ពលរដ្ឋ​រាប់​រយ​គ្រួសារ​រត់​គេច​​ទៅ​ទី​ទួល​សុវត្ថិភាព​បន្ទាប់​ពី​បាក់​ទំនប់​អូរ​ខៃដន ខណៈ​លោក ​ហ៊ុន សែន​ ចុះ​ប្រចាំ​ការ ២​ថ្ងៃ​នៅ​ខេត្ត​បន្ទាយមានជ័យ

ដោយ វ៉ែន សុមេធ
2020-10-21
RFA

ទិដ្ឋភាព​នៅ​ច្រកទ្វារ​ឆ្លងដែនអន្តរជាតិ ប៉ោយប៉ែត ពេល​ទឹកជំនន់​លិចក្រុង នៅ​ថ្ងៃ​ទី២០ ខែតុលា ឆ្នាំ២០២០។

ទិដ្ឋភាព​នៅ​ច្រកទ្វារ​ឆ្លងដែនអន្តរជាតិ ប៉ោយប៉ែត ពេល​ទឹកជំនន់​លិចក្រុង នៅ​ថ្ងៃ​ទី២០ ខែតុលា ឆ្នាំ២០២០។

 រូប៖ រដ្ឋបាល​ខេត្តបន្ទាយមានជ័យ


ប្រជាពលរដ្ឋ​រាប់​រយ​គ្រួសារ​​​នៅ​ក្រុង​ប៉ោយប៉ែត​នាំ​គ្នា​រត់​គេច​​ទៅ​រក​ទីទួល​មាន​សុវត្ថិភាព​ ដើម្បី​គេច​ចេញ​ពី​ទឹក​ជំនន់​ បន្ទាប់​ពី​បាក់​ទំនប់​ទឹក​អូរខៃដន​​នៅ​តំបន់​ព្រំដែន​​​ជាប់​ប្រទេស​ថៃ​នៅ​ព្រឹក​ថ្ងៃ​ទី​២០​តុលា​។​​ ជា​មួយ​គ្នា​នេះ​ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ លោក កឹម សុខា ​ក៏​បណ្ដាក់​គ្នា​ចុះ​ជួប​ពលរដ្ឋ​​រងគ្រោះ​ទឹក​ជំនន់​នៅ​​ខេត្ត​បន្ទាយមានជ័យ​ជា​បន្តបន្ទាប់​ដែរ។

ប្រជាពលរដ្ឋ​នៅ​ភូមិ​កូន​ដំរី​ សង្កាត់​និមិត្ត​ ក្រុង​ប៉ោយប៉ែត​ លោក​សាន់ រដ្ឋា​ ប្រាប់​អាស៊ី​សេរី​ថា ​​នៅ​ព្រឹក​ថ្ងៃ​ទី​២០​តុលា​ ទឹក​ជំនន់​​បាន​ហក់​ឡើង​យ៉ាង​គំហុក​បណ្ដាល​ឱ្យ​​ប្រជាពលរដ្ឋ​​ក្នុង​សង្កាត់​​ផ្សារ​កណ្ដាល​និង​សង្កាត់​ប៉ោយប៉ែត​ រាប់​រយ​គ្រួសារ​រត់​គេច​ទៅ​រក​ទី​ទួល​មាន​សុវត្ថិភាព​។​លោក​បន្ថែម​ថា ​​​ទឹក​ជំនន់​នេះ​កើត​ឡើង​ដោយសារ​បាក់​ទំនប់​ទឹក​អូរ​ខៃដន​ចូល​ដល់​ក្នុង​​សង្កាត់​ផ្សារ​កណ្ដាល​ជាប់​ព្រំដែន​ប្រទេស​ថៃ។ លោក​បញ្ជាក់​ថា ​ប្រជាពលរដ្ឋ​ភាគ​ច្រើន​ត្រូវ​ការ​ស្បៀង ពីព្រោះ​ពួក​គាត់​​មិន​អាច​ចេញ​​ធ្វើ​ដំណើរ​ទៅ​ណា​បាន​ឡើយ៖ «កំពុង​តែ​វាយលុក​ គឺ​ពី​ក្រុង​ប៉ោយប៉ែត​មក​ដល់​សង្កាត់​និមិត្ត​វា​កំពុងតែ​វាយលុក​ខ្លាំង​មែនទែន​ វា​មើល​ទៅ​វា​ល្ហល្ហាច​ដូច​ទន្លេ​អីចឹង​ ស្រេះ​របស់​ពលរដ្ឋ​មួយ​ចំនួន​លិច​ទឹក​អស់​។​បើ​សង្គ្រាម​យើង​អាច​គេច​គ្រាប់​កាំភ្លើង​បាន​ យើង​ជីក​ត្រង់សេ​ដល់​ពេល​ទឹក​ជំនន់​ អត់​មាន​អី​ជួយ​ទេ​ មាន​តែ​ពឹង​លើ​អាជ្ញាធរ​​ជួយ​សង្គ្រោះ​ឱ្យ​ទៅ​នៅ​ទីទួល​សុវត្ថិភាព​តែ​ប៉ុណ្ណឹង​។​អីចឹង​វា​វេទនា​មែនទែន​ ការ​ដក​ខ្លួន​ចេញ​ពី​ផ្ទះ​របស់​ខ្លួន​ទៅ​នៅ​ទីទួល​សុវត្ថិភាព​អីចឹង​ក្នុង​ខេត្ត​បន្ទាយមានជ័យ​ដូច​ជាក់​ស្ដែង​អីចឹង​គឺ​ពិបាក​រស់​នៅ​ណាស់»

រដ្ឋបាល​ក្រុង​ប៉ោយប៉ែត​បាន​ចេញ​ជូន​ដំណឹង​នៅ​ព្រឹក​ថ្ងៃ​ទី២០ តុលា​ ដោយ​ហាម​ឃាត់​មិន​ឱ្យ​រថយន្ត​ធន់​ធ្ងន់​ឆ្លង​កាត់​ផ្លូវ​ជាតិ​លេខ​៥​ចាប់​ពី​ភូមិ​កូន​ដំរី​​ដល់​ក្រុង​ប៉ោយប៉ែត​ជា​បន្ត​បណ្ដោះ​អាសន្ន។​ការ​បិទ​ផ្លូវ​នេះ​ ដោយសារ​តែ​ទឹក​ជំនន់​បាន​លិច​ផ្លូវ​ជាតិ​លេខ​៥​​នៅ​ក្រុង​ប៉ោយប៉ែត​​​ជា​ច្រើន​កន្លែង។

ទាក់ទង​នឹង​បញ្ហា​នេះ​ប្រធាន​គណៈកម្មការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ លោក គន់ គីម ​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា អាជ្ញាធរ​បាន​បញ្ជូន​កងកម្លាំង​ជំនាញ​ជា​ច្រើន​នាក់​ដឹក​ជម្លៀស​ប្រជាពលរដ្ឋ​នៅ​សង្កាត់​ផ្សារ​កណ្ដាល​និង​សង្កាត់​និមិត្ត​ទៅ​ស្នាក់​នៅ​ទី​ទូល​សុវត្ថិភាព​មួយ​រយៈ៖ «ក្រុម​ការងារ​របស់​យើង​នៅ​ទី​នេះ​មាន​កម្លាំង​កងទ័ព និង​កម្លាំង​នគរបាល​ច្រើន​ដើម្បី​ជួយ​ដោះស្រាយ​ហើយ​បាន​នាំ​ទាំង​កាណូត​ហ្នឹង​មក​​ដោះស្រាយ​បញ្ហា​ ដោយសារ​ថា យើង​ដឹង​ដំណឹង​តាំង​ពី​ម្សិលមិញ​។​ឥឡូវ​យើង​ដឹង​ដំណឹង​​ថា​ខាង​ប្រទេស​ថៃ​ក៏​កាយ​ប្រឡាយ​​បន្ថែម​ទៀត​ ដូច្នេះ​យើង​មាន​​ការ​ព្រួយបារម្ភ​ទឹក​បុក​ទៅ​ទិស​​ខាង​អូរ​បី​ជាន់​បន្ត​ទៀត​​ ហើយ​ទឹក​អាច​នឹង​ឈាន​បុក​ចូល​ទៅ​ក្រុង​សិរីសោភ័ណ​។​ដូច្នេះ​យើង​ក៏​ប្រុងប្រៀប​ជើងការ​នៅ​ទីនេះ​និង​ប្រុង​ប្រៀប​ជើង​ការ​នៅ​ក្រុង​សិរីសោភ័ណ​បន្ត​ទៀត»

ដោយសារ​ទឹក​ជំនន់​កំពុង​ជាន់​លិច​ធ្ងន់ធ្ងរ​នៅ​ក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ​នេះ មេ​ដឹក​នាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន និង​មេ​ដឹក​នាំ​បក្ស​ប្រឆាំង លោក កឹម សុខា ក៏​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ទី​នោះ ដើម្បី​ជួប​សួរ​សុខ​ទុក្ខ និង​ជួយ​ឧបត្ថម្ភ​ស្បៀង​អាហារ​ជូន​ជន​រង​គ្រោះ។

នៅ​ព្រឹក​ថ្ងៃ​ទី២០ ខែតុលា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា និង​សហការី ប្រមាណ​១០នាក់​បាន​ចុះ​សួរ​សុខ​ទុក្ខ និង​ចែក​ស្បៀង​ពលរដ្ឋ​រងគ្រោះ​ទឹក​ជំនន់​ចំនួន ២០០គ្រួសារ នៅ​សង្កាត់​ព្រះពន្លា​ ក្រុង​សិរីសោភ័ណ​ ខេត្ត​បន្ទាយមានជ័យ​ដែរ។

លោក កឹម សុខា ក៏​បាន​បង្ហោះ​សារ​លើ​ហ្វេសប៊ុក (Facebook) របស់​លោក​ដោយ​អំពាវនាវ​ដល់​ពលរដ្ឋ​ឱ្យ​បន្ត​ប្រុង​ប្រយ័ត្ន​ខ្ពស់ ហើយ​បួងសួង​សុំ​ឱ្យ​ពលរដ្ឋ​ខ្មែរ​បាន​សុខ​ទាំង​អស់​គ្នា​ និង​កុំ​ចងពៀរ​នឹង​គ្នា​។ បន្ថែម​ពី​នេះ​លោក​ថា «អ្វី​ដែល​ជាកុសល ​ពលរដ្ឋ​ខ្មែរ​គួរ​តែ​រួមគ្នា​ឈប់​ឈ្លោះ​គ្នា ដើម្បី​ឱ្យ​កិត្តិយស​ជាតិ​រឹងមាំ»

រីឯ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន វិញ បាន​ប្រកាស​នៅ​លើ​ហ្វេសប៊ុក​របស់​លោក​នៅ​ព្រឹក​ថ្ងៃ​ទី២០​តុលា​ថា លោក​កំពុង​ធ្វើ​ដំណើរ​ទៅ​ឆ្ពោះ​ខេត្ត​បន្ទាយ​មានជ័យ​ហើយ ដោយ​លោក​គ្រោង​ស្នាក់​នៅ​ខេត្ត​មួយ​នេះ​ចំនួន ២ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃ​ទី២១ ដល់​ថ្ងៃ​ទី២២ តុលា ដើម្បី​ចុះ​សួរសុខទុក្ខ និង​ឧបត្ថម្ភ​ស្បៀង​អាហារ​ដល់​ប្រជាពលរដ្ឋ​រង​គ្រោះ​ទឹក​ជំនន់​ជាង ២ម៉ឺន​គ្រួសារ​​​នៅ​ខេត្ត​មួយ​នេះ។ លោក​បន្ត​ថា ខេត្ត​បន្ទាយមានជ័យ​ជា​ខេត្ត​ដែល​រងគ្រោះ​ធ្ងន់ជាង​គេ និង​យូរ​ជាងគេ​ ដែល​ចាំបាច់​ត្រូវ​ផ្តល់​អាទិ​ភាព​សង្គ្រោះ​ផង និង​ស្ដារ​ឡើងវិញ​ក្រោយ​ទឹកជំនន់​ផង។

ប្រធាន​សមាគម​ពង្រឹង​សេដ្ឋកិច្ច​ក្រៅ​ប្រពន្ធ​កម្ពុជា លោក ឌិន ពិទ្ធី មាន​ប្រសាសន៍​ថា ​អាជ្ញាធរ​ពាក់ព័ន្ធ​គួរ​តែ​ចុះ​ជួយ​ប្រជាពលរដ្ឋ​ឱ្យ​បាន​សកម្ម​បន្ថែម​ទៀត​ ដើម្បី​ជួយ​កាត់បន្ថយ​កុំ​ឱ្យ​ពលរដ្ឋ​គ្រោះ​ថ្នាក់​ដោយ​សារ​គ្រោះ​ធម្មជាតិ។ បន្ថែម​ពី​នេះ លោក​ជំរុញ​ឱ្យ​អាជ្ញាធរ​ចែក​ស្បៀង​អាហារ​ដល់​ពលរដ្ឋ​រងគ្រោះ​ឱ្យ​បាន​ស្នើ​ភាព​គ្រប់​និន្នាការ​គណបក្ស​នយោបាយ ដើម្បី​ជួយ​សម្រាល​ដល់​ការ​លំបាក​របស់​ពួកគាត់៖ «ហើយ​ទុក​គាត់​ចោល​ហើយ​ទៅ​ថត​យក​តិច​អីចឹង​ យើង​យក​តែ​ខ្សែ​បក្ស​ពួក​ខ្លួន​ឯង ទី២ យើង​ធ្វើ​យក​តែ​រូប​ភាព​អត់​មើល​លក្ខណៈ​ទូទៅ​ ចង់​និយាយ​ថា ការ​បែងចែក​ការ​ជួយ​ហ្នឹង​វា​ខុស​ពី​ស្រុក​គេ​ ប្រជាពលរដ្ឋ​អត់​បាន​ទទួល​ស្មើភាព​គ្នា​ វា​អត់​មាន​លក្ខណៈ​ទូទៅ​។​វា​បាន​ចោះៗ​ហើយ​បាន​មួយ​ ហើយ​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​មាន​ទុក្ខវេទនា​នៅ​តែ​វេទនា​ដដែល​ វា​លំបាក​ក៏​កាន់​តែ​លំបាក​ទៅ​អា​ហ្នឹង​វា​អត់​មាន​យុត្តិធម៌​សង្គម​ទេ»

អ្នក​នាំ​ពាក្យ​គណៈកម្មការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ ប្រាប់​អាស៊ី​សេរី​ថា គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី២០ តុលា ទឹក​ជំនន់​បាន​លិច​លង់​ចំនួន ១៩ខេត្ត​នៅ​ទូទាំង​ប្រទេស និង​មាន​ប្រជាពលរដ្ឋ​ចំនួន ២៥នាក់​បាន​ស្លាប់ ក្នុង​នោះ​ខេត្ត​បន្ទាយមានជ័យ​ច្រើន​ជាង​គេ​​មាន​អ្នក​ស្លាប់​ចំនួន ១៣នាក់។ ប៉ះពាល់​ប្រជាពលរដ្ឋ ៣១២.២២៤នាក់ ក្នុង​នោះ​ពលរដ្ឋ ៣៧.៣៩៦​នាក់ ត្រូវ​បាន​ជម្លៀស​ទៅ​នៅ​ទី​ទួល​មាន​សុវត្ថិភាព​បណ្ដោះ​អាសន្ន។ ខូច​ស្រូវ ២១៣.២៨៩​ហិកតារ និង​ដំណាំ​រួម​ផ្សំ ៧៩.៨៨៨​ហិកតារ លិច​សាលារៀន​ជាង ៥០០កន្លែង​ទឹក​ហូរ​ចូល​រោងចក្រ​ចំនួន ៧៩កន្លែង​នៅ​រាជធានី​ភ្នំពេញ កំពង់ស្ពឺ និង​ខេត្ត​កណ្ដាល ក្នុង​នោះ ៤០កន្លែង​បាន​ផ្អាក​ដំណើរ​ការ​បណ្ដោះអាសន្ន។ លើស​ពី​នេះ គ្រោះ​ធម្មជាតិ​មួយ​នេះ​​ធ្វើ​ឱ្យ​ខូច​ខាត​ហេដ្ឋារចនាសម្ព័ន្ធ ដូច​ជា ទំនប់​ទឹក ស្ពាន មន្ទីរ​ពេទ្យ ផ្លូវ​ថ្នល់ និង​ផ្លូវ​លំ​តាម​ជនបទ​ជា​ច្រើន​កន្លែង​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles