លោក ហ៊ុន សែន ព្រមាន​ចាត់​វិធានការ​លើ​អ្នក​ហែ​ញត្តិ​ប្រារព្ធ​ទិវា​រំលឹក​ខួប​ថ្ងៃ​ទី២៣ តុលា

ដោយ ទីន ហ្សាការីយ៉ា
2020-10-21
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោកនាយរដ្ឋមន្ត្រី ហ៊ុន សែន ពេល​ចុះ​ទៅ​មើល​ស្ថានភាព​ទឹកជំនន់​នៅ​ខេត្ត​បន្ទាយមានជ័យ នៅ​ថ្ងៃ​ទី២១ ខែតុលា ឆ្នាំ២០២០។

លោកនាយរដ្ឋមន្ត្រី ហ៊ុន សែន ពេល​ចុះ​ទៅ​មើល​ស្ថានភាព​ទឹកជំនន់​នៅ​ខេត្ត​បន្ទាយមានជ័យ នៅ​ថ្ងៃ​ទី២១ ខែតុលា ឆ្នាំ២០២០។

 រូប៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ


លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមាន​ចាត់​វិធាន​លើ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ និង​ប្រជាពលរដ្ឋ​ទាំង​ឡាយ​ណា​ ដែល​​គ្រោង​ហែ​ញត្តិ​​ក្នុង​ពេល​ប្រារព្ធ​ទិវា​រំលឹក​ខួប ២៩ឆ្នាំ​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​នៅ​ថ្ងៃ​ទី​២៣​តុលា​ខាង​មុខ។ ​មន្ត្រី​គណបក្ស​ប្រឆាំង​ចាត់​ទុក​ការ​លើក​ឡើង​របស់​លោក​ហ៊ុន សែន​ ​នេះ​ថា​ ជា​ការ​ចង់​លុបបំបាត់​កិច្ច​ព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស​ដើម្បី​​​​ងាយ​ស្រួល​​​​លោក​គ្រប់គ្រង​ប្រទេស​បាន​យូរអង្វែង​ទៅ​មុខ។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​នៅ​ចំពោះ​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹក​ជំនន់​រាប់​ពាន់​នាក់​នៅ​​ស្រុក​មង្គល​បុរី​ ខេត្ត​បន្ទាយមានជ័យ​ នៅ​ព្រឹក​ថ្ងៃ​ទី២១ តុលា​ថា ក្រុម​អង្គការ​សង្គម​ស៊ីវិល​ និង​ប្រជាពលរដ្ឋ​ទាំង​ឡាយ​ដែល​គ្រោង​ប្រារព្ធ​ទិវា​រំលឹក​ខួប​ថ្ងៃ​កិច្ច​ព្រមព្រៀង​ទីក្រុង​​ប៉ារីស២៣ តុលា ​​នៅ​រាជធានី​​ភ្នំពេញ​ គឺ​ជា​​ក្រុម​បំផ្លាញ​សេចក្ដី​សុខ​របស់​ពលរដ្ឋ​។ ​លោក​ ហ៊ុន សែន បាន​ចោទ​ប្រកាន់​​ថា ​ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​កំពុង​ភៀស​ខ្លួន​នយោបាយ​នៅ​ក្រៅ​ប្រទេស ជា​អ្នក​នៅ​ពីក្រោយ​ខ្នង​​រឿង​នេះ​​ ហើយ​លោក​ព្រមាន​ចាត់វិធានការ​លើ​ក្រុម​អ្នក​ចូល​រួម ប្រសិន​បើ​ពួក​គេ​ដើរ​ហែ​ញត្តិ​​​ទៅ​ស្ថានទូត​ចិន​​ប្រចាំ​នៅ​រាជធានី​ភ្នំពេញ​ក្នុង​ពេល​ប្រារព្ធ​ពិធី​នេះ៖ «អា​ហ្នឹង​ណែនាំ​ពី​ក្រៅ​ប្រទេស​មក​ពី​ក្រៅ​ប្រទេស​មក អីចឹង​ខ្ញុំ​គ្រាន់​តែ​ផ្ដាំផ្ញើ កំពុង​តែ​ទឹក​ជំនន់​ផង​ណា ​កុំ​មក​រញ៉េរញ៉ៃ​ កំពុង​ទឹក​ជំនន់​ផង​ កូវីដ​ផង​ កុំ​មក​រញ៉េរញ៉ៃ​។ ហើយ​កុំ​ទៅ​លើក​ម្រាមដៃ​៣​អី​ចូល​រួម​ជា​មួយ​ថៃ​ ឃើញ​ថៃ​គេ​ដាក់​មក​វិញ​ថា កុំ​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃ​ក្នុង​របស់​ថៃ។​អី​ចង់​​សាមគ្គីភាព​ជា​មួយ​ហ្នឹង​​ការ​តស៊ូ​របស់​ប្រជាជន​ថៃ​ រឿង​ថៃ​រឿង​របស់​ថៃ​ ខ្មែរ​រឿង​របស់​ខ្មែរ»

ទោះ​ជា​មាន​ការ​ព្រមាន​ពី​លោក ហ៊ុន សែន និង​ការ​មិន​អនុញ្ញាត​ពី​សាលា​រាជធានី​ភ្នំពេញ​ក៏​ដោយ ក៏​ក្រុម​អង្គការ​ សមាគម និង​សហជីព​ចំនួន ២៣ស្ថាប័ន​នៅ​តែ​រក្សា​ជំហរ​ជួបជុំគ្នា​នៅ​ទីលាន​ប្រជាធិបតេយ្យ​ថ្មី​ក្នុង​ខណ្ឌ​ឫស្សីកែវ ដើម្បី​រំលឹក​ខួប ២៩ឆ្នាំ​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស នៅ​ថ្ងៃ​ទី២៣ ខែ​តុលា ​ខាងមុខ​ ដោយ​គ្រោង​មាន​អ្នកចូលរួម​ប្រមាណ ​១ពាន់នាក់ដដែល។​

មន្ត្រី​ជាន់ខ្ពស់​ទទួល​បន្ទុក​ផ្នែក​អង្កេត​​​អង្គការ​ខុមហ្វ្រែល និង​ជា​អ្នកនាំពាក្យ​គណៈកម្មការ​រៀប​ចំ​ប្រារព្ធ​ខួប​កិច្ច​ព្រមព្រៀង​សន្តិភាព​ទី​ក្រុង​ប៉ារីស លោក កង សាវាង្ស មាន​ប្រសាសន៍​​ថា ​ការ​រៀបចំ​កម្មវិធី​​​មិន​ស្ថិត​នៅ​ក្រោម​ការ​ចង្អុល​បង្ហាញ​ពី​គណបក្ស​នយោបាយ​ណា​មួយ​នោះ​ឡើយ​។​​លោក​បន្ថែម​ថា ក្រុម​អង្គការ​សង្គម​ស៊ីវិល ​នៅតែ​រក្សា​ជំហរ​ប្រារព្ធ​ខួប​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​តាម​រៀប​វារៈ​និង​សេចក្ដី​ជូនដំណឹង​របស់​ខ្លួន​នៅ​ទី​លាន​ប្រជាធិបតេយ្យ​នៅ​ថ្ងៃ​ទី២៣​ ខែតុលា​ដដែល៖ «ពីព្រោះ​ថា​ការងារ​យើង​ហ្នឹង​យើង​បាន​រៀបចំ​ហើយ​ ហើយ​ជា​រៀង​រាល់​ឆ្នាំ​យើង​តែង​តែ​ប្រារព្ធ​ពិធី​ថ្ងៃ ២៣ តុលា ហ្នឹង ហើយ​ទិវា​នេះ​គឺ​ជា​ទិវា​​មួយ​ដែល​យើង​ត្រូវ​តែ​ធ្វើ​ដោយសារ​តែ​ បំណង​ដែល​យើង​ធ្វើ​គឺ​ទី​មួយ​ដើម្បី​ឱ្យ​គាត់​នឹក​ឃើញ​ហើយ​ដាក់​ថ្ងៃ​ហ្នឹង​​ទៅ​ជា​ថ្ងៃ​មួយ​ទៅ​ ជា​ថ្ងៃ​ឈប់​សម្រាក​ដូច​រាល់​ដង​អីចឹង​។ព្រោះ​យើង​ដឹង​ហើយ​ក្នុង​ឆ្នាំ​ហ្នឹង​រដ្ឋាភិបាល​បាន​សម្រេច​ដក​នៅ​ក្នុង​កម្មវិធី​ហ្នឹង​។​ទី​២​យើង​ហ្នឹង​ជជែក​នៅ​ក្នុង​ពិធី​នេះ​ ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​លោក​បាន​យល់​បាន​ជ្រាប​ អំពី​ថ្ងៃ​ទី​២៣​ហ្នឹង»

តាម​គម្រោង ​អ្នកវិភាគ​និង​អ្នក​សិក្សា​ស្រាវ​ជ្រាវ​ឯករាជ្យ​ ព្រមទាំង​មន្ត្រី​សង្គម​ស៊ីវិល ​នឹង​ថ្លែង​សារ​រម្លឹក​ឡើង​វិញ​អំពី​ប្រវត្តិ និង​ខ្លឹមសារ​កិច្ច​ព្រមព្រៀង​នេះ ព្រម​ទាំង​ការ​អនុវត្ត​របស់​រដ្ឋាភិបាល​នា​ពេល​កន្លង​មក ការ​បង្ហាញ​ចំណាប់​អារម្មណ៍​របស់​តំណាង​កម្មករ ​កសិករ ​និង​យុវជន​ម្នាក់​ម្តងៗ។ បន្ទាប់​មក ក្រុម​សង្គម​ស៊ីវិល​នឹង​ធ្វើ​​សន្និសីទកាសែត​ រួច​ដង្ហែ​ញត្តិ​ដាក់​ជូន​រដ្ឋាភិបាល។

ប្រពន្ធ​​សមាជិក​ក្រុម​ប្រឹក្សា​ខេត្ត​ជាប់​ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ​ លោក ស៊ុន ធន់ គឺ​លោក​ស្រី​ សេង ចាន់​ថន​ ថ្លែង​ថា​ ​បើ​ទោះ​បី​ជា​មាន​ការ​គំរាមកំហែង​ពី​លោក​ហ៊ុន​ សែន​បែប​នេះ​ក្ដី​ ក៏​ពួក​លោក​ស្រី​​​ដែល​ជា​ក្រុម​ស្ត្រី​​​ប្រពន្ធ​​របស់​សកម្មជន​គណបក្ស​ប្រឆាំង​​ដែល​កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ព្រៃ​ស​ នៅ​តែ​ប្រកាន់​ជំហរ​​ចូល​រួម​​​​រំលឹក​ខួប​ថ្ងៃ​ទី​២៣​តុលា​ ដោយ​មិន​មាន​ការ​រាថយ​ឡើយ៖ «គាត់​ចង់​រក្សា​អំណាច​របស់​គាត់​ ហើយ​គាត់​មិន​គិត​ពី​សិទ្ធិ​សេរីភាព​ ពី​ការ​ចុះ​សន្ធិសញ្ញា​២៣​តុលា ដើម្បី​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ​ផង​ហ្នឹង គាត់​ចង់​បំបាត់​ចោល​ហើយ​ក៏​យ៉ាង​ម៉េច​។​ព្រោះ​អី​ប្រទេស​ខ្មែរ​មាន​សន្ធិសញ្ញា​​ក្រុង​ប៉ារីស​២៣​តុលា​ អីចឹង​យើង​​ត្រូវ​តែ​ឱ្យ​គាត់​គោរព​ថ្ងៃ​២៣​តុលា​ហ្នឹង​ ដើម្បី​ឱ្យ​មាន​ប្រជាធិបតេយ្យ​ត្រឡប់​មក​វិញ​ កុំ​ឱ្យ​គាត់​បោះ​បង់​ចោល​ សំខាន់​ណាស់​ថ្ងៃ​២៣​តុលា​ហ្នឹង»

​ចំណែក​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​ភៀស​ខ្លួន​នយោបាយ​នៅ​ក្រៅ​ប្រទេស​ លោក អេង ឆៃអ៊ាង ថ្លែង​ថា លោក ហ៊ុន សែន មិន​ចូល​ចិត្ត​កិច្ច​ព្រមព្រៀង​ក្រុង​ប៉ារីស​ទេ ព្រោះ​កិច្ច​ព្រម​ព្រៀង​នេះ​បាន​ធ្វើ​ឱ្យ​គាត់​បាត់​បង់​អំណាច​មួយ​រយៈ​ក្នុង​ការ​បោះ​ឆ្នោត​ឆ្នាំ១៩៩៣។ លោក​បន្ត​ថា លោក ​ហ៊ុន​ សែន​​ មិន​ចង់​ឱ្យ​មាន​ការ​ប្រមូល​ផ្ដុំ ដោយសារ​លោក​ភ័យ​ខ្លាច​ប្រជាពលរដ្ឋ​​ងើប​បះបោរ​​ប្រឆាំង​នឹង​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​ដូច​​​ពលរដ្ឋ​ថៃ​នាំ​គ្នា​​​តវ៉ា​​ប្រឆាំង​​នឹង​រដ្ឋាភិបាល​​ទីក្រុង​បាងកក​សព្វ​ថ្ងៃ៖ «ជា​ធម្មជាតិ​របស់​ជន​ផ្ដាច់​ការ​គឺ​ភ័យ​ខ្លាច​ហ្នឹង​អ្នក​ណា​​ដែល​គេ​បញ្ចេញ​មតិ​ផ្ទុយ​ពី​ខ្លួន​ហើយ​អ្នក​ហ្នឹង​ចោទ​ប្រកាន់​គេ​ហ្នឹង​ជា​ខ្មាំង​ជា​អមនុស្ស។ ប៉ុន្តែ​វា​មិន​អាច​និយាយ​រួមដៃ​មនុស្ស​មិន​អាច​ច្របាច់​ម្សៅ​ឱ្យ​ជាប់​បាន​ទេ ព្រោះ​ម្សៅ​កាល​ណា​ច្របាច់​ខ្លាំង​ត្រូវ​ចេញ​តាម​ច្រវ៉េះ ដៃ​ហើយ។ អីចឹង​ទោះ​បី​ហ៊ុន សែន​ គំរាមកំហែង​ប៉ុណ្ណា​ក៏​ដោយ​ ដល់​ពេល​វេលា​មួយ​គេ​មិន​ខ្លាច​ដែរ​ យើង​មើល​ឃើញ​ទិដ្ឋភាព​ជាក់​ស្ដែង​ទៅ​យើង​ដឹង​ហើយ​យុវជន​ថៃ​មាន​តែ​ខ្លាច​ការ​ចាប់​ចង​អី​ អ្នក​ឯង​ចាប់​កាន់​តែ​ខ្លាំង​ការ​ចេញ​កាន់​តែ​ខ្លាំង​ទៀត​ហ្នឹង​។​នៅ​ប្រទេស​កម្ពុជា​ក៏​ដូច​គ្នា​ដែរ​ ដល់​ពេល​វេលា​មួយ​វា​ហ្នឹង​ឈាន​ទៅ​ដូច​គ្នា​ហ្នឹង​ដែរ»

កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស ២៣តុលា ១៩៩១ គឺ​កិច្ច​ព្រមព្រៀង​បញ្ចប់​ជម្លោះ​រវាង​ខ្មែរ​នឹង​ខ្មែរ​គ្នា​ឯង​ហើយ​ធានា​យ៉ាង​ពេញលេញ​នូវ​អធិបតេយ្យ បូរណភាព ឯករាជ្យ​ភាព​ អព្យាក្រឹតភាព​ និង​ឯកភាព​ជាតិ​របស់​កម្ពុជា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

4 Responses to "លោក ហ៊ុន សែន ព្រមាន​ចាត់​វិធានការ​លើ​អ្នក​ហែ​ញត្តិ​ប្រារព្ធ​ទិវា​រំលឹក​ខួប​ថ្ងៃ​ទី២៣ តុលា"

  1. so socheath says:

    ម្តងនេះ ឃើញតែអា កង សាវាង្ស បាត់មុខអា សឹងសែន ករុណា !
    អញចាំមើលអ្ហែង ដែលអួតក្អេងក្អាង អារឿងធ្វើសកម្មភាព
    បំផ្លាញ​សេចក្ដី​សុខ​របស់​ពលរដ្ឋ ហ្នឹង បន្តិចមើល
    ថាតើក្បាលអ្ហែង វារឹង ប៉ុណ្ណា !

  2. Anonymous says:

    we Cambodian should know what is this man did to our country. every thing is destroy after he get in powers up to this day not even that right now he and his whole families became billionaire and also his gangster group is also millionaire how about our poor Cambodian every one is in tear no place to live food to eat . this evil HUN SEN did not care about an agreement in PARIS that Cambodia should be a peaceful nation right now instate every nation around the world are so upset about this evil regime . HUN SEN must go no matter what?? this evil killer can not stay that long . please do not keep his remain in this sad land we do not want any peace of this evil killer in Cambodia. OH one thing please take that few watch put in action to buy rice for the flood victim

  3. Anonymous says:

    This beast regime will go to hell soon because all people never like all this ha noi dogs’

  4. Anonymous says:

    this man is 100% evil I can not believe he talking about his enemy witch is also Khmer while our people meet all kind of problem of flooding in their village . I do not understanding why this evil is so un humanly in every way as human being . I quest he must have bee born to be an evil till the end of his life . OH …GOD take this evil away as soon as you can so that Cambodian people can living in peace . this evil has no peace in mind in every minute he always thinking of killing that all . please read my comment to cold down your angers