គណៈរដ្ឋមន្ត្រី​លោក ហ៊ុន សែន អនុម័ត​គម្រោង​ចំណាយ​ថវិកា​ជាតិ​សម្រាប់​ឆ្នាំ២០២១ ក្នុង​រង្វង់​ទឹកប្រាក់​ជាង ៧,៥ពាន់លាន​ដុល្លារ

ដោយ មាន ឫទ្ធិ
2020-10-24
RFA

កិច្ចប្រជុំ​ដំបូង​នៃ​គណៈរដ្ឋមន្ត្រី អាណត្តិ​ទី៦ ដែល​ដឹកនាំ​ដោយ​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី៧ ខែ​កញ្ញា ឆ្នាំ២០១៨។

កិច្ចប្រជុំ​ដំបូង​នៃ​គណៈរដ្ឋមន្ត្រី អាណត្តិ​ទី៦ ដែល​ដឹកនាំ​ដោយ​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី៧ ខែ​កញ្ញា ឆ្នាំ២០១៨។

 រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន


គណៈរដ្ឋមន្ត្រី​លោក ហ៊ុន សែន បាន​អនុម័ត​គម្រោង​ចំណាយ​ថវិកា​ជាតិ​សម្រាប់​ឆ្នាំ២០២១ ក្នុងរង្វង់​ទឹក​ប្រាក់​ប្រមាណ​ជាង ៧,៥ពាន់លាន​ដុល្លារ។ ការ​អនុម័ត​គម្រោង​ចំណាយ​នេះ នឹង​ត្រូវ​ដាក់​ឲ្យ​រដ្ឋសភា​ពិនិត្យ​អនុម័ត​បន្ត មុន​នឹង​រដ្ឋ​អាច​ចំណាយ​ថវិកា​ទាំង​នេះ​បាន​ជា​ផ្លូវការ​សម្រាប់​ឆ្នាំ២០២១​ខាង​មុខ។ អ្នក​នាំ​ពាក្យ​ក្រសួង​សេដ្ឋកិច្ច បញ្ជាក់​ប្រាប់​អាស៊ី​សេរី​ថា នឹង​មិន​មាន​ការ​កាត់​បន្ថយ​ថវិកា​ជាតិ​រហូត​ដល់ ៥០% ធៀប​នឹង​ឆ្នាំ២០២០ នោះ​ទេ។

ផ្អែក​តាម​គម្រោង​ចំណាយ​ថវិកា​ជាតិ ដែល​គណៈរដ្ឋមន្ត្រី​លោក ហ៊ុន សែន ទើប​នឹង​អនុម័ត​កាលពី​ថ្ងៃ​ទី២៣ តុលា សម្រាប់​ឆ្នាំ២០២១ ខាងមុខ រដ្ឋ​គ្រោង​ចំណាយ​ថវិកា​ថ្នាក់​ជាតិ​ប្រមាណ ៧,៥ពាន់​លាន​ដុល្លារ ពោល​គឺ​ថយ​ចុះ​តែ ១,៩% បើ​ធៀប​នឹង​ឆ្នាំ២០២០ នេះ។ រីឯ​នៅ​ថ្នាក់​ក្រោម​ជាតិ​វិញ រដ្ឋ​គ្រោង​ចំណាយ​ប្រមាណ​ជិត ៦៥០​លាន​ដុល្លារ។

រដ្ឋាភិបាល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ហៅ​គម្រោង​ចំណាយ​ថវិកា​ជាតិ​ឆ្នាំ២០២១ ថា គឺ​ជា «ថវិកា​ប្រយុទ្ធ​ការពារ​អាយុជីវិត​ប្រជាជន»។ លើស​ពី​នេះ​ទៀត ការសម្រេច​គម្រោង​ចំណាយ​នេះ គឺ​ដើម្បី​រក្សា​លំនឹង​សង្គម-សេដ្ឋកិច្ច និង​ជីវភាព​របស់​ប្រជាជន ដើម្បី​ស្ដារ និង​ជំរុញ​កំណើន​សេដ្ឋកិច្ច​ឡើង​វិញ ក្រោយពេល​បិទ​បញ្ចប់​ទៅ​នៃ​វិបត្តិ​ជំងឺ​កូវីដ-១៩។

អ្នកនាំ​ពាក្យ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក មាស សុខសេនសាន្ត ពន្យល់​ប្រាប់​អាស៊ី​សេរី​តាម​បណ្ដាញ​សង្គម​តេឡេក្រាម ថា នឹង​ពុំ​មាន​ការកាត់បន្ថយ​ខ្ទង់​ចំណាយ​ថវិកាជាតិ រហូតដល់​ទៅ ៥០% ដូច​សេចក្ដីរាយការណ៍​នានា​កាលពី​ពេល​កន្លងទៅ​នោះ​ទេ ដែល​លោក​ថា អាច​ជា​ការ​ភ័ន្ត​ច្រំឡំ៖ «យើង​មិន​មាន​ការ​កាត់​រហូត​ដល់​ទៅ ៥០%​អី​នោះ​ទេ។ ៥០%​នោះ គឺ​ជា​វិចារណកម្ម​ទៅ​លើ​មុខ​ចំណាយ​មួយ​ចំនួន​ទេ ដែល​យើង​កាត់ ដូចជា​បេសកកម្ម ដូចជា​ចំណាយ​មិន​ចាំបាច់ ដូចជា​សម្ភារៈ​បរិក្ខារ​មួយ​ចំនួន ដែល​មិន​ចាំបាច់ យើង​អត់​បង្កើន​ការ​ចំណាយ​នោះ​ទេ»

លោក មាស សុខសេនសាន្ត បន្ត​ថា រដ្ឋ​នឹង​នៅតែ​បន្ត​ការ​ចំណាយ​លើ​មុខ​ចំណាយ​សំខាន់ៗ មួយ​ចំនួន​ក្នុង​វិស័យ​អាទិភាព ដែល​ជួយ​ដល់​កំណើន​សេដ្ឋកិច្ច៖ «វិស័យ​អាទិភាព​ដែល​យើង​បន្ត​គឺ​យើង​ធ្វើ​ដដែល។ អាទិភាព​ដែល​ជួយ​ដល់​កំណើន អាទិភាព​ដែល​ជួយ​ដល់​កម្លាំង​ពលកម្ម បង្កើត​ការងារ ជួយ​ដល់​ការ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​ គឺ​យើង​នៅតែ​រក្សា​ដដែល ហើយ​មានតែ​បង្កើន​ថែមទៀត​ទៅលើ​កន្លែងណា​ដែល​យើង​មើល​ទៅ​ឃើញ​មាន​ការ​ចាំបាច់។ ដូច្នេះ រឿង​កាត់​ ៥០មាន​ការ​ច្រលំ​ដោយសារ​តែ​វិចារណកម្ម​ទៅលើ​មុខសញ្ញា​ចំណាយ​មួយ​ចំនួន​ទេ។ សរុប​មក យើង​ឃើញ​ថា យើង​ថយ​ធៀប​នឹង​ឆ្នាំ២០២០ តែ​ប្រមាណ​ជា ១,តែ​ប៉ុណ្ណឹង​ទេ»

យ៉ាង​ណា នៅ​ក្នុង​សារាចរ​ណែនាំ​ស្ដីពី​ការ​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​ថវិកា​ឆ្នាំ២០២១ ដល់​ឆ្នាំ២០២៣ ចុះ​ហត្ថលេខា​ដោយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃទី០៩ ខែមិថុនា កន្លងទៅ ដោយសារ​តែ​ប្រឈម​នឹង​វិបត្តិ​នៃ​ជំងឺ​រាតត្បាត​សាកល​កូវីដ-១៩ រដ្ឋាភិបាល​គ្រោង​កាត់​បន្ថយ​ចំណាយ​ថវិកា​ជាតិ​សម្រាប់​ឆ្នាំ២០២១ ដល់​ឆ្នាំ២០២៣ មក​នៅ​ក្រោម ៤ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ។ ផ្អែក​តាម​គម្រោង​ចំណាយ​កាល​ពី​ពេល​នោះ គ្មាន​ឡើយ​ការ​គ្រោង​ដំឡើង​ប្រាក់ខែ​ជូន​មន្ត្រី​រាជការ និង​ការ​ជ្រើសរើស​មន្ត្រី​រាជការ​បន្ថែម​សម្រាប់​រយៈ​ពេល​ពី​ឆ្នាំ​២០២១ ដល់​ឆ្នាំ២០២៣ ខាង​មុខ​នេះ។ ផ្ទុយ​ទៅ​វិញ រដ្ឋាភិបាល​ថា ត្រូវ​រក្សា​កម្រិត​ប្រាក់ខែ​របស់​មន្ត្រី​រាជការ ឱ្យ​នៅ​ដដែល​ដូច​ក្នុង​ឆ្នាំ​២០២០។ រីឯ ការ​ជ្រើសរើស​មន្ត្រី​រាជការ​វិញ រដ្ឋាភិបាល​ដាក់​ចេញ​នូវ​លក្ខខណ្ឌ​តឹងរ៉ឹង​បំផុត ដែល​ថា អាច​ធ្វើ​ទៅ​បាន លុះត្រាតែ​ស្មើនឹង​ចំនួន​អ្នក​ចូល​និវត្ត​តាម​ក្រសួង​ស្ថាប័ន​នោះ​តែ​ប៉ុណ្ណោះ។

លោក មាស សុខសេនសាន្ត បដិសេធ​ផ្តល់​ព័ត៌មាន​លម្អិត​ពាក់ព័ន្ធ​នឹង​គម្រោង​ចំណាយ​តាម​វិស័យ​អាទិភាព​នានា ព្រម​ទាំង​គម្រោង​ចំណាយ​លើ​ប្រាក់​បៀវត្ស​មន្ត្រី​រាជការ ព្រោះ​លោក​ថា អាច​នឹង​មាន​ការ​ប្រែប្រួល​នៅ​ពេល​រដ្ឋសភា​លើក​យក​ទៅ​ពិចារណា និង​អនុម័ត​បន្ត។

នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា លោក ប៉ិច ពិសី ធ្លាប់​ព្រមាន​នៅ​មុន​ការ​សម្រេច​អនុម័ត​គម្រោង​ចំណាយ​ថវិកា​ជាតិ​ឆ្នាំ២០២១​របស់​គណៈរដ្ឋមន្ត្រី​នេះ​ថា ពលរដ្ឋ​នឹង​ប្រឈម​នឹង​ផល​ប៉ះពាល់​ខ្លាំង មិនមែន​តែ​ត្រឹម​ឆ្នាំ២០២០នេះទេ ដោយសារ​តែ​កម្ពុជា​ជួប​វិបត្តិ​ផ្ទួនៗ ដូច​ជា វិបត្តិ​ទឹក​ជំនន់ វិបត្តិ​ជំងឺកូវីដ១៩ វិបត្តិ​អឺរ៉ុប​ផ្ដាច់ EBA ២០% និង​វិបត្តិ​សហភាព​អឺរ៉ុប​ដាក់​ចំណាត់​ថ្នាក់​កម្ពុជា​ចូល​ក្នុង​បញ្ជី​នៃ​ក្រុម​ប្រទេស​លាង​លុយ​កខ្វក់។ លោក​ថា ផល​ប៉ះពាល់​ខ្លាំង​នេះ អាច​នឹង​បន្ត​កើត​មាន​រហូត​ដល់​ឆ្នាំ​បន្ត​បន្ទាប់​ទៀត ប្រសិន​បើ​រដ្ឋាភិបាល​គ្រោង​នឹង​កាត់​បន្ថយ​ចំណាយ​រហូតដល់​ ៥០% មែន​នោះ៖ «ឆ្នាំ២០២១ ជា​ឆ្នាំ​មួយ​ដែល​លំបាក​បំផុត ពីព្រោះ​យើង​កំពុង​តែ​មាន​វិបត្តិ​ហើយ​ចរន្ត​សាច់​ប្រាក់​ថវិកា​ជាតិ គឺ​ឥឡូវ​នេះ យើង​ដឹង​ថា មាន​កម្រិត​មែនទែន រហូត​ដល់​រដ្ឋាភិបាល​កាត់​ថវិកាជាតិ​រហូតដល់៥០%។ នេះ​បានន័យ​ថា យើង​មិន​មាន​ថវិកា​ប្រើប្រាស់​ទេ។ ហើយ​ថវិកា​ជាតិ​បាន​ពីណាថវិកាជាតិ​បាន​អំពី​ពន្ធអាករ ហើយ​ចំណូល​ពន្ធ និង​ចំណូល​មិនមែន​ពន្ធ។ អញ្ចឹង ដោយសារ​វិស័យ​សេដ្ឋកិច្ច​ទាំង​អស់​ប៉ះ ដូច្នេះ លទ្ធភាព​នៃ​ការ​ប្រមូល​លុយ​ចូល​រដ្ឋ​ ក៏​តិច​ដែរ ធ្វើ​ឲ្យ​លុយ​ដែល​យើង​ប្រមូល​បាន​សម្រាប់​ឆ្នាំ​នេះ មែនទែន​សម្រាប់​តែ​ផ្គត់ផ្គង់​ឆ្នាំ​ហ្នុង សឹង​តែ​ពិបាក​គ្រប់​ផង»

យ៉ាង​ណា​ក្ដី សម្រាប់​ឆ្នាំ២០២១ ខាង​មុខ​នេះ រដ្ឋាភិបាល​អះអាង​ថា នឹង​មិន​ដាក់​ចេញ​នូវ​ប្រភេទ​ពន្ធ​ថ្មី ឬ​បង្កើន​អត្រា​ពន្ធ​នោះ​ទេ ខណៈ​ចំណូល​ថវិកា​ជាតិ​សម្រាប់​ឆ្នាំ២០២១ ត្រូវ​រំពឹង​ថា​នឹង​មាន​ចំនួន​ប្រមាណ​ជិត ៥ពាន់​លាន​ដុល្លារ ពោល​គឺ​ថយ​ចុះ​ជាង ១៧% ធៀប​នឹងឆ្នាំ២០២០។ នេះ​មានន័យ​ថា រដ្ឋាភិបាល​អាច​បង្កើន​ការខ្ចី​បុល​ពី​បរទេស​ក្នុង​រង្វង់​ប្រមាណ​ពី ២ពាន់លាន ទៅ ៣ពាន់​លាន​ដុល្លារ ដើម្បី​សម្រេច​បាន​ការ​ចំណាយ​ថវិកាជាតិ​ដែល​បាន​គ្រោង​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

One Response to "គណៈរដ្ឋមន្ត្រី​លោក ហ៊ុន សែន អនុម័ត​គម្រោង​ចំណាយ​ថវិកា​ជាតិ​សម្រាប់​ឆ្នាំ២០២១ ក្នុង​រង្វង់​ទឹកប្រាក់​ជាង ៧,៥ពាន់លាន​ដុល្លារ"

  1. Anonymous says:

    HUN SEN regime will be down in a short time please be a wear of any kind of violence .