ក្រុម​សង្គម​ស៊ីវិល​គ្រោង​បន្ត​ប្រារព្ធ​ខួប​កិច្ច​ព្រមព្រៀង ២៣​តុលា ទោះ​អាជ្ញាធរ​មិន​អនុញ្ញាត

ដោយ អាស៊ីសេរី
2020-10-21
RFA

មន្ត្រី​ជាន់​ខ្ពស់​ផ្នែក​ស៊ើប​អង្កេត​នៃ​សមាគម​អាដហុក (ADHOC) លោក ស៊ឹង សែនករុណា ផ្ដល់​បទសម្ភាសន៍​កាល​ពី​​ថ្ងៃ​ទី​៩ ខែ​សីហា ឆ្នាំ​២០១៧។

មន្ត្រី​ជាន់​ខ្ពស់​ផ្នែក​ស៊ើប​អង្កេត​នៃ​សមាគម​អាដហុក (ADHOC) លោក ស៊ឹង សែនករុណា ផ្ដល់​បទសម្ភាសន៍​កាល​ពី​​ថ្ងៃ​ទី​៩ ខែ​សីហា ឆ្នាំ​២០១៧។ Photo: RFA


ក្រុម​អង្គការ សមាគម និង​សហជីព​ចំនួន ២៣​ស្ថាប័ន នៅតែ​រក្សា​ជំហរ​ជួបជុំគ្នា​នៅ​ទីលាន​ប្រជាធិបតេយ្យ​ថ្មី​ក្នុង​ខណ្ឌ​ឫស្សីកែវ ដើម្បី​រំលឹក​ខួប​២៩​ឆ្នាំ នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស នៅ​ថ្ងៃ​ទី​២៣ ខែ​តុលា ខាងមុខ ដោយ​គ្រោង​មាន​អ្នកចូលរួម​ប្រមាណ ១​ពាន់​នាក់។

អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) និង​ជា​អ្នកនាំពាក្យ​គណៈកម្មការ​រៀបចំ​ប្រារព្ធ​ខួប​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស លោក ស៊ឹង សែនករុណា លើកឡើង ថា ក្រុម​អង្គការ​សង្គម​ស៊ីវិល សោកស្ដាយ​និង​មិន​អាច​ទទួលយក​បានទេ ចំពោះ​ការ​ឆ្លើយតប​របស់​សាលាក្រុង​ភ្នំពេញ ដែល​កំហិត​ឲ្យ​អ្នកចូលរួម​ត្រឹមតែ ១២០​នាក់ និង​មិន​អនុញ្ញាត​ឲ្យ​ដង្ហែ​ក្បួន​ដាក់​ញត្តិ ក្រោម​ហេតុផល ទឹកជំនន់ និង​ជំងឺ​កូវីដ-១៩​។ លោក​បញ្ជាក់​ថា ក្រុម​អង្គការ​សង្គម​ស៊ីវិល នៅតែ​រក្សា​ជំហរ​ប្រារព្ធ​ខួប​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​តាម​រៀប​វារៈ និង​សេចក្តី​ជូនដំណឹង​របស់​ខ្លួន​នៅ​ទីលាន​ប្រជាធិបតេយ្យ​នៅ​ថ្ងៃ​ទី​២៣ ខែ​តុលា ដដែល ទោះបី​អាជ្ញាធរ​ក្រុងភ្នំពេញ មិន​អនុញ្ញាត​ក៏ដោយ​។ លោក បន្ត​ថា កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស នៅតែ​មាន​សារសំខាន់​និង​នៅតែ​មាន​សុពលភាព​សម្រាប់​កម្ពុជា ក្នុង​ការ​បញ្ចប់​ជម្លោះ​នយោបាយ​រវាង​ខ្មែរ​និង​ខ្មែរ នាំមក​នូវ​សន្តិភាព ការ​អភិវឌ្ឍន៍ លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស​ដល់​កម្ពុជា និង​ការពារ​បូរណភាព​ទឹកដី​កម្ពុជា​។ មន្ត្រី​ការពារ​សិទ្ធិមនុស្ស​រូប​នេះ អំពាវនាវ​ដល់​ភាគី​ពាក់ព័ន្ធ ជាពិសេស​អ្នកនយោបាយ​ខ្មែរ ត្រូវតែ​ចងចាំ និង​គោរព​និង​អនុវត្ត​តាម​ស្មារតី​នៃ​កិច្ចព្រមព្រៀង​ជា​អន្តរជាតិ និង​ជា​លក្ខណៈ​ប្រវត្តិសាស្ត្រ​មួយ​នេះ៖ «កម្មវិធី​ផ្សេងៗ​ដែល​ខាង​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល មានការ​ជួបជុំ​ប្រជាពលរដ្ឋ ឬក៏​មន្ត្រី​ក្រោម​ឱវាទ​របស់​ខ្លួន ក៏​មាន​ចំនួន​ច្រើន​ដែរ ហើយ​ប្រារព្ធ​ធ្វើ​ទៅ​បាន ចំណែក​ខាង​អង្គការ​សង្គម​ស៊ីវិល​យើង បែរជា​មានការ​កំណត់​ទៅវិញ​។ យើង​សុំ​ឲ្យ​មានការ​ពិនិត្យមើល​ឡើងវិញ ព្រោះ​សូម្បីតែ​ការ​ជួបជុំ​នៅ​តាម​ទី​វត្ត​អារាម ធ្វើបុណ្យ​កឋិន​អី​ជាច្រើន យើង​ឃើញ​ថា មិន​មាន​ការ​គោរព​ទៅតាម​គោលការណ៍​ណែនាំ​របស់​ក្រសួងសុខាភិបាល​ផង ហើយ​យើង​ក្រុម​អង្គការ​សង្គម​ស៊ីវិល​នេះ ទោះបី​ជា​មាន​គ្នា​ច្រើន​មែន តែ​យើង​មានការ​ពិនិត្យ​នូវ​កម្ដៅ និង​គោរព​តាម​គោលការណ៍​ក្រសួង​ដូចជា​ពាក់​ម៉ាស់ រក្សា​គម្លាត​សង្គម​ជាដើម។ ចំពោះ​បញ្ហា​ទឹក​លិច​នោះ យើង​ក៏​មាន​ការ​សោកស្ដាយ​ដែរ ដោយសារតែ​គ្រោះធម្មជាតិ​បាន​កើត​ឡើង។ តែ​អ្វី ដែល​ពួក​យើង​ធ្វើ​នេះ​គឺជា​ផលប្រយោជន៍​រួម​ពាក់ព័ន្ធ​នឹង​បញ្ហា​សេរីភាព​របស់​ប្រជាពលរដ្ឋ ការ​គោរព​តាម​គោលការណ៍​នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ដែល​ជា​កិច្ចព្រមព្រៀង​មួយ ដោះស្រាយ ជម្លោះ​កម្ពុជា ដោយ​ប្រទេស​កម្ពុជា ងាក​មក​គោរព​តាម​លទ្ធិប្រជាធិបតេយ្យ មានការ​អភិវឌ្ឍន៍​ផ្សេងៗ មកដល់​ពេល​បច្ចុប្បន្ន​នេះ ដូច្នេះ​គឺជា​ថ្ងៃ​ដែល​សំខាន់​ដែល​យើង​មិន​អាច​បំភ្លេច បាន​ដែរ»។

ក្នុង​កំណត់ហេតុ​ប្រជុំ​រវាង​តំណាង​សង្គម​ស៊ីវិល និង​អាជ្ញាធរ​ក្រុងភ្នំពេញ កាលពី​សប្ដាហ៍​មុន អភិបាលរង​សាលា​រាជធានី​ភ្នំពេញ លោក កើត ឆែ មិន​អនុញ្ញាត​ឲ្យ​អ្នកចូលរួម​ប្រារព្ធ​ខួប​កិច្ច​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ចំនួន​ជាង ១​ពាន់​នាក់ តាម​ការ​ស្នើសុំ​នោះ​ទេ​។ លោក កើត ឆែ បាន​កំហិត​ឲ្យ​អ្នកចូលរួម​មាន​ចំនួន​ត្រឹមតែ ១២០​នាក់ នៅ​ទីលាន​ប្រជាធិបតេយ្យ និង​ណែនាំ​ឲ្យ​រៀបចំ​នៅ​តាម​ទីតាំង​ឯកជន ឬ​ទីស្នាក់ការ​រៀងៗ​ខ្លួន ព្រមទាំង​ហាម​ហែ​ក្បួន​ដាក់​ញត្តិ ដោយសារ​កម្ពុជា កំពុង​មាន​ទឹកជំនន់ និង​ការពារ​ជំងឺ​កូវីដ-១៩​។

អាស៊ីសេរី មិន​អាច​សុំ​ការ​ឆ្លើយតប​បន្ថែម​ទៀត​ពី​អ្នកនាំពាក្យ​សាលាក្រុង​ភ្នំពេញ លោក មេត មាសភក្តី បាន​ទេ ដោយ​ទូរស័ព្ទ​ចូល​ពុំ​មាន​អ្នក​ទទួល នៅ​ថ្ងៃ​ទី​២០ ខែ​តុលា។

តាម​កម្មវិធី​នៃ​ការ​ប្រារព្ធ​ខួប​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​នេះ គឺ​អ្នកវិភាគ និង​អ្នក​សិក្សា​ស្រាវជ្រាវ​ឯករាជ្យ ព្រមទាំង​មន្ត្រី​សង្គម​ស៊ីវិល នឹង​ថ្លែង​សារ​រម្លឹក​ឡើងវិញ​អំពី​ប្រវត្តិ និង​ខ្លឹមសារ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ព្រមទាំង​ការអនុវត្ត​របស់​រដ្ឋាភិបាល នា​ពេល​កន្លង​មក ការ​បង្ហាញ​ចំណាប់​អារម្មណ៍​របស់​តំណាង​កម្មករ កសិករ និង​យុវជន​ម្នាក់​ម្តងៗ​។ បន្ទាប់​មក នឹង​មាន​ការ​ធ្វើ​សន្និសីទ​កាសែត រួច​ដង្ហែ​ញត្តិ​ដាក់​ជូន​រដ្ឋាភិបាល។

កន្លងមក រដ្ឋាភិបាល​ក្រុងភ្នំពេញ ហាក់​មិនសូវ​ផ្ដល់​តម្លៃ​ខ្លាំង ដល់​ថ្ងៃ​រំលឹក​ខួប​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស ២៣ តុលា នោះ​ទេ ។ របប​លោក ហ៊ុន សែន តែងតែ​ពង្រាយ​កងកម្លាំង​ចម្រុះ​ដើម្បី​រារាំង និង​ឃ្លាំមើល​ការ​ប្រារព្ធ​ទិវា​នេះ​ពី​សំណាក់​ប្រជាពលរដ្ឋ និង​ក្រុម​អង្គការ​សង្គម​ស៊ីវិល៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

2 Responses to "ក្រុម​សង្គម​ស៊ីវិល​គ្រោង​បន្ត​ប្រារព្ធ​ខួប​កិច្ច​ព្រមព្រៀង ២៣​តុលា ទោះ​អាជ្ញាធរ​មិន​អនុញ្ញាត"

  1. Sosocheath says:

    អញដឹងយ៉ាងច្បាស់ថា អ្ហែង ចេះត្រឹមព្រុស
    ដូចឆ្កែ ប៉ុណ្ណោះ អាចដឹង សែនករុណា !
    អញក៏ចង់ដឹងដែរថា ពួកអ្ហែងខ្លាំងជាង
    ច្បាប់ជាតិប៉ុន្នា ?

  2. Anonymous says:

    every one knew PARIS peace agreement that bring some peace to Cambodia without that I guest all those animal will murder all Cambodian and took Vietnamese came to live all over this sad land