សមាគម​ខ្មែរ​ក្រោម​ស្នើ​ឲ្យ​អាជ្ញាធរ​របប​ទីក្រុង​ភ្នំពេញ​ស៊ើប​អង្កេត​ករណី​ឃាតកម្ម និង​បាត់​ខ្លួន​ខ្មែរ​ក្រោម

ដោយ យន់ សាមៀន
2020-10-20
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក ថាច់ សេដ្ឋា ប្រធាន​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម ក្នុង​ពិធី​រំលឹក​ខួប​នៃ​បាត់បង់​ទឹក​ដី​ខ្មែរ​កម្ពុជា​ក្រោម គម្រប់ ៧០ឆ្នាំ។

លោក ថាច់ សេដ្ឋា ប្រធាន​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម ក្នុង​ពិធី​រំលឹក​ខួប​នៃ​បាត់បង់​ទឹក​ដី​ខ្មែរ​កម្ពុជា​ក្រោម គម្រប់ ៧០ឆ្នាំ។

 រូប៖ RFA


អង្គការ សមាគម​ខ្មែរ​កម្ពុជា​ក្រោម ​ស្នើ​ឲ្យ​សមត្ថកិច្ច​នៃ​រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ ស៊ើបអង្កេត ករណី​ឃាតកម្ម​ និង​បាត់ខ្លួន ព្រះសង្ឃ និង ពលរដ្ឋ​ខ្មែរ​ក្រោម ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។ សំណើ​នេះ​ដោយសារ​តែ​សមាគម​ខ្មែរ​ក្រោម​សង្កេត​ឃើញ​ថា អាជ្ញាធរ​របស់​រដ្ឋាភិបាល លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ហាក់​មិន​សូវ​យក​ចិត្ត​ដាក់​លើ​ករណី​ឃាតកម្ម និង​បាត់​ខ្លួន របស់​ពលរដ្ឋ​ខ្មែរ​ក្រោម​នៅ​កម្ពុជា។

លេខាធិការដ្ឋាន អង្គការ សមាគម​ខ្មែរ​កម្ពុជា​ក្រោម នៅ​កម្ពុជា បាន​ចេញ​សេចក្ដីថ្លែងការណ៍​រួម​​សំ​ដែង​ក្តី​បារម្ភ ពី​សុវត្ថិភាព​ខ្មែរ​កម្ពុជា​ក្រោម ដែល​កំពុង​រស់​នៅ​កម្ពុជា ប្រសិនបើ​អាជ្ញាធរ​មានសមត្ថកិច្ច មិន​មាន​វិធានការ​សម​ស្រប​ណា​មួយ ដើម្បី​ស្វែងរក​ជន​សង្ស័យ ពាក់ព័ន្ធ​នឹង​ករណី​ឃាតកម្ម និង​បាត់​ខ្លួន​របស់​ពលរដ្ឋ​ខ្មែរ​ក្រោម។ សេចក្ដីថ្លែងការណ៍​ចេញ កាល​ពី​ថ្ងៃ​ទី១៥ តុលា​ឲ្យ​ដឹង​ថា ករណី​គួរ​ឲ្យ​សង្ស័យ​មួយ​ចំនួន​មាន​ដូច​ជា ពលរដ្ឋ​ខ្មែរ​ក្រោម លោក ថាច់ ភារម្យ ស្លាប់​ដោយសារ​តែ​លង់​ទឹក ដោយ​មាន​ខ្នោះ​ជាប់​នៅ​នឹង​ដៃ កាល​ពី​ថ្ងៃទី៣ ខែ​កញ្ញា និង​ករណី​លោក សុខ ស៊ីធូន ត្រូវ​មន្ត្រី​ប៉ូលិស​បាញ់​សម្លាប់ កាល​ពី​ថ្ងៃ​ទី២៦ កញ្ញា ព្រះតេជ​ព្រះគុណ កៀង សាងសន្ធា ត្រូវ​រថយន្ត​បុក រហូតដល់ សុគត កាលពីថ្ងៃទី៤ តុលា។ អង្គការ​ខ្មែរ​ក្រោម​ថា ករណី​ទាំង​នេះ នៅ​មិន​ទាន់​មាន​សមត្ថកិច្ច​ដោះ​ស្រាយ និង​នាំ​ខ្លួន​ជន​សង្ស័យ​មក​ផ្ដន្ទាទោស​នៅ​ឡើយ​ទេ។

ដោយ​ឡែក ករណី ព្រះតេជព្រះគុណ អ៊ាវ សុខធឿន ដែល​ត្រូវ​ឃាតក​សម្លាប់ ទាំង​អាថ៌កំបាំង​ កាល​ពី​ឆ្នាំ២០០៧ ហើយ​ត្រូវ​សមត្ថកិច្ច​យក​សព​ទៅ​បញ្ចុះ​ទាំង​យប់ ដោយ​មិន​ឲ្យ​គ្រួសារ​គាស់​យក​សព​ទៅ​ធ្វើ​បុណ្យ នៅ​មិន​ទាន់​រក​ឃើញ​ឃាតក​នៅ​ឡើយ​ទេ។ ចំណែក ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម ព្រះអង្គ​ មាស វិចិត្រ ក៏​បាន​បាត់​ព្រះ​កាយ កាល​ពី​ឆ្នាំ ២០១៧ ដោយ​មិន​ដឹង​មូលហេតុ មក​ទល់​សព្វថ្ងៃ​នេះ។ លេខាធិការដ្ឋាន អង្គការ សមាគម​ខ្មែរ​កម្ពុជា​ក្រោម ស្នើ​ឲ្យ​សមត្ថកិច្ច​ស៊ើប​អង្កេត ឃាតកម្ម និង​បាត់​ព្រះ​កាយ​ព្រះសង្ឃ​ខ្មែរ​ក្រោម​ដើម្បី ផ្តល់​យុត្តិធម៌​ដល់​ពួក​គេ។ ទាក់ទង​នឹង​សំណើសុំ​រក​យុត្តិធម៌​ដល់​ខ្មែរ​ក្រោម​នេះ  ប្រធាន​នាយកដ្ឋាន​ព័ត៌មាន​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ព្រះភិក្ខុ ស៊ឺង យ៉ឹងរតនា មាន​ថេរ​ដីកា​ថា អាជ្ញាធរ​មូលដ្ឋាន​ខ្មែរ ហាក់​មិន​សូវ​យក​ចិត្ត​ទុក​ដាក់ ខ្មែរ​ក្រោម ដោយសារ​តែ​ពួក​គេ ជា​ជន​ងាយ​រង​គ្រោះ និង​ក្រីក្រ​ក្នុង​សង្គម៖ «ដោយសារ​តែ​ពលរដ្ឋ​ខ្មែរ​ក្រោម គាត់​បាន​ភៀសខ្លួន​ពី​អាជ្ញាធរ​វៀតណាម ធ្វើ​បាប​នៅ​កម្ពុជា​ក្រោម​ហ្នឹង​បាន​ជា​រត់​ទៅ​ជ្រកកោន​រក​ស៊ី ជួញ​ដូរ​នៅ​ក្នុង​ប្រទេស​កម្ពុជា គឺ​ពួក​គាត់​ហ្នឹង​មាន​មុខ​របរ​បន្តិចបន្តួច ហើយ​អត់​មាន​ខ្នង អត់​មាន​ជំរក ដូច្នោះ​អាជ្ញាធរ​កម្ពុជា​មើល​ស្រាល មិន​សូវ​យក​ចិត្ត​ទុក​ដាក់​ខ្មែរ​ក្រោម ដែល​រង​គ្រោះ បញ្ហា​ករណី​ខ្មែរ​ក្រោម​ត្រូវ​គេ​បាញ់​សម្លាប់​ក្តី ហើយ​មិន​សូវ​សង្កេត​ឃើញ​ថា មិន​សូវ​មាន​យុត្តិធម៌​ដល់​ពលរដ្ឋ​ខ្មែរ​ក្រោម​ជា​ជន​រង​គ្រោះ​នោះ​ទេ»


ទោះ​បី​យ៉ាង​ណា ព្រះភិក្ខុ ស៊ឺង យ៉ឹងរតនា ស្នើ​ឲ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច យក​ចិត្ត​ដាក់​លើ​ពលរដ្ឋ​ខ្មែរ​ក្រោម ពី​ព្រោះ​ខ្មែរ​ក្រោម ក៏​ជា​ពលរដ្ឋ​ខ្មែរ​ដែរ៖ «តាម​ច្បាប់​សញ្ជាតិ​កម្ពុជា​ហ្នឹង គឺ​ថា ខ្មែរ​នៅ​ទីណា​ក៏​នៅ​តែ​ជា​ពលរដ្ឋ​ខ្មែរ ដូច្នោះ ខ្មែរ​ក្រោម​រស់​នៅ​​លើ​ទឹក​ដី​កម្ពុជា ក៏​ជា​ខ្មែរ​ជា​ពលរដ្ឋ​ខ្មែរ ដូច្នោះ​ហើយ​អាជ្ញាធរ​ត្រូវ​តែ​រក​យុត្តិធម៌ និង​ផ្តល់​ភាព​កក់​ក្ដៅ​ដល់​ពលរដ្ឋ​ខ្មែរ ដែល​រស់នៅ​កម្ពុជា​ផង»

ចំណែក​ប្រធាន​សហគមន៍​ខ្មែរកម្ពុជា​ក្រោម លោក ថាច់ សេដ្ឋា លើក​ឡើង​ថា សមត្ថកិច្ច​កម្ពុជា មិន​សូវ​អើពើ​ខ្វល់ខ្វាយ​ផ្តល់​យុត្តិធម៌​ដល់​ខ្មែរ​ក្រោម​នោះ​ទេ។ លោក​ថា ទង្វើ​នេះ ហាក់​បី​ដូច​ចេតនា របស់​សមត្ថកិច្ច​តែ​ម្ដង៖ «ករណី​ខ្មែរ​ក្រោម​ហ្នឹង​ធ្វើ​ឲ្យ​ការ​សង្ស័យ កាន់​តែ​ខ្លាំង ពីព្រោះ​វា​តែងតែ​ពាក់ព័ន្ធ​ជាមួយ​នឹង​យួន​អ៊ីចឹង។ អ៊ីចឹង​វា​អាច​ទៅ​ជា​ករណី​មួយ​ផ្សេង​ទៀត បើ​អាជ្ញាធរ ព្រងើយកន្តើយ​ស្វែងរក​ជន​ដៃ​ដល់​អី ធ្វើ​ឲ្យ​មាន​មន្ទិល​សង្ស័យ ពាក់ព័ន្ធ​ជាមួយ​យួន​ហ្នឹង​ទៀត​ហើយ»

ឆ្លើយ​តប​នឹង​សំណើ​របស់​អង្គការ​ខ្មែរ​ក្រោម​នេះ មន្ត្រី​នាំ​ពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន ប្រាប់​អាស៊ី​សេរី​ថា អាជ្ញាធរ​ខ្មែរ​មិន​រើសអើង​ពលរដ្ឋ​ខ្មែរ​ក្រោម​នោះ​ទេ។ លោក​ថា ខ្មែរ​ក្រោម មាន​សិទ្ធិ​សេរីភាព ទទួល​បាន​យុត្តិធម៌ ចំពោះ​មុខ​ច្បាប់​ដូច​ពលរដ្ឋ​ដទៃ​ទៀត​ដែរ៖ «កាល​ណា​និយាយ​ហ្នឹង​ធ្វើ​ឲ្យ​មាន​ភាព​រើសអើង អត់​ទទួល​យក​បាន​ទេ កាល​ណា​គាត់​និយាយ​អ៊ីចឹង ពីព្រោះ​ទាំង​អស់​គ្នា ស្មើគ្នា​ចំពោះ​មុខ​ច្បាប់។ បើ​បៀតបៀន រាងកាយ​អ្នក​ណា​មួយ ដោយ​អំពើ​ហិង្សា ឬ​ដោយ​អំពើ​អ្វី​មួយ ដោយ​ខុស​ច្បាប់​អ្នក​ហ្នឹង​ត្រូវ​តែ​ទទួល​ទោស​តាម​ច្បាប់។ ហើយ​បើ​គ្មាន​អ្នក​មាន​ចំណាត់​ការ​ផ្លូវ​ច្បាប់​ត្រូវ​ប្ដឹង ហើយ​បើ​ប្ដឹង​អត់​មាន​អ្នក​ណា​ធ្វើ​ដឹង ធ្វើ​រាយការណ៍​ជា​បណ្ដឹង​ទៅ​វិញ»

ទោះបី​មាន​ការ​អះអាង​របស់​មន្ត្រី​រដ្ឋាភិបាល​ដូច្នោះ​ក្តី អង្គការ​សមាគម​ខ្មែរ​ក្រោម​បន្ត​ទទូច​ឲ្យ​អាជ្ញាធរ​បន្ត​ស៊ើប​អង្កេត ករណី​ឃាតកម្ម និង​បាត់​ខ្លួន​ពលរដ្ឋ​ខ្មែរ​ក្រោម ដើម្បី ឲ្យ​ជន​រង​គ្រោះ​ទទួល​បាន​យុត្តិធម៌។​ នេះ​មិនមែន​ជា​លើក​ទី​មួយ​ដែល​អង្គការ ខ្មែរ​ក្រោម​ទទូច​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ផ្តល់​សិទ្ធិ​ស្មើភាព​ដល់​ពលរដ្ឋ​ខ្មែរ​ក្រោម​នៅ​កម្ពុជា។​ កាល​ពី​ដើម​ខែតុលា តំណាង​ក្រុម​អង្គការ​ខ្មែរ​ក្រោម និង​អង្គការ​ក្នុង​ស្រុក​ចំនួន ១០ ប្រាប់ ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ​ថា រដ្ឋាភិបាល​ខ្មែរ ​មិន​បាន​យក​ចិត្ត​ទុក​ដាក់​ខ្មែរ​ក្រោម​ឲ្យ​បាន​ពេញលេញ​នោះ​ទេ ហើយ​ការ​អនុវត្ត​ច្បាប់​លើ​ពលរដ្ឋ​ខ្មែរ​ក្រោម មាន​លក្ខណៈ​មិន​ច្បាស់លាស់​ពិសេស ការ​ផ្តល់​សញ្ជាតិ​ឲ្យ​ខ្មែរ​ក្រោម ដែល​រស់​នៅ​កម្ពុជា។ បញ្ហា​នេះ​ហើយ បណ្ដាល​ឲ្យ​ពួក​គេ​មិន​អាច​ទទួល​បាន​អត្តសញ្ញាណប័ណ្ណ ប្លង់​ដី និង​ឯកសារ​ផ្សេងៗ បណ្ដាល​ឲ្យ​ពួក​គេ​មិន​ទទួល​បាន​សិទ្ធិ​ពេញលេញ ជួប​ប្រទះ​ការ​រើសអើង និង​បាត់បង់​ផល​ប្រយោជន៍​ក្នុង​សង្គម​ជា​ដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

One Response to "សមាគម​ខ្មែរ​ក្រោម​ស្នើ​ឲ្យ​អាជ្ញាធរ​របប​ទីក្រុង​ភ្នំពេញ​ស៊ើប​អង្កេត​ករណី​ឃាតកម្ម និង​បាត់​ខ្លួន​ខ្មែរ​ក្រោម"

  1. Anonymous says:

    as you knew there was no body else beside this killer regime