សាលា​ឧទ្ធរណ៍​​សម្រេច​​ច្រាន​ចោល​​បណ្ដឹង​​សារទុក្ខ​​របស់​​ក្រុម​សកម្ម​​ជន​​បរិស្ថាន​​

តុលាការ និងច្បាប់ | ព័ត៌មានជាតិ | សិទ្ធិមនុស្ស
លោក ម៉ិច ដារ៉ា | ២០ តុលា ២០២០ |ម៉ោង ១៧:០៣
VOD

កញ្ញា ឡុង គន្ធា - លោក ថុន រដ្ឋា - កញ្ញា ភួន កែវរស្មី សកម្មជនមាតាធម្មជាតិ។ (ហ្វេសប៊ុកសកម្មជន និង មាតាធម្មជាតិ)

កញ្ញា ឡុង គន្ធា – លោក ថុន រដ្ឋា – កញ្ញា ភួន កែវរស្មី សកម្មជនមាតាធម្មជាតិ។ (ហ្វេសប៊ុកសកម្មជន និង មាតាធម្មជាតិ)


បណ្ដឹង​សារទុក្ខ២ដាច់ដោយឡែក​ពីគ្នា​របស់​សកម្មជន៥រូប ដែល​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​ពាក់ព័ន្ធ​នឹង​ការ​តវ៉ា​នា​ពេល​ថ្មី​ៗនេះ ត្រូវ​បាន​សាលាឧទ្ធរណ៍​សម្រេច​ច្រានចោល។

ក្រុមសកម្ម​ជន​បរិស្ថាន​ទាំង៥រូប​នេះ បានសម្រេច​ប្ដឹង​សារទុក្ខ​ទៅ​សាលាឧទ្ធរណ៍​ជំទាស់​នឹង​សេចក្ដីសម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​សម្រេច​ឃុំខ្លួន​ពួក​គេ​បណ្ដោះអាសន្ន ហើយ​បណ្ដឹង​សារទុក្ខ​របស់​ពួក​គេ​ត្រូវ​បាន​សាលាឧទ្ធរណ៍​បើកសវនាការ​នៅ​ព្រឹក​ថ្ងៃនេះ។

សកម្មជន​បរិស្ថាន៥រូប រួមមាន​ លោក ហ៊ុន វណ្ណៈ អ្នកនាង ឈឿន ដារ៉ា​វី លោក ថុន រដ្ឋា កញ្ញា ឡុង គន្ធា និងកញ្ញា ភួង កែវ​រស្មី ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​ជាបន្តបន្ទាប់​កាលពី​ខែសីហានិង​ខែកញ្ញា​កន្លងមក ហើយ​ត្រូវ​បាន​ដាក់​ឃុំ​បណ្ដោះអាសន្ន ក្រោយពី​តុលាការ​សម្រេច​ចោទប្រកាន់​ពី​បទ ​«ញុះញង់​ឱ្យមាន​ភាព​វឹកវរ​ដល់​សន្តិសុខ​សង្គម»

លោក សំ ចំរើន មេធាវី​ការពារ​ក្ដី​ឱ្យ​ក្រុមសកម្ម​ជន​បរិស្ថាន​ទាំង៥រូប​នេះ បាន​ឱ្យដឹង​ថា ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​នៃ​សាលាឧទ្ធរណ៍ លោក ឃុន លាង​ម៉េ​ង បាន​ប្រកាស​សេចក្ដីសម្រេច​លើ​បណ្ដឹង​សារទុក្ខ​ទាំងពីរ​នៅ​ព្រឹក​ថ្ងៃនេះ ដោយ​សម្រេច​ច្រានចោល​បណ្ដឹង​របស់​ពួក​គេ​ដូចគ្នា។

មេធាវី​រូប​នេះ បាន​ឱ្យដឹង​ទៀត​ថា សម្រាប់​បណ្ដឹង​សារទុក្ខ​របស់​លោក ថុន រដ្ឋា កញ្ញា ឡុង គន្ធា និង​កញ្ញា ភួង កែវ​រស្មី នោះ សាលាឧទ្ធរណ៍​បានសម្រេច​ច្រានចោល ដោយ​សម្អាង​ថា បណ្ដឹង​សារទុក្ខ​របស់​ពួក​គេ ត្រូវ​បាន​ធ្វើឡើង​ក្រោយ​រយៈពេល​ដែល​ច្បាប់​អនុញ្ញាត។

លោក សំ ចំរើន ប្រាប់​ថា៖ «ក្នុងរយៈ​ប្រមាណ២០នាទី​ទៅ៣០នាទី​នៅក្នុង​រឿង​ក្តី​នី​មួយ​ៗ ចំពោះ​រឿង​លោក ថុន រដ្ឋា ដែល​យើង​នឹង​ប្តឹង​ដីកា​តុលាការ​សម្រេច​ឃុំខ្លួន សម្រេច​ថា បណ្តឹង​ឧទ្ធរណ៍​មិន​អាច​ទទួលយក​បាន ដោយ​ផ្អែកលើ​ក្របខណ្ឌ​នៃ​ពេលវេលាដែល​មាន​ចែង​នៅក្នុង​ច្បាប់»។

ប៉ុន្តែលោក ចំរើន នៅតែ​អះអាង​ថា ការ​ឃុំខ្លួន​កូនក្ដី​លោក​ពីសំណាក់​សាលាដំបូង​រាជធានី​ភ្នំពេញ ត្រូវ​បាន​ធ្វើឡើង​ដោយ​មិន​ត្រឹមត្រូវ​តាម​វិធាន​ច្បាប់​នោះ​ឡើយ។

លោក សំ ចំរើន ប្រាប់​បន្ត​ថា៖ «តែ​សម្រាប់​យើង​ជា​មេធាវី​ យើង​អត់​យល់​ផ្តោត​សំខាន់​ទៅលើ​ខ្លឹមសារ​ជា​សារធាតុ​នៃ​ការសម្រេច​ឃុំខ្លួន ដោយសារ​ការសម្រេច​ឃុំ​ខ្លួនហ្នឹង​ធ្វើឡើង​ដោយ​មិន​ត្រឹមត្រូវ​តាម​វិធាន​ច្បាប់ មិន​ផ្អែក​ទៅលើ​មាត្រា២០៥ ការសម្រេច​ឃុំខ្លួន​មិន​មាន​មូលដ្ឋាន និង​អង្គហេតុ​គ្រប់គ្រាន់»។

លោក ចំរើន បន្ថែម​ថា៖ «តាំងពី​ចំណុច​ផ្តើម​ដំបូងដែល​សមត្ថកិច្ច​ចាប់ផ្តើម​ឃាត់ខ្លួន រហូតដល់​តុលាការ​ចេញដីកា​ចោទប្រកាន់ គឺ​តុលាការ​មិន​មាន​មូលដ្ឋាន​នៃ​អង្គហេតុនិង​អង្គច្បាប់​គ្រប់គ្រាន់​នៅក្នុង​ការ​ធ្វើបែប​នោះ​ទេ»។

សម្រាប់​បណ្ដឹង​សារទុក្ខ​ធ្វើឡើង​ដោយ​លោក ហ៊ុន វណ្ណៈ និង​អ្នកនាង ឈឿន ដារ៉ា​វី លោក សំ ចំរើន បាន​ឱ្យដឹង​ថា ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាឧទ្ធរណ៍ លោក ឃុន លាង​ម៉េ​ង ដដែល ក៏បាន​សម្រេច​ច្រានចោល​ដែរ ដោយ​លើក​ហេតុផល​ថា ដើម្បី​ធានា​ថា ការ​បញ្ចប់​បទល្មើស និង​ដើម្បី​ធានា​ថា ជន​ត្រូវ​ចោទ​ចូលរួម​នីតិ​វិធីតាម​ការ​កោះហៅ​របស់​តុលាការ។

លោក សំ ចំរើន ប្រាប់​ថា៖ «សំណុំ​ដែល​កូន​ក្តី ហ៊ុន វណ្ណៈ និង ​ឈឿន ដារ៉ា​វី ក៏​តុលាការ​សម្រេច​តម្កល់​ដីការ​សម្រេច​មិន​អនុញ្ញាត​ឱ្យ​នៅ​ឃុំ​បណ្តោះ​អាសន្នរបស់​សាលាដំបូង​រាជធានី​ភ្នំពេញ ទុកជា​បានការ​ដែរ ដោយ​តុលាការ​យល់ថា ដើម្បី​ធានា​ថា ការ​បញ្ចប់​បទល្មើស ដើម្បី​ធានា​ជន​ត្រូវ​ចោទ​ទុក​ចូលរួម​នីតិ​វិធីតាម​ការ​កោះហៅ​របស់​តុលាការ គឺ​កូន​ក្តី​ទាំងពីរ​ត្រូវ​បានសម្រេច​បន្ត​ឃុំខ្លួន»។

ម្តាយ​របស់​សកម្មជន ហ៊ុន វណ្ណៈ អ្នកស្រី ទី ម៉ារី បាន​ចាត់ទុក​ការសម្រេច​របស់​ចៅក្រម​សាលា​ឧទ្ធ​រណ៍​ថា មិនបាន​ផ្តល់​យុត្តិធម៌ និង​មិន​អាច​ទទួលយក​បាន ដោយសារតែ​កូន​របស់​អ្នកស្រី​​ពុំ​បាន​បំផ្លាញ​ទ្រព្យសម្បត្តិ​រដ្ឋឬឯកជន​នោះ​ទេ ហើយ​ការសម្រេច​បែបនេះធ្វើឱ្យប៉ះពាល់​ដល់​សិទ្ធិ​សេរីភាព​របស់​កូន​គាត់។

អ្នកស្រី ទី ម៉ារី និយាយ​ថា៖ «វា​មិន​មាន​កំហុស​ធ្ងន់ធ្ងរ​ណាស់ណា​ត្រូវ​ជាប់ពន្ធ​នា​គារឬក៏​អនុញ្ញាតឱ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្នមិនបានទេ។ វា​មិន​មានទោស​អី​ត្រូវ​ទៅ​បំផ្លាញ​ទ្រព្យសម្បត្តិ​រដ្ឋឬទ្រព្យសម្បត្តិ​ប្រជាជន​ទេ។ គ្រាន់តែ​ធ្វើការ​លើក​បដា​បែប​ហ្នឹង​ ទៅជា​ជាប់គុក»។

អ្នកស្រី​បញ្ជាក់​បន្ថែម​ថា ការដែល​តុលាការ​បន្ត​ឃុំខ្លួន ​បាន​ធ្វើឱ្យប៉ះពាល់​ដល់​ជីវិត​របស់​អ្នកស្រី ដោយសារតែ​អ្នកស្រី​ត្រូវ​ចំណាយ​លើការ​មក​សួរ​សុខ​ទុក្ខ​កូន​របស់​គាត់ ហើយ​អ្នកស្រី​សុំ​ឱ្យ​តុលាការ​លើកលែងទោសឬអនុញ្ញាតឱ្យ​កូន​អ្នកស្រី​នៅ​ក្រៅឃុំ​បណ្តោះ​អាសន្ន។

កាលពីដើម​ខែកញ្ញា យុវជន ថុន រដ្ឋា  ត្រូវ​អាជ្ញាធរ​កម្ពុជា​ជាច្រើន​នាក់​ចុះទៅ​ព័ទ្ធ​ផ្ទះ​ជួលនៅក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​ចាប់ខ្លួន​រូប​គេ។ ការ​ចាប់ខ្លួន​នេះ ក្រោម​ហេតុផល​ថា រូបគេ​បាន​បង្កើត​បន្ទប់​ផ្សព្វផ្សាយ​ព័ត៌មាននិង​ធ្វើ​វីដេអូ​ផ្សព្វផ្សាយ​ដោយ​មិន​មានច្បាប់​អនុញ្ញាត។

ចំណែក​យុវតី ភួន កែវ​រស្មី និង ឡុង គន្ធា វិញ ត្រូវ​បាន​អាជ្ញាធរ​កម្ពុជា​ឃាត់ខ្លួន នាំ​យក​ទៅ​សួរនាំ បន្ទាប់ពី​ពួក​គេ​មាន​គម្រោង​ធ្វើដំណើរ​ដោយ​ថ្មើរជើង​ចេញពី​វត្តភ្នំ​ ឆ្ពោះទៅ​ភូមិគ្រឹះ​លោកនាយក​រដ្ឋមន្រ្តី ហ៊ុន សែន ក្បែរ​វិមានឯករាជ្យ ដោយ​គ្រោង​ស្លៀកពាក់​ពណ៌ស​ នៅ​ថ្ងៃទី៣ ខែកញ្ញា ដើម្បី​ស្នើ​ជួប​លោកនាយក​រដ្ឋមន្រ្តី​ផ្ទាល់ ក្នុង​គោលបំណង​បង្ហាញ​អំពី​ក្ដី​បារម្ភ​មួយចំនួន​ជុំវិញ​ការ​លុប​បឹង​តា​មោក ដូចជា បញ្ហា​ជន់​លិចទឹក​ក្នុង​រាជធានី​ភ្នំពេញ​ពេល​ភ្លៀង​ម្ដង​ៗ ផល​ប៉ះពាល់​ចំពោះ​បរិស្ថាន ការបាត់បង់​ជម្រក​សត្វស្លាប រួម​ជាមួយ​ជីវចម្រុះ​ក្នុង​បឹង ជាដើម។ ប៉ុន្តែមិនទាន់​បាន​ធ្វើ​ផង ពួក​គេ​ក៏​ត្រូវ​បាន​ចាប់ខ្លួន​៕


បទ​​យក​ការណ៍​៖​ យុវជន​​ខ្មែរ​​ថាវរៈ​​ដឹង​​ថា​​អាជ្ញា​ធរ​​នឹង​​ចាប់​ខ្លួន ​ប៉ុន្តែ​​នៅ​តែ​​បន្ត​សកម្ម​ភាព

កញ្ញា សូម មេត្តា (អាវខ្មៅ) ធ្វើបាតុកម្មសន្តិវិធីទាមទារឱ្យដោះលែងលោក រ៉ុង ឈុន និងសកម្មជនផ្សេងទៀតពាក់ព័ន្ធបញ្ហាព្រំដែន នាព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០។ (ជន ចាន់រ៉ែន)

នៅពេល​ដែល​កញ្ញា សូ មេត្តា បាន​ផ្ដើម​ចូលរួម​ធ្វើបាតុកម្ម​ជាមួយ​ក្រុមសកម្ម​ជន​មួយ​ក្រុម​ដែល​មានឈ្មោះ​ថា ខ្មែរ​ថាវរៈ កញ្ញា​បាន​គិតទៅ​ដល់​ពាក្យ​មួយ​ឃ្លា​ពី​អ្នកវិភាគ​សង្គម​ម្នាក់​ដែល​បាត់បង់ជីវិត​ទៅ​ហើយនោះ​គឺលោក កែម ឡី ដែល​លោក​បាន​និយាយ​ថា​ ចំពោះ​បុគ្គល​ដែល​ដាក់ខ្លួន​ធ្វើការងារ​សង្គម​ក្នុង​ប្រទេស​កម្ពុជា នឹង​ទទួល​បាន​ទិដ្ឋាការ​មួយ​ក្នុងចំណោម៣ដែល​ក្នុង​នោះ​មាន​រត់ចោលស្រុក ជាប់គុក ឬស្លាប់។


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles