ខួប​ទី២៩​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុងប៉ារីស ត្រូវ​បាន​ប្រារព្ធ​ដោយ​បាតុកម្ម​ប្រឆាំង​ចិន

នយោបាយ
27 តុលា 2020
ម៉ែន គឹមសេង
វីអូអេខ្មែរ

តំណាង​បាតុករ​អាន​ញត្តិ​តវ៉ា​នៅ​ខាងមុខ​ស្ថានទូតចិន​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។ (ម៉ែន គឹមសេង/វីអូអេ)
តំណាង​បាតុករ​អាន​ញត្តិ​តវ៉ា​នៅ​ខាងមុខ​ស្ថានទូតចិន​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។ (ម៉ែន គឹមសេង/វីអូអេ)

វ៉ាស៊ីនតោន —  ខួប​លើក​ទី២៩​នៃ​ការចុះ​ហត្ថលេខា​លើ​កិច្ចព្រម​ព្រៀង​សន្តិភាពទីក្រុង​ប៉ារីស​នៅឆ្នាំ​នេះ​ ត្រូវ​បានប្រារព្ធ​ឡើង​ក្រោម​ការព្រួយបារម្ភ​កាន់តែកើន​ឡើង​នឹង​វត្តមាន​ និង​ឥទ្ធិពល​ចិន​នៅ​កម្ពុជា។

ក្រុម​អ្នកតវ៉ា​ខ្មែរ-​អាមេរិកាំង បាន​ជ្រើសរើស​យក​ទិវា​ប្រវត្តិសាស្ត្រ​នេះ ​ធ្វើបាតុកម្ម​នៅ​តាម​រដ្ឋ​មួយ​ចំនួនដើម្បី​ប្រឆាំង​នឹង​ការចូលពាក់​ព័ន្ធ​នៃក្រុម​យោធា​ចិន​កាន់តែធំឡើងៗ​ ដែល​អាចនឹង​ប្រែក្លាយ​តំបន់​សមុទ្រ​កម្ពុជា​ដែល​មាន​ដូចជា​កំពង់ផែរាម​នៃ​ខេត្ត​ព្រះសីហនុ​ និង​ស្រុក​បុទុមសាគរ​នៃ​ខេត្ត​កោះកុង​ជាមូលដ្ឋាន​កងទ័ព​ចិន។

អ្នកស្រី លឹម ពិសិដ្ឋ​ អ្នករៀបចំ​បាតុកម្ម​នៅ​ខាង​មុខ​ស្ថានទូត​ចិន​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​កាលពី​ថ្ងៃសុក្រ ​បាន​បញ្ជាក់​ប្រាប់​វីអូអេ​ថា៖

«សាធារណរដ្ឋ​ចិន​ គឺជា​ចំណែក​មួយ​នៃ​ប្រទេស​ហត្ថលេខី​ថ្ងៃទី​២៣ ​តុលា ​ឆ្នាំ១៩៩១​ប៉ុន្តែ​នៅពេល​នេះ​ ចិន​បាន​រំលោភ​សន្ធិសញ្ញា​ដែល​បាន​ចុះហត្ថលេខា​ហ្នឹង។ អីចឹង​បងប្អូន​សមាគម​ខ្មែរ​ទាំងអស់​ហ្នឹង​គាត់​អត់​សុខចិត្ត​ទេ។ ទី១ ​គាត់​មក​ប្រារព្ធ​ខួប​លើក​ទី​២៩​ផង​ ទី២​ គាត់​ទាមទារ​មិន​ឲ្យ​មាន​យោធា​ចិន​ ឬ​ក៏​ទីតាំង​កងទ័ព​ចិន​នៅ​ក្នុង​កម្ពុជា»

កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ដែល​បាន​ចុះហត្ថលេខា​ដោយ​ភាគី​ជម្លោះ​កម្ពុជា​ទាំង​បួន​ និង​ធ្វើ​ជា​សាក្សី​ដោយ​ប្រទេស​ចំនួន​១៨​ផ្សេង​ទៀត ​ក្នុង​នោះ​មាន​ចិន​ផង​ដែរ​ មាន​គោលបំណង​បញ្ចប់​សង្គ្រាម​ស៊ីវិល​ រក្សា​អធិបតេយ្យភាព ​បញ្ចប់​វត្តមាន​កងទ័ព​បរទេស​លើ​ទឹកដី​កម្ពុជា​ និង​នាំ​យក​លទ្ធិ​ប្រជាធិបតេយ្យ​ និង​ការគោរព​សិទ្ធិមនុស្ស​ជាដើម។

អ្នកស្រី​ គឹម ដាឡុង​ បាតុករ​មកពីរដ្ឋ​ South Carolina ​បាន​បញ្ជាក់ថា​៖

«ចិន​មិន​ដែល​ល្អ​សម្រាប់​ជនជាតិ​ខ្មែរ​យើង​ទេ។ រាល់ពេល​ដែល​មាន​វត្តមាន​ចិន​នៅ​ស្រុក​ខ្មែរ​យើង ​ធ្វើ​ឲ្យ​កូន​ខ្មែរ​យើង ​ប្រជាជន​ខ្មែរ​យើង​ទឹកភ្នែក ​មក​ស្រុក​ខ្មែរ​យើង​ប្លន់​ដី​ ប្លន់​អ្វីៗ​សព្វបែប​យ៉ាង​ពី​ស្រុក​ខ្មែរ​ ដូច្នេះ​យើង​អត់​ត្រូវការ​ចិន​ចូល​មក​ស្រុក​ខ្មែរ​ទេ»

បាតុកម្ម​នេះ​ គឺជា​ផ្នែក​មួយ​នៃ​ការតវ៉ា​របស់​ពលរដ្ឋ​ខ្មែរ​ដែល​នៅជុំវិញ​ពិភពលោក​ដែល​ទាមទារ​ឲ្យ​ប្រទេស​ចិន ​គោរព​តាម​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស។

លោក អេង ឆៃអ៊ាង អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ បាន​ថ្លែង​ប្រាប់​បាតុករ​អំពី​ការរំលោភ​កិច្ចព្រមព្រៀង​ដោយ​ភាគី​ចិន។ (ម៉ែន គឹមសេង/វីអូអេ)
លោក អេង ឆៃអ៊ាង អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ បាន​ថ្លែង​ប្រាប់​បាតុករ​អំពី​ការរំលោភ​កិច្ចព្រមព្រៀង​ដោយ​ភាគី​ចិន។ (ម៉ែន គឹមសេង/វីអូអេ)

លោក អេង ឆៃអ៊ាង ​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​បាន​ចូលរួម​បាតុកម្ម​នោះ​បាន​បញ្ជាក់​ថា៖

«រយៈ​ពេល​ជិត​១០​ឆ្នាំ​ចុង​ក្រោយ​នេះ​ខ្ញុំ​ឃើញ​ប្រទេស​ចិន ​គឺ​ប្រើប្រាស់​ឱកាស​ដែល​មេដឹកនាំ​កម្ពុជា​ដែល​មេដឹកនាំ​កម្ពុជា​ គឺ​លោក ហ៊ុន សែន​ ដែល​គាត់​ការពារ​អំណាច​ហ្នឹង​ គឺ​ប្រទេស​ចិន​បាន​យក​ឱកាស​ហ្នឹង​យក​កម្ពុជា​ធ្វើ​ជា​ឈ្នាន់​សម្រាប់​ខ្លួនឯង​វាតទី​និយម។ នេះ​ ជា​ចំណុច​ដែល​ជា​ការរំលោភ​លើ​សន្តិភាព​ទីក្រុង​ប៉ារីស​ ប៉ុន្តែ​មុន​ឆ្នាំ​២០០០​ យើង​ឃើញ​ថា ​ប្រទេស​ចិន​ មាន​គោលការណ៍​គោរព​ស្មារតី​ទីក្រុង​ប៉ារីស។ ប៉ុន្តែ​ជិត​១០​ឆ្នាំ​ចុងក្រោយ​នេះ ​គឺ​ចិន​លែង​គោរព​លែង​រវីរវល់​គិតតែ​ពី​រឿង​បំពេញ​មហិច្ឆតា​វាតទី​របស់​ខ្លួន»

បាតុកម្ម​នៅទីក្រុង​ប៉ារីស ​ប្រទេស​បារាំង​ បាន​ធ្វើឡើង​ដោយ​មាន​ការចូលរួម​ពី​លោក ​សម រង្ស៊ី​ ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ។ ប៉ុន្តែការតវ៉ា​នៅ​កម្ពុជា​ ត្រូវ​បាន​អាជ្ញាធរ​បំបែក​ភ្លាមៗ​នៅពេល​ដែល​ក្រុម​ប្រជា​ពលរដ្ឋ​មួយ​ចំនួន​តូច​បាន​ខិតខំ​ប្រមូល​កម្លាំង​ជួបជុំ​នៅ​ពី​ខាងមុខ​ស្ថានទូត​ចិន។ មាន​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះជាតិ​យ៉ាង​ហោច​ណាស់​២​នាក់​ត្រូវ​បាន​ចាប់​ខ្លួន។

សមត្ថកិច្ចឃាត់ខ្លួនបាតុករ ដែលបានប្រមូលផ្តុំគ្នានៅមុខស្ថានទូតចិន​ក្នុងខួបទី២៩ឆ្នាំនៃការចុះកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដើម្បីតវ៉ាប្រឆាំងនឹងឥទ្ធិពលចិននៅកម្ពុជា នៅរាជធានីភ្នំពេញ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០។ (រូបថតដកស្រង់ពីបណ្តាញសង្គមហ្វេសប៊ុក)
សមត្ថកិច្ចឃាត់ខ្លួនបាតុករ ដែលបានប្រមូលផ្តុំគ្នានៅមុខស្ថានទូតចិន​ក្នុងខួបទី២៩ឆ្នាំនៃការចុះកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដើម្បីតវ៉ាប្រឆាំងនឹងឥទ្ធិពលចិននៅកម្ពុជា នៅរាជធានីភ្នំពេញ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០។ (រូបថតដកស្រង់ពីបណ្តាញសង្គមហ្វេសប៊ុក)

លោកនាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ​បាន​ព្រមាន​មិន​ឲ្យ​តវ៉ា​ប្រឆាំង​នឹង​ចិន​ទេ​ ដោយ​លោក​លើក​ហេតុផល​ថា ​ប្រទេស​ជាតិ​កំពុង​ជួប​គ្រោះ​មហន្តរាយ​ទឹកជំនន់​ដែល​បាន​ជន់លិច​ខេត្ត​ជាច្រើន​របស់​កម្ពុជា ​និងជំងឺ​កូវីដ​១៩។

រូបភាពពីផ្កាយរណប បង្ហាញពីមូលដ្ឋានកងទ័ពជើងទឹករាមនៅខេត្តព្រះសីហនុ ក្រោយការវាយកម្ទេចមូលដ្ឋានទ័ពចាស់ដែលឧបត្ថម្ភដោយរដ្ឋាភិបាលអាមេរិក។ (រូបថតដកស្រង់ពីគេហទំព័រ CSIS)
រូបភាពពីផ្កាយរណប បង្ហាញពីមូលដ្ឋានកងទ័ពជើងទឹករាមនៅខេត្តព្រះសីហនុ ក្រោយការវាយកម្ទេចមូលដ្ឋានទ័ពចាស់ដែលឧបត្ថម្ភដោយរដ្ឋាភិបាលអាមេរិក។ (រូបថតដកស្រង់ពីគេហទំព័រ CSIS)

ការព្រួយបារម្ភ​របស់​ពលរដ្ឋ​និង​អ្នកនយោបាយ​គណបក្ស​ប្រឆាំង កាន់តែ​មាន​មូលដ្ឋាន​រឹងមាំ​ ក្រោយពី​មាន​សេចក្តី​រាយការណ៍​នានា​ពី​ការពង្រីក​វត្តមាន​យោធា​ចិន​នៅក្នុង​តំបន់​តាម​រយៈ​គម្រោង​នានា​ដែល​ជ្រកក្រោម​ស្លាក​អភិវឌ្ឍន៍​ និង​ជាពិសេសនៅ​ពេល​ដែល​ប្រទេស​កម្ពុជា​ បាន​វាយកម្ទេចចោល​អគារ​ជំនួយ​របស់​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​មូលដ្ឋាន​ទ័ពជើង​ទឹករាម​ដែល​ទើប​សាងសង់​ឡើង​កាលពី​ឆ្នាំ​២០១២​ដើម្បី​ជានិម្មិតរូប​នៃ​ទំនាក់​ទំនង​យោធា​រវាង​ប្រទេស​ទាំងពីរ។ ការណ៍​នោះ​នាំ​ឲ្យ​សហរដ្ឋ​អាមេរិក​ខកចិត្ត​ និង​បារម្ភ​ថា ​វាទំនង​ជា​មាន​ការ​ចង​ភ្ជាប់​ទៅនឹង​ផែនការ​ផ្តល់​ឲ្យ​ចិន​ដាក់​សម្ភារៈ​យោធា ​និង​កងទ័ព​នៅ​មូលដ្ឋាន​កងទ័ព​ជើង​ទឹក​រាម។​

មន្ត្រី​នាំ​ពាក្យ​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​ ​លោក​ Chad Roedemeier​បាន​បញ្ជាក់​ប្រាប់​វីអូអេ​កាលពី​ដើម​ខែ​តុលា​ថា៖

«វត្តមាន​បែប​នេះ​ នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ជា​អវិជ្ជមាន​មក​លើ​ទំនាក់​ទំនង​ទ្វេ​ភាគី​សហ​រដ្ឋ​អាមេរិក​កម្ពុជា​ ហើយ​វា​មាន​ការ​រំខាន​ និង​អាច​បង្ក​ឲ្យ​មាន​អស្ថិរភាព​ទៅ​ដល់​តំបន់​ឥណ្ឌូ​ប៉ាស៊ី​ហ្វិក»។​

​លោក​នាយក​រដ្ឋមន្តី្រ ​ហ៊ុន សែន អះអាង​ថា​ មូលដ្ឋាន​កងទ័ព​ជើងទឹក​រាម​មិន​ត្រូវ​បាន​ផ្តល់​ឲ្យ​ប្រទេស​ចិន​ប្រើប្រាស់​ផ្តាច់​មុខ​នោះ​ទេ គឺកម្ពុជា​ស្វាគមន៍ប្រទេសដទៃ​ដែល​សុំ​ការ​អនុញ្ញាត​ មក​ចូល​ចត​ ចាក់​ប្រេង​ ឬ​ឡើង​គោក​ដើម្បី​សមយុទ្ធ​ជាមួយ​នឹង​កម្ពុជា​ ឬ​ធ្វើ​កិច្ច​ការ​អ្វី​មួយ​ជាមួយ​នឹង​កម្ពុជា​។​

ការព្រួយបារម្ភ​នឹង​ឥទ្ធិពល​របស់​ចិន​ទាំង​យោធា​ និង​នយោបាយគឺបន្ថែម​ទៅ​នឹង​បញ្ហា​ដែល​មាន​ស្រាប់​ និង​កំពុង​តែ​គ្រប់ដណ្តប់​លើ​នយោបាយ​ប្រទេស​កម្ពុជា​ដែលមាន​ដូច​ជា​ការរំលោភ​សិទ្ធិ​នយោបាយ ​សិទ្ធិ​អង្គការ​សង្គម​ស៊ីវិល ​សិទ្ធិ​មនុស្ស​ និង​សិទ្ធិ​ដីធ្លី​ជាដើម។

អ្នកស្រី ទេព វន្នី អតីត​សកម្មជន​ដីធ្លី​តំបន់​បឹងកក់ ថ្លែង​អំពី​ការរំលោភ​សិទ្ធិ​មនុស្ស​ដោយ​ក្រុមហ៊ុន​ចិន។ (ម៉ែន គឹមសេង/វីអូអេ)
អ្នកស្រី ទេព វន្នី អតីត​សកម្មជន​ដីធ្លី​តំបន់​បឹងកក់ ថ្លែង​អំពី​ការរំលោភ​សិទ្ធិ​មនុស្ស​ដោយ​ក្រុមហ៊ុន​ចិន។ (ម៉ែន គឹមសេង/វីអូអេ)

អ្នកស្រី ទេព វន្នី ​អតីត​ជនរងគ្រោះ​ដោយសារ​ការអភិវឌ្ឍន៍នៅ​តំបន់​បឹងកក់​រាជធានី​ភ្នំពេញ​បាន​ថ្លែងពីស្ថានភាព​នៅ​កម្ពុជា​ថា៖

«ក្នុង​នាម​នាង​ខ្ញុំ​ជាអ្នក​រងគ្រោះ​នៅ​សហគមន៍​បឹងកក់ ​និង​ជា​អតីត​តំណាង​សហគមន៍​១រូប​ដែរ​ ហើយ​នាង​ខ្ញុំ​ធ្លាប់​រស់​ឆ្លង​កាត់​របប​ផ្តាច់ការ​របស់​លោក ​ហ៊ុន សែន ​នេះ​ គឺ​នាង​ខ្ញុំ​មាន​បទ​ពិសោធន៍​ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន​ចិន​ជាច្រើន​ដែល​ក្រុមហ៊ុន​ចិន​១​នេះ ​ធ្វើការ​សហការ​ជាមួយ​រដ្ឋាភិបាល​ផ្តាច់ការ​ គឺថា​គាត់​មិន​បាន​គោរព​នូវ​សិទ្ធិមនុស្ស​ទេ»

គណបក្ស​សង្គ្រោះ​ជាតិ​ ក៏​បាន​អំពាវនាវ​ឲ្យ​ប្រទេស​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​សន្តិភាពទីក្រុង​ប៉ារីស​ធ្វើ​អន្តរាគមន៍​ផង​ដែរ។

លោក​ Julian Hill ​អ្នកតំណាងរាស្ត្រ​អូស្ត្រាលី​ប្រចាំ​មណ្ឌល​ Bruce បាន​អំពាវនាវ​ឲ្យរដ្ឋាភិបាល​អូស្ត្រាលីចូលរួម​ដោះស្រាយ​ការរំលោភ​សិទ្ធិ​មនុស្ស​នៅកម្ពុជា​ក្នុងនាម​ជា​ប្រទេស​ហត្ថលេខី​មួយ។ ​

លោក ឱក សេរីសោភក្តិ៍​ អ្នកឯកទេស​ខាងផ្នែក​អភិបាលកិច្ច​ល្អ ​បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ និង​ភាគី​ពាក់​ព័ន្ធ​នានា​ចាត់​ទុក​ថា​ កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ គឺជា​យន្តកា​ការពារ​មួយ​ដល់​អធិបតេយ្យភាព​កម្ពុជា​ និង​ត្រូវស្វែង​រក​ដំណោះស្រាយ​នយោបាយ​ឲ្យ​បាន​តាម​ស្មារតី​នៃ​កិច្ចព្រមព្រៀង​នេះ។

ទំនាក់​ទំនង​រវាង​ចិន ​និង​កម្ពុជា​ បាន​ឈាន​មក​ដល់​កម្រិត​យុទ្ធសាស្ត្រ​គ្រប់ជ្រុងជ្រោយ​ដែល​បន្តិចម្តងៗឈាន​មក​ជំនួស​ឥទ្ធិពល​បស្ចិម​ប្រទេស​ដែល​បាន​ជួយជ្រោមជ្រែង​និង​ស្តារ​និ​ង​អភិវឌ្ឍន៍​កម្ពុជា​នៅ​ក្រោយ​ពី​កិច្ចព្រមព្រៀង​ បាន​ចូលជា​ធរមាន។ បច្ចុប្បន្នកម្ពុជា គឺជាសម្ព័ន្ធ​មិត្ត​ដ៏​ស្និទ្ធ​បំផុត​របស់​ចិន​នៅ​សហគមន៍​អាស៊ាន៕

What Next?

Recent Articles

One Response to "ខួប​ទី២៩​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុងប៉ារីស ត្រូវ​បាន​ប្រារព្ធ​ដោយ​បាតុកម្ម​ប្រឆាំង​ចិន"

  1. so socheath says:

    រដ្ឋបាល ដូណាល់ ត្រាំ រំលាយចោលបទប្បញ្ញត្តិមួយ ដែលកន្លងមកជាខែលការពារ
    ក្រុមសារព័ត៌មានឯករាជ្យ ក្នុងនោះមានទាំង VOA និង RFA ផងដែរ
    2020-10-28 09:49am
    (វ៉ាស៊ីនតោន)៖ មន្ត្រីជាន់ខ្ពស់មួយរូបនៃរដ្ឋបាលលោក ដូណាល់ ត្រាំ បានលុបបទប្បញ្ញត្តិសហព័ន្ធមួយ ដែលត្រូវបានតាក់តែងឡើងដើម្បីការពារឯករាជ្យភាពនៃសារព័ត៌មាន ក្នុងនោះមាន VOA, RFA និងប្រព័ន្ធផ្សព្វផ្សាយដទៃៗទៀត ដែលទទួលបានជំនួយពីរដ្ឋាភិបាលអាមេរិក បើទោះបីជាមន្ត្រីរូបនោះត្រូវរងការចោទប្រកាន់ថា កំពុងតែធ្វើឲ្យប៉ះពាល់ដល់ឯករាជ្យភាព នៃបណ្តាសារព័ត៌មានទាំងនោះក៏ដោយ នេះបើយោងតាមសារព័ត៌មាន NBC និង Yahoo News ។
    លោក ម៉ៃខឺល ភែក (Michael Pack) នាយកប្រតិបត្តិ (CEO) នៃទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់សារព័ត៌មានសកល (USAGM) បានលុបចោលបទប្បញ្ញត្តិសហព័ន្ធ ដែលមានឈ្មោះថា «Firewall» នៅយប់ថ្ងៃចន្ទសប្តាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) ដោយលោកបានបកស្រាយថា បទប្បញ្ញត្តិទាំងនេះបានរំលោភលើ សិទ្ធិប្រធានាធិបតីអាមេរិក នៅក្នុងការអនុវត្តគោលនយោបាយការបរទេស ហើយកន្លងមកច្បាប់ទាំងនោះ «មិនបានការអ្វីឡើយ»។
    ជុំវិញបញ្ហាខាងលើនេះ អ្នកសារព័ត៌មានមួយរូបរបស់ទូរទស្សន៍អាមេរិក NBC ដែលស្ថិតនៅក្នុងចង្កោមសារព័ត៌មានឯករាជ្យ និងទទួលបានការការពារពីច្បាប់ ហ្វៃអឺ- វ៉ល firewall ផងដែរនោះបានលើកឡើងថា «គាត់ (មន្ត្រីអាមេរិក) បានបំផ្លាញច្បាប់ firewall ហើយ»។ អ្នករាយការណ៍ព័ត៌មានមួយរូបទៀត ដោយសុំមិនបញ្ចេញឈ្មោះដូចគ្នា បានបញ្ជាក់ថា «យើងទាំងអស់គ្នា ពិតជាភ័យខ្លាចខ្លាំងណាស់»។
    បទប្បញ្ញត្តិសហព័ន្ធដែលមានឈ្មោះពេញថាជញ្ជាំងភ្លើងនិងស្តង់ដារខ្ពស់បំផុតនៃវិជ្ជាជីវៈសារព័ត៌មាន «Firewall and Highest Standards of Professional Journalism» ដែលផ្តល់ឯករាជ្យភាព ដល់អ្នកសរសេរព័ត៌មាន ដោយការពារពួកគេមិនឲ្យទទួលរងការបង្គាប់បញ្ជា, គំរាមកំហែង, គាបសង្កត់, ជះឥទ្ធិពល និងលូកលាន់ពីមន្ត្រីរដ្ឋាភិបាល ឬចៅហ្វាយនាយ ត្រូវបានដាក់ឲ្យអនុវត្តកាលពីខែមិថុនា ដោយក្រុមប្រឹក្សាអភិបាលរដ្ឋ ដែលមានតួនាទីត្រួតពិនិត្យលើបណ្តាសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ ដែលទទួលការឧបត្ថម្ភថវិកាពីរដ្ឋាភិបាលអាមេរិក។
    ក្រុមប្រឹក្សានេះត្រួតពិនិត្យខាងលើនេះ បានរំលាយចោលនៅពេលដែលលោក Pack ត្រូវបានព្រឹទ្ធសភាអនុម័តទទួលស្គាល់ជា CEO នៃ USAGM ដែលមានសិទ្ធិទទួលបន្ទុកគ្រប់គ្រងលើបណ្តាញសារព័ត៌មាន VOA, RFA (Radio Free Asia) និង RFE (Radio Free Europe) ព្រមទាំង
    វិទ្យុសេរីភាព (Radio Liberty) និងប្រព័ន្ធផ្សព្វផ្សាយមួយចំនួនទៀត ដែលទទួលបានការឧបត្ថម្ភពីរដ្ឋាភិបាលសហព័ន្ធ។
    គួរបញ្ជាក់ថា ក្រុមអ្នកការពារសេរីភាពសារព័ត៌មានឯករាជ្យនានា នៅសហរដ្ឋអាមេរិក ជាពិសេសប្រព័ន្ធផ្សព្វផ្សាយអាមេរិកនានា ដែលទទួលបានជំនួយពីរដ្ឋាភិបាលសហព័ន្ធ បានចេញមុខជំទាស់ភ្លាមៗទៅនឹងការសម្រេចចិត្តរបស់មន្ត្រីជាន់ខ្ពស់រដ្ឋបាលលោក ត្រាំ គឺលោក Michael Pack ខាងលើនេះ ដោយពួកគេបានចាត់ទុកថា វាបានធ្វើឲ្យខូចកេរ្តិ៍ឈ្មោះប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន និងបំផ្លាញមុខមាត់សហរដ្ឋអាមេរិក ក្នុងនាមជាប្រទេសដែលតែងតែកាន់ «ពានសេរីភាពនៃសារព័ត៌មាន» នៅលើឆាកអន្តរជាតិ៕