អតីត​អ្នក​ការ​ទូត​សិង្ហបុរី៖ អាស៊ាន​គួរ​ពិចារណា​ដក​កម្ពុជា​និង​លាវ​ចេញ

នយោបាយ
27 តុលា 2020
អូន ឆេងប៉រ
វីអូអេខ្មែរ

រូបឯកសារ៖ អតីត​អ្នកការទូត​សិង្ហបុរី​លោក Bilahari Kausikan ក្នុង​អំឡុង​ពេល​នៃ​វេទិកា​មួយ នៅ​លេខាធិការដ្ឋាន​អាស៊ាន ក្នុង​ទីក្រុង​ហ្សាកាតា ប្រទេស​ឥណ្ឌូនេស៊ី កាល​ពី​ថ្ងៃទី​២២ ខែមីនា ឆ្នាំ២០១៩។ (រូបថត​ដកស្រង់​ពី​គេហទំព័រ ASEAN)
រូបឯកសារ៖ អតីត​អ្នកការទូត​សិង្ហបុរី​លោក Bilahari Kausikan ក្នុង​អំឡុង​ពេល​នៃ​វេទិកា​មួយ នៅ​លេខាធិការដ្ឋាន​អាស៊ាន ក្នុង​ទីក្រុង​ហ្សាកាតា ប្រទេស​ឥណ្ឌូនេស៊ី កាល​ពី​ថ្ងៃទី​២២ ខែមីនា ឆ្នាំ២០១៩។ (រូបថត​ដកស្រង់​ពី​គេហទំព័រ ASEAN)

ភ្នំពេញ —  អតីត​មន្ត្រី​ការ​ទូត​ជើង​ចាស់​ម្នាក់​របស់​ប្រទេស​សិង្ហបុរី បាន​លើក​ឡើង​ថា​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ ហៅ​កាត់​អាស៊ាន គួរ​ណាស់​តែ​ពិចារណា​ដក​ចេញ​នូវ​រដ្ឋ​សមាជិក​ចំនួន​ពីរ គឺកម្ពុជា និង​លាវ។

នេះ​ជា​ការ​លើក​ឡើង​របស់​លោក Bilahari Kausikan ដែល​ធ្លាប់​ជា​លេខា​អចិន្ត្រៃយ៍​ក្រសួង​ការបរទេស​សិង្ហបុរី​ពី​ឆ្នាំ​២០១០​ដល់​ឆ្នាំ​២០១៣ អំឡុង​ពេល​កម្ពុជា​ធ្វើ​ជា​ប្រធាន​អាស៊ាន​កាល​ពីឆ្នាំ​២០១២ ​ដែល​កាល​នោះ​កម្ពុជា​រង​ការ​ចោទ​ថា​លម្អៀង​ទៅ​រក​ប្រទេស​ចិន។

ក្នុង​សន្និសីទ​មួយ​កាល​ពី​ថ្ងៃ​សុក្រ លោក Bilahari Kausikan បាន​លើក​ឡើង​ថា​ទាំង​លាវ​ទាំង​កម្ពុជា​ សុទ្ធ​តែ​បាន​ត្រាប់​តាម​ម្ដង​ទៀត​នូវ​«កំហុស​នយោបាយ»​ដែល​មាន​មេរៀន​រួច​មក​ហើយ​កាល​ពី​អំឡុង​សង្គ្រាម​វៀតណាម។​

លោក Bilahari Kausikan បាន​ថ្លែង​ថា៖ «កំហុស​នោះ​គឺ​ថា​[កម្ពុជា​និង​លាវ] ទុក​ចិត្ត​បណ្ដែត​បណ្ដោយ​អំណាច​អន្តរាគមន៍​ដែល​ខ្លួន​មាន​ទៅ​ឱ្យ​មហា​អំណាច​ខាង​ក្រៅ​ «មួយ» ​ឬ​ពួកគេ​ប្រកាន់​អព្យាក្រឹត​ភាព​តាម​បែប​អកម្ម»។ លោក​ពន្យល់​ថា​ប្រទេស​ទាំង​ពីរ​សម្ងំ​យក​រួច​ខ្លួន​លើ​បញ្ហា​ដែល​កើត​ឡើង​ក្នុង​តំបន់។

VOA ​មិនទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​បន្ថែម​ពី​លោក Bilahari Kausikan បាន​នៅ​ឡើយ ដើម្បី​បញ្ជាក់​ថា​លោក​សំដៅ​ទៅ​លើ​ប្រទេស​ណា​មួយ​ដែល​ប្រើ​ពាក្យ​«មហា​អំណាច​ខាង​ក្រៅ​មួយ»​នោះ​ មក​ពន្យល់​បរិបទ​នៃ​ឥទ្ធិពល​រដ្ឋ​បរទេស​មក​លើប្រទេស​លាវ​និង​កម្ពុជា។

អតីត​អ្នក​ការ​ទូត​របស់​រដ្ឋ​ដ៏​តូច​ជាង​គេ​នៃ​តំបន់​អាស៊ី​អាគ្នេយ៍​រូប​នេះ​ បាន​បន្ថែម​ថា កម្ពុជា​និង​លាវ​មិន​សូវ​ជា​យក​ចិត្ត​ទុក​ដាក់​អ្វី​ពេក​ទេ​ទៅ​នឹង​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង តែ​ខ្នះ​ខ្នែង​ខ្លាំង​ពី​បញ្ហា​មេគង្គ​ដ្បិត​ប៉ះពាល់​ផ្ទាល់​ដល់​ជីវភាព​សេដ្ឋកិច្ច​របស់​ប្រជាជន​ដែល​មាន​ជាប់​ពាក់ព័ន្ធ​ប្រទាក់​ក្រឡា​ជាមួយកត្តា​ស្លាប់​រស់​នៃ​របប​ដឹកនាំ​នៅ​ភ្នំពេញ​និង​វៀងចន្ទន៍។

លោក​បញ្ជាក់​ថា៖ «យើង​រង់​ចាំ​មើល​ត​ទៅ​ទៀត។ ​[លាវ​និង​កម្ពុជា]​ មាន​ជម្រើស​ដ៏​លំបាក​ដែល​ត្រូវ​សម្រេច​ជ្រើស​យក​ ហើយ​បើ​ប្រទេស​ទាំង​ពីរ​ជ្រើស​ខុស ​ពួក​គេ​នឹង​ត្រូវ​តទល់​នឹង​អាស៊ាន​ទាំង​មូល​ជាមួយ​នឹង​ជម្រើស​លំបាក​ដែរ។ ​យើង​ប្រហែល​ជា​ត្រូវ​កាត់​បន្ធូរ​ចេញ​ប្រទេស​ទាំង​ពីរ ដើម្បី​សង្គ្រោះ​ប្រទេស​ទាំង​ប្រាំ​បី​ផ្សេង​ទៀត​ដែល​នៅ​សេស​សល់»

រូបឯកសារ៖ បណ្ដា​មេដឹកនាំ​អាស៊ាន​ថតរូប​ជាមួយ​នាយករដ្ឋមន្ត្រី​ជប៉ុន​លោក Shinzo Abe ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន-ជប៉ុន នៅ​ប្រទេស​ថៃ ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩។
រូបឯកសារ៖ បណ្ដា​មេដឹកនាំ​អាស៊ាន​ថតរូប​ជាមួយ​នាយករដ្ឋមន្ត្រី​ជប៉ុន​លោក Shinzo Abe ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន-ជប៉ុន នៅ​ប្រទេស​ថៃ ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩។

លោក Bilahari Kausikan ដែល​បច្ចុប្បន្ន​ជា​ប្រធាន​វិទ្យាស្ថាន​មជ្ឈិមបូព៌ា​នៅ​សាកលវិទ្យាល័យ​ជាតិ​សិង្ហបុរី (NUS) ​បន្ថែម​ថា​អាស៊ាន​គួរ​ទុក​សេណា​រីយោ​នៃ​ការ​យក​កម្ពុជា​និង​លាវ​ចេញ​ជា​ជម្រើស​លើ​តុ។

«នេះ​ផង​ដែរ​ជា​ការ​អនុវត្ត​អន្តរាគមន៍​[របស់​អាស៊ាន]។ ​បើ​សិន​ជា​កើត​ឡើង​មែន ​គេ​គួរ​ណាស់​ទុក​វា​សម្រាប់​ថ្ងៃ​អនាគត។​ តែ​យ៉ាងណា​វា​មាន​គុណ​តម្លៃ​សម្រាប់​យក​ទៅ​ពិចារណា ទោះ​ការ​គិត​នេះ​ស្ថិត​តែ​ក្នុង​កាលៈ​ទេសៈ​អាសន្ន​ក៏​ដោយ»

ទាំង​ប្រទេស​លាវ ទាំង​កម្ពុជា សុទ្ធ​សឹង​តែ​មាន​ទំនាក់​ទំនង​ជិតស្និទ្ធ​ជាមួយ​ប្រទេស​ចិន​ និង​ជា​ទីតាំង​ដែល​ចិន​ពន្លាត​ឥទ្ធិពល​សេដ្ឋកិច្ច​យ៉ាង​ជោគ​ជាំ​តាម​រយៈ​កម្ចី​ឥណ​ទាន ការ​វិនិយោគ និង​លំហូរ​ភ្ញៀវ​ទេសចរ។​

ប្រទេស​លាវ ​ត្រូវ​បាន​ទីភ្នាក់​ងារ​វាយ​តម្លៃ​ឥណ​ទាន​ធំៗ​ដូច​ជា ​Moody’s ​និង​ Fitch Ratings ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ញូវយ៉ក​សហរដ្ឋ​អាមេរិក ​ដក​ពិន្ទុ​អំឡុង​ពេល​ថ្មីៗ​នេះ ដោយ​ថា​លទ្ធភាព​របស់​លាវ​ក្នុង​ការ​សង​បំណុល​បរទេស ​មាន​សភាព​កាន់​តែ​លំបាក។

លាវ​ខ្លួនឯង​មាន​ទំហំ​បំណុល​ដែល​ជំពាក់​ចិន​ដល់​ទៅ​អត្រា​៤៥%​នៃ​ផលិតផល​ក្នុង​ស្រុក​សរុប ​(GDP)។​ នេះ​បើ​យោង​តាម​ការ​ស្រាវជ្រាវ​កាល​ពី​ឆ្នាំ​២០១៩​របស់​វិទ្យាស្ថាន Lowy ​ប្រទេស​អូស្ត្រាលី។​

បក​មក​ប្រទេស​កម្ពុជា​វិញ ​រដ្ឋាភិបាល​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន​ តែង​បរិយាយ​ទំនាក់​ទំនង​ខ្លួន​ជាមួយ​ចិន​ថា​ជា ​«មិត្ត​ដែក​ថែប» ​ខណៈ​ចិន​ឈរ​នៅ​លើ​គេ​ផ្នែក​វិនិយោគ ជំនួយ​សេដ្ឋកិច្ច​និង​ជំនួយ​យោធា។​

ខណៈ​ដែល​ប្រទេសចិន​និង​កម្ពុជា​ទើប​បាន​ចុះ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេ​ភាគី​ ទីក្រុង​ប៉េកាំង​គ្រប់គ្រង​ដល់​ទៅ​ទំហំ​៤៦%​នៃ​បំណុល​សរុប​៧,៩ពាន់​លាន​ដុល្លារ​ដែល​ទីក្រុង​ភ្នំពេញ​ជំពាក់​បរទេស។

VOA ​មិន​ទាន់​អាច​ទាក់​ទង​លោក កុយ គួង អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​កម្ពុជា ​និង​លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​កម្ពុជា​ ដើម្បី​សុំ​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​លើក​ឡើង​របស់​អតីតមន្ត្រី​ការ​ទូត​សិង្ហបុរីបាន​នៅ​ឡើយ​ទេ គិត​ត្រឹម​រសៀល​ថ្ងៃ​អង្គារ​នេះ។​

លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជា​ជន​កម្ពុជា​ បាន​លើក​ឡើង​ថា​កម្ពុជា​មិន​ដែល​បាន​បណ្ដោយ​បើក​ឱ្យ​ចិន​ប្រើប្រាស់ ​ដើម្បី​ជ្រៀត​ចូល​អាស៊ាន​ឡើយ។ លោក​ថា មតិ​លោក Bilahari Kausikan ជា​ជំហរ​បុគ្គល​មួយ​រូប​ប៉ុណ្ណោះ។​

«គាត់​ក្នុង​នាម​ជា​ជន​បរទេស​ម្នាក់ មិន​អាច​ក្ដាប់​សភាព​ការណ៍​នៅ​កម្ពុជា ក៏​ដូចជា​នៅ​លាវ​បាន​ទាំង​ស្រុង​ទេ។​ អ៊ីចឹង​និយាយ​តាម​ការ​យល់​ឃើញ​របស់​បុគ្គល​ និង​ក៏​ដូច​ជា​ទៅ​តាម​និន្នាការ​នយោ​បាយ​ ឬ​មួយ​ជា​និន្នាការ​មនោគម​វិជ្ជា​ទេ»

លោក សុខ ឥសាន ​បន្ថែម​ថា៖ «ប្រទេស​ទាំង​១០​ជា​សមាជិក​សមាគម​អាស៊ាន​ហើយ ដូច្នេះ​មិន​មែន​តាម​ចិត្ត​បុគ្គល​ចង់​កាត់​អ្នក​នេះ​ចេញ​ កាត់​អ្នក​នោះ​ចូល​ឱ្យ​អ្នក​ណា​ចូល​នោះ​ទេ​ព្រោះ​គេ​ធ្វើ​សុទ្ធ​តែ​មាន​សន្និសីទ​កំពូល​អាស៊ាន​ មិន​មែន​យក​បុគ្គល​ម្នាក់​យក​ជា​បាន​ការ​ទេ»។

យ៉ាងណា​ក៏​ដោយ អ្នក​វិភាគ​ជាច្រើន​បាន​មើល​ឃើញ​ថា ចិន​បាន​ប្រើប្រាស់​កម្ពុជា​ និង​លាវ​ ជា ​«ដាវ»​ ដើម្បី​ «ពុះ​ចែក» ​និង​លូក​លាន់​កិច្ចការ​អាស៊ាន។ នេះ​ជា​ការ​លើក​ឡើង​របស់​លោក​បណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគ​នយោបាយ​កម្ពុជា។​

«ម្ល៉ោះ​ហើយ​ប្រទេស​ពីរ​ហ្នឹង ប្រហែល​ជា​គេ​ឃើញ​ថា ជា​ឧបករណ៍​របស់​ចិន​ទៅ​វិញ ​មិន​អាច​ធ្វើ​ការ​គិត​គូរ​រក​គំនិត​ធ្វើ​សេចក្ដី​សម្រេច​អី​ក្នុង​ជួរ​អាស៊ាន​ហ្នឹង ក៏​ដូច​ជា​មិន​គិត​ដល់​សាមគ្គីភាព និង​ឯកភាព​ក្នុង​ជួរ​អាស៊ាន»

អ្នកវិភាគ​រូបនេះ​បន្ថែម​ថា ក្នុង​នាម​លោក Bilahari Kausikan ជា​អតីត​លេខា​អចិន្ត្រៃយ៍​ក្រសួង​ការបរទេស​សិង្ហបុរី​ នាំ​ឱ្យ​សំឡេង​លោក​មាន​ទម្ងន់ ​និង​ឥទ្ធិពល​ទៅ​លើ​សហគមន៍​អ្នក​សិក្សា​ធិការ ​និង​អ្នក​តាក់​តែង​គោល​នយោបាយ​ក្នុង​តំបន់។

ក្រសួង​ការ​បរទេស​លាវ ​និង​ក្រសួង​ការបរទេស​សិង្ហបុរី មិន​បាន​ឆ្លើយតប​នឹង​សំណើ​សុំ​សេចក្ដី​អធិប្បាយ​ទេ ​គិត​ត្រឹម​រសៀល​ថ្ងៃ​អង្គារ​នេះ។

លិខិត​ចំហ​មួយ​ដែល​ផ្សព្វផ្សាយ​លើ​សារ​ព័ត៌មាន​ Freshnews ​របស់​រដ្ឋាភិបាល នៅ​រសៀល​ថ្ងៃ​អង្គារ​នេះ បាន​លើក​ឡើង​ថា ក្រុម​អតីត​អ្នក​ការ​ទូត​ដែល​បាន​ចូល​និវត្តន៍ និង​អ្នក​ការ​ទូត​ដែល​កំពុង​បំពេញ​តួនាទី​បច្ចុប្បន្ន​បាន​ហៅ​លោក​ Bilahari Kausikan ជា ​«អ្នក​ចម្បាំង​ចចក​សិង្ហបុរី​ម្នាក់​កំពុង​បំផ្លាញ​សាមគ្គី​ភាព​និង​មជ្ឈភាព​អាស៊ាន»

លិខិត​ចំហ​នោះ​ឲ្យ​ដឹង​ទៀត​ថា​កុង​សង់​ស៊ីស​ដែល​គ្មាន​ប្រទេស​លាវ និង​កម្ពុជា ជា​ «កុងសង់​ស៊ីស​ទន់​ជ្រាយ»

លិខិត​បញ្ជាក់​ថា៖ «សមាជិក​អាស៊ាន​ទាំង​អស់​កំពុង​តែ​មាន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​ប្រកួត​ប្រជែង​របស់​មហា​អំណាច​ដែល​កំពុង​កើត​មាន​នៅ​ក្នុង​តំបន់»

អាស៊ាន​អនុវត្ត​ការងារ​ផ្អែក​លើ​គោលការណ៍​កុង​សង់​ស៊ីស ដែល​ទាល់​តែ​ប្រទេស​ជា​សមាជិក​ទាំង​១០​យល់​ព្រម​ ទើប​អាច​ធ្វើ​សេចក្ដី​ថ្លែង​ការណ៍​ឬ​សេចក្ដី​សម្រេច​រួម​បាន។ នេះ​បើ​យោង​តាម​ធម្មនុញ្ញ​អាស៊ាន។

កាល​ពី​ចុង​ឆ្នាំ​២០១៩ លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ធ្លាប់​បាន​ថ្លែង​ថា​កត្តា​សំខាន់​បំផុត​ដែល​នាំ​ឲ្យកម្ពុជា​សម្រេច​ចិត្ត​ចូល​ជា​សមាជិក​អាស៊ាន​គឺ​គោល​ការណ៍​មិន​ជ្រៀត​ជ្រែក​កិច្ច​ការ​ផ្ទៃ​ក្នុង​និងស្មារតី​សហគមន៍​ដែល​ធ្វើការងារ​តាម​របៀប​កុង​សុង​ស៊ីស គឺ​សម្រេច​ចិត្ត​ដោយ​ឯកច្ឆន្ទ។ ត្រង់​ន័យ​នេះ លោក ហ៊ុន សែន បញ្ជាក់​ថា «អាស៊ាន​គ្មាន​បង​តូច​បង​ធំ» ​នោះ​ទេ។

លោក ហ៊ុន សែន បាន​លើក​ឡើង​នា​គ្រា​នោះ​ថា៖ «សូម​ផ្តាំ​ផ្ញើ​ទៅ​អ្នក​ជំនាន់​ក្រោយ​ បន្ទាប់​ពី​ខ្ញុំ​ទៅ​ដែល​ទៅ​ក្លាយ​ជា​មេដឹកនាំ​កម្ពុជា បន្ត​ការងារនៅ​ក្នុង​ក្រប​ខណ្ឌ​អាស៊ាន​ ត្រូវ​រក្សា​ខ្ជាប់​នូវ​គោល​ការណ៍​ធ្វើ​ការ​តាម​កុង​សុង​ស៊ីស ជា​ជាង​ធ្វើ​ការ​តាម​ការ​បោះ​ឆ្នោត​ ដែល​នឹង​ក្លាយ​ទៅ​ជា​ការ​បែក​បាក់​នៅ​ក្នុង​ក្រប​ខណ្ឌ​សហគមន៍​របស់​យើង»

កម្ពុជា​ត្រូវ​ដល់​វេន​ធ្វើ​ជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំ​២០​២២​ខាង​មុខ​នេះ​ ហើយ​នៅ​គ្រា​នោះ​កម្ពុជា​ក៏​ត្រូវ​បញ្ជូន​បេក្ខភាព​ទៅ​ធ្វើ​ជា​អគ្គលេខាធិការ​អាស៊ាន​ផង​ដែរ។ កម្ពុជា​ជា​រដ្ឋ​សមាជិក​កូនពៅ​ដែល​ត្រូវ​បាន​បញ្ចូល​ក្នុង​អាស៊ាន​នៅ​ឆ្នាំ​១៩៩៩៕

What Next?

Recent Articles

3 Responses to "អតីត​អ្នក​ការ​ទូត​សិង្ហបុរី៖ អាស៊ាន​គួរ​ពិចារណា​ដក​កម្ពុជា​និង​លាវ​ចេញ"

  1. so socheath says:

    រដ្ឋបាល ដូណាល់ ត្រាំ រំលាយចោលបទប្បញ្ញត្តិមួយ ដែលកន្លងមកជាខែលការពារ
    ក្រុមសារព័ត៌មានឯករាជ្យ ក្នុងនោះមានទាំង VOA និង RFA ផងដែរ
    2020-10-28 09:49am
    (វ៉ាស៊ីនតោន)៖ មន្ត្រីជាន់ខ្ពស់មួយរូបនៃរដ្ឋបាលលោក ដូណាល់ ត្រាំ បានលុបបទប្បញ្ញត្តិសហព័ន្ធមួយ ដែលត្រូវបានតាក់តែងឡើងដើម្បីការពារឯករាជ្យភាពនៃសារព័ត៌មាន ក្នុងនោះមាន VOA, RFA និងប្រព័ន្ធផ្សព្វផ្សាយដទៃៗទៀត ដែលទទួលបានជំនួយពីរដ្ឋាភិបាលអាមេរិក បើទោះបីជាមន្ត្រីរូបនោះត្រូវរងការចោទប្រកាន់ថា កំពុងតែធ្វើឲ្យប៉ះពាល់ដល់ឯករាជ្យភាព នៃបណ្តាសារព័ត៌មានទាំងនោះក៏ដោយ នេះបើយោងតាមសារព័ត៌មាន NBC និង Yahoo News ។
    លោក ម៉ៃខឺល ភែក (Michael Pack) នាយកប្រតិបត្តិ (CEO) នៃទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់សារព័ត៌មានសកល (USAGM) បានលុបចោលបទប្បញ្ញត្តិសហព័ន្ធ ដែលមានឈ្មោះថា «Firewall» នៅយប់ថ្ងៃចន្ទសប្តាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) ដោយលោកបានបកស្រាយថា បទប្បញ្ញត្តិទាំងនេះបានរំលោភលើ សិទ្ធិប្រធានាធិបតីអាមេរិក នៅក្នុងការអនុវត្តគោលនយោបាយការបរទេស ហើយកន្លងមកច្បាប់ទាំងនោះ «មិនបានការអ្វីឡើយ»។
    ជុំវិញបញ្ហាខាងលើនេះ អ្នកសារព័ត៌មានមួយរូបរបស់ទូរទស្សន៍អាមេរិក NBC ដែលស្ថិតនៅក្នុងចង្កោមសារព័ត៌មានឯករាជ្យ និងទទួលបានការការពារពីច្បាប់ ហ្វៃអឺ- វ៉ល firewall ផងដែរនោះបានលើកឡើងថា «គាត់ (មន្ត្រីអាមេរិក) បានបំផ្លាញច្បាប់ firewall ហើយ»។ អ្នករាយការណ៍ព័ត៌មានមួយរូបទៀត ដោយសុំមិនបញ្ចេញឈ្មោះដូចគ្នា បានបញ្ជាក់ថា «យើងទាំងអស់គ្នា ពិតជាភ័យខ្លាចខ្លាំងណាស់»។
    បទប្បញ្ញត្តិសហព័ន្ធដែលមានឈ្មោះពេញថាជញ្ជាំងភ្លើងនិងស្តង់ដារខ្ពស់បំផុតនៃវិជ្ជាជីវៈសារព័ត៌មាន «Firewall and Highest Standards of Professional Journalism» ដែលផ្តល់ឯករាជ្យភាព ដល់អ្នកសរសេរព័ត៌មាន ដោយការពារពួកគេមិនឲ្យទទួលរងការបង្គាប់បញ្ជា, គំរាមកំហែង, គាបសង្កត់, ជះឥទ្ធិពល និងលូកលាន់ពីមន្ត្រីរដ្ឋាភិបាល ឬចៅហ្វាយនាយ ត្រូវបានដាក់ឲ្យអនុវត្តកាលពីខែមិថុនា ដោយក្រុមប្រឹក្សាអភិបាលរដ្ឋ ដែលមានតួនាទីត្រួតពិនិត្យលើបណ្តាសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ ដែលទទួលការឧបត្ថម្ភថវិកាពីរដ្ឋាភិបាលអាមេរិក។
    ក្រុមប្រឹក្សានេះត្រួតពិនិត្យខាងលើនេះ បានរំលាយចោលនៅពេលដែលលោក Pack ត្រូវបានព្រឹទ្ធសភាអនុម័តទទួលស្គាល់ជា CEO នៃ USAGM ដែលមានសិទ្ធិទទួលបន្ទុកគ្រប់គ្រងលើបណ្តាញសារព័ត៌មាន VOA, RFA (Radio Free Asia) និង RFE (Radio Free Europe) ព្រមទាំង
    វិទ្យុសេរីភាព (Radio Liberty) និងប្រព័ន្ធផ្សព្វផ្សាយមួយចំនួនទៀត ដែលទទួលបានការឧបត្ថម្ភពីរដ្ឋាភិបាលសហព័ន្ធ។
    គួរបញ្ជាក់ថា ក្រុមអ្នកការពារសេរីភាពសារព័ត៌មានឯករាជ្យនានា នៅសហរដ្ឋអាមេរិក ជាពិសេសប្រព័ន្ធផ្សព្វផ្សាយអាមេរិកនានា ដែលទទួលបានជំនួយពីរដ្ឋាភិបាលសហព័ន្ធ បានចេញមុខជំទាស់ភ្លាមៗទៅនឹងការសម្រេចចិត្តរបស់មន្ត្រីជាន់ខ្ពស់រដ្ឋបាលលោក ត្រាំ គឺលោក Michael Pack ខាងលើនេះ ដោយពួកគេបានចាត់ទុកថា វាបានធ្វើឲ្យខូចកេរ្តិ៍ឈ្មោះប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន និងបំផ្លាញមុខមាត់សហរដ្ឋអាមេរិក ក្នុងនាមជាប្រទេសដែលតែងតែកាន់ «ពានសេរីភាពនៃសារព័ត៌មាន» នៅលើឆាកអន្តរជាតិ៕

  2. Anonymous says:

    YES…. you are right CAMBODIA, LAO , and VIETNAM they was one secret organization form by HO CHI MIN communist ENDOCHEN. I knew they are working in the dark and they are trying so hart to retaliated the nation around them in secreted . I also knew in the future if their policy successful these three country will become UNITED ENDOCHEN that control by VIETNAMESE Government

  3. Anonymous says:

    The communist dog still the dog of communist so it good idea to kick the communist out of the free world because they are the dog of communist .