អ្នកតាមដាន៖ ២៩ឆ្នាំ​ក្រោយ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស កម្ពុជា​ប្រឈម​ការប្រេះឆា​នយោបាយ និង​ការរំលោភ​សិទ្ធិ​មនុស្ស

នយោបាយ
21 តុលា 2020
ហ៊ុល រស្មី
វីអូអេខ្មែរ

រូបភាព​ទិដ្ឋភាព​ទូទៅ​នៅ​សន្និសីទ​ស្តី​ពី​សន្តិភាព​​នៅ​កម្ពុជា​ដែល​ប្រព្រឹត្ត​ធ្វើ​នៅ​ទី​ក្រុង​ប៉ារីស​ប្រទេស​បារាំង​កាល​ពី​​ថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ​១៩៩១។ Photo: AFP


ភ្នំពេញ —  ២៩​ឆ្នាំក្រោយពី​ការ​ចុះ​កិច្ច​ព្រមព្រៀង​សន្តិភាព​ប្រវត្តិសាស្ត្រ​នៅ​ទីក្រុង​ប៉ារីស ​ប្រទេស​បារាំង​ ក្រុម​អ្នក​សង្កេត​ការណ៍​នៅ​ប្រទេស​កម្ពុជា ​មើល​ឃើញ​ថា កម្ពុជា​កំពុង​រង​សម្ពាធ​ពី​សហគមន៍​អន្តរជាតិ​ចំពោះ​ការ​ធ្លាក់​ចុះ​ធ្ងន់​ធ្ងរ​នៃ​ការ​គោរព​សិទ្ធិ​មនុស្ស​ ការ​បោះឆ្នោត​មិន​តាម​លទ្ធិ​ប្រជា​ធិបតេយ្យ ​និង​បាន​ក្លាយ​ជា​ចំណុច​ភូមិ​សាស្ត្រ​នយោបាយ​ដ៏​ចម្រូង​ចម្រាស។​

កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​បារីស​ ថ្ងៃ​ទី​២៣​ ខែ​តុលា​ ឆ្នាំ​១៩៩១​ បាន​ធ្វើ​ឲ្យ​ភាគី​៤​ បញ្ចប់​ជម្លោះ​ជាមួយ​គ្នា ​ដែល​នាំ​ឲ្យ​មាន​សន្តិភាព​ ធានា​បូរណភាព​ដែនដី​ អធិប​តេយ្យភាព​ជាតិ​ ការ​អភិវឌ្ឍ​ជា​ដើម​ផង​ដែរ។ ​នោះ​ គឺ​ជា​ស្នា​ព្រះហស្ត​របស់​ព្រះ​បរមរតន​កោដ្ឋ​សម្តេច​ឪ​ព្រះ​បាទ​នរោត្តម​សីហនុ ​ដែល​ជា​អ្នក​ផ្តួច​ផ្តើម។​

លោក​ ស៊ឹង សែនករុណា​ អ្នក​នាំពាក្យ​សមាគម​សិទ្ធិ​មនុស្ស​អាដហុក​ ប្រាប់​វីអូអេ​កាលពី​ថ្ងៃ​ពុធ​ថា​ ការ​ចុះកិច្ច​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ ជា​ព្រឹត្តិ​ការណ៍​ប្រវត្តិសាស្ត្រ​ដែល​មិន​អាច​បំភ្លេច​បាន​ទេ ​ហើយ​ថា ​បើគ្មាន​កិច្ច​ព្រមព្រៀង​នេះ​ទេ​ ​កម្ពុជា​ ក៏​គ្មាន​ការ​អភិវឌ្ឍ​ដែល​មាន​ការ​គាំទ្រ​ពី​សហគមន៍​អន្តរជាតិ​នោះ​ដែរ។​

លោក​បន្ត​ថា​ ទោះ​បី​កិច្ច​ព្រមព្រៀង​នេះ​បាន​បញ្ចប់​សង្គ្រាម​ស៊ីវិល​ក្នុង​ទសវត្សរ៍​១៩៧០​ និង​១៩៨០​នៅ​កម្ពុជា​ក៏​ដោយ​ ​ប្រទេស​ស្ថិត​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​មួយ​នេះ​ នៅ​បន្ត​រួមរឹត​ដោយ​ការ​រំលោភ​សិទ្ធិ​មនុស្ស​ និង​ការ​គាប​សង្កត់​លើ​ក្រុម​អ្នក​នយោបាយ​ដែល​មាន​និន្នាការ​ជំទាស់។ ​លោក​បន្ថែម​ថា​ អ្នក​ណា​ដែល​ហ៊ាន​ចេញ​មុខ​តវ៉ា​ប្រឆាំង​ការ​រំលោភ​សិទ្ធិ​ជាមូលដ្ឋាន​ផ្សេងៗ​ ឬ​ក៏​បុគ្គល​ណា​ចេញ​មុខ​រិះគន់​ចំណុច​ខ្សោយ​របស់​រដ្ឋាភិបាល​ នោះ​ នឹង​ត្រូវ​បាន​ឆ្លើយ​តប​មក​វិញ​ដោយ​ការ​បង្ក្រាប​ និង​ការ​ចាប់​ដាក់​ក្នុង​ពន្ធនាគារ។​

លោក​មាន​ប្រសាសន៍​ថា៖​ «សេរីភាព​មូលដ្ឋាន​ហ្នឹង​ គឺ​យើង​សំដៅ​ទៅ​លើ​ការ​ជួប​ជុំ​ ការ​បញ្ចេញ​មតិ​ ហើយ​និង​ការ​ធ្វើ​ការ​ខាង​សមាគម​អី​ជាដើម​ហ្នឹង​ឯង​ ដែល​កំពុង​ទទួល​រង​ការ​រឹតត្បិត​នៅ​លើ​សេរីភាព​ហ្នឹង​ ហើយ​ធ្វើ​ឲ្យ​ខាង​ក្រុម​ដែល​សំឡេង​ដែល​រិះ​គន់​រដ្ឋាភិបាល​ កំពុងតែ​មាន​ការ​រង​ទុក្ខ​ទោស​ ដូច​ការ​វាយ​ដំ​ ធ្វើ​ទុក្ខ​បុកម្នេញ​ផ្សេងៗ​ ការ​ចាប់​ខ្លួន​ចោទ​ប្រកាន់​ ប្រើ​ប្រាស់​កង​កម្លាំង​ ប្រដាប់​អាវុធ​ និង​សមត្ថកិច្ច​ទាំងអស់​ហ្នឹង​រួមទាំង​ខាង​តុលាការ​អីហ្នឹង​ គឺ​ធ្វើការ​ ធ្វើ​ទុក្ខ​បុក​ម្នេញ​ទៅ​លើ​ក្រុម​សកម្មជន​ទាំង​អស់​ហ្នឹង​ រួមទាំង​ខាង​សកម្មជន​មនសិកា​ផ្សេងៗ​ទៀត»។​

អ្នក​វិភាគ​នយោបាយ​ម្នាក់ ​គឺ​លោក​បណ្ឌិត​ ឡៅ ម៉ុងហៃ​ បាន​បន្ត​តម្កល់​ទុក​សារៈ​សំខាន់​នៃ​កិច្ច​ព្រមព្រៀង​សន្តិ​ភាព​ទី​ក្រុង​ប៉ារីស​ ដែល​លោក​យល់​ថា​ បាន​រួម​ចំណែក​ដល់​ការ​កសាង​សន្តិភាព ​និង​ការ​បង្កើត​ប្រព័ន្ធ​នយោបាយ​ពហុបក្ស​នៅ​កម្ពុជា​តាម​បែប​ប្រជា​ធិបតេយ្យ​ ​ប៉ុន្តែ​សិទ្ធិ​សេរីភាព​របស់​ប្រជា​ពលរដ្ឋ​ក្នុង​ការ​សម្តែង​មតិ​ និង​ការ​ជួប​ប្រជុំ​កំពុង​រង​ការ​បង្រ្កាប។​

បើ​តាម​របាយ​ការណ៍​របស់​អង្គការ​លីកាដូ ​អ្នក​ការពារ​សិទ្ធិ​មនុស្ស ​សកម្មជន​ និង​សិល្បករ​ ចំនួន​១៩​នាក់ ​ត្រូវ​បាន​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ ចាប់​តាំង​ពី​ខែ​កក្កដា​ ដោយសារ​ការ​ប្រើប្រាស់​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​ និង​ជួប​ជុំ​គ្នា​ដោយ​សន្តិវិធី​ ដែល​មាន​ចែង​ក្នុង​រដ្ឋ​ធម្មនុញ្ញ។​

រូបឯកសារ៖ កង​សន្តិសុខខណ្ឌ៧មករា​ក្នុងទីក្រុងភ្នំពេញ​ ចាប់អូស​ទាញអ្នក​តវ៉ា​ចេញពី​ច្រកទ្វារ​សាលាដំបូង​រាជធានីភ្នំពេញ ថ្ងៃទី​២៤​ ខែកក្កដា​ ឆ្នាំ​២០២០។ (ហ៊ុល​ រស្មី/វីអូអេ)
រូបឯកសារ៖ កង​សន្តិសុខខណ្ឌ៧មករា​ក្នុងទីក្រុងភ្នំពេញ​ ចាប់អូស​ទាញអ្នក​តវ៉ា​ចេញពី​ច្រកទ្វារ​សាលាដំបូង​រាជធានីភ្នំពេញ ថ្ងៃទី​២៤​ ខែកក្កដា​ ឆ្នាំ​២០២០។ (ហ៊ុល​ រស្មី/វីអូអេ)

ចាប់​ពី​ខែ​មករា​ដល់​ខែ​មេសា​ អាជ្ញាធរ​កម្ពុជា​បាន​ចាប់​ខ្លួន​ពលរដ្ឋ​កម្ពុជា​ជាង​៣០​នាក់​ ដោយ​សារ​ការ​ចោទ​ប្រកាន់​លើ​ការ​បង្ហោះ​ព័ត៌មាន​ក្លែង​ក្លាយ​ ពាក់​ព័ន្ធ​នឹង​ផល​ប៉ះពាល់​នៃ​វិបត្តិ​ជំងឺឆ្លង​កូវីដ១៩។ ​នេះ​បើ​យោង​តាម​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ Human Rights Watch។ ​អង្គការ​សិទ្ធិ​មនុស្ស​ចាត់​ទុក​សកម្មភាព​នេះ​ថា ​ជា​ការ​ប៉ុនប៉ង​ ដើម្បី​បង្ក្រាប​មតិ​ប្រឆាំង ​ដែល​រិះគន់​ការ​ដោះ​ស្រាយ​របស់​រដ្ឋាភិបាល​លើ​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩​ និង​ផល​ប៉ះ​ពាល់​លើ​សេដ្ឋ​កិច្ច។​

លោក ​ជិន ម៉ាលីន​ អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌​ មាន​ប្រសាសន៍​ថា​ ​អ្នក​រិះគន់​មក​លើ​ប្រព័ន្ធ​យុត្តិធម៌​កម្ពុជា​ ទំនង​ជា​មាន​និន្នាការ​នយោបាយ​ ហើយ​បាន​បំពេញ​ការងារ​ដោយ​ផ្អែក​លើ​ស្តង់ដារ​ពីរ។​

«ពួក​គាត់​តែង​តែ​ធ្វើ​ការ​រិះគន់តុលាការ​កម្ពុជា​ថា​ មិន​ឯករាជ្យ​ ក៏ប៉ុន្តែ​ទន្ទឹម​នឹង​ហ្នឹង​ នៅ​ពេល​ដែល​យើង​អនុវត្ត​ច្បាប់​ ទៅ​លើ​ក្រុម​គូកន​បក្ខពួក​របស់​គាត់​ដែល​បំពាន​ច្បាប់​ហ្នឹង​ ហើយ​ដំណើរ​នីតិវធី​តាម​ផ្លូវ​តុលាការ ​ពួក​គាត់​បែរ​ជា​ធ្វើការ​រិះគន់​ ដាក់​សម្ពាធ​ និង​សុំ​ឲ្យ​រដ្ឋាភិបាល​លូក​លាន់​ចូល​កិច្ច​ការ​តុលាការ​ដែល​ជា​ស្ថាប័ន​ឯក​រាជ្យ​ទៅ​វិញ​ ដើម្បី​ធ្វើការ​ដោះលែង​ក្រុម​ ឬ​ក៏​គ្នីគ្នា​របស់​គាត់​ហ្នឹង។ ​អ៊ីចឹង​អា​នេះ​ គឺ​ថា​ វា​បង្ហាញ​ឲ្យ​ឃើញ​ច្បាស់​ថា​ ការ​អនុវត្ត​តួនាទី​ភារកិច្ច​របស់​គាត់​មាន​ស្តង់ដារ​ពីរ»។ ​

អ្នក​នាំពាក្យ​គណបក្ស​កាន់​អំណាច​ គឺ​លោក ​សុខ ឥសាន​ អះអាង​ថា​ កម្ពុជា​គ្មាន​ការ​គាប​សង្កត់​សិទ្ធិ​សេរី​ភាព​ពលរដ្ឋ​ទេ​ ហើយ​ប្រជា​ពលរដ្ឋ​ខ្មែរ​ប្រមាណ​១៦​លាន​នាក់ ​កំពុង​រស់​នៅ​ក្រោម​ដំបូល​សន្តិភាព​ ក្រោយ​ការ​ចុះ​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស។​ លោក​បន្ត​ថា ​រដ្ឋាភិបាល​កម្ពុជា​ បាន​អនុវត្ត​វិធានការ​ច្បាប់ ​ដើម្បី​ទប់​ស្កាត់​រាល់​«សកម្មភាព​អមិត្ត»​ទាំង​ឡាយ​ណា​ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ស្មារតី​នៃ​កិច្ច​ព្រមព្រៀង​នេះ។​

«បើ​សិន​ណា​ជា​ប្រទេស​ហ្នឹង​ មាន​ការ​គាប​សង្កត់​ មាន​ការ​រឹតត្បិត​ សិទ្ធិ​សេរីភាព​ ក៏ដូច​ជា​មាន​ការ​រំលោភ​សិទ្ធិ​មនុស្ស​ គឺ​មិន​មែន​ប្រជា​ពលរដ្ឋ​លោក​សប្បាយ​រីករាយ​នៅ​ក្នុង​ការ​ធ្វើ​ទេស​ចរណ៍​នៅ​ក្នុង​ប្រទេស​ ក្រៅ​ប្រទេស​ទេ»។​

នៅ​ដើម​ឆ្នាំ​២០២០​នេះ​ សហគមន៍​អឺរ៉ុប​ បាន​សម្រេច​ដក​ឋានៈ​អនុគ្រោះ​ពន្ធ​មួយ​ផ្នែក​ស្មើ​នឹង​២០​ភាគ​រយ​នៅ​ក្រោម​កម្មវិធី​អនុគ្រោះ​ពន្ធ​លើ​ «គ្រប់​មុខ​ទំនិញ​លើក​លែង​សព្វាវុធ» ​ហៅ​កាត់​ថា ​EBA ​ដោយសារ​ការ​រំលោភ​សិទ្ធិ​មនុស្ស​ និង​ការ​ហាមឃាត់​គណបក្ស​ប្រឆាំង​ដ៏​សំខាន់​មិន​ឱ្យ​ប្រកួត​ប្រជែង​ក្នុង​ការ​បោះឆ្នោត​នៅ​ក្នុង​ឆ្នាំ​២០១៨​ ក្នុង​ពេល​មាន​ការ​បង្ក្រាប​លើ​អ្នក​ប្រឆាំង​ និង​សារ​ព័ត៌មាន​ឯករាជ្យ។

លោក​បណ្ឌិត ​ឡៅ ម៉ុងហៃ​ មាន​ប្រសាសន៍​ថា ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ ជា​កិច្ច​សន្យា​របស់​អន្តរជាតិ​ និង​កម្ពុជា​ ដែល​ធានា​អធិបតេយ្យ​ភាព​ ឯករាជ្យ​បូរណភាព​ និង​ភាព​មិន​អាច​រំលោភ​បាន​នៃ​ដែនដី​ ក៏​ដូច​ជា​ធានា​អព្យាក្រឹត​ភាព ​និង​ឯកភាព​ជាតិ​កម្ពុជា​ និង​សិទ្ធិ​សេរីភាព​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ។​

ទោះ​យ៉ាង​ណា ​លោក​កត់​សម្គាល់​ថា​ កម្ពុជា​ ដោយ​សារ​តែ​ការ​ងាកទៅ​រក​ប្រទេស​ចិន​ កាន់​តែខ្លាំង​ឡើង​នោះ​ បាន​ធ្វើ​ឲ្យ​គោល​ការណ៍​អព្យាក្រឹត​ភាព​របស់​ខ្លួន​ស្ថិត​ក្នុង​ភាព​មន្ទិល។ ​លោក​អះអាង​ថា​ កម្ពុជា​ក៏​កំពុង​ក្លាយ​ជា​ទី​តាំង​ភូមិ​សាស្ត្រ​នយោបាយ​ ដែល​សហ​រដ្ឋ​អាមេរិក​ និង​ចិន​ កំពុង​ខ្វែង​គំនិត​គ្នា​ទៅ​លើ​ការ​សង្ស័យ​ថា​ កម្ពុជា​អនុញ្ញាត​ឲ្យ​ប្រទេស​ចិន​ប្រើប្រាស់​ដែន​សមុទ្រ​រាម​ក្នុង​ខេត្ត​ព្រះ​សីហនុ​ និង​តំបន់​ឧទ្យាន​ជាតិ​មួយ​ក្នុង​ខេត្ត​កោះកុង​ជា​គោល​ដៅ​យោធា​នៅ​ពេល​អនាគត។ ​ ប៉ុន្តែ​កម្ពុជា​បាន​បដិសេធ​ការ​ចោទ​ប្រកាន់​នេះ។​

«យើង​ឥឡូវ​នេះ​ រង​សម្ពាធ​ពី​មហា​អំណាច​បាទ​…​ហើយ​មហាអំណាច​ទាំង​ពីរ​ហ្នឹង ​គឺ​វា​ឈ្លោះ​គ្នា​ ដូច្នេះ​យើង​វា​ពាក់​ព័ន្ធ​ក្នុង​ជម្លោះ​ដែរ​ រវាង​អំណាច​ទាំង​ពីរ​នេះ​ហើយ។ ​ដូច​កាលមុន​ដែរ​ គឺ​យើង​មាន​ជាប់​ពាក់​ព័ន្ធ​នឹង​ជម្លោះសង្គ្រាម​នៅ​វៀតណាម​ ដោយ​សារ​យើង​ជួយ​ខាង​វៀតណាម​ ហើយ​ក៏ជួយ​ខាង​ពួក​ ពួក​កុម្មុយនីស្ត​ហ្នឹង​ដែរ​ ប្រឆាំង​នឹង​អាមេរិក​បាទ​…​រួច​សព្វ​ថ្ងៃ​នេះ​ គឺ​ស្ថានភាព​ហ្នឹង​ក៏ដូច​គ្នា​ដែរ​ ស្ថានភាព​អន្តរជាតិ​ហ្នឹង»។​

លោក​ សុខ ឥសាន​ អ្នក​នាំពាក្យ​គណបក្ស​កាន់​អំណាច​ និង​ជា​សមាជិក​ព្រឹទ្ធ​សភា​មួយ​រូប​ថ្លែង​ការពារ​ថា​ ការ​ប្រកួត​ប្រជែង​មនោគម​វិជ្ជា​របស់​មហា​អំណាច​គិត​ចាប់​តាំង​ពី​សម័យ​សង្គ្រាម​ត្រជាក់​មក​នោះ​ ជា​រឿង​របស់​មហា​អំណាច​ ប៉ុន្តែ​កម្ពុជា​នៅ​តែ​បន្ត​រក្សា​គោល​នយោបាយ​ការ​បរទេស​មិន​លម្អៀង​របស់​ខ្លួន​ដដែល។​

«គ្មាន​ពាក់ព័ន្ធ​អី​ជា​មួយ​កម្ពុជា​ទេ​ ហើយ​ការ​ចោទ​ថា​ កម្ពុជា​មាន​ដាក់​ទ័ព​ចិន​ កម្ពុជា​មាន​ យក​ប្រជាជន​ចិន​មក​នៅ​អី​គ្រប់​គ្រង​ទូទាំង​ប្រទេស។​ ខ្ញុំ​ថា​ បើ​ចិន​មក​នៅ​វាទ​…​ពីមុន​មក​ចោទ​ថា ​វៀតណាម​មក​នៅ​ពេញ​ដី​ខ្មែរ។​ បើពេញ​ដីខ្មែរខ្មែរ​១៦​លាន​នាក់​ទៅ​នៅ​ឯណា? ​ឥឡូវ​ ឥឡូវ​លែង​និយាយ​ពីវៀតណាម​ហើយ​និយាយ​ពីរឿង​ចិន​ម្តង»។​

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ក្នុង​ប្រទេស​កម្ពុជា​ បាន​ជូន​ដំណឹង​សាលា​រាជធានី​ភ្នំពេញ​ថា​ការ​ប្រារព្ធ​ខួប​២៩​ឆ្នាំ​ នៃ​ការ​ចុះ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ នឹង​ធ្វើ​ឡើង​នៅ​ទីលាន​ប្រជា​ធិបតេយ្យ​ ខណ្ឌ​ឫស្សី​កែវ​ ដោយ​មាន​អ្នក​ចូល​រួម​ជាង​១​ពាន់​នាក់​ ដែល​ជា​សមាជិក​នៃ​អង្គការ​ក្រៅ​រដ្ឋាភិបាល ​សមាគម​និង​សហជីព​នានា។​

រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ជំទាស់​មិន​ឲ្យ​មាន​ការ​រៀប​ចំ​ពិធី​ទ្រង់ទ្រាយ​ធំ​ ដោយ​តម្រូវ​ឲ្យ​មាន​អ្នក​ចូល​រួម​តែ​១២០​នាក់​ប៉ុណ្ណោះ។ ​

ស្រប​ពេល​ជា​មួយ​គ្នា​នេះ លោក ​សម រង្ស៊ី ​មេ​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​រំលាយ​ចោល ​ បាន​ប្រកាស​នៅលើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ថា​ នៅ​ថ្ងៃ​ទី​២៣​ ខែ​តុលា​នេះ​ «ជន​ជាតិ​ខ្មែរ​ទូទាំង​ពិភពលោក​នឹង​រៀប​ចំ​ធ្វើ​បាតុ​កម្ម​ប្រឆាំង​វត្តមាន​យោធា​ចិន​លើ​ទឹក​ដី​ប្រទេស​កម្ពុជា»។​

ប៉ុន្តែ​ក្នុង​ពិធី​ចែក​អំណោយ​ដល់​ប្រជា​ពលរដ្ឋ​ដែល​រង​គ្រោះដោយ​ទឹក​ជំនន់​នៅក្នុង​ស្រុក​មង្គលបុរី ​ខេត្ត​បន្ទាយ​មានជ័យ​ កាលពី​ថ្ងៃ​ពុធ​នេះ​ លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន​ សែន​ បាន​ព្រមាន​មិន​ឲ្យ​មាន​ការ​ធ្វើ​បាតុកម្ម​នៅ​មុខ​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា​ទេ​ នៅ​ពេល​ប្រទេស​កំពុង​ជួប​វិបត្តិ​គ្រោះ​ធម្មជាតិ​ទឹក​ជំនន់ ​និង​ជំងឺ​កូវីដ១៩ ​ ដោយ​លោក​ថា​ លោក​ទទួល​ព័ត៌មាន​ថា​ មាន​ការ​ប្រមូល​មនុស្ស​តាម​បណ្តា​ខេត្ត​មក​តវ៉ា។​

លោក​មាន​ប្រសាសន៍​ថា៖​ «វា​ជិត​ដល់​ថ្ងៃ​២៣ ​ខែ​តុលា​គេ​ចង់​ធ្វើ​បាតុកម្ម។ ​ខ្ញុំ​សុំ​ផ្តាំ​អ្នក​ដែល​ធ្វើ​បាតុកម្ម​ ចង់​មក​ធ្វើ​បាតុកម្ម​ នៅ​មុខ​ស្ថានទូត​ចិន​ នៅ​ទីក្រុង​ភ្នំពេញ។​ ប្រយ័ត្ន​ប្រយែង​ គេ​កំពុង​តែ​ទឹក​លិច​ណ៎ា កុំមក​រញ៉េរញ៉ៃ​វើយ​ ប្រាប់​ឲ្យ​ហើយ​ និយាយ​គ្នា​ស្តាប់​ឲ្យ​បាន!»

កិច្ច​ព្រមព្រៀង​សន្តិភាព​ដែល​បាន​ធ្វើ​ឡើង​កាល​ពី​២៩​ឆ្នាំ​មុន​ មាន​ប្រទេស​ចំនួន​១៨​ ជា​ហត្ថលេខី​ ក្នុង​នោះ​មាន​ប្រទេស​បារាំង សហ​រដ្ឋ​អាមេរិក​ អូស្ត្រាលី ​និង​ប្រទេស​ក្នុង​តំបន់​អាស៊ី ​ដូចជា​ថៃ​ ឥណ្ឌូណេស៊ី​ជាដើម។ ​ប្រទេស​កម្ពុជា​ តាម​កិច្ច​ព្រមព្រៀង​នេះ​ ផ្ដល់​ការ​សន្យា​ថា​ នឹង​បើក​ទូលាយ​ឲ្យ​មាន​សេរីភាព​ខាង​នយោបាយ​ ការ​បោះឆ្នោត​ដោយ​សេរី​ និង​ការ​គោរព​សិទ្ធិ​មនុស្ស៕

What Next?

Recent Articles

One Response to "អ្នកតាមដាន៖ ២៩ឆ្នាំ​ក្រោយ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស កម្ពុជា​ប្រឈម​ការប្រេះឆា​នយោបាយ និង​ការរំលោភ​សិទ្ធិ​មនុស្ស"

  1. Anonymous says:

    I knew policy of neighboring country that got in one of Cambodian evil man. how can the uneducated animal like HUN SEN can do all this kind of retaliation in this poor nation ?? please serge this evil killer’s history >> this man name HUN NAL he was a pagoda kid because his parent can not afford to feet him after he left the temple since he was so young he when to MARKI forest that mean to joint military to fight for the king . I knew a person that was his friend that gone along whit him that time at that time they was in the forest around CRATEI province . HUN NAL become a small group leader because he is so brave in fighting this guy gone up so fast to the higher position . this evil man have been rain as a fighter and a politician by former Vietcong politician and he been pushing his way up to be a military commander . in POL POT regime I knew this evil murder a lot of Khmer Esslam people and many Cambodian after 1975 this evil got back and between border Cambodia and Vietnam by secret whit a few Khmer Rue leader who trying to break away from POL POT. in 1979 this group broth Vietcong cam invaded Cambodia . after they invaded I wonder if Vietcong will not go back they will took over Cambodia . but YES they are they did not want to go until PARIS peace agreement . WELL at leas Cambodia still get up because we still have the king at that time but the king is gone the new king can not do any thing to make that evil man change his mind from Vietcong policy . in the future we are still watching what can be wrong either witch communist will take over >>communist Vietcong or communist China . if Cambodian rising up take this nation to Democracy we know Cambodia will be in world community for century to come