុំ​ឆ្កួត​ចុះ។ ខ្ញុំ​អត់​ខ្លាច​អ្វី​ទេ ឥឡូវ​ហ្នឹង ខ្ញុំ​អត់​ខ្លាច​តែ​ម្ដង។ ឥឡូវ​មក​ធ្វើ​បាន​ប្ដី​ខ្ញុំ ហេតុ​អ្វី​គាត់​មាន​រឿង​អ្វី ខ្ញុំ​សួរគណបក្ស​ស្អី ដែល​រំលាយ​អស់​ហើយ​ហ្នឹង មក​ធ្វើ​បាប​គាត់​អ្វី​ទៀត។ កុំ​ធ្វើ​បាប​គាត់។ គាត់​មាន​កាំភ្លើង​ឯណា​កាន់ ទៅ​ត​ដៃ​ជាមួយ​គេ។ ឲ្យ​គាត់​ រកស៊ី មួយ​រស់ៗ ទៅ​។ គាត់​ទៅ​ធ្វើ​អ្វី​កើត។ មិន​អាណិត​ខ្មែរ​ដូច​គ្នា​សោះ​។ បើ​គាត់​នៅ​តែ​សុខៗ មក​ធ្វើ​អ្វី​គាត់។ ប្ដី​ខ្ញុំ មិន​ដែល​មាន​ជម្លោះ​ជា​មួយ​អ្នក​ណា​ទេ។ ក្រ តែ​ក្រ​ហើយ ​ស្លូត​ហើយ បង​ឯង​ចាំ​ទៅ។ បាន​អ្វី​ទៅ​ឈ្លោះ។ លក់​តែ​បន្លែ​ ពង​មាន់ ពង​ទា ដើម្បី​ចិញ្ចឹម​ជីវិត។ ដោះ​លុយ​ធនាគារ​ មិនមែន​ចិញ្ចឹម​ជីវិត​ទេ​ណា​បង។ ជំពាក់​គេ។ ប្ដី​ប្រពន្ធ​ខ្ញុំ វេទនា​ណាស់។ ទម្រាំ​តែ​បាន​មក​ដល់​ឥឡូវ​ថា គ្រាន់​បើ​ហើយ។ មក​ឲ្យ​ខ្ញុំ​វេទនា​ទៀត។ ខ្ញុំ​វេទនា ទៀត​ហើយ»

លោកស្រី ចាន់ អ៊ីន និង​ប្ដី គឺ​ជា​អ្នក​លក់​បន្លែ និង​សាច់​ជ្រូក នៅ​ផ្សារ​ចាក់​អង្រែ​ក្រោម។ លោកស្រី ប្រាប់​ថា ចាប់​តាំង​ពី​ការ​រំលាយ​គណបក្ស​ប្រឆាំង​មក​ ប្ដី​របស់​លោកស្រី បាន​ប្ដូរ​អាជីព មក​ឌុប​សាច់​ជ្រូក និង​ជួយ​លក់​បន្លែ ជា​មួយ​ប្រពន្ធ​វិញ។ លោក​ស្រី សោកស្ដាយ​​ចំពោះ​ទង្វើ​របស់​ជន​មិន​ស្គាល់​មុខ និង​អ្នក​បញ្ជា​ពី​ក្រោយ​​ ដែល​នាំគ្នា ​ធ្វើ​បាប​ លោក ឌិន វ៉ារិន។

អ្នក​នាំ​ពាក្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ លោក សាន សុខសីហា ប្រាប់​អាស៊ី​សេរី​ថា ខាង​ប៉ូលិស បាន​ទទួល​ពាក្យ​ប្ដឹង​ពី​គ្រួសារ​ជន​រង​គ្រោះ​​រួច​ហើយ និង​​កំពុង​​ស្រាវជ្រាវ​ ស៊ើប​អង្កេត។ លោក ប្រាប់​ថា ខាង​ប៉ូលិស​ បាន​សួរនាំ​គ្រួសារ​​បន្ថែម ពី​ករណី​នេះ​រួច​ហើយ តែ​មិន​ទាន់​អាច​សន្និដ្ឋាន​បាន​ថា ជា​ករណី​អ្វី​ឡើយ ដោយ​ត្រូវ​ការ​ស៊ើប​អង្កេត​បន្ថែម​ទៀត៖ «ដូច​ខ្ញុំ​បាន​បញ្ជាក់​ពី​អម្បាញ់មិញ​អ៊ីចឹង​ថា ពី​ជំហាន មិន​អាច​មាន​នរណា​ម្នាក់​ទៅ​វាយ​តម្លៃ​ថា វា​ជា​ករណី​អ្វី​បាន​ដែរ។ លុះ​ត្រា​ ដល់​ពេល​មាន​សមត្ថកិច្ច​ទៅ​ស្រាវជ្រាវ​ឃើញ​ថា ជា​ករណី​អ្វី​មួយ ជា​ករណី​គំនុំ ឬ​ក៏​ករណី​អ្វី​មួយ ទើប​យើង​អាច​វាយ​តម្លៃ​បាន។ បើ​សិន​ក្នុង​ករណី​នេះ យើង​ធ្វើ​ម្ដេច​ទៅ​វាយ​តម្លៃ​ចោទ​ប្រកាន់​កើត។ ឧបមា​ករណី​ណា​មួយ យើង​ទៅ​ចោទ​ប្រកាន់​វា​ អ៊ីចេះ​អ៊ីចុះ យើង​អត់​អាច​ចោទ​ប្រកាន់​បាន​ទេ ព្រោះ​ក្នុង​នាម​សមត្ថកិច្ច​ធ្វើការ យើង​ស្រាវជ្រាវ​ឲ្យ​មាន​ប្រភព​ច្បាស់​លាស់ មាន​ភស្តុតាង​ច្បាស់​លាស់ ទើប​យើង​ធ្វើ​ការ​បាន ក្នុង​នាម​ជា​សមត្ថកិច្ច»

នាយក​រង​ ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស អង្គការ​លីកាដូ លោក អំ សំអាត ឲ្យ​ដឹង​ថា ជន​មិន​ស្គាល់​មុខ បាន​លប​វាយ​​​សកម្មជន​បក្ស​ប្រឆាំង នៅ​ភ្នំពេញ និង​តាម​ខេត្ត​ សរុប​ ជាង​​ដប់​នាក់​ហើយ​​ ហើយ​សមត្ថកិច្ច មិន​ទាន់​ចាប់​បាន​ជន​ដៃ​ដល់ យក​មក​ផ្ដន្ទាទោស​ឡើយ ​ជា​ហេតុ​ធ្វើ​ឲ្យ​ពលរដ្ឋ​បាត់​បង់​ជំនឿ និង​បន្ត​ចោទ​ប្រកាន់​​ ថា ហិង្សា​ទាំង​ឡាយ​កន្លង​មក ជា​រឿង​នយោបាយ។

លោក អំ សំអាត បន្ត​ថា ការ​ឆ្មក់​វាយ​​ លោក ឌិន វ៉ារិន ជា​អំពើ​​ហិង្សា​ដោយ​ចេតនា ដូច្នេះ សមត្ថកិច្ច ត្រូវ​ចាប់​ជន​ដៃ​ដល់​ យក​មក​ផ្ដន្ទាទោស​តាម​ច្បាប់ ទើប​រួច​ផុត​ពី​ការ​​រិះគន់​ទាំង​ឡាយ។

មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​រូប​នេះ ព្រួយ​បារម្ភ​ថា បើ​ករណី​ហិង្សា​នេះ នៅ​តែ​មិន​អាច​ចាប់​ជន​ដៃដល់ យក​​មក​ផ្ដន្ទាទោស​បាន​ទេ​ នឹង​បណ្ដាល​ឲ្យ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ នៅ​តែ​ព្រួយ​បារម្ភ​សុវត្ថិភាព៖ «អ៊ីចឹង​ បញ្ហា​ទាំង​អស់​នេះ បើ​តាម​ផ្លូវ​ច្បាប់ បាន​ន័យ​ថា ​អាជ្ញាធរ គឺ​ផ្ដល់​កិច្ចការ​ពារ​សន្តិសុខ ហើយ​និង​ផ្ដល់​យុត្តិធម៌ សម្រាប់​ពលរដ្ឋ​គ្រប់​រូប ដោយ​មិន​មាន​ការ​រើស​អើង។ អា​ហ្នឹង បាន​ជា​កាតព្វកិច្ច​របស់​អាជ្ញាធរ​ ដែល​មាន​សមត្ថកិច្ច»

អំពើ​ហិង្សា​ លប​វាយ​សកម្មជន​បក្ស​ប្រឆាំង និង​សង្គម​ស៊ីវិល កើត​ឡើង​ជា​ហូរហែ បណ្ដាល​ឲ្យ​សកម្មជន​ ជាង​ដប់​នាក់​ហើយ ​រង​របួស​ធ្ងន់​ស្រាល។ អ្នក​រង​របួស​ពី​អំពើ​ហិង្សា​ទាំងអស់​ មិន​ទាន់​ទទួល​បាន​យុត្តិធម៌​ទេ ខណៈ​ជន​រងគ្រោះ​ខ្លះ ស្លាប់​បាត់​ទៅ​ហើយ ឯ​ជន​រងគ្រោះ​ខ្លះ ត្រូវ​ជាប់​ពន្ធនាគារ​​ពី​បទ​ញុះញង់ និង​ខ្លះ​ទៀត ធ្លាក់​ខ្លួន ជា​ជន​ពិការ​ក៏​មាន។

ដោយ​ឡែក កូន​ប្រុស​របស់​សកម្មជន​បក្ស​ប្រឆាំង​ម្នាក់ លោក ជុំ ពុទ្ធី ដែល​កំពុង​ជាប់​ពន្ធនាគារ​ព្រៃ​ស «ម១» ឈ្មោះ ជុំ ពុទ្ធោ ក៏​បាន​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​ស្លាប់ នៅ​ខេត្ត​ស្វាយរៀង នៅ​ម៉ោង​ប្រមាណ ៤កន្លះ​រសៀល ថ្ងៃ​ទី១៨ តុលា ពេល​ធ្វើ​ដំណើរ​ទៅ​លេង​ស្រុក​កំណើត។

ប្រពន្ធ​របស់ លោក ជុំ ពុទ្ធី និង​ជា​ម្ដាយ​របស់ សព​​លោក ជុំ​ ពុទ្ធោ គឺ ​លោកស្រី ឈិន សុវណ្ណា យល់​​ថា គ្រោះ​ថ្នាក់​កូន​ប្រុស មិនមែន​ជា​រឿង​នយោបាយ​ទេ ព្រោះ​ការ​ធ្វើ​ដំណើរ គឺ​បុក​គ្នា​ ជាមួយ​រថយន្ត​ដឹក​កម្មករ។ ប៉ុន្តែ លោកស្រី​មាន​បំណង​ឲ្យ​ឆ្មាំ​ពន្ធនាគារ​អនុញ្ញាត​ឲ្យ​លោក ជុំ​ ពុទ្ធី ជា​ឪពុក បាន​ទៅ​ចូលរួម​ពិធី​បុណ្យ​សព​កូន​ប្រុស នៅ​ខេត្ត​ស្វាយរៀង​មួយ​រយៈ។

លោកស្រី ឈិន សុវណ្ណា បាន​ដាក់​លិខិត​ស្នើ​សុំ​តាម​លោក​មេធាវី សំ សុគង់ រួច​ហើយ ដើម្បី​ស្នើសុំ​​អាជ្ញាធរ​ពន្ធនាគារ ពិចារណា​ឲ្យ លោក ជុំ ពុទ្ធី បាន​​ទៅ​ធ្វើ​បុណ្យ​សព បើ​ទោះ​ជា​ស្ថិត​ក្រោម​ការ​ឃ្លាំ​មើល ឬ​ការ​នាំ​ខ្លួន ទៅ​ធ្វើ​បុណ្យ​ក៏​ដោយ ក៏​លោកស្រី​រំពឹង​ថា អាជ្ញាធរ នឹង​អនុញ្ញាត។ លោក ជុំ ពុទ្ធី ដែល​កំពុង​ជាប់​ឃុំ​ ក្នុង​ពន្ធនាគារ​ មាន​កូន​ ក្នុង​បន្ទុក​ចំនួន​៦នាក់ ដែល​កូន​ច្បង ឈ្មោះ ជុំ ពុទ្ធោ គ្រោះ​ថ្នាក់​ចរាចរណ៍​ស្លាប់ មាន​អាយុ​២០​ឆ្នាំ​ ខណៈ​ប្រពន្ធ គឺ លោកស្រី ឈិន សុវណ្ណា កំពុង​មាន​ផ្ទៃ​ពោះ​​​៦​ខែ ជិត​សម្រាល ​កូន​ទី​៧៖ «ស្ថានភាព​ពិបាក​ខ្លាំង​មែនទែន។ នៅ​ទីទ័ល​ហើយ អត់​មាន​លុយ​ធ្វើ​បុណ្យ​សព​កូន​ទៀត ហើយ​អត់​ទាន់​ដឹង​ថា យ៉ាង​ណា យ៉ាង​ណី វិលវល់​អស់​ហើយ អត់​ទាន់​បាន​គេង​ផង តាំង​ពី​ម្សិលមិញ ដល់​ថ្ងៃ​ហ្នឹង។ ខ្ញុំ​រក​ទៅ​ពន្ធនាគារ​ ស្អែក​ហ្នឹង ទៅ​ឲ្យ​ដំណឹង​គាត់ ហើយ​សុំ​ទៅ​ខាង​មេ​គុក​មើល តើ​គាត់ (មន្ត្រីអនុ​ញាតិ​ឲ្យ​គាត់ (ជុំ ពុទ្ធីទៅ​ធ្វើ​បុណ្យ​សព​កូន ឬ​អត់នេះ​គ្រាន់​ជា​គំនិត​របស់​ខ្ញុំ តែ​អត់​ទាន់​ដឹង​ថា ខាង​មេ​គុក​ហ្នឹង គាត់​គិត​យ៉ាង​ម្ដេច​ទេ​ណា

កង​កម្លាំង​ចម្រុះ​​រាជធានី​ភ្នំពេញ​ បាន​​ចូល​ចាប់​ខ្លួន​ក្រុម​គ្រួសារ​លោក ជុំ ពុទ្ធី និង​ភរិយា​របស់​លោក រួម​ទាំង​​សកម្មជន​បក្ស​ប្រឆាំង​ពីរ​នាក់​ទៀត គឺ លោក ឈួរ ផេង និង លោក អ៊ុក សំអូន ​នៅ​ក្នុង​វត្ត​ថាន់ ​កាល​ពី​យប់​ថ្ងៃ​ទី​៤ ​ខែ សីហា ក្នុង​ពេល​ពួកគេ ទៅ​ឃ្លាំមើល​អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ និង​មន្ត្រី​សង្ឃ​ឃាត់​ព្រះ​កាយ​ព្រះសង្ឃ ចំនួន​៨​អង្គ ​ដែល​គ្រោង​ចូលរួម ​តវ៉ា​នៅ​មុខ​សាលា​​ដំបូង​រាជធានី​ភ្នំពេញ ទាមទារ​ឲ្យ​ដោះ​លែង លោក រ៉ុង ឈុន ជា​ប្រធាន​សហភាព​សហជីព​ការងារ និង​ជា​សមាជិក​ក្រុម​ប្រឹក្សា​ឃ្លាំមើល​កម្ពុជា។

ក្រោយ​​ចាប់​ខ្លួន នគរបាល​ បាន​ដោះលែង​ប្រពន្ធ​របស់​ លោក ជុំ ពុទ្ធី និង លោក អ៊ុក សំអូន តែ​បន្ត​ចោទ​​សកម្មជន​​ លោក ជុំ ពុទ្ធី និង​ លោក ឈួរ ផេង ​​​ពី​បទ​ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ ដល់​សង្គម ខណៈ​​មន្ត្រី​សង្ឃ និង​ជ្ញាធរ បាន​​ចាប់​បញ្ជូន​ព្រះ​សង្ឃ​ ៨​អង្គ ​ដែល​​គ្រោង​ចូលរួម​តវ៉ា​កាល​នោះ ត្រលប់​​ទៅ​វត្ត​ នៅ​ខេត្ត​បាត់ដំបង​វិញ៕


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles