ក្រុម​សង្គម​ស៊ីវិល នឹង​ជម្នះ​ប្រារព្ធ​ខួប​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស​ទោះ​អាជ្ញាធរ​រឹតត្បិត

សិទ្ធិ​មនុស្ស
21 តុលា 2020
សាយ មុន្នី
វីអូអេខ្មែរ

រូបឯកសារ៖ ក្រុមអ្នកចូលរួម​ប្រារព្ធវ​ទិវា​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ក្នុង​ពេល​កន្លង​មក។ (ហ៊ុល រស្មី/វីអូអេ)
រូបឯកសារ៖ ក្រុមអ្នកចូលរួម​ប្រារព្ធវ​ទិវា​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ក្នុង​ពេល​កន្លង​មក។ (ហ៊ុល រស្មី/វីអូអេ)

វ៉ាស៊ីនតោន —  ក្រុម​អង្គការ សមាគម​ និង​សហជីព​ចំនួន​២៤​ កាល​ពី​ថ្ងៃ​អង្គារ បាន​ច្រាន​ចោល​ការ​ឆ្លើយតប​របស់​អាជ្ញាធរ​ក្រុង​ភ្នំពេញ​ទៅ​លើ​ការ​ចូលរួម​ប្រារព្ធ​ខួប​លើក​ទី​២៩​នៃ​ទិវា​ចុះ​ហត្ថលេខា​លើ​សន្ធិសញ្ញាសន្តិភាព​ក្រុង​ប៉ារីស​ថ្ងៃ​ទី​២៣ ​ខែ​តុលា​ ឆ្នាំ​១៩៩១​ ដោយ​ចាត់​ទុក​ការ​តម្រូវ​របស់​អាជ្ញាធរ​ថា ​«មិន​អាច​ទទួល​យក​បាន»។ នេះ​បើ​យោង​តាមលិខិតមួយ​របស់​ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​បាន​ចុះថ្ងៃ​ទី​១៩ ​ខែ​តុលា​ ឆ្នាំ​២០២០ ​ហើយ​ផ្ញើជូន​អភិបាល​ក្រុងរង ​គឺ​លោក​ កើត ឆែ​។

នៅក្នុង​លិខិត​ជូន​ដំណឹង​ដល់​អភិបាល​ក្រុងរង​ដដែល​ ហើយ​មាន​ហត្ថលេខា​បញ្ជាក់​ដោយ​តំណាង​ក្រុម​អង្គការ​សង្គមស៊ីវិល​ទាំង​នេះបាន​សរសេរ​ថា៖

«យើង​ខ្ញុំ​ទាំង​អស់​គ្នា​ មិន​អាចទទួល​យក​បាន​នូវ​ការ​ឆ្លើយតប​របស់​សាលារាជធានី​ភ្នំពេញ​ដែល​តម្រូវ​ឲ្យ​ក្រុម​អង្គការ សមាគម សហគមន៍ និង​សហព័ន្ធ​សហជីព នឹង​ប្រារព្ធ​ទិវា​ខួប២៣​តុលា​ដែល​នឹង​មក​ដល់​នៅ​ថ្ងៃ​សុក្រ​ ទី​២៣ ​ខែ​តុលា​ ឆ្នាំ​២០២០ ​នៅ​ទីលាន​ប្រជាធិបតេយ្យ​ ខណ្ឌ​ឬស្សីកែវ រាជធានី​ភ្នំ​ពេញ​ ដោយ​អនុញ្ញាត​ឲ្យ​មាន​អ្នក​ចូលរួម​តែ​១២០​នាក់​នេះ​ឡើយ»

ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល​ទាំង​នេះ គ្រោង​នឹង​ប្រារព្ធ​កម្មវិធី​រំលឹក​ខួប​ទី​២៩​នៃ​សន្ធិសញ្ញាសន្តិភាព​ទីក្រុង​ប៉ារីស​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ ទី​២៣​ ខែ​តុលា ​ឆ្នាំ​២០២០ នៅ​ទីលាន​ប្រជាធិបតេយ្យ​ខណ្ឌឬស្សីកែវ​រាជធានី​ភ្នំពេញ​ដោយ​មាន​អ្នក​ចូល​រួម​ប្រមាណ​១០០០​នាក់ ប៉ុន្តែ​អាជ្ញាធរ បាន​កម្រិត​ចំនួន​អ្នក​ចូលរួម​ច្រើន​បំផុត​ត្រឹម​តែ​១២០​នាក់​ប៉ុណ្ណោះ។ នេះ​បើ​យោង​តាម​ក្រុម​អង្គការ​សង្គមស៊ីវិល​ទាំង​នេះ។​

​សន្ធិសញ្ញាសន្តិភាព​ទីក្រុង​ប៉ារីស​គឺជា​កិច្ច​ព្រមព្រៀង​បញ្ចប់​ជម្លោះ​ប្រដាប់​អាវុធ​រវាង​ខ្មែរ​និង​ខ្មែរ​ ដែល​បាន​អូស​បន្លាយ​ពេល​អស់​២០​ឆ្នាំ​នៅ​កម្ពុជា​ក្នុង​អំឡុង​ទសវត្សរ៍​ឆ្នាំ​១៩៧០​ និង​១៩៨០។​

ក្រុម​អង្គការ​សង្គមស៊ីវិល​ទាំង​នេះ​បាន​បញ្ជាក់​ក្នុង​លិខិត​របស់​ខ្លួន​ថា​ ពួក​គេ​នឹង​នៅ​តែ​ប្រារព្ធ​ទិវា​ខួប​ទី​២៩​នៃ​កិច្ចព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​នេះ​ក្រោម​ប្រធាន​បទ​ថា ​«២៣​តុលា នាំ​មក​នូវ​ការ​បង្រួបបង្រួម​ជាតិ សន្តិភាព​ ប្រជាធិបតេយ្យ និង​ការ​អភិវឌ្ឍ»​ ដដែល។

ក្រុម​សមាគម និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ទាំង​នេះ​រួម​មាន​សមាគម​អាដហុក បណ្តាញយុវជន​កម្ពុជា អង្គការ​សម្ព័ន្ធភាព​ការពារ​សិទ្ធិមនុស្ស​កម្ពុជា អង្គការ​កម្មវិធី​អភិវឌ្ឍន៍​ធនធាន​យុវជន មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ​និង​សិទ្ធិមនុស្ស​និង​មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ជាដើម។​

កន្លង​មក អាជ្ញាធរ​ជា​រឿយៗ​តែងតែ​ហាម​ឃាត់​ឬ​កម្រិតការ​ប្រមូល​ផ្តុំ​និង​ការ​ជួប​ជុំ​របស់​ក្រុម​សមាគម​និងអង្គការ​ក្រៅ​រដ្ឋាភិបាលដោយ​លើកហេតុផល​សន្តិសុខ​និង​សណ្តាប់​ធ្នាប់​សាធារណៈ​ ខណៈ​ក្រុម​អង្គការ​សង្គមស៊ីវិល​ចាត់​ទុក​ទង្វើ​បែប​នេះ​ថា​ ជា​ការ​រឹតត្បិត​សេរីភាព​បញ្ចេញ​មតិ​របស់​ពលរដ្ឋ​ដែល​មាន​ចែង​និង​ធានា​ដោយ​រដ្ឋធម្មនុញ្ញា​និង​ច្បាប់​ស្តី​ពី​ការ​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី៕

What Next?

Recent Articles

One Response to "ក្រុម​សង្គម​ស៊ីវិល នឹង​ជម្នះ​ប្រារព្ធ​ខួប​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស​ទោះ​អាជ្ញាធរ​រឹតត្បិត"

  1. Anonymous says:

    HUN SEN is the man who destroy Paris peace agreement