អ្នក​ឃ្លាំមើល​ជំរុញ​​បក្ស​កាន់​អំណាច និង​បក្ស​ប្រឆាំង​ឱ្យ​​បញ្ចប់​ជម្លោះ​នយោបាយ ដើម្បី​រួម​គ្នា​ដោះស្រាយ​បញ្ហា​ជាតិ

ដោយ វ៉ែន សុមេធ
2020-10-20
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ពី​ឆ្វេង៖ ​លោក កឹម សុខា លោក សម រង្ស៊ី និង​លោក ហ៊ុន សែន ចាប់​ដៃ​គ្នា​ក្រោយ​ចេញ​ពី​ជំនួប​ប្រជុំ​កំពូល នា​វិមាន​ព្រឹទ្ធសភា កាល​ពី​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០១៤។

ពី​ឆ្វេង៖ ​លោក កឹម សុខា លោក សម រង្ស៊ី និង​លោក ហ៊ុន សែន ចាប់​ដៃ​គ្នា​ក្រោយ​ចេញ​ពី​ជំនួប​ប្រជុំ​កំពូល នា​វិមាន​ព្រឹទ្ធសភា កាល​ពី​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០១៤។ RFA/Tin Zakariya


ក្រុម​អ្នក​ឃ្លាំមើល​យល់​ឃើញ​ថា មេដឹកនាំ​បក្ស​កាន់​អំណាច និង​បក្ស​ប្រឆាំង ល្មម​ដល់​ពេល​ត្រូវ​រក​ចំណុច​រួម​គ្នា​បិទ​បញ្ចប់​ជម្លោះ​នយោបាយ​ហើយ ព្រោះ​ជាតិ​កំពុង​​រង​គ្រោះ​ធ្ងន់ធ្ងរ​ដោយ​សារ​ជំងឺ​កូវីដ១៩ និង​គ្រោះ​ទឹក​ជំនន់​ព្រម​ទាំង​រង​ទណ្ឌកម្ម​ពី​អន្តរជាតិ។ មន្ត្រី​គណបក្ស​ប្រឆាំង​យល់​ស្រប​ចំពោះ​ទស្សនៈ​នេះ ប៉ុន្តែ​បក្ស​កាន់​អំណាច​នៅ​តែ​អះអាង​ថា គ្មាន​ការ​ចរចា​ណាមួយ​ឡើយ ទោះ​ជា​ក្នុង​កាលៈទេសៈ​ជាតិ​ជួប​ការ​លំបាក​យ៉ាង​ណា​ក៏​ដោយ។

អង្គការ​សង្គម​ស៊ីវិល​ផ្នែក​សន្តិភាព និង​អ្នក​តាម​ដាន​ស្ថានការណ៍​ជំរុញ​ឱ្យ​គណបក្ស​កាន់​អំណាច និង​បក្ស​ប្រឆាំង គិត​គូរ​បញ្ចប់​ជម្លោះ​នយោបាយ ដើម្បី​រួម​គ្នា​ដោះស្រាយ​បញ្ហា​ជាតិ។

ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព (PDP) លោក យង់ គិមអេង ថ្លែង​ថា ជម្លោះ​នយោបាយ​ផ្ទៃក្នុង​រយៈ​ពេល​យូរ​​ធ្វើ​ឱ្យ​ជាតិ​ខាត​បង់​ប្រយោជន៍ និង​បង្អាក់​ដំណើរការ​អភិវឌ្ឍ​ជាតិ។ លោក​បន្ត​ថា កាលៈទេសៈ​ដែល​ជាតិ​កំពុង​ប្រឈម​វិបត្តិ​ធ្ងន់ធ្ងរ​ដូច​ពេល​នេះ អ្នក​នយោបាយ​គួរ​តែ​ងាក​មក​ត្រូវរ៉ូវ​គ្នា​វិញ ព្រោះ​មាន​តែ​ឯកភាព​ជាតិ​ និង​ការ​ដឹកនាំ​តាម​បែប​ប្រជាធិបតេយ្យ​ទេ ទើប​​ជា​គ្រឹះ​នៃ​ការ​អភិវឌ្ឍ​ជាតិ​រយៈ​ពេល​វែង៖«កាល​ណា​យើង​បាន​ជួយ​មើល​គ្នា​ពី​គ្រប់​ជ្រុង​ទៅ ធ្វើ​ឱ្យ​មានការ​អភិវឌ្ឍ​ហ្នឹង​លឿន។ នេះ​គឺ​នៅ​ក្នុង​ន័យ​ប្រជាធិបតេយ្យ​ដែល​ធ្វើ​ឱ្យ​មាន​សំឡេង​ចម្រុះ​ហ្នឹង គឺ​មាន​សារៈសំខាន់​អ៊ីចឹង។ រឿង​ទីពីរ​ទៀត ការ​ឯកភាព​ជាតិ​ហ្នឹង​វា​សំខាន់។ បើ​យើង​នៅ​មាន​ការ​ខ្វែង​គំនិត​គ្នា​ មាន​ការ​ទាស់​ទែង​គ្នា​ខាង​នយោបាយ​ហ្នឹង គឺ​ការ​អភិវឌ្ឍ​ហ្នឹង​ គឺ​វា​មិន​អាច​នឹង​ទៅ​លឿន​បាន​ទេ»

ចំណែក អ្នក​សិក្សា​ផ្នែក​ច្បាប់ លោក វ៉ន ចាន់ឡូត ថ្លែង​ថា អ្នក​នយោបាយ​ខ្មែរ​ទាំង​ជំនាន់​ចាស់ និង​ជំនាន់​ថ្មី គួរ​តែ​ចេះ​ធ្វើ​នយោបាយ​បែប​សុចរិត ដោយ​ប្រកួតប្រជែង​គ្នា​ផ្នែក​គោល​នយោបាយ និង​ទទួល​យក​វប្បធម៌​ពហុ​គំនិត។ លោក​សង្កេត​ឃើញ​ថា កន្លងទៅ​អ្នក​នយោបាយ​ច្រើន​តែ​ទាញ​ភ្ជាប់​ជម្លោះ​នយោបាយ​ទៅ​ជា​រឿង​បុគ្គល ដែល​មិន​ចំណេញ​អ្វី​ដល់​ជាតិ​ឡើយ។ លោក​ថា ក្នុង​ស្ថានភាព​ប្រឈម​ដ៏​លំបាក​នេះ កម្ពុជា​ត្រូវ​ការ​ជា​ចាំបាច់​នូវ​ឯកភាព​ជាតិ បើ​ពុំ​ដូច្នេះ​ទេ ជាតិ​ខ្មែរ​នឹង​កាន់​តែ​ចុះ​ទន់​ខ្សោយ៖«នៅ​ពេល​ដែល​អ្នក​នយោបាយ​ខ្មែរ​យើង មិន​អាច​បង្កើត​ឱ្យ​មាន​នូវ​ឯកភាព​ផ្ទៃក្នុង ឬក៏​ការ​ចរចា​ផ្នែក​នយោបាយ​នៅ​ក្នុង​កាលៈទេសៈ​នេះ​បាន​ទេ បញ្ហា​ដែល​កើត​ឡើង ដូច​ជា គ្រោះ​ធម្មជាតិ បញ្ហា​កូវីដ ជា​ដើម​ហ្នឹង វា​នឹង​រុញ​ឱ្យ​កម្ពុជា​កាន់​តែ​ផុងខ្លួន​ក្នុង​វិបត្តិ​កាន់តែ​អាក្រក់​ទៅ»

ឆ្នាំ២០២០ នេះ កម្ពុជា​បាន​ពើប​ប្រទះ​នឹង​បញ្ហា​ធំៗ ជា​ច្រើន ដោយ​ខ្លះ​កើត​ចេញ​ពី​ជម្លោះ​នយោបាយ​ផ្ទៃក្នុង ខ្លះ​កើត​ចេញ​ពី​វិបត្តិ​សាកល និង​ខ្លះ​ទៀត​កើត​ឡើង​ដោយ​សារ​គ្រោះ​ធម្មជាតិ។ បញ្ហា​ទាំង​នោះ​មាន​ជាអាទិ៍ ការ​បាត់​បង់​ឋានៈ​អនុគ្រោះ​ពន្ធ EBA ចំនួន ២០% វិបត្តិ​ជំងឺ​ឆ្លង​កូវីដ-១៩ និង​គ្រោះ​ទឹក​ជំនន់​ធ្ងន់ធ្ងរ។

ដោយសារ​តែ​ការ​រំលោភ​សិទ្ធិមនុស្ស​ និង​បំផ្លាញ​ប្រជាធិបតេយ្យ​ប្រព្រឹត្ត​ដោយ​របប​លោក ហ៊ុន សែន សហភាព​អឺរ៉ុប​បាន​សម្រេច​ដកហូត​ឋានៈ​អនុគ្រោះ​ពន្ធ EBA ចំនួន​ ២០% ពី​កម្ពុជា។ ការ​បាត់​បង់ EBA ចំនួន ២០% នេះ ប៉ះពាល់​ដល់​ការងារ​រាប់​ម៉ឺន​កន្លែង​របស់​កម្មករ​កាត់ដេរ ហើយ​អាច​ប៉ះពាល់​ដល់​ទំនុក​ចិត្ត​អ្នក​វិនិយោគ ព្រោះ​កម្ពុជា​ជាប់​ឈ្មោះ​ថា ជា​ប្រទេស​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ។ ចំណែក វិបត្តិ​ជំងឺ​កូវីដ-១៩ វិញ កំពុង​វាយ​បំបាក់​កំណើន​​សេដ្ឋកិច្ច​កម្ពុជា​ដែល​ធ្លាប់​មាន​ក្នុង​រង្វង់៧% ក្នុង​មួយ​ឆ្នាំ ធ្លាក់​មក​នៅចន្លោះ -២% ទៅ -៥% ក្រោម​សូន្យ មានន័យ​ថា គ្មាន​កំណើន​ទាល់​តែ​សោះ ហើយ​រដ្ឋ​ត្រូវ​ចំណាយ​ថវិកា​ជា​ច្រើន​ថែម​ទៀត ដើម្បី​សង្គ្រោះ​សេដ្ឋកិច្ច​ជាតិ។ ដោយ​ឡែក គ្រោះ​ទឹក​ជំនន់​វិញ បាន​សម្លាប់​ជីវិត​មនុស្ស​រាប់​សិប​នាក់ ​ពលរដ្ឋ​រាប់​ម៉ឺន​នាក់​បាត់​បង់​លំនៅឋាន ​ស្រូវ និង​ដំណាំ​កសិកម្ម​ ​រាប់​សែន​ហិកតារ​ត្រូវ​ខូចខាត ហើយ​ហេដ្ឋារចនាសម្ព័ន្ធ ​ រួម​មាន ទំនប់ទឹក ស្ពាន មន្ទីរពេទ្យ ផ្លូវ​ថ្នល់​ ផ្លូវ​លំ​មូលដ្ឋាន ជា​ដើម ក៏​ត្រូវ​ខូចខាត​អស់​ជាច្រើន​ផង​ដែរ។

វិបត្តិ​ផ្ទួនៗ គ្នា​នេះ កើត​ឡើង​ចំ​ពេល​ជម្លោះ​នយោបាយ​រវាង​គណបក្ស​ប្រជាជន​​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ​​កំពុង​បន្ត​អូស​បន្លាយ។ រដ្ឋាភិបាល​ដឹកនាំ​លោក ហ៊ុន សែន មិន​អនុញ្ញាត​ឱ្យ​ក្រុម​អ្នក​នយោបាយ​​បក្ស​សង្គ្រោះ​ជាតិ​ធ្វើ​សកម្មភាព​នៅ​ក្នុង​ប្រទេស​ឡើយ បន្ទាប់​ពី​តុលាការ​កំពូល​ដែល​ស្ថិត​ក្រោម​ឥទ្ធិពល​របស់​លោក​ បាន​រំលាយ​បក្ស​ប្រឆាំង​ដ៏​ធំ​មួយ​នេះ​កាល​ពី​ចុងឆ្នាំ២០១៧ រួច​មក។ ចំណែក​គណបក្ស​សង្គ្រោះ​ជាតិ​វិញ ក្រុម​និយម​លោក សម រង្ស៊ី បាន​ជ្រើស​យក​ការ​តស៊ូ​នយោបាយ​ពី​ក្រៅ​ប្រទេស ដោយ​ជានិច្ចកាល​ជំរុញ​ឱ្យ​ពលរដ្ឋ​ក្រោក​ឡើង​ផ្លាស់​ប្ដូរ​រដ្ឋាភិបាល​សព្វថ្ងៃ ស្រប​ពេល​ក្រុម​និយម​លោក កឹម សុខា បន្ត​ស្ថិត​នៅ​ក្នុង​ប្រទេស​ និង​រក្សា​ជំហរ​ស្ងប់ស្ងាត់។

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក មាជ សុវណ្ណារ៉ា ថ្លែង​ថា កម្ពុជា​ត្រូវ​ការ​ជំនួយ​ពី​សហគមន៍​អន្តរជាតិ​ ដើម្បី​ស្ដារ​សេដ្ឋកិច្ច​ឡើង​វិញ ដូច្នេះ​ការ​ផ្សះផ្សា​ជាតិ​គឺ​ជា​រឿង​ចាំបាច់​បំផុត។ លោក​ជឿ​ថា ការ​បង្រួម​បង្រួម​ជាតិ​ក្នុង​ស្ថានភាព​បច្ចុប្បន្ន នឹង​មិន​ធ្វើ​ឱ្យ​ភាគី​ណាមួយ​បាក់​មុខ​នោះ​ទេ ហើយ​សហគមន៍​អន្តរជាតិ​នឹង​រីករាយ​ក្នុង​ការ​ធ្វើ​ជា​អ្នក​សម្របសម្រួល​ដោះស្រាយ​វិបត្តិ​នយោបាយ​កម្ពុជា៖«ពេល​នេះ គឺជា​ពេល​ដែល​ជាតិ​រងគ្រោះ ប្រជាពលរដ្ឋ​ត្រូវ​ការ​ឱ្យ​មាន​សន្តិភាព ត្រូវ​ការ​ឱ្យ​មាន​អ្នក​ដឹក​នាំ​ហ្នឹង​ចេះ​សាមគ្គី​​ភាព​គ្នា អ៊ីចឹង​យើង​អាច​ចាប់​ដៃ​គ្នា​ទៅ។ លោក ហ៊ុន សែន លោក កឹម សុខា លោក សម រង្ស៊ី លោក ស ខេង ឬក៏​ដំណាក់​កាល​នេះ គឺ​ថា​លោក កឹម សុខា នៅ​ក្នុង​ស្រុក ហើយ​លោក ហ៊ុន សែន នៅ​ក្នុង​ស្រុក យើង​ចាប់​ដៃ​គ្នា​ដើម្បី​បង្ហាញ​ប្រជាពលរដ្ឋ​ថា អ្នក​ដឹក​នាំ​ពេល​ប្រជាពលរដ្ឋ​មាន​ទុក្ខ គឺ​ចេះ​សាមគ្គី​គ្នា ចេះ​ចាប់​ដៃ​គ្នា​ជជែក​អំពី​ការ​ដោះ​ស្រាយ​វិបត្តិ​​សង្គម នយោបាយ សេដ្ឋកិច្ច​ឱ្យ​ជាតិ​របស់​ខ្លួន ឱ្យ​ប្រជាពលរដ្ឋ​របស់​ខ្លួន គឺ​ជា​រឿង​ល្អ​បំផុត​ដែល​លោក ហ៊ុន សែន ជា​អ្នក​នាំមុខ»

ឆ្លើយតប​រឿង​នេះ មន្ត្រី​ជាន់​ខ្ពស់​ និង​ជា​អ្នក​នាំ​ពាក្យ​បក្ស​កាន់អំណាច លោក សុខ ឥសាន បដិសេធ​ជា​ថ្មីទៀត​ថា កម្ពុជា​មិន​មាន​ជម្លោះ​នយោបាយ​នោះ​ទេ ហើយ​ជីវភាព​សង្គម​កំពុង​ដំណើរ​ការ​ដូច​ធម្មតា។ លោក​បន្ត​ថា រដ្ឋាភិបាល​ក្រោម​ការ​ដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា មាន​សមត្ថភាព​​ដោះស្រាយ​រាល់​បញ្ហា​របស់​ជាតិ ដោយ​មិន​ត្រូវ​ការ​ធាតុ​ចូល​ពី​គណបក្ស​ដែល​ត្រូវ​តុលាការ​រំលាយ​ចោល​នោះ​ទេ។ លោក​បន្ថែម​ថា បើ​មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ​ចង់​ចូល​រួម​ប្រកួត​ប្រជែង​ឡើង​វិញ​នោះ ពួក​គេ​ត្រូវ​តែ​សុំ​សិទ្ធិ​នយោបាយ​ជាមុន​សិន៖«ចង់​ឱ្យ​មាន​ការ​សម្របសម្រួល​នយោបាយ​យ៉ាង​ម៉េច មួយ​ត្រូវ​ច្បាប់ មួយ​ខុស​ច្បាប់​ហ្នឹងវ៉ៃ​ជាមួយ​គ្នា​លើ​សង្វៀន គេ​ដាល់​ដួល​សន្លប់​ទៅ​ហើយ ចង់​ឱ្យ​លើក​ដៃ​ស្មើគ្នា អា​ហ្នឹង​វា​ទៅ​អត់​រួច​ទេ។ ទោះបី​ថា​អង្គការ​ក្រៅ​រដ្ឋាភិបាល​នៅ​បរទេស​ណា ​ស្រែក​ម៉េច​ក៏​ស្រែក​ទៅ កម្ពុជា​នៅ​តែ​ធ្វើ​ដំណើរ​ទៅ​មុខ។ វា​អត់​មាន​បញ្ហា​អ្វី​ខ្វល់​ខ្វាយ​ដូច​ពួក​ខាង​ក្រៅ​នោះ​ទេ»

ផ្ទុយ​ពី​ការ​អះអាង​នេះ អ្នក​ស្រាវជ្រាវ​ខាង​ការ​អភិវឌ្ឍ​សង្គម បណ្ឌិត មាស នី​ ពិនិត្យ​ឃើញ​ថា ស្ថានភាព​រង​គ្រោះ​របស់​កម្ពុជា​នា​ពេ​ល​នេះ មិន​មែន​ជា​រឿង​ងាយ​ស្រួល​ដោះ​ស្រាយ​ឡើយ ទោះ​ជា​រដ្ឋាភិបាល​អះអាង​ថា មាន​សមត្ថភាព​ដោះ​ស្រាយ​យ៉ាង​ណា​ក្តី។ ​​លោក​ថា ជាតិ​មួយ​ខ្លាំង​ និង​រឹងមាំ ទាល់តែ​មាន​ឯកភាព​ផ្ទៃក្នុង ហើយ​គ្មាន​ក្រុម​នយោបាយ​ណាមួយ​ត្រូវ​បាន​ផាត់​ចោល​នោះ​ទេ៖«វា​មាន​តែ​ការ​រក​ដំណោះស្រាយ សម្រប​សម្រួល​​នយោបាយ​ទៅ ដើម្បី​ទុក​ឱ្យ​រដ្ឋាភិបាល​ហ្នឹង​មាន​កម្លាំង​គ្រប់គ្រាន់​ មិន​មែន​កម្លាំង​សម្រាប់​តែ​ប្រឈម​ ចំណាយ​ថាមពល ដើម្បី​ប្រយុទ្ធ​ជាមួយ​គ្នា​ឯង​ក្នុង​ផ្ទះ(ទេ)។​ យើង​ដោះស្រាយ​រឿង​ហ្នឹង​មួយ​ឱ្យ​រួច​​ទៅ ហើយ​រួម​គ្នា​ដោះ​ស្រាយ​វិបត្តិ​នៅចំពោះមុខ​សម្រាប់​សង្គម​ជាតិ ហើយ​ពេល​នេះ គឺ​យក​បញ្ហា​សង្គម​ជាតិ​មក​ដាក់​ជាធំ ជាជាង​ការ​ចង់​ឈ្នះ​ចង់​ចាញ់​ជាមួយ​គ្នា​តែ​ពី​រឿង​គណបក្ស​នយោបាយ ហើយ​ទុក​ឱ្យ​ជាតិ​ហ្នឹង​រងា»

សហគមន៍​អន្តរជាតិ​តែង​បង្ហាញ​ពី​បំណង​ចង់​ឃើញ​អ្នក​នយោបាយ​ខ្មែរ​រួប​រួម​គ្នា​ឈរ​លើ​មាគ៌ា​ប្រជាធិបតេយ្យ ហើយ​​អនុលោម​តាម​ច្បាប់​ជាតិ និង​អន្តរជាតិ។ ចំពោះ​គណបក្ស​កាន់​អំណាច ពួក​គេ​ប្រើ​ទាំង​វិធី​ក្ដៅ និង​ត្រជាក់​ ធ្វើ​យ៉ាងណា​ឱ្យ​តែ​មេ​ដឹក​នាំ​គណបក្ស​នេះ និយាយ​ឱ្យ​ចំ គឺ​លោក ហ៊ុន សែន ​បន្ទន់​ជំហរ​មក​រក​តុចរចា​វិញ។ ចំណែក​គណបក្ស​សង្គ្រោះ​ជាតិ​វិញ ក្រុម​ប្រទេស​ប្រជាធិបតេយ្យ​នៅ​តែ​ផ្តល់​តម្លៃ​ឱ្យ​គណបក្ស​នេះ តាម​រយៈ​ការ​បណ្ដាក់​គ្នា​ជួប​លោក កឹម សុខា ពេល​លោក​កំពុង​ជាប់​ឃុំ​ក្នុង​ផ្ទះ និង​ពេល​លោក​មាន​សេរីភាព​ដើរ​ហើរ​វិញ។ ជាង​នេះ​ទៅ​ទៀត សហគមន៍​អន្តរជាតិ​តែង​តែ​រំលឹក​រដ្ឋាភិបាល លោក ហ៊ុន សែន អំពី​សារៈ​សំខាន់​នៃ​ពហុ​គំនិត និង​ការ​គោរព​​សិទ្ធិមនុស្ស​ជា​ចាំបាច់។

ក្រុម​អ្នក​តាម​ដាន​ស្ថានការណ៍​លើក​ឡើង​ថា ប្រសិន​បើ​រដ្ឋាភិបាល លោក ហ៊ុន សែន មិន​ស្ដាប់​តាម​ការ​​ទាម​ទារ​ទាំងឡាយ​របស់​សហគមន៍​អន្តរជាតិ​ទេ នោះ​មាន​ន័យ​ថា រដ្ឋាភិបាល​នេះ​ជ្រើស​រើស​យក​មាគ៌ា​ផ្ដាច់ការ ហើយ​ពេល​នោះ​កម្ពុជា​នឹង​រង​គ្រោះ​កាន់​តែ​ខ្លាំង តាម​រយៈ​ទណ្ឌកម្ម​របស់​ក្រុម​ប្រទេស​ប្រជាធិបតេយ្យ។

ចំណែក​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ថ្លែង​លើ​ហ្វេសប៊ុក (Facebook) អំឡុង​ពេល​ចុះ​ផ្តល់​ជំនួយ​ដល់​ពលរដ្ឋ​រង​គ្រោះ​ដោយ​ទឹក​ជំនន់​នៅ​ខេត្ត​បន្ទាយមានជ័យ​ថា “អ្វី​ដែល​ជាកុសល យើង​គួរ​រួម​គ្នា​ធ្វើ អ្វី​ដែល​ជា​ជម្លោះ យើង​គួរ​នាំ​គ្នា​ជម្រុះ​ ទើប​មាន​កិត្តិយស ជាតិ​យើង​រឹងមាំ“៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

2 Responses to "អ្នក​ឃ្លាំមើល​ជំរុញ​​បក្ស​កាន់​អំណាច និង​បក្ស​ប្រឆាំង​ឱ្យ​​បញ្ចប់​ជម្លោះ​នយោបាយ ដើម្បី​រួម​គ្នា​ដោះស្រាយ​បញ្ហា​ជាតិ"

  1. so socheath says:

    ចុម !
    មានអាមនុស្សឡប់សតិ អត់ចេះបែងចែក រវាងច្បាប់
    និងអ្វីដែលជាកិច្ចការមនុស្សធម៍​ដែរ ​វ៉ី​ ?
    ច្បាប់គឺច្បាប់ !
    គ្មានអ្នកណាអាចហ៊ានមកបំពានផ្លូវច្បាប់បានទេ កុំល្ងង់ពេក !
    អ្នកនយោបាយ មិនចាំបាច់មានទោស អាចធ្វើអ្វីស្រេចតែចិត្តបានមែនទេ ?
    ត្រូវបញ្ឈប់គំនឹតបែបតិរច្ឆាននេះចេញទៅ ។ ព្រោះថា ជោគវាសនាជាតិ និងអាយុជិវិត
    ប្រជាជនទាំងមូល ត្រូវបានផ្ញើលើអ្នកនយោបាយដែល​ពួកគាត់បោះឆ្នោតសំដែងការទុក
    ចិត្តឲ្យ​ហ្នឹងហើយ ។ បើជួបអ្នកនយោបាយបំផ្លាញជាតិ ជាតិច្បាស់ជារលាយ ហើយ ។
    យល់អត់ ប៉ុណ្ណឹង !

  2. Anonymous says:

    as I said ..I’m still alive and watching you every day . I just wanted to mentioning that in the past I saw two subject was>> water and oil << and I waiting to see how can it go together